Thursday, November 05, 2015

សម្តេច​តេជោ ហ៊ុន សែន ចេញសេចក្តី​សម្រេចតែង​តាំង សមាសភាពគណៈ​កម្មាធិការទទួល​បន្ទុកការងារព្យាបាល និងស្ដារ​នីតិសម្បទា អ្នកញៀន​គ្រឿងញៀន

នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីសម្រេចតែងតាំង សមាសភាពគណៈកម្មាធិការ ទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន ដែលមានលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាប្រធាន, លោក អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល, លោក នឹម ថូត រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក ហ៊ុយ ហាន សុង រដ្ឋលេខាធិការក្រសួងការងារ ជាអនុប្រធាន៕




សមាជិកសភាគណបក្សប្រជាជន នឹងទៅសួរសុខទុក្ខអ្នកតំណាងរាស្ត្របក្សប្រឆាំង

យោងតាមសេចក្តី​ប្រកាសព័ត៌មានរបស់ ​អគ្គលេខាធិការដ្ឋាន ​រដ្ឋសភា ​នៅថ្ងៃទី ០៥ ​ខែវិច្ឆិកា ឆ្នាំ២០១៥ ​បានឲ្យដឹងថា​ គណៈប្រតិភូរដ្ឋសភា​ដែលមកពី​គណបក្សប្រជាជន​កម្ពុជា ​នឹងចុះបំពេញ ​បេសកម្មសួរសុខទុក្ខ ​ឯកឧត្តម ​គង់ សភា​ តំណាងរាស្ត្រមណ្ឌល​ខេត្តស្វាយរៀង​ និងឯកឧត្តម ញ៉យ ​ចំរើន​ តំណាងរាស្ត្រមណ្ឌលខេត្ត​ កំពង់ចាម​ នៅទីក្រុងបាងកក​ ប្រទេសថៃ ដែលរង​អំពើហិង្សា​កាលពីថ្ងៃទី ២៦​ ខែតុលា​ ឆ្នាំ២០១៥​ នៅខាងក្រៅរបងមន្ទីរដ្ឋសភា ក្បែរស្ថានទូតអូស្ត្រាលី បន្ទាប់ពីបាតុកម្មអហិង្សាស្នើដកលោក កឹម សុខា ត្រូវបានរំសាយ។
ការសួរសុខទុ​ក្ខអ្នកតំណាង​រាស្ត្រគណបក្ស​សង្គ្រោះជាតិ​ទាំងពីររូបនេះ ​គឺធ្វើឡើងចាប់​ពីថ្ងៃទី ០៦ ដល់ថ្ងៃទី​ ០៨ ខែវិច្ឆិកា ​ឆ្នាំ២០១៥ តាម​ការចាត់តាំងពី​ សម្តេចពញាចក្រី​ ហេង សំរិន ​ប្រធានរដ្ឋសភា ​ដោយឯកឧត្តម ​ឈាង វុន ​សមាជិករដ្ឋ​សភាមកពីគណ​បក្សប្រជាជនក​ម្ពុជា ជាអ្នក​ចុះបំពេញបេសកម្ម​សួរសុខទុក្ខនេះ។​ សំរាប់គណៈប្រតិភូ​អមដំណើររួមមាន​ ឯកឧត្តម ​យ៉ែម បុញ្ញាឬទ្ធិ ​និងលោក​ជំទាវ បាន ​ស្រីមុំ៕

សម្តេច​តេជោ ហ៊ុន សែន ព្រមាន បង្ហោះសារ​ដែល ឯកឧត្តម សម រង្ស៊ី បានសរ​សេរសុំទោស

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បត្តិ៍នេះ បានព្រមានបង្ហោះសារ សុំទោសរបស់ ឯកឧត្តម សម រង្ស៊ី នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook បើសិនជាមេបក្សប្រឆាំងរូបនេះ បានធ្វើអ្វីខុសនឹងពាក្យសម្តី ដែលខ្លួនបានសន្យាជាមួយសម្តេច។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ ខណៈសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញអធិបតីភាព បើកសម្ពោធ «គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូ» នៅក្នុងរាជធានីភ្នំពេញ។
សម្តេចបានថ្លែងថា « ឯកឧត្តម សម រង្ស៊ី អើយ ឯកឧត្តមបានវ៉ៃ SMS សុំទោសខ្ញុំ បើសិនជាឯកឧត្តម ហ៊ាន​ប្រថុយប្រថានបំពានទៅលើអ្វីដែលឯកឧត្តម សុំទោសខ្ញុំនេះ ខ្ញុំនឹងបង្ហោះតាមFacebook » 
សម្តេចនាយករដ្ឋមន្រ្តី បានអះអាងថា ឯកឧត្តម សម រង្ស៊ី បានផ្ញើសារសុំទោស ទៅសម្តេច កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ គឺមុនបាតុកម្មទាមទារទម្លាក់ ឯកឧត្តម កឹម សុខា ចេញពីអនុប្រធានទី១ នៃ​​រដ្ឋសភា មួយថ្ងៃ។ជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញឱ្យឯកឧត្តម សម រង្ស៊ី គ្រប់​​គ្រង​ផ្ទៃក្នុងឱ្យបានល្អ និងទប់ស្កាត់នូវការប្រើប្រាស់ពាក្យជេរ ប្រមាថមកលើរាជរដ្ឋាភិបាល ៕

សម្តេចតេជោអះអាងថា រាជរដ្ឋាភិបាលកម្ពុជា មិនបានប៉ះពាល់លុយជំនួយរបស់ជប៉ុនទេ

អញ្ជើញជា​អធិបតីភាព​ក្នុងពិធី​សម្ពោធគ​ម្រោងការពារ​ទឹកជំនន់ ​និងកែលំអប្រព័ន្ធ​ប្រឡាយលូ ជំហាន​ទី៣ ក្នុងរាជ​ធានីភ្នំពេញ ​នៅថ្ងៃទី ០​៥ ខែវិច្ឆិកា ​ឆ្នាំ២០១៥នេះ ​សម្តេចតេជោ ​បានលើកឡើងថា ​ប្រាក់ជំនួយ​ឥតសំណង​របស់ប្រទេស​ជប៉ុនក្នុង​គម្រោងផ្សេងៗ​ គឺរាជរដ្ឋា​ភិបាល ​កម្ពុជាមិនបានកាន់​កាប់ដោយ​ផ្ទាល់ទេ ​គឺជប៉ុន​ដែលជាម្ចាស់​ជំនួយ ​ជាអ្នកអនុវត្តន៍​ការដេញថ្លៃ ​និងការ​ស្ថាបនាដោយ​ខ្លួនឯង។​
ការលើក​ឡើងរបស់​សម្តេចតេជោ ​គឺធ្វើឡើង​នៅចំពោះមុខ​ ឯកឧត្តមឯក​អគ្គរដ្ឋទូត​ជប៉ុនប្រចាំ ​នៅកម្ពុជា និង​ដើម្បីឆ្លើយតប​ និងការ​ចោទប្រកាន់​ពីមជ្ឈដ្ឋាន​មួយចំនួន​ដែលថា រា​ជរដ្ឋាភិបាល បានប្រព្រឹត្ត​អំពើពុករលួយ​នៅក្នុងប្រាក់​ជំនួយរបស់ជ​ប៉ុននេះ។ ​សម្តេចតេជោ ​បានមាន​ប្រសាសន៍​ថា «លុយជំ​នួយនេះ គឺជប៉ុនគេផ្តល់​ឲ្យតែគេដាក់​ដេញថ្លៃនៅទី​ក្រុងតូក្យូ រដ្ឋាភិបាល​កម្ពុជា មិនមែនជា​អ្នកកាន់លុយទេ សូមឯកឧត្តម​ឯកអគ្គរដ្ឋ​ទូតជប៉ុន​ ពន្យល់បក្សប្រ​ឆាំងផង ថាវិធី​ប្រើលុយ រ​បស់ជប៉ុន គឺជប៉ុនមិ​នប្រគល់លុយឲ្យ​ខ្មែរកាន់ទេ» សម្តេចតេជោ «បានលើក​ឡើងថា ​មានគេចោទ​ប្រកាន់ថា យើងយ​កលុយជប៉ុន​នេះមកប្រព្រឹត្ត​អំពើពុករលួយ ​ទាំងរឿងស្ពាន ​អ្នកលឿង ​គឺមិនពិតទាល់តែ​សោះ ព្រោះ​សម្តេចគ្រាន់​តែជាអ្នក​អញ្ជើញទៅ​បើកសម្ពោធ​ប៉ុណ្ណោះ។
ទោះបីជា​យ៉ាងណា ​សម្តេចតេជោ ​ហ៊ុន សែន ​បានបញ្ជាក់ថា ​គម្រោងរបស់​ប្រទេសជប៉ុន​នេះ គឺមិនមែន​ធ្វើតែចំពោះ​កម្ពុជាទេ ​គឺធ្វើគ្រប់ប្រទេស​ដែលជប៉ុន​ផ្តល់ជំនួយ​ដូចគ្នា។ ​សម្តេចបន្ថែមថា «មនុស្សមួយ​ចំនួន ធ្វើ​អត្ថាធិប្បាយ​ដោយគ្មាន​ទំនួលខុស​ត្រូវថាជប៉ុន​ធ្វើចឹង ដោយសាររដ្ឋាភិ​បាល ខ្មែរពុករ​លួយបានគេធ្វើ​ចឹង សូមឲ្យ​ឯកអគ្គរដ្ឋទូត​ជប៉ុនជួយពន្យល់​ទៅពួកប្រឆាំង ពីរបៀបរបប ប្រើលុយរបស់​ជប៉ុនផងកុំ​ឲ្យគេចេះតែថា។​ យើងនិយាយគ្នា​ដោយស្មោះត្រង់​ កុំឲ្យបង្ខួចកេរ្តិ៍ឈ្មោះ ពូជសាសន៍ឯងចឹង​វាហួសហេតុពេក​»
សម្តេចតេជោ ​បានពន្យល់ថា ​សូម្បីតែអង្គ​ការក្រៅរដ្ឋាភិបាល ​អនុវត្តន៍​គម្រោងមួយ​ចំនួន ​ដែលប្រទេសជ​ប៉ុនជួយ ​ក៏ជប៉ុនជាអ្នក​អនុវត្តន៍ដែរ​ ហើយលុយ​ជប៉ុនគឺមានតែ​ក្រុមហ៊ុនជប៉ុនទៀត​ ដែរអាចចូល​ដេញថ្លែបាន ​នេះជាជំនួយ​ឥតសំណង​របស់ជប៉ុន​ ប្រទេសនានា​ក៏គេធ្វើចឹងដែរ​ មិនមែនខុសគេ​អីតែកម្ពុជាទេ៕​

សម្តេចតេជោ៖ ស្ថានភាពទីក្រុងភ្នំពេញកាន់តែមានការប្រែប្រួល

ក្នុងឱកាស​សម្ពោធ ​គម្រោងការពារ​ទឹកជំនន់ និ​ងកែលំអប្រព័ន្ធ​ប្រឡាយលូ ​ជំហានទី៣ ​ក្នុងរាជធានីភ្នំពេញ ​នៅថ្ងៃទី ​០៥ ខែវិច្ឆិកា ​ឆ្នាំ២០១៥នេះ ​សម្តេចតេជោ ​បានលើក​ឡើងថា ​ក្នុងរាជ​ធានីភ្នំពេញ​បានជួបប្រទះ​បញ្ហាកកស្ទះ៣​យ៉ាងធំៗ​ ដែលចាំបាច់​ត្រូវដោះស្រាយ៖​ គឺកកស្ទះ​ជំនន់ទឹកភ្លៀង​ កកស្ទះសំរាម​ និងកកស្ទះ​ចរាចរ​ ហើយសមិទ្ធ​ផលនៅថ្ងៃនេះ ​គឺមានវិសាល​ភាពគ្របដណ្តប់​លើតំបន់មួយ​ចំនួន ​ដើម្បីរំដោះទឹ​កចេញពីទី​ក្រុងភ្នំពេញ ​ដើម្បីកាត់ ​បន្ថយការលិច​ក្នុងពេលភ្លៀងខ្លាំង​។
សម្តេចតេ​ជោរំលឹកថា «កាលពីឆ្នាំ១៩៧៩ និង១៩៨០​ស្ថានភាពកក​ស្ទះទាំងបីនេះ មិនសូវមាន​ទេ ទោះបីពី១៩៧​៩មក មាន​ភ្លៀងហើយលិ​ចកន្លែងខ្លះ តែមិនសូវប៉ះ​ពាល់ទេ ព្រោះមិន​សូវមាន​ ប្រជាជនរស់​នៅច្រើន និ​ងអត់មាន​ឡាន ដូច្នេះ​វាអត់ស្ទះចរា​ចរទេ។ តែឥឡូវនេះ​ឲ្យតែមាន ស្ទះទឹកកន្លែងណា មួយគឺស្ទះចរាច​រកន្លែងនោះតែម្តង» សម្តេចបាន​បន្ថែមថា ​ជប៉ុនបានចូលរួម​ចំណែកដោះស្រាយ​បញ្ហាទាំងអស់នេះ ​ជាបន្តបន្ទាប់ ​ពិសេសគឺប្រ​ព័ន្ធលូ ​នេះឯង។ ​សម្តេចតេជោ ​ហ៊ុន សែន ​បានលើកឡើងថា «បើយើង​សំលឹងមើល ពីទីក្រុងមួយ ដែលស្លាប់​ទៅហើយ ហើយចាប់​ផ្តើមរស់ឡើងវិញ​ ជាមួយនិង​ការខិតខំ​ដោយបាតដៃទទេ ពីពលរដ្ឋរបស់យើ​ង យើងអាចដឹ​ងបានថាកំលាំង​ប្រឹងរបស់យើង​រួមគ្នា នៅ​ពេលនោះគឺខ្លាំង កំរិតណា»។​  សម្តេចតេជោ​គូសបញ្ជាក់ថា «បើយើងកុំផ្តួល​រំលំរបប​ប៉ុលពតឆ្នាំ១​៩៧៩ នៅកន្លែង​នេះ ក្លាយទៅជា​ស្អីពិតប្រាកដ​ ច្បាស់ជាចំការ​ដូងដុះពេញទាំ​ងអស់ ព្រោះតាម​សួនច្បារ​ និងសូម្បីតែ ផ្សារថ្មីក៏សុទ្ធតែ​ដើមដូងដែរ​នៅពេលនោះ។ បើកុំតែយើងផ្តួល​រំលំរបបប៉ុលពត​ ភ្នំពេញនេះ​ មិនមែនជា​ភ្នំពេញដែលមា​នមនុស្សរស់​នៅទេ គឺភ្នំពេញ​ជាចំការដូង។ ​​ប៉ុន្តែបន្ទាប់​ពីរំដោះហើយ​ យើងបានប្រឹង​បន្តិចម្តងៗតាំ​ងពីការស្តារស្ថាន​ភាពសួនច្បារ​ ដើម្បីសម្រួលដ​ល់ការរស់នៅ និងការកំសាន្ត​របស់ប្រជា​ពលរដ្ឋ»
ទោះបីជា​គម្រោងការពារ​ទឹកទំនន់ ​និងកែលំ​អប្រព័ន្ធប្រឡាយ​លូ បានធ្វើជា​បន្តបន្ទាប់ ចាប់ពីជំហានទី​១មកក្តី ​ក៏ប៉ុន្តែសម្តេច​តេជោ អះអាង​ថាដោយសា​រស្ថានភាព ​ភូមិសាស្ត្រដី ​នៅរាជធានីភ្នំពេញទាប ​បើផ្អែកតាម​ការវាស់នីវ៉ូទឹកស​មុទ្រ ដូ​ច្នេះគឺចៀស​មិនផុត ពី​ការគំរាម ​កំហែង​ដោយជំនន់ទឹកភ្លៀង។​ សម្តេចបន្ថែមថា ​ការជន់លិច​ក្នុងកំឡុង​ពេលភ្លៀងខ្លាំងម្តង​ៗ គឺដោយសារប្រព័ន្ធ​លូក្នុងរាជ​ធានីភ្នំពេញ ​ដែលទទួលរង​ទឹកភ្លៀង ​វាមិនគ្រប់ក្នុងការ​រំដោះទឹក ​នេះចេញ ​គឺបើមានធ្លាប់​ពី៨០ ទៅ​១០០មីលី​ម៉ែត្រក្នុងមួយពេល ​គឺទោះបីជា​លូធំប៉ុណ្ណា ​ក៏ត្រូវលិច​មួយភ្លេត​ដែរ។ សម្តេច​បន្តថា ​​មិនថាតែក្រុង​ភ្នំពេញទេ ​ទីក្រុងឡុង ​ទីក្រុងបាងកក ​ក៏លិចដែរ​ ហើយទីក្រុង​ណាក៏លិចដែរ​ សូម្បីតែជប៉ុន​ដែលជាម្ចាស់​ជំនួយនេះក៏​ធ្លាប់លិចដែរ។​ ទោះជាយ៉ាងណា ​សម្តេចតេ​ជោ បានមាន​ប្រសាសន៍ថា​ កាលពីមុន​ភ្លៀងតិចរឺច្រើន ​គឺលិចរហូត ​ប៉ុន្តែឥឡូវនេះ ​គឺប្រសើរ​ជាងមុន គឺទាល់​តែភ្លៀងខ្លាំងបានលិ​ច នេះជាអ្វីដែល​យើងបានធ្វើ ​ពីជំហានទី១ ​មកដល់ជំហានទី៣ ​និងនៅតែបន្ត​ជំហានទី​៤ទៀត៕​


សម្តេចតេជោ៖ កុំធ្វើការវិភាគដោយប្រមាថ និងមិនទទួលខុសត្រូវ

ឆ្លើយតប ​និងការលើក​ឡើងផ្សេងៗ​ជុំវិញការ​ ផ្អាកពិធីបុណ្យ​អុំទូកឆ្នាំនេះ ​សម្តេចតេជោ ​ហ៊ុន សែន នាយ​ករដ្ឋមន្ត្រី ​នៅថ្ងៃទី ​០៥ ខែវិច្ឆិកា ​ឆ្នាំ២០១៥នេះ ​បានមាន​ប្រសាសន៍ថា «ខ្ញុំបានចេញ សារាចរណែនាំ​ស្តីពីការផ្អាក​បុណ្យអុំទូក​ ព្រោះទឹកទន្លេវាក្រោម៥ម៉ែត្រទៅហើយ ថ្ងៃនេះដូចជា នៅ៤ម៉ែត្រ៣តឹក​ ចឹងទំរំាំដល់​បុណ្យអុំទូក​នៅសល់២០​ថ្ងៃទៀត។ ចឹងបើយើងគិត​ថាមួយថ្ងៃ ចុះត្រឹម៥ផឹង​ គឺដល់បុណ្យ​អុំទូក គឺអាច​ចុះ១ម៉ែត្រទៀត ចឹងពេលបុណ្យ​អុំទូក អុំលែង​កើត ហើយ។​ សម្តចតេជោបាន​បន្ថែមថា ឥឡូវអ្នកតំណាង​រាស្ត្រ សង្គម​ស៊ីវិលដែល​ធ្វើអត្ថាធិប្បាយ ចូលមកអុំទូក​ទៅខ្ញុំចេញលុយឲ្យ​ ខ្ញុំហ៊ានឲ្យខ្ចី​ទូកឪខ្ញុំទៀត តើអុំទៅវាត្រូ​វបច្ចេកទេសអត់? សូមគិតផង នេះជាការធ្វើ​អត្ថាធិប្បាយតាម​របៀបប្រមាថ មិនអាចទទួ​លយកបានជា​ដាច់ខាត» 
នៅក្នុងពិធី​សម្ពោធ ​គម្រោងការពារ​ទឹកជំនន់ ​និងកែលំអប្រព័ន្ធ​ប្រឡាយលូ ​ជំហានទី៣ ​ក្នុងរាជធានីភ្នំពេញ ​ដែលជាជំនួយ​ឥតសំណង​របស់ជប៉ុន ​នៅទីតាំងសួន​ច្បារ មុខ​វត្តបទុមវត្តី ​សម្តេចតេជោ​ ហ៊ុន សែន​ បានបញ្ជាក់​ជូនសាធារណៈជន​ទាំងអស់ថា​ តាមការព្យាករណ៍​ថា ទៅដល់ថ្ងៃបុណ្យ​អុំទូនៅសល់​៤ម៉ែត្រប៉ុណ្ណោះ។​ សម្តេចបាន​បន្ថែមថា «នៅក្នុងកិច្ចប្រ​ជុំសភា​ កាលពីសប្តាហ៍មុន​ យើងក៏បាន​ពិភាក្សាផងដែរ​អំពីការ បន្ថយ​ចំណាយទីប្រណាំង ពី១៧០០ម៉ែត្រ មក១៥០០​ម៉ែត្រ ដោយសារ​បញ្ហាកំពស់​ទឹកពេលដែល​យើងកំពុង​ប្រជុំហ្នឹង នៅសល់ជាង​៥ម៉ែត្រ ចុះ​ទំរំាធ្លាក់ចុះជាងហ្នឹង​ទៀតតើវាអុំម៉េច​ទៀត? អុំវា​មិនកើត ជា​បច្ចេកទេស​ទៅវាមិនរួច»
សម្តេចតេជោ​ បានមាន​ប្រសាសន៍ថា​ «សូមអ្នកធ្វើ​អត្ថាធិប្បាយ​ចេញមក​ដើម្បីនិយាយគ្នា​ឲ្យច្បាស់ លោក​ឯងយកទូក​មកអុំទៅ ទឹកប៉ុណ្ណឹងឲ្យលោកឯង​អុំទៅ ខ្ញុំជួយ​ចេញលុយឲ្យជាពិសេស អ្នកវិភាគ។ ពិសេសជាអ្នក​នយោបាយខ្លះ​ រហូតថារាជរដ្ឋា​ភិបាលមិន​ហានព្រោះ​ ខ្លាចគណបក្ស សង្គ្រោះជាតិ​ធ្វើបាតុកម្ម សូមអញ្ជើញ​ចេញមកធ្វើបាតុ​កម្មចុះ»។​ សម្តេចបន្ថែមថា «ឥឡូវថ្នាក់ ដល់រាជរដ្ឋាភិបាល​ខ្លាចប្រជាជន​ហើយ? ការពិត​ខ្ញុំចង់ឲ្យប្រជាជន​មកលេងក្រុង ភ្នំ​ពេញណាស់​ ទោះបីមិន​មានបុណ្យ​អុំទូកមែន ក៏ប៉ុន្តែគឺមាន​ពិធីដ៏ទៃទៀត ដូចការរៀបចំ​ប្រគុំតន្ត្រី និងស្តង់ ពិ​ពរណ៍ទំនិញជា​ដើម» សម្តេច​បានលើកឡើងថា​ ទូកដែល​ល្បីហើយលឿនៗ​ គឺទូកមក​ពីកំពង់ធំ​ ប៉ុន្តែទម្លាក់​មកតាមណា​ អាចធ្វើឲ្យ​ទូកខូច អុំឆ្នាំ​ក្រោយមិនកើត​ទៀត ហើយ​អត់ចំណុះទូកទៀត​ ព្រោះបញ្ហា​ឥឡូវនេះ ពួក​គាត់ត្រូវធ្វើ​ស្រែប្រដេញទឹក​ ព្រោះវាអត់ទឹ​កហើយការ​តើទម្លាក់ទូក​ មកតាមណារួច​ បើវាអត់ទឹកពី​ដើមទម្លាក់​មកតាម​ទន្លេសាប​ ទើបបានទាញ​ទូកយកមកអ៊ុំ​ឥឡូវទន្លេ​សាបអត់ទឹកចេញ​មិនរួចទេ។​ សម្តេចតេជោ ​មានប្រសាសន៍ថា «អ្នកនៅតាម​ទន្លេមេគង្គ បើអត់១ម៉ឺនដុ​ល្លារទេ គឺយកទូកនិងចិញ្ចឹម​ចំណុះទូកនៅ​ភ្នំពេញកើតទេ​ សូមអ្នកវិភាគយល់ឲ្យ ច្បាស់កុំព្រហើន​»
សម្តេចបាន​សង្កត់ធ្ងន់ថា​ សម្តេចជា​អ្នកទទួលខុស​ត្រូវដឹកនាំប្រទេសនេះ​ ហើយអ្នក​ទាំងអស់នោះ មាន​សិទ្ធិប៉ុន្តែ​សូមអស់លោក​ មានភាពថ្លៃ​ថ្នូរគិតពិចារ​ណាឲ្យបានម៉ត់ចត់​ កុំអាងតែខ្លួនមាន​សិទ្ធិ សេរីភាព​ក្នុងការបញ្ចេញ​មតិដោយខ្វះ​ការទទួលខុស​ត្រូវ ខ្វះវិចារណញ្ញាណ។ ​សម្តេចបន្តថា «ខ្ញុំដឹងហើយ​ ល្បែងអស់លោក​គឺចឹង បើមិន​ធ្វើវិភាគចឹង​គេមិនឲ្យលុយទេ ព្រោះលោកឯង ស៊ីឈ្នួលវិភាគ ហើយវិភាគវ៉ៃ​រដ្ឋាភិបាលរហូត​ ប៉ុន្តែសូមអស់​លោកត្រូវចាំមួយ​ម៉ាត់ឲ្យច្បាស់ថា រាជរដ្ឋាភិបាលមាន​អ្នកគាំទ្រច្រើនជាង​បក្សប្រឆាំង​ទៅទៀត​» សម្តេចតេជោ​ បានបញ្ជាក់ថា «បើអ្នកឯងមានសិទ្ធិ​ធ្វើបាតុកម្ម គេក៏មានសិទ្ធិដូចអ្ន​កឯងដែរ​  អ្នកប្រឆាំងមាន​សិទ្ធិធ្វើបាតុកម្ម អ្នកគាំទ្រក៏មាន​សិទ្ធិធ្វើ​បាតុកម្មដែរ​ ខ្ញុំមិនលើកទឹក​ចិត្តឲ្យធ្វើ​បាតុកម្មទេហើយខ្ញុំកាន់តែ​ប្រឆាំង នឹងអំពើ​ហិង្សា តែអ្នកទាំង​ឡាយចូលចិត្ត​ណាស់ ប្រមាថ​នាយករដ្ឋមន្ត្រី ប្រមាថរាជរដ្ឋាភិបាល​ ថាប្រជាជនចូល​ក្រុងច្រើនពេក​ធ្វើបាតុកម្ម ឥឡូវចូលមក​ប៉ុន្មាននាក់? ខ្ញុំរៀបចំប្រគុំតន្ត្រី​ឲ្យច្រើន ឲ្យទស្សនា​សប្បាយ» សម្តេចបាន​អញ្ជើញប្រជាពលរដ្ឋ​ឲ្យមកលេង​ទីក្រុងភ្នំពេញ​ ក្នុងរយៈ​ ពេលបុណ្យអុំ​ទូក ព្រោះគ្រាន់តែអត់​មានកម្មវិធី​អុំទូកប៉ុណ្ណោះ​ ឯកម្មវិធីកំសាន្ត​ផ្សេងទៀត​ នៅដដែល ​ហើយបើអ្នកណា​ចង់អុំ ហើយអុំកើត​មកអុំទៅគ្រាន់​តែក្រៅផ្លូវការប៉ុណ្ណោះ។​ សម្តេចតេជោ​ នឹងបង្វែរ​ ថវិកាដែល​សំរាប់ចំណាយពេល​បុណ្យអុំទូក ទៅទិញប្រេង​បូមទឹកដាក់ស្រែ​ សង្គ្រោះស្រូវ​ នៅខេត្តដែល​ ខ្វះទឹកធ្វើស្រែ ​តើរឿងហ្នឹង​អ្នកវិភាគគិត​យ៉ាងម៉េច? សម្តេចបានរំលឹកថា «នៅឆ្នាំមុន​គឺទឹកទន្លេទាប​ ដែរ៦ម៉ែត្រ​ជាង ចំណុះទូ​កអុំចង់ដាច់ខ្យល់។​ កំរិតទឹកល្អ​គួរ៧ម៉ែត្រ​ តែបើឡើងលើស ពី៨ម៉ែត្រកន្លះទៅ​១០ម៉ែត្រពិបាកទៀត​ ព្រោះខ្លាច​គ្រោះថ្នាក់ ព្រោះឆ្នាំមួយនោះ មានបរទេស​ មកអុំទូកស្លាប់​អស់ប៉ុន្មាន​នាក់ ព្រោះ​ទឹកហូរគួចខ្លាំង​ អាអត់ហូរ​ក៏ពិបាកអុំដែរ»  សម្តេចតេជោ ​បានសង្កត់ធ្ងន់ថា​ ព្រោះការប្រមាថ​តាមការរយៈការ​ធ្វើអត្ថាធិប្បាយនេះ​ និងការវិភាគ​បែបនេះ​ គឺជាការព្រហើន​ដែលមិនអាចទទួល​យកបាន។​ សម្តេចតេជោ​បន្តថា​ ក្នុងនាមខ្ញុំជា​អ្នកចុះ ហត្ថ​លេខា រឿងនេះ​ សម្តេចបាន​ធ្វើការពិភាក្សា​ជាមួយប្រធាន​រដ្ឋសភា​ ពិគ្រោះជាមួយ​បណ្តាឧបនាយក​ រដ្ឋមន្ត្រី គឺ​ពិភាក្សាគ្នា​ម៉ត់ចត់ណាស់​ ហើយក៏ឆ្លៀ​តទូលសម្តេចម៉ែ​ ព្រះមហាក្សត្រ​ថាឆ្នាំនេះអុំទូក​ អត់កើតទេ​ ព្រោះទឹក​ទន្លេទាបពេក។​ សម្តេចរំលឹកថា​ ដូច្នេះកុំ​ឲ្យវិភាគថា​ រឿងអីក៏​ដោយគឺមាន​ នយោបាយនៅ​ពីក្រោយរហូត និងកុំឲ្យ​កំដៅ នយោបាយ​កាន់តែខ្លាំងដោយ​សារអស់លោក៕