Sunday, February 25, 2024

រាជធានីភ្នំពេញ លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា, គណបក្សប្រជាជនកម្ពុជា ទទួលបាន៨១៧សំឡេង




(ភ្នំពេញ)៖ ដំណើរការការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅរាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញលទ្ធផលបឋមឲ្យដឹងថា សន្លឹកឆ្នោតសរុប ចំនួន៩១០សំឡេង អត់បានការ៤សំឡេង។


ក្នុងចំណោមសន្លឹកឆ្នោតបានការ ចំនួន៩១០សន្លឹកនោះ បណ្ដាគណបក្សនយោបាយទទួលបាន៖


*ទី១៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន៨១៧សំឡេង

*ទី២៖ គណបក្សឆន្ទៈខ្មែរ ទទួលបាន៨៨សំឡេង

*ទី៣៖ គណបក្សហ្វ៊ុនស៉ិនប៉ិច ទទួលបាន១សំឡេង

*ទី៤៖ គណបក្សកម្លាំងជាតិ មិនទទួលបានសំឡេង។


ចំពោះសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ធានាបានល្អ បិទបញ្ចប់ការបោះឆ្នោតដោយជោគជ័យ ក្នុងបរិយាកាសល្អប្រសើរ ពុំមានគណបក្សណាមួយជំទាស់ ឬក៏មានការគំរាមកំហែង អំពើហិង្សាអ្វីនោះឡើយ។


សូមបញ្ជាក់ថា នៅថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ប្រទេសកម្ពុជា រៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។


ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ មានគណបក្សនយោបាយចំនួន៤ បានចូលរួមប្រកួតប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៉ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ។


សម្រាប់អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រួមមាន៖ សមាជិកសភាក្នុងតំណែងចំនួន ១២៥រូប សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែងចំនួន ១១,៦២២ សរុប ១១,៧៤៧រូប ស្រី ២,៥៨៤រូប៕

ខេត្តកណ្តាល លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា, គណបក្សប្រជាជនកម្ពុជា ទទួលបាន៧៧៩សំឡេង




(កណ្ដាល)៖ ដំណើរការការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខេត្តកណ្ដាល នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញលទ្ធផលបឋមឲ្យដឹងថា សន្លឹកឆ្នោតសរុប ចំនួន៩២៦ ក្នុងនោះមិនបានការមួយសន្លឹក។


*ទី១៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន៧៧៩សំឡេង

*ទី២៖ គណបក្សឆន្ទៈខ្មែរ ទទួលបាន១៣០សំឡេង

*ទី៣៖ គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន៤សំឡេង

*ទី៤៖ គណបក្សកម្លាំងជាតិ ទទួលបាន១២សំឡេង។


ចំពោះសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ធានាបានល្អ បិទបញ្ចប់ការបោះឆ្នោតដោយជោគជ័យ ក្នុងបរិយាកាសល្អប្រសើរ ពុំមានគណបក្សណាមួយជំទាស់ ឬក៏មានការគំរាមកំហែង អំពើហិង្សាអ្វីនោះឡើយ។


សូមបញ្ជាក់ថា នៅថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ប្រទេសកម្ពុជា រៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។


ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ មានគណបក្សនយោបាយចំនួន៤ បានចូលរួមប្រកួតប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៉ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ។


សម្រាប់អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រួមមាន៖ សមាជិកសភាក្នុងតំណែងចំនួន ១២៥រូប សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែងចំនួន ១១,៦២២ សរុប ១១,៧៤៧រូប ស្រី ២,៥៨៤រូប៕

ខេត្តឧត្តរមានជ័យ លទ្ធផលបឋម នៃការឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា, គណបក្សប្រជាជនកម្ពុជា ទទួលបាន១៤៨សំឡេង




(ឧត្តរមានជ័យ)៖ លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា​ អាណត្តិទី៥​ ឆ្នាំ២០២៤ នៅខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបាន ១៤៨សម្លេង លើ១៥៣សម្លេង និងគណបក្សឆន្ទៈខ្មែរទទួលបាន៥សម្លេង។


សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា​ នីតិកាលទី៥ នៅខេត្តឧត្តរមានជ័យ ចាប់ដំណើរការពីម៉ោង ៧.០០នាទីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅការិយាល័យវិទ្យាល័យតេជោសំរោង ស្ថិតក្នុងសង្កាត់សំរោង ក្រុងសំរោង ដោយមានអង្គបោះឆ្នោតសរុបចំនួន១៥៣រូប ស្រី៤៤រូប។


ការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន និងបានបញ្ចប់បិទការិយាល័យបោះឆ្នោតនៅម៉ោង ៨.៤០នាទី។ ក្រោយរាប់សន្លឹកឆ្នោត លទ្ធផលបណ្តោះអាសន្ន បង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបាន១៤៨សម្លេង និងគណបក្សឆន្ទៈខ្មែរទទួលបាន៥សម្លេង លើ១៥៣សម្លេង។


សូមបញ្ជាក់ថា អង្គបោះឆ្នោត​សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា​ នីតិកាលទី៥នេះ​ គឺមានតែតំណាងរាស្ដ្រក្នុងតំណែង​ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ក្នុងតំណែ ​(តំណាងប្រជាពលរដ្ឋ)​។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋ​ ពុំត្រូវបានអនុញ្ញាតឱ្យចូលរួមបោះឆ្នោតនោះឡើយ​ ពោលការបោះឆ្នោតនេះ​ គឺជាការបោះឆ្នោតអសកល​ ដែលច្បាប់បានកំណត់អ្នកបោះឆ្នោត​ និងអង្គបោះឆ្នោត គឺជាតំណាងរាស្ដ្រ​ក្នុងតំណែង​ និងក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ក្នុងតំណែងនៅក្របខណ្ឌនៃភូមិភាគនីមួយៗ៕

ខេត្តកែប លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥, គណបក្សប្រជាជនកម្ពុជា ៣១សំឡេង និងគណបក្សឆន្ទៈខ្មែរ ១សំឡេង




(កែប)៖ ដំណើរការការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខេត្តកែប នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញលទ្ធផលឱ្យដឹងថា គណបក្សប្រជាជនកម្ពុជាទទួលបាន ៣១សំឡេង និងគណបក្សឆន្ទៈខ្មែរទទួលបាន ១សំឡេង។


ដំណើរការការបោះឆ្នោតនេះធ្វើឡើងនៅការិយាល័យបោះឆ្នោតនៃសាលាអនុវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។


ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តកែប លោក គី វុទ្ធី បានបញ្ជាក់ថា អង្គបោះឆ្នោតដែលជាតំណាងរាស្រ្តក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែងសរុប៣២រូប បានមកការិយាល័យបោះឆ្នោតទាំង៣២រូប រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ។


ជាលទ្ធផលបឋម គណបក្សប្រជាជនបាន ៣១សំឡេង, គណបក្សឆន្ទៈខ្មែរបាន ១សំឡេង រីឯគណបក្ស២ទៀត គ្មានសំឡេង។


លោកប្រធាន PEC ខេត្តកែប បានបន្តទៀតថា ចំពោះសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ធានាបានល្អ បិទបញ្ចប់ការបោះឆ្នោតដោយជោគជ័យ ក្នុងបរិយាកាសល្អប្រសើរ ពុំមានគណបក្សណាមួយជំទាស់ ឬក៏មានការគំរាមកំហែង អំពើហិង្សាអ្វីនោះឡើយ៕

ដំណើរការការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខេត្តព្រៃវែង ភូមិភាគទី៦ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤



បានបង្ហាញលទ្ធផលឱ្យដឹងថា គណបក្សប្រជាជនកម្ពុជាទទួលបាន ៧២៤សំឡេង, គណបក្សឆន្ទៈខ្មែរ ១៦៦សំឡេង, គណបក្សហ្វ៊ុនស៊ិនប៉ិច ១សំឡេង និងគណបក្សកម្លាំងជាតិ ២សំឡេង។ ខេត្តព្រៃវែង មានអង្គបោះឆ្នោតដែលជាតំណាងរាស្រ្តក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែងសរុប ៩០៣នាក់។ ហើយបានទៅចូលរួមការបោះឆ្នោតសរុបមានចំនួន ៩០១នាក់ ខណៈពីរនាក់ទៀត មានម្នាក់មរណៈភាព និងអង្គបោះឆ្នោតម្នាក់ទៀតមានជំងឺទៅព្យាបាលនៅក្រៅប្រទេស។ ការបោះឆ្នោតបញ្ចប់ទៅដោយជោគជ័យ ក្នុងបរិយាកាសល្អប្រើសើរ ពុំមានគណបក្សណាមួយជំទាស់ ឬក៏មានការគំរាមកំហែង អំពើហិង្សាអ្វីកើតឡើងនោះទេ។









ប្រវត្តិព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា


(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ កម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥។

សូមបង្ហាញនូវប្រវត្តិដំណើរដើមទងនៃស្ថាប័នព្រឹទ្ធដូចខាងក្រោម៖

ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី២ តាមរយៈកិច្ចប្រជុំរវាងថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សនយោបាយធំៗទាំងពីរ ដែលទទួលបានអាសនៈនៅរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ីនប៉ិច នៅថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៨ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅព្រះបរមរាជវាំង ក្នុងស្មារតីលើកកម្ពស់ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ពង្រឹងស្ថិរភាពនយោបាយ និងបន្តប្រវត្តិសាស្រ្តព្រឹទ្ធសភា នៅកម្ពុជា ដោយបានឯកភាពធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដើម្បីបង្កើតឱ្យមានព្រឹទ្ធសភាឡើងវិញ។

ការបង្កើតព្រឹទ្ធសភា គឺជាព្រឹត្តិការណ៍នយោបាយ ដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រ ដោយបានបង្ហាញនូវពន្លឺថ្មីមួយ សម្រាប់កម្ពុជា តាមរយៈការពង្រឹងពង្រីកស្មារតីបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ស្ថិរភាពនយោបាយ និងការប្តេជ្ញាចិត្តក្នុងការកសាងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ។

អនុលោមតាមច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចូលជាធរមាននាថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៩៩ ព្រឹទ្ធសភាត្រូវបានបង្កើតឡើង និងបានបើកសម័យប្រជុំលើកទី១ នីតិកាលទី១ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩។

១៖ ព្រឹទ្ធសភានីតិកាលទី១ (១៩៩៩-២០០៦)

ព្រឹទ្ធសភានីតិកាលទី១ កើតឡើងដោយការតែងតាំងសម្រាប់រយៈពេល៥ឆ្នាំ មានសមាជិកចំនួន៦១រូប ក្នុងនោះសមាជិកព្រឹទ្ធសភាចំនួន២រូប ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ រីឯប្រធាន និងអនុប្រធានទាំងពីររបស់ព្រឹទ្ធសភា ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ តាមសំណើរបស់ប្រធានរដ្ឋសភា។ ដោយឡែកសមាជិកដទៃទៀត ត្រូវបានជ្រើសរើសចេញពីក្នុងចំណោមសមាជិក សមាជិកា នៃគណបក្សនយោបាយទាំងបី (គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ីនប៉ិច និងគណបក្សសមរង្ស៉ី ) ដែលមានអាសនៈនៅរដ្ឋសភា ហើយត្រូវបានតែងតាំងដោយព្រះមហាក្សត្រ តាមសំណើរបស់ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភាដែលក្នុងនោះមាន៖

- គណបក្សប្រជាជនកម្ពុជា (CPP) ៣១រូប។

- គណបក្សហ៊្វុនស៊ីនប៉ិច (FUN) ២១រូប។

- គណបក្សសមរង្ស៉ី (SRP) ០៧រូប។

ក្នុងចំណោមសមាជិកព្រឹទ្ធសភានីតិកាលទី១សរុបទាំង៦១រូប មានសមាជិកាចំនួន១០រូប។ ការរៀបចំ ការប្រព្រឹត្តទៅ និងដំណើរការការងាររបស់ព្រឹទ្ធសភា ត្រូវអនុវត្តតាមបទបញ្ជាផ្ទៃក្នុង និងបទដ្ឋានគតិយុត្តនានារបស់ព្រឹទ្ធសភា និងច្បាប់ពាក់ព័ន្ធ ព្រមទាំងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនីតិកាលទី១ ព្រឹទ្ធសភាដែលកើតឡើងដោយការ តែងតាំង ការបែងចែកអាសនៈនៅក្នុងគណៈកម្មការនានា អនុវត្តដូចរដ្ឋសភានីតិកាលទី២ដែរ គឺយករូបមន្ត ៤+៤+១ មានន័យថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈជាប្រធានគណៈកម្មការចំនួន៤ (គណៈកម្មការ ទី៣, ៤, ៥, ៦)គណបក្សហ៊្វុនស៊ីនប៉ិច ទទួលបានអាសនៈជាប្រធានគណៈកម្មការចំនួន៤ (គណៈកម្មការទី១, ២, ៨, ៩) និងគណបក្សសមរង្ស៉ី ទទួលជាប្រធានគណៈកម្មការចំនួន១ គឺគណៈកម្មការទី៧ ។ ដោយឡែក អនុប្រធានគណៈកម្មការនានា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈចំនួន៥ (គណៈកម្មការទី១, ២, ៧, ៨, ៩) និងគណបក្សហ៊្វុនស៊ីនប៉ិច ទទួលបានអាសនៈចំនួន៤ (គណៈកម្មការទី៣, ៤, ៥, ៦) ។

ព្រឹទ្ធសភា មានគណៈកម្មាធិការអចិន្រ្តៃយ៍មួយសម្រាប់ដឹកនាំ ចាត់ចែង និងពិនិត្យសម្រេចរាល់ការងារផ្សេងៗ ក្នុងលក្ខខណ្ឌកំណត់នៃបទបញ្ជាផ្ទៃក្នុង។ ប្រធានព្រឹទ្ធសភា ជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ អនុប្រធានទាំងពីរ និងប្រធានគណៈកម្មការនានារបស់ព្រឹទ្ធសភា ជាសមាជិក។

ព្រឹទ្ធសភានីតិកាលទី១ មានគណៈកម្មការចំនួន៩ ជាសេនាធិការក្នុងការអនុវត្តមុខងាររបស់ខ្លួន ដែលត្រូវបានបែងចែកទៅតាមវិស័យជាសមត្ថកិច្ច ដូចខាងក្រោម ៖

១៖ គណៈកម្មការការពារសិទ្ធិមនុស្ស និងទទួលពាក្យបណ្តឹង។

២៖ គណៈកម្មការហិរញ្ញវត្ថុ និងធនាគារ។

៣៖ គណៈកម្មការសេដ្ឋកិច្ច ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន។

៤៖ គណៈកម្មការមហាផ្ទៃ ការពារជាតិ អង្កេត និងបោសសម្អាត។

៥៖ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន។

៦៖ គណៈកម្មការនីតិកម្ម។

៧៖ គណៈកម្មការអប់រំ ធម្មការ វប្បធម៌ និងទេសចរណ៍។

៨៖ គណៈកម្មការសុខាភិបាល សង្គមកិច្ច ការងារ និងកិច្ចការនារី។

៩៖ គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម ថាមពល និងពាណិជ្ជកម្ម។

ព្រឹទ្ធសភានីតិកាលទី១ បានបន្តនីតិកាលចំនួន២ដង(ម្តង១ឆ្នាំ) តាមព្រះរាជក្រឹត្យ៖

- លើកទី១៖ ព្រះរាជក្រឹត្យ នស/រកត/០២០៤/០៣០ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០០៤ (គិតចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០០៤ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០០៥) ។

- លើកទី២៖ ព្រះរាជក្រឹត្យ នស/រកត/១២០៥/០៧០ ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០០៥ (គិតចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០០៥ រហូតដល់ព្រឹទ្ធសភា នីតិកាលទី២ ចូលកាន់តំណែង )។

* សម្គាល់៖ សមាសភាពថ្នាក់ដឹកនាំព្រឹទ្ធសភានីតិកាលទី១ មាន សម្តេច ជា ស៊ីម ជាប្រធាន (CPP) ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស ជាអនុប្រធានទី១ (FUN) និងលោក ញឹក ប៊ុនឆៃ ជាអនុប្រធានទី២ (FUN)។ មកដល់ខែសីហា ឆ្នាំ២០០៤ លោក ញឹក ប៊ុនឆៃ បានលាលែងទៅបំពេញការងារក្នុងរាជរដ្ឋាភិបាល ហើយគណបក្សហ៊្វុនស៊ីនប៉ិចបានស្នើតែងតាំងលោក ប៉ោ ប៊ុនស្រ៊ឺ ជំនួស។

ក្នុងនីតិកាលទី១នេះ ព្រឹទ្ធសភាបានផ្ដួចផ្ដើមគំនិតស្នើច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០០៥ នាសម័យប្រជុំលើកទី២ នីតិកាលទី៣ ហើយព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុង នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០០៥ នាសម័យប្រជុំលើកទី៩ នីតិកាលទី១ ព្រមទាំងក្រុមប្រឹក្សាធម្មនុញ្ញបានប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញ តាមសេចក្ដីសម្រេចលេខ : ០៧០/០០២/ ២០០៥/ កបធ.ច ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០០៥។ ច្បាប់នេះ ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រម នស/រកម/០៦០៥/០២០ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៥។

អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ចាប់ពីនីតិកាលទី២ និងនីតិកាលបន្តបន្ទាប់ ព្រឹទ្ធសភាកើតឡើងដោយការបោះឆ្នោតជាអសកលផង ជ្រើសតាំងផង និងចាត់តាំងផង សម្រាប់រយៈពេល៦ឆ្នាំ។

២៖ ព្រឹទ្ធសភានីតិកាលទី២ (២០០៦-២០១២)

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី២ បានប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០០៦។

ព្រឹទ្ធសភានីតិកាលទី២ មានសមាជិកចំនួន៦១រូប ក្នុងនោះ ៥៧រូប ត្រូវបានបោះឆ្នោតជាអសកល ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និង២រូបទៀតត្រូវបានជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើនដោយប្រៀប។

ព្រឹទ្ធសភានីតិកាលទី២ បានបើកសម័យប្រជុំដំបូងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៦ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងចំណោមសមាជិកព្រឹទ្ធសភា ៥៧រូប ដែលបានជាប់ឆ្នោតមានសមាសភាពមកពី៖

១៖ គណបក្សប្រជាជនកម្ពុជា (CPP)ចំនួន ៤៥រូប

២៖ គណបក្សហ៊្វុនស៊ីនប៉ិច (FUN) ចំនួន ១០រូប

៣៖ គណបក្សសមរង្ស៉ី (SRP) ចំនួន ២រូប។

ក្នុងចំណោមសមាជិកព្រឹទ្ធសភាសរុបទាំង៦១រូប មានសមាជិកាចំនួន៩រូប។

ព្រឹទ្ធសភានីតិកាលទី២ មានគណៈកម្មការចំនួន៩ ដែលក្នុងនោះ តាមរយៈការបោះឆ្នោតជ្រើសរើស និងជ្រើសតាំង ស្របតាមនីតិវិធីកំណត់ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈជាប្រធានគណៈកម្មការចំនួន៥ (គណៈកម្មការទី២, ៣, ៤, ៥, ៦) គណបក្សហ៊្វុនស៊ីនប៉ិច ទទួលបានអាសនៈជាប្រធានគណៈកម្មការចំនួន០៣ (គណៈកម្មការទី១, ៨, ៩) និងគណបក្សសមរង្ស៉ី ទទួលបានអាសនៈជាប្រធានគណៈកម្មការចំនួន១ គឺគណៈកម្មការទី៧។ ដោយឡែក អនុប្រធានគណៈកម្មការ គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈចំនួន៤ ( គណៈកម្មការទី១, ៦, ៨, ៩ ) និងគណបក្សហ៊្វុនស៊ីនប៉ិច ទទួលបានអាសនៈចំនួន៥ (គណៈកម្មការទី២, ៣, ៤, ៥, ៧)។

* សម្គាល់៖ សមាសភាពថ្នាក់ដឹកនាំព្រឹទ្ធសភានីតិកាលទី២ មាន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ជាប្រធាន (CPP) សម្តេច ស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស ជាអនុប្រធានទី១ (FUN) និងលោក ទេព ងន ជាអនុប្រធានទី២ (CPP) ។

៣៖ ព្រឹទ្ធសភានីតិកាលទី៣ (២០១២-២០១៨)

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៣ បានប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០១២។ ជាលទ្ធផលក្នុងចំណោមសមាជិក ៥៧រូប ដែលជ្រើស តាំងដោយការបោះឆ្នោតមានសមាសភាពមកពី៖

- គណបក្សប្រជាជនកម្ពុជា (CPP) ចំនួន ៤៦រូប។

- គណបក្សសមរង្ស៉ី (SRP)ចំនួន ១១រូប។

ក្នុងចំណោមសមាជិកព្រឹទ្ធសភានីតិកាលទី៣សរុបទាំង ៦១រូប មានសមាជិកាចំនួន ១០រូប។

ព្រឹទ្ធសភានីតិកាលទី៣ បានបើកសម័យប្រជុំដំបូង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១២ ក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។

* សម្គាល់៖ សមាសភាពថ្នាក់ដឹកនាំព្រឹទ្ធសភា មាន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ជាប្រធាន (CPP) លោក សាយ ឈុំ ជាអនុប្រធានទី១ (CPP) និងលោក ទេព ងន ជាអនុប្រធានទី២ (CPP)។

ចាប់ពីដំណើរការសម័យប្រជុំដំបូង និងបន្តរហូតមកដល់ពាក់កណ្តាលនីតិកាលទី៣ គណៈកម្មការនានា នៃព្រឹទ្ធសភាមានចំនួន៩ ហើយសមាសភាពក្នុងគណៈកម្មការ ដែលបានជាប់ឆ្នោតតាមរយៈការបោះឆ្នោតជ្រើសរើស និង ជ្រើសតាំងស្របតាមបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា គឺមកពីគណបក្សប្រជាជនកម្ពុជាទាំងអស់ ទាំងប្រធាន អនុប្រធាន លេខាធិការ និងសមាជិកគណៈកម្មការ។

ដោយអនុលោមតាមកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា និងក្រុមការងាររបស់គណបក្សសមរង្ស៉ី បានឯកភាពចុះកិច្ចព្រមព្រៀង ស្តីពីការរៀបចំឡើងវិញនូវក្បាលម៉ាស៊ីនដឹកនាំព្រឹទ្ធសភានៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤។

តាមរយៈកិច្ចព្រមព្រៀងខាងលើ ព្រឹទ្ធសភាបានធ្វើវិសោធនកម្មប្រការ១៥ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា។ ប្រការ១៥ថ្មីនៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា គណៈកម្មការនានារបស់ព្រឹទ្ធ សភាមានដូចខាងក្រោម ៖

១៖ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត ។

២៖ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ។

៣៖ គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធាន ទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន ។

៤៖ គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនង។ រដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ។

៥៖ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន ។

៦៖ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ ។

៧៖ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ ។

៨៖ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីត យុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ និងកិច្ចការនារី ។

៩៖ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរ ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។

១០៖ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំង អំពើពុករលួយ ។

ទន្ទឹមនឹងនេះ សមាសភាពក្នុងគណៈកម្មការទាំង១០ ត្រូវបានរៀបចំកែសម្រួលបោះឆ្នោតជ្រើសរើស និងជ្រើសតាំងឡើងវិញ។ សមាជិកព្រឹទ្ធសភាពីគណបក្សសមរង្ស៉ីទាំង១១រូប ត្រូវបានបញ្ចូលទៅក្នុងគណៈកម្មការទាំងអស់ ក្នុងនោះមាន អាសនៈប្រធានគណៈកម្មការចំនួន២ គឺគណៈកម្មការទី១ និងទី១០ អនុប្រធានគណៈកម្មការចំនួន២ គឺគណៈកម្មការទី៣ និងទី៧ លេខាធិការគណៈកម្មការចំនួន២ គឺគណៈកម្មការទី១ និងទី១០ ព្រមទាំងសមាជិក៥រូបទៀតបញ្ចូល១រូបៗ ទៅក្នុងគណៈកម្មការទី១,៣,៧,៨ និងទី១០។

* សម្គាល់៖ ព្រឹទ្ធសភានីតិកាលទី៣ មានសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ជាប្រធាន លោក សាយ ឈុំ ជាអនុប្រធានទី១ និងលោក ទេព ងន ជាអនុប្រធានទី២។

នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភាបានទទួលមរណភាព។ ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានព្រឹទ្ធសភា និងលោក នៃ ប៉េណា ជាអនុប្រធានទី១ ព្រឹទ្ធសភានីតិកាលទី៣ ។

៤៖ ព្រឹទ្ធសភានីតិកាលទី៤ (២០១៨-២០២៤)

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសម្រាប់ នីតិកាលទី៤ ប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ។ ជាលទ្ធផលគណបក្សប្រជាជនកម្ពុជា ទទួលបាននូវអាសនៈទាំងអស់ចំនួន៥៨ សម្រាប់៨ភូមិភាគ នៃព្រះរាជាណាចក្រកម្ពុជា។

សម្រាប់នីតិកាលទី៤ សមាជិកព្រឹទ្ធសភាសរុបមានចំនួន៦២រូប បង្កើន១អាសនៈ នៅមណ្ឌលភូមិភាគទី៧ (៥៨រូប ជ្រើសតាំងដោយការបោះឆ្នោត ២រូបចាត់តាំងដោយព្រះមហាក្សត្រ ២រូបជ្រើសតាំងដោយរដ្ឋសភា តាម មតិភាគច្រើនដោយប្រៀប) ស្របគ្នានឹងរដ្ឋសភាបង្កើន ២អាសនៈនៅមណ្ឌលខេត្តព្រះសីហនុ (រដ្ឋសភានីតិកាលទី៦ មានសមាជិកសរុប ចំនួន ១២៥រូប)។

ព្រឹទ្ធសភានីតិកាលទី៤ បានបើកសម័យប្រជុំដំបូង នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងចំណោមសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ទាំង៦២រូប មានសមាជិកា ចំនួន ១០រូប។

* សម្គាល់៖ សមាសភាពថ្នាក់ដឹកនាំព្រឹទ្ធសភា មានសម្តេចវិបុល សេនាភក្តី សាយ ឈុំ ជាប្រធាន លោក នៃ ប៉េណា ជា អនុប្រធានទី១ និងឯកឧត្តម ទេព ងន ជាអនុប្រធានទី២។

នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ លោក នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា បានទទួលមរណភាព។ ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ លោក ស៊ឹម កា ត្រូវបានព្រឹទ្ធសភាធ្វើការបោះឆ្នោតជ្រើសរើសជាអនុប្រធានទី១ព្រឹទ្ធសភា៕

ប្រភពឯកសា៖ គេហទំព័រព្រឹទ្ធសភា

សកម្មភាពគណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត រៀបចំបើកការិយាល័យបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

សកម្មភាពគណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត រៀបចំបើកការិយាល័យបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។