Tuesday, November 07, 2017

រដ្ឋមន្ត្រីក្រសួងសាធារណការ៖ សារៈសំខាន់នៃការអនុវត្តច្បាប់ គឺដើម្បីប្រជាជាតិកាន់តែមានសុវត្ថិភាព និងវិបុលភាពថែមទៀត

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការអនុវត្តច្បាប់ដើម្បីប្រជាជាតិកាន់តែមានសុវត្ថិភាព និងវិបុលភាពថែមទៀត និងបានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ ចូលរួមឱ្យបានសស្រាក់សស្រាំក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះចរាចរណ៍នៅកម្ពុជា។

លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឱកាសអញ្ជើញធ្វើបទបង្ហាញស្តីពីកំណែទម្រង់ វិស័យសាធារណការនិងដឹកជញ្ជូន ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការនិងដឹកជញ្ជូន នាយកសាលាភូមិន្ទរដ្ឋបាល មន្ត្រីរាជការនៃសាលាភូមិន្ទរដ្ឋបាល កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ កម្មសិក្សាការីមន្ត្រីមធ្យម សិស្សមន្ត្រីក្រមការជំនាន់ទី៧ សិក្ខាកាមក្រសួងបរិស្ថានថ្នាក់ជាតិ និងសិក្ខាកាមក្រសួងបរិស្ថានថ្នាក់ក្រោមជាតិសរុបប្រមាណ៦០៨ នាក់។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានធ្វើបច្ចុប្បន្នភាពអំពីសមិទ្ធិផលការងារសម្រេចបានសំខាន់ៗ ទាក់ទងនឹងផែនការសកម្មភាព១០០ថ្ងៃ និងកំណែទម្រង់កំពុងបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ សមិទ្ធិផលការ ងារសម្រេចបានទាំងនេះរួមមាន៖ ការដាក់ឱ្យដំណើរការមណ្ឌលប្តូរ និងពន្យារបណ្ណបើកបរនៅផ្សារទំនើប AEON Mall ភ្នំពេញ (ចំណាយពេលប្រមាណ១៥នាទី ដើម្បីទទួលបានបណ្ណបើកបរ), ការបិតផ្លាកសុវត្ថិភាព (ស្ទីគ័រចំណាំងផ្លាតពន្លឺពេលយប់) ចំនួន៣.៤លានសន្លឹក, យុទ្ធនាការចែកមួកសុវត្ថិភាព, ការរៀបចំរចនាសម្ព័ន្ធអង្គការលេខ របស់ក្រសួងឡើងវិញ ដើម្បីបំពេញការងារឱ្យកាន់តែប្រសិទ្ធភាព, ការដាក់ឱ្យដំណើរការចុះបញ្ជីយានយន្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម, ការផ្តល់ប័ណ្ណបើកបរយានយន្ត, កម្មវិធីយល់ដឹងអំពីទ្រឹស្តីនៃការបើកលើទូរស័ព្ទ, ឈៀកចល័ត, និងផ្លាកលេខយានយន្ត ដែលមាន QR Code ដើម្បីកាត់បន្ថយក្លែងបន្លំ។

លោកទេសរដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរ អំពីការសាងសង់ផ្លូវរថភ្លើងពីភ្នំពេញទៅព្រលានយន្តហោះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ដែលគ្រោងដាក់ឱ្យដំណើរក្នុងពេលឆាប់ៗ, ការដឹកជញ្ជូនតាមផ្លូវទឹក, ការរៀបចំក្របខណ្ឌស្ថាប័នទទួលបន្ទុកភស្តុភារកម្មដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូន, ការធ្វើសមាហរណកម្មទូទាំងប្រទេសតាមរយៈការកសាង និងពង្រីកបណ្តាញផ្លូវតភ្ជាប់ការកសាងផ្លូវរថភ្លើង, ការគ្រប់គ្រងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់, ការកសាងកំពង់ផែទឹកជ្រៅ, ការលុបគ្រលុកសំបុកមាន់នៅទូទាំង២៥រាជធានី-ខេត្ត តាមរយៈការដាក់ឱ្យដំណើរការរ៉ឺម៉ក ដែលបំពាក់ដោយឧបករណ៍ចំនួនជាង៣០០គ្រឿង និងសម្ភារៈគ្រប់គ្រាន់សម្រាប់ចល័តចុះពិនិត្យ និងជួសជុលគ្រលុកសំបុកមាន់ភ្លាមៗ ក្នុងគោលបំណងថែរក្សាបណ្តាញផ្លូវថ្នល់របស់យើងឱ្យជាប់បានយូរ៕










No comments:

Post a Comment