Thursday, June 29, 2017

មន្រ្តីកាំ​កុងត្រូល​ផែស្ងួតចុង​ទីភ្នំពេញ អំពាវ​នាវឲ្យអាជីវករ​លក់ទំ​និញ​ដែលគ្មានជា​តិគីមី​ (បូរ៉ាក់)

ប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងប្រធានសាខាផែស្ងួតចុងទីភ្នំពេញ មន្រ្តីជំនាញ បានចុះធ្វើការត្រួតពិនិត្យទំនិញនៅផ្សារទួលទំពូង ខណ្ឌចំការមន ដើម្បីរកសារធាតុគីមីហាមឃាត់ នៅក្នុងផលិតផលម្ហូបអាហារមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

ជាក់ស្តែងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូល ផែស្ងួតចុងទីភ្នំពេញ និងមន្រ្តីមន្ទីរពិសោធន៍ អមដោយរថយន្តពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋានកាំកុងត្រូល សហការជាមួយមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញ និងយកគំរូមួយចំនួន៨៦មុខ ដូចជា បន្លែស្រស់ គ្រឿងសមុទ្រស្រស់ និងផ្លែឈើមួយចំនួនទៀត សរុប៨៦គំរូ មកពិសោធន៍។
ក្នុងប្រតិបត្តិការនេះលោក គង់ វុទ្ធី បានធ្វើការណែនាំក្រុមអាជីវករ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ ដែលមានផ្ទុកសារធាតុពុល និងម្ហូបអាហារ។ ហាមការដាក់តាំងផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។
លោកក៏បានបញ្ជាក់បន្ថែមថា ប្រតិបត្តិការចុះពិនិត្យទំនិញទាំង៨៦គំរូ ក្នុងនោះ៨៤គំរូ គ្មានសារធាតិគីមីហាមឃាត់នោះទេ ប៉ុន្តែមន្ត្រីកាំកុងត្រូលបានធ្វើការពិសោធន៍ រកឃើញកាក់សំណល់ដែលមានជាតិថ្នាំសម្លាប់សត្វល្អិត នៅស្លឹកជីឆាយ ដូច្នេះសមត្ថកិច្ចសម្រេចដកហូតគល់ជីឆាយចំនួន២,៥០គីឡូក្រាម នឹងស្ពៃក្រញ៉ែញ ១គីឡូក្រាម ហើយក៏បានហៅម្ចាស់មកណែនាំនឹងធ្វើកិច្ចសន្យាបញ្ឈប់ការដាក់លក់ទំនិញមានជាតិថ្នាំនេះតទៅទៀត។
មន្ត្រីកាំកុងត្រូលក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមីទៅលើផលិតផលម្ហូបអាហារ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ គេសង្កេតឃើញថា ក្នុងប្រតិបត្តិការខាងលើនេះ គឺបងប្អូនប្រជាពលរដ្ឋក៏ដូចជាអាជីវករផ្សារបានសម្តែងនូវទឹកចិត្តរីករាយ នឹងគាំទ្រចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូល ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗតាមបណ្តាផ្សារ ហាង និងស្តាម៉ាតនានាក្នុងរាជធានីភ្នំពេញ រកសារធាតុគីមី ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាពរបស់ពួកគាត់ផងដែរ៕





No comments:

Post a Comment