Thursday, January 29, 2015

កម្ពុជា-រុស្សី ជំរុញ​ការ​លើក​កំពស់​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​យុវ​ជន​ប្រទេស​ទាំង​ពីរ ឲ្យបាន​កាន់​តែ​ល្អ​ប្រសើរ​​ថែមទៀត

កម្ពុជា‑រុស្សី បានកសាងទំនាក់ទំនងដ៏ល្អជាមួយគ្នាជាយូមកហើយ​ បច្ចុប្បន្នប្រទេស​ទាំងពីរកំពុង​យកចិត្ត​ទុក​ដាក់​ជំរុញឲ្យយុវជន​នៃ​ប្រទេស​ ទាំងពីរបង្កើនបាន​នូវទំនាក់ទំនងល្អ​និងជិតស្និទ្ធ​ជាមួយ​គ្នាបន្ថែមទៀត។
​​នៅក្នុងជំនួបពិភាក្សាការងារមួយនៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រីរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ  អាន ឧ​ប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រី ជាមួយលោក ​Pospelov Sergey Valerievich​ប្រធាន​ទី​ភ្នាក់​​ងារសហពន្ធ័សម្រាប់​ កិច្ចការយុវជនរុស្សី នាព្រឹកថ្ងៃទី២៩ ​មករានេះ ភាគីទាំងពីផ្តោតការ​យក​ចិត្ត​ទុក​ដាក់​ជំរុញ​លើ​ការបង្កើនកិច្ច​សហ​ ប្រតិបត្តិការ​បន្ថែមទៀត​រវាងយុវជន​ប្រទេស​ទាំងពីរឲ្យបានកាន់តែល្អ​ប្រសើរជា ​មួយ​​​គ្នា​បន្ថែម​​ទៀត​លើការកសាង​ទំនាក់​ទំនង​លើគ្រប់វិស័យជាមួយគ្នា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសុខ ​អាន ​មានប្រសាសន៏ថា រាជរដ្ឋាភិបាល​កម្ពុជាបានយក​ចិត្តទុកដាក់​យ៉ាង​ខ្លាំង​ ចំពោះ​យុវជនដោយ​​បានចាត់​ទុក​យុវជន គឺជាទំពាំង​ស្នងឬស្សី​របស់ប្រទេស​ជាតិទៅ​អនាគត​។​ ​ឯកឧត្តមបាន លើក​​ទឹកចិត្ត​ឲ្យយុវជននៃប្រទេសទាំងពីរ បង្កើន​នូវទំនាក់​ទំនង​​ទ្វេភាគី​ឲ្យបាន​កាន់តែរឹងមាំថែមទៀតតាមរយៈ​ការ​រៀបចំ​ឲ្យ​​មាន​កម្មវិធីផ្លាស់​ប្តូរទស្សនកិច្ច​សិក្សា​រវាង​យុវជន ឬ​មន្ត្រីកម្ពុជា​ទៅកាន់​ប្រទេស​រុស្សីនិងពីរុស្សី​មក​​កាន់​កម្ពុជា​។
ជាការឆ្លើតប លោកPospelov បានរំលឹកអំពីការរក្សាបាននូវទំនាក់ទំនងល្អរវាងកម្ពុជា‑ រុស្សី តាំងពីដើមរៀងមក ពិសេស​ទំនាក់​ទំនង​រវាង​យុវជន​នៃ​ប្រទេស​ទាំងពីរតាមរយៈ​កេរ្ត៏មរតកការទូតរវាងប្រទេសទាំង​ពីរ។
លោកPospelov បានជំរាបជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រីសុខ ​អាន ដែរថា នៅក្នុងឱកាសអញ្ជើញមកបំពេញ​ទស្សនកិច្ច​នៅកម្ពុជា​នាពេល​នេះ  ប្រតិភូ​សហពន្ធ័យុវជនរុស្សីបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ​សហភាព​សហពន្ធ័​យុ​វ​ជនកម្ពុជា និងក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋ​មន្ត្រី​​ក្រសួងអប់រំយុវជននិងកីឡាផងដែរ  ដើម្បី​ពង្រឹ​ង​និង​បង្កើនកិច្ចសហប្រតិបត្តិការរវាងយុវជន និងយុវជននៃ​ប្រទេសទាំងពីរ។ លោកបានគូសបញ្ជាក់ថា រុស្សី​ចង់​ឲ្យ​មាន​អា​ហារូបករណ៏សម្រាប់និស្សិតកម្ពុជាបានទៅ​សិក្សានៅរុស្សីបន្ថែមទៀត ដើម្បីឲ្យ​យុវជន​កម្ពុជា​ទទួល​បាន​ចំណេះដឹង​ និងបទពិសោធន៏កាន់តែប្រសើរឡើងក្នុងការរួមចំណែកជួយដល់ការអភិវឌ្ឍប្រទេសកម្ពុជា។
លោកប្រធាន​ទី​ភ្នាក់ងារសហពន្ធ័សម្រាប់​កិច្ចការយុវជនរុស្សី បានប្រាប់ឯកឧត្តមបណ្ឌិតសភាចារ្យសុខ  អាន អំពី​បំ​ណង​របស់​រុស្សី គឺចង់​ឲ្យយុវជនស្ម័គ​ចិត្តនៅលើពិភព​លោក​កាន់តែច្រើនថែមទៀត ដើម្បីចូលរួមធ្វើកិច្ចការជា​មួយគ្នា​ដើម្បីបង្កើននូវ​ទំនាក់ទំនង​ជាមួយយុវជន ​រុស្សីឲ្យបានជិតស្និទបន្ថែមទៀត។

លោកPospelov ក៏បាន ជំរាបប្រាប់ឯកឧត្តមសុខ ​អាន ដែរថា នៅពេលខាងមុខនេះប្រទេសរុស្សីនឹង​មានប្រារព្ធ​ខួប​លើកទី៧០  នៃសង្គ្រាម​លោកលើកទី២   តាមការគ្រោងទុករុស្សីនឹងអញ្ជើញយុវជន​នៅលើពិភពលោកឲ្យ​មក​ចូល​រួម​ក្នុងពិធីនោះផងដែរ។ គួរ​បញ្ជាក់​ថា​សង្គ្រាម​លោកលើកទី២បាន​ចាប់ផ្តើមនៅឆ្នាំ១៩៣៦​និងបានបញ្ចប់ទៅ​វិញ​នៅ​​​​​​ឆ្នាំ១៩៤៥ ​​គិតមកដល់ឆ្នាំ២០១៥នេះ   គឺមាន​រយៈ​ពេល៧០ឆ្នាំ​មកហើយ៕




សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អាជ្ញាធ​រអប្សរា​ស្តីពី ការទប់​ស្កាត់​សកម្មភាព​ថតរូប​អាក្រាត​របស់ភ្ញៀ​វទេស​ចរ​បរទេស​នៅរមណីយ​ដ្ឋាន​អង្គរ


សកម្មជននៅក្រៅប្រទេស ប្រកាសឈប់ជឿមេបក្សប្រឆាំង និងត្រៀមពងមាន់សំរាប់គប់ក្បាល



ភ្នំពេញៈ បន្ទាប់​ពីមើល​ឃើញ​ភាព​ក្រឡិច​ក្រឡុច​ ការ​ធ្វើ​នយោបាយ​ភូត​កុហក​ និង​ចរិក​មិនមាន​ទំនួល​ខុស​ត្រូវ​ របស់​មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​ លោក​ កឹម​ សុខា ​និង ​លោក សម​ រង្ស៊ី​ បាននាំឲ្យ សកម្ម​ជន​នៅក្រៅ​ប្រទេស​ដែល​ធ្លាប់​តែ​គាំទ្រ​ និង​ជួយ​ឧបត្ថម្ភ​ គណ​បក្ស​នេះ​ជាបន្ត​បន្ទាប់​នោះ ​បង្ហាញ​ការ​អស់​ជំនឿ​ចិត្ត​របស់​ខ្លួន​ និង​ប្រកាស​ឈប់​ជឿ ​និង​ឈប់បរិច្ចាក​ប្រាក់​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​តទៅ​ទៀត​ហើយ។
លោក ​យឿន ​សំរិទ្ធី​ រស់​នៅ​រដ្ឋចរចារ ​សហរដ្ឋ​អាមេរិក​ ដែល​ពីមុន​គេធ្លាប់​តែ​ឃើញ​បុគ្គល​ម្នាក់​នេះ​បង្ហោះ​នូវវីដេអូ​ឃ្លឹប​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ធ្វើ​ការ​រិះគន់​រដ្ឋាភិបាល​យ៉ាង​ធ្ងន់ៗ​នោះ ​បែរ​ជា​បង្ហាញ​នូវ​ភាព​អស់​ជំនឿ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​លោក​បាន​លើកឡើង​ថា ​មេបក្ស​ទាំងពីរ​ជា​មនុស្ស​បាត​ដៃ​ខ្នងដៃ​ និង​ក្បត់​ឆន្ទៈ​រាស្រ្ត។​ លោក​ យឿន​ សំរិទ្ធី​ បាន​និយាយ​ក្នុង​វីដេអូ​ឃ្លឹប​របស់​លោក​ ដែល​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ Facebook នៅ​ថ្ងៃ​ទី២៨​ ខែ​មករា​ កន្លង​មក​ថា​ លោក ​កឹម​ សុខា​ និង​ លោក​ សម​ រង្ស៊ី​ តែងតែ​លើក​ឡើង​ថា​ចង់​ផ្លាស់​ប្តូរ​អ្នក​ដឹកនាំ​បច្ចុប្បន្ន​ចេញ​ ក៏​ប៉ុន្តែ​លោក​បញ្ជាក់​ថា​ ពួក​គេ​អាច​ផ្លាស់ប្តូរ​យ៉ាង​ម៉េច​បាន​ បើ​គេដូរ​ខ្លួនឯងមិន​បានផង​ហ្នឹង​ ខ្លួនឯង​ក្រឡិច​ក្រឡុច​ចឹង​ ហើយ​ទៅដូរ​គេ​យ៉ាង​ម៉េចនិង​កើត​។
លោក​ យឿន​ សំរិទ្ធី​ បន្ថែម​ទៀត​ថា ​«គណបក្ស​សង្គ្រោះ​ជាតិ​ ធ្វើ​នយោ​បាយ​ ទាំង​ក្នុង​និង​ក្រៅប្រទេស​ គឺ​និយាយ​បាន​ក្បោះក្បាយ​ល្អ​ណាស់ ​តែ​សុទ្ធ​តែ​ពាក្យ​កុហក​ទាំងអស់ ​ធ្វើឲ្យ​បង​ប្អូន​ក្រៅ​ប្រទេស​វីវក់​វង្វេង​ទាំង​អស់​ ទាំង​គេ​ទាំង​ខ្ញុំ​ ឈ្លក់​គាំទ្រ​ និង​ការនិយាយ​ស្តី​របស់​ពួកគេ ​រាល់​គ្នា ​តែ​មើល​ទៅ​វាអត់​ឃើញ​ចំណេញ ​ពេលនេះ​ទើប​ខ្ញុំយល់ច្បាស់​ថា​ខាត​ត្រង់ណាចំណេញ​ត្រង់ណា»។​ លោក​ បន្ត​ទៀតថា​ ពេល​អស់លោក​ឯង​ អង្គាស​លុយ​បងប្អូនក្រៅប្រទេស​ ទាំងម៉ឺន​ ទាំងសែន​ លានដុល្លារ​ ថា យកទៅជួយ​ខ្មែរ ទី​បញ្ចប់ គឺ​ខូចដល់ខ្លួន​ខ្ញុំផ្ទាល់ ​ខូចដល់​ប្រ​ជារា​ស្រ្តទាំងអស់ ដែ​លនៅក្រៅ​ប្រទេស ក្នុ​ងប្រទេសជឿ​​លើការឃោ​សនារបស់​បក្ស​ប្រឆាំង ​ដោយប្រាក់​ទាំងនោះ​មិនបា​នបំរើឲ្យសេ​ចក្តីត្រូ​វការ និងឆន្ទៈ​របស់​បងប្អូនខ្មែ​រនៅក្រៅ​ស្រុក ដែ​លចង់​ជួយជាតិឡើ​យ។ លោក​​បន្តថា «ថ្ងៃនេះខ្ញុំសូម​បញ្ជាក់​ថា ខ្ញុំ​លែងជឿ​ហើយ​  ហើយបើ​អស់លោ​កមកទៀ​ត ខ្ញុំ មា​នតែព​ងមាន់ ដើម្បី​ទទួលគ​ណប​ក្សសង្គ្រោះជាតិ ដោយនិយាយសំដៅលើមេបក្សទាំងពីរ គឺ ​ពងមាន់និងគប់ក្បាល»លោក​ យឿន ​សំរិទ្ធី​ បញ្ជាក់ឲ្យ​ដឹងពី​មួលហេតុ ដែលោក​លើកឡើ​ង​បែបនេះ​ថា «ព្រោះគ​ណបក្ស​សង្គ្រោះ​ជាតិ ​អត់ចេះ​ទទួលខុស​ត្រូ​វអីទាំងអស់ ​មេ​ដឹកនាំកុ​ហកពេក បោ​កប្រាស់​ពេក អត់​ដឹងថាប្រ​ជាពលរដ្ឋ​ក្រៅប្រ​ទេ​សធ្វើកា​រ១ថ្ងៃៗប៉ុន្មា​នម៉ោ​ងទេ បា​នលុ​យបន្តិច​បន្តួច​យកទៅ​​ជួយសង្គ្រោះ​ជាតិ ដើម្បី​ឲ្យធ្វើកា​រពិតប្រាកដ តែទីបញ្ចប់​ដូចឡប់​ឡែ​ អត់មាន​ការពិតទាល់តែ​សោះ។ ​លោក យឿ​ន សំរិទ្ធី ​បន្តថា លោ​កសម រង្ស៊ី ស្រែ​កចំ​ទា​លឡោៗ​ កឹម សុ​ខា ព្រុសវូស​ៗទៅ គ្រប់បែ​បគ្រប់យ៉ា​ង គឺនិយា​យពីរោះ ដល់​ទៅចុ​ងបញ្ច​ប់ស្អុ​យគគ្រុ​កទាំង​អស់»
គួរបញ្ជា​ក់​ថា លោ​​ក យឿន សំរិទ្ធី ​ធ្វើ​ការប​ង្ហោះវីដេ​អូខ្លឹប ដែ​លនិយា​យវាយប្រ​ហារខ្លាំ​ងៗទៅ​លើមក​ដឹកនាំគណ​ប​ក្សសង្គ្រោះ​ជា​តិទាំងពី​រ ដោយ​សារលោ​​កមើលឃើ​ញថា​ ថ្នាក់ដឹក​នាំនៃ​គ​ណ​បក្សមួ​យនេះ​ ធ្វើនយោបា​យ​បោក​ប្រាស់លុ​យ​ប្រជាជ​នខ្មែរនៅ​បរទេស​ ធ្វើឲ្យ​​ខ្មែរវេ​ទនា ​ហើយ​បានតែខាងដើរ​ចេញទៅ​ឃោស​នាក្នុ​ងប្រទេស​ ក្រៅប្រ​ទេស និ​យា​យល្អ​ តែធ្វើអត់បា​នសម្រេ​ចទាំងអស់ ទីបញ្ចប់ ដើរបោកប្រាស់តែប​ងប្អូនក្រៅប្រ​ទេសទេ។ ក្រៅ​ពីនេះ យកលុយដែ​លប្រមូល​បានទិញ​ឡានជិះ​ម្នាក់ៗ សុទ្ធ​តែ ២ទៅ៣គ្រឿ​ង មាន​ទាំងដី មា​នទាំងផ្ទះវី​ឡា មា​នទាំងស្រី​រាប់មិន​អស់ គឺមានគ្រ​ប់បែបយ៉ា​ងទាំង​អស់។ ក្រៅ​ពីបោក​អ្នកនៅ​ក្រៅប្រ​ទេសហើ​​យ ថែមទាំ​ងបោក​បងប្អូ​នខ្មែរ ដែលនៅក្នុ​ងស្រុក​ទៀត។
កា​របញ្ចេញវី​ដេអូឃ្លឹប របស់លោ​ក យឿ​ន សំ​​រិទ្ធី នេះដែរ​ ក៏ធ្វើឡើង​ក្នុងគោលបំណង ​ដើម្បីពញ្ញាក់​ស្មារតី អ្នកគាំ​ទ្រ​គណ​បក្ស​សង្គ្រោះជា​តិ​ទាំ​ងអស់​ កុំឲ្យផ្កាប់មុ​នពេក​ ត្រូវចេះធ្វើ​ការថ្លឹងថ្លែ​​ងមុននិងជឿ​ ដើម្បី​កុំឲ្យគេ​​បោក​បានត​ទៅ​ទៀត៕

អត្ថបទដោយ៖ ច័ន្ទ ទេវី

ក្រុមតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ជួបពិភាក្សាគ្នា ជាលើកដំបូង



ភ្នំពេញ:  នៅ​ព្រឹក​ថ្ងៃទី​២៩​ ខែមករា ​នេះ​ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ​ស​ ខេង ​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​ និងជា​ប្រធាន​ក្រុម​តំណាង​រាស្ត្រ គណបក្ស​ប្រជាជន​កម្ពុជា និង​​លោក​ សម រង្ស៊ី ប្រធាន​ក្រុមតំណាងរាស្ត្រ​មតិ​ភាគតិច របស់​គណបក្ស​សង្គ្រោះ​ជាតិ ជួបពិភាក្សា​គ្នាជា​លើកដំបូងនៅ​វិមាន​រដ្ឋសភា​។ លទ្ធផល​នៃ​ជំនួប​ពិភាក្សា ​រវាង​គណបក្ស​ទាំងពីរ​ គឺបាន​ព្រមព្រៀង​គ្នាលើ​ការងារ​ចំនួន៤​ រួមមាន៖​ ១.​ការជួបគ្នា​ជាទៀង​ទាត់​រាល់៣​ខែម្តង​ ២.​ពង្រឹង​វប្បធម៌​សន្ទនា​ទៅថ្នាក់​មូលដ្ឋាន​ ៣.​ពង្រឹង​ស្មារតី ​នៃការ​អនុវត្ត​កិច្ចព្រម​ព្រៀង​២២ ​កក្កដា ឆ្នាំ២០១៤​និង​ទី៤​ ប្តេជ្ញា​ពន្លឿន​ការ​ធ្វើកំណែ​ទម្រង់​ច្បាប់​បោះ​ឆ្នោត។
សមាស​ភាព​ ខាង​គណបក្ស​ប្រជាជន​កម្ពុជា រួមមាន​ដូចជាៈ​ ឯកឧត្តម​ឧប​នាយក​រដ្ឋមន្ត្រី ​ស​ ខេង ជា​ប្រធាន​ ឯកឧត្តម ​គាត ឈន់​​ និង​លោក​ជំទាវ ​ម៉ែន​ សំអន ចំណែក​ថ្នាក់​ដឹក​នាំ ​តំណាង​រាស្ត្រ​នៃ គណបក្ស​សង្គ្រោះ​ជាតិ រួមមាន ឯកឧត្តមសម រង្ស៊ី​ ឯកឧត្តម ​កឹម សុខា ​ និង​ឯកឧត្តម យឹម​ សុវណ្ណ។
នៅក្នុង​ជំនួប​នេះ ​ឯកឧត្តម​ឧប​នាយក​រដ្ឋ​មន្ត្រី ​ស ​ខេង​ បាន​មាន​ប្រសាសន៍​ថា ​ការជួបគ្នា​នេះ មិន​មាន​អ្វី​ធំដុំ​ទេ គឺ​គ្រាន់តែ​ជួបដើម្បី​ជា​រូបភាព បង្ហាញ​ឲ្យ​ឃើញថា​ ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​យក​ចិត្ត​ទុកដាក់​ ក្នុងការ​​លើក​កម្ពស់​នូវ​វប្បធម៌​សន្ទនា​។​ ឯកឧត្តមបាន​បញ្ជាក់ថា ទាក់ទង​ការសន្ទនា គឺ​ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​មិនមាន​អ្វី​ផ្លាស់ប្តូរ​ទេ នៅតែ​រក្សា​ដដែល​។ ឥឡូវ​នេះ​ រដ្ឋ​សភា​​បានទទួល​ស្គាល់ នូវ​ការតែង​តាំង​ក្រុម​តំណាង​រាស្ត្រ នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ រួចហើយ​។
ឯកឧត្តម ​សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​មាន​ប្រសាសន៍​ថា៖ "គណបក្ស​ ទាំងពីរ ​ជួបជុំ​គ្នានៅ​ថ្ងៃ​នេះ ​ជានិមិ្មត​រូប​នៃការ​អនុវត្ត​បទ​បញ្ជាផ្ទៃ​ក្នុង​រដ្ឋសភា​ និង ​ការអនុវត្ត​លទ្ធិប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ និង​នៅ​ក្នុង​រដ្ឋសភា​ជាតិ"​។
ឯកឧត្តម​ឧប​នាយក​រដ្ឋ​មន្ត្រី​ ស ខេង បាន​មាន​ប្រសាសន៍​ថា​៖ "​នេះ​ជា​ជំនួប​ដំបូង ​បន្ទាប់ពី​ឯកឧត្តម សម​រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​សម្តេច​ប្រធានរដ្ឋសភា ទទួលស្គាល់​ជា​ប្រធាន​ក្រុម​សភា​ភាគតិច នៅ​រដ្ឋសភា ហើយ​ពុំមាន​ការជាប់គាំង​នយោបាយ​អី​ធំដុំ​ទេ ហើយ​ការជួបគ្នា​ ពេលនេះ ​ជាការ​ជួបគ្នា​លើក​ដំបូង​ រវាងគណបក្ស​ទាំងពីរ ​ដើម្បី​បង្ហាញ​សាធារណៈ​មតិ ឲ្យ​បាន​ឃើញថា គណបក្ស​យើង​ទាំងពីរ បាន​ខិតខំ ដើម្បី​ត្រួសត្រាយ ផ្លូវ​ក្នុង​កិច្ច​សហ​ប្រតិបត្តិ​ការ ​ហើយ​ស្វែងរក​សុខ​សន្តិភាព ​ស្ថិរ​ភាព​ជូន​ប្រជា​ពល​រដ្ឋ "​។​
គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃទី​២០ ​ខែមករា​ ឆ្នាំ​២០១៥​ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋ​សភា បាន​ចុះហត្ថ​លេខា​លើ​ប្រកាស ទទួល​ស្គាល់​ថ្នាក់​ដឹកនាំ​ តំណាង​រាស្ត្រ​នៃ គណ​បក្ស​ប្រជាជន​កម្ពុជា និង​ថ្នាក់ដឹកនាំ​ តំណាង​រាស្ត្រ​នៃ ​គណបក្ស​សង្គ្រោះ​ជាតិ​។ ក្នុងនោះ​ រដ្ឋសភា ​ក៏បាន​ទទួលស្គាល់​ឯកឧត្តម ​សម រង្ស៊ី ជា​ប្រធាន​ក្រុម​មតិភាគតិចនៅ​រដ្ឋសភា ផងដែរ​។​ ថ្នាក់ដឹកនាំ តំណាងរាស្ត្រ​នៃ គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​មាន​សមាស​ភាព ​ដូចតទៅ​៖ ឯកឧត្តម​ ស​ ខេង​ ប្រធាន ​ឯកឧត្តម​ គាត​ ឈន់ ​អនុ​ប្រធាន​និង​ លោកជំទាវ​ ម៉ែន ​សំអន ​អនុប្រធាន​។​ ចំណែក​ថ្នាក់ដឹកនាំ តំណាងរាស្ត្រ​នៃ គណបក្ស​សង្គ្រោះ​ជាតិ​ រួមមាន ​ឯកឧត្តម ​សម រង្ស៊ី ប្រធាន​​ឯក​ឧត្តម កឹម ​សុខា​ អនុប្រធាន និង​ឯក​ឧត្តម ​យឹម ​សុវណ្ណ​ លេខា​ធិការ​។ ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ គណបក្សនយោបាយ នីមួយៗ​ខាង​លើ​នេះ ​មាន​ការិយាល័យ​មួយ និង​មាន​លេខា​ធិការ ចំនួន​ពី​២​រូប ទៅ​៤ រូប ដើម្បី​ជួយ​បំពេញ​ការងារ​។​ សម្តេច ហេង សំរិន បាន​គូស​បញ្ជាក់​ថា ​អគ្គ​លេខា​ធិការ​រដ្ឋសភា ត្រូវទទួល​ដោះ​ស្រាយនូវ​មធ្យោ​បាយ​សម​ស្រប ​ដើម្បី​ថ្នាក់​ដឹក​នាំតំណាង​រាស្ត្រ​ នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បំពេញ​តួនាទី និង​ភារកិច្ច​របស់ខ្លួន​បានល្អ​៕
អត្ថបទ​ដោយ៖ ​ច័ន្ទ​ ទេវី