Thursday, September 14, 2017

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា អំពាវនាវឱ្យបញ្ឈប់សារអុជអាលដែលនាំដល់សង្រ្គាមពាក្យសម្តី

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចេញសេចក្តីថ្លែងការណ៍ដោយបានអំពាវនាវឱ្យបញ្ឈប់សារអុជអាលដែលនាំដល់សង្រ្គាមពាក្យសម្តី។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានកត់សម្គាល់ឃើញថា នៅក្នុងរយៈពេលវេលានេះ សកម្មជននយោបាយ អង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបញ្ចេញសារជាបន្តបន្ទាប់ដោយមានភ្ជាប់រូបភាព សេចក្តីថ្លែងការណ៍ ព្រមទាំងសេចក្តីជូនដំណឹងប្រកាសអំពីវិធានការសន្តិសុខ និងសម្តែងការព្រួយបារម្ភអំពី «សង្រ្គាមពាក្យសម្តី» ជាដើម។

សូមអានសេចក្តីថ្លែងការណ៍របស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាដូចខាងក្រោម៖




ខេត្តក្រចេះ រៀបចំពិធី​អបអរសាទរ​ និងសំណេះសំណាល​ជាមួយ​សិស្សដែលទើប​ប្រឡង​ជាប់បាក់ឌុប​

នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក គាត ឈន់ ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីជួបជុំ អបអរសាទរ ចែករង្វាន់ និងសំណេះសំណាលសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៦-២០១៧ ព្រមទាំងលោកគ្រូ អ្នកគ្រូ នាយក នាយករងវិទ្យាល័យ សិលាវេទីគាតឈន់ នៅស្រុកឆ្លូង ខេត្តក្រចេះ។

ក្នុងពិធីនេះដែរក៏មានការចូលរួមពី លោក សរ ចំរុង អភិបាលខេត្ត លោក លោកស្រី ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកឆ្លូង អភិបាលរងខេត្ត លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស និងសិស្សដែលជាប់និទ្ទេសយ៉ាងច្រើនកុះករ។

សូមបញ្ជាក់ថាស្រុកឆ្លូង សិស្សប្រឡងជាប់និទ្ទេសA ដល់E មានចំនួន១០១នាក់។ ក្នុងនោះនិទ្ទេសAចំនួន២នាក់ និទ្ទេស Bចំនួន១០នាក់ និទ្ទេសCចំនួន៧នាក់ និទ្ទេសDចំនួន១៨នាក់ និងនិទ្ទេសEចំនួន៦៦នាក់៕





ហេតុអ្វីបានជាជំនាញបច្ចេកទេសជាជំនាញដែលមានទីផ្សារខ្ពស់នៅកម្ពុជា?

ការជ្រើសរើស​ជំនាញ​សិក្សា​ត្រូវ​គិតគូរ​ឱ្យបាន​ច្រើន​ចំណុច ដោយ​ក្នុងនោះ​ទីផ្សារការងារ​ក៏​ជា​ផ្នែក​យ៉ាងសំខាន់​មួយ​ដែល​គួរ​គិតគូរ​ផងដែរ។ កន្លងមក​មាន​មនុស្ស​ជាច្រើន​បានលើកឡើង​ថា ជំនាញ​បច្ចេកទេស​ជា​ជំនាញ​ដែលមាន​ទីផ្សារ​នៅ​កម្ពុជា តែ​មនុស្ស​មួយចំនួន​មិនទាន់​បានដឹង​ច្បាស់​នៅឡើយ​ពី​មូល​ហេតុដែល​ធ្វើឱ្យ​ជំនាញ​នេះ​មាន​ទីផ្សារ​ខ្ពស់​នៅ​កម្ពុជា។
លោក អ៊ឹម កុ​ច  រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា កម្ពុជា​ជា​ប្រ​ទេស​ ដែល​កំពុងមាន​ការរីក​លូតលាស់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ហេតុនេះ​គម្រោង​សាងសង់ និង​ចង្វាក់​ផលិតកម្ម​ផ្នែក​ឧស្សាហ​កម្មបាន​រីកលូតលាស់​យ៉ាង​លឿន ដែល​វា​ទាមទារ​ឱ្យមាន​កម្លាំង​ពលកម្ម​ដើម្បី​ទៅ​បំពេញតម្រូវការ​ទាំងអស់​នោះ។
លោក អ៊ឹម កុ​ច ក៏បានបញ្ជាក់ថា ថ្នាក់​វិទ្យាសាស្ត្រ​ពិត ឬ​ជំនាញ​បច្ចេកទេស ជា​ជំនាញ​ដែល​ជួយ​សង្គម​បច្ចុប្បន្ន​ឱ្យមាន​ការអភិវឌ្ឍ​បាន​ច្រើន ព្រោះថា​នៅពេលដែល​យើង​សម្បូរ​ធនធានមនុស្ស​ដែលមាន​សមត្ថភាព​ក្នុង​ផ្នែក​នេះ យើង​នឹង​អាចមាន​កម្លាំង​ច្រើន​ដើម្បី​បង្កើនសមិទ្ធផលសំខាន់ៗ រួមទាំង​ធ្វើការ​ងារ​លឿន​ជាមួយនឹង​បច្ចេកទេសថ្មី។ កម្ពុជា​នាពេល​បច្ចុប្បន្ន​កំពុង​ជំរុញឱ្យមាន​ការលើកទឹកចិត្ត​អ្នកជំនាញ​ឱ្យបាន​ច្រើន ព្រោះថា​នៅពេលដែល​ប្រទេស​យើង​មានការ​អភិវឌ្ឍ​កាន់តែខ្លាំង នៅពេលនោះ​អ្នកបច្ចេកទេស​នឹង​ក្លាយជា​ចំណុច​ដែល​វិនិយោគិន​ចាប់អារម្មណ៍ ព្រោះថា​ការបណ្តាក់ទុន​រកស៊ី​នៅ​ប្រទេស​ណាមួយ​គេ​ត្រូវ​ការមើល​លើ​ចំណុច​ជាច្រើន ដែល​ក្នុងនោះ​ធនធានមនុស្ស​ក៏​ជា​កត្តា​សំខាន់​មួយ​ផងដែរ​ដែល​គេ​ត្រូវ​ផ្តោតជាសំខាន់។
ឯកអគ្គរាជទូត​នៃ​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា លោក Bill Longhurst ធ្លាប់បាន​លើកឡើងថា កម្ពុជា​កំពុង​ត្រូវ​ការជំនាញ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ហើយ​ជំនាញ​ទាំងអស់នេះ​ជា​ជំនាញ​ដែល​អាចបង្កើត​ផលិក​ម្ម និង​ការអភិវឌ្ឍ​នៅលើ​វិស័យ​ជាច្រើន​នៅ​កម្ពុជា។ វា​ក៏​ជា​ជំនាញ​ដែល​រុញច្រាន​ឱ្យមាន​ដំណើរ​សេដ្ឋកិច្ច​ល្អ​តាមរយៈ​ការប្រើប្រាស់​បច្ចេក​ទេ​សរ​បស់​អ្នកជំនាញ​ក្នុងស្រុក ដែល​ទទួលបាន​ការអប់រំ​ច្បាស់លាស់​ពី​ជំនាញ STEM (science, technology, engineering and mathematics) ។
លោក Bill Longhurst ក៏បានបញ្ជាក់ថា យុវជន​នៅ​កម្ពុជា​ជាច្រើន​មិនបាន​ជ្រើស​រើសយក​ជំនាញ STEM ព្រោះ​ពួកគេ​គិតថា ជំនាញ​ទាំងអស់នោះ​ពិបាក មិនសូវ​មានមុខ​មាន​មាត់ និង​មិនអាច​ទទួលបាន​ប្រាក់ខែ​ខ្ពស់ ប៉ុន្តែ​តាមពិតទៅ​ជំនាញ​ទាំងអស់នោះ​ជា​ជំនាញ​ដែល​កម្ពុជា​កំពុង​ត្រូវការ​ដើម្បី​ចូលរួម​ឱ្យបាន​សកម្ម​នៅក្នុង​ការអភិវឌ្ឍ​ប្រទេស។ យើង​សង្ឃឹមថា​សិស្ស​និស្សិត​កម្ពុជា​នឹង​ជ្រើសរើស​ជំនាញ STEM ដើម្បី​សិក្សា​នៅ​មហាវិទ្យាល័យ​ដើម្បី​ទាញយក​ឱកាស​ការងារ​ដែលមាន​តម្រូវការ​ខ្ពស់ ។
លោក​ឯកអគ្គរាជទូត ​បាន​បន្ថែមទៀតថា STEM បាន​ក្លាយជា​មុខងារ​ដែល​គេ​ត្រូវការ​បំផុត​នៅ​ទូទាំង​ពិភពលោក​រួមទាំង​កម្ពុ​ជា​ផងដែរ។ ស្រប​ពេលដែល​សេដ្ឋកិច្ច​កំពុង​លូតលាស់​យ៉ាង​ឆាប់រហ័ស និង​បើកទូលាយ​ចំពោះ​វិនិយោគិន​អន្តរជាតិ​នោះ ពលរដ្ឋ​កម្ពុជា​វ័យក្មេង​ចាំបាច់​ត្រូវ​ដឹងថា តើ​ការងារ​អ្វីខ្លះ​ដែល​ពួកគេ​អាចធ្វើ​បាន ហើយ​តើ​ជំនាញ​អ្វីខ្លះ​ដែល​គេ​ត្រូវការ? កម្ពុជា​កំពុង​ត្រូវការ​វេជ្ជបណ្ឌិត វិស្វករ អ្នកបង្កើត​បណ្តាញ និង​ស្ថិតិ ជាច្រើន​នាក់​បន្ថែមទៀត​ដើម្បី​ការអភិ​វឌ្ឍ​ប្រទេស។ ការជ្រើសរើស​យក​ជំនាញ STEM មក​សិក្សា​ជាការ​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​បង្កើត​ភាព​សកម្ម​នៅក្នុង​សកម្មភាព​នៃ​ការអភិវឌ្ឍ៕

ប្រភព៖ ឡារ៉ែន



ការផ្គត់ផ្គង់ និងការទិញខុនដូ ក្នុងទីផ្សារកម្ពុជា បានចាប់ផ្តើមកើនឡើងយ៉ាងខ្លាំងនៅចុងឆ្នាំនេះ

ការផ្គត់ផ្គង់ខុនដូ បានចាប់ផ្តើមកើនឡើងយ៉ាងគំហុកហើយចាប់ពីចុងឆ្នាំនេះទៅដោយការសិ ក្សាមួយបានរកឃើញថា ខុនដូចំនួន ១១៣០០យូនីតទៀតនឹងត្រូវដាក់ចូលទីផ្សារនៅដំណាច់ឆ្នាំនេះ។ យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia ដែលបានបញ្ចប់កាលពីពេលថ្មី ៗនេះបានរកឃើញថា ខុនដូចំនួន ១៩១១ យូនីត ត្រូវបានដាក់ចូលទីផ្សារក្នុងឆមាសទី1ឆ្នាំនេះ និងរំពឹងកើនឡើងដល់ ១១៣០០ យូនីតនៅដំណាច់ឆ្នាំនេះ សម្រាប់ចំនួនយូនីតខុនដូសរុប ដែលបានផ្គត់ផ្គង់តាំងពីមុនដល់ពេលបច្ចុប្បន្ន។

ការសិក្សាដដែលក៏បានរកឃើញផងដែរថា តម្លៃនៃការលក់ខុនដូប្រណីតបានធ្លាក់ចុះ១%គិតត្រឹមឆមាសទី១ឆ្នាំនេះធៀបនឹងដំណាច់ឆ្នាំមុន ប៉ុន្តែនិន្នាការអ្នកទិញខុនដូមានការប្រែប្រួល ដោយអ្នកទិញខុនដូភាគច្រើនផ្តោតលើខុនដូដែលបានបញ្ចប់ការសាងសង់ជាជាងទិញគម្រោងដែលកំពុងសាងសង់។ លើសពីនេះអ្នកទិញខុនដូ គឺទិញសម្រាប់រស់នៅជាជាងសម្រាប់វិនិយោគ ហើយចំនួនប្រជាជនខ្មែរដែលទិញខុនដូបានកើនឡើងចន្លោះពី៥ទៅ១០ភាគរយ។ ខុនដូប្រភេទ High-end មានតម្លៃមធ្យម ៣១០៨ ដុល្លារ ខុនដូប្រភេទ Mid-end មានតម្លៃ ២៦៥៩ ដុល្លារ និងខុនដូប្រភេទAffordable មានតម្លៃជាមធ្យម ១៤៩៨ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

អ្នកនាង អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia បានថ្លែងថា ស្ថានភាពទីផ្សារខុនដូមិនមានអ្វីគួរឲ្យបារម្ភនោះទេ បើទោះបីជាតម្លៃជួល និងតម្លៃលក់ចេញបានធ្លាក់ចុះក៏ដោយ។
យោងតាមការសិក្សារបស់ក្រុមហ៊ុន ប៊ុណ្ណារៀលធីគ្រុប ដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះក៏បានរកឃើញដែរថា ចំនួនខុនដូបានកើនពី១២១គម្រោងដល់១២៥គម្រោង និងចំនួនផ្ទះសរុបបានកើនពី ៤៣៦០៤ យូនីត ដល់ចំនួន ៤៧២០៤ យូនីតក្នុងឆមាសទី1ឆ្នាំនេះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក ស៊ុន ហួត នាយកផ្នែកទីផ្សារនៃគម្រោង Olympia CITY បានថ្លែងស្រដៀងគ្នាថា ស្ថានភាពនៃការលក់ខុនដូនៅឆ្នាំនេះមិនមានភាពប្រែប្រួលខុសពីឆ្នាំមុននោះទេ ប៉ុន្តែក្នុងស្ថានភាពបែបនេះការលក់ខុនដូក្នុងគម្រោងនេះមិនបានបញ្ចុះតម្លៃនោះទេ។ ខុនដូក្នុងគម្រោង Olympia City មានតម្លៃចន្លោះពី២៣០០ ទៅ២៦០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
លោក បានបន្តថា ក្នុងចំណោមអ្នកទិញខុនដូក្នុងគម្រោងនេះមានប្រជាជនខ្មែរប្រមាណ៧០ភាគរយដែលអ្នកខ្លះទិញសម្រាប់ស្នាក់នៅ និងខ្លះទៀតទិញសម្រាប់ជួល៕

ប្រភព៖ ឡារ៉ែន




រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យ ​ព្យាបាលជម្ងឺ​ដោយឥតគិតថ្លៃ​ជូនកម្មករ-កម្មការិនី​ ក្នុងស្រុក​ខ្សាច់កណ្តាល​

នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង លោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល រួមជាមួយមន្រ្តីពាក់ព័ន្ធ បានដឹកនាំក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តកណ្តាល ចុះពិនិត្យ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃជូនដល់កម្មករ-កម្មការិនី ចំនួន២០០នាក់ នៅក្នុងរោងចក្រគ្រឹស្តាល់ម៉ាទីន ស្ថិតនៅតំបន់អភិវឌ្ឍន៍ 7NG ក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ក្នុងឱកាសនោះដែរ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជម្រាបជូនបងប្អូនកម្មករ កម្មការិនី អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវគោលនយោបាយនានា ដែលបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនចំពោះកម្មករ កម្មការិនី ព្រមទាំងបានអញ្ជើញពិនិត្យសង្វាក់ផលិតកម្មក្នុងរោងចក្រផងដែរ៕





ទាំងរដ្ឋាភិបាល និងវិស័យសាសនារវាង កម្ពុជា-វៀតណាម នៅតែបន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា

លោកទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានលើកឡើងថា ប្រទេសកម្ពុជា និង​វៀត​ណាម មានកិច្ចសហប្រតិបត្តិការល្អ ទាំងរដ្ឋាភិបាល ក៏ដូចជាការងារសាសនា ជាពិសេសលើការផ្លាស់ប្តូរប្រតិភូធ្វើទស្សនកិច្ច ដកពិសោធន៍ការងារ សាសនាទៅវិញទៅមកបានល្អប្រសើរ។

លោកទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម បានលើកឡើងបែបនេះ ខណៈលោក បានអនុញ្ញាត ឱ្យគណៈប្រតិភូគណៈកម្មការ សាសនារដ្ឋាភិបាលវៀតណាម ដឹកនាំដោយលោក ហ្សឿង ងុកទិន (Duong Ngoc Tan) អនុប្រធានគណៈកម្មការ សាសនានៃរដ្ឋាភិបាលវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧។

ជាការឆ្លើយតបលោក ហ្សឿង ងុកទិន (Duong Ngoc Tan) បានលើកឡើងថា វៀតណាមនឹងបន្តការទំនាក់ទំនង កិច្ចសហប្រតិបត្តិការដ៏ល្អនេះ ឱ្យកាន់តែមានភាពរឹងមាំថែមទៀត សម្រាប់ប្រទេសយើងទាំងពីរ ស្ថិតស្ថេរជាអមត: ៕



នាយឧត្តមសេនីយ៍ សៅ សុខា ជួបសំណេះសំណាលជាមួយសិក្ខាកាមវគ្គបណ្ដុះបណ្ដាល នាយទាហានរងកងរាជអាវុធហត្ថជំនាន់ទី៤២

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បានអញ្ជើញធ្វើការសំណេះសំណាល ជាមួយសិក្ខាកាមវគ្គបណ្តុះបណ្តាល នាយទាហានរង នៃកងរាជអាវុធហត្ថជំនាន់ទី៤២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងបន្ដដំណើរចុះត្រួតពិនិត្យ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅមជ្ឈមណ្ឌលកងរាជអាវុធហត្ថ ភ្នំជុំរាយ។

ក្នុងឱកាសនោះ ក៏មានការចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ មេបញ្ជាការរង ស្នងការ នាយកសាលា និងនាយទាហាន ជាច្រើនរូបផងដែរ។

នាយឧត្តមសេនីយ៍ សៅ សុខា បានប្រាប់អង្គពិធីអំពីប្រវត្តិ នៃការបង្កើតមជ្ឈមណ្ឌលកងរាជអាវុធហត្ថ ចាប់ពីដំណាក់កាលដំបូង ការសិក្សាអំពីភូមិសាស្ត្រ ទីតាំង និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។ ដោយឡែកមជ្ឈមណ្ឌលកងរាជអាវុធហត្ថនេះ គឺសម្រាប់ធ្វើការហ្វឹកហ្វឺនបណ្តុះបណ្តាល នាយទាហាន រងគ្រប់ជំនាញ ជាពិសេសត្រៀមសម្រាប់ ការប្រកួតកីឡាបាញ់កាំភ្លើងទ័ពជើកគោកអាស៊ាននាពេលខាងមុខ ហើយនឹងធ្វើការផ្សព្វផ្សាយ អំពីសភាពការណ៍ថ្មីៗ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានឧបត្ថម្ភថវិកាជូនដល់នាយទាហាន នាយទាហានរង ដែលជានាយក នាយករង និងបុគ្គលិកបម្រើការនៅមជ្ឈមណ្ឌល ព្រមទាំងសិក្ខាកាមសរុប ប្រមាណ៤០០នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន៥០,០០០រៀល ៕







(សូមទស្សនាវីដេអូ) លិខិតមិត្តអ្នកអាន៖ ស្ថានទូតអាមេរិកហាក់ដូចជា ទុទ្ទិដ្ឋិនិយមហួសហេតុ ឬមួយជាចេតនា ?

មន្រ្តីកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បន្តយុទ្ធនាការចុះត្រួតពិនិត្យផលិតផល នៅក្នុងខណ្ឌសែនសុខ

ដោយគិតពីបញ្ហាសុវត្ថិភាពសុខភាពជាចំបង នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនោះ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញ ដឹកនាំដោយលោក ទី រ៉ូនី ប្រធានសាខាទទួលការិយាល័យប្រមូលចំណូល និងទីផ្សារ នៅព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ ផលិតផលចំណីអាហារ និងគ្រឿងភេសជ្ជៈគ្រប់ប្រភេទ នៅក្នុងផ្សារទឹកថ្លា និងម៉ាតកាល់តិច ស្ថិតនៅសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ។

លោក ទី រ៉ូនី បានឱ្យដឹងថា ការចុះត្រួតពិនិត្យនេះ គឺពិនិត្យទៅលើផលិតផល ចំណីអាហារវេចខ្ចប់ជាផ្លាស្ទិក ដាក់កំប៉ុង និងគ្រឿងអាហារក្រៀមមួយចំនួនទៀត ដែលកំពង់ចរាចរ ដាក់លក់នៅក្នុងផ្សារទឹកថ្លា និងតាម ម៉ាតកាល់តិច។ ពេលចុះត្រួតពិនិត្យមន្រ្តីកាំកុងត្រូល បានធ្វើការត្រួតពិនិត្យ រកមើលកាលបរិច្ឆេទ ហួស សុពលភាព ដើម្បីដកហូតយកទៅកម្ទេចចោល។

ជាមួយគ្នានេះ ក្រុមការងារក៏បានបិទស្ទិកគ័រ បង្ហាញពីរូបគ្រឿងកំប៉ុងដែលគួរយកប្រើប្រាស់ និងមិនត្រូវយក មកបរិភោគ ដល់បងប្អូនអាជីវករ និងប្រជាពលរដ្ឋ ដើម្បីយល់ដឹងពីផលប៉ះពាល់ដល់សុខភាពផងដែរ ។
លោកប្រធាន បានណែនាំដល់អ្នក់លក់ និងអ្នកទិញត្រូវដឹងពីអត្តសញ្ញាណ ប្រភពអាស័យដ្ឋានរបស់អ្នកដែល យកមកលក់ឱ្យខ្លួន ឬវិក្កយបត្រ ទូទាត់ឱ្យបានត្រឹមត្រូវ ជាព័ត៌មាន ដើម្បីបង្កលក្ខណៈងាយស្រួល ដល់សមត្ថ កិច្ចកាំកុងត្រូលក្នុងការចុះស្រាវជ្រាវ និងតាមដាន ដើម្បីមានវិធានការ ទៅតាមច្បាប់ ចំពោះអ្នកលក់ ឬអ្នកចែក ចាយផលិតផលនេះ។

ក្នុងពេលចុះត្រួតពិនិត្យគុណភាពទំនិញនោះលោក ទី រ៉ូនី បានសរសើរដល់អាជីវករ ដែលបានយល់ពីផលប៉ះ ពាល់សុខភាព ដោយដាក់លក់នូវផលិតផលនំ ចំណី អាហារ មានលក្ខណៈល្អ មិនលក់គ្រឿង ដែលហួស សុពលភាព ឬផលិតផលបែក បាក់កំពិតនោះទេ។

ជាមួយគ្នានេះ លោកក៏បានអប់រំ និងអំពាវនាវ ដល់អាជីវករអ្នកលក់ដូរទាំងអស់ឱ្យប្រុងប្រយ័ត្ន និងយកចិត្តទុក ដាក់ខ្ពស់ គឺលក់ដូរនិងចែកចាយតែទំនិញ ផលិតផលម្ហូបអាហារណាដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់។

ក្រោមការណែនាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូល នៅទូទាំងប្រទេស បាននិងកំពុងបន្តយុទ្ធនាការចុះត្រួតពិនិត្យ មើលទំនិញដែលដាក់តាំងលក់តាមទីផ្សារ ដើម្បីចូលរួមចំណែក លើការការពារ សុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋ ៕





(សូមទស្សនាវីដេអូ) លោក ហ៊ុន ម៉ាណែត លើកឡើងថាយើងជួយខ្មែរសោះបែរជាអាមេរិកាំងដាក់ទណ្ឌកម្មយើង

មន្រ្ដីកាំកុងត្រូលខេត្តឧត្តរមានជ័យ ចុះពិនិត្យកន្លែងលក់ទំនិញផ្សេងៗ នៅក្នុងក្រុងសំរោង

ឧត្តរមានជ័យ៖ ក្នុងគោលបំណងការពារសុខមាលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការទប់ស្កាត់ទំនិញមួយចំនួន ដែលខូចគុណភាព ហួសកាលបរិច្ឆេទ ដែលបងប្អូនអាជីវករអ្នកលក់ដូរមួយចំនួន តែងឆក់ឱកាសពិធីបុណ្យ ទានផ្សេងៗនោះ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញ ឆ្នាំ២០១៧នេះ មន្ត្រីសាខាកាំកុងត្រូលខេត្តឧត្តរមានជ័យបាន សហការជាមួយសមត្ថកិច្ច និងអជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យកន្លែងលក់ទំនិញផ្សេងៗ នៅក្នុងក្រុងសំរោង។
ក្នុងការត្រួតពិនិត្យមន្ត្រីកាំកុងត្រូល ដែលដឹកនាំដោយ លោក ខាន់ រ៉ាត់ ប្រធានសាខាកាំកុងត្រូល បានផ្តោត ទៅលើ គ្រឿងវិចខ្ចប់ដាក់ក្នុងសាដក សម្រាប់ប្រគេនព្រះសង្ឃ គ្រឿងភេសជ្ជៈនានាមួយចំនួនទៀត តាមផ្ទះ ប្រជាពលរដ្ឋរស់ នៅក្នុងក្រុងសំរោងទាំងមូល ហើយជាលទ្ធផលមន្ត្រីកាំកុងត្រូល រកឃើញទំនិញហួស គុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ រួមមាន៖ ទឹកដោះគោកូនក្មេងចំនួន២០ប្រអប់តូច ចាហ៊ូយតែគុជ ចំនួន៣កញ្ចប់ ម្សៅទឹកដោះគោចំនួន២០កញ្ចប់ និងទឹកដោះគោស្រស់ចំនួន១០កំប៉ុងផងដែរ បានដកហូត ដើម្បីយកទៅកម្ទេចចោល។

ក្រៅពីនេះ មន្ដ្រីកាំកុងត្រូល បានអប់រំណែនាំឱ្យបងប្អូនអាជីវករលក់ដូរ ត្រូវគិតដល់សុខភាពអ្នកទិញជាចម្បង ហើយរាល់ទំនិញដែលទិញមកលក់ដូរ ត្រូវពិនិត្យឱ្យបានច្បាស់ ពិសេសកុំទំនិញបាតឃ្លាំង ដែលគេស្តុបទុក ចោលរាប់ឆ្នាំយកមកលក់បន្ត។ ជាមួយគ្នានេះក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ មន្ត្រីកាំកុងត្រូល ក៏បានអំពាវនាវ ឱ្យប្រជាពលរដ្ឋ មុននឹងទិញទំនិញ អ្វីមួយ ត្រូវធ្វើការពិនិត្យឱ្យបានច្បាស់លាស់ ៕





(សូមទស្សនាវីដេអូ) ខេត្តកែប ហែរក្បួនអបអរសាទរ ការទទួលបាន ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន

(សូមទស្សនាវីដែអូ) លោក​ស្រី​ ប៊ុន ​រ៉ានី ​ហ៊ុន​សែន​ និង​មន្ដ្រី​គ្រប់​លំ​ដាក់​ថ្នាក់​នៃ​កាក​បាទ​ក្រហម ​អញ្ជើញ​ដាក់​បិណ្ឌ​ទី​០៩​ នៅ​វត្ត​ចំពុះ​ក្អែក

អ្នកនាំពាក្យ គ.ជ.ប៖ បើគ្មានជំនួយពីបរទេស ក៏មិនប៉ះពាល់ដល់ការបោះឆ្នោតនៅកម្ពុជា

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់អ្នកសារព័ត៌ មានថា បើគ្មានជំនួយពីបរទេស តួយ៉ាងដូចជំនួយអាមេរិក ក៏មិនប៉ះពាល់ដល់ដំណើរការបោះឆ្នោត នៅកម្ពុជា ឡើយ ពីព្រោះថវិការដ្ឋបានត្រៀមគ្រប់គ្រាន់រួចស្រេចហើយ ក្នុងការប្រើប្រាស់សម្រាប់ដំណើរការបោះឆ្នោត។
លោកថ្លែងបែបនេះ ក្រោយបញ្ចប់កិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ដំណើរការប្រព្រឹត្តទៅនៃការធ្វើបច្ចុប្បន្នភាពបញ្ជី បោះឆ្នោត និងការចុះឈ្មោះឆ្នោតនៅតាមឃុំ-សង្កាត់ លទ្ធផលបណ្ដុះអាសន្ននៃការចុះឈ្មោះបោះឆ្នោត និងការ ផ្សព្វផ្សាយស្ដីពី ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងទាក់ទងនឹងការចុះឈ្មោះបោះឆ្នោត នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅទីស្នាក់ការ គ.ជ.ប។
លោក ហង្ស ពុទ្ធា បានថ្លែងយ៉ាងដូច្នេះថា « ខ្ញុំសូមជម្រាបថា ប្រទេសកម្ពុជា ជាប្រទេសមាន អធិបតេយ្យភាព របស់ខ្លួន ជារៀងរាល់ឆ្នាំ ពិសេសឆ្នាំបោះឆ្នោតតែម្ដង សភាបានសម្រេចផ្ដល់ថវិកាសម្រាប់ការបោះឆ្នោត ទោះបីជាអត់មានជំនួយពីណាមក ក៏លុយរបស់រដ្ឋាភិបាលគ្រោងទុកស្រេចហើយ ប៉ុន្តែបើមានជំនួយវិញ បានន័យថាថវិកាជំនួយនោះ នឹងត្រូវកាត់ចេញពីថវិការបស់រដ្ឋ ប៉ុន្តែបើថាអត់លុយបោះឆ្នោត គឺអត់មានទេ គ.ជ.ប នៅតែដំណើរការបោះឆ្នោតតាមការគ្រោងទុក»។
លោកបានបន្តថា កន្លងមក អង្គការ USAID បានឧបត្ថម្ភរថយន្តចំនួន៦គ្រឿង ដល់ គ.ជ.ប ចំណែកអង្គការ របស់សហរដ្ឋអាមេរិកឈ្មោះ អាយហ្វេស ក៏បានដាក់ការិយាល័យនៅ គ.ជ.ប ជួយធ្វើការ គ.ជ.ប ផងដែរ ប៉ុន្តែបើគ្មានជំនួយពីបរទេសទាំងនោះ ក៏មិនប៉ះពាល់ដល់ដំណើរការបោះឆ្នោតនៅកម្ពុជា និងមិនប៉ះពាល់ ដល់ការងាររបស់ គ.ជ.ប ដែរ។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា គ.ជ.ប អាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងដោយខ្លួនឯងបាន ទាំងផ្នែក ធនធានមនុស្ស និងប្រតិបត្តិការដំណើរការបោះឆ្នោតហើយ គ.ជ.ប ជាអង្គភាពស្នូលដ៏សំខាន់ក្នុងការទទួល ខុស ត្រូវ លើប្រជាពលរដ្ឋរាប់លាននាក់នៅប្រទេសកម្ពុជា ដូច្នេះបើអវត្តមានដៃគូណាមួយ មិនមែនជាបញ្ហា សម្រាប់ គ.ជ.ប នោះទេ។

សូមជម្រាបថា ក្នុងពេលថ្មីៗនេះ ភាពល្អក់កករនៃទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា និងស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា បង្ហាញពីភាពក្ដៅគគុកនៅលើ បណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គម Facebook ដែលជាហេតុធ្វើឱ្យមានការព្រួយបារម្ភពីសំណាក់មហាជនទូទៅ ពីការកាត់ផ្ដាច់ជំនួយដល់កម្ពុជា រួមទាំងជំនួយនៅ គ.ជ.ប ផងដែរ ៕




កម្ពុជា-ជប៉ុន បើកកិច្ចប្រជុំស្តីពីកិច្ចការពារ អភិរក្សជីវៈចម្រុះ និងព្រៃឈើ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

លោក សៅ សុភាព នាយកខុទ្ទកាល័យក្រសួងបរិស្ថាននៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមការងារជួបជាមួយគណៈប្រតិភូជប៉ុនដឹកនាំដោយលោក Yuki Okada ជំនួយការប្រធានការរិយាល័យកិច្ចសហប្រតិបត្តិការអន្តរជាតិនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទរបស់ជប៉ុនដើម្បីពិភាក្សាអំពីការរៀបចំគោលការណ៍ណែនាំបច្ចេកទេសសម្រាប់អនុវត្តគម្រោងREDDបូក នៅក្រោមយន្តការឥណទានការបោនរួមគ្នារវាងកម្ពុជា និងជប៉ុន (JCM) ដែលជាកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាកាលពីខែមេសា ឆ្នាំ២០១៤។
តាមផែនការរៀបចំ ក្រុមការងារបច្ចេកទេសកម្ពុជា-ជប៉ុននឹងចាប់ផ្តើមដំណើរការសេចក្តីព្រាងគោលការណ៍ណែនាំបច្ចេកទេសគម្រោងREDDបូកនៅខែតុលា ឆ្នាំ២០១៧នេះ ហើយនឹងបញ្ចប់នៅខែមីនា ឆ្នាំ២០១៨។

លោក សៅ សុភាព សង្ឃឹមថាគោលការណ៍ណែនាំ JCM នេះនឹងជួយជំរុញឱ្យវិស័ឯកជនមកពីជប៉ុនចូលរួមអនុវត្តគម្រោងREDDបូកបន្ថែមទៀតដែលនឹងនាំឱ្យមានការរួចំណែកដល់ការការពារ និងការអភិរក្សជីវៈចម្រុះ ជាពិសេសព្រៃឈើឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ហើយទន្ទឹមនឹងនេះនឹងចូលរួមដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋានតាមរយៈការចូលរួមសកម្មភាពរបស់ពួកគាត់៕



គណៈកម្មាធិការប្រឡងថ្នាក់ជាតិ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាក្នុងវិស័យសុខាភិបាល

នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នេះ គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល បានជូនដំណឹងដល់គ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល និងនិស្សិតដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ឱ្យបានជ្រាបថា គណៈកម្មាធិការប្រឡងថ្នាក់ជាតិ នឹងធ្វើការប្រឡងថ្នាក់ជាតិជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររងនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល ឆ្នាំសិក្សា ២០១៧-២០១៨។

សូមអានសេចក្តីជូនដំណឹងខាងក្រោម៖










កាំកុងត្រូលខេត្តស្វាយរៀង ចុះពិនិត្យគុណភាពទំនិញក្នុងផ្សារមួយចំនួន តែរកពុំឃើញសារធាតុគីមីលើម្ហូបអាហារនោះទេ

ស្វាយរៀង៖ ក្នុងឱកាសនៃពិធីកាន់បិណ្ឌនេះ ក្រុមការងារសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយបានកិច្ចសហការពីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានចុះទៅធ្វើការអង្កេតទីផ្សារក្រោលគោ និងផ្សារស្វាយជ្រុំ ក្នុងស្រុកស្វាយជ្រុំ នៅព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ ដោយបានចុះពិនិត្យលើប្រក្រតីភាព និងអនុលោមភាព នៃទំនិញដែលបានដាក់តាំងលក់លើទីផ្សារខាងលើ ព្រមទាំងបានធ្វើតេស្តបឋមទៅលើមុខទំនិញមួយចំនួន ដូចជា បន្លែ និង ផ្លែឈើ ។

ជាលទ្ធផលបង្ហាញថា ពុំមានវត្តមានសារធាតុគីមីបន្ថែមលើម្ហូបអាហារ ត្រូវបានរកឃើញនោះទេ ក៏ប៉ុន្តែ ក្នុងនោះក្រុមការងារក៏បានដកហូតទៅតាមនីតិវិធីនូវផលិតផលមួយចំនួនដែលមានសភាពមិនប្រក្រតី និងខូចគុណភាពសម្រាប់ធ្វើការកម្ទេច ចោលផងដែរ៕