Thursday, June 29, 2017

អភិបាលខេត្ត​កំពង់ឆ្នាំង​៖ ចង់​បាន​អនាគតល្អ ​សូមសហការគ្នា​ទប់ស្កាត់ការជួញដូរ ​និងប្រើប្រាស់​គ្រឿងញៀន​ឱ្យបាន​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន

(កំពង់ឆ្នាំង)៖​ នៅ​សាលា​បឋមសិក្សា​គំរូក្រុង​ ក្នុង​ទិវាអន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅថៃ្ងទី២៩​ ខែមិថុនា ឆ្នាំ​២០១៧នេះ​ លោក ឈួរ​ ច័ន្ទឌឿន​ អភិបាល​ខេត្តកំពង់​ឆ្នាំង​ បាន​មានប្រសាសន៍ថា ​បើចង់បានអនាគតល្អ សូមសហការគ្នា ទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនឱ្យបាននៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោក ឈួរ ច័ន្ទឌឿន បានញ្ជាក់ថា បញ្ហាគ្រឿងញៀន ជាកង្វល់មួយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បើទោះបីកន្លងមក យើងបានធ្វើការបង្រ្កាបជាបន្តបន្ទាប់ នៅទូទាំងប្រទេសក៏ដូចជាខេត្តកំពង់ឆ្នាំង ក៏ដោយ ក៏នៅតែមិនទាន់អស់នៅឡើយ។ ដូចនេះគណៈបញ្ជាការឯកភាពក្រុង ស្រុក ត្រូវបន្តកិច្ចសហប្រតិបត្តិការបង្រ្កាបឱ្យបាននៅក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន។

លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សយុវជន យុវនារី ចង់បានអនាគតល្អ ត្រូវខិតខំរៀនសូត្រ និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន។ លោកក៏បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង ដែលបានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ជូនគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះទាំង៤សង្កាត់។

លោក ជុន ថារិទ្ធ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា រយៈពេល៦ខែដើមឆ្នាំ២០១៧ យើងផ្សព្វផ្សាយបាន ១០៦៤លើក ដោយមានអ្នកចូលរួម ១៦៧ ១៦៨នាក់ បង្រ្កាបបានចំនួន៧៤ករណី ឃាត់ខ្លួនមនុស្សបាន២០១នាក់ ក្នុងនោះស្រី២១នាក់ និងសម្ភារៈមួយចំនួនទៀត។ មន្ទីរសុខាភិបាលខេត្ត ក៏បានផ្តល់សេវាបន្សាបបានចំនួន១៧លើកស្មើ នឹង៨៨នាក់ ស្រីចំនួន៤នាក់ ផងដែរ៕







លោក​ស្រី ​ម៉ៅ ​ម៉ាល័យ ​កែ​ គឹមយ៉ាន​ ផ្ដល់​កាដូ​សាឡង់​ចម្លង​ស្ទឹងស្ពានស្រែង​​ជាការអរគុណ​ដល់​ប្រជាពលរដ្ឋ​ក្រោយ​ការ​បោះឆ្នោត

ខេត្ត​សៀមរាប៖​ សាឡង់​ទំហំ​ ៦ម៉ែត្រគុណ​៨ម៉ែត្រ និង​ផ្លូវលំ១ខ្សែ​ តភ្ជាប់​ពីវត្តពោធិ៍ (ភូមិរោគ) ​ឆ្ពោះទៅកំពង់ចម្លងគៀនចំបក់​ ភូមិមុខឈ្នៀង​ ឃុំស្ពានស្រែង​ ស្រុកភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ ​ឈមនឹងភូមិគៀនស្រែ ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាម ជាចំណងដៃ ជូនប្រជាពលរដ្ឋក្រោយពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ថ្ងៃទី៤ មិថុនា កន្លងមក។ លោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានរៀបចំពិធីបែបសាសនា និងពិធីប្រគល់សាឡង់សម្រាប់ប្រើប្រាស់នេះ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧។
លោក យឹម សំណាង អភិបាលស្រុកភ្នំស្រុក បានឱ្យដឹងថា សាឡង់មួយគ្រឿងនេះ ពិតជាបានសម្រាលនូវការលំបាក របស់បងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកចំនួនពីរ គឺស្រុកស្រីស្នំ នៃខេត្តសៀមរាប និងស្រុកភ្នំស្រុកនៃខេត្តបន្ទាយមានជ័យ ក្នុងការប្រាស្រ័យទាក់ទងគ្នា ពិសេសដឹកជញ្ជូនកសិផលមកលក់នៅទីរួមខេត្ត។ មួយវិញទៀត សាឡង់នេះ បានដើរតួយ៉ាងសំខាន់សម្រាប់ចម្លងសិស្សានុសិស្ស ពីត្រើយភូមិត្រាំសសរ នៃស្រុកស្រីស្នំ ឱ្យបានមករៀននៅសាលា ក្នុងឃុំស្ពានស្រែង។
លោក យឹម សំណាងថា ក៏បានបញ្ជាក់ថា សាឡង់នេះ ជាមធ្យោបាយដ៏ចម្បង សម្រាប់ប្រជាពលរដ្ឋ ជាច្រើនភូមិក្នុង ឃុំស្ពានស្រែង និងឃុំត្រាំសសរ ក្នុងការធ្វើដំណើដឹកកសិផល ផលនេសាទ បញ្ជូនអ្នកជម្ងឺទៅមណ្ឌលសុខភាព និងចម្លងសិស្សានុសិស្សទៅសាលារៀនផងដែរ។ តំណាងពលរដ្ឋ ក៏បានថ្លែងថា នេះជាគុណបំណាច់យ៉ាងធំធេង របស់លោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ដែលជានិច្ចកាលលោកស្រីតែងតែគិតគូរពីទុក្ខលំបាក របស់បងប្អូននៅទីជនបទចុងកាត់មាត់ញក។

លោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍ ខេត្តបន្ទាយមានជ័យ ក៏បានផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ធ្វើយ៉ាងណាត្រូវចេះថែរក្សា កុំយកថ្លៃលើសហួសហេតុ ពិសេសអ្នកជម្ងឺមិនត្រូវទារលុយពីការចម្លងឡើយ។ ថ្វីត្បិតតែសាឡង់នេះ ជាចំណងដៃក្រោយការបោះឆ្នោតក៏ដោយ មិនមែនបញ្ឈប់ការជួយត្រឹមនេះទេ ឱ្យតែបងប្អូនមានទុក្ខលំបាកគឺនៅតែមានវត្តមានលោកស្រីជានិច្ច៕





បញ្ហាប្រឈមចំនួនប្រាំសំរាប់ចិន និងអាស៊ាន ខណៈពេលដែលតំបន់នេះ ប្រឈមនឹងការធ្វើឲ្យមានតុល្យភាពអំណាចឡើងវិញ

ឆ្នាំនេះគឺជាខួបទី ៥០ ឆ្នាំរបស់អាស៊ាន។ អាស៊ាន ដែលមានផ្ទៃដីសរុបចំនួន ៤,៤៦ លាន គីឡូម៉ែត្រការ៉េ និងប្រជាជនសរុបជិត ៦០០ លាននាក់ បានធ្វើដំណើរដ៏វែងឆ្ងាយនៅក្នុងសហ ប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច និងតំបន់ ដោយក្លាយជាយន្តការសហប្រតិបត្តិការដ៏សំខាន់ មួយនៅអាស៊ីអាគ្នេយ៍។

ចិនផ្តល់សារៈសំខាន់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយអាស៊ាន និងចាត់ទុក អាស៊ានជាអាទិភាពនៅក្នុងរបៀបវារៈការទូតរបស់ខ្លួន។

ក្នុងឆ្នាំ ២០០៣ ចិនបានបង្កើតភាពជាដៃគូយុទ្ធសាស្រ្តដើម្បីសន្តិភាព និងវិបុលភាព (Strategic Partnership for Peace and Prosperity) ជាមួយអាស៊ាន និងក្លាយជាប្រទេសទីមួយនៅក្រៅអាស៊ីអាគ្នេយ៍ដែលបានចូលរួមក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ តំបន់ពាណិជ្ជកម្មសេរីរវាងចិន និងអាស៊ានត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១០។

ទំហំពាណិជ្ជកម្មរវាងភាគីទាំងពីរបានកើនដល់ ៤៧២,១ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៥ ដោយបានកើនឡើង ៦០ ដង បើប្រៀបធៀបជាមួយឆ្នាំ ១៩៩១ ដែលមានចំនួន ៧,៩៦ ពាន់លានដុល្លារ។ វិនិយោគទ្វេទិសសរុបចំនួន ១៥៦,៤ ពាន់លានដុល្លារ ដោយបានកើនឡើង ៣០០ ដងពីឆ្នាំ ១៩៩១។ នាយករដ្ឋមន្រ្តីចិន Li Keqiang ធ្លាប់បានចាត់ទុកសម័យកាលបច្ចុប្បន្នថាជាទសវត្សរ៍ត្បូងពេជ្រមួយនៅក្នុងទំនាក់ទំនងរវាងចិន និងអាស៊ាន។

ក៏ប៉ុន្តែ ដោយមានការផ្លាស់ប្តូរស្ថានភាពតំបន់ និងសកលលោក បញ្ហាប្រឈមខាងក្រោមដែលអាចប៉ះពាល់ទំនាក់ទំនងរវាងចិន និងអាស៊ាននៅក្នុងអនាគតដ៏ខ្លីខាងមុខកំពុងចាប់ផ្តើមលេចរូបរាងឡើង។

បញ្ហាប្រឈមទីមួយគឺភាពមិនច្បាស់លាស់កើតឡើងពីការកែសម្រួលឡើងវិញនូវសណ្តាប់ធ្នាប់តំបន់ និងសកលលោក។ ដោយមានការធ្លាក់ចុះនៃអំណាចជាតិរបស់សហរដ្ឋអាមេរិក និងការកើនឡើងនៃអំណាចថ្មី ស្ថានភាពនៅអាស៊ីអាគ្នេយ៍ និងពិភពលោកកំពុងជួបនូវការកែសម្រួល និងការផ្លាស់ប្តូរយ៉ាងខ្លាំង។

ការបោះឆ្នោតលោក Donald Trump ជាប្រធានាធិបតីសហរដ្ឋអាមេរិក និងការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ “ដ៏ខ្មៅងងឹត” ពីរធំៗនៅក្នុងនយោបាយអន្តរជាតិ ដោយធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងលើសណ្តាប់ធ្នាប់បច្ចុប្បន្ននៅអាស៊ីអាគ្នេយ៍។

លោក Trump បានលុបចោលយុទ្ធសាស្រ្តធ្វើឲ្យមានតុល្យភាពឡើងវិញនៅអាស៊ីប៉ាស៊ីភិច​របស់រដ្ឋបាលលោក Obama និងបានប្រកាសដកខ្លួនពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម TPP ។ រដ្ឋបាលលោក Trump រហូតមកដល់ពេលនេះមិនបានធ្វើសេចក្តីថ្លែងការណ៍ ឬការប្រកាសណាមួយស្តីពីគោលនយោបាយរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ឡើយ។ ភាពមិនច្បាស់លាស់នេះ ដែលបង្កឡើងដោយការកែសម្រួលឡើងវិញនូវសណ្តាប់ធ្នាប់តំបន់បានធ្វើឲ្យប្រទេសនៅក្នុងអាស៊ានមានការប្រយ័ត្នប្រយែងកាន់តែខ្លាំងនៅក្នុងសកម្មភាពការទូតរបស់ខ្លួន។

បញ្ហាប្រឈមទីពីរគឺការឃ្លាតឆ្ងាយខាងផ្លូវចិត្តរបស់ប្រទេសអាស៊ានពីចិន។ ប្រទេសអា ស៊ានទទួលរងឥទ្ធិពលដ៏ជ្រាលជ្រៅពីប្រវត្តិសាស្រ្ត វប្បធម៌ និងគុណតម្លៃប្រពៃណីរបស់ចិន។ ចិនកំពុងធ្វើដំណើរឆ្ពោះទៅចំណុចកណ្តាលនៃឆាករបស់ពិភពលោក ដោយឥទ្ធិពលនយោ  បាយ និងសេដ្ឋកិច្ចរបស់ខ្លួននៅអាស៊ានកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ការមិនស៊ីសង្វាក់គ្នារវាងចិន និងប្រទេសអាស៊ានបាននាំឲ្យមានការខ្វែងគំនិតគ្នាលើផលប្រយោជន៍ និងការយល់ឃើញលើបញ្ហាជាច្រើននៅក្នុងតំបន់ ដែលធ្វើឲ្យមានភាពស្មុគស្មាញ មួយចំនួននៅក្នុងប្រទេសទាំងនេះ។

ប្រទេសអាស៊ាន ត្បិតថាកំពុងទទួលផលប្រយោជន៍ពីចិន ក៏កំពុងព្រួយបារម្ភថាប្រទេស ចិនដ៏ខ្លាំងមួយនឹងធ្វើអ្វីចំពោះខ្លួន។ អាស៊ានបានប្រកាន់យកយុទ្ធសាស្រ្តមួយដើម្បីធ្វើឲ្យមានតុល្យភាពចំពោះឥទ្ធិពលរបស់ចិនដែលកំពុងកើនឡើង។ ចំណុចនេះបាននាំឲ្យមានស្ថានភាព មួយដែលមានការពឹងផ្អែកសេដ្ឋកិច្ចលើចិន និងការសន្យាផ្តល់សន្តិសុខពីសហរដ្ឋអាមេរិក។

បញ្ហាប្រឈមទីបីគឺយុទ្ធសាស្រ្តបំបែកបំបាក់របស់អំណាចនៅក្រៅអាស៊ីអាគ្នេយ៍។ អាស៊ីអាគ្នេយ៍គឺជាតំបន់មួយដែលទទួលការយកចិត្តទុកដាក់នៅក្នុងនយោបាយអន្តរជាតិក្រោយ សង្រ្គាមលោកលើកទីពីរ។ ប្រទេសជាច្រើនរួមមាន សហរដ្ឋអាមេរិក ជប៉ុន និងឥណ្ឌាមានការ ព្រួយបារម្ភខ្លាំងអំពីការងើបឡើងរបស់ចិន និងឥទ្ធិពលកើនឡើងរបស់ខ្លួននៅក្នុងតំបន់។ ប្រទេសទាំងនេះបានធ្វើសកម្មភាពការទូតដ៏សកម្មនៅក្នុងតំបន់ ដោយព្យាយាមបំបែកបំបាក់ ចិន និងប្រទេសអាស៊ាន។

បញ្ហាប្រឈមទីបួនគឺជម្លោះទឹកដី។ បញ្ហាជម្លោះទឹកដីអាចចាត់ទុកបានថាជាឧបសគ្គមួយដ៏សំខាន់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិន និងអាស៊ាន។ ចិនមានជម្លោះទឹកដីជាមួយហ្វីលីពីន វៀតណាម និងម៉ាឡេស៊ី។ ជាអកុសល ជម្លោះទឹកដីគឺជាបញ្ហាប្រវត្តិសាស្រ្ត និងពាក់ព័ន្ធជាមួយបញ្ហាជាតិនិយម និងភាពស្របច្បាប់របស់រដ្ឋាភិបាល ដែលមិនអាចនាំឲ្យមានការធ្វើសម្បទានណាមួយលើបញ្ហាទឹកដីនេះបានឡើយ។

បញ្ហាប្រឈមទីប្រាំគឺភាពចម្រុះគ្នារបស់ប្រទេសអាស៊ាន។ យោងតាមស្ថិតិ មានជាតិសាសន៍ និងកុលសម្ព័ន្ធប្រមាណជាង ៤០០ នៅក្នុងប្រទេសអាស៊ាន។ តំបន់អាស៊ានត្រូវបាន ចាត់ទុកថាជាតំបន់ដែលមានភាពចម្រុះច្រើនជាងគេខាងនយោបាយ សេដ្ឋកិច្ច និងវប្បធម៌នៅ លើពិភពលោកនៅពេលបច្ចុប្បន្ននេះ។

បច្ចុប្បន្ននេះ ប្រទេសអាស៊ានជាច្រើនកំពុងនៅក្នុងដំណាក់កាលអន្តរកាលខាងសេដ្ឋកិច្ច និង ការរៀបចំរចនាសម្ព័ន្ធនយោបាយឡើងវិញ ហើយប្រឈមមុខនឹងអតុល្យភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច និងបញ្ហាប្រឈមខាងសន្តិសុខដែលមិនមែនជាប្រពៃណីដូចជា ភេវរកម្ម ជម្ងឺផ្តាសសាយបក្សី និងឧក្រិដ្ឋកម្មឆ្លងដែន។ ជាមួយគ្នានេះ ជម្លោះទឹកដីក៏កើតមានផងដែររវាងប្រទេសអាស៊ានមួយចំនួន។

ដោយការបោះជំហានលឿនៗក្នុងការធ្វើសមាហរណកម្មអាស៊ាន ការខ្វែងគំនិតគ្នានៅ ក្នុងចំណោមប្រទេសអាស៊ាននឹងលេចចេញឡើងកាន់តែច្បាស់ និងធ្វើឲ្យកិច្ចសហប្រតិបត្តិការនៅក្នុងចំណោមប្រទេសអាស៊ានមានភាពស្មុគស្មាញកាន់តែច្រើន ដែលនាំឲ្យមានការលំបាក កាន់តែច្រើននៅក្នុងការរៀបចំបង្កើតគោលនយោបាយការបរទេសរបស់អាស៊ានមួយដែលមានលក្ខណៈស៊ីសង្វាក់គ្នា៕

ប្រភព : Global Times ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧


ក្រសួងបរិស្ថានបានបំពេញកិច្ចការ ១៨ចំណុច ដើម្បីគាំពារជីវភាពមន្ត្រីរាជការ ពង្រឹងស្មារតី និងសាមគ្គីភាពផ្ទៃក្នុង

យោងតាមគណនី ហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ បានបង្ហោះផ្សាយនូវអត្ថបទមួយស្តីពី ចំណុច១៨ ដែលក្រសួងបានបំពេញជូនមន្ត្រីរាជការក្នុងក្រសួង ដើម្បីគាំពារជីវភាព ពង្រឹងស្មារតី និងសាមគ្គីភាពផ្ទៃក្នុងមន្ត្រីរាជការក្នុងក្របខណ្ឌក្រសួងបរិស្ថាន។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងដែលក្រសួងបរិស្ថានបានបង្ហោះផ្សាយ៖

តាំងពីដើមអាណត្តិទី៥នៅចុងឆ្នាំ២០១៣រហូតមកដល់ពេលនេះ ក្រសួងបរិស្ថានបានធ្វើកិច្ចការ ១៨ចំណុចធំៗ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ សុខុមាលភាព បង្កើនសមត្ថភាព លទ្ធភាព និងភាពជាម្ចាស់លើខ្លួនឯង។ ចំណុចទាំងនោះរួមមាន៖ ១- ការឧបត្ថមថវិកាចំនួន៣លានរៀលដល់មន្ត្រីរាជការស្ត្រីដែលសម្រាលបុត្រ ២- ការឧបត្ថមថវិកាចំនួន៣លានរៀល ដល់មន្ត្រីរាជការរៀបអាពាហ៍ពិពាហ៍ ៣-ការឧបត្ថមថវិកាចំនួន៣លានរៀល ដល់គ្រួសារមន្ត្រីរាជការដែលបានទទួលមរណភាព ៤- ផ្តល់អាហារថ្ងៃត្រង់ដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាដែលមានការខ្វះខាត និងលំនៅដ្ឋានឆ្ងាយពីក្រសួងជាប្រចាំថ្ងៃប្រមាណ៣០០នាក់ ៥- បែងចែកចំណូលរបស់ក្រសួង ជូនមន្ត្រីរាជការក្នុងរយៈពេលបីខែម្តង ៦- ផ្តល់ប្រេងឥន្ធនៈប្រចាំខែជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ៧-ផ្តល់ប្រាក់រង្វាន់ដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៅពេលបុណ្យចូលឆ្នាំប្រពៃណី បុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំសកល ៨-ក្រសួងមិនតម្រូវឱ្យមានការរៃអង្គាសថវិកាពីមន្ត្រីរាជការ ដើម្បីវិភាគទានបក្ស ៩- ការបង់ប្រាក់សន្សំចំនួន ៥០០០រៀល ក្នុងមួយខែជូនមន្ត្រីរាជការទាំងអស់ ទៅក្នុងគណនីយសន្សំនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK ដែលទទួលបានការប្រាក់ក្នុងអត្រា ៩% មួយឆ្នាំ ១០-បើកប្រាក់បៀវត្សជូនមន្ត្រីរាជការទៀតទាត់នៅសប្តាហ៍ទី៤នៃខែនីមួយៗតាមប្រព័ន្ធ WING ១១- បើកប្រាក់បេសកកម្មជូនមន្ត្រីរាជការ ទៅតាមគោលការណ៍កំណត់ ១២- រៀបចំការតម្លើងកាំប្រាក់ និងឋានន្តរសក្តិជូនមន្ត្រីរាជការតាមគោលការណ៍ច្បាប់ ១៣- មន្ត្រីរាជការនៃក្រសួងបរិស្ថានទទួលការបញ្ចុះថ្លៃព្យាបាល ២០%នៅមន្ទីរពេទ្យជោរីក្រុងភ្នំពេញ និងមន្ទីរពេទ្យព្រះកេតុមាលា ៥០% តាមរយៈការចុះអនុស្សរណៈរបស់ក្រសួង ១៤-បញ្ចូលមន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្តចំនួន៤៣រូប ដែលបានបំពេញការងារសកម្មនៅក្រសួងអស់រយៈពេលច្រើនឆ្នាំ ទៅក្នុងក្របខណ្ឌក្រសួង ១៥-ពិធីជួបជុំគ្នារវាងមន្ត្រីរាជការ ១៦. លើកកម្ពស់ការចូលរួមរបស់ស្ត្រី និងយុវជនក្រសួង ក្នុងកិច្ចការសង្គម និងកិច្ចគាំពារសុខភាពសាធារណៈ និងបរិស្ថាន រួមទាំងផ្តល់ ការគាំទ្រថវិកា និងបច្ចេកទេស ១៧-ក្រុមការងារសមាគមនារីក្រសួងចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាដល់មន្ត្រីចូលនិវត្តន៍ ដែលមានជីវភាពខ្វះខាត មានជំងឺ និងគ្រោះថ្នាក់ផ្សេងៗ និង១៨-រៀបចំសំណេះសំណាល ឧបត្ថមសម្ភារៈ និងថវិកាដល់មន្ត្រីចូលនិវត្តន៍៕





មន្រ្តីកាំ​កុងត្រូល​ផែស្ងួតចុង​ទីភ្នំពេញ អំពាវ​នាវឲ្យអាជីវករ​លក់ទំ​និញ​ដែលគ្មានជា​តិគីមី​ (បូរ៉ាក់)

ប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងប្រធានសាខាផែស្ងួតចុងទីភ្នំពេញ មន្រ្តីជំនាញ បានចុះធ្វើការត្រួតពិនិត្យទំនិញនៅផ្សារទួលទំពូង ខណ្ឌចំការមន ដើម្បីរកសារធាតុគីមីហាមឃាត់ នៅក្នុងផលិតផលម្ហូបអាហារមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

ជាក់ស្តែងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូល ផែស្ងួតចុងទីភ្នំពេញ និងមន្រ្តីមន្ទីរពិសោធន៍ អមដោយរថយន្តពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋានកាំកុងត្រូល សហការជាមួយមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញ និងយកគំរូមួយចំនួន៨៦មុខ ដូចជា បន្លែស្រស់ គ្រឿងសមុទ្រស្រស់ និងផ្លែឈើមួយចំនួនទៀត សរុប៨៦គំរូ មកពិសោធន៍។
ក្នុងប្រតិបត្តិការនេះលោក គង់ វុទ្ធី បានធ្វើការណែនាំក្រុមអាជីវករ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ ដែលមានផ្ទុកសារធាតុពុល និងម្ហូបអាហារ។ ហាមការដាក់តាំងផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។
លោកក៏បានបញ្ជាក់បន្ថែមថា ប្រតិបត្តិការចុះពិនិត្យទំនិញទាំង៨៦គំរូ ក្នុងនោះ៨៤គំរូ គ្មានសារធាតិគីមីហាមឃាត់នោះទេ ប៉ុន្តែមន្ត្រីកាំកុងត្រូលបានធ្វើការពិសោធន៍ រកឃើញកាក់សំណល់ដែលមានជាតិថ្នាំសម្លាប់សត្វល្អិត នៅស្លឹកជីឆាយ ដូច្នេះសមត្ថកិច្ចសម្រេចដកហូតគល់ជីឆាយចំនួន២,៥០គីឡូក្រាម នឹងស្ពៃក្រញ៉ែញ ១គីឡូក្រាម ហើយក៏បានហៅម្ចាស់មកណែនាំនឹងធ្វើកិច្ចសន្យាបញ្ឈប់ការដាក់លក់ទំនិញមានជាតិថ្នាំនេះតទៅទៀត។
មន្ត្រីកាំកុងត្រូលក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមីទៅលើផលិតផលម្ហូបអាហារ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ គេសង្កេតឃើញថា ក្នុងប្រតិបត្តិការខាងលើនេះ គឺបងប្អូនប្រជាពលរដ្ឋក៏ដូចជាអាជីវករផ្សារបានសម្តែងនូវទឹកចិត្តរីករាយ នឹងគាំទ្រចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូល ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗតាមបណ្តាផ្សារ ហាង និងស្តាម៉ាតនានាក្នុងរាជធានីភ្នំពេញ រកសារធាតុគីមី ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាពរបស់ពួកគាត់ផងដែរ៕





ប្រដាល់គុនខ្មែរ នឹងចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំកម្មវិធីជួបសំណេះសំណាលជាមួយកីឡាករ កីឡាការិនី ប្រដាល់គុនខ្មែរ ប្រដាល់សកល និងមន្ត្រីរបស់សហព័ន្ធទាំងពីរមួយចំនួនទៀត ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង លោក វាត់ ចំរើន រួមទាំង លោក តែម ម៉ឺន។

លោក វ៉ាត់ ចំរើន បានឱ្យដឹងថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សម្រាប់ប្រដាល់គុនខ្មែរនឹងត្រូវទៅចូលរួមប្រកួតប្រជែងយកមេដាយនៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ ខែសីហា នៅឯប្រទេសម៉ាឡេស៊ី នេះជាឱកាសមួយចំពោះអត្តពលិក ក៏ដូចជាមន្ត្រីសហព័ន្ធបានយល់ដឹងពីបទពិសោធនានា។ លោកបន្តថាបទពិសោធទាំងនោះ អាចជួយដល់កីឡាករ កីឡាការិនីកម្ពុជាយកមកអនុវត្តដើម្បីត្រៀមការប្រកួតស៊ីហ្គេមក្រោយៗទៀត៕


មន្រ្តីជាន់ខ្ពស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ណែនាំប្រជាពលរដ្ឋ ឱ្យសិក្សាបន្ថែម លើផលប៉ះពាល់នៃគ្រឿងញៀន

ខេត្តបន្ទាយមានជ័យ៖ លោក ឡាយ គឹមលី អគ្គលេខាធិការង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំគ្រឿងញៀន នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ  បានណែនាំដល់ប្អូនៗសិស្សានុសិស្ស និងពលរដ្ឋជាង៤ពាន់នាក់ នៅខេត្តបន្ទាយមានជ័យ ចូលរួមស្តាប់ និងសិក្សាបន្ថែម លើការប៉ះពាល់គ្រឿងញៀន។

នៅក្នុងទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ឡាយ គឹមលី បានថ្លែងថា យើងដឹងហើយថា គ្រឿងញៀនមិនមែនជាថ្នាំសំរាប់ប៉ូវកម្លាំង គ្រឿងញៀនមិនមែនសម្រាប់កែប្រែសម្ផស្សឱ្យយើងស្អាត គ្រឿងញៀនមិនជាគ្រឿង ធ្វើឱ្យមនុស្សគ្រប់គ្នាសប្បាយ ផ្ទុយទៅវិញគ្រឿងញៀន គឺបំផ្លាញអ្វីគ្រប់យ៉ាង​ដូចជាទ្រព្យសម្បតិ្ត ពេលវេលា សុខភាព និងបំផ្លាញសង្គមជាតិយើង គ្រឿងញៀនគឺជាអាវុធដ៏សាហាវ ដែលបំផ្លាញគ្រប់បែបយ៉ាង ចំពោះមនុស្សគ្រប់រូបណាដែលហ៊ានប្រើប្រាស់វា មិនថាចាស់ឬក្មេងនោះទេ។

លោក ឡាយ គឹមលី បានបន្តថា ត្រូវបង្កើនការអប់រំផ្សព្វផ្សាយ តាមរយៈការធ្វើវេទិកាសាធារណៈអំពីការដាក់​ទោសទណ្ឌ លើពួកបញ្ហាគ្រឿងញៀន ដោយមិនមានការបន្ធូរបន្ថយទោស  ការបញ្ជូនអ្នកញៀនគ្រឿង​ញៀន ឱ្យទៅទទួលយកសេវាព្យាបាលនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ជាដើម។

លោក ឡាយ គឹមលី បានបញ្ជាក់ថាជាមួយគ្នានោះយើងត្រូវតែអនុវត្តន៍ឱ្យបាននូវយុទ្ធសាស្ត្រជា ច្រើនដូចជា៖
ទី១៖ ពង្រឹងយន្តការត្រួតពិនិត្យគ្រឿងញៀន តាំងពីថ្នាក់ខេត្ត ស្រុក ឃុំសង្កាត់
ទី២៖ បង្កើតនូវអនុគណៈកម្មាធិការដើម្បីដោះស្រាយ មានអនុគណកម្មការអប់រំផ្សព្វផ្សាយ អនុគណកម្មការអនុវត្តច្បាប់ និងអនុគណកម្មការព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន
ទី៣៖ ពង្រឹងយន្តការ និងប្រសិទ្ធភាពការងារការិយាល័យទំនាក់ទំនងព្រំដែន BLO ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងកាត់ព្រំដែន និង
ទី៤៖ រៀបចំផែនការ និងហិរញ្ញវត្ថុសម្រាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀន៕







លោក ប៉ា សុជាតិវង្ស បានបញ្ចប់បេសកកម្មរយៈពេល៥០ខែក្នុងអាណត្តិការងារជាអភិបាលរាជធានីភ្នំពេញ

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ លោក ប៉ា សុជាតិវង្ស បានបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់លោកថា លោកបានបញ្ចប់បេសកកម្មរយៈពេល៥០ខែក្នុងអាណត្តិការងារជាអភិបាលរាជធានីភ្នំពេញ។

នៅក្នុងទំព័រហ្វេសប៊ុករបស់លោក ប៉ា សុជាតិវង្ស មានខ្លឹមសារថា «ថ្ងៃនេះ ខ្ញុំបានបញ្ចប់បេសកកម្មរយៈពេល៥០ខែ ក្នុងអាណត្តិការងារជាអភិបាលរាជធានីស្របតាមច្បាប់ដែលកំណត់មន្ត្រីមុខងារសាធារណៈត្រូវចូលនិវត្តន៍ក្នុងអាយុ៦០ឆ្នាំ។ ពិធីផ្ទេរតំណែងថ្ងៃនេះ ដោយមានការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ឯកឧត្តម ឃួង ស្រេង អភិបាលរងរាជធានី ត្រូវបានតែងតាំង ជាអភិបាលរាជធានី ដើម្បីបន្តដឹកនាំរដ្ឋបាលរាជធានីតទៅមុខទៀត។»

លោក ប៉ា សុជាតិវង្ស ក៏បានអំពាវនាវដល់បងប្អូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បុគ្គលិកកម្មករ និងប្រជាពលរដ្ឋ បន្តគាំទ្រ និងចូលរួមការពារ និងអភិវឌ្ឍន៍រាជធានីថែមទៀតប្រកបដោយមោទនភាព និងក្តីសង្ឃឹមប្រកបដោយសុទិដ្ឋិនិយមថា ទីក្រុងយើងនឹងដោះស្រាយបាននូវរាល់ការប្រឈមនានាដោយជោគជ័យ៕






(សូមទស្សនាវីដេអូ) លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖ កម្ពុជាត្រូវតែមាន​សន្តិភាពជានិច្ច ទោះបីដោយ​តម្លៃណាក៏ដោយ (ប្រភពពីGN)



នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ការស្វែងរកសន្តិភាព គឺជារឿងលំបាក ដោយសារសន្តិភាព មិនមែនកើតឡើងដោយចៃដន្យនោះឡើយ។ សន្តិភាព ដែលកម្ពុជាមាននាពេលបច្ចុប្បន្ន គឺបានមកពីការខិតខំប្រឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុប្រទេសជាតិ និងប្រជាជន។

សំណេរនៅក្នុងទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេររៀបរាប់ដែលមានខ្លឹមសារដើមទាំងស្រុងដូចខាងក្រោម៖ កម្ពុជាត្រូវតែមានសន្តិភាពជានិច្ច ទោះបីដោយតម្លៃណាក៏ដោយ ការគ្រាន់តែនិយាយពីសន្តិភាពគឺស្រួលណាស់ តែការស្វែងរកសន្តិភាពទើបជាការលំបាក ព្រោះថា សន្តិភាពមិនមែនកើតឡើងដោយចៃដន្យ និងដោយគ្មានការចំណាយអាយុជីវិតមនុស្សឡើយ។ បើ ប្រទេសជាតិមានសុខសន្តិភាពហើយ យើងត្រូវរួមគ្នាថែរក្សាការពារសន្តិភាពកុំអោយបាត់បង់ទៅវិញ។

និយាយការពិតទៅ គឺគ្មានបក្សនយោបាយណាក្រៅពី ”គណបក្សប្រជាជនកម្ពុជា” ដែលបានលះបង់ សាច់ស្រស់ឈាមស្រស់ ដើម្បីសន្តិភាពក្នុងពេលដែលប្រទេសបានធ្លាក់ក្នុងវាលពិឃាត។ ជាង ៤០ឆ្នាំ មកនេះគឺមានតែ “គណបក្សប្រជាជនកម្ពុជា” តែមួយគត់ដែលខិតខំថែរក្សាការពារសន្តិភាព ដើម្បី ប្រជាពលរដ្ឋរស់សុខស្រួល។
គណបក្សប្រជាជន គឺរួមសុខរួមទុក្ខជាមួយប្រជាជន និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសជាតិទាំងមូល៕

លោក កែវ រ៉េមី ស្នើឱ្យអង្គការសង្គមស៊ីវិល ដែលធ្វើការផ្នែកសិទ្ធិមនុស្សផ្តល់យុត្តិធម៌ឱ្យរាជដ្ឋាភិបាលក្នុងការងារសិទ្ធិមនុស្ស

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានលើកឡើងនៅក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី ” ការពិគ្រោះយោបល់ និងវាយតម្លៃពាក់កណ្ដាលអាណត្តិ លើការអនុវត្តអនុសាសន៍ក្រោយការត្រួតពិនិត្យជាសាកលតាមកាលកំណត់ (UPR) របស់ប្រទេសកម្ពុជា ” ថា សូមឱ្យមានការសហការគ្នា ប្រកបដោយវិជ្ជាជីវៈ និងផ្ដល់យុត្តិធម៌ដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដោយប្តូរការគិតអវិជ្ជមានក្នុងការងារសិទ្ធមនុស្ស។ មួយវិញទៀត សូមកុំគិតដូចអ្នកខ្លះលើកឡើងថា កម្ពុជាជាប្រទេសដែលមានស្ថានការណ៍សិទ្ធិមនុស្សអាក្រក់អី សូមផ្លាស់ប្តូរទស្សនៈនេះ ដើម្បីធ្វើការជាមួយគ្នា (រាជរដ្ឋាភិបាល និងសង្គមស៊ីវិល) កុំគ្រាន់តែដើម្បីវ៉ៃប្រហារ និងចោទប្រកាន់។

នៅក្នុងពិធីបើកសិក្ខាសាលា នៅសណ្ឋាគារសាន់វ៉េ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ លោក កែវ រ៉េមី ក៏បានគូសបញ្ជាក់ផងដែរថា ស្ថានការណ៍សិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា គឺមានលក្ខណៈល្អប្រសើរ ជាពិសេសគឺប្រជាពលរដ្ឋ អាចប្រើប្រាស់សិទ្ធបញ្ចេញមតិយ៉ាងទូលំទូលាយ។ លោកបានថ្លែងថា ដោយបច្ចេកវិទ្យាកាន់តែជឿនលឿនទៅមុខ គួបផ្សំនឹងការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទនៅកម្ពុជា មានតំលៃថោក ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អ៊ីនធឺណេត នៅកម្ពុជាកាន់តែមានចំនួនច្រើនឡើង និងអាចប្រើប្រាស់បានយ៉ាងទូលំទូលាយ ពិសេសគឺបណ្តាញទំនាក់ទំនងសង្គម (Social Media) តែម្តង។ ប៉ុន្តែទោះបីយ៉ាងណា លោក កែវ រ៉េមី បានបញ្ជាក់ថា ការប្រើប្រាស់សិទ្ធត្រូវស្ថិតនៅក្រោមច្បាប់ និងមិនត្រូវប៉ះពាល់ដល់សិទ្ធអ្នកដទៃឡើយ។

លោក កែវ រ៉េមី បានបន្តថា មានប្រទេសខ្លះ មានតែគណបក្សមួយប៉ុណ្ណោះ តែកម្ពុជាវិញ គឺប្រជាធិបតេយ្យសេរីពហុបក្ស ដែលនេះបង្ហាញពីការផ្តល់សិទ្ធសម្រាប់ការធ្វើនយោបាយ ជូនអ្នកនយោបាយនានា និងប្រជាពលរដ្ឋទូទៅមានសិទ្ធសេរីភាពយ៉ាងពេញលេញ ក្នុងការជ្រើសរើសអ្នកតំណាងដែលខ្លួនពេញចិត្ត។ លោកបានបន្ថែមថា ដោយសារនៅកម្ពុជាមានគណបក្សច្រើន មានគណបក្សខ្លះ បានចោទប្រកាន់ថា ការបង្កើតគណបក្សនយោបាយដើម្បីចូលរួមប្រកួតប្រជែង គឺជាការបំបែកសន្លឹកឆ្នោតរបស់បក្សខ្លួនទៅវិញ នេះជាការចោទប្រកាន់មួយដែលមិនសមរម្យ។ មួយវិញទៀត អ្នកខ្លះពេលគេចាកចេញពីគណបក្សរបស់ខ្លួនចោទគេថា ក្បត់បក្ស ប៉ុន្តែការពិតទាំងនេះគឺជាសិទ្ធសម្រេចចិត្តក្នុងប្រទេសប្រជាធិបតេយ្យប៉ុណ្ណោះ ដែលប្រជាពលរដ្ឋមានសិទ្ធិជ្រើសរើស បក្សនយោបាយដែលខ្លួនពេញចិត្ត។

លោក កែវ រ៉េមី បានបញ្ជាក់ថា បើនិយាយពីស្ថានការណ៍សិទ្ធមនុស្សនៅកម្ពុជា លោកពិតជាអរគុណខ្លាំងណាស់ចំពោះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រោះនៅកម្ពុជា ទាំងសិទ្ធអប់រំ សិទ្ធកុមារ សិទ្ធស្ត្រី សិទ្ធសាសនា ជាដើម គឺមានលក្ខណៈល្អប្រសើរ ដែលប្រទេសមួយចំនួននៅលើសកលលោក នៅមិនទាន់មាន និងធ្វើបានល្អនៅឡើយ។ លោកសង្កត់ធ្ងន់ថា ទាំងនេះគឺមកពីការគ្រប់គ្រងប្រទេសបានល្អ ព្រោះបើប្រទេសខ្ទេចខ្ទីហើយ កុំនិយាយពីរឿងសិទ្ធមនុស្ស៕