Wednesday, April 19, 2017

ធនា​គារពិភព​លោក ផ្តល់កម្ចី​គ្មានការប្រាក់​ជាង១០០​លានដុល្លាដើម្បី​លើកកម្ព​ស់គុណ​ភាព​អប់រំ និងវិស័យហេដ្ឋារចនា​សម្ព័ន្ធ

ធនាគារពិភពលោកសម្រេចទម្លាក់កញ្ចប់ថវិកាជាង១០០លានដុល្លា ដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជាក្នុងគោលដៅអភិវឌ្ឍធនធានមនុស្សបំរើឲ្យវិស័យវិទ្យាសាស្ត្រសង្គម។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថាគម្រោងមានគោលបំណងពង្រឹងការគ្រប់គ្រងរបស់សាលានិងលើកកម្ពស់ គុណភាពគ្រូបង្រៀននៅកម្រិតអនុវិទ្យាល័យ ពិសេសលើមុខវិជ្ជា គណិតវិទ្យា រូបវិទ្យា ជីវវិទ្យា គីមីវិទ្យា អក្សរ សាស្រ្ត ខ្មែរ និងប្រវត្តិវិទ្យា។
គម្រោងលើកកម្ពស់ការអប់រំអនុវិទ្យាល័យនេះមានរយៈពេល៥ឆ្នាំហើយផ្តោតលើថ្នាក់ទី៧ដល់ទី៩នៅទូទាំងប្រទេសមានទឹកប្រាក់ប្រមាណ៤០លានដុល្លាអាមេរិក ដែលផ្តល់ដោយ សមាគមអភិវឌ្ឍន៍អន្តរជាតិជាភ្នាក់ងារមួយរបស់ធនាគារពិភពលោកសម្រាប់ជួយប្រទេសក្រីក្រ។
លោកស្រីអ៊ីហ្គូណាដូប្រាចា ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជាមានប្រសាសន៍ថា គម្រោងក៏នឹងធ្វើឲ្យប្រសើរឡើងនូវគុណភាពសមស្របរបស់ សាលារៀនដោយស្ថាបនាឡើងវិញនូវអនុវិទ្យាល័យចំនួន១០០ និងសាងសង់ថ្មីចំនួន ៣០ដោយបានផ្តល់ ផលប្រយោជន៍ដល់សិស្សនុសិស្សជាង ១៦០០០នាក់ គ្រូជាង ២២០០នាក់ នាយកនិងនាយក រងអនុវិទ្យាល័យ៣១០នាក់ និងមន្រ្តីនៃអនុវិទ្យាល័យ ព្រមទាំងមន្រ្តីមន្ទីរអប់រំខេត្ត និងការិយាល័យអប់រំស្រុក ចំនួន១៥០០នាក់។
លោកស្រីបញ្ជាក់ថា ការអនុម័តថវិកា១០០លានដុល្លាអាមេរិករបស់ធនាគារពិភពលោក ក៏បានជួយទៅដល់ការស្ថាបនាផ្លូវជនបទឲ្យមានទំនាក់ទំនងប្រសើរនិងធន់នឹងឥទ្ធពលពីអាកាសធាតុអាក្រក់ផងដែរ។
លោកស្រីបន្តថា ជាគម្រោងនឹងត្រូវស្ថាបនាឡើងវិញចំពោះផ្លូវជនបទប្រវែង ២៥០គ.ម ក្នុងខេត្តចំនួន ៦តាមដងទន្លេមេគង្គ និងទន្លេសាប ហើយវានឹងផ្តល់ប្រយោជន៍ដល់ប្រជាជនប្រមាណ ៣លាន៥សែននាក់ក្នុងខេត្តស្ទឹងត្រែង ក្រចេះ កំពងចាម ត្បូងឃ្មុំ សៀមរាប និងខេត្តកណ្តាល រួមទាំងប្រជាជនដែលធ្វើដំណើរឆ្លងកាត់ផ្លូវទាំងនេះ។
គម្រោងនឹងស្ថាបនាផ្លូវដែលអាចអាចបញ្ជៀសការចំណាយខ្ពស់លើការសាងសង់ដដែលៗ។ប្រព័ន្ធគ្រប់គ្រងផ្លូវថ្នល់និងយុទ្ធសាស្រ្តនានានឹងត្រូវពង្រឹងដើម្បីគាំទ្រដល់កម្ពុជាលើផែនការធន់នឹងអាកាសធាតុការអនុវត្តនិងការតាមដានផ្លូវជនបទ។
លោក វង្សី វិស្សុត រដ្ឋលេខាធិកាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានស្វាគមន៍ចំពោះការគាំទ្រ របស់ធនាគារពិភពលោកក្នុងវិស័យអប់រំ និងដឹកជញ្ជូន ដែលវិស័យនេះស្របទៅនឹងអាទិភាព នៃផែនការអភិវឌ្ឍន៍យុទ្ធសាស្រ្តជាតិឆ្នាំ២០១៤-២០១៨។
សូមបញ្ជាក់ថា គម្រោងផ្តល់ជំនួយរបស់ធនាគារពិភពលោកដើម្បីលើកកម្ពស់គុណភាពអប់រំនិង វិស័យដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជានេះ ស្របពេលដែលរាជរដ្ឋាភិបាលកំពុងធ្វើការកែទម្រង់ គុណភាពអប់រំនិងធ្វើការស្តារប្រពន្ធ័គមនាគមន៍នានានៅជនបទដើម្បីជំរុញកំណើនសេដ្ឋកិច្ច៕


No comments:

Post a Comment