Wednesday, April 19, 2017

ហ្វេសប៊ុកចៅចាក់ស្មុក៖ សុំរាជការទុកផ្លូវឱ្យរស់!

នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយអត្ថបទ មួយក្រោមចំណងជើងថា «រាជការទុកផ្លូវឱ្យរស់!» ដែលមានខ្លឹមសារដូចខាងក្រោម៖
ខណៈខ្លួនប្រព្រឹត្តកំហុសដោយខ្លួនឯង ព្យាយាមទម្លាក់កំហុសលើរាជការថា គាបសង្កត់ធ្វើបាប តែត្រូវបរាជ័យព្រោះខ្លួនបានធ្វើខុសនឹងលក្ខន្តិកៈបក្សខ្លួន តែចង់មកជះកំហឹង និងកំហុស​លើអ្នកត្រួតពិនិត្យការអនុវត្តច្បាប់នគរទៅវិញ។ ឥឡូវនេះបង្ហាញកាន់តែច្បាស់ហើយថាមូលហេតុដែលរាជការក្រសួងមហាផ្ទៃ មិនទទួលស្គាល់ក្បាលម៉ាស៊ីនដឹកនាំលើកទី១ គឺព្រោះស្ថានភាព កូនកើតមុនឪ លក្ខន្តិកៈដែលធ្វើវិសោធនកម្មមិនទាន់ត្រូវបានទទួលស្គាល់ផង បែរជានាំគ្នាបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនថ្មីភ្លាមៗ។
លើកទី២ ទទួលស្គាល់ កឹម សុខា ជាមេបក្ស តែមិនទទួលស្គាល់មេបក្សរងទាំងបី ដោយសារតែបក្សព្រះអាទិត្យប្រព្រឹត្តកំហុសទី២ ជ្រើសរើសមេបក្ស និងមេបក្សរងសារជាថ្មី បន្ទាប់ពីរាជការក្រសួងមហាផ្ទៃផ្តល់សុពលភាពលក្ខន្តិកៈបក្ស អ្នកចេះដឹងម៉ាបក្សរកអ្នកផ្សំថ្នាំគ្មានធ្វើខុសជាន់លើខុស ជ្រើសរើសមេបក្សរងលើសពី ៣០ ថ្ងៃដែលច្បាប់កំពូលបក្សបានកំណត់។ ខុសទៀត!! ចុងក្រោយបានអង្វររាជការក្រសួងមហាផ្ទៃប្រាប់ ថាតើត្រូវធ្វើយ៉ាងម៉េចបានត្រឹមត្រូវ? អស់ទាស់ លក្ខន្តិកៈសរសេរខ្លួនឯង អនុវត្តមិនត្រូវដែរ!!
ពេលនេះបក្សព្រះអាទិត្យចាប់ផ្តើមទទួលស្គាល់ការពិតហើយ! ការពិតដែលថាខ្លួនពិតជាបានប្រព្រឹត្តកំហុសឆ្គងក្នុងការអនុវត្តតាមលក្ខន្តិកៈបក្សជាពិសេសប្រការ ៤៧ របស់ខ្លួនមែន តាមរយៈសំឡេងរបស់ប៉ុល ហំម មេបក្សរងម្នាក់ដែលមិនត្រូវបានក្រសួងមហាផ្ទៃមិនទទួលស្គាល់ បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា គណបក្សសង្គ្រោះជាតិ ទទួលស្គាល់ពីភាពចន្លោះប្រហោងនៃលក្ខន្តិកៈរបស់គណបក្សប្រឆាំងដែលតម្កល់នៅក្រសួងមហាផ្ទៃ។ គណបក្សនេះ នឹងធ្វើសមាជវិសាមញ្ញនៅសប្ដាហ៍ក្រោយ ដើម្បីកែសម្រួល និងបន្ថែមភាពចន្លោះប្រហោងនេះ។ បើតាម ប៉ុល ហំម គណបក្សសង្គ្រោះជាតិគ្រោងធ្វើសមាជជាថ្មីទៀតនៅថ្ងៃទី២៥ ខែមេសា ដើម្បីជ្រើសរើសអនុប្រធានគណបក្ស និងបន្ថែមមាត្រាខ្លះ ដើម្បីបំពេញភាពចន្លោះប្រហោងនៃលក្ខន្តិកៈរបស់គណបក្សតាមការចង់បានរបស់ក្រសួងមហាផ្ទៃ ព្រោះបក្សសង្គ្រោះជាតិមិនចង់មានភាពរកាំរកូសជាមួយក្រសួងមហាផ្ទៃ។
មានភាពរកាំរកូស? រាជការមហាផ្ទៃគ្មានហេតុផលអ្វីទៅមានភាពរកាំរកូសជាមួយនោះទេ! កុំចេះតែទាញចំណេញនយោបាយពេក! ធ្វើខុសខ្លួនឯង មើលមិនយល់លក្ខន្តិកៈខ្លួនឯង ខុសជាន់លើខុស បែរជានិយាយយកល្អតែឯង។ បើថាខិតខំប្រឹងអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងធ្វើត្រឹមត្រូវឱ្យបានតាមលក្ខន្តិកៈបក្សខ្លួនដែលសរសេរទៅ វាល្អជាង រាស្ត្រមួយនគរគ្មានថាស្អីទេ។ តែសង្ស័យថាអនុវត្តលក្ខន្តិកៈបក្សខុស ក្រែងលោបរទេសនៅពីក្រោយខ្នងជាអ្នកសរសេរឱ្យទេដឹង? បានជាមើលមិនយល់ អនុវត្តមិនត្រូវ ឬអ្នកសរសេរនៅស្ទើរភ្លើង? យល់មិនសព្វន័យ ចេះតែសរសេរឱ្យតែពីរោះស្តាប់។ រាស្ត្រគ្រាន់តែផ្តាំទៅបក្សព្រះអាទិត្យថា បើមិនខ្មេះទេ កុំព្យាយាមសរសេរលក្ខន្តិកៈស្មុកស្មាញពេក សរសេរសាមញ្ញៗ អនុវត្តងាយស្រួលធ្វើត្រឹមត្រូវតាមច្បាប់ ផ្លូវរស់មានច្រើនណាស់ សំខាន់លើអ្នកជ្រើសរើសទេតើ!! ចាំមើលៗ! ថាតើនៅថ្ងៃទី ២៥ ខែមេសា ខាងមុខនេះ បក្សព្រះអាទិត្យឆា ឬស្ងោរ អាំង លក្ខន្តិកៈបក្សរបស់ខ្លួនជាពិសេសកែប្រែប្រការ ៤៧ នេះយ៉ាងម៉េចទៀតដើម្បីឱ្យត្រឹមត្រូវ។
ចាំមើល! ទាំងអស់គ្នា! ម៉េចៗ កុំឱ្យខុសដល់ទៅបីដង បើខុសបីដង គេមិនហៅថាកំហុសអចេតនាទេ គឺល្ងិតល្ងង់តែម្តង!! បើគ្រាន់តែលក្ខន្តិកៈបក្សខ្លួនអនុវត្តមិនត្រង់ផ្លូវផង កោតស្រម៉ៃខ្ពស់ចង់ដណ្តើមតំណែងព្រះឥន្ទ្រគ្រប់គ្រងនគរផង!! មានតែជប់ឱ្យក្លាយជាអ្នកសុំទានវិញ!

ដោយ៖ ចៅ ចាក់ស្មុក



ការរៀប​​ចំច្បាប់​​សម្រាប់​​សម្ភារ:​បរិក្ខា​ពេទ្យ​ជា​ការចាំ​បាច់​សម្រាប់​​ការគ្រប់​គ្រង​វិស័យ​សុខា​​ភិបាលនៅ​ក្នុងបណ្តា​​ប្រទេស​​អាស៊ាន


នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ កិច្ចប្រជុំគណ:កម្មការសម្ភារ:បរិក្ខាពេទ្យអាស៊ាន បានប្រារព្ធពិធីបើកក្រោមអធិបតីភាពលោកស្រី ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល ដោយមានការអញ្ជើញចូលរួមពីប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ប្រធាននិងមន្ត្រីនាយកដ្ឋាន ឱសថ ចំណីអាហារ គ្រឿងសម្អាង និងបរិក្ខារពេទ្យ និងបណ្តាប្រទេសជាសមាជិកអាស៊ាន ព្រមទាំងលេខាធិការដ្ឋានអាស៊ាន សរុបចំនួនប្រហែល៥០នាក់។
លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ថា ការរៀបចំច្បាប់សម្រាប់សម្ភារ:បរិក្ខាពេទ្យជាការចាំបាច់សម្រាប់ការគ្រប់គ្រងនៃវិស័យសុខាភិបាលនៅក្នុងបណ្តាប្រទេសអាស៊ាន ហើយយើងនឹងបន្តពង្រឹងការងារនេះនៅក្នុងបរបទសមាណហរកម្មសេដ្ឋកិច្ចអាស៊ាន និងការត្រួតពិនិត្យតាមដានគុណភាពសម្ភារ:បរិក្ខាពេទ្យ ដើម្បីចៀសវាងហានិភ័យនិងគ្រោះថ្នាក់ដល់សុខភាពប្រជាជននៅពេលប្រើប្រាស់ក្នុងវិស័យសុខាភិបាល ក៏ដូចជាពេលផលិតនៅតាមរោងចក្រសហគ្រាស។ មានការកត់សម្គាល់នូវបញ្ហាមួយចំនួនដែលជួបប្រទះនោះ គឺការដាក់ច្បាប់ឆ្លងជាផ្លូវការអាចទាមទារពេលវេលាយូរ កង្វះធនធានមនុស្សនិងសមត្ថភាពក្នុងការធ្វើអធិការកិច្ចនិងការគោរពច្បាប់ដែលត្រូវចូលរួមដោះស្រាយ និងកង្វះខាតការចូលរួមការប្រើប្រាស់ព័ត៌មានបានមកពីការធ្វើអធិការកិច្ចក្រោយដាក់លក់លើទីផ្សារ (post-marketing) ដែលត្រូវជំរុញបន្ថែម គឺជាចំណុចសំខាន់ៗដែលលោកស្រីបានលើកជូនអង្គប្រជុំចូលរួមពិភាគ្សា លើកជាដំណោះស្រាយរួមគ្នាក្នុងក្របខណ្ឌអាស៊ានផងដែរ៕


សាលាខេត្តកណ្ដាល បើកកិច្ចប្រជុំត្រៀមរៀបចំ​ មិទ្ទិញអបអរសាទរ​ខួបលើកទី១៥៤​ ទិវាពិភពលោក​កាកបាទក្រហម​ អឌ្ឍចន្ទក្រហម​

នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តកណ្ដាល អគារ(C) មានបើកកិច្ចប្រជុំត្រៀមរៀបចំ មិទ្ទិញអបអរសាទរខួបលើកទី១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ០៨ ឧសភា (១៨៦៣-២០១៧) ។
ពិធីនេះ ត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាពលោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីលោក នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោក លោកស្រី ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងលោកឧត្ដមសេនីយ៍ត្រី ចាន់ សាវឿន ស្នងការរងទទួលផែនភស្ដុភារហិរញ្ញវត្ថុ តំណាងលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល ព្រមទាំង លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព ចំណុះសាលាខេត្តកណ្តាល ៕


តំណាងរាស្រ្ត និងថ្នាក់ដឹកនាំខេត្តកំពតចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ២០០គ្រួសារនៅស្រុកជុំគិរី

នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ លោក នឹម ច័ន្ទតារា តំណាងរាស្ត្រមណ្ឌលកំពត និងលោក ចាន់ ចេស្តា អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ ប្រមាណជាង ២០០គ្រួសារស្ថិតនៅភូមិដំណាក់ឈើក្រំ ឃុំស្នាយអញ្ជិត ស្រុកជុំគិរី ខេត្តកំពត។

ជាមួយនេះ ថ្នាក់ដឹកនាំទាំងពីររូបក៏បានមានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋថា ក្នុងនាមជាពុទ្ធបរិស័ទកំពុងគោរព ប្រណិប័តន៍តាមគន្លងសាសនាដ៏ល្អផូរផង់ យើងត្រូវទទួលស្គាល់ពីអ្វីដែលបានកើតឡើងនៅចំពោះមុខពិតប្រាកដ។ បច្ចុប្បន្ន ថ្នាក់ដឹកនាំកំពូលរបស់យើងគឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំទាំងអស់ក្នុងជួររាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងបង្កើតសមិទ្ធផល និងកសាងហេដ្ឋារចនាសម្ព័ន្ធអោយមានការអភិឌ្ឍរីកចំរើនគ្រប់វិស័យ ជាបន្តបន្ទាប់ ដោយមិនអួតអាង ភូតភរកុហកបោកប្រាស់ និងសន្យាខ្យល់ដើម្បីតែអំណាចដូចក្រុមអគតិមួយចំនួននោះឡើយ ៕



លោក អ៊ី ឈាន ផ្តល់បទពិសោធន៍ដល់សិស្សនាយនគរបាល នាយនគរបាលរង ក្នុងវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល លើកទី១ នាសាលានគរបាលជាតិភូមិភាគ៥ ខេត្តបាត់ដំបង

នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាលជាតិភូមិភាគ៥ ខេត្តបាត់ដំបង លោក អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ បានធ្វើបាឋកថា ផ្តល់បទពិសោធន៍ ដល់សិស្សនាយនគរបាល នាយនគរបាលរង ក្នុងវគ្គបណ្តុះបណ្តាលកម្រិត បឋមវិជ្ជាជីវៈនគរបាល លើកទី១ ចំនួន ២៧០នាក់។
ថ្លែងក្នុងឱកាសនោះ លោក អ៊ី ឈាន បានកោតសរសើរដល់គណៈគ្រប់គ្រងសាលាវឹកវើននគរបាល លោកគ្រូ អ្នកគ្រូ ដែលបានបណ្តុះបណ្តាលដល់សិក្ខាកាមកម្មសិក្សាកំរិតបឋមនគរបាលនាពេលនេះ គឺបានឆ្លើយតប គោលនយោបាយកំណែទម្រង់ កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានោះដែរ លោកបានបន្តបាឋកថា ផ្តល់ជាបទពិសោធន៍ដល់សិស្សនាយនគរបាល នាយនគរបាលរង ទាំងអស់ដោយលោក បានគូសបញ្ជាក់យ៉ាងដូច្នេះថា ក្មួយៗសិក្ខាកាមទាំងអស់ពីមុន ជាជនស៊ីវិលបាន ក្លាយមកជាមន្រ្តីនគរបាល ដែលមានលក្ខណៈសម្បត្តិសាកសម ជាមន្រ្តីនគរបាលជាតិប្រកបដោយ ចំណេះដឹងវិជ្ជាជីវៈ ដូច្នេះសូមក្មួយៗទាំងអស់ ត្រូវយកចំណេះជំនាញនៅពេលនេះ ទៅប្រើប្រាស់ឱ្យ
មានប្រយោជន៍ ដល់អង្គភាពការងារ និងមនុស្សទូទៅក្នុងសង្គម ដោយគោរពក្រមសីលធម៌វិជ្ជាជីវៈ គោរពតួនាទី ភារកិច្ច កាតព្វកិច្ចរបស់កងនគរបាល និងមានស្មារតីទទួលខុសត្រូវខ្ពស់លើការងារ គោរពប្រតិបត្តិច្បាប់ គោរពវិន័យ និងសិទ្ធិមនុស្ស មានអាកប្បកិរិយាល្អក្នុងការងារ ធ្វើជាអ្នកផ្តល់សេវា សាធារណៈដ៏ស្មោះត្រង់ជូនប្រជាពលរដ្ឋ និងចូលរួមថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម ធានាបាន នូវសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ប្រកបដោយចិរភាពជូនប្រជាជន និងសង្គមជាតិរបស់យើង។

ទន្ទឹមនឹងនោះក្នុងការអនុវត្តតួនាទី ភារកិច្ច សូមក្មួយៗត្រូវមានអំណត់អត់ធ្មត់ខ្ពស់ តស៊ូ ព្យាយាម មានសាមគ្គីភាពផ្ទៃក្នុងល្អក្នុងអង្គភាព មានភាពស្មោះត្រង់ គោរពបទបញ្ជាដោយការទទួលខុសត្រូវ ដើម្បីប្រែក្លាយខ្លួនទៅជាអ្នកបន្តវេនប្រកបដោយក្រមសីលធម៌ បទពិសោធន៍ និងចំណេះដឹងវិជ្ជាជីវៈ ផងដែរ៕



នគរ​បាលខេត្តស្វាយរៀង បាន​បើក​កិច្ច​ប្រជុំបូក​សរុបស​ភាពការ​ណ៍​ កិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សង្គមប្រចាំ​ខែ​មេសា

ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នគរ​បាលខេត្តស្វាយរៀង បាន​បើក​កិច្ច​ប្រជុំបូក​សរុបស​ភាពការ​ណ៍​ កិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សង្គមប្រចាំ​ខែ​មេសា និងបូក​សរុបលទ្ធ​ផល​អនុវត្ត​សេចក្តីណែនាំលេខ ០០៣ សណន ស្តីពីការ​ពង្រឹង​បន្ថែម​ប្រសិទ្ធភាព​ការងារកិច្ចការ​ប៉ុស្តិ៍​នគរ​បាលរដ្ឋបាល​ប្រចាំ​ខែមេសា និងទិសដៅការងារ​ខែ​ឧសភា ឆ្នាំ២០១៧ ក្រោម​អធិបតីភាព លោកឧត្តម​សេនីយ៍ទោ កឹង ឃន ស្នង​ការនគរបាលខេត្ត ដោយមាន​ការ​អញ្ជើញ​ចូល​រួម​ពីលោក លោក​​​​​ស្រី ឧត្តមសេ​នីយ៍ វរសេ​នី​យ៍ ជាស្នងការរង លោកអនុ​ប្រធានសេនាធិការ លោក​អនុ​ប្រធាន​ការិយាល័យ​កណ្តាល លោកនាយ នាយរង​ការិយាល័យ លោក​អធិការ អធិការ​រងក្រុង ស្រុក លោកមេបញ្ជាការវរន​គរបាលការពារ​ព្រំដែន​​ទាំងពីរ និងលោក លោកស្រីនាយ​ប៉ុស្តិ៍​នគរ​​បាលរដ្ឋបាល សរុប​វត្តមាន ១៤១ នាក់ ស្រី ០៤ នាក់​នៅសាលប្រជុំ​ស្នងការ​នគរ​បាលខេត្តស្វាយរៀង ។






ក្រសួង​កសិកម្ម​គ្រោង​ធ្វើ​វិសោធន​កម្មច្បាប់​ចំនួន​​បីនៅ​ក្នុងច្បាប់ជល​ផលឆ្នាំ២០០៦​

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានមានប្រសាសន៍ថា ក្រសួងគ្រោងធ្វើវិសោធនកម្មច្បាប់ចំនួនបីមាត្រា នៅក្នុងច្បាប់ជលផលឆ្នាំ២០០៦ ដើម្បីចូលរួមការពារធនធានមច្ឆាជាតិរបស់កម្ពុជាឲ្យកាន់បានគង់វង្ស។

លោក វេង សាខុន បានបញ្ជាក់ថា មាត្រាដែលនឹងធ្វើវិសោធនកម្មនេះគឺពាក់ព័ន្ធនឹងការបង្រួមនូវការប្រើប្រាស់ឧបករណ៍នេសាទរបស់ប្រជានេសាទឲ្យមកនូវតូច ជៀសវាងការប៉ះពាល់ដល់ធនធានមច្ឆាជាតិនៅក្នុងបឹងទន្លេសាប។
សូមជម្រាបផងដែរថា ក្រោយកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ នាទីស្តីការក្រសួងមហាផ្ទៃ លោក វេង សាខុន បានឱ្យដឹងថា ក្រោយធ្វើវិសោធនកម្មនេះរួចការទប់ស្កាត់ឧបករណ៍នេសាទ ខុសច្បាប់នឹងមានប្រសិទ្ធិភាព ហើយធនធានត្រីនឹងមានការកើនឡើង។
លោក បន្តថា មាត្រាដែលនឹងធ្វើវិសោធនកម្មរួមមាន៖ មាត្រា៤១,៤២ និង៤៣ ហើយគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹង ទន្លេសាបនឹងធ្វើការជជែកពិភាក្សាគ្នានៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ មុនដាក់ឆ្លងទៅ គណៈរដ្ឋមន្រ្តីធ្វើការពិនិត្យ និងពិភាក្សា ហើយបញ្ជូនទៅរដ្ឋសភាធ្វើការពិភាក្សា និងអនុម័ត។
គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ គណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប បានធ្វើការ បង្រ្កាបបទល្មើសនេសាទបានចំនួន៧៣០លើក និងបញ្ជូនសំណុំរឿងទៅតុលាការចំនួន១៩ករណី៕


អគ្គិសនីជាតិតង់ស្យុងខ្ពស់ ១១៥ គីឡូវ៉ុលថ្មី ភ្ជាប់ពីភ្នំពេញជូនពលរដ្ឋរាប់សែននាក់ក្នុងខេត្តបី

នៅព្រឹកថ្ងៃទី ១៩ មេសា ឆ្នាំ២០១៧នេះ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និង លោក Xiong Bo ឯកអគ្គរដ្ឋទូតចិន បានធ្វើជាអធិបតីក្នុងកម្មវិធី ខ្សែបញ្ជូនអគ្គិសនីជាតិតង់ស្យុងខ្ពស់ ១១៥ គីឡូវ៉ុលថ្មី ភ្ជាប់ពីភ្នំពេញទៅខេត្តកណ្តាល ព្រៃវែង និងស្វាយរៀងត្រូវបានសម្ពោធដាក់ឲ្យដំណើការផ្លូវការ ដោយខ្សែនេះ នឹងពង្រីកវិសាលភាពការផ្គត់ផ្គង និងបន្ថយថ្លៃអគ្គិសនីជូនពលរដ្ឋរាប់សែននាក់ក្នុងខេត្តទាំងបី។ រោងចក្រ និងសហគ្រាសដែលពីមុនខ្វះអគ្គិសនី នឹងមិនមានបញ្ហាបែបនេះតទៅទៀតទេ ។ ខ្សែនេះក៏កាត់បន្ថយការនាំចូលថាមពលពីវៀតណាមជាអតិបរមាផងដែរ ។

នេះជាជោគជ័យថ្មីមួយទៀត របស់វិស្វករអគ្គិសនីខ្មែរយើង ដែលបានសហការ យ៉ាងជោគជ័យជាមួយអ្នកជំនាញមកពីប្រទេសចិន៕






សល់រយៈពេលតែ៤៧ថ្ងៃទៀតប៉ុណ្ណោះ ​ការបោះឆ្នោត​ជ្រើសរើស​ ក្រុមប្រឹក្សា​ឃុំសង្កាត់​ អាណត្តិទី៤ ​ឆ្នាំ២០១៧​ នឹងចូលមកដល់​

សល់រយៈពេលតែ៤៧ថ្ងៃទៀតប៉ុណ្ណោះ គិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា​ឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នឹងចូលមកដល់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។
តើត្រូវមានឯកសារអ្វីខ្លះ និងត្រូវធ្វើអ្វីខ្លះ ដើម្បីបោះឆ្នោតបាន ? ខាងក្រោមនេះ ជាគោលការណ៍អប់រំណែនាំ៩ចំណុច ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ យល់ដឹងអំពីការបោះ​ឆ្នោតជ្រើស​រើស ក្រុមប្រឹក្សាឃុំ-សង្កាត់៖ ១- ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់ អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។២- យើងត្រូវដឹងឲ្យបានច្បាស់ អំពីលេខរៀង ឈ្មោះរបស់យើង លេខកូដ និងទីតាំងការរិយាល័យបោះឆ្នោត ដែលមានបញ្ជាក់ក្នុងបង្កាន់ដៃបញ្ជាក់ការ ចុះឈ្មោះបោះឆ្នោត និងក្នុងបញ្ជីបោះឆ្នោត ដែលបានផ្សាយ ឬក្នុងប័ណ្ណព័ត៌មានអ្នកបោះឆ្នោត។ ៣- យើងត្រូវត្រៀមពេលវេលា និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត សម្រាប់​ប្រើនៅថ្ងៃបោះឆ្នោត។ ៤- យើងបោះឆ្នោត ជូនគណបក្សនយោលបាយណាមួយ ដែលយើងពេញចិត្ត ដោយគ្មានការគំរាមកំហែង ការបំភិតបំភ័យ ឬការ​បង្ខិតបង្ខំណាមួយ មកលើយើងបានឡើយ។ ៥- យើងគូសសន្លឹកឆ្នោត ក្នុងបន្ទប់សម្ងាត់តែម្នាកឯង ដោយគ្មានអ្នកណាម្នាក់ អាចដឹងថា យើងបោះឆ្នោតជូនគណបក្សនយោ​បាយណាមួយឡើយ។ ៦- អ្នកបោះឆ្នោតម្នាក់ៗ មានសិទ្ធិបោះឆ្នោតតែមួយសន្លឹក និងតែម្ដងគត់ ដោយត្រូវទៅបោះឆ្នោតដោយខ្លួនឯងផ្ទាល់ នៅការិយា​ល័យបោះឆ្នោត ដែលមានឈ្មោះរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោត និងយកទៅជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារ​បញ្ជាក់អត្តសញ្ញាណ ប្រើឲ្យការបោះឆ្នោត។ ៧- ប្រជាពលរដ្ឋខ្មែរដែលបានចុះឈ្មោះ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយ ប៉ុន្ដែពុំបានទៅបោះឆ្នោត គឺធ្វើឲ្យបាត់សិទ្ធិ​របស់ខ្លួនឯង ក្នុងការចូលរួមអភិវឌ្ឍឃុំ-សង្កាត់ និងសង្គមជាតិ។ ៨- ដើម្បីមានក្រុមប្រឹក្សាឃុំ សង្កាត់មានសមត្ថភាព និងឈ្លាសវៃ យើងត្រូវចូលរួមបោះឆ្នោតទាំងអស់គ្នា តាមលទ្ធិប្រជា​​ធិបតេ​យ្យ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើរភាព ដោយចំពោះ និងដោយសម្ងាត់។ និង៩- ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងអភិវឌ្ឍទៅបាន គឺអាស្រ័យលើក្រុមប្រឹក្សាឃុំ សង្កាត់មានសមត្ថភាព និងឈ្លាសវៃ។
សូមជម្រាបថា នៅរាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា មានឃុំ-សង្កាត់ចំនួន១៦៤៦ ដែលក្នុងនោះរួមមាន៖
១- ខេត្ត​បន្ទាយ​មានជ័យ មានចំនួន ៦៥
២- ខេត្ត​បាត់ដំបង មានចំនួន ១០២
៣៖ ខេត្តកំពង់ចាម​ មានចំនួន ១០៩
៤៖ ខេត្តកំពងឆ្នាំង មានចំនួន ៧០
៥៖ ខេត្តកំពង់ស្ពឺ​ មានចំនួន ៨៧
៦៖ ខេត្ត​កំពង់ធំ មានចំនួន ៨១
៧៖ ខេត្ត​កំពត មានចំនួន ៩៣
៨៖ ខេត្តកណ្ដាល មានចំនួន ១២៧
៩៖ ខេត្តកោះកុង មានចំនួន ២៩
១០៖ ខេត្តក្រចេះ មានចំនួន ៤៧
១១៖ ខេត្តមណ្ឌលគិរី មានចំនួន ២១
១២៖ រាជធានីភ្នំពេញ មានចំនួន ១០៥
១៣៖ ខេត្ត​ព្រះវិហារ មានចំនួន ៥១
១៤៖ ខេត្តព្រៃវែង មានចំនួន ១១៦
១៥៖ ខេត្តពោធិ៍សាត់ មានចំនួន ៤៩
១៦៖ ខេត្តរតនគិរី មានចំនួន ៥០
១៧៖ ខេត្តសៀមរាប មានចំនួន ១០០
១៨៖ ខេត្តព្រះសីហនុ មានចំនួន ២៩
១៩៖ ខេត្តស្ទឹងត្រែង មានចំនួន ៣៤
២០៖ ខេត្តស្វាយរៀង មានចំនួន ៨០
២១៖ ខេត្តតាកែវ មានចំនួន ១០០
២២៖ ខេត្តកែប មានចំនួន ៥
២៣៖ ខេត្តប៉ៃលិន មានចំនួន ៨
២៤៖ ខេត្តឧត្តមានជ័យ មានចំនួន ២៤
២៥៖ ខេត្តត្បូងឃ្មុំ មានចំនួន ៦៤

គួររំលឹកផងដែរថា គណបក្សនយោបាយចំនួន១២ បានចុះឈ្មោះបេក្ខជនចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង​៧៖០០​នាទីព្រឹក ដល់ម៉ោង៣៖០០នាទីរសៀល។ សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុង​បញ្ជីឈ្មោះបោះឆ្នោត​ សូមអញ្ជើញ​ទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ឲ្យបានគ្រប់ៗគ្នា៕




ហេតុអ្វីបញ្ហាសមុទ្រចិនខាងត្បូងនៅតែមិនស្ងប់ស្ងាត់?

ជម្លោះទឹកដីនៅសមុទ្រចិនខាងត្បូងនៅក្នុងចំណោមប្រទេសជាច្រើនកំពុងបន្តអស់រយៈ ពេលជាច្រើនទសវត្សរ៍ ប៉ុន្តែ ភាពតានតឹងបាន និងកំពុងកើនឡើងនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
បញ្ហាជាច្រើនទាំងអស់នេះបានបង្កឡើងដោយអ្វីដែលគេយល់ឃើញថាជាការក្រអឺតក្រទោមកាន់តែខ្លាំងរបស់ចិននៅក្នុងការទាមទារទឹកដីរបស់ខ្លួន ដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ ២០០៩ ដោយការបង្ហាញផែនទីរបស់ខ្លួនដល់អង្គការសហប្រជាជាតិ។ ផែនទីនេះបានបង្ហាញអំពីការទាម​ទាររបស់ខ្លួនសឹងតែទាំងអស់នៅសមុទ្រចិនខាងត្បូង ដែលតំណាងដោយខ្សែបន្ទាត់រាងអក្សរអ៊ុយ ដែលមានប្រាំបួនចំណុច។
បញ្ហានេះធ្វើឲ្យចិនមានជម្លោះប្រទាញប្រទង់គ្នាយ៉ាងច្បាស់ជាមួយបណ្តាប្រទេសផ្សេងទៀតដែលទាមទារទឹកដីនៅសមុទ្រចិនខាងត្បូងដែរ រួមមាន តៃវ៉ាន់ និងរដ្ឋជាសមាជិកអាស៊ាន ដូចជា ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន និង វៀតណាម។
គេនៅមិនទាន់ដឹងច្បាស់ថាតើចិនគ្រាន់តែទាមទារយកផ្ទាំងថ្ម ថ្មប៉ប្រះទឹក និងកូនកោះ ព្រមទាំងតំបន់សេដ្ឋកិច្ចផ្តាច់មុខដែលមានចម្ងាយ ២០០ មៃយ៍ ឬតំបន់ទាំងមូលនៅក្នុងខ្សែបន្ទាត់ ដែលមានរាងអក្សរអ៊ុយ។ តំបន់សេដ្ឋកិច្ចផ្តាច់មុខគឺជាទំហំផ្ទៃទឹក និងបាតសមុទ្រនៅក្នុងចម្ងាយ ២០០ មៃយ៍នៃឆ្នេរសមុទ្ររបស់ប្រទេសមួយ ដែលប្រទេសនោះអាចទាមទារសិទ្ធិផ្តាច់មុខសំរាប់ ការនេសាទ និងសំរាប់សកម្មភាពសេដ្ឋកិច្ចផ្សេងទៀត។
ការទាមទាររបស់តៃវ៉ាន់គឺស្រដៀងគ្នាជាមួយការទាមទាររបស់ចិន ព្រោះការទាមទារនោះ គឺផ្អែកលើផែនទីផ្លូវការឆ្នាំ ១៩៤៧ ដូចគ្នា។ ក៏ប៉ុន្តែ ការទាមទាររបស់ខ្លួនគឺសំដៅលើសណ្ឋានដី នៅក្នុងខ្សែបន្ទាត់ដែលមានរាងអក្សអ៊ុយ រួមមានប្រជុំកោះ Spratly ប្រជុំកោះ Paracel ប្រជុំកោះ Pratas ច្រាំងសមុទ្រ Macclesfield និងតំបន់ទឹករាក់ Scarborough Shoal ។
ប្រ៊ុយណេ និងម៉ាឡេស៊ីទាមទារផ្នែកមួយចំនួននៃប្រជុំកោះ Spratly ដែលត្រួតស៊ីគ្នាជាមួយ ការទាមទាររបស់ចិន តៃវ៉ាន់ និងហ្វីលីពីន។
វៀតណាមទាមទារយកកូនកោះទាំងអស់នៅប្រជុំកោះ Spratly និង នៅប្រជុំកោះ Paracel ចំណែកឯហ្វីលីពីនទាមទារយកប្រជុំកោះ Spratly និងតំបន់ទឹករាក់ Scarborough Shoal សឹងតែទាំងអស់ ។
ប្រទេសភាគច្រើនដែលទាមទារទឹកដីកំពុងកាន់កាប់ថ្មប៉ប្រះទឹក និងកោះមួយចំនួន ដែល ខ្លួនទាមទារ ដោយប្រទេសខ្លះមានបន្ទាយយោធានៅលើសណ្ឋានដីទាំងនោះ។
ថ្វីត្បិតថាឥណ្ឌូណេស៊ីមិនមានការទាមទារអ្វីនៅក្នុងតំបន់ដែលមានជម្លោះទាំងនេះក្តី តែការ​ទាមទាររបស់ចិនដែលផ្អែកលើខ្សែបន្ទាត់ដែលមានប្រាំបួនចំណុចរបស់ខ្លួនត្រួតស៊ីគ្នា ជាមួយតំបន់សេដ្ឋកិច្ចផ្តាច់មុខនៃប្រជុំកោះ Natunas Islands របស់ឥណ្ឌូណេស៊ី។
ចិនបានចាប់ផ្តើមការងារសាងសង់នៅលើសណ្ឋានដីមួយចំនួននៅប្រជុំកោះ  Spratly ដូច ដែលគេមើលឃើញនៅក្នុងរូបភាពផ្កាយរណបនៅលើថ្មប៉ប្រះទឹក Fiery Cross Reef និងថ្មប៉ប្រះទឹក Mischief Reef ។
ហេតុអ្វីប្រទេសទាំងនេះឈ្លោះគ្នាដណ្តើមយកផ្ទាំងថ្ម ថ្មប៉ប្រះទឹក និងកូនកោះដ៏សោះក្រោះទាំងនេះ ដែលគ្មានមនុស្សរស់នៅ?
ដែនទឹកនៅជុំវិញប្រជុំកោះទាំងនេះគឺសំបូរទៅដោយត្រី និងសត្វសមុទ្រជាច្រើន និង ផ្តល់ មុខរបបចិញ្ចឹមជីវិតដល់ប្រជានេសាទរបស់ប្រទេសទាំងនេះ។ ការទាមទារយកកោះទាំងនេះគឺ ជាការទាមទារយកតំបន់នេសាទនៅជុំវិញកោះទាំងនេះ។
ជាមួយគ្នានេះ ក៏មានកំណប់ប្រេង និងឧស្ម័ននៅក្រោមបាតសមុទ្រនៃតំបន់មានជម្លោះ ទាំងនេះផងដែរ ទោះបីជាធនធានទាំងនេះមិនមានច្រើននៅប្រជុំកោះ Spratly និងប្រជុំកោះ Paracel ក៏ដោយ នេះយោងតាមរដ្ឋបាលព័ត៌មានឋាមពលរបស់សហរដ្ឋអាមេរិក (US Energy Information Administration -EIA)។ ការវិភាគរបស់រដ្ឋបាល EIA បានបង្ហាញថា ទីតាំងភាគច្រើន ដែលមានប្រេង និងឧស្ម័នធម្មជាតិស្ថិតនៅក្នុងតំបន់ប្រទាញប្រទង់គ្នានៅសមុទ្រចិនខាងត្បូង គឺនៅគៀកនឹងព្រំប្រទល់នៃប្រទេសដែលនៅជាប់សមុទ្រ។
យោងតាមរដ្ឋបាល EIA សរុបទាំងអស់ សមុទ្រចិនខាងត្បូងមានប្រេងប្រមាណ ១១ ពាន់ លានធុង និងឧស្ម័នធម្មជាតិប្រមាណ ១៩០ ទ្រីលានហ្វូតគីប (190 trillion cubic feet) ដែលបរិមាណនេះសឹងតែស្មើនឹងប្រេងបំរុងទាំងអស់របស់ប្រទេសម៉ិចស៊ិចកូ។
តើសមុទ្រចិនខាងត្បូងមានសារៈសំខាន់អ្វីទៀត?
សមុទ្រចិនខាងត្បូងគឺជាផ្លូវទឹកដ៏មមាញឹកជាងគេមួយនៅលើពិភពលោក ដែលពាណិជ្ជកម្មពិភពលោកឆ្លងកាត់ជារៀងរាល់ឆ្នាំ ដោយមានទឹកប្រាក់ជាង ៥ ទ្រីលានដុល្លារសហរដ្ឋអាមេរិក ឬស្មើនឹងមួយភាគបីនៃពាណិជ្ជកម្មនៅលើពិភពលោក។ ការដឹកជញ្ជូនប្រេងជាច្រើនទៅកាន់ ប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូងក៏ឆ្លងកាត់ផ្លូវទឹកនេះផងដែរ។  ចំពោះប្រទេសទាំងនេះ ការរក្សាផ្លូវសមុទ្រនេះឲ្យនៅបើកចំហរ និងរួចផុតពីការរាំងខ្ទប់ណាមួយគឺមានសារៈសំខាន់បំផុត។
ចិនមានការព្រួយបារម្ភជាពិសេសអំពីការបិទច្រកផ្លូវនេះ ព្រោះមានសម្ព័ន្ធមិត្តរបស់អាមេរិកនៅភាគខាងកើតរបស់ខ្លួន ដូចជា ជប៉ុន កូរ៉េខាងត្បូង និងហ្វីលីពីន ហើយ កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកមានឧត្តមភាពជាយូរមកហើយនៅលើដែនទឹកនៅក្នុងតំបន់នេះ៕


ចិនផ្តល់សាកលវិទ្យាល័យឲ្យប្រជាពលរដ្ឋនៅតំបន់ភាគឦសាន្ត ដើម្បីបណ្តុះបណ្តាលជំនាញកសិកម្ម

រដ្ឋាភិបាលប្រទេសចិនបានជួយសាងសង់សាកលវិទ្យាល័យដែលទទួលសិស្ស និស្សិតចំនួន៦០០នាក់ក្នុង១ឆ្នាំៗដើម្បីអភិវឌ្ឍធនធានមនុស្សលើជំនាញកសិកម្ម។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច មានប្រសាសន៍ថា សាកលវិទ្យាល័យនេះ នឹងបើកឲ្យមានការបណ្តុះបណ្តាលលើជំនាញកសិកម្ម ដូចជា៖ ការដាំដុះ បសុសត្វ ការកែច្នៃផលិតផលកសិកម្ម វារីវប្បកម្ម កសិឧស្សាហកម្ម ចាប់ពីកម្រិតជំនាញថ្នាក់ឯកទេស បរិញ្ញាបត្ររង បរិញ្ញាបត្រ និងគ្រោងពង្រីកដល់ថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅពេលអនាគត។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខាប្រគល់ និងទទួលសាកលវិទ្យាល័យក្រចេះ កាលនៅថ្ងៃទី១៨ ខែមេសា លោក អូន ព័ន្ធមុនីរ័ត្នបានបញ្ជាក់ថា ការកកើតនៅសាកលវិទ្យាល័យនេះ គឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលកំណត់ឲ្យខេត្តមួយ មានសាកលវិទ្យាល័យរដ្ឋមួយដើម្បីធានាដល់ការអភិវឌ្ឍធនធានមនុស្ស និងដើម្បីលើកកម្ពស់ជីវភាពប្រជាជនឲ្យមានចំណូលកម្រិតមធ្យមនៅឆ្នាំ២០៣០។
លោក ងីឡាយ មិថុនា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យក្រចេះ បានឲ្យដឹងថា បន្ទាប់ពី បានទទួលសិទ្ធិគ្រប់ហើយ ខាងសាកលវិទ្យាល័យនឹងសុំគោលការទៅក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធ្វើការជ្រើសរើសគ្រូយកមកបណ្តុះបណ្តាលសិស្សជំនាញជាដំណាក់ រហូតដល់ចំនួន៥០នាក់ បន្ទាប់ពីដំណើរបានរយៈពេល៥ឆ្នាំ។
លោកបានឲ្យដឹងទៀតថា សាកលវិទ្យាល័យនេះ អាចទទួលសិស្ស និស្សិតឲ្យចូលរៀនបានចំនួន៦០០នាក់ ក្នុង១ឆ្នាំៗ ពីខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។

លោក ស្យុង ប៉ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលប្រទេសចិន ផ្តល់ជំនួយឥតសំណងចំនួន១០លានដុល្លារ ដើម្បីសាងសង់សាកលវិទ្យាល័យនេះ ដែលឆ្លើយ តបទៅនឹងសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់គម្រោងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ សូមជម្រាបផងដែរថា សាកលវិទ្យាល័យនេះ មានទីតាំងនៅក្រុងក្រចេះ ដែលសាងសង់អស់ថវិកាសរុប១២លានដុល្លារអាម៉េរិក នៅលើផ្ទៃដីមានទំហំ៩៩ហិកតា ដោយមានអគារសិក្សា ការិយាល័យស្រាវជ្រាវ បន្ទប់ពិសោធន៍ សួនដាំដុះដំណាំ ជាដើម៕



​​​​​​​​​​​​​​​​​​​ហេតុ​អ្វី​​បាន​ជា​ការ​បោះ​ឆ្នោត​ប្រ​ធា​នា​ធិប​តី​បារាំង​ ធ្វើ​ឱ្យ​មាន​បញ្ហា​ដល់​ដល់​ចក្រ​ភពអង់​គ្លេស?

​ជា​និច្ច​កាល​​គឺ​​មាន​​សារៈ​សំខាន់​​យ៉ាង​ខ្លាំង​សម្រាប់​ប្រ​ទេស​​អង់​គ្លេស​​ ចាប់​តាំង​ពី​​ប្រ​ទេស​បារាំងមាន​ឥទ្ធិ​ពលពាក់​កណ្តាល​រវាង​​​បារាំង និង​អាល្លឺ​ម៉ង់​ ដែល​ជា​និច្ច​កាល​បាន​ក្លាយ​ជា​កក្តា​កំណត់​​ទិស​ដៅ​របស់​សហភាព​អឺ​រ៉ុប។
បារាំង​ រួម​ជា​មួយ​នឹង​អង់​គ្លេស គឺ​ជា​ប្រ​ទេស​នៅ​ក្នុង​សហ​ភាព​អឺរ៉ុប​តែ​មួយ​គត់ ​ដែល​មាន​សមត្ថ​ភាព​បង្កើត​អំណាច​យោ​ធា​ដោយ​ឯក​រាជ្យ និង​​ជា​សមាជិក​អចិន្រ្តៃ​យ៍របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ ធ្វើ​ការ​រួម​ដៃ​គ្នា​ជា​មួយ​នឹង​ចក្រ​ភព​អង់​គ្លេស​ក្នុង​ការ​បង្កើត​សេចក្តី​សម្រេច​របស់​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ ដែល​ធ្វើ​ឱ្យ​មាន​ការ​កែ​ប្រែ​នយោ​បាយ​ពិ​ភព​លោក​។
សម្រាប់​ហេតុ​ផល​សំខាន់ៗ​ទាំង​ពីរ​នេះ អ្នក​កាន់​កាប់​វិ​មាន Elysee ជា​និច្ច​កាល​បាន​ធ្វើ​ឱ្យ​មាន​បញ្ហា​ដល់​ចក្រ​ភព​អង់​គ្លេស។ ប៉ុន្តែ​នៅ​ក្នុង​សម័យ​២០១៧ របស់​លោក Donald Trump ការ​ចាក​ចេញ​របស់​អង់​គ្លេស​ និង​ការ​កើន​ឡើង​នៃ​ការ​ធ្វើ​ប្រ​ជា​ភិ​ថុត​ទូទាំ​ង​ឧ​ប​ទ្វីប​ ឥឡូវ​នេះ​វា​បាន​ធ្វើ​ឱ្យ​មាន​បញ្ហា​ទ្វេ​ដង។
ការ​បោះ​ឆ្នោតដ៏​ឆាប់​រហ័ស​​​នេះ ដែលនៅ​ក្នុង​នោះ​ការ​បង្កើត​គណ​បក្ស​ឆ្វេង​និយម និង​ស្តាំ​និយម​ ហាក់​បី​ដូច​ជា​ធ្វើ​ឱ្យ​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​ចរ​ចា​នៃ​ការ​ចាក​ចេញ​របស់​អង់​គ្លេស​នា​ពេល​ខាង​មុខ​ និង​អាច​ធ្វើ​ឱ្យ​មេ​ដឹក​នាំ​គណ​បក្ស ​Front National (FN) របស់​លោកស្រី​ Marine Le Pen ឈ្នះ​ឆ្នោត និង​​​កំណត់អនា​គត​នៃ​សហ​ភាព​អឺ​រ៉ុប​ខ្លួន​ឯង​ផង​ដែរ។
​ដោយ​ប្រ​ទេស​អង់​គ្លេស​ ឥឡូវ​នេះ​បាន​ប្តេជ្ញា​ចិត្ត​​ដើម្បី​ចាក​ចេញ​ពី​ការ​ចរ​ចា​ជា​មួយ​នឹង​សហ​ភាព​អឺ​រ៉ុប​ ដែល​នឹង​កំណត់​អនា​គត​នៃ​ប្រ​ទេស​នេះ​សម្រាប់​ការ​ចរ​ចា ទិដ្ឋ​ភាព​​របស់លោក​ស្រី Le Pen ក្លាយ​ជា​​ប្រ​ធា​នា​ធិប​តី​បារាំង​ គឺ​មាន​ឱ​កាស​បញ្ចប់​ទាំង​អស់​នូវ​ការ​រៀប​ចំ​កិច្ច​ពិ​ភាក្សា​ដ៏​ចម្រូង​ចម្រាស​ទាំង​នេះ។
គណ​បក្ស FN របស់​លោក​ស្រី Le Pen បាន​ប្តេ​ជ្ញា​ចិត្ត​ក្នុង​ការ​ទាញ​បារាំង​ចេញ​ពី​អឺ​រ៉ុប និង​ការ​ធ្វើ​ប្រ​ជា​មតិ​ស្តី​ពី​សមា​ជិក​ភាព​សហ​ភាព​អឺ​រ៉ុប​ ប្រ​សិន​បើ​ទី​ក្រុង Brussels មិន​គោរព​តាម​ការ​ទាម​ទារ​របស់​ខ្លួន​ ដើម្បី​រំលាយ​រូបិយប័ណ្ណ​រួម​ និង​បញ្ចប់​តំបន់​​ធ្វើ​ដំណើរ​សេរីតាម​ព្រំដែន​ Schengen។
មិន​មែន​បញ្ហា​ទាំង​នេះ​អាច​ធ្វើ​ឱ្យ​កើត​ឡើង​ភ្លាមៗ​បាន​ទេ​ ប៉ុន្តែ​ក្រុម​អ្នក​វិ​ភាគ​ថ្នាក់​តំបន់​ ដូច​ជា​លោក Mujtaba Rahman ដែល​ជា​ប្រ​ធានក្រុម​ការ​ងារ​អនុ​វត្ត​ន៍​ជាក់​ស្តែង​របស់​អឺ​រ៉ុប​នៅឯ​ Eurasia Group គឺ​ជា​ស្ថាប័ន​ពិ​គ្រោះ​យោ​បល់​ផ្នែក​ហានិ​ភ័យ បាន​ព្យា​ករ​ណ៍​ថា ជ័យ​ជំនះ​របស់​លោក​ស្រី Le Pen នឹង​ទំនង​ជា​បង្ក​ឱ្យ​មាន​ភាព​ចលា​ចល​នៅ​ក្នុង​ទី​ផ្សារ​ហិរញ្ញ​វត្ថុ។​
មាន​អ្នក​ចាក​ចេញ​របស់​អង់​គ្លេស​មួយ​ចំនួនដែល​ជឿ​ថា ជ័យ​ជំនះ​របស់​លោក​ស្រី Le Pen ប្រ​ហែល​ជា​ល្អ​សម្រាប់​អនា​គត​របស់​អង់​គ្លេស​ក្នុង​ការ​ចរ​ចានៃ​ការ​​ចាកចេញ​របស់​អង់​គ្លេស​ពី​អឺរ៉ុប​។

ប៉ុន្តែ​នេះ​មិន​មែន​ជា​ទស្ស​នៈ​មួយ​ដែល​បាន​ចែក​រំលែក​ដោយ​លោក​ស្រី Theresa May ឬ​ក្រុម​អ្នក​ចរ​ចា​របស់​អង់​គ្លេស ដែល​ភ័យ​ខ្លាច​ថា ការ​ឡើង​កាន់​តំណែង​ប្រ​ធា​នា​ធិប​តី​ដ៏​គួ​រ​ឱ្យ​ភ្ញាក់​ផ្អើល​របស់​លោក​ស្រី Le Pen នឹង​បង្ក​ឱ្យ​មាន​ភាព​ចលា​ចល​នៅ​ក្នុង​អឺ​រ៉ុប៕


ក្រសួង​បរិស្ថាន បើក​កិច្ចប្រជុំពិ​ភាក្សាអំពី​លទ្ធផល​នៃការ​អនុវត្ត​កម្មវិធីការ​កែទ​ម្រង់​ហិរញ្ញវត្ថុសា​ធារណៈ

នៅទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតី និងដឹកនាំគណៈកម្មាធិការប្រតិបត្តិ (EXCOM) ក្រសួងបរិស្ថាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានទាំង២៥ រាជធានី-ខេត្ត។
សូមជម្រាបផងដែរថា កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើ ១-លទ្ធផលនៃការអនុវត្តកម្មវិធីការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ២-ការពង្រឹងការអនុវត្តថវិកាកម្មវិធី ដើម្បីសម្រេចបានសូចនាករ ៣-ការពង្រឹងស្ថាប័ន និងភាពជាម្ចាស់រួមទាំងមានការទទួលខុសត្រូវខ្ពស់ក្នុងការដឹកនាំ ក៏ដូចជាការអនុវត្តសកម្មភាពការងារនៅក្នុងស្ថាប័នប្រកបដោយប្រសិទ្ធភាព។
នាឱកាសនោះផងដែរ លោក សាយ សំអាល់ បានផ្តល់អនុសាសន៍មួយចំនួនដើម្បីអនុវត្តបន្តរួមមាន៖
១-ការអភិវឌ្ឍតំបន់ឧទ្យានជាតិ ឱ្យមានលក្ខណៈជាស្តង់ដា និងពង្រឹងសេវាកម្មល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ។
២-ការគិតគូរពីសារធាតុគ្រោះថ្នាក់ ដើម្បីកាត់បន្ថយផលប៉ះពាល់សុខភាពប្រជាជន។
៣-ពង្រឹងនិងយកចិត្តទុកដាក់ការរស់នៅរបស់ប្រជាសហគមន៍ ក្នុងតំបន់ការពារធម្មជាតិ។
៤-ពង្រឹងការអប់រំផ្សព្វផ្សាយបរិស្ថានតាមគ្រប់មធ្យោបាយ ដូចជាការបញ្ចាំងភាពយន្ត និងស្ពតអប់រំ ។
៥-ការលើកទឹកចិត្ត និងផ្តល់រង្វាន់ដល់អ្នកចូលរួមក្នុងកិច្ចគាំពារបរិស្ថានជាមួយស្ថាប័នឯកជន និងការរចនារង្វាន់លើកទឹកចិត្ត។
៦-ការពិនិត្យលទ្ធភាពសាងសង់អគារបន្ថែមសម្រាប់មជ្ឈមណ្ឌលជីវៈចម្រុះ និងមន្ទីរពិសោធន៍ជាតិ។
៧-និងការពិនិត្យលទ្ធភាពរៀបចំយានដ្ឋានសម្រាប់មន្ត្រីបរិស្ថាន៕



លោកស្រី កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលជួបសវនាការ និងទទួលអំណោយសប្បុរសធម៌ ពីក្រុមហ៊ុនចំនួន៤

ភ្នំពេញ៖ លោកស្រី កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ បានទទួលជួបសវនាការ និងទទួលអំណោយសប្បុរសធម៌ ពីក្រុមហ៊ុនចំនួន៤ សម្រាប់យកទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនងាយរងគ្រោះដទៃទៀត។
ក្រុមហ៊ុនដែលទទួលជួបសវនាការជាមួយ លោកស្រី កិត្តិព្រឹទ្ធបណ្ឌិត និងប្រគល់អំណោយ ជូនកាកបាទក្រហមកម្ពុជាទាំងនោះ រួមមាន ៖
១៖ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (ថៃហ្គ័រ) បានឧបត្ថម្ភថវិកាចំនួន ៥០,០០០ដុល្លារ ត្រូវបានប្រគល់ដោយលោក រ៉ូឡេនដ៍ បាឡា អគ្គនាយកក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (ថៃហ្គ័រ)។
២៖ ក្រុមហ៊ុន អកស៍ឡី វើដ៍ប្រីជ ខេមបូឌា វិញ បានឧបត្ថម្ភថវិកាចំនួន ១៥០,០០០ដុល្លារ ត្រូវប្រគល់ដោយ លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន អកស៍ឡី វើដ៍ប្រីជ ខេមបូឌា។
៣៖ ក្រុមហ៊ុន ដុងអេ អេសធី (ភេសជ្ជៈ បាកាស) បានឧបត្ថម្ភថវិកាចំនួន ១០០,០០០ដុល្លារ ត្រូវបានប្រគល់ដោយលោក កាំង ស៊ូយ៉ុង អគ្គនាយករងក្រុមហ៊ុន ដុងអេ អេសធី។
៤៖ ក្រុមគ្រួសាររបស់លោកឧកញ៉ាបណ្ឌិត ជា រតនា ក៏បានចូលរួមឧបត្ថម្ភថវិកាសរុប ៣៥,០០០ដុល្លារ ផងដែរ ដែលមានការចូលរួមពី៖
* លោកឧកញ៉ាបណ្ឌិត ជា រតនា និងលោកស្រី ឧបត្ថម្ភថវិកា ២០,០០០ដុល្លារ
* លោកឧកញ៉ា អ៊ុង អេង និងលោកស្រី ឧបត្ថម្ភថវិកា ៥,០០០ដុល្លារ
* លោកឧកញ៉ា ស៊ុយ ហេង និងលោកស្រី ឧបត្ថម្ភថវិកា ៥,០០០ដុល្លារ
* លោក រ៉ាត់ ដារ៉ារ័ត្ន និងលោកស្រី ៥,០០០ដុល្លារ។

សូមជម្រាបថា ការទទួលជួបសវនាការ និងប្រគល់-ទទួលអំណោយខាងលើនេះ ត្រូវបានប្រារព្ធឡើងនៅការិយាល័យ លោកស្រីកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងរាជធានីភ្នំពេញ៕






UNICEF ៖ កុមារនៅស៊ីរីបាន និងកំពុងរងគ្រោះធ្ងន់ធ្ងរបំផុតក្នុងភ្នក់ភ្លើងសង្គ្រាម ទាំងដែលពួកគេមិនបានដឹងរឿងជម្លោះអ្វីទាល់តែសោះ!

ស៊ីរី ៖ មន្ត្រីអ្នកនាំពាក្យជាន់ខ្ពស់នៃអង្គការ UNICEF បានរៀបរាប់ពីស្ថានភាពដ៏អាក្រក់បំផុត ដែលបានកើតឡើងលើប្រជាជន ជាពិសេសកុមារនៅស៊ីរី បន្ទាប់ពីមានការវាយប្រហារដ៏ប្រល័យមួយ លើក្រុមជនភៀសខ្លួនក្បែរទីក្រុងអាឡេប៉ូ (Aleppo) បានផ្ដាច់យកអាយុជីវិតមនុស្ស ១២៦នាក់ ក្នុងនោះ រួមមានទំាងកុមារ៦៨នាក់ផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០១៧។
យោងតាមក្រុមអ្នកឃ្លំាមើលសិទ្ធិមនុស្សនៅក្នុងតំបន់ ការវាយប្រហារដោយបំផ្ទុះគ្រាប់បែក ទៅលើក្បួនរថយន្ដដឹកជនភៀសខ្លួនរាប់រយនាក់កាលពីសប្ដាហ៍មុន បានសម្លាប់មនុស្ស១២៦នាក់ ក្នុងនោះរួមមានទាំងកុមារ៦៨នាក់ផងដែរ។ ក៏ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ គឺមានសេចក្ដីរាយការណ៍មួយចំនួនអះអាងថា កុមារបាន ក្លាយជាគោលដៅនៃការវាយប្រហារនៅក្នុងប្រទេសស៊ីរី។
ដោយឡែកជុំវិញបញ្ហានេះដែរ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន Russian Today អ្នកនាំពាក្យអង្គការ UNICEF ប្រចាំប្រទេសហ្ស៊កដានី លោក Malene Jenson បានបញ្ជាក់ថា «បើទោះជាមិនទាន់មានព័ត៌មានជាក់លាក់បង្ហាញថា កុមារស៊ីរី បានក្លាយជាគោលដៅនៃការវាយប្រហារក៏ដោយ ក៏គេតែងតែឃើញជារឿយៗថា កុមារទំាងនេះបានស្ថិតនៅក្នុងចំណោមជនរងគ្រោះ នៃការវាយប្រហារដោយបំផ្ទុះគ្រាប់បែក ឬក៏ការវាយប្រហារតាមផ្លូវអាកាសជាដើម ពោលបើនិយាយឱ្យចំ កុមារស៊ីរីបាន និងកំពុងទទួលរងគ្រោះធ្ងន់ធ្ងរបំផុត ដោយសារតែជម្លោះ ដែលពួកគេមិនមែនជាអ្នកបង្កឡើង និងមិនដឹងថា ថ្ងៃណាត្រូវបញ្ចប់នោះឡើយ»។
គួរបញ្ជាក់ថា បើតាមលោក Malene Jenson កាលពីឆ្នាំ២០១៦ កុមារស៊ីរី ៦៥២នាក់ បានស្លាប់ ក្នុងនោះ២៥៥នាក់បានបាត់បង់ជីវិតនៅក្បែរ ឬនៅក្នុងសាលារៀនរបស់ពួកគេតែម្តង ដែលវាជារឿងដ៏គួរឱ្យខ្លោចផ្សាបំផុតចំពោះសង្គ្រាមនៅក្នុងប្រទេសស៊ីរី៕



នាយឧត្តមសេនីយ៍​ គន់ គីម​ ប្រគល់ផ្ទះ​ចំនួន៤ខ្នង​ ដល់ប្រជាពលរដ្ឋ​ ៤គ្រួសារ​ ក្នុងខេត្ត​ឧត្តរមានជ័យ

ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ បានប្រគល់ផ្ទះចំនួន៤ខ្នង ដល់ប្រជាពលរដ្ឋចំនួន៤គ្រួសារ មានជីវភាពលំបាក ដែលជាអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថិតនៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ប្រជាពលរដ្ឋចំនួន៤គ្រួសារ ដែលទទួលបានផ្ទះ ជាអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមមាន៖ ទី១- គ្រួសារលោក ធូ រើយ នៅភូមិគោកសំព័រ ដែលត្រូវភ្លើងឆេះផ្ទះ ទី២- គ្រួសារលោក អ៊ុយ ធី នៅភូមិ អូរគគីកណ្តាល មានជីវភាពក្រីក្រ រស់នៅភូមិទំនប់ ឃុំត្រពាំងតាវ ទី៣- គ្រួសារលោក ញេស ហឿន ដែលត្រូវភ្លើងឆេះផ្ទះ ដោយឡែក ទី៤- គ្រួសារ លោក គង់ គីន ដែលសុំដីគេសង់ផ្ទះ នៅជាបណ្ដោះអាសន្ន ហើយត្រូវភ្លើងឆេះផ្ទះ នាយឧត្តមសេនីយ៍បានសម្រេចទិញដី និងសង់ផ្ទះជូន ។

ក្រុមគ្រួសារទាំង៤គ្រួសារ បានថ្លែងអំណរអគុណចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយឧត្តមសេនីយ៍ គន់ គីម ប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយខេត្ត ថ្នាក់ដឹកនាំខេត្ត ដែលបានគិតគូរបញ្ហាខាងលើយ៉ាងឆាប់រហ័ស និងឆ្លើយតបជូនពួកគាត់បានលឿនផងដែរ៕


ព្រឹទ្ធសភា នឹងបើកកិច្ច​ប្រជុំគណៈកម្មាធិការ​អចិន្ដ្រៃយ៍ ​ដោយពិនិត្យ​ និងពិភាក្សា​លើរបៀប ​វារៈចំនួន៣​


យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ស្អែក នៅវេលាម៉ោង០៨៖០០ព្រឹក ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍ ក្រោមអធិបតីភាព លោក សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា ដោយពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៣៖ ទី១- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៦ ព្រឹទ្ធសភា សុំដាក់សេចក្ដីស្មើច្បាប់ស្ដីពីវិសោធកម្មច្បាប់ស្ដីពី លក្ខន្ដិកមន្រ្តីរាជការ នៃក្រុមនីតិប្បញ្ញត្តិ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១០ព្រឹទ្ធសភា នីតិកាលទី៣។ ទី២- ពិនិត្យ និងសម្រចលើសំណើរបស់គណៈកម្មការទី៩ព្រឹទ្ធសភា សុំដាក់សេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើពិធីសារនិងទី៣- ធ្វើវិសោធកម្មកិច្ចព្រមព្រៀង ពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀងក្រមខ័ណ្ឌស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយក្នុងចំណោមរដ្ឋាភិបាល នៃប្រទេសសមាជិកអាស៊ាន និងសាធារណរដ្ឋកូរ៉េ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១០ព្រឹទ្ធសភា នីតិកាលទី៣ និងកំណត់កាលបរិច្ឆេទ និងរបៀបវារៈបន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភា នីតីកាលទី៣៕


តើអ្នកទាំងអស់គ្នាដឹងទេថាចម្លាក់នៅប្រាសាទអង្គរវត្តមានទាក់ទងនឹងរឿងអ្វីខ្លះ?

តើអ្នកដឹងអ្វីខ្លះពីផ្ទាំងចម្លាក់នៅតាមជញ្ជាំង ឬថែវនៃប្រាសាទអង្គរវត្ត? ភ្ញៀវទេសចរមួយចំនួនធំ ទំនងមិនបានដឹងទេ អំពីដំណើររឿងនានានៅតាមចម្លាក់ទាំងនោះ។ តាមពិតទៅវាមានរឿងជាច្រើន ដែលត្រូវបានវីរបុរសខ្មែរសម័យនោះ ឆ្លាក់ទុក សម្រាប់ជាប្រវត្តិសាស្រ្តដល់កូនចៅជំនាន់ក្រោយ។
តាមអ្នកបុរាណវិទូ និងជាអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ លោកបណ្ឌិត អ៊ា ដារិទ្ធ ចម្លាក់នៅតាមជញ្ជាំងប្រាសាទអង្គរវត្ត សរុបទាំងអស់មានចំនួន៨ផ្ទាំង និងបែងចែកទៅតាមសាច់រឿងផ្សេងៗគ្នា។

លោកបន្ថែមថា ចម្លាក់ដែលគេឆ្លាក់នៅរោងទងទី៣ ខាងលិចថែវខាងជើងនិយាយរឿងរាមកេរ្តិ៍ ថែវខាងត្បូងរឿងមហាភារត ថែវខាងត្បូវចំហៀងខាងលិច ចម្លាក់រំឭកពីប្រវត្តិជំនាន់ព្រះបាទសូរ្យវរ្ម័នទី២ ថែវខាងត្បូងចំហៀងខាងកើត ចម្លាក់រឿងសួគ៌ និងនរក ថែវខាងកើតចំហៀងខាងត្បូង ចម្លាក់រឿងកូរសមុទ្រទឹកដោះ ថែវខាងកើតចំហៀងខាងជើង ចម្លាក់ទាក់ទងនឹងជ័យជំនះនៃព្រះនារាយណ៍លើអសុរ។ ចំណែកពីរជ្រុងទៀតនៅទិសឦសានឆ្លាក់នៅសតវត្សទី១៦ ដោយនៅថែវខាងជើងចំហៀងខាងកើត ចម្លាក់ទាក់ទងនឹងជ័យជំនះនៃព្រះក្រិស្ណលើស្តេចអសុរឈ្មោះពាន និងថែវខាងជើងចំហៀងខាងលិច ចម្លាក់ទាក់ទងនឹងចម្បាំងរវាងទេពផ្សេងៗ៕





ហ្វេសប៊ុកចៅចាក់ស្មុក៖ ទឹកភ្នែកក្រពើ (Tears of Crocodile)

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយអត្ថបទមួយ ក្រោមចំណងជើងថា «ទឹកភ្នែកក្រពើ (Tears of Crocodile)» ដែលមានខ្លឹមសារដូចខាង​ក្រោម៖

ខណៈរាស្ត្រខ្មែរឈឺចាប់នឹងថ្ងៃទី១៧ មេសា ឆ្នាំ ១៩៧៥ ជាថ្ងៃឡើងកាន់អំណាចរបស់ក្រុមខ្មែរ ក្រហម និងជាថ្ងៃនាំមកនូវការបាត់បង់សាច់ញាតិ និងជាថ្ងៃនៃការចាប់ផ្តើមវាលពិឃាតនៅកម្ពុជា ម្សៀរ សម រង្ស៊ី បានចេញមកសម្តែងតួជាជនរងគ្រោះ យំយែកនឹកអាណិតដល់ជនរងគ្រោះ​ខ្មែររាប់លាននាក់ ធ្វើដូចឯងនេះគិតគូរដល់ពួកគាត់ខ្លាំងណាស់។ តាមពិត ម្សៀរ សម រង្ស៊ី គ្រាន់តែសម្តែងជាស្រណោះស្រណោកប៉ុណ្ណោះនៅពេលនេះ។ ចុះពេលដែលរាស្ត្រខ្មែរទាំងនគរ កំពុងរងគ្រោះដោយការជម្លៀសចេញពីផ្ទះសម្បែង ខ្មែរក្រហមចាប់បង្ខំ ឱ្យធ្វើការងារយ៉ាងលំបាកវេទនា គ្មានថ្នាំព្យាបាល គ្មានម្ហូបអាហារបរិភោគគ្រប់គ្រាន់ តើសម រង្ស៊ី និងក្រុមអ្នកសង្គ្រោះជាតិដែលតាំងបច្ចុប្បន្ននេះស្រែកក្តែងៗថាខ្លួនជាអ្នក ស្នេហាជាតិ ស្នេហាប្រជាជននៅឯណា?

បើ សម រង្ស៊ី វិញ សម្ងំលាក់ខ្លួនសន្សំសុខនៅឯស្រុកបារាំង រស់នៅយ៉ាងហ៊ឺហារក្នុងជីវិតជាអភិ ជន ខណៈខ្មែរនៅក្នុងស្រុករងទុក្ខវេទនា គ្មានអ្វីហូប តែម្សៀរ សម រង្ស៊ី បរិភោគសុទ្ធតែហ្សាំប៊ុង ប៊័រ បន្លែ សាច់ហូរហៀរ គ្មានហ៊ានក្អកអ្វីបន្តិចឡើយ។ ទើបឥឡូវចេញមកធ្វើសម្តែងជាអ្នកអាណិតអាសូរ យំសោកបោកខ្លួនចំពោះមុខជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតរាប់លាននាក់ និងអ្នករស់រានមានជីវិតទៅវិញ និងប្រកាសខ្លួនជាអ្នកសង្គ្រោះជាតិក្នុងពេលស្រុកមានសុខសន្តិភាព និងការអភិវឌ្ឍទៀត។ ពិតជាមិនខ្មាស់សាកសពជនរងគ្រោះខ្មែរមែន! នេះពិតជាដូចចម្រៀងខ្មែរយើងថា ក្របីៗ ស៊ីស្រូវ បងមិនសូវៗ ហ៊ានដេញ ក្របីដើរចេញមកដេញឱ្យស្រីមើល!

របបខ្មែរក្រហមក៏ត្រូវបានគេដឹងថាអាចឡើងកាន់អំណាចបានមួយផ្នែកដោយបានប្រើមនោគមន៍វិជ្ជាប្រឆាំងនឹងវៀតណាម ប្រឆាំងនឹងចក្រពត្តិអាមេរិក ដុតបញ្ឆេះកំហឹងវណ្ណៈសង្គម បង្កការស្អប់ខ្ពើមរវាងអ្នកក្រ និងអ្នកមានវណ្ណៈអភិជន វណ្ណៈសក្តិភូមិដើម្បីឡើងគ្រប់គ្រងអំណាច។ ក្រុមខ្មែរក្រហមបានបញ្ឆេះកំហឹងរាស្ត្រដោយចោទរបបសាធារណរដ្ឋ លន់ នល់ ថាមហាពុករលួយ និងបានកំណត់ជនក្បត់ជាតិ ៧ នាក់ត្រូវសម្លាប់ចោលទៀត។ ចាប់តាំងពីបង្កើតបក្សនយោបាយនៅឆ្នាំ ១៩៩៥ បន្តរហូតមកទល់នឹង ពេលនេះ សម រង្ស៊ី និងក្រុមជ្រុលនិយមរបស់ខ្លួនបានប្រើប្រាស់មនោគមន៍វិជ្ជាខ្មែរក្រហមដើម្បីបំពេញនូវ មហិច្ឆតាអំណាចរបស់ខ្លួន។

ស្រែកថាប្តូរ ប្តូរ ប្តូរ! ដូចទសវត្សរ៍ឆ្នាំ ១៩៧០ ដែរ ប៉ុន្តែលទ្ធផលនៃការផ្លាស់ប្តូរដែលពលរដ្ឋខ្មែរភាគច្រើនបានគាំទ្រនេះបានទាញទម្លាក់កម្ពុជាទៅក្នុងសោកនាដកម្មដ៏សោកសៅ និងអ្នកគាំទ្រការផ្លាស់ប្តូរខ្លួនឯងក៏ត្រូវរងគ្រោះដល់អាយុជីវិតប្រទេសជាតិបានធ្លាក់ក្នុងវិនាសកម្មដ៏គួរឱ្យភ័យខ្លាច។ ឥឡូវនេះ ពាក្យប្តូរ!ប្តូរ!ប្តូរ! នេះកំពុងតែត្រូវបានបក្សព្រះអាទិត្យយកមកប្រើជាថ្មីម្តងទៀតក្នុងបរិបទដដែល គឺការផ្លាស់ប្តូររបបដឹកនាំមួយក្រោមខ្សែញាក់របស់បរទេស។ ដើម្បីចំណេញនយោបាយ ម្សៀរ សម រង្ស៊ី មិនខ្មាស់អៀននឹងបរិហារកេរ្តិ៍ប្រទេសរបស់ខ្លួនឡើយ ភាសាដែលម្សៀរនេះនិយាយទៅកាន់បរទេសគឺខ្មៅងងឹត អំពាវនាវឱ្យបរទេសកាត់ជំនួយបញ្ឈប់ការបញ្ជាទិញផលិតផលវាយណភ័ណ្ឌដាក់សម្ពាធនយោបាយជាដើម។ ចំណែកនៅក្នុងស្រុកវិញ ម្សៀរ រង្ស៊ី ដើរតួ ជាអ្នកជួយសង្គ្រោះ គិតគូរផលប្រយោជន៍រាស្ត្រ ប៉ុន្តែធាតុពិតគឺក្នុងកលល្បិចនយោបាយមួយដោយប្រើប្រាស់អ្នកគាំទ្រខ្លួនជាខែលដើម្បីក្តោបក្តាប់អំណាច។

មិនខុសពីខ្មែរក្រហម ម្សៀរ សម រង្ស៊ី មេបក្សព្រះ អាទិត្យស្រមោល បានថ្លែងដោយកំហឹងថា បក្សព្រះអាទិត្យនឹងមិនអត់ឱនឱ្យមន្ត្រីគណបក្សប្រជាជន ឬឱកញ៉ា មហាសេដ្ឋីឡើយ ពេលខ្លួនឡើងគ្រប់គ្រងអំណាចដឹកនាំប្រទេសនឹងចាប់អ្នកទាំងនោះយកទៅកាត់ទោស មិនឱ្យរួចខ្លួនម្នាក់ណាឡើយ។ នេះផ្ទុយពីទ្រឹស្តី «មិនយកខ្មែរណាម្នាក់ជាសត្រូវ» នោះទេតែ ជាទ្រឹស្តី «ទឹកឡើងត្រីស៊ី ស្រមោច ទឹកហោចស្រមោចស៊ីត្រី»។ សូម្បីតែសមាជិកបក្សព្រះអាទិត្យមួយចំនួនក៏បានត្រៀមខ្លួនរួចជាស្រេចធ្វើជា «ស្រមោច និងត្រី» គ្រប់កាលៈទេសៈរួចទៅហើយ។

ដល់ពេលមិនអាចប្រកែកបាន មិនអាចបំភ្លៃប្រវត្តិសាស្ត្របាន ម្សៀរ សម រង្ស៊ី ចាប់ផ្តើមអើតមកទទួលស្គាល់នូវរឿងរ៉ាវទុក្ខសោករបស់ខ្មែរដែលរងគ្រោះដោយរបបខ្មែរក្រហម ហើយបានហៅសហរដ្ឋអា មេរិកថា «ចក្រពត្តិអាមេរិក» តែនៅតែមិនហ៊ានថ្កោលទោសសហរដ្ឋអាមេរិកដែលទម្លាក់គ្រាប់បែកជិតបីលានតោនមកលើទឹកដីកម្ពុជា សម្លាប់មនុស្សរាប់រយពាន់នាក់ និងបន្សល់ទុកនូវកាកសំណល់សង្គ្រាម រហូតមកទល់សព្វថ្ងៃ ហើយបានសម្លាប់ជីវិត និងបង្ករបួស​ស្នាមដល់មនុស្សសត្វស្ទើររាល់ថ្ងៃ និងក៏មិន ចេញវាចាអ្វីបន្តិចលើការស្នើឱ្យលុបបំណុលដែលរបបសាធារណរដ្ឋខ្មែរ លន់ នល់ ជំពាក់អាមេរិកក្នុងការ ចំណាយលើសង្គ្រាមដែរ។ ថ្កោល​ទោសម្តេចនឹងកើត ស្នើឱ្យលុបបំណុលម្តេចទៅរួច បើសម រង្ស៊ី និងគូរកន របស់ខ្លួនគឺជាកូនជឹងរបស់អាមេរិកហើយហ្នឹង! ចុះបើអាមេរិកជាឪរបស់បក្សប្រឆាំងទៅហើយ ម៉េចនឹង ហ៊ានក្អក គ្រាន់តែហៅអាមេរិកថា «ចក្រពត្តិ» ប៉ុណ្ណេះ មិនដឹងជាផ្ញើសារសុំទោសមេរបស់ខ្លួនប៉ុន្មានដង នោះទេ។

គេនៅចាំបានថានៅអំឡុង ខែកក្កដា ឆ្នាំ ១៩៩៧ នៅពេលដែលរដ្ឋសភាពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ដាក់ក្រុមខ្មែរក្រហមឱ្យនៅក្រៅច្បាប់ សម រង្ស៊ី ដែលជាចេញមកពីក្រុមសម្ព័ន្ធមិត្រខ្មែរក្រហម បានចេញមកជំទាស់នឹងច្បាប់នេះ ខណៈពេលនោះខ្មែរក្រហមបានប្រើ​សង្គ្រាមឈ្លបដើម្បីបំផ្លិចបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជនកម្ពុជា សហគមន៍អន្តរជាតិដើម្បីនាំនាវាកម្ពុជាទៅរកកោះសន្តិភាពមួយពិតប្រាកដ។

តើហេតុអ្វីបានជា សម រង្ស៊ី ប្រឆាំងនឹងច្បាប់ដាក់ខ្មែរក្រហមឱ្យនៅក្រៅច្បាប់នៅពេលនោះ? មានតែរង្ស៊ី ខ្លួនឯងទេដែលដឹងពីចម្លើយដ៏ពិតប្រាកដនេះ!! ដូច្នេះការមកយំស្រែកបោកខ្លួនបង្ហូរទឹកភ្នែកអាណិតជនរងគ្រោះខ្មែរពេលនេះ ទឹកភ្នែកនេះគឺគ្រាន់តែជាទឹកភ្នែកក្រពើតែប៉ុណ្ណោះ!!

ដោយ៖ ចៅ ចាក់ស្មុក


កម្ពុជា-ចិន​ចុះកិច្ចព្រម​ព្រៀងស្តីពី​គម្រោង​សហប្រតិបត្តិកា​រភូគព្ភវិទ្យាសា​ស្រ្តសមុទ្រ និង​​គ្រោះអន្តរាយ​ភូគព្ភសា​ស្រ្តតំបន់​ឆ្នេរ

ក្រោមកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា-ចិនក្នុងកិច្ចអភិវឌ្ឍវិស័យរ៉ែ និងថាមពលនៅប្រទេសកម្ពុជា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ គណៈប្រតិភូក្រសួងរ៉ែ និងថាមពលរបស់កម្ពុជា និងគណៈប្រតិភូក្រសួងដែនដីនិងធនធានរបស់ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងសហប្រតិបត្តិការភូគព្ភវិទ្យាសាស្រ្តសមុទ្រ និងគ្រោះអន្តរាយភូគព្ភសាស្រ្តតំបន់ឆ្នេរ នៅទីក្រុងប៉េកាំង ប្រទេសចិន។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងសហប្រតិបត្តិការខាងលើនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជាយើង ក្នុងការអភិវឌ្ឍវិស័យរ៉ែនៅកម្ពុជាផ្ទាល់។ គោលបំណងសំខាន់ៗនៃគម្រោងនេះរួមមាន៖
១- កសាងសមត្ថភាពវិទ្យាសាស្រ្ត និងបច្ចេកទេសដោយការចែករំលែកបទពិសោធន៍ និងវិធីសាស្រ្តរបស់ភាគីចិនក្នុងការកសាងផែនទីភូគព្ភសាស្រ្ត និងរូបភូគព្ភសមុទ្រ ការត្រួតពិនិត្យតាមដានគ្រោះអន្តរាយភូគព្ភសាស្រ្តតំបន់ឆ្នេរនិងការវាយតម្លៃហានិភ័យ កាចងក្រងផែនទី។ល។
២- បង្កើតបណ្តាញ និងវេទិកាសហប្រតិបត្តិការសម្រាប់អ្នកជំនាញការភូគព្ភវិទ្យាសាស្រ្តសមុទ្ររបស់ភាគីទាំងពីរ។
៣- ដំណើរការសិក្សាប្រៀបធៀបលើលក្ខណៈហានិភ័យភូគព្ភសាស្រ្តតំបន់ឆ្នេរ និងយន្តការសម្រាប់ការធ្វើអោយប្រសើរឡើងនូវសមត្ថភាពក្នុងការកាត់បន្ថយ និងបង្កាគ្រោះអន្តរាយ។
៤-ដំណើរការចងក្រងស៊េរីផែនទីភូគព្ភសាស្រ្តដី-សមុទ្រ និងការសិក្សាស្រាវជ្រាវចលនាសម្ព័ន្ធសមុទ្រជ្រៅនៅកម្ពុជា៕



ប្រ​មុខរដ្ឋាភិបាល​ជួបសំណេះ​សំណាល​ជាមួយម​ន្រ្តីចំនួន​ប្រាំក្រសួង​នៅព្រឹក​នេះ​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៩​ មេសាឆ្នាំ២០១៧នេះ​ បានសំណេះសំណាលជាមួយ​មន្រ្តីរាជការប្រមាណ​ ៤,៥៧៨នាក់ មកពីក្រសួងចំនួន៥ នៅ​មជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ។

មន្ត្រីរាជការជាង៤ពាន់នាក់នេះ គឺមកពីក្រសួងព័ត៌មាន ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងយុត្តិធម៌ និងក្រសួងធនធានទឹក និងឧតុនិយម៕


ក្រសួងមហាផ្ទៃ នឹងជ្រើសរើសនគបាលជាតិ ៣ដងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០១៧នេះ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ មេសា ឆ្នាំ២០១៧ បានប្រកាសថា នៅក្នុងឆ្នាំបន្តបន្ទាប់ខាងមុខចាប់ពីឆ្នាំ២០១៧នេះទៅ ក្រសួងនឹងជ្រើសរើសមន្ត្រីចូលបម្រើការងារក្នុងជួរក្របខ័ណ្ឌនគរបាលជាតិ ៣ដង ក្នុងមួយឆ្នាំ។ ការជ្រើសរើសនេះ ដើម្បី បំពេញសេចក្តីត្រូវការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ពិសេសបំពេញកន្លែងទំនេរគ្មានមនុស្សធ្វើការនៅក្នុងអង្គភាពនគរបាល។

នៅក្នុងពិធីបិទវគ្គ បណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល និងប្រកាសតាំងស៊ប់មន្ដ្រីធ្វើការពេញសិទ្ធិ មន្ត្រីនគរបាលជាតិចំនួនជិត៤០០នាក់ នៅសាលាបណ្ឌិតសភានគរបាលកម្ពុជា ដីឥដ្ឋ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍លើកឡើងថា បន្ទាប់ពីមានការឯកភាពពីប្រមុខថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាល នៅក្នុងឆ្នាំបន្តបន្ទាប់ខាងមុនទៀតនេះ ពោលគឺចាប់ពីឆ្នាំ២០១៧ទៅ ក្រសួងមហាផ្ទៃ នឹងជ្រើសរើសមន្ត្រីនគរបាលចូលបំរើការងារ ៣ខែម្តង ក្នុងមួយឆ្នាំ ដែលការជ្រើសរើសនេះ នឹងធ្វើឡើងក្នុងករណីប្រសិន អង្គភាពនគរបាលណាមានការខ្វះមន្ត្រីនគរបាលបំរើការងារ ជំនួសកន្លែងមន្ត្រីចូលនិវត្ត ជំនួសមន្ត្រីបោះបង់ការងារ ជំនួសមន្ត្រីនគរ បាលដែលត្រូវបណ្តេញចេញ និងអ្នកគ្មានពេលគ្រប់គ្រាន់ចូលមកបំរើការងារនៅអង្គភាពនគរបាលជាដើម។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បន្តថា ការជ្រើសរើសមន្ត្រីនគរបាលដែលត្រូវជ្រើសរើសថ្មី គឺត្រូវឆ្លងកាត់ការប្រលង ឆ្លងកាត់ការរៀនសូត្របំពាក់បំប៉នជំនាញវិជ្ជាជីវៈដូចគ្នា ។
ដោយឡែកសម្រាប់មន្ត្រីក្រសួងផ្សេង ដែលមានបំណងផ្ទេរការងារចូលបំរើការងារក្នុងជួរក្របខ័ណ្ឌមន្ត្រីនគរបាល ក៏ត្រូវឆ្លងកាត់ការរៀនសូត្រជំនាញកំរិតបឋមវិជ្ជាជីវៈនគរបាលដូចគ្នាដែរ។
លោក ស ខេង បន្តទៀតថាន្លងមកក្រសួងមហាផ្ទៃ បានប្រកាន់គោលការណ៍១ឆ្នាំជ្រើសរើសម្តងហើយបានជ្រើសរើសក្នុងចំនួនច្រើន ហើយឆ្នាំចុងក្រោយនេះ គឺក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសរហូតដល់ជាង៤៥០០នាក់ ដើម្បី បំពេញតម្រូវការងារនឹងការខ្វះខាតកងកំលាំងនគរបាលនគរបាល៕

ម្ចាស់មេដាយមាសពិភពលោក អ៊ុក ស្រីមុំ បានមកដល់ភ្នំពេញហើយទទួលស្វាគមន៍ដោយរដ្ឋមន្រ្តីក្រសួងអប់រំ និងកីឡាករជាច្រើននាក់

នៅវេលាម៉ោង៣៖៥៥នាទីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ម្ចាស់មេដាយមាសពិភពលោក អ៊ុក ស្រីមុំ បានមកដល់ភ្នំពេញហើយ ដោយមានទទួល ស្វាគមន៍ដោយលោក ហង់ ជួន​ណារុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC តំណាងលោករដ្ឋមន្រ្តី ថោង ខុន និងកីឡាករ-កីឡាការិនី ជាច្រើននាក់ផងដែរ។

ការអញ្ជើញមកដល់របស់ម្ចាស់មេដាយមាសពិភពលោក អ៊ុក ស្រីមុំ មានការរៀបចំក្បួនដង្ហែរម៉ូតូធំចំនួន ១២គ្រឿង ដើម្បីទទួលស្វាគមន៍ ម្ចាស់មេដាយមាសកីឡាប៉េតង់ ពិភពលោក World Championship Petaque 2017។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឱ្យដឹងថា ការរៀបចំក្បួនម៉ូតូកិត្តិយស១២គ្រឿង គឺជាអនុសាសន៍ណែនាំ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីលើកទឹកចិត្តជាពិសេស សម្រាប់អត្តពលិកដណ្ដើមបាន​មេដាយមាស​ថ្នាក់ពិភពលោក។ លើសពីនេះលោក ក៏នឹងអនុញ្ញាតឱ្យកីឡាការិនី អ៊ុក ស្រីមុំ ចូលជួបសម្ដែងការ​គួរសមនៅពេលវេលា សមស្របណាមួយ ដើម្បីសំណេះសំណាល និងលើកទឹកចិត្ត ដូចវីរកីឡាការិនី កែ ឡេង និងកីឡាករ សុខ ចាន់មាន ដែលធ្លាប់ដណ្ដើមបានមេដាយមាសកីឡាប៉េតង់ពិភពលោកកាលពីពេលកន្លងទៅផងដែរ៕





(វីដេអូ ប្រភពពី GN)៖ Facebook រាប់ម៉ឺន Account បានPost និងShare រូបភាពសប្បាយៗបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០១៧

បើសង្កេតមើលក្នុងបណ្តាញផ្សព្វផ្សាយសង្គមថ្មី ដែលពេញនិយមខ្លាំងនៅកម្ពុជា គឺFacebookនោះ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧នេះ លោកអ្នកនឹងឃើញថា មានទំព័រFacebook រាប់ម៉ឺនAccount បានPost និងShare នូវរូបភាពសប្បាយរីករាយនៅតាមតំបន់ជាច្រើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ជាពិសេសក្នុងប្រទេសកម្ពុជាតែម្តង។


ក្រសួងទេសចរណ៍៖ ឱកាសចូលឆ្នាំខ្មែរនេះ ភ្ញៀវទេសចរណ៍ដើរកម្សាន្តទូទាំងប្រទេស ជាង៤លាននាក់ ចាយលុយអស់២០០លានដុល្លារអាមេរិក

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០១៧នេះ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលចេញដើរកម្សាន្តនៅទូទាំងប្រទេស មានចំនួនជាង៤លាននាក់ ដោយបានចំណាយលុយអស់​ប្រមាណ២០០លានដុល្លារអាមេរិក។  នេះ បើតាមលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបញ្ជាក់ឱ្យដឹងយ៉ាងដូច្នេះ។

លោករដ្ឋមន្រ្តីបានថ្លែងយ៉ាងដូច្នេះថា «ឱកាសចូលឆ្នាំខ្មែរនេះ ភ្ញៀវទេសចរដែលបានដើរកម្សាន្តទូទាំងប្រទេសមានចំនួន ៤,១៨៩,៧៥១នាក់ កើន៣៣.៦% និងទេសចរអន្តរជាតិ ៦៥,៦៩៤នាក់ កើន៦.៦% ចំណាយលុយអស់ប្រមាណ ២០០លានដុល្លារអាមេរិក»។

បើតាមក្រសួងទេសចរណ៍ រាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិចំនួន ២៦,៣១៤នាក់។ ខេត្តសៀមរាប និងខេត្តជុំវិញ ទទួលបានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិចំនួន ១,១៨២,៦០៦នាក់។ ខេត្តជាប់សមុទ្រ ទទួលបាន​ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិចំនួន ២២៧,០៥៦នាក់។ ខេត្តភាគខាងជើង ទទួលបានភ្ញៀវ ទេសចរណ៍ជាតិ-អន្តរជាតិចំនួន ១៨១,៧៧៩នាក់។ ខេត្តបាត់ដំបង និងខេត្តជុំវិញ ទទួលបានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិចំនួន ៤៩១,០៣០នាក់។ ចំណែកខេត្តផ្សេងទៀត ក៏ទទួលបានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិចំនួន ៨០៣,១៤៩នាក់ដែរ៕


ពិធី​បុណ្យចូល​ឆ្នាំមានភ្ញៀវទេសចរ​ជិត១លាន​នាក់ មកកម្សា​ន្តតាមរម​ណីយដ្ឋាន​នានា នៅខេត្តចំនួន១០

រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីនេះមានភ្ញៀវទេសចរជិត១លាននាក់ មកកម្សាន្តតាមរមណីយដ្ឋាននានា នៅខេត្ត១០ ។ នេះបើតាមតួលេខក្រសួងទេសចរណ៍ ឲ្យដឹងនៅថ្ងៃនេះដោយគិតចាប់ពី ថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០១៧នេះ ។

បើតាមរបាយការណ៍អោយដឹងថា ចំនួនភ្ញៀវទេសចរ ដែលបានទៅលេងកម្សាន្ត និងទស្សនានៅខេត្តចំនួន១០ មានចំនួន៨៩៣.៥១៨នាក់ ក្នុងនោះរួមមាន ៖
១-ខេត្តស្ទឹងត្រែង មានចំនួន៣៨,៧២២នាក់ មានការកើនឡើង១,១២៧នាក់ ធៀបជាមួយឆ្នាំ២០១៦ មានចំនួន៣៧,៥៩៥នាក់។ ក្នុងនោះភ្ញៀវអន្តរជាតិ មាន២,៧៧៧នាក់ ធៀបឆ្នាំចាស់កើនឡើង២,៦១៩នាក់ ស្មើនិង១.៦៥ភាគរយ។

២-ខេត្តក្រចេះ ភ្ញៀវទេសចរបានទៅទស្សនាមានចំនួន១០៤.៨៩០នាក់ ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៦ មានកើនទ្បើងចំនួន១.៣៥៧នាក់ ស្មើនឹង១,៣០%។ ទេសចរជាតិ១០៤.៤៦០នាក់ កើនទ្បើង១.១៨៤នាក់ ស្មើនឹង១,១៤%។ ទេសចរអន្តរជាតិ ៤៣០នាក់ កើនទ្បើង១៧៣នាក់ ស្មើនឹង៦៧,៣០%។

៣-ខេត្តរតនគិរី មានភ្ញៀវទេសចរមកកម្សាន្តចំនួន៧៥៣១៣នាក់ ភ្ញៀវជាតិ ៧៤៦៨១នាក់ អន្តរជាតិ ៦៣២នាក់កើនឡើង៧%។
៤-ខេត្តបន្ទាយមានជ័យ មានភ្ញៀវទេសចរជាតិចំនួន១៤៨.០០៦នាក់ កើនឡើង៣,១៥% ភ្ញៀវទេសចរអន្តរជាតិ១២៧នាក់ កើនឡើង១៨២,២២%។

៥-ខេត្តព្រះសីហនុ ភ្ញៀវទេសចរទៅកម្សាន្ត មានប្រមាណ១៤៣,៥៩៧នាក់ កើនឡើង១០.៤% ក្នុងនោះ តាមផ្លូវអាកាស មានចំនួន១៤៣៩នាក់ ភ្ញៀវជាតិ៦៤៣នាក់ និងអន្តរជាតិ៧៩៦នាក់។ ភ្ញៀវទៅកម្សាន្តនៅកោះរ៉ុង និងកោះរ៉ុងសន្លឹម មាន៨៤៥៥នាក់ ភ្ញៀវជាតិ៤៣៤៨នាក់ ភ្ញៀវអន្តរជាតិ៤១០៧នាក់។ តាមរមណីយដ្ឋាននានា មាន១៦,៥៩៧នាក់ ភ្ញៀវជាតិ១៦,៤៤៣នាក់ ភ្ញៀវអន្តរជាតិ៦៤៣នាក់។

៦-ខេត្តប៉ៃលិន មានភ្ញៀវទេសចរជាតិ ៣៣,៣៨១នាក់ ខណៈឆ្នាំ២០១៦ មានភ្ញៀវចំនួន៤៧,៩២៦នាក់ ថយចុះ ៤៧.៨% ភ្ញៀវអន្តរជាតិ២០នាក់ ខណៈឆ្នាំ២០១៦ មាន១១៤នាក់ ថយចុះ៩៦.៤%។ ដោយសារប្រជាជនមានការបម្លាស់ទីកន្លែង។

៧-ខេត្តមណ្ឌលគិរី មានចំនួន១៨.២១៨នាក់ កើន៤១,៦៤% ទេសចរអន្តរជាតិ ៣០៩នាក់ កើន២,៣១%។
៨-ខេត្តបាត់ដំបង  មានភ្ញៀវជាតិ ២៥៤០៩៣នាក់ កើន២០.១៨% ធៀបឆ្នាំ២០១៦។ ភ្ញៀវអន្តរជាតិ ៣៥៣នាក់ កើន ៣.២១%។
៩-ខេត្តព្រះវិហារ មានភ្ញៀវជាតិចំនួន ៤២៨៧៦នាក់ កើនឡើង៣%។ ភ្ញៀវអន្តរជាតិចំនួន ៥២៥នាក់ ថយចុះ២២%។

១០-ខេត្តពោធិ៍សាត់ មានចំនួនភ្ញៀវទេសចរមកកម្សាន្តនៅរមណីយដ្ឋានទេសចរណ៍មាន៣៤.៤២២នាក់ អន្តរជាតិ៦នាក់ មានការកើនឡើង។
ក្រៅពីនេះ ក៏នៅមានភ្ញៀវទេសចរទៅកម្សាន្តនៅតំបន់ទេសចរណ៍ជាច្រើនទៀត ក្នុងប្រទេសកម្ពុជា ពិសេសតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត ធម្មជាតិ និងតំបន់ទេសចរណ៍កែច្នៃជាដើម៕


រដ្ឋមន្រ្តីក្រសួងការងារ​ ធ្វើទស្សនកិច្ច ​នៅរោងចក្រមួយចំនួន​ ដែលមាន​ពលករខ្មែរ​ធ្វើការ​ នៅក្នុងប្រទេសកូរ៉េខាងត្បូង

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧នេះ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង រួមទាំងគណៈប្រតិភូកម្ពុជា បានធ្វើទស្សនកិច្ច នៅរោងចក្រមួយចំនួន ដែលមានពលករខ្មែរធ្វើការ នៅក្នុងប្រទេសកូរ៉េខាងត្បូង។

លោក ហេង សួរ បានឱ្យដឹងថា បន្ទាប់ពីទស្សនកិច្ចនៅរោងចក្រផលិតសម្ភារៈបន្ទប់ទឹក Saturn Bath Co.LTD លោក អ៊ិត សំហេង និងគណៈប្រតិភូ បានអញ្ជើញសំណេះសំណាលជាមួយពលករកម្ពុជា ដែលកំពុងធ្វើការក្នុងរោងចក្រនេះចំនួន ១១នាក់ នៅទីក្រុងប៊ូឆន់ ខេត្តខ្យងគី ប្រទេសកូរ៉េ។

រដ្ឋមន្រ្តីក្រសួងការងារ បានសម្តែងនូវការកោតសរសើរចំពោះរោងចក្រ ដែលបានយកចិត្តទុកដាក់ចំពោះពលករកម្ពុជា និងបានបណ្តុះបណ្តាលជំនាញដល់ពួកគេ និងបានរៀបចំឱ្យមានការសំណេះសំណាលជាមួយពលករកម្ពុជានៅពេលនេះ។

លោករដ្ឋមន្រ្តី ក៏បានពន្យល់អំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខបានបង្កើតនូវទំនាក់ទំនងនេះ ដើម្បីបង្កឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា ដោយទទួលបានប្រាក់ឈ្នួលខ្ពស់ សម្រាប់ជួយដល់ខ្លួនឯង និងផ្ញើរទៅក្រុមគ្រួសាររបស់ខ្លួនធ្វើឱ្យជីវភាពមានការធូរធារ។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ដល់ការគិតគូរដល់ពលករកម្ពុជា ដោយរាជរដ្ឋាភិបាលមានស្ថានឯកអគ្គរាជទូតកម្ពុជា និងទីប្រឹក្សាការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រចាំនៅកូរ៉េ សម្រាប់ជួយដោះស្រាយនូវបញ្ហាប្រឈមនានា ព្រមទាំងផ្តល់នូវភាពងាយស្រួលដល់បងប្អូនពលករកម្ពុជា ដូចជា៖ ការពន្យាសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃតាមរយៈប្រៃសណីយ៍ ការចុះពន្យាសុពលភាពលិខិតឆ្លងដែននៅថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យ តាមតំបន់ដែលមានកម្មករស្នាក់នៅ ការកាត់បន្ថយលក្ខខណ្ឌផ្សេងៗដើម្បីឱ្យពលករយើងទទួលបាន ឯកសារស្របច្បាប់រួមមាន ការពន្យាលិខិតឆ្លងដែន ការបកប្រែប័ណ្ណបើកបរ ការបូជាសព និងការទាមទារប្រាក់ធានារ៉ាប់រង ជូនគ្រួសារសពជាដើម និងមានផ្ទះស្នាក់នៅ

បណ្តោះអាសន្នសម្រាប់ពលករកម្ពុជាយើងដែលមានការផ្លាស់ប្តូរកន្លែងធ្វើការ ហើយមិនទាន់ទទួលបានការងារថ្មីធ្វើ តាមរយៈកិច្ចសហការជាមួយមជ្ឈមណ្ឌលគាំពារពលករបរទេសនៅកូរ៉េ។

លោករដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើដល់បងប្អូនពលករកម្ពុជាទាំងអស់ ឲ្យខិតខំធ្វើការប្រកបដោយសុវត្តិភាព ដើម្បីមានជំនាញច្បាស់លាស់ និងគោរពច្បាប់របស់ប្រទេសកូរ៉េ ក៏ដូចជាត្រូវចេះស្រឡាញ់រាប់អានគ្នា ជួយយកអាសារគ្នាទៅវិញទៅមក ចាត់ទុកគ្នាដូចជាបងប្អូនក្នុងគ្រួសារតែមួយ និងត្រូវចេះសន្សំសំចៃប្រាក់សម្រាប់ផ្ញើទៅក្រុមគ្រួសារ ខំថែទាំសុខភាពឱ្យបានល្អ ស្វែងរកធានារ៉ាប់រងនានាដើម្បីជួយដល់បងប្អូនពេលមានបញ្ហាអ្វីមួយជាយថាហេតុ៕