Monday, September 26, 2022

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូធ្វើដំណើរដល់ទីក្រុងតូក្យូប្រទេសជប៉ុន ប្រកបដោយសុវត្ថិភាព


នៅវេលាម៉ោង ១៨.៣០នាទី(ម៉ោងនៅតូក្យូ) ត្រូវនឹងម៉ោង ១៦.៣០នាទី(ម៉ោងនៅរាជធានីភ្នំពេញ)  ល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរដល់ទីក្រុងតូក្យូប្រទេសជប៉ុន ប្រកបដោយសុវត្ថិភាពហើយ។ 


ដំណើរអញ្ជើញដល់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ទទួលបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់មន្ត្រីថ្នាក់ដឹកនាំ នៃប្រទេសជប៉ុន ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសជប៉ុន និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។


សូមជម្រាបថា ដំណើរអញ្ជើញមកកាន់ប្រទេសជប៉ុននេះ គឺដើម្បីចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិរបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ (ABE Shinzo) អតីតនាយករដ្ឋមន្តី ជប៉ុន ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ស្អែកនេះ។


អតីតនាយករដ្ឋមន្ត្រី ឯកឧត្តម អាបេ ស៊ីនហ្សូ គឺជាមិត្តដ៏ល្អយូរអង្វែងរបស់សម្តេចតេជោនាយករដ្ឋមន្តី និងកម្ពុជា។ នៅក្នុងអាណត្តិជានាយករដ្ឋមន្ត្រីរបស់ឯកឧត្តម ឯកឧត្តមបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន ក្នុងនោះរួមទាំង ការលើកកម្រិតកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រ នៅឆ្នាំ២០១៣។ ឯកឧត្តមត្រូវបានគេទទួលស្គាល់ និងកោតសរសើរយ៉ាងទូលំទូលាយចំពោះភាពជាអ្នកដឹកនាំ ប្រកបដោយសមត្ថភាព ក្នុងការជំរុញវឌ្ឍនភាពរបស់ជប៉ុន និងការចូលរួមចំណែកយ៉ាងសកម្មដល់ សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល។


ក្នុងអំឡុងពេលស្នាក់នៅទីក្រុងតូក្យូ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបជាមួយសមភាគី បរទេសរបស់សម្ដេច និងទទួលការជួបសម្ដែងការគួរសមពីសំណាក់ឥស្សរជនជប៉ុន៕

ការពិតពីមាតុភូមិ៖ សាលដីកាផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត លើអតីតប្រមុខរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ គឺជាប្រវត្តិសាស្ត្រនៃយុត្តិធម៌មនុស្សជាតិ


(ភ្នំពេញ)៖ ការប្រកាសសាលដីការបស់តុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ លើសំណុំរឿងលេខ ០០២/០០២ ដែលបានសម្រេចជាស្ថាពរ តម្កល់ការសម្រេចផ្តន្ទាទោសលើអតីតប្រមុខរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ ខៀវ សំផន ដោយដាក់ទោសក្នុងកម្រិតអតិបរមានៃច្បាប់ព្រហ្មទណ្ឌកម្ពុជា គឺការដាក់ពន្ធនាគារអស់មួយជីវិត ដោយត្រូវអនុវត្តត្រួតគ្នាជាមួយនឹងទោស ដាក់ពន្ធនាគារអស់មួយជីវិត នៅក្នុងសំណុំរឿងលេខ ០០២/០១ របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ពីបទឧក្រិដ្ឋអមនុស្សធម៌ដ៏ព្រៃផ្សៃជាច្រើនទម្រង់ ក្នុងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងបទរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ។


ឆ្លងកាត់ដំណើរការនីតិវិធីអស់រយៈពេលជាង១៦ឆ្នាំ តុលាការបានរកឃើញនូវអត្ថិភាពនៃបទល្មើស និងដាក់ទោសទៅលើអ្នកទទួលខុសត្រូវជាន់ខ្ពស់បំផុត នៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលបានប្រព្រឹត្តនិងបញ្ជាឱ្យប្រព្រឹត្តបទឧក្រិដ្ឋកម្មដ៏មហាឃោរឃៅ នាអតីតកាលដ៏ខ្មៅងងឹតនៅកម្ពុជា និងបញ្ចប់ស្ថានភាពនិទណ្ឌភាពរបស់មេដឹកនាំរបបប្រល័យពូជសាសន៍ ។


សាលដីកាដែលជាសេចក្តីសម្រេចចុងក្រោយរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានេះ ជាការឧទ្ទិសដល់ដួងវិញ្ញាណក្ខ័ន្ធនៃជនរងគ្រោះដែលបានបាត់បង់ជីវិត និងបានផ្តល់យុត្តិធម៌ដល់ជនរងគ្រោះដែលនៅរស់រានមានជីវិត និងក្រុមគ្រួសាររបស់ជនរងគ្រោះដែលបានបាត់បង់ជីវិត ឱ្យបានស្ងប់ចិត្ត សម្រាលនូវរបួសផ្លូវចិត្ត ព្រមទាំងជួយពង្រឹងដំណើរការផ្សះផ្សាជាតិ ។


សេចក្តីសម្រេចដែលធ្វើឡើងដោយអង្គជំនុំជម្រះវិសាមញ្ញ គឺជាការប្រសូត្រឡើង និងដំណើរការយ៉ាងជោគជ័យក្រោមកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងភាពជាដៃគូដ៏ល្អប្រសើររវាងកម្ពុជា និងអង្គការសហប្រជាជាតិ រួមនឹងកិច្ចសហប្រតិបត្តិការពីបណ្តាប្រទេសផ្តល់ជំនួយ ។ លទ្ធផលដែលកើតចេញពីការវិនិច្ឆ័យនេះ គឺជាការប្រកាសប្រាប់ពិភពលោកអំពីការពិតដែលបានរកឃើញ និងយុត្តិធម៌ដែលត្រូវបានការពារ ហើយក៏បញ្ជាក់ជាសាកលថា ឧក្រិដ្ឋកម្មយង់ឃ្នងបែបនេះ ពិតជាពុំអាចកើតមានឡើយ នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ។


សាលដីកានេះ ក៏ឆ្លុះបញ្ចាំងឱ្យឃើញរឹតតែច្បាស់ថែមទៀតថា ខ្មែរគ្រប់រូបពិតជាត្រូវការសន្តិភាព ដែលកំពុងមាននៅពេលបច្ចុប្បន្ន និងដែលជាគ្រឹះនៃការកសាង និងអភិវឌ្ឍន៍សង្គមជាតិ ព្រមទាំងជៀសវាងមិនឱ្យរបបអន្ធការជួជាតិនេះ វិលត្រឡប់មកវិញជាដាច់ខាត ។


ដោយ៖ ការពិតពីមាតុភូមិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនាមជ្ឈមណ្ឌល Fidel Castro ជាមួយការបង្ហាញអារម្មណ៍នឹករលឹកខ្លាំងចំពោះអនុស្សាវរីយ៍ជាមួយ លោក កាស្ត្រូ


(គុយបា)៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា (ម៉ោងនៅគុយបា) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទស្សនកិច្ចនៅមជ្ឈមណ្ឌល Fidel Castro ក្នុងរដ្ឋធានីហាវ៉ាណា ប្រទេសគុយបា។ វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោ និងគណៈប្រតិភូ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីថ្នាក់ដឹកនាំ នៃមជ្ឈមណ្ឌល Fidel Castro។


សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញទស្សនានូវរូបភាព និងការណែនាំពីថ្នាក់ដឹកនាំ នៃមជ្ឈមណ្ឌល Fidel Castro។ មជ្ឈមណ្ឌល Fidel Castro បានដាក់តាំងបង្ហាញនូវ មហាស្នាដៃ និងសមិទ្ធផលនៃកេរ្តិ៍មរតកសម្បត្តិដ៏មានតម្លៃរបស់លោក ហ្វីដែល កាស្រ្តូ ក្នុងការធ្វើបដិវត្តន៍ ពីឆ្នាំ១៩៥១ ដល់ឆ្នាំ១៩៥៩។


សារមន្ទីរ Centro Fidel Castro ត្រូវបានគេដាក់បង្ហាញនៅក្នុងវិមានដ៏ប្រណិតមួយនៅក្នុងសង្កាត់វេដាដូ ដ៏ធំទូលាយរបស់ទីក្រុងហាវ៉ាណា ហើយបានបើកទ្វាររបស់ខ្លួននៅថ្ងៃគម្រប់ខួបប្រាំឆ្នាំនៃការស្លាប់របស់មេបដិវត្តគុយបាលោក កាស្រ្តូ។ វាបង្ហាញពីកេរ្តិ៍ដំណែល និងគំនិតរបស់លោកកាស្ត្រូ នៅក្នុងបន្ទប់តាំងពិពរណ៍ជាច្រើន ក្នុងមហោស្រព កន្លែងលក់សៀវភៅ ក្នុងសួនច្បារ ក៏ដូចជាបណ្ណាល័យដ៏ធំទូលាយមួយ រួមទាំងសៀវភៅដែលសរសេរដោយអ្នកស្រុកកោះតែមួយ និងអ្នកប្រលោមលោក Ernest Hemingway ផងដែរ។


រដ្ឋាភិបាលសង្ឃឹមថា មជ្ឈមណ្ឌលនេះនឹងជួយផ្សព្វផ្សាយសាររបស់លោក កាស្ត្រូ ទៅកាន់អ្នកទស្សនា ទាំងក្នុងស្រុក និងបរទេស ដើម្បីពង្រឹងកេរ្តិ៍ដំណែលបដិវត្តន៍របស់គាត់។ សារៈមន្ទីរនេះបើកដំណើរការនៅឆ្នាំ២០២១ និងជាផ្នែកមួយនៃការរំលឹកខួបលើកទីប្រាំនៃការស្លាប់របស់មេដឹកនាំប្រវត្តិសាស្ត្រនៃបដិវត្តគុយបា។ 

គោលបំណងរបស់មជ្ឈមណ្ឌលនេះ គឺ «ដើម្បីសិក្សា និងផ្សព្វផ្សាយគំនិត ការងារ ជីវិត និងគំរូរបស់មេដឹកនាំប្រវត្តិសាស្ត្រគុយបា»។


សូមបញ្ជាក់ថា ក្នុងសម័យអតីតសាធារណរដ្ឋប្រជាមានិតកម្ពុជា បានផ្តល់ជូននូវមេដាយឥស្សរិយយស ថ្នាក់ខ្ពស់បំផុត ជូនលោក ហ្វីដែល កាស្រ្តូ។ មេដាយនោះត្រូវបានរក្សានៅក្នុងមជ្ឈមណ្ឌលនេះ ជាមួយគ្រឿងឥស្សរិយយសប្រមាណ៥០០គ្រឿង ដែលលោក ហ្វីដែល កាស្រ្តូ ទទួលបាន ពីបណ្តាមេដឹកនាំពិភពលោកដទៃទៀត។ មជ្ឈមណ្ឌលនេះ បានបើកទទួលឱ្យបណ្តាមេដឹកនាំពិភព លោក ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ បានចូលទស្សនាសិក្សាស្រាវជ្រាវពីប្រវត្តិ និងស្នាដៃនៃការដឹកនាំរបស់ លោក ហ្វីដែល កាស្រ្តូ អតីតប្រធានាធិបតីគុយបា ក្នុងការដឹកនាំ និងកសាងដែនដីកោះមួយនេះ ទទួលបានឯករាជ្យ និងកសាងសង្គមមួយតាមបែបសង្គមនិយម ក្នុងរយៈពេលជាងកន្លះទសវត្សចុងក្រោយនេះ។


សម្តេចតេជោនាយករដ្ឋមន្ត្រី បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរ ជូនចំពោះថ្នាក់ដឹកនាំគុយបាជំនាន់ក្រោយ ដែលបានខិតខំបង្កើតនូវមជ្ឈមណ្ឌលនេះឡើង ដើម្បីទុកឲ្យមនុស្សជំនាន់ក្រោយបានចូលទស្សនា និងសិក្សាស្វែងយល់ពីប្រវត្តិ និងស្នាដៃដ៏មានគុណតម្លៃរបស់លោក ហ្វីដែល កាស្រ្តូ ក្នុងការដឹកនាំបដែនដីកោះមួយនេះ ក្នុងរយៈពេលជាងកន្លះសតវត្សកន្លងមក។


នៅក្នុងឱកាសនៃការអញ្ជើញទស្សនាមជ្ឈមណ្ឌល Fidel Castro នោះដែរ ដូចគ្នានិងបណ្តាមេដឹកនាំពិភពលោកនានា សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាសរបស់មជ្ឈមណ្ឌល ដើម្បីទុកជាអនុស្សាវរីយ៍ដល់មជ្ឈមណ្ឌល និងដើម្បីបង្ហាញជូនដល់បណ្តាមេដឹកនាំពិភពលោក និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលចូលមកទស្សនាមជ្ឈមណ្ឌលនេះ ពីការប្រវត្តិដែលសម្តេចបានអញ្ជើញចូលនិងធ្វើទស្សនកិច្ចក្នុង មជ្ឈមណ្ឌល Fidel Castro។


ខ្លឹមសារនៃការចុះហត្ថលេខាមានអត្ថន័យទាំងស្រុងថា «ខ្ញុំសូមកោតសរសើរដល់រដ្ឋាភិបាលនៃសាធារណរដ្ឋគុយបា ចំពោះគំនិតផ្តួចផ្តើមបង្កើតឲ្យមានមជ្ឈមណ្ឌលដ៏ទំនើប និងមានអត្ថន័យមួយនេះឡើង។ បើទោះជាមជ្ឈមណ្ឌលទើបតែបង្កើតឡើងកាលពីឆ្នាំ២០២១កន្លងទៅយ៉ាងណាក៏ដោយ ក៏មជ្ឈមណ្ឌលពិតជាបានបង្ហាញនូវភាពសំបូរបែប ក្នុងការផ្តល់នូវការសិក្សា និងការផ្សព្វផ្សាយគំនិត ទស្សនវិស័យ ជីវិត ការតស៊ូ និងគំរូវីរភាព ដឹកនាំដ៏ឈ្លាសវៃ របស់ឯកឧត្តម Fidel Castro បិតាបដិវត្តន៍ឯករាជ្យគុយបាជាប្រវត្តិសាស្ត្រ ហើយក៏ជាមិត្តជិតស្និទ្ធរបស់កម្ពុជា ជាពិសេសជាមួយអតីតព្រះវររាជបិតាឯករាជ្យជាតិកម្ពុជា ព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ»។


សម្តេចតេជោ បានសរសេរទៀតថា «ខ្ញុំពិតជាមានការនឹកស្តាយ និងអាលោះអាល័យ ចំពោះការបាត់បង់នូវវីរបុរស របស់គុយបាមួយរូប ដែលបានចំណាយពេលមួយជីវិត ប្រឆាំងនឹងបច្ចាមិត្ត ជាថ្នាក់ដឹកនាំកំពូលម្នាក់ប្រកបដោយគុណធម៌ដែលតែងផ្តល់ជំនួយ និងការឧបត្ថម្ភ មិនត្រឹមតែចំពោះកម្ពុជា តែដូចជាប្រទេសជាច្រើនលើសាកលលោកផងដែរ។ លើសពីនេះទៀត ការទស្សនាមជ្ឈមណ្ឌល Fidel Castro ដ៏ល្បីល្បាញនេះ បានធ្វើឱ្យខ្ញុំនឹកដល់ឯកឧត្តម Fidel Castro ជាខ្លាំង ជាពិសេស គឺនឹកដល់ពេលដែលខ្ញុំបានជួបសន្ទនាជាមួយរូបគាត់អស់រយៈពេល៨ម៉ោង ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបាកាលពីឆ្នាំ១៩៩៩។ ខ្ញុំសូមជូនពរសូមអោយមជ្ឈមណ្ឌលមួយនេះ ទទួលបាននូវការគាំទ្រលើសលប់ និងសម្រេចបាននូវសមិទ្ធផលជាច្រើនបន្តបន្ទាប់ទៀតក្នុងបេសកម្មរបស់ខ្លួន»។


បន្ទាប់ពីបានស្នាក់អាស្រ័យបំពេញទស្សនកិច្ចផ្លូវ នៅរដ្ឋធានីហាវ៉ាណា សាធារណរដ្ឋគុយបា រយៈពេល២ថ្ងៃប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញធ្វើដំណើរចាកចេញពីរដ្ឋធានីហាវ៉ាណា សាធារណរដ្ឋគុយបា ក្នុងដំណើរបន្តអញ្ជើញចូលរួមពីធីបុណ្យសពថ្នាក់ជាតិ របស់លោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន នភទីក្រុងតូក្យូ ប្រទេសជប៉ុន។


អញ្ជើញជូនដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូនាអាកាសយានដ្ឋានអន្តរជាតិ Jose Marti រួមមាន លោក លោកស្រី ជាឥស្សរជនជាន់ខ្ពស់ក្រសួងការបរទេសគុយបា និងឥស្សរជនការទូត របស់កម្ពុជា ប្រចាំរដ្ឋធានីហាវ៉ាណា សាធារណរដ្ឋគុយបាជាច្រើនរូប៕