Thursday, June 29, 2017

អភិបាលខេត្ត​កំពង់ឆ្នាំង​៖ ចង់​បាន​អនាគតល្អ ​សូមសហការគ្នា​ទប់ស្កាត់ការជួញដូរ ​និងប្រើប្រាស់​គ្រឿងញៀន​ឱ្យបាន​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន

(កំពង់ឆ្នាំង)៖​ នៅ​សាលា​បឋមសិក្សា​គំរូក្រុង​ ក្នុង​ទិវាអន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅថៃ្ងទី២៩​ ខែមិថុនា ឆ្នាំ​២០១៧នេះ​ លោក ឈួរ​ ច័ន្ទឌឿន​ អភិបាល​ខេត្តកំពង់​ឆ្នាំង​ បាន​មានប្រសាសន៍ថា ​បើចង់បានអនាគតល្អ សូមសហការគ្នា ទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនឱ្យបាននៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោក ឈួរ ច័ន្ទឌឿន បានញ្ជាក់ថា បញ្ហាគ្រឿងញៀន ជាកង្វល់មួយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បើទោះបីកន្លងមក យើងបានធ្វើការបង្រ្កាបជាបន្តបន្ទាប់ នៅទូទាំងប្រទេសក៏ដូចជាខេត្តកំពង់ឆ្នាំង ក៏ដោយ ក៏នៅតែមិនទាន់អស់នៅឡើយ។ ដូចនេះគណៈបញ្ជាការឯកភាពក្រុង ស្រុក ត្រូវបន្តកិច្ចសហប្រតិបត្តិការបង្រ្កាបឱ្យបាននៅក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន។

លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សយុវជន យុវនារី ចង់បានអនាគតល្អ ត្រូវខិតខំរៀនសូត្រ និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន។ លោកក៏បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង ដែលបានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ជូនគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះទាំង៤សង្កាត់។

លោក ជុន ថារិទ្ធ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា រយៈពេល៦ខែដើមឆ្នាំ២០១៧ យើងផ្សព្វផ្សាយបាន ១០៦៤លើក ដោយមានអ្នកចូលរួម ១៦៧ ១៦៨នាក់ បង្រ្កាបបានចំនួន៧៤ករណី ឃាត់ខ្លួនមនុស្សបាន២០១នាក់ ក្នុងនោះស្រី២១នាក់ និងសម្ភារៈមួយចំនួនទៀត។ មន្ទីរសុខាភិបាលខេត្ត ក៏បានផ្តល់សេវាបន្សាបបានចំនួន១៧លើកស្មើ នឹង៨៨នាក់ ស្រីចំនួន៤នាក់ ផងដែរ៕







No comments:

Post a Comment