Friday, September 02, 2016

សម្តេច តេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោត​តាមប្រព័ន្ធថ្មី នឹងរកឃើញច្បាស់ថា មានការបាត់ឈ្មោះ​អ្នកបោះឆ្នោត ជាង១លាន២សែននាក់ ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៣ ដែររឺទេ !

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីរសៀលថ្ងៃទី ១ ខែកញ្ញានេះ បានបញ្ជាក់យ៉ាងច្បាស់ថា ការនិយាយថាបាត់ឈ្មោះអ្នកបោះឆ្នោត ជាង១លាន២សែននាក់ និងទឹកខ្មៅអាចលប់ជ្រះ ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៣នោះ  នឹងត្រូវរកឃើញ បន្ទាប់ពីបញ្ចប់ការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រថ្មីនេះ ។ សម្តេចតេជោ បានចាត់ទុកថា ការលើកឡើងរបស់គណបក្សសង្គ្រោះជាតិកន្លងមកនេះ គឺគ្រាន់តែជាលេសក្នុងការបង្កមហន្តរាយក្នុងសង្គមតែប៉ុណ្ណោះ។ ហើយបើសិនជារកឃើញមិនដូចអ្វីដែលបានលើកឡើងនោះ  តើអ្នកនិយាយដូចនេះត្រូវទទួលខុសត្រូវបែបណា? ទន្ទឹមនេះ សម្តេចសង្ឃឹមថា បក្សនយោបាយនានានឹងទទួលយកបានទាំងអស់គ្នាសម្រាប់ដំណើរការចុះឈ្មោះបោះឆ្នោតថ្មីនេះ ព្រោះនេះជាការកែទម្រង់ដ៏ធំមួយ។  ការបញ្ជាក់របស់សម្តេច នាយករដ្ឋមន្ត្រីដូចនេះ គឺនៅក្នុងពេលដែលសម្តេច តេជោ    និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញមកចុះឈ្មោះបោះឆ្នោតនៅសាលាសង្កាត់តាខ្មៅ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងថ្ងៃដំបូងនៃការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី។  សម្តេចតេជោ ក៏បានលើកឡើងដែរថា  កាលពីឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិបានស្នើសុំអោយកែទម្រង់ គ ជ ប គឺទាមទារសុំកែប្រែតែសមាសភាពតែប៉ុណ្ណោះ ប៉ុន្តែសម្តេច គឺបានស្នើអោយមានការកែទម្រង់ការបោះឆ្នោត ក្នុងទម្រង់ទូលំទំលាយតែម្តង។  ទន្ទឹមនេះ សម្តេចតេជោ ក៏បានបញ្ជាក់ថា តាមច្បាប់ថ្មី បើមិនចូលស្បថក្នុងសភា ក្នុងរយៈពេលកន្លះឆ្នាំ រឺមួយឆ្នាំ គឺនឹងបាត់បង់អភ័យឯកសិទ្ធតែម្តង។   (សម្លេងដើមសម្តេច ៥នាទី…)  សូមបញ្ជាក់ថា រយៈពេល៩០ថ្ងៃ ចាប់ពីថ្ងៃទី ១ ខែកញ្ញា រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ គឺជារយៈពេល បើកអោយប្រជាពលរដ្ឋធ្វើការចុះឈ្មោះបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រ ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ដែលក្នុងនោះ មានការិយាល័យចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យចំនួន ២ម៉ឺន ២៣៣៧កន្លែង នៅតាមសាលាឃុំ សង្កាត់ ទូទាំងប្រទេស ។  យោងតាមតារាងស្ថិតិប្រជាពលរដ្ឋនិងចំនួនការិយាល័យបោះឆ្នោតសម្រាប់ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ បានបង្ហាញថាប្រជាពលរដ្ឋនៅទូទាំងប្រទេសមានជិត ១៦លាននាក់ (១៥.៧២១.៣៦៦នាក់)ក្នុងនោះប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត មានអាយុ១៨ឆ្នាំឡើង មានជាង៩លាននាក់ (៩.៦៦៤.២១៦នាក់)និងប្រជាពលរដ្ឋគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជិត ២លាននាក់ (១.៩៩១.០២៥នាក់)។   ក្នុងចំណោម២៥រាជធានី ខេត្ត, ខេត្តកណ្តាល មានប្រជាពលរដ្ឋជាង១លាន២សែននាក់, អាយុ១៨ឆ្នាំឡើងដែលមានសិទ្ធិបោះឆ្នោតចំនួនជាង៨០ម៉ឺននាក់។ រីឯរាជធានីភ្នំពេញ មានប្រជាពលរដ្ឋជាង ១លាន៥សែននាក់ ក្នុងនោះអាយុ១៨ឆ្នាំឡើងទៅ មានជាង៩៨ម៉ឺន ៣ពាន់នាក់ ។ សូមបញ្ជាក់ដែរថា ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៤ នឹងប្រព្រឹត្តិទៅ នាថ្ងៃទី៤ខែមិថុនា ឆ្នាំ ២០១៧ ខាងមុខនេះ។





No comments:

Post a Comment