Friday, September 02, 2016

បទអត្ថាធិប្បាយ៖ តើលោក កឹម សុខា ពិតជាពុំខ្លាចការចាប់ខ្លួនពិតមែនឬ?

អស់រយៈពេលជាង២ខែមកហើយ ដែលលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានឃុំឃាំងខ្លួនឯងនៅក្នុងទីស្នាក់ការកណ្តាលបក្សសង្រ្គោះជាតិ។ ការមិនចាកចេញពីទីស្នាក់ការគណបក្សបែបនេះ ត្រូវបានប្រជាពលរដ្ឋមួយចំនួន  សើចចំអកឲ្យលោក កឹម សុខា ថាភ័យខ្លាចនឹងសមត្ថកិច្ចចាប់ខ្លួន និងមិនហ៊ានប្រឈមមុខនឹងអ្នកគាំទ្ររបស់ខ្លួនដោយសារឿងអាស្រូវស្នេហាកាលពីពេលកន្លងមក។  ប៉ុន្តែនៅពេលថ្មីៗនេះ មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងលោក អេង ឆៃអ៊ាង បានអះអាងថា អ្នកដឹកនាំរបស់លោក មិនខ្លាចសមត្ថកិច្ចនោះទេ។ បើលោក កឹម សុខា ពិតជាពុំខ្លាចការចាប់ខ្លួនពិតមែននោះ?ហេតុអ្វីបានជាលោកមិនព្រមចូលខ្លួនទៅបំភ្លឺនៅតុលាការ តាមការកោះហៅ ហើយបែរជាប្រកាសប្រមូលសកម្មជន របស់បក្សមកការពារខ្លួននៅទីស្នាក់ការទៅវិញ?
អ្នកតាមដានស្ថានការណ៍សង្គមនយោបាយនៅកម្ពុជាយល់ឃើញថា លោក កឹម សុខា ពិតជាខា្លចការចាប់ខ្លួន របស់សមត្ថកិច្ច ទើបសុខចិត្តសំងំរស់នៅក្នុងបន្ទប់បួនម៉ែត្របួនជ្រុងទីស្នាក់ការគណបក្សបែបនេះ។
ចម្ងល់នៅត្រង់ថា បើលោក កឹម សុខា មិនបានប្រព្រឹត្តល្មើសច្បាប់មែន មានអ្វីដែលគួរឲ្យខ្លាច គួរចូលខ្លួនទៅបំភ្លឺតាមការកោះហៅរបស់តុលាការ។ ផ្ទុយទៅវិញលោក កឹម សុខា បែរជាយកលេសថា ការមិនចាកចេញពីនៅទីស្នាក់ការគណបក្សបែបនេះ ព្រោះលោក កំពុងធ្វើកូដកម្មនយោបាយ ក្នុងគោលបំណងឲ្យមានដំណោះស្រាយនយោបាយ។
លោក កឹម សុខា ប្រធានស្តីទីបក្សប្រឆាំងលើកឡើងថា អំឡុងពេលប៉ុន្មានខែដែលលោករស់នៅក្នុងទីស្នាការ គឺដើម្បីបង្ហាញថា អ្វីៗដែលអ្នកមានអំណាច ធ្វើមកលើគណបក្សប្រឆាំង គឺជាការរំលោភច្បាប់ ។  ប៉ុន្តែការពិតលោក កឹម សុខា បើមិនបានប្រព្រឹត្តរឿងអាស្រូវស្រីញី ឬពាក់ព័ន្ធក្នុងរឿងសញ្ចាកម្មទេ គឺតុលាការមិនហៅឲ្យបំភ្លឺជាសាក្សី។ ហើយបើគាត់ចូលបំភ្លឺក៏​មិនធ្លាក់ខ្លួនជាប់ក្នុងបទល្មើសជាក់ស្តែង អំពីការបដិសេធមិនចូលខ្លួននោះដែរ។ ដូច្នេះអ្វីដែលតុលាការចោទប្រកាន់ជាបទល្មើសដោយផ្អែកលើអង្គហេតុ អង្គច្បាប់ត្រឹមត្រូវ។

ហើយការអនុវត្តនីតិវីធីច្បាប់របស់តុលាការ ជាការពង្រឹង នីតិរដ្ឋមិនមែនរឿងនយោបាយ      ឡើយ។ ការបញ្ជាឲ្យសមត្ថកិច្ចចាប់ខ្លួនលោក កឹម សុខា ទាំងមិនទាន់ដកអភ័យឯកសិទ្ធិនៅពេលនេះគឺ ដោយសារតែ លោក កឹម សុខា បានប្រព្រឹត្តបទល្មើសជាក់ស្តែង ក្រោយពីលោក   កឹម  សុខា មិនព្រមបង្ហាញខ្លូនចំនួន២លើក តាមការកោះហៅជាសាក្សីក្នុងរឿង សញ្ចារកម្ម ។
សរុបសេចក្តីមក ការឃុំឃាំងខ្លួនឯងនៅក្នុងទីស្នាក់ការបក្ស គឺជាការគេចវេសមិនហ៊ានប្រឈមមុខចំពោះការពិត ជាពិសេសគឺរឿងអាស្រូវស្នេហាលួចលាក់ផ្ទាល់ខ្លួន ដែលពុំមានពាក្យអ្វីត្រូវយកមកបកស្រាយពន្យល់ នៅចំពោះតុលាការ អ្នកគាំទ្រ សកម្មជនរបស់ខ្លួន ពីព្រោះនេះជាការពិត ដែលគាត់មិនអាចប្រកែកបាន។ ចង់ ឬមិនចងមនុស្សទូទៅបានដឹង ហើយថា លោក កឹម សុខា គឺកំសាកខ្លាចការពិត ទើបសម្រេចចិត្តទៅជ្រកក្រោមស្នាក់ការបក្ស ដើម្បីគេចវេសពីសមត្ថកិច្ច និងការចាប់ខ្លួន ហើយបែរជាសម្ញែងថាខ្លួនឯងគ្រាន់បើ ប្រាប់កូន

ចៅថាមិនខ្លាចសមត្ថកិច្ចចាប់ខ្លួន ការពិតពេលនេះកំពុងភ័យស្លន់ស្លោ ព្រោះរឿងក្តីរបស់ខ្លួន​កំពុងជិតបញ្ជូនទៅជម្រះនៅថ្ងៃ០៩ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះហើយ៕

សម្តេច តេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោត​តាមប្រព័ន្ធថ្មី នឹងរកឃើញច្បាស់ថា មានការបាត់ឈ្មោះ​អ្នកបោះឆ្នោត ជាង១លាន២សែននាក់ ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៣ ដែររឺទេ !

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីរសៀលថ្ងៃទី ១ ខែកញ្ញានេះ បានបញ្ជាក់យ៉ាងច្បាស់ថា ការនិយាយថាបាត់ឈ្មោះអ្នកបោះឆ្នោត ជាង១លាន២សែននាក់ និងទឹកខ្មៅអាចលប់ជ្រះ ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៣នោះ  នឹងត្រូវរកឃើញ បន្ទាប់ពីបញ្ចប់ការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រថ្មីនេះ ។ សម្តេចតេជោ បានចាត់ទុកថា ការលើកឡើងរបស់គណបក្សសង្គ្រោះជាតិកន្លងមកនេះ គឺគ្រាន់តែជាលេសក្នុងការបង្កមហន្តរាយក្នុងសង្គមតែប៉ុណ្ណោះ។ ហើយបើសិនជារកឃើញមិនដូចអ្វីដែលបានលើកឡើងនោះ  តើអ្នកនិយាយដូចនេះត្រូវទទួលខុសត្រូវបែបណា? ទន្ទឹមនេះ សម្តេចសង្ឃឹមថា បក្សនយោបាយនានានឹងទទួលយកបានទាំងអស់គ្នាសម្រាប់ដំណើរការចុះឈ្មោះបោះឆ្នោតថ្មីនេះ ព្រោះនេះជាការកែទម្រង់ដ៏ធំមួយ។  ការបញ្ជាក់របស់សម្តេច នាយករដ្ឋមន្ត្រីដូចនេះ គឺនៅក្នុងពេលដែលសម្តេច តេជោ    និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញមកចុះឈ្មោះបោះឆ្នោតនៅសាលាសង្កាត់តាខ្មៅ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងថ្ងៃដំបូងនៃការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី។  សម្តេចតេជោ ក៏បានលើកឡើងដែរថា  កាលពីឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិបានស្នើសុំអោយកែទម្រង់ គ ជ ប គឺទាមទារសុំកែប្រែតែសមាសភាពតែប៉ុណ្ណោះ ប៉ុន្តែសម្តេច គឺបានស្នើអោយមានការកែទម្រង់ការបោះឆ្នោត ក្នុងទម្រង់ទូលំទំលាយតែម្តង។  ទន្ទឹមនេះ សម្តេចតេជោ ក៏បានបញ្ជាក់ថា តាមច្បាប់ថ្មី បើមិនចូលស្បថក្នុងសភា ក្នុងរយៈពេលកន្លះឆ្នាំ រឺមួយឆ្នាំ គឺនឹងបាត់បង់អភ័យឯកសិទ្ធតែម្តង។   (សម្លេងដើមសម្តេច ៥នាទី…)  សូមបញ្ជាក់ថា រយៈពេល៩០ថ្ងៃ ចាប់ពីថ្ងៃទី ១ ខែកញ្ញា រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ គឺជារយៈពេល បើកអោយប្រជាពលរដ្ឋធ្វើការចុះឈ្មោះបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រ ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ដែលក្នុងនោះ មានការិយាល័យចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យចំនួន ២ម៉ឺន ២៣៣៧កន្លែង នៅតាមសាលាឃុំ សង្កាត់ ទូទាំងប្រទេស ។  យោងតាមតារាងស្ថិតិប្រជាពលរដ្ឋនិងចំនួនការិយាល័យបោះឆ្នោតសម្រាប់ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ បានបង្ហាញថាប្រជាពលរដ្ឋនៅទូទាំងប្រទេសមានជិត ១៦លាននាក់ (១៥.៧២១.៣៦៦នាក់)ក្នុងនោះប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត មានអាយុ១៨ឆ្នាំឡើង មានជាង៩លាននាក់ (៩.៦៦៤.២១៦នាក់)និងប្រជាពលរដ្ឋគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជិត ២លាននាក់ (១.៩៩១.០២៥នាក់)។   ក្នុងចំណោម២៥រាជធានី ខេត្ត, ខេត្តកណ្តាល មានប្រជាពលរដ្ឋជាង១លាន២សែននាក់, អាយុ១៨ឆ្នាំឡើងដែលមានសិទ្ធិបោះឆ្នោតចំនួនជាង៨០ម៉ឺននាក់។ រីឯរាជធានីភ្នំពេញ មានប្រជាពលរដ្ឋជាង ១លាន៥សែននាក់ ក្នុងនោះអាយុ១៨ឆ្នាំឡើងទៅ មានជាង៩៨ម៉ឺន ៣ពាន់នាក់ ។ សូមបញ្ជាក់ដែរថា ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៤ នឹងប្រព្រឹត្តិទៅ នាថ្ងៃទី៤ខែមិថុនា ឆ្នាំ ២០១៧ ខាងមុខនេះ។