Tuesday, November 07, 2017

កាកបាទក្រហមខេត្តស្វាយរៀង នាំយកបច្ច័យទេយ្យទាន​ ចូលរួមរំលែក​ទុក្ខគ្រួសារសព​ មេបញ្ញាការរង​ តំបន់ប្រតិបត្តិការ​សឹករងខេត្ត​ស្វាយរៀង​

ស្វាយរៀង៖ នៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកស្រី ដួង វណ្ណា អនុប្រធានកិត្តិយសសាខា បាននាំយកបច្ច័យទេយ្យទាន ទៅចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសពលោកឧត្តមសេនីយ៍ត្រី សេក ណុប មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀង ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងជន្មាយុ ៦៧ ឆ្នាំ ដោយរោគាពាធ ស្ថិតនៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។

លោកស្រី ដួង វណ្ណា បានសម្តែងនូវការសោកស្តាយជាមួយក្រុមគ្រួសារ ចំពោះការបាត់បង់ លោក សេក ណុប ជាទីគោរពស្រឡាញ់ ដែលនេះគឺជាការបាត់បង់ ប្តី ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ មានទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លា និងជាវីរៈជន ដែលក្នុងជីវិតរបស់លោកបានធ្វើពលិកម្មជាច្រើន បូជាសព្វបែបយ៉ាង ទាំងកម្លាំងកាយ ចិត្ត មិនគិតពីការនឿយហត់ដើម្បីប្រទេសជាតិ។

ក្នុងមរណទុក្ខដ៏សែនក្តុកក្តួលនេះ ក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង សូមឧទ្ទិស បួងសួងដល់ដួងវិញ្ញាណក្ខន្ធលោក សេក ណុប បានទៅកាន់សុគតិភពជានិច្ចនិរន្តរ កុំបីឃ្លៀងឃ្លាតឡើយ។

ដោយឡែក បច្ច័យ និងទេយ្យទានដែលចូលរួមក្នុងពិធីបុណ្យនេះរួមមាន អង្ករ៥០ គីឡូក្រាម ទឹកក្រូច១កេស ទឹកសុទ្ធ១កេស ទៀន ធូប តែ ស្ករស ទឹកដោះគោ និងថវិកាលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ចំនួន២០០ដុល្លារ សាខាកាកបាទក្រហមកម្ពុជាខេត្ត ៤០០,០០០ រៀល លោកស្រី ដួង វណ្ណា និងសហការី ៣០០,០០០ រៀល៕



(សូមទស្សនាវីដេអូ)៖ ទស្សនកិច្ចសិក្សាស្រាវជ្រាវរបស់គណៈប្រតិភូកម្ពុជានៅសាធារណរដ្ឋប្រជាមានិតចិន

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឈរជាបេក្ខជនបន្ថែមក្នុងគណៈកម្មការទាំង១០ នឹងធ្វើឡើងក្នុងសម័យប្រជុំពេញអង្គរដ្ឋសភានាពេលខាងមុខ

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋសភានៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានឱ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានបើកកិច្ចប្រជុំពិនិត្យ និងសម្រេចទៅរបៀបវារៈចំនួន០៥ ក្រោមអធិបតីភាព ប្រធានរដ្ឋសភា លោក ហេង សំរិន ហើយក៏មានការអញ្ជើញចូលរួមពីលោក ប៉ុល ហំម តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិផងដែរ។

អង្គប្រជុំបានអនុម័តលើបញ្ជីឈ្មោះតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ឈរជាបេក្ខជនសម្រាប់ជ្រើសតាំងបន្ថែមក្នុងគណៈកម្មការទាំង១០របស់រដ្ឋសភា ដែលនឹងរៀបចំបោះឆ្នោតនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥នាពេលខាងមុខ។

ខាងក្រោមនេះ គឺជាលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ដែលបានផ្សព្វផ្សាយនៅក្រោយកិច្ចប្រជុំ៖


កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ​ ប្រារព្ធពិធី​អបអរខួប​អនុស្សាវរីយ៍​លើកទី៦៤​ ទិវាកំណើត​កងយោធពល​ខេមរភូមិន្ទ​

ព្រះសីហនុ៖ កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៤ កំណើតកងយោធពលខេមរភូមិន្ទ ស្របជាមួយនិងទិវាបុណ្យឯករាជ្យជាតិ០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា២០១៧ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នឹងឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីអាជ្ញាធរដែនដី នាយនាវី នាយនាវីរង ពលនាវិក មូលដ្ឋានសមុទ្រ ទីបញ្ជាការជួរមុខ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ សាលាទ័ពជើងទឹក ព្រមទាំងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី មរណៈសរុបប្រមាណ ៥២០នាក់។

ឧត្តមនាវីឯក អ៊ុក សីហា បានមានប្រសាសន៍រំលឹកអំពីប្រវត្តិនៃស្នាដៃរបស់កងយោធពលខមរភូមិន្ទ ដោយបានបញ្ជាក់ថា ប្រទេសកម្ពុជាទទួលបានឯករាជ្យពេញបរិបូរណ៍នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយចលនាតស៊ូរបស់កងទ័ព និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំទាមទារឯករាជ្យ របស់អង្គសម្តចឪ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក៏ជាថ្ងៃចាប់កំណើតដ៏ពិតប្រាកដរបស់កងយោធពលខមរភូមិន្ទផងដែរ។

លោកបានបន្តថា ជារៀងរាល់ឆ្នាំកងយោធពលខេមរភូមិន្ទ តែងតែប្រារព្ធធ្វើពិធីនេះឡើង ដើម្បីរំលឹកនូវប្រវត្តិស្នាដៃ គំរូវីរៈភាពដ៏អង់អាចក្លាហាន និងស្មារតីលៈបង់ ហ៊ានធ្វើពលីកម្មដ៏ធំធេងរបស់ប្រជាជន យុទ្ធជន យុទ្ធនារីកម្ពុជា ក្នុងបុព្វហេតុតស៊ូប្រយុទ្ធប្រឆាំងសត្រូវឈ្លានពានគ្រប់សម័យកាល ដើម្បីដណ្តើមបានឯករាជ្យជូនជាតិមាតុភូមិ ក្នុងនោះក៏មានបងប្អូនអតីតយុទ្ធជន យុទ្ធនារី និងគ្រួសារយុទ្ធជន ពលី មរណៈ ដែលមានវត្តមាននៅទីនេះផងដែរ។

អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ០៩ វិច្ឆិកា ជាថ្ងៃកំណើតនៃកងយោធពលខេមរៈភូមិន្ទ និងសម្តែងនូវការគោរពដឹងគុណយ៉ាងជា្រលជ្រៅ និងស្មោះស្ម័គចំពោះយោធិនពិការ គ្រួសារយោធិនពលី មរណៈ យោធិនរំសាយ និងនិវត្តជនដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីប្រទេជាតិ មាតុភូមិកម្ពុជា ដែលបានលះបង់អស់កម្លាំងកាយ ចិត្ត បងប្អូន កូនចៅ ប្តីសី ឪពុកម្តាយជាទីស្រឡាញ់ ដើម្បីបុព្វហេតុការពារឃឿនឯករាជ្យជាតិ ការពារបូរណៈភាពទឹកដី ការពារនូវសុខសន្តិ ភាព រួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិមានការរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ ដែលធ្វើឲ្យប្រជាពលរដ្ឋមានសេចក្តីសុខ ជីវភាពកាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់។

លោក យន្ត មីន ក៏បានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ស្រឡាញ់សន្តិភាព សាមគ្គីភាពគ្នាជាធ្លង់មួយ គាំទ្រ និងការពារឲ្យបានដាច់ខាតនូវរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ ដើម្បីរាជរដ្ឋាភិបាលមានឱកាសបន្តដឹកនាំ កសាងអភិវឌ្ឍន៍មាតុភូមិជាទីស្នេហានៃយើងឲ្យរីកចម្រើនរឹងមាំលើគ្រប់វិស័យ ។

ក្នុងឱកាសនោះ លោក យន្ត មីន និងឧត្តមនាវីឯក អ៊ុក សីហា ក៏បានចែកអំណោយអនុស្សាវរីយ៍ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ជូនអតីតយុទ្ធជន និងគ្រួសារយុទ្ធ ជនពលី មរណៈចំនួន ១៣០នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ ១ការ៉ុង សារ៉ុង២ និងថវិកាចំនួន ៥០.០០០រៀលផងដែរ៕







រដ្ឋមន្ត្រីក្រសួងសាធារណការ៖ សារៈសំខាន់នៃការអនុវត្តច្បាប់ គឺដើម្បីប្រជាជាតិកាន់តែមានសុវត្ថិភាព និងវិបុលភាពថែមទៀត

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការអនុវត្តច្បាប់ដើម្បីប្រជាជាតិកាន់តែមានសុវត្ថិភាព និងវិបុលភាពថែមទៀត និងបានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ ចូលរួមឱ្យបានសស្រាក់សស្រាំក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះចរាចរណ៍នៅកម្ពុជា។

លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឱកាសអញ្ជើញធ្វើបទបង្ហាញស្តីពីកំណែទម្រង់ វិស័យសាធារណការនិងដឹកជញ្ជូន ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការនិងដឹកជញ្ជូន នាយកសាលាភូមិន្ទរដ្ឋបាល មន្ត្រីរាជការនៃសាលាភូមិន្ទរដ្ឋបាល កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ កម្មសិក្សាការីមន្ត្រីមធ្យម សិស្សមន្ត្រីក្រមការជំនាន់ទី៧ សិក្ខាកាមក្រសួងបរិស្ថានថ្នាក់ជាតិ និងសិក្ខាកាមក្រសួងបរិស្ថានថ្នាក់ក្រោមជាតិសរុបប្រមាណ៦០៨ នាក់។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានធ្វើបច្ចុប្បន្នភាពអំពីសមិទ្ធិផលការងារសម្រេចបានសំខាន់ៗ ទាក់ទងនឹងផែនការសកម្មភាព១០០ថ្ងៃ និងកំណែទម្រង់កំពុងបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ សមិទ្ធិផលការ ងារសម្រេចបានទាំងនេះរួមមាន៖ ការដាក់ឱ្យដំណើរការមណ្ឌលប្តូរ និងពន្យារបណ្ណបើកបរនៅផ្សារទំនើប AEON Mall ភ្នំពេញ (ចំណាយពេលប្រមាណ១៥នាទី ដើម្បីទទួលបានបណ្ណបើកបរ), ការបិតផ្លាកសុវត្ថិភាព (ស្ទីគ័រចំណាំងផ្លាតពន្លឺពេលយប់) ចំនួន៣.៤លានសន្លឹក, យុទ្ធនាការចែកមួកសុវត្ថិភាព, ការរៀបចំរចនាសម្ព័ន្ធអង្គការលេខ របស់ក្រសួងឡើងវិញ ដើម្បីបំពេញការងារឱ្យកាន់តែប្រសិទ្ធភាព, ការដាក់ឱ្យដំណើរការចុះបញ្ជីយានយន្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម, ការផ្តល់ប័ណ្ណបើកបរយានយន្ត, កម្មវិធីយល់ដឹងអំពីទ្រឹស្តីនៃការបើកលើទូរស័ព្ទ, ឈៀកចល័ត, និងផ្លាកលេខយានយន្ត ដែលមាន QR Code ដើម្បីកាត់បន្ថយក្លែងបន្លំ។

លោកទេសរដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរ អំពីការសាងសង់ផ្លូវរថភ្លើងពីភ្នំពេញទៅព្រលានយន្តហោះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ដែលគ្រោងដាក់ឱ្យដំណើរក្នុងពេលឆាប់ៗ, ការដឹកជញ្ជូនតាមផ្លូវទឹក, ការរៀបចំក្របខណ្ឌស្ថាប័នទទួលបន្ទុកភស្តុភារកម្មដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូន, ការធ្វើសមាហរណកម្មទូទាំងប្រទេសតាមរយៈការកសាង និងពង្រីកបណ្តាញផ្លូវតភ្ជាប់ការកសាងផ្លូវរថភ្លើង, ការគ្រប់គ្រងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់, ការកសាងកំពង់ផែទឹកជ្រៅ, ការលុបគ្រលុកសំបុកមាន់នៅទូទាំង២៥រាជធានី-ខេត្ត តាមរយៈការដាក់ឱ្យដំណើរការរ៉ឺម៉ក ដែលបំពាក់ដោយឧបករណ៍ចំនួនជាង៣០០គ្រឿង និងសម្ភារៈគ្រប់គ្រាន់សម្រាប់ចល័តចុះពិនិត្យ និងជួសជុលគ្រលុកសំបុកមាន់ភ្លាមៗ ក្នុងគោលបំណងថែរក្សាបណ្តាញផ្លូវថ្នល់របស់យើងឱ្យជាប់បានយូរ៕










អភិបាលខេត្តព្រះសីហនុ ស្នើឱ្យប្រតិភូនាវាកងទ័ពឥណ្ឌា​ ជួយផ្សព្វផ្សាយ​ពីសក្តានុពល​របស់ខេត្ត​ព្រះសីហនុ​ដល់អ្នកវិនិយោគ​នៅប្រទេសឥណ្ឌា​

ព្រះសីហនុ៖ គណៈប្រតិភូឥណ្ឌាដឹកនាំដោយលោក សេនានុពន្ធ ភីសេដពុន្នា Col. P.S Punia នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយលោក យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំពីសក្កានុពលរបស់ខេត្ត ភាពលូតលាស់ និងការអភិវឌ្ឍនានាក្នុងខេត្តព្រះសីហនុ និងទំនាក់ទំនងរបស់ប្រទេសកម្ពុជា ជាមួយប្រទេសឥណ្ឌាកន្លងមក តាំងពីបុរាណដល់បច្ចុប្បន្ន រួមទាំងបានស្នើឲ្យ លោកសេនានុពន្ធ ភីសេដពុន្នា Col. P.S Punia ជួយផ្សព្វផ្សាយទៅដល់អ្នកវិនិយោគនៅប្រទេសឥណ្ឌា មកវិនិយោគនៅខេត្តព្រះសីហនុ។

ថ្លែងតបទៅនិងប្រសាសន៍លោកអភិបាលខេត្តព្រះសីហនុ លោក សេនានុពន្ធ ភីសេដពុន្នា Col. P.S Punia បានថ្លែងអំណរគុណចំពោះលោកអភិបាលខេត្តព្រះសីហនុ ដែលបានទទួលស្វាគមន៍រូបលោក និងគណៈប្រតិភូរបស់លោក។ បន្ថែមពីលើនេះលោកបានឲ្យដឹងថា រូបលោកអញ្ជើញមកនាឱកាសនេះ មានបំណងចង់ជំរាបជូនលោកអភិបាលខេត្ត ឲ្យបានជ្រាបនូវដំណើរទស្សនៈកិច្ចរបស់នាវាកងទ័ពឥណ្ឌា ដែលនឹងធ្វើដំណើរមកដល់ខេត្តព្រះសីហនុនាថ្ងៃទី២៤ វិច្ឆិកា និងចេញដំណើត្រឡប់ទៅវិញនៅថ្ងៃតី២៧ ខែវិច្ចិកា ឆ្នាំ២០១៧ខាងមុននេះ ។

លើសពីនោះ លោក សេនានុពន្ធ ភីសេដពុន្នា Col. P.S Punia ក៏បានអញ្ជើញលោក អភិបាលខេត្តព្រះសីហនុ ចូលរួមក្នុងពិធីជប់លៀងអាហារពេលល្ងាចនៅលើនាវា នៅល្ងាចថ្ងៃទី២៤ និងថ្ងែទី២៥,២៦ និងអនុញ្ញាតឲ្យសិស្សសាលាចូលទស្សនៈកិច្ចផងដែរ៕




រដ្ឋសភាបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៥

នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ប្រធានរដ្ឋសភា លោក ហេង សំរិន បានអញ្ជើញធ្វើជាអធិបតីដឹកនាំកិច្ចប្រជុំគណ:កម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានៅវិមានរដ្ឋសភាដើម្បីធ្វើការពិនិត្យពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៥ ដើម្បីដាក់បញ្ចូលទៅក្នុងសម័យប្រជុំសភាពេញអង្គ នាពេលខាងមុខ ដែលក្នុងនោះរួមមាន៖

១- ការពិនិត្យបញ្ជីឈ្មោះតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ឈរជាបេក្ខជនសម្រាប់ជ្រើសតាំងបន្ថែមក្នុងគណៈកម្មការទាំង១០របស់រដ្ឋសភា។
២- ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
– កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
– កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះចៅស៊ុលតង់ និងយ៉ាងឌីពើរគួននៃប្រទេសប្រ៊ុណេដារ៉ូសាឡឹម ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
– កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាចក្រថៃ ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
៣- ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើធម្មនុញ្ញ នៃមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី។
៤- ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសភាសម្រាប់គ្រប់គ្រងឆ្នាំ២០១៦។
៥- ការពិនិត្យសំណើអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨។

សូមបញ្ជាក់ថា សម្រាប់សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានគ្រោងនូវចំណាយសរុបថវិការដ្ឋ ឬថវិកាជាតិត្រូវបានគ្រោងចំនួន ២៤.៣៧៥.១០២ លានរៀល (ប្រមាណជាង ៦.០០០ លានដុល្លារអាមេរិក) ស្មើនឹង ២៤,៥៩% នៃផ.ស.ស និងមានកំណើន ១៥,២% ធៀបនឹងច្បាប់ឆ្នាំ ២០១៧ ។ សម្រាប់ការចំណាយច្រើនបំផុត គឺលើវិស័យអប់រំដែលមានចំនួនប្រមាណជាង ៨៤៨ លានដុល្លារសហរដ្ឋអាមេរិក៕










នៅថ្ងៃទី០៩ វិច្ឆិកា ក្រសួងអប់រំនឹងប្រកាសលទ្ធផលប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតមូលដ្ឋានបង្រៀននៅអនុវិទ្យាល័យ

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងស្តីពីលទ្ធផលការប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតមូលដ្ឋានបង្រៀននៅអនុវិទ្យាល័យ (១២+២) ដែលនឹងប្រកាសនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ តាមរយៈ៖
១.ទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា fb.me/moeys.gov.kh
២.បិទផ្សាយលទ្ធផលរួមនៅសាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈិម វេលាម៉ោង៨ព្រឹក
៣.បិទផ្សាយនៅតាមមណ្ឌលប្រឡងនីមួយៗ៕

សូមអានសេចក្តីជូនដំណឹងស្តីពីការប្រកាសលទ្ធផលប្រឡងជ្រើសរើសគ្រូបង្រៀនខាងក្រោម៖


លោក សុខ សូកាន អំពាវនាវឱ្យរួមសាមគ្គីគ្នា ដើម្បីការពារសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

លោក សុខ សូកាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកគិរីវង់ ខេត្តតាកែវ បានថ្លែងអំពាវនាវដល់ក្រុមការងារ និងចំណុះទូកទាំងអស់រួបរួមគ្នាដើម្បីការពារសន្តិភាពនិងគាំទ្ររាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ លោកបានថ្លែងដូចនេះកាលពីថ្ងៃទី0៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងឱកាសចុះជួបសំណេះសំណាល និងថ្លែងអំណរគុណដល់ចំណុះទូកគិរីវង់សុខសែនជ័យ និង ទូកស្រីសសុខសែនជ័យ ចំនួន ១៧០ នាក់។

ក្នុងឱកាសនោះ លោក សុខ សូកាន បានរំលឹកអំពីអនុស្សាវរីយ៍របស់សម្តេចវិបុលបញ្ញា សុខ អាន ដែលតែងតែយកចិត្តទុកដាក់ ទំនុកបម្រុង និងស្រឡាញ់ទូកងទាំងពីរនេះជាខ្លាំង។ លោកបានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ចំណុះទូក និងគណៈកម្មការគ្រប់គ្រងទូករហូតដល់ទទួលលទ្ធផលគួរជាទីមោទនៈដែលទូកស្រីសសុខសែនជ័យ ទទួលបានចំណាត់ថ្នាក់លេខ ៣ និង ទូកគិរីវង់សុខសែនទទួលបានចំណាច់ថ្នាក់លេខ ៤ ទូទាំងប្រទេស។ លោក សុខ សូកាន ក៏ថ្លែងអំណរគុណដល់លោកឧបនាយករដ្ឋមន្រី្ត ប៊ិន ឈិន លោក បួន លឹមហេង និង សប្បុរសជនដែលបានជួយឧបត្ថម្ភទ្រទ្រង់ទូក និង អរគុណដល់គណៈកម្មការគ្របគ្រងទូក និងចំណុះទូកចំពោះការខិតខំប្រឹងប្រែង។ លោកបានបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក គឺបង្ហាញពីការសាមគ្គីគ្នា ដូច្នេះយើងត្រូវរួមសាមគ្គីគ្នា ដើម្បីការពារសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

លោក សុខ សូកាន សង្ឈឹមយ៉ាងមុតមាំថា ទូកទាំងពីរនឹងទទួលលទ្ធផលល្អបន្ថែមទៀតនៅឆ្នាំក្រោយ។ ជាចុងក្រោយលោក បានឧបត្ថម្ភដល់ចំណុះទូកនូវថវិកា ២០ ម៉ឺនរៀល/ម្នាក់ អង្ករ ៥០គីឡូ/ម្នាក់  លោក អ៊ុំ ឈុនស្រ៊េង ប្រធានគណៈគ្រប់គ្រងទូក ចំនួន ២ លាន និងស្រាបៀរ ២០ កៀស ដល់ចំណុះទូកទាំងពីរ៕





រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ជួបពិភាក្សាអំពីការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា ជាមួយតំណាងអង្គការ UNIDO

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅថ្ងៃទី០៦ ខែ វិច្ឆិកា ឆ្នាំ២០១៧  បានទទួលជួបតំណាងមកពីអង្គការអភិវឌ្ឍន៌ឧស្សាហកម្មសហប្រជាជាតិ ហៅកាត់ថា UNIDO ដែលរួមមានលោក Steffen kaeser ប្រធានទទួលបន្ទុកផ្នែកស្តង់ដារ និងកិច្ចសម្រួលពាណិជ្ជកម្ម និងលោក karl Shebesta ប្រធានទទួលបន្ទុកផ្នែកប្រព័ន្ធម្ហូបអាហារ និងអាហារបំប៉ន ដើម្បីពិភាក្សាការងារនៅទីស្តីការ ក្រសួង។

គោលបំណងនៃជំនួបពិភាក្សា គឺតំណាងអង្គការ UNIDO បានធ្វើសេចក្តីរាយការណ៌សង្ខេបអំពីការ ត្រៀមរៀបចំបើកសិក្ខាសាលា ស្តីពីក្របខ័ណ្ឌការងារនៃកម្មវិធីសម្រាប់ភាពជាដៃគូប្រចាំប្រទេស (PCP Framwork) និងចង់បានការណែនាំ និងការផ្តល់ធាតុចូលមួយចំនួនពីលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ផងដែរ ។

តំណាងអង្គការ UNIDO បានបញ្ជាក់ថា ការត្រៀមបើកសិក្ខាសាលានេះ គឺផ្តោតជាសំខាន់ទៅលើផែនការ សកម្មភាព នៃភាពជាដៃគូ សម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្ម ពីឆ្នាំ២០១៨-២០២៣។ ជាមួយគ្នានេះតំណាងអង្គការ UNIDO ក៏បានជម្រាបជូន ពីពីគម្រោងចុះស្វែងយល់នៅតាមបណ្តាខេត្ត មួយចំនួនដូចជា ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្ត សៀមរាប ដែលជាខេត្តមានសក្តានុពលផ្នែកទេសចរណ៌ និងឧស្សាហកម្ម។

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសម្តែងការស្វាគមន៌ និងចាត់ទុកការត្រៀមរៀបចំ សិក្ខាសាលានេះ ជាសម្មតិកម្មដ៏សំខាន់ សម្រាប់ការស្វែងយល់នូវអ្វីជាឱកាស និងភាពប្រឈមក្នុងការអភិវឌ្ឍវិស័យ ឧស្សាហកម្មនៅកម្ពុជា ក៏ដូចជាប្រសិទ្ធិភាព នៃការទទួល និងការប្រើប្រាស់ជំនួយអន្តរជាតិ សម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្មប្រកបដោយចិរភាព។

ដើម្បីអោយគម្រោងកម្មវិធីអនុវត្តបានជោគជ័យតាមការរំពឹងទុក លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានផ្តល់អនុសាសន៍ ទៅលើការកំណត់កាលបរិច្ឆេទច្បាស់លាស់ នៃការអនុវត្តគម្រោងកម្មវិធីនីមួយៗ តាមរយៈការបង្កើតក្រុមការងារជំនាញដោយឡែកៗពីគ្នា ដើម្បីអនុវត្តទៅលើវិស័យជាអាទិភាព តាមផែនការជាក់លាក់ ដូចជាការគណនាអោយឃើញនូវតម្លៃសង្វាក់ ផលិតកម្ម-គុណសម្បត្តិនៃតំបន់ សេដ្ឋកិច្ចពិសេស-ភាពចាំបាច់នៃការកាត់ បន្ថយបែបបបទរដ្ឋបាលស្មុគស្មាញ-កិច្ចសម្រួលពាណិជ្ជកម្ម-ប្រសិទ្ធិភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៌វិស័យឧស្សាហកម្ម-និងតម្រូវការនៃការបង្កើតមជ្ឍមណ្ឌលវិជ្ជាជីវៈ ដើម្បីបណ្តុះបណ្តាលពង្រឹងសមត្ថភាព និងជំនាញអោយឆ្លើយតបនិងទីផ្សារការងារ ។ល។

សូមបញ្ជាក់ថា កម្មវិធីសម្រាប់ភាពជាដៃគូប្រចាំប្រទេស (PCP) ជាគម្រោងកម្មវិធីថ្មីមួយ របស់អង្គការ UNIDO ដើម្បីជម្រុញអភិវឌ្ឍវិស័យឧស្សាហកម្មប្រកបដោយចិរភាព និងបរិយាប័ន ស្របតាមគោលដៅអភិវឌ្ឍរបស់អង្គការ សហប្រជាជាតិដល់ឆ្នាំ២០៣០ ។ គម្រោងកម្មវិធីនេះ បានកំពុងអនុវត្តនៅប្រទេសចំនួន០៣រួមមាននៅប្រទេស៖អេត្យូពី-សេណេហ្គាល និងប៉េរូ ។ ដោយឡែកនៅតំបន់អាស៊ី អង្គការ UNIDO បានជ្រើសរើសប្រទេសកម្ពុជា ជាប្រទេសគំរូក្នុងការអនុវត្តកម្មវិធីនេះ ហើយនៅចុងខែវិច្ឆិកានេះដែរ លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ នឹងដឹកនាំប្រតិភូក្រសួងអញ្ជើញទៅចូលរួមសន្និសីទ្ទលើកទី១៧របស់អង្គការ UNIDO នៅទីក្រុង Vienna ប្រទេសអូទ្រីស ព្រមទាំងត្រៀមចុះហត្ថលេខាលើការអនុវត្តគម្រាងកម្មវិធី PCP នេះផងដែរ ៕




លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ មន្ត្រីបក្សសង្រ្គោះជាតិ មានពេល៩ ថ្ងៃទៀតប៉ុណ្ណោះ កុំអោយឱកាសដ៏កម្រនេះកន្លងផុត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃទី៧ វិច្ឆិកានេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ បានបញ្ជាក់សារជាថ្មីម្តងទៀតថា សូមស្វាគមន៍បងប្អូនបក្ស CNRP។

លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា តាមពាក្យបណ្តឹងរបស់ ក្រសួងមហាផ្ទៃអំពីទោសក្បត់ជាតិ នៃមេដឹកនាំគណបក្សសង្រ្គោះជាតិ គឺគណបក្សនេះនឹងត្រូវប្រឈមនឹងការរំលាយដោយច្បាប់ប្រទេស នៅថ្ងៃប្រកាសសាលដីការដោយតុលាការកំពូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ។ ដូចនេះ តាមផ្លូវច្បាប់ នៅពេលដែលគណបក្សសង្រ្គោះជាតិត្រូវបានរំលាយហើយ គឺមានសមាជិកនៃ គណៈកម្មការនាយក និងគណៈអចិន្រ្តៃយ៍ជាង១០០រូប គឺនឹងគ្មានសិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ចំពោះបងប្អូនដែលកំពុងខិតខំបម្រើប្រជាពលរដ្ឋពិតៗ ដែលមិន បានដឹង និងចូលដៃជើងជាមួយមេដឹកនាំបក្សក្បត់ជាតិ គឺបងប្អូនមានឱកាសចូលរួមអាជីព នយោបាយបម្រើប្រទេសជាតិ ជាបន្តជាមួយរូបលោក និងគណបក្សប្រជាជនកម្ពុជា ដែលមកដល់ពេលនេះ បងប្អូនមានពេល៩ថ្ងៃទៀត ដើម្បីចូលរួមកសាងប្រទេសជាមួយលោក មុនការប្រកាសសាលដីការ ដោយតុលាការកំពូលនៅថ្ងៃទី ១៦ វិច្ឆិកា ២០១៧ខាងមុខនេះ។ សូមកុំអោយ ឱកាសដ៏កម្រនេះកន្លងផុតអោយសោះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងដដែលៗថា រូបលោករីករាយស្វាគមន៍ទទួលបងប្អូនជានិច្ច៕


គ្រួសារសពកីឡាករ​អុំទូកក្តាមប្រៃ​ បានទទួល​ថវិកា១លានរៀល​ ពីលោក​ឧបនាយករដ្ឋមន្ត្រី ​គង់ សំអុល​

កំពង់ឆ្នាំង៖ លោក សៀត គឹមលៀង អភិបាលរងខេត្តកំពង់ឆ្នាំង រួមដំណើរដោយសហការី កាលពីរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចុះសាកសួរសុខទុក្ខ និងនាំយកថវិការបស់លោកឧបនាយករដ្ឋមន្រ្តី គង់ សំអុល រដ្ឋមន្រ្តីព្រះបរមរាជវាំង និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ឆ្នាំង ចំនួន១លានរៀល ជូនដល់គ្រួសារសពកីឡាករអុំទូកក្តាមប្រៃ ឈ្មោះ ចាប សាភួន ដល់លំនៅដ្ឋានស្ថិតក្នុងភូមិកំពង់ក្តា ឃុំកំពង់ត្រឡាច ស្រុកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

មានប្រសាសន៍ក្នុងឱកាសនោះលោក សៀត គឹមលៀង បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារសព ពីលោកឧបនាយករដ្ឋមន្ត្រី គង់ សំអុល ដែលកន្លងមក តែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ដែលជួបការលំបាក និងរងគ្រោះដោយករណីផ្សេងៗ មិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។

ជាមួយគ្នានោះដែរ លោកអភិបាលរងខេត្តកំពង់ឆ្នាំង ក៏បានផ្តាំផ្ញើឲ្យក្រុមគ្រួសារខិតខំថែទាំសុខភាព និងធ្វើយ៉ាងណាអប់រំកូនឲ្យចៀសឆ្ងាយពីគ្រឿងញៀន និងបញ្ជូនកូនទៅសាលារៀនអោយបានគ្រប់គ្នាៗ។

នាឱកាសនោះ តំណាងឲ្យក្រុមគ្រួសារសព ក៏បានថ្លែងអំណរគុណដល់ លោកឧបនាយករដ្ឋមន្ត្រី គង់ សំអុល និងលោក សៀត គឹមលៀង ព្រមទាំងសហការី និងជូនពរឱ្យសូមមានសុខភាពល្អ និងទទួលបានជ័យជំនៈគ្រប់ភារកិច្ចផងដែរ៕


លោក សុខ ឥសាន៖ តេីអ្នកណាបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា?

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានលើកឡើងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ បានចង្អុលបង្ហាញឲ្យកម្ពុជាដេីរតាមគន្លងលទ្ធិប្រជាធិបតេយ្យ និងពង្រឹងនីតិរដ្ឋ ដែលស្មារតីនេះ ត្រូវបានបញ្ចូលទៅក្នុងខ្លឹមសាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ១៩៩៣ រួចហេីយ។

លោក សុខ ឥសាន បន្តថា ដូច្នេះការចាត់ការតាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តល្មេីសច្បាប់ គឺជាការពង្រឹងនីតិរដ្ឋ ហេីយការពង្រឹងនីតិរដ្ឋ គឺជាការពង្រឹងលទ្ធិប្រជាធិបតេយ្យ ដូចករណី កឹម សុខា និងគណបក្សសង្គ្រោះជាតិ គឺល្មេីសច្បាប់ធ្ងន់ធ្ងរណាស់ ហើយរឿងអីដែលមិនអនុវត្តតាមផ្លូវច្បាប់នោះ? លទ្ធិប្រជាធិបតេយ្យ ដែលគ្មាននីតិរដ្ឋ នឹងក្លាយទៅជាសង្គមអនាធិបតេយ្យ ដែលធ្វេីឲ្យសង្គមច្របូកច្របល់ គ្មានវិន័យ គ្មានសណ្តាប់ធ្នាប់សង្គម។ ហេតុនេះ គ្មានជម្រេីសអ្វីក្រៅពីប្រេីប្រព័ន្ធយុត្តិធម៌ ដេីម្បីដោះស្រាយបញ្ហាតាមផ្លូវច្បាប់ ដែលប្រទេសជឿន លឿនមានអារ្យធម៌លេីពិភពលោកតែងតែប្រេីប្រាស់ ជាជាងប្រេីប្រាស់អំពេីហិង្សា និងប្រដាប់អាវុធ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បន្ថែមទៀតថាផ្ទុយទៅវិញ ពួកអ្នកដែលប្រព្រឹត្តល្មេីសច្បាប់ រំលោភច្បាប់ ហេីយមិនទទួលខុសត្រូវចំពោះមុខច្បាប់ បែរជារត់ទៅរកការអន្តរាគមន៍ពីខាងក្រៅ ដេីម្បីចង់បានវប្បធម៌និទណ្ឌភាព ដែលជាវប្បធម៌សម្រាប់អ្នកបំផ្លាញលទ្ធិប្រជាធិបតេយ្យ បំផ្លាញរបៀបរៀបរយសង្គម ចង់បង្កឲ្យមានអំពេីអនាធិបតេយ្យនៅក្នុងសង្គម ងាយស្រួលពួកគេបានរួចខ្លួនពីសំណាញ់ច្បាប់។ ប៉ុន្តែមានករណីខ្លះ ដែលចំណេញដល់ពួកគេ ទេីបពួកគេទាមទារឲ្យមានការអនុវត្តតាមផ្លូវច្បាប់ នេះហៅថាក្រុមអ្នកចេះជ្រុលពេកហេីយ។

លោក សុខ ឥសាន បានបញ្ជាក់ថា សរុបសេចក្តីមកដេីម្បីយុត្តិធម៌សង្គម ស្របតាមខ្លឹមសាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា “ប្រជាពលរដ្ឋគ្រប់រូបមានភាពស្មេីគ្នាចំពោះមុខច្បាប់” ដូច្នោះរាជរដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវតែអនុវត្តច្បាប់ចំពោះរាល់អំពេីប្រព្រឹត្តល្មេីសច្បាប់ ដេីម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យឲ្យបានរឹងមាំ និងយូរអង្វែង ធានាបាននូវការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសង្គម ការពារការរស់នៅរបស់ប្រជាជនទូទៅប្រកបដោយសេចក្តីសុខសប្បាយ និងមានសុភមង្គលគ្រប់ក្រុមគ្រួសារ៕


សមាជិកក្រុមប្រឹក្សាស្រុកស្នួល ខេត្តក្រចេះ ២នាក់ទៀតហើយ ប្រកាសដើរចេញពីគណបក្សសង្រ្គោះជាតិ

ក្រចេះ៖ ថ្នាក់ដឹកនាំ និងសកម្មជនសំខាន់ៗ នៅតាមមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិ បាននិងកំពុងបែក បាក់ជាបន្តបន្ទាប់ ដោយប្រកាសដើរចេញ ហើយមកចូលរួមជាមួយគណបក្ស កាន់អំណាចដែលមាន លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលការប្រកាសដើរចេញដោយស្ម័គ្រចិត្តទាំងនេះ បានកើត មានឡើង បន្ទាប់ពីពួកគេបានមើលឃើញ ពីទង្វើក្បត់ជាតិយ៉ាងពិតប្រាកដ របស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ តាមរយៈឃ្លីបវីដេអូ ដោយធ្វើតាមបញ្ជារបស់អាមេរិក ចង់បំផ្លាញជាតិសាសន៍ ខ្លួនឯង។

ជាក់ស្តែងនៅថ្ងៃនេះ សមាជិកក្រុមប្រឹក្សារបស់គណបក្សសង្គ្រោះជាតិ២ទៀតហើយគឺទី១៖ លោក កែវ ចាន់ថុល អាយុ៤៧ឆ្នាំ ទី២៖ ហាក់ ម៉ាត់ អាយុ៥៣ឆ្នាំ បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាស្រុកស្នួល ខេត្តក្រចេះ បានប្រកាសដើរចេញពីគណបក្សសង្គ្រោះជាតិ មកសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។

នៅក្នុងលិខិតសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជាផ្ញើជូន ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តក្រចេះ អ្នកទាំង២បានបញ្ជាក់ថា «លោក កឹម សុខា និងបក្ខពួកជាជនក្បត់ជាតិ និងប្រព័ន្ធបក្សសង្គ្រោះជាតិ សុខចិត្តឱនក្បាលបំរើពួកអាយ៉ងបរទេស គឺដើម្បីតែអំណាច មិនគិតពីមហន្តរាយដល់ជាតិ មាតុភូមិ នេះហើយជាអំពើក្បត់ជាតិ ក្បត់ប្រជាជនឯងតែម្តង»។

កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈវិដេអូចំនួន ២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់លោកដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិកគណបក្សសង្គ្រោះជាតិ បានបន្តអាជី ពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយ ដោយតុលាការកំពូលគឺនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ ៕