Tuesday, November 07, 2017

កាកបាទក្រហមខេត្តស្វាយរៀង នាំយកបច្ច័យទេយ្យទាន​ ចូលរួមរំលែក​ទុក្ខគ្រួសារសព​ មេបញ្ញាការរង​ តំបន់ប្រតិបត្តិការ​សឹករងខេត្ត​ស្វាយរៀង​

ស្វាយរៀង៖ នៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកស្រី ដួង វណ្ណា អនុប្រធានកិត្តិយសសាខា បាននាំយកបច្ច័យទេយ្យទាន ទៅចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសពលោកឧត្តមសេនីយ៍ត្រី សេក ណុប មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀង ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងជន្មាយុ ៦៧ ឆ្នាំ ដោយរោគាពាធ ស្ថិតនៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។

លោកស្រី ដួង វណ្ណា បានសម្តែងនូវការសោកស្តាយជាមួយក្រុមគ្រួសារ ចំពោះការបាត់បង់ លោក សេក ណុប ជាទីគោរពស្រឡាញ់ ដែលនេះគឺជាការបាត់បង់ ប្តី ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ មានទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លា និងជាវីរៈជន ដែលក្នុងជីវិតរបស់លោកបានធ្វើពលិកម្មជាច្រើន បូជាសព្វបែបយ៉ាង ទាំងកម្លាំងកាយ ចិត្ត មិនគិតពីការនឿយហត់ដើម្បីប្រទេសជាតិ។

ក្នុងមរណទុក្ខដ៏សែនក្តុកក្តួលនេះ ក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង សូមឧទ្ទិស បួងសួងដល់ដួងវិញ្ញាណក្ខន្ធលោក សេក ណុប បានទៅកាន់សុគតិភពជានិច្ចនិរន្តរ កុំបីឃ្លៀងឃ្លាតឡើយ។

ដោយឡែក បច្ច័យ និងទេយ្យទានដែលចូលរួមក្នុងពិធីបុណ្យនេះរួមមាន អង្ករ៥០ គីឡូក្រាម ទឹកក្រូច១កេស ទឹកសុទ្ធ១កេស ទៀន ធូប តែ ស្ករស ទឹកដោះគោ និងថវិកាលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ចំនួន២០០ដុល្លារ សាខាកាកបាទក្រហមកម្ពុជាខេត្ត ៤០០,០០០ រៀល លោកស្រី ដួង វណ្ណា និងសហការី ៣០០,០០០ រៀល៕



No comments:

Post a Comment