Tuesday, November 15, 2016

ទូកលឿនជាងគេជាប់១ គឺឈ្មោះ សារាយតេជោសែនជ័យ

បន្ទាប់ពីបញ្ចប់ការប្រកួតនាល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ទូកគូរពិសេសដែលមានល្បឿនលឿនជាងគេ ឈ្មោះសារាយតេជោសែនជ័យមកពីខេត្តកណ្តាល ទទួលបានចំណាត់ថ្នាក់លេខ១ មានចំណុះ៧៧នាក់ ប្រើពេល២៨.៣០វិនាទី។ ទូកលេខ១ខាងសោភ័ណ គឺទូកឈ្មោះ គងពិសីមហាសែនតេជះ មកពីខេត្តកំពង់ស្ពឺ។
គួររំលឹកផងដែរថាក្នុងកាប្រកួតនេះមាន២៥៧ទូក ដែលមានកីឡាករចូលរួមប្រកួតចំនួន ១៧៧៣៦នាក់ ។

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាពិតសំណាងខ្លាំងណាស់ដែលមានសុខសន្តិភាពពេញលេញ ដែលផ្តល់ឱកាសឱ្យប្រទេសយើងបានប្រារព្ធធ្វើពិធីបុណ្យដ៏អធិកអធមនេះ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះនៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់របស់សម្តេចនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ថាកម្ពុជាពិតសំណាងខ្លាំងណាស់ដែលមានសុខសន្តិភាពពេញលេញ ដែលផ្តល់ឱកាសឱ្យប្រទេសយើងបានប្រារព្ធធ្វើពិធីបុណ្យអុំទូកដ៏អធិកអធមនេះ។
សម្តេចតេជោ បានបញ្ជាក់នៅក្នុងហ្វេសប៊ុកថា៖ ព្រះរាជពិធីបុណ្យអុំទូក ដែលបានប្រព្រឹត្តិទៅអស់ពេល២ថ្ងៃកន្លងមកនេះ គឺបានផ្តល់នូវការសប្បាយរីករាយក្រៃលែងដល់បងប្អូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ គឺបានបង្ហាញឱ្យកូនចៅខ្មែរយើង និងភ្ញៀវទេសចរណ៍ បរទេសបានឃើញ និងបានស្គាល់នូវវប្បធម៌ ទំនៀមទម្លាប់នៃពិធីបុណ្យប្រពៃណីដ៏ថ្លៃថ្លាបំផុតរបស់ជាតិយើង។ កម្ពុជាពិតសំណាងខ្លាំងណាស់ដែលមានសុខសន្តិភាពពេញលេញ ដែលផ្តល់ឱកាសឱ្យប្រទេសយើងបានប្រារព្ធធ្វីពិធីបុណ្យដ៏អធិកអធមនេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់បន្ថែមទៀតថា នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេច នឹងដង្ហែព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គយាងទតពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។ សូមជនរួមជាតិ និងភ្ញៀវទេសចរណ៍បរទេសបានសប្បាយរីករាយនៅក្នុងថ្ងៃទី៣ ដែលជាថ្ងៃបញ្ចប់នៃពិធីបុណ្យអុំទូក៕