Tuesday, May 21, 2024

រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំប្រតិភូជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង ចុះទៅពិនិត្យស្ថានភាពផ្លូវជនបទ២ខ្សែ និងស្ពានចំនួន២ ដែលកំពុងជួសជុល





ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង អញ្ជើញចុះទៅពិនិត្យស្ថានភាពផ្លូវជនបទចំនួន២ខ្សែ និងស្ពានចំនួន២ ដែលកំពុងសាងសង់ និងជួសជុល នៅខេត្ដកំពង់ចាម។

ការចុះទៅពិនិត្យស្ថានភាពផ្លូវជនបទខ្សែទី១ ដែលចាប់ផ្ដើមពីចំណុចផ្សារផ្អាវ ស្ថិតនៅក្នុងភូមិផ្អាវ ឃុំផ្អាវ ឆ្លងកាត់ ឃុំជើងព្រៃ ឃុំទំនប់ ឃុំសណ្ដែក និងឃុំគ្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ទៅដល់ភូមិព្រៃត្រី ឃុំព្រៃត្រី ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង គឺតបតាមការស្នើសុំជួយអន្តរាគមន៍ជួសជុលបន្ទាន់របស់អាជ្ញាធរខេត្ត តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត  ស្ថិតនៅក្នុងស្រុកបាធាយ ខេត្តកំពង់ចាម។

ការចុះពិនិត្យស្ថានភាពផ្លូវនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម មន្ទីរ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត ក្រោយពិនិត្យជាក់ស្ដែង ផ្លូវនេះមានការខូចខាតជាកំណាត់ៗ ចំនួន០៤កំណាត់ ដែលមានប្រវែងខូចខាត៧៤០០ម៉ែត្រ បង្កឱ្យមានការលំបាកដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាជន។

បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រី បានបន្តអញ្ជើញពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវ១ខ្សែ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៣ ៩២៥ម៉ែត្រ ទទឹង ៨ម៉ែត្រ ចិញ្ចើមសងខាងក្រាលល្បាយក្រួស ១ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិអណ្ដូងស្នាយ ទៅដល់ភូមិស្រយ៉ង់ពង ឃុំជើងព្រៃ ស្រុកបាធាយ ដែលជាលទ្ធផលសម្រេចបាន ៣០% ស្ថិតក្នុងក្របខ័ណ្ឌគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន។

ក្រោយពីអញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពផ្លូវ ២ខ្សែរួចមកទៀត ឯកឧត្តមរដ្ឋមន្ដ្រី បានអញ្ជើញពិនិត្យស្ពានចំនួន ២កន្លែងទៀត ដោយស្ពានទី១៖ ស្ពានបេតុងប្រវែង ៦០ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ថិតក្នុងឃុំព្រែករំដែង ស្រុកស្រីសន្ធរ និងស្ពានទី២៖ ស្ពានឈើប្រវែង ៣៥ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតក្នុងភូមិទី១៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ក្នុងការអញ្ជើញពិនិត្យស្ពានទី២ នេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់មន្ត្រីបច្ចេកទេសសិក្សា ដើម្បីដាក់ចូលក្នុងគម្រោងថវិកានាឆ្នាំក្រោយដើម្បីដោះស្រាយបញ្ហាលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕







ធនាគារជាតិនៃកម្ពុជា ក្រើនរំលឹកបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្តល់កម្ចីដល់វិស័យអចលនទ្រព្យ



លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានក្រើនរំលឹកសាជាថ្មីម្តងទៀត ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ត្រូវបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្តល់ឥណទានដល់វិស័យអចលនទ្រព្យដែលកំពុងស្ថិតក្នុងស្ថានភាពមិនទាន់ល្អនៅឡើយ។


ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «របាយការណ៍ស្ថានភាពហិរញ្ញវត្ថុឆ្នាំ ២០២៣» នៅថ្ងៃទី ២០ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ ជា សិរី បានថ្លែងថា យើងត្រូវតែបន្តមានភាពប្រុងប្រយ័ត្នខ្ពស់ជាពិសេសចំពោះភាពទន់ខ្សោយនៃវិស័យអចលនទ្រព្យ ដែលមានការផ្គត់ផ្គង់លើសតម្រូវការ ហើយសន្ទស្សន៍ថ្លៃលំនៅឋាននៅក្នុងឆមាសទី២ ឆ្នាំ២០២៣ បានថយចុះ ទន្ទឹមនឹងការថមថយលំហូរនៃវិនិយោគផ្ទាល់ពីបរទេសមកកាន់វិស័យនេះ។  


លោកជំទាវ បានបន្តថា ក្នុងស្ថានភាពនេះ ដើម្បីគ្រប់គ្រងហានិភ័យនៅក្នុងវិស័យអចលនទ្រព្យ ព្រមទាំងចៀសវាង និងកាត់បន្ថយផលប៉ះពាល់ដែលអាចកើតមានជាយថាហេតុមកលើស្ថិរភាពហិរញ្ញវត្ថុ អាជ្ញាធរពាក់ព័ន្ធទាំងអស់ នឹងត្រូវបន្តចូលរួមតាមដាន និងត្រួតពិនិត្យដោយហ្មត់ចត់ពីហានិភ័យក្នុងវិស័យ និងហានិភ័យប្រទាក់ក្រឡានៃវិស័យអចលនទ្រព្យ។


ធនាគារជាតិនៃកម្ពុជា បានព្យាករថា នៅឆ្នាំ២០២៤នេះ វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា នឹងបន្តមានកំណើនទាប ខណៈតម្រូវការលំនៅឋានប្រណិត នឹងបន្តមានភាពទន់ខ្សោយ។ របាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២៣ និងទស្សនវិស័យឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា វិស័យសំណង់ និងអចលនទ្រព្យ ដែលបានទទួលរងឥទ្ធិពលពីវិបត្តិកន្លងមក ត្រូវបានព្យាករណ៍ថា នឹងបន្តមានកំណើនទាប ដែលនឹងបន្តទទួលបានការគាំទ្រពីគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ គួបផ្សំនឹងការងើបឡើងវិញសន្សឹមៗនៃតម្រូវការក្នុងស្រុក ដែលផ្តោតលើលំនៅឋានដែលមានតម្លៃសមរម្យ ក្នុងពេលដែលតម្រូវការសំណង់ប្រណិត ដែលបម្រើដល់អនិវាសនជន ត្រូវបានរំពឹងថា នឹងបន្តមានភាពទន់ខ្សោយ៕






ធុរកិច្ចក្នុងវិស័យចំនួន៥ ក្រសួងពាណិជ្ជកម្ម ផ្ដល់អទិភាពខ្ពស់ក្នុងការចូលរួមតាំងពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលអន្តរជាតិចិនលើកទី៧ នៅប្រទេសចិន


ក្រសួងពាណិជ្ជកម្ម នឹងផ្ដល់អទិភាពខ្ពស់ចំពោះវិស័យចំនួន៥រួមមាន វិស័យកែច្នៃកសិផលដូចជា អង្ករ ស្វាយចន្ទី ម្រេចនិងគ្រឿងទេស, ម្ហូបអាហារកែច្នៃ, គម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស, វិស័យដឹកជញ្ជូននិងភស្តុភាកម្ម និងវិស័យពាក់ព័ន្ធផ្សេងៗទៀតដែលទើបបង្កើតថ្មី។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។


តាមសេចក្ដីជូនដំណឹងនេះ ក្រសួងពាណិជ្ជកម្ម បានជូនដំណឹងដល់បណ្តាធុរជន សហគ្រិន វិនិយោគិន និងផលិតករទាំងអស់ ដែលកំពុងធ្វើធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ថា ក្រសួងនឹងបន្តដឹកនាំ ប្រតិភូពាណិជ្ជកម្មទៅរៀបចំនិងចូលរួម ពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលអន្តរជាតិចិនលើក ទី៧ «The 7th China International Import Expo (CIIE)» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។


ពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលអន្តរជាតិចិន គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំមួយរបស់ប្រទេសចិន និងជាវេទិកាធុរកិច្ចដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិជាអន្តរជាតិលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទំនាក់ទំនងការទូតរវាងបណ្តាប្រទេសចូលរួមទាំងអស់ក្នុងពិភពលោក ជាមួយប្រទេសចិន។


ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងបន្ថែមទៀតថា ដើម្បីចាប់យកឱកាសដ៏អស្ចារ្យនេះ ក្រសួងស្នើដល់បណ្តាធុរជន សហគ្រិន វិនិយោគិន និងផលិតករកម្ពុជា ដែលមានបំណងស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗ និង/ឬមានបំណងតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម ជាមួយពាណិជ្ជករចិន និងអន្តរជាតិ ត្រូវរៀបចំដាក់ពាក្យចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មខាងលើ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ជាកំណត់។ ក្នុងការចូលរួមនេះ ក្រសួងនឹងមានរៀបចំពន្លាជាតិមួយ ស្តង់ពាណិជ្ជកម្ម និងរៀបចំកម្មវិធីអមមួយចំនួន។ 


ទន្ទឹមនឹងនេះ ក្រសួង នឹងផ្តល់អាទិភាពខ្ពស់ដល់ធុរកិច្ចក្នុងវិស័យកែច្នៃកសិផលដូចជាអង្គរ ស្វាយចន្ទី ម្រេចនិងគ្រឿងទេសជាដើម ម្ហូបអាហារកែច្នៃ គម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស វិស័យដឹកជញ្ជូននិងភស្តុភាកម្ម និងវិស័យ ពាក់ព័ន្ធផ្សេងៗទៀតដែលទើបបង្កើតថ្មី៕





ទូតឥណ្ឌា អរគុណសម្តេចតេជោ ហ៊ុន សែន ដែលផ្ដួចផ្ដើមឲ្យមានការតភ្ជាប់ការហោះហើរត្រង់ ពីឥណ្ឌាមកកម្ពុជា



(ភ្នំពេញ)៖ លោកស្រី ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានផ្ដួចផ្ដើមឲ្យមានការតភ្ជាប់ការហោះហើរត្រង់ ពីឥណ្ឌាមកកម្ពុជា ដែលនឹងដំណើរការក្នុងពេលឆាប់ៗនេះ។


លោកស្រីចាត់ទុកថា សុបិនរបស់យើងបានខ្លាចជាការពិត ដែលទាំងអស់នេះនឹងជួយឲ្យទំនាក់ទំនងរវាងប្រទេសយើងទាំងពីរកាន់តែជិតស្និទ្ធ ជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជន មានជំនឿជឿទុកចិត្តគ្នាបន្ថែមទៀត ក៏ដូចជាការជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរផងដែរ។


លោកថ្លែងបែបនេះ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកស្រី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។


សម្ដេចតេជោ បានសម្តែងនូវក្ដីរីករាយដែលបានជួប លោកស្រីឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានជួបកាលពីឆ្នាំ២០២១ គឺនៅពេលសម្ដេចតេជោ ជានាយករដ្ឋមន្ត្រី ហើយនៅពេលនេះបានជួបក្នុងនាមសម្ដេចជាប្រធានព្រឹទ្ធសភា។ សម្ដេចបានរំលឹកថា កាលពីជំនួបលើកមុន សម្ដេច និងលោកស្រី បានពិភាក្សាគ្នាលើការរៀបចំព្រះរាជដំណើរទស្សនកិច្ច របស់ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងទៅកាន់ប្រទេសឥណ្ឌា ក្នុងឱកាសខួបទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយក៏បានពិភាក្សាគ្នាលើការត្រួសត្រាយទស្សនកិច្ចរបស់សម្ដេចធិបតី ដែលកាលនោះជាអគ្គមេបញ្ជាការកងទ័ពជើងគោក។


សម្ដេចបានបន្តទៀតថា សម្ដេចកំពុងតាមដានដំណើរការបោះឆ្នោតនៅក្នុងប្រទេសឥណ្ឌាដែលជាប្រទេសប្រជាធិបតេយ្យមួយ។ សម្ដេច ក៏បានសម្ដែងនៅការពេញចិត្តចំពោះការវិវត្តប្រកបដោយភាពរលូន នៃការបោះឆ្នោត ដែលបង្ហាញពីភាពជោគជ័យដ៏ធំធេង នៃប្រទេសប្រជាធិបតេយ្យដ៏ធំមួយនៅលើសកលលោក។


លោកស្រី ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានផ្ដល់ឱកាសឲ្យលោកស្រីបានជួបពិភាក្សាការងារនៅពេលនេះ។ លោកស្រី ក៏បានអបអរសាទរចំពោះសម្ដេចតេជោ ដែលត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ លោកស្រី ក៏បានសម្តែងការពេញចិត្ត និងកោតសរសើរផងដែរចំពោះទស្សនៈវិស័យ និងការគិតគូរប្រកបដោយភាពច្បាស់លាស់ របស់សម្ដេចតេជោ ក្នុងការលះបង់អំណាចដើម្បីផ្ទេរដល់អ្នកជំនាន់ក្រោយ ហើយប្រកបដោយភាពរលូន។


លោកស្រី ក៏បានសម្តែងនូវការពេញចិត្តចំពោះរាជរដ្ឋាភិបាលអាណត្តិថ្មីដែលដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ទោះជាយ៉ាងណាក៏ដោយ លោកស្រីនៅតែចាត់ទុកសម្តេចតេជោ ជាមគ្គុទេសក្នុងការដឹកនាំប្រទេសកម្ពុជានាពេលកន្លងមក ឱ្យមានប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍រីកចម្រើន។ លោកស្រី ក៏បានថ្លែងអំណរគុណផងដែរចំពោះក្រុមការងារទាំងក្រសួងការបរទេសកម្ពុជា និងផ្នែកពាក់ព័ន្ធនានា ក្នុងការរៀបចំព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាប្រវត្តិសាស្ត្រទី១ប្រកបដោយភាពជោគជ័យ។


លោកស្រីបានបន្តថា ក្នុងទំនាក់ទំនងជាង៦០ឆ្នាំកន្លងមកនេះ ដំណើរព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រកម្ពុជាទៅកាន់ប្រទេសឥណ្ឌា គឺជាព្រះរាជទស្សនកិច្ចកំពូល ហើយលោកស្រីក៏បានថ្លែងអំណរគុណចំពោះសម្ដេចតេជោដែលបានផ្ដួចផ្ដើមគំនិតឲ្យមានព្រះរាជទស្សនកិច្ចរបស់ព្រះអង្គ ដូចជាការផ្ដួចផ្ដើមឲ្យមានដំណើរទស្សនកិច្ចរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជាមេបញ្ជាការកងទ័ពជើងគោកនាពេលនោះ ទៅកាន់ប្រទេសឥណ្ឌាផងដែរ។


លោកស្រីក៏បានអរគុណសម្តេចតេជោ ដែលបានជូនពរដល់ការបោះឆ្នោតនៅប្រទេសឥណ្ឌា ហើយលោកស្រីសង្ឃឹមថា ក្រោយការបោះឆ្នោតរដ្ឋាភិបាលថ្មីរបស់ឥណ្ឌា នឹងមានទំនាក់ទំនងល្អបន្តទៀតជាមួយនឹងកម្ពុជា។ លោកស្រីក៏បានអរគុណផងដែរ ដែលកម្ពុជាបានមើលឃើញថាប្រទេសឥណ្ឌា គឺជាប្រភពនៃការអភិវឌ្ឍសេដ្ឋកិច្ច ដែលប្រទេសឥណ្ឌាជាប្រទេសដែលមានភាពជឿនលឿនសេដ្ឋកិច្ចលំដាប់ទី៣ លើពិភពលោក។ លោកស្រីសង្ឃឹមថាទំនាក់ទំនង វិស័យនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ នឹងត្រូវបានលើកកម្ពស់បន្ថែមទៀត ហើយសង្ឃឹមថា នៅឆ្នាំនេះនាយករដ្ឋមន្ត្រីថ្មី នៃប្រទេសឥណ្ឌា និងសម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងមានឱកាសជួបគ្នា។


លោកស្រី ក៏បានស្នើសុំសម្ដេចតេជោអញ្ជើញបំពេញទស្សនកិច្ច នៅប្រទេសឥណ្ឌាក្នុងតួនាទីជាប្រធានព្រឹទ្ធសភា ហើយប្រទេសឥណ្ឌា នឹងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សម្ដេចនាពេលខាងមុខផងដែរ។ លោកស្រី បានបន្តទៀតថា ប្រទេសយើងទាំងពីរ មានទំនាក់ទំនងគ្នាជាយូរលង់ណាស់មកហើយ។ កន្លងទៅនេះ ទោះបីជាមានការរាតត្បាតដោយជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ក៏ឥណ្ឌា និងកម្ពុជានៅតែធ្វើការជាមួយគ្នាបាន។ លោកស្រីក៏បានស្នើឲ្យសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា មើលឃើញប្រទេសឥណ្ឌាជាដៃគូដ៏គួរឲ្យទុកចិត្តជាមួយនឹងកម្ពុជា។ លោកស្រី ក៏បានសម្តែងនូវក្តីរីករាយដែលថាកម្ពុជាជាដៃគូ ជាមិត្តចាស់ ដែលមានតុល្យភាពក្នុងបញ្ហាការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយនៅក្នុងតំបន់។

សម្ដេចតេជោ បានអបអរសាទរដែលប្រទេសឥណ្ឌាខិតខំបង្កើតឲ្យមាន ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រកម្ពុជា ទៅកាន់ប្រទេសឥណ្ឌា ហើយសម្ដេចតេជោបានចាត់ទុកថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ នៃទំនាក់ទំនងកម្ពុជា និងឥណ្ឌា។ សម្ដេចតេជោបានរំលឹកថា នៅក្នុងឆ្នាំ១៩៧៩ ក្រោយប្រទេសកម្ពុជាត្រូវបានរំដោះពីរបបប៉ុលពត ពេលនោះ ប្រទេសឥណ្ឌាគឺជាប្រទេសប្រជាធិបតេយ្យតែមួយគត់ នៅលើសកលលោក ដែលបានទទួលស្គាល់កម្ពុជា នៅពេលដែលប្រទេសដទៃទៀតទាំងលោកខាងលិច ទាំងអឺរ៉ុប មានភាពច្របូកច្របល់នាំគ្នាដាក់ទណ្ឌកម្មទាំងផ្នែកនយោបាយ សេដ្ឋកិច្ច ការទូត មកលើកម្ពុជា ដែលទើបតែរំដោះពីរបបប្រល័យពូជសាសន៍។


សម្ដេចបានបន្តថា ដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រទេសឥណ្ឌានារយៈពេលកន្លងទៅនេះ បានបង្ហាញពីការទទួលយកពីស្ថានភាពជាក់ស្ដែងរបស់កម្ពុជា។ សម្ដេចតេជោ ក៏បានរំលឹក ពីតួនាទីរបស់កម្ពុជាក្នុងការនាំឥណ្ឌាចូលមកក្នុងអាស៊ាន ដែលយើងធ្លាប់ធ្វើជាសហប្រធានរួមគ្នាក្នុងខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា ក្នុងឆ្នាំ២០១២។ ការរីកចម្រើនរបស់ឥណ្ឌា ត្រូវបានចាត់ទុកជាសសរទ្រូងដែលបានចូលរួមចំណែកក្នុងការទប់ស្កាត់វិបត្តិនៅតំបន់អាស៊ីផងដែរ។ សម្ដេចបានគាំទ្រឥណ្ឌាហើយចាត់ទុកឥណ្ឌា ដែលមានប្រជាជនច្រើន មានសេដ្ឋកិច្ចរីកលូតលាស់ ហើយតួនាទីរបស់ឥណ្ឌាគួរតែក្លាយជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។


សម្ដេចតេជោ ក៏បានអរគុណឥណ្ឌាដែលបានជួយបណ្ដុះបណ្ដាលធនធានមនុស្ស ដែលកន្លងទៅបានផ្ដល់អាហារូបករណ៍ដល់មន្ត្រីកម្ពុជាជាច្រើនអ្នកទៅបន្តការសិក្សានៅប្រទេសឥណ្ឌា។ សម្ដេច ក៏បានអរគុណដល់ឥណ្ឌាដែលបានធ្វើជាសហប្រធាន ICC ព្រះវិហារ ដែលជាការជួយថែរក្សាបេតិកភណ្ឌវប្បធម៌ ដ៏អស្ចារ្យរបស់កម្ពុជា។ សម្ដេចតេជោ ក៏បានអបអរសាទរផងដែរចំពោះការតភ្ជាប់ហោះហើរត្រង់ រវាងរដ្ឋធានីនៃប្រទេសទាំងពីរ ដែលទាំងនេះនឹងជំរុញឲ្យទំនាក់ទំនងរវាងប្រជាជននិងប្រជាជនកាន់តែមានភាពជិតស្និទ្ធ និងល្អប្រសើរបន្ថែមទៀត។


លោកស្រីបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សម្ដេច ដោយលោកស្រីបានចាត់ទុកថា ជាមិត្តចាស់ មិត្តល្អ ហើយសម្ដេច បានពូនជ្រុំឲ្យទំនាក់ទំនងកម្ពុជា-ឥណ្ឌាកាន់តែមានភាពល្អប្រសើរជាបន្តបន្ទាប់។ ជាពិសេសនៅពេលដែលសម្ដេចធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាននាពេលកន្លងមក។


លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានបង្ហាញនូវក្ដីសង្ឃឹមថា សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា នឹងមានឱកាសជួបជាមួយនឹងនាយករដ្ឋមន្ត្រីឥណ្ឌាថ្មី នាពេលខាងមុខនេះ ។ លោកស្រី នឹងរង់ចាំស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភាទៅកាន់ប្រទេសឥណ្ឌានាពេលខាងមុខផងដែរ។


សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ក៏បានជូនពរ លោកស្រី ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា សូមឱ្យមានសុខភាពល្អ និងទទួលបានភាពជោគជ័យជាបន្តបន្ទាប់ទៀត៕








មន្ត្រីរដ្ឋបាលខេត្តកំពង់ស្ពឺ មន្ទីរ និងអង្គភាពចំណុះពាក់ព័ន្ធ ចំនួន ៣៤៥នាក់ មិនមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនក្រោយធ្វើតេស្ត



អនុវត្តនូវបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញកាលពីថ្ងៃទី២០ ខែកុម្ភៈ ២០២៤ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ និងមន្ត្រីជំនាញរបស់ស្នងការនគរបាលខេត្ត បានរៀបចំការធ្វើតេស្តសារធាតុញៀនចំពោះ ថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវាទរបស់រដ្ឋបាលខេត្ត ចំនួន ២០២នាក់ (ស្ត្រី ៨៦នាក់)។  


ជាលទ្ធផលនៃការធ្វើតេស្ត បានរកឃើញថា មន្ត្រីទាំង ២០២នាក់ ពុំមានជាប់ពាក់ព័ន្ធនឹងសារធាតុញៀនខុសច្បាប់នោះទេ។


សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ត្រីទាំង២០២នាក់ ក្នុងខេត្តកំពង់ស្ពឺ ដែលបានចូលរួមជាមួយនឹងវិធានការរបស់រាជរដ្ឋាភិបាល និងបង្ហាញភាពស្អាតស្អំ ក្នុងនាមជាគំរូដល់ប្រជាពលរដ្ឋ ដោយមិនមានលទ្ធផលពាក់ព័ន្ធនឹងគ្រឿងញៀន សូម្បីមន្ត្រីម្នាក់៕








 

Monday, May 20, 2024

កម្ពុជា ស្នើវៀតណាមផ្តល់កិច្ចសហការស្រាវជ្រាវករណីការបង្ហោះខ្លឹមសារជេរប្រមាថថ្នាក់ដឹកនាំកម្ពុជា





ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួប ឯកឧត្តម Nguyễn Huy Tăng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា នៅទីស្តីការក្រសួង នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។

 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ការភ្ញាក់ផ្អើលយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការបង្ហោះសារតាម Tik Tok ជេរប្រមាថថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វ៊ូណនតេជោ  ដែលបានបង្កឱ្យមានអារម្មណ៍មិនល្អក្នុងរង្វង់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា សូមឱ្យរដ្ឋាភិបាលវៀតណាមផ្តល់កិច្ចសហការធ្វើការស្រាវជ្រាវដើម្បីកំណត់សមាសភាព អត្តសញ្ញាណអ្នកដែលបានបង្ហោះខ្លឹមសារអមិត្តទាំងនោះ ដើម្បីទប់ស្កាត់ការប៉ុនប៉ងណាមួយសំដៅបំផ្លាញចំណងមិត្តភាពជាប្រពៃណី និងកិ

ច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។ 


ឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានយល់ស្របមតិថា ការបង្ហោះខ្លឹមសារអមិត្តទាំងនោះ ជាសកម្មភាពអវិជ្ជមាន ដែលចាំបាច់ត្រូវមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នមានសមត្ថកិច្ចរបស់ប្រទេសទាំងពីរ ដើម្បីធ្វើការស្រាវជ្រាវកំណត់សមាសភាព អត្តសញ្ញាណជនដែលនៅពីក្រោយសកម្មភាពទាំងនោះ។





សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យរួមគ្នាការពារសន្តិភាពដែលកើតឡើងពីការលះបង់មិនអាចកាត់ថ្លៃបាន និងមិនត្រូវយល់ច្រឡំថាសន្តិភាពបានមកដោយឯកឯងនោះទេ




ក្នុងពិធីបើកសន្និសីទលើកទី១ស្តីអំពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅព្រឹកថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវឱ្យរួមគ្នាការពារសន្តិភាពដែលសម្រេចបានដោយលំបាកនេះឱ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយ ហើយកាតព្វកិច្ចការពារសន្តិភាពនេះដែរ មិនមែនសម្រាប់តែប្រជាជាតិកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់សហគមន៍អន្តរជាតិទាំងមូលផងដែរ ព្រោះបើមានសង្រ្គាមណាមួយកើតឡើង នោះវានឹងមិនផ្តល់ផលល្អដល់ប្រទេសណាមួយ ឬពិភពលោកនោះទេ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សង្រ្គាមគឺជាស្ថានការណ៍ដែលបង្កឱ្យមានការសម្លាប់រង្គាលប្រឆាំងនឹងជនស៊ីវិលដោយគ្មានការរើសអើង ដោយសារតែការវាយប្រយុទ្ធគ្នារវាងក្រុមប្រដាប់អាវុធ។ នៅពេលសង្រ្គាមកើតឡើងហើយ គ្មានឡើយសិទ្ធិមនុស្ស គ្មានឡើយប្រជាធិបតេយ្យ ដូច្នេះហើយវាគឺជាការទទួលខុសត្រូវរបស់រដ្ឋ និងប្រជាជនទាំងអស់គ្នាក្នុងការការពារសន្តិភាព និងក្នុងការឱ្យតម្លៃដល់សន្តិភាពដែលសម្រេចបានជាមួយការលះបង់មិនអាចកាត់ថ្លៃបាន ហើយមិនត្រូវយល់ច្រឡំថា សន្តិភាពបានមកដោយឯកឯងនោះទេ។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ដែរថា មេដឹកនាំរបស់កម្ពុជាទាំងអស់នាពេលអនាគត ត្រូវចៀសវាងពីការចូលរួមក្នុងផែនការនយោបាយដែលជំរុញការផ្លាស់ប្តូររបបដោយវិធីសាស្រ្តមិនប្រជាធិបតេយ្យ ហើយត្រូវតែប្រកាន់ខ្ជាប់នូវមនសិការ និងការទទួលខុសត្រូវក្នុងការការពារសន្តិភាព ឱ្យខាងតែបាន៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ពាក់ព័ន្ធនឹងអំពើប្រល័យពូជសាសន៍ ២០-៣០ ឆ្នាំខាងមុខ យើងនឹងលែងមានសាក្សីរស់ទៀតហើយ គឺមានតែពឹងលើឯកសារប្រវត្តិសាស្ត្រដែលទាមទារឱ្យមានការបកស្រាយច្បាស់លាស់និងមានការឯកភាពគ្នា


នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «បើកសន្និសីទស្តីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី  ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្នអ្នកដែលរងគ្រោះដោយផ្ទាល់និងធ្លាប់ឆ្លងកាត់សង្រ្គាមគឺជាសាក្សីរស់ ដែលយើងអាចដឹងពីតថភាពនិងការវិត្តនៃសង្គមរបស់យើងនៅពេលនោះ ប៉ុន្តែនៅ ២០-៣០ឆ្នាំខាងមុខ អត់មានទេ គឺមានតែការរៀនសូត្រពីឯកសារប្រវត្តិសាស្ត្រប៉ុណ្ណោះ។ ដូច្នេះយើងចាំបាច់ត្រូវមានការឯកភាពគ្នាទៅលើឯកសារ និងការបកស្រាយឱ្យបានច្បាស់លាស់ ដើម្បីឱ្យកូនខ្មែរបានយល់ច្បាស់ និងចងចាំច្បាស់ដោយគ្មានភាពស្រពិចស្រពិលអំពីប្រវត្តិសាស្រ្តដ៏ជូរចត់មួយនេះ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការអប់រំពីអំពើប្រល័យពូជសាសន៍ក៏ជាយន្តការទប់ស្កាត់អំពីប្រល័យពូជសាសន៍បានដែរ ដោយយើងត្រូវធានាឱ្យបាននូវការថែរក្សាទិដ្ឋភាពរូបវ័ន្ត និងអរូបីយនៃប្រវត្តិសាស្រ្តដោយរក្សានូវទីតាំងឧក្រិដ្ឋកម្មនិងភស្តុតាងនានា ក៏ដូចជាការនិទានប្រវត្តិសាស្រ្តដោយផ្ទាល់ ហើយយើងក៏ខិតខំផ្សព្វផ្សាយពីការពិតដ៏សែនលំបាកទាំងនេះទៅកាន់មនុស្សជំនាន់ក្រោយផងដែរ។


ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការរៀនមុខវិទ្យាប្រវត្តិសាស្ត្រមួយនេះត្រូវដាក់បញ្ចូលយ៉ាងត្រឹមត្រូវនៅក្នុងកម្មវិធីសិក្សារបស់សាលារដ្ឋនិងឯកជន ដោយរាប់ចាប់ពីអនុវិទ្យាល័យដល់សាកលវិទ្យាល័យ ហើយគ្រូបង្រៀនទាំងអស់ត្រូបចូលរួមជាកម្លាំង ដើម្បីផ្សព្វផ្សាយការអប់រំពីអំពើប្រល័យពូជសាសន៍នៅក្នុងសាលារៀនទូទាំងប្រទេស៕






សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបាត់បង់ឯកភាពផ្ទៃក្នុងរវាងក្រុមនយោបាយនិងក្នុងជួរកងទ័ព បានធ្វើឱ្យកម្ពុជារងការជ្រៀតជ្រែកពីបរទេសរហូតបង្កជាសង្រ្គាមនិងអំពើប្រល័យពូជសាសន៍


ក្នុងពិធីបើកសន្និសីទលើកទី១ស្តីអំពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅព្រឹកថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលដែលកម្ពុជា បាត់បង់ឯកភាពផ្ទៃក្នុងរវាងក្រុមនយោបាយផ្សេងៗគ្នា និងមិនមានការឯកភាពគ្នាក្នុងជួរកងទ័ព នោះកម្ពុជាអាចនឹងរងការជ្រៀតជ្រែកពីសំណាក់បរទេស ហើយទីបំផុតកម្ពុជានឹងបាត់បង់នូវភាពជាម្ចាស់និងភាពម្ចាស់ការនៅក្នុងការគ្រប់គ្រងលើជោគវាសនាជាតិខ្លួនឯង។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ភាពឈឺចាប់របស់កម្ពុជាដែលបង្កឡើងដោយសារសង្រ្គាមនិងអំពើប្រល័យពូជសាសន៍ ក៏បានបង្កឡើងដោយសារការលូកដៃពីមហាអំណាចបរទេស គួបផ្សំនឹងអយុត្តិធម៌សង្គមផ្ទៃក្នុងប្រទេស ដែលស្តែងឡើងតាមរយៈគម្លាតមាន-ក្រ បានបង្កឱ្យមានភាពតានតឹងសង្គមនិងការស្អប់ខ្ពើម ព្រមទាំងជំរុញឱ្យកើតមានឡើងនូវមនោគមវិជ្ជាជ្រុលនិយមនៃរបបប៉ុលពតទៀតផង។


គួរបញ្ជាក់ថា បន្ទាប់ពីរដ្ឋប្រហាររបស់លោកសេនាប្រមុខ លន់ នល់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ប្រទេសកម្ពុជាយើង បានបាត់បង់សន្តិភាពនិងបានជួបប្រទះសង្រ្គាមស៊ីវិលពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ និងបានធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលបានធ្វើឱ្យកម្ពុជាខ្ទេចខ្ទីស្ទើរទាំងស្រុងដោយសារការមិនចុះសម្រុងគ្នារវាងអ្នកនយោបាយ និងកងកម្លាំងប្រដាប់អាវុធខ្មែរ៕





សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការអប់រំនិងផ្សព្វផ្សាយពីប្រវត្តិសាស្ត្រនៃអំពើប្រល័យពូជសាសន៍ គឺជាកាតព្វកិច្ចរួមនៃយើងទាំងអស់



សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្ថាប័ន រាជរដ្ឋាភិបាលទាំងអស់ ទាំងយោធានិងស៊ីវិល ត្រូវតែគាំទ្រការអប់រំពីអំពើប្រល័យពូជសាសន៍សម្រាប់មនុស្សជំនាន់ក្រោយ ដោយត្រូវធានាថា ការរៀនពីប្រវត្តិសាស្ត្រមួយនេះត្រូវដាក់បញ្ចូលយ៉ាងត្រឹមត្រូវនៅក្នុងកម្មវិធីសិក្សារបស់សាលារដ្ឋ និងឯកជន ដោយរាប់ចាប់ពីកម្រិតអនុវិទ្យាល័យ ដល់សាកលវិទ្យាល័យ នៅទូទាំងប្រទេសកម្ពុជា។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទស្តីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍។


សម្តេចធិបតី បានថ្លែងបន្តថា ការអប់រំពីអំពើប្រល័យពូជសាសន៍មិនចាំបាច់កំណត់តែនៅក្នុងមេរៀនប្រវត្តិសាស្ត្រនោះទេ ពោលគឺយើងអាចបញ្ចូលទៅក្នុងមុខវិជ្ជាគ្រប់មុខបាន ចាប់ពីសីលធម៌និងអក្សរសាស្ត្រខ្មែរ រហូតដល់ការសិក្សាភាពជាថ្នាក់ដឹកនាំ ទាក់ទងនឹងការអភិវឌ្ឍ បូករួមទាំងជំនាញទន់ផ្សេងៗទៀតផងដែរ។


នាឱកាសនោះដែរ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា តាមរយៈការអប់រំនេះ យើងត្រូវស្វែងរកវិធីច្នៃប្រឌិតផ្សេងៗ ដើម្បីរៀបរាប់ពីរឿងរ៉ាវពិតនៅក្នុងអំពើប្រល័យពូជសាសន៍ប៉ុលពត ទៅកាន់មនុស្សពេញវ័យនិងគ្រប់ជំនាន់ផ្សេងៗ រួមមានតាមរយៈសិល្បៈ ឌីជីថល និងគំនូរជីវីចល ដោយត្រូវសង្កត់ធ្ងន់ថា កាតព្វកិច្ចក្នុងការលើកកម្ពស់ការអប់រំពីអំពើប្រល័យពូជសាសន៍ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា មិនមែនចំពោះតែរាជរដ្ឋាភិបាលម្នាក់ឯងនោះទេ៕






សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កំហុសពីអតីតកាលបានប្រាប់យើងឱ្យចេះបង្រួបបង្រួមជាតិខ្មែរឱ្យបានរឹងមាំ


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការឈឺចាប់របស់ប្រជាជាតិកម្ពុជាដោយសារការលូកដៃពីអំណាចបរទេស គួបផ្សំនិងអយុត្តិធម៌សង្គមផ្ទៃក្នុងប្រទេសដែលស្តែងឡើងតាមរយៈគម្លាតមានក្រ បានបង្កឱ្យមានភាពតានតឹងសង្គម និងការស្អប់ខ្ពើម ព្រមទាំងជំរុញឱ្យកើតមានឡើងនូវមនោគមវិជ្ជាជ្រុលនិយមនៃរបបពលពត។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា យើងត្រូវតែក្រើនរំលឹកពលរដ្ឋរបស់យើងជាដរាបអំពីមេរៀនទាំងនេះដើម្បីធានាថាយើងនឹងមិនដើរលើផ្លូវដដែលនេះទៀតទេ ហើយលើសពីនេះយើងត្រូវតែកែសម្រួល ឬសម្របខ្លួនតាមស្ថានភាពជាក់ស្ដែងនៃសង្គមរបស់យើងនៅពេលចាំបាច់ដើម្បីការពារកុំឱ្យមនោគមវិជ្ជាជ្រុលនិយមចាប់ផ្តើមកកើត និងចាក់ឬសបានឱ្យសោះ។ 


ទន្ទឹមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កំហុសពីអតីតកាលបានប្រាប់យើងឱ្យចេះបង្រួបបង្រួមជាតិខ្មែរឱ្យបានរឹងមាំ និងជំរុញឱ្យយើងអាចកសាងសង្គមបានកាន់តែប្រសើរប្រកបដោយបរិយាបន្នសម្រាប់ទាំងអស់គ្នា។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញ «បើកសន្និសីទស្តីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤៕






សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា កម្ពុជាមានភាពចាំបាច់ក្នុងការឯកភាពគ្នាលើបញ្ហាប្រវត្តិសាស្រ្តដើម្បីចៀសវាងការប្រឌិតរឿងរ៉ាវផ្សេងៗដើម្បីកេងចំណេញនយោបាយ


ក្នុងពិធីបើកសន្និសីទលើកទី១ស្តីអំពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅព្រឹកថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាត្រូវមានភាពចាំបាច់ក្នុងការឯកភាពគ្នាលើបញ្ហាប្រវត្តិសាស្រ្ត ព្រោះអនាគតរបស់ប្រទេសមួយពឹងផ្អែកលើឆន្ទៈរបស់ប្រទេសនោះក្នុងការប្រឈមមុខជាមួយនឹងអតីតកាល។ ប៉ុន្តែដើម្បីធ្វើបែបនោះបាន លុះត្រាតែប្រជាជាតិនោះមានការឯកភាពគ្នាលើការបកស្រាយអំពីអតីតកាលនិងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសំខាន់ៗ ដែលទាក់ទងនឹងសង្រ្គាមនិងសន្តិភាពរបស់ប្រទេស។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្រាប់កម្ពុជា ប្រវត្តិសាស្រ្តទាក់ទងនឹងថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងការសម្រេចបាននូវសន្តិភាពពេញលេញទាំងស្រុងតាមរយៈនយោបាយឈ្នះឈ្នះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលមានសម្តេចតេជោជាស្ថានិក ជាមគ្គុទេសក៍ឯក ត្រូវតែមានការបកស្រាយតែមួយនិងរឹងមាំ ដើម្បីចៀសវាងការប្រឌិតរឿងរ៉ាវផ្សេងៗក្នុងបំណងកេងចំណេញនយោបាយដោយបំពានលើយុត្តិធម៌របស់ជនរងគ្រោះពីអំពើប្រល័យពូជសាសន៍ ក៏ដូចជាទៅលើកិច្ចខិតខំប្រឹងប្រែងក្នុងការបង្រួបបង្រួមជាតិរបស់យើង៕