Wednesday, April 19, 2017

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ជួបសំណេះសំណាល​ជាមួយ​បេក្ខជន​ក្រុមប្រឹក្សាឃុំ​ទាំង១៨ឃុំ​ នៅទូទាំង​ស្រុកកណ្តាលស្ទឹង​

សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់ជាតិ ប្រចាំស្រុកកណ្តាលស្ទឹង នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានលើកឡើងថា ទោះក្នុងតម្លៃណាក៏ដោយ យើងទាំងអស់គ្នាត្រូវការពារសន្តិភាពឲ្យបាន។ ទាក់ទិន ទៅនឹងការដណ្តើមប្រៀបឈ្នះ លើការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ដែលនឹងប្រព្រឹតទៅ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ លោកឧត្តមសេនីយ៍ បានលើកឡើងថា ចាញ់ឬឈ្នះ គឺអាស្រ័យលើបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់  និងមន្ត្រីក្រុមប្រឹក្សា ឃុំសង្កាត់ អជ្ញាធរមូលដ្ឋាន ត្រូវធ្វើតែអំពើល្អ បំពេញតួនាទីភារកិច្ចរបស់ខ្លួន យកចិត្តទុកដាក់បំរើសេវាសាធារណៈ ការពារផលប្រយោជន៍ប្រជាជន និងពន្យល់ណែនាំ ដល់ប្រជាជនយល់ដឹងថា មីក្រូហិរញ្ញវត្ថុ គឺជារបស់ឯកជន មិនមែនជារបស់រដ្ឋនោះទេ។ លោកក៏បានថ្លែងកោតសរសើដល់មន្ត្រីក្រុមប្រឹក្សាឃុំ កងកម្លាំងប្រដាប់អាវុធ ទាំងអស់ ដែលបានយកចិត្តទុកដាក់ខិតខំ អស់កម្លាំងកាយចិត្តបម្រើ ប្រជាជនកន្លងមកនេះ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាឃុំទាំង១៨ឃុំ នៅទូទាំងស្រុកកណ្តាលស្ទឹង ប្រមាណជាង៧០៥នាក់ នាយឧត្តមសេនីយ៍ បានបន្តថា ក្រុមប្រឹក្សាឃុំ អាជ្ញាធរដែនដី និងយុវជន មានតួនាទី និងភារកិច្ចសំខាន់ក្នុងការផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលដល់ស្រទាប់មហាជន ប្រជាជន ដើម្បីចូលរួមក្នុងការកសាង ការពារ និងអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីចម្រើនលូតលាស់លើគ្រប់វិស័យ។

លោកក៏បានលើកឡើងទៀតថា គណបក្សប្រជាជនកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ បានយកចិត្តទុកដាក់កសាងនូវសមិទ្ធផលនានាជាច្រើននៅពាសពេញផ្ទៃប្រទេស ក្នុងគោលបំណងតែមួយគត់ គឺដើម្បីបំរើផលប្រយោជន៍របស់ប្រជាពលរដ្ឋកម្ពុជា។

ក្នុងឱកាសឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ទេវតា ព្រះនាម កិមិរាទេវី នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ជូនពរ ក្រុមប្រឹក្សាឃុំ និងក្រុមការងារគណៈពង្រឹងទាំងអស់ ឆ្នាំថ្មី មានសុខភាពល្អ  ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត និងបានរៀបចំពិសារបាយសាគ្គី ក៏ដូចជា ឧបត្ថម្ភថវិកា ជូនក្រុមប្រឹក្សាឃុំ ទូទាំងស្រុកកណ្តាលស្ទឹង ប្រមាណជាង៧០០នាក់ផងដែរ៕




No comments:

Post a Comment