Monday, June 21, 2021

អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សចេញផ្សាយវីដេអូថ្មី៖ «មេដឹកនាំខ្មែរមានពិសោធន៍គ្រប់គ្រាន់ក្នុងការកាច់ចង្កូតនាវាកម្ពុជាទោះក្នុងបរិបទពិភពលោក បែបណាក៏ដោយ»

នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្តី្របានចេញផ្សាយវីដេអូថ្មីមួយក្រោមចំណងជើងថា «មេដឹកនាំខ្មែរមានពិសោធន៍គ្រប់គ្រាន់ក្នុងការកាច់ចង្កូតនាវាកម្ពុជាទោះក្នុងបរិបទពិភពលោក បែបណាក៏ដោយ»។
ឃ្លីបវីដេអូ ដែលមានរយៈពេលប្រមាណជាង១៦នាទីនេះ បានផលិតឡើង ក្នុងគោលបំណងគ្រប់គ្រង និងអបរំសាធារណៈមតិជាពិសេស បង្ហាញ ជូន ប្រជាពលរដ្ឋជឿជាក់ លើការដឹកនាំរបស់សម្តេចតេជោ ក្នុងស្ថានភាពនៃការប្រកួតប្រជែងដណ្តើមឥទ្ធិពល និងផលប្រយោជន៍ភូមិសាស្ត្រនយោបាយរវាងមហាអំណាចចាស់ និងមហា អំណាចថ្មី និង ក៏បានរំលេចជូនសាធារណៈជនជាតិ និងអន្តរជាតិអោយបានឃើញ ពីភាពប៉ិនប្រសប់របស់ប្រមុខដឹកនាំកម្ពុជាដែលធ្លាប់មានបទពិសោធន៍ឆ្លងកាត់សមរភូមិប្រដាប់អាវុធ ១០៥លើក និងសមរភូមិ នយោបាយការបរទេសគ្រប់កម្រិតរាប់ពាន់លើក ។ វីដេអូនេះ បានរំ លឹកនូវការដឹកនាំរបស់ សម្តេចតេជោ ក្នុងការ ប្រើប្រាស់បទពិសោធន៍ដ៏សម្បូរបែបរបស់ខ្លួន ដើម្បីកាច់ចង្កូតនាវាកម្ពុជាឆ្លងកាត់ព្យុះភ្លៀងនៃការប្រជែងឥទ្ធិពលគ្នាដ៏ស្រួចស្រាល់រវាងមហាអំណាចចាស់និងមហាអំណាចថ្មី ដោយរក្សាបាននូវលំនឹងនិងសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់ៗគ្នា។ នៅក្នុងវីដេអូនេះ ក៏បានបង្ហាញផងដែរពីសាវតា និងមូលហេតុ ដែលកម្ពុជាអាចឈានជើងចេញពី ប្រទេសធ្លាប់បានហែលឆ្លងកាត់ភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍យ៉ាងរង្គាល មកជាប្រទេសមួយដែលកំពុងតែឈរយ៉ាងរឹងមាំស្មើមុខ ស្មើសិទ្ធិ ជាមួយបណ្តាប្រទេសជិតខាងក្នុងតំបន់និងក្នុងពិភពលោក ជាមួយភាពរឹងមាំ និងការអភិវឌ្ឍយ៉ាងលឿនរហ័សដើម្បីចាកចេញពីស្រមោលដ៍ខ្មៅងងិតនៃអតីតកាលរបស់កម្ពុជា ដោយផ្អែកលើកត្តាសត្យានុមតិ៣៖ កត្តាសត្យាមុម័តទី១ គឺសន្តិភាព, ទី២ គឺភាពវាងវៃប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់មេដឹកនាំ និងកត្តាសត្យានុម័តទី៣ គឺការគាំទ្រនិងចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋ។ សូមទស្សនាវីដេអូ ដូចតទៅ៖

អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារកែលម្អកំណាត់ផ្លូវមួយចំនួនក្នុងរមណីយដ្ឋានអង្គរ

 សៀមរាប៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ កំណាត់ផ្លូវថ្នល់សំខាន់ៗមួយចំនួននៅក្នុងវង់តូច និងវង់ធំនៃរមណីយដ្ឋានអង្គរ ត្រូវបានបញ្ចប់ការជួសជុលកែលម្អសោភ័ណភាពរួចរាល់ទាំងស្រុង (អ៊ុតស្រទាប់ទី២) រួមមាន៖

១- ការអ៊ុតផ្លូវវង់ធំ ចាប់ពីមុខប្រាសាទប្រែរូប រហូតដល់ប្រាសាទមេបុណ្យខាងកេីត ប្រវែង១៨០០ម៉ែត្រ ទទឹង៦ម៉ែត្រ ជាប្រភេទបេតុងកៅស៊ូ AC។
២- ការអ៊ុតផ្លូវជុំវិញប្រាសាទបាយ័ន្ត ប្រវែង១,០២៤ម៉ែត្រ ទទឹង ៥-៦ ម៉ែត្រ ជាប្រភេទបេតុងកៅស៊ូ AC។
៣- ការអ៊ុតផ្លូវ ពពីខាងជើងប្រាសាទបាយ័ន្តដោយវាងមុខព្រះលានជល់ដំរី ទៅដល់ខ្លោងទ្វារដីឆ្នាំង ប្រវែង ១,៤២៧ ម៉ែត្រ ទទឹង៦ម៉ែត្រ ជាប្រភេទបេតុងកៅស៊ូ AC។

នៅក្នុងនោះផងដែរ អាជ្ញាធរជាតិអប្សរាក៏កំពុងអ៊ុតបេតុងកៅស៊ូ AC កែលម្អកំណាត់ផ្លូវផ្សេងៗ ទៀត ក្នុងតំបន់អង្គរជាបន្តបន្ទាប់ ឱ្យរួចរាល់រួចរាល់មុនដំណាច់ឆ្នាំ២០២១ នេះ ដេីម្បីលេីកកម្ពស់សោភ័ណភាព និងសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋផងដែរ។

សូមបញ្ជាក់ថា គម្រោងជួសជុលផ្លូវក្នុងតំបន់អង្គរនេះគឺជាគម្រោងផ្ទាល់របស់អាជ្ញាធរជាតិអប្សរា មិនស្ថិតនៅក្នុងគម្រោងផ្លូវ ៣៨ ខ្សែនោះទេ ៕






សោភ័ណភាពពណ៌ខៀវស្រងាត់ចាប់ផ្ដើមលេចមុខបណ្តើរៗនៅបរិវេណមុខព្រះលានជល់ដំរី

 សៀមរាប៖ បច្ចុប្បន្នបរិវេណមុខព្រះលានជល់ដំរី បាននិងកំពុងចាប់ផ្តើមប្រែមុខមាត់ថ្មី បន្ទាប់ពីអាជ្ញាធរជាតិអប្សរា កំពុងដំណើរការរៀបចំក្រាលថ្មបាយក្រៀមសម្រាប់ផ្លូវថ្មើរជើង សួនស្មៅ ដាំដើមឈើ។ ការកែលម្អនេះ គឺឱ្យស្របទៅលំនាំប្រាសាទបុរាណដើម្បីលើកតម្លៃវប្បធម៌ ធ្វើយ៉ាងណាឱ្យខាងមុខ ព្រះលានជល់ដំរី នេះមានទេសភាពល្អ និងសោភ័ណភាព បៃតងទាក់ទាញអ្នកទេសចរជាតិ និងអន្ដរជាតិទៅទស្សនាក្រោយបញ្ចប់ជំងឺកូវីដ -១៩ នាពេលខាងមុខ។

ការរៀបចំ លែងឱ្យមានចរាចរណ៍យានយន្តលើគន្លងផ្លូវចាស់ ដោយជំនួសផ្លូវវាងថ្មីនេះ បានរួមចំណែកសំខាន់ក្នុងការបញ្ជៀសកុំឱ្យប៉ះពាល់ដល់ប្រាសាទបុរាណ ដោយសារតែភាពរំញ័រ នៃគ្រឿងយន្ដ ហេតុដូច្នេះទើបអាជ្ញាធរជាតិអប្សរាកែលម្អឡើងវិញដោយធ្វើផ្លូវ ថ្មើរជើង សម្រាប់ ដើរទស្សនាប្រាសាទ និងដើម្បីលើកតម្កើងថែរក្សាអភិរក្សវប្បធម៌ជាតិ ។ លោកអ្នកអាចឃើញ នូវទស្សនីយភាពថ្មី ប្លែកភ្នែក ពេលមកទស្សនាក្រុងអង្គរធំ ក្រោយពីទីតាំងនេះមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធរជាតិអប្សរា។

សូមអញ្ជើញទស្សនា ទិដ្ឋភាពនៅជុំវិញបរិវេណខាងមុខ ព្រះលានជល់ដំរី ដែលបានរៀបចំរចនាសម្ព័ន្ធផ្លូវថ្មើរជើង សួនស្មៅ និងដាំដើមឈើ ដើមផ្កាលម្អយ៉ាងស្រស់ស្អាត៕





រដ្ឋបាលខេត្តស្វាយរៀង សូមសម្តែងនូវការសោកស្តាយដោយបានទទួលព័ត៌មានអំពីការស្លាប់របស់អ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន ០១នាក់

 នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀង សូមសម្តែងនូវការសោកស្តាយដោយបានទទួលព័ត៌មានអំពីការស្លាប់របស់អ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន ០១នាក់ បានបង្ហាញយ៉ាងច្បាស់លាស់ពីហានិភ័យដ៏កាចសាហាវដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋខេត្តស្វាយរៀងក៏ដូចមនុស្សទូទៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

រដ្ឋបាលបាលខេត្ត សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ ដែលបានបាត់បង់សមាជិកគ្រួសារជាទីស្រលាញ់ដោយសារជំងឺរ៉ាំរៃ ជរាពាធ និងមានវិជ្ជមានជំងឺកូវីដ-១៩។សូមបងប្អូនប្រជាពលរដ្ឋសូមបង្កើនការប្រុងប្រយ័ត្នចំពោះសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ ដោយគោរពឱ្យបានខ្ជាប់ខ្ជួនវិធានការសុខាភិបាល ជាពិសេស អនុវត្ត #៣កុំ និង #៣ការពារ ៕



លោក គួច ចំរើន ទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ដើម្បីចូលរួមអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១

 ព្រះសីហនុ÷ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ដែលបាននាំយកថវិកាឧបត្ថម្ភជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងកសាងធនធានរបស់សង្គម” ដើម្បីយកមកប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌ជួយប្រជាពលរដ្ឋរងគ្រោះ ប្រជាពលរដ្ឋជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

អំណោយដែលប្រគល់ជូនមកសាខាកាកបាទក្រហមកម្ពុជាខេត្តមានដូចជា៖
១.លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងលោកស្រី ឧបត្ថម្ភថវិកាចំនួន ២.០០០ ដុល្លារអាមេរិក
២.លោកឧកញ៉ា ឡាវ កាង អនុប្រធានកិត្តិយសសាខា និងលោកស្រីឧបត្ថម្ភថវិកាចំនួន ៥.០០០ ដុល្លារអាមេរិក
៣.លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ និងលោកស្រី ឧបត្ថម្ភថវិកាចំនួន ៥.០០០ ដុល្លារអាមេរិក
៤.លោក សន កុសល អភិបាលរងក្រុងព្រះសីហនុ និងលោកស្រី ឧបត្ថម្ភថវិកាចំនួន ៤០០.០០០ រៀល
៥.មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ សាលាក្រុងព្រះសីហនុ ឧបត្ថម្ភថវិកាចំនួន ៩.៣២០.០០០ រៀល
៦.ខេមបូឌាន អេសអេសអ៉ីហ្សិត ជេឌី លីង ឡូនីស្ទីក ឯ.ក និងសាខាកាកបាទក្រហមខេត្តជាំងស៊ូ និងក្រុងវ៉ូស៊ី ឧបត្ថម្ភម៉ាស់ចំនួន ១០០ កេស ស្មើនឹង ២០០.០០០សន្លឹក និងអាវពេទ្យចំនួន ៥០០កេស ស្មើនឹង ១៥.០០០អាវ
៧.មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ឧបត្ថម្ភថវិកាចំនួន ១.០០០.០០០ រៀល។

ក្នុងនោះ លោក គួច ចំរើន បានថ្លែងអំណរគុណចំពោះលោកឧកញ៉ា លោក លោកស្រីជាម្ចាស់ក្រុមហ៊ុន សណ្ឋាគារ កាស៊ីណូ និងបងប្អូនសប្បុរសជនដែលបាននាំយកថវិកាឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីឱ្យសាខាមានថវិកា និងធនធាន ដើម្បីយកមកបម្រើសកម្មភាពមនុស្សធម៌ ចែកជូនបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ពិសេសប្រជាពលរដ្ឋនៅក្នុងបំបន់បិទខ្ទប់ដែលកំពុងខ្វះខាតស្បៀងក្នុងអំឡុងជំងឺរាតត្បាតកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ ដោយមិនមានប្រកាន់វណ្ណ: ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី និងបងប្អូនសប្បុរសជនទាំងអស់បន្តជួយឧបត្ថម្ភគាំទ្រសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុរបស់យើងបន្តទៀត ដើម្បីសាខាមានធនធាន ថវិកា សម្ភារៈដើម្បីយកមកធ្វើការចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ឬគ្រោះមហន្តរាយនានាបានទាន់ពេលវេលា៕






ពិធីសម្ពោធសមិទ្ធផលនានាក្នុងរយៈពេល ១ឆ្នាំ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16

 ត្បូងឃ្មុំ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ សមិទ្ធផលនានា រួមមានសាលាសំណាក់ ស្រះទឹក បន្ទប់អនាម័យ វេទិកាប្រារព្ធពិធី ទីលានបាល់ទាត់ ស្ថិតនូវចំណុចx១៦ តំបន់ប្រវត្តិសាស្ត្រកោះថ្ម ក្នុងឃុំទន្លូង ស្រុកមេមុត ខេត្តត្បូងឃ្មុំ ត្រូវបានប្រារព្ធពិធីកាត់ខ្សែបូរ សម្ពោធបើកអោយប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឧត្តមសេនីយ៍ឯកបម្រុង ហ្វាន វ៉ាន់ ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអបអរខួបលើកទី៤៤ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត (២០-មិថុនា-១៩៧៧_២០-មិថុនា-២០២១)។ សូមបញ្ជាក់ថា៖ ការសាងសង់អគារវេទិកាអចិន្ត្រៃយ៍១ខ្នងនេះ គឺសម្រាប់ងាយស្រួលក្នុងការរៀបចំប្រារព្ធពិធីផ្សេងៗ ដែលវេទិកានេះ បានសាងសង់ឡើងតាមរចនាបទខ្មែរ មានទំហំ ទទឹងប្រវែង៦,១ម៉ែត្រ បណ្តោយប្រវែង៤៧ម៉ែត្រ កម្ពស់១ជាន់ អគារវេទិកានេះ ចំណាយថវិកាចំនួន ១៨១.៩៦៣ដុល្លារ។

ស្របពេលជាមួយគ្នានោះដែរ លោក ទៀ បាញ់ បានអញ្ជើញចូលរួមពិធីសម្ពោធសិលាចារិកជាមួយរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ដែលទីតាំងសិលាចារិកនេះ កាលពី៤៤ឆ្នាំមុន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងយុទ្ធមិត្ត៤រូបទៀត បានឆ្លងកាត់ព្រំដែនឈប់សំរាកនៅចំណុចសិលាចារឹកនេះ រង់ចាំពេលទាបភ្លឺ ដើម្បីចូលទៅក្នុងប្រទេសវៀតណាម។ ក្នុងឱកាសប្រារព្ធខួបលើកទី៤៤ សម្តេចពិជ័យសេនា ទៀ បាញ់ និងរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ក៏បានអញ្ជើញចូលរួម បើកការដ្ឋានបញ្ចុះបឋមសិលាសាងសង់អគារមិត្តភាពកម្ពុជា វៀតណាមនៅចំណុច X-១៦។

សូមបញ្ជាក់ផងដែរថា ការសាងសង់អគារមិត្តភាពកម្ពុជា វៀតណាម មានទំហំ ទទឹងប្រវែង១៨ម៉ែត្រ បណ្តោយ៦៣ម៉ែត្រ កម្ពស់២ជាន់ ចំណាយថវិកាចំនួន ១.០២៨.៥១០ដុល្លារ ក្នុងនោះក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជួយឧបត្ថម្ភថវិកាក្នុងការសាងសង់អគារមិត្តភាពកម្ពុជា វៀតណាម នេះ ចំនួន ១.១២៧.១១៤ ដុល្លារ ៕





សារលិខិតសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២១


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានចេញសារលិខិត ក្នុងឱកាសខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២១។ 
ក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ គឺជាទិវាប្រវត្តិសាស្ត្រ ប្រកបដោយមោទនភាពបំផុត ដែលបងប្អូនអតីតយុទ្ធជន និង ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា បានប្រារព្ធខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជា ដើម្បីរំឭកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហានៃយើង។
ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិ របស់វីអតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋយើង នៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ គឺបានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់កម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
សម្តេចតេជោបន្តថា ក្នុងនាមរាជរដ្ឋាភិបាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្តេចសូមលំឱនកាយគោរព ចំពោះវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋកម្ពុជាដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន និងសូមផ្តាំផ្ញើនូវការសួរសុខទុក្ខ ប្រកបដោយក្តីស្រឡាញ់ ជូនចំពោះបងប្អូនអតីតយុទ្ធជនគ្រប់រូប និងគ្រប់ក្រុមគ្រួសាររបស់បងប្អូន ដែលបាននឹងកំពុងបន្តចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងបុព្វហេតុការពារ កសាង និងអភិវឌ្ឍប្រទេសជាតិ៕
ខាងក្រោមនេះជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន៖