Friday, April 27, 2018

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ នៅប្រទេសសិង្ហបុរី

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨។

វត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញទៅប្រទេសសិង្ហបុរី នាពេលនេះ គឺតបតាមការអញ្ជើញរបស់លោក Lee Hsien Loong នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសិង្ហបុរី និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២។ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣២នេះ ក្រោមមូលបទ «ភាពរឹងមាំ និង នវានុវត្តន៍របស់អាស៊ាន» ដែលនឹងឆ្លុះបញ្ចាំង នូវអភិក្រមដ៏សំខាន់ ដែលអាស៊ានប្រកាន់យក ដើម្បីរក្សាសារៈសំខាន់របស់ខ្លួន ក្នុងនាមជាអង្គការតំបន់ដែលទទួលបានការជឿទុកចិត្ត នៅក្នុងការថែរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព ។

ថ្នាក់ដឹកនាំអាស៊ាន នឹងធ្វើការពិភាក្សា និងផ្លាស់ប្តូរទស្សនៈ គ្នាទៅវិញទៅមក ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការអោយកាន់តែល្អប្រសើរ ហើយក្នុងកិច្ចប្រជុំនោះ ឯកសារសំខាន់ៗមួយចំនួននឹងត្រូវបានចេញផ្សាយ អនុម័ត និងកត់សំគាល់ផងដែរ។ ក្រៅពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ លោកនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ ថ្នាក់ដឹកនាំរបស់ប្រទេសអាស៊ានមួយចំនួនផងដែរ៕
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ នៅប្រទេសសិង្ហបុរី