ប្រជាពលរដ្ឋជាង៣០០នាក់មកពី៤ឃុំសង្កាត់
នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ បានចូលរួមជាមួយអាជ្ញាធរជាតិអប្សរា
ធ្វើការសម្អាតប្រព័ន្ធប្រឡាយបង្ហូរទឹក ចេញពីបារាយណ៍ខាងលិច ដែលជាប្រភពទឹកដ៏សំខាន់
សម្រាប់ប្រជាសហគមន៍ចំនួន៩ឃុំសង្កាត់ក្នុងក្រុងសៀមរាប
និងស្រុកពួកប្រើប្រាស់ក្នុងវិស័យកសិកម្ម។
ការចូលរួមសម្អាតប្រឡាយនៅពេលនេះ
ធ្វើឡើងដើម្បីថែទាំប្រព័ន្ធប្រឡាយមេ ធានាការប្រើប្រាស់យូរអង្វែង
ក៏ដូចជាបំពេញតម្រូវការជាក់ស្តែងសម្រាប់ការងារបង្កបង្កើនផលនារដូវប្រាំង ខាងមុខនេះ។
លោក ហួត ហាយ
ប្រធានសហគមន៍កសិករប្រើប្រាស់ទឹកបារាយណ៍ខាងលិច បានឲ្យដឹងក្នុងពេលដែលលោកកំពុងដឹកនាំប្រជាពលរដ្ឋសម្អាតប្រឡាយនេះថា
សហគមន៍របស់លោកមានប្រជាពលរដ្ឋ៩ឃុំសង្កាត់
និងមានផ្ទៃដីធ្វើសែ្រប្រាំងចំនួន៤ពាន់ហិកតា។ លោកបញ្ជាក់ថា
ចាប់តាំងពីអាជ្ញាធរជាតិអប្សរាបានទទួលការគ្រប់គ្រងប្រព័ន្ធទឹកនៅបារាយណ៍ខាងលិចមក
កសិករយើងមានទឹកប្រើប្រាស់គ្រប់គ្រាន់សម្រាប់បង្កបង្កើនផល
មិនមានការបារម្ភពីកង្វះខាតទឹកនោះទេ។ ការសម្អាតប្រឡាយនៅពេលនេះ
គឺជួយសម្រួលទឹកឲ្យបានហូរលឿន អាចស្រោចស្រពដល់ស្រែប្រាំង ដែលនៅខាងក្រោមៗ។
លោក មាន់ ផានិត
បុគ្គលិកបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងទឹក ដែលទទួលបន្ទុកប្រព័ន្ធស្រោចស្រពបញ្ជាក់ថា
ចាប់ពីទទួលបានគោលការណ៍គ្រប់គ្រងទឹក និងទ្វារទឹកនៅបារាយណ៍ខាងលិចពីរាជរដ្ឋាភិបាល
រយៈពេលជាង២ឆ្នាំកន្លងមកនេះ
យើងបានសហការគ្នាល្អណាស់ជាមួយសហគមន៍ប្រើប្រាស់ទឹកបារាយណ៍ខាងលិច។
យើងបានជួបពិភាក្សាជាមួយពួកគាត់ជាញឹកញាប់ អំពីតម្រូវការរបស់ពួកគាត់
និងអ្វីដែលយើងត្រូវធ្វើបន្ថែមទៀត។ យើងសង្កេតឃើញថា បច្ចុប្បន្នពួកគាត់រីករាយណាស់
ដោយសារមានទឹកគ្រប់គ្រាន់សម្រាប់ការងារបង្កបង្កើនផល។
លោក ផានិត បន្ថែមថា
ឆ្នាំមុនយើងមានបញ្ហាខ្លះ ដោយសាររដូវប្រាំងបានអូសបន្លាយយូរ
និងទឹកទន្លេទាបមិនអាចហូរចូលទំនប់៧៨
ទើបធ្វើឲ្យអាជ្ញាធរជាតិអប្សរាសម្រេចបង្ហូរទឹកជូនប្រជាពលរដ្ឋស្រោចស្រពកសិកម្មយ៉ាងច្រើន
រហូតស្ទើរតែរីងស្ងួតពីបារាយណ៍។ ប៉ុន្តែ សម្រាប់ឆ្នាំនេះវិញ យើងសង្ឃឹមថា
នឹងមិនមានបញ្ហានេះឡើយ ដោយសារទំនប់៧៨ក៏មានទឹកចូល
ហើយទឹកបារាយណ៍ខាងលិចក៏មានគ្រប់កម្រិតអតិបរមា
ហើយអាចបញ្ជូនចេញសម្រាប់ប្រជាពលរដ្ឋស្រោចស្រពស្រែប្រាំងរបស់ពួកគាត់បានគ្រប់គ្រាន់។
ការចូលរួមសម្អាតប្រឡាយរបស់ប្រជាកសិករក្នុងពេលនេះ
គឺជាការបញ្ជាក់ពីការគាំទ្រ
ចំពោះអាជ្ញាធរជាតិអប្សរាដែលបានរៀបចំប្រព័ន្ធធារាសាស្ត្របុរាណនាសម័យអង្គរ
ឲ្យដំណើរការឡើងវិញ ដែលសកម្មភាពនេះ
មិនត្រឹមតែចូលរួមក្នុងកិច្ចការអភិរក្សប្រាង្គប្រាសាទ ការបញ្ជៀសទឹកជំនន់តំបន់អង្គរ
និងទីក្រុងសៀមរាបប៉ុណ្ណោះទេ
តែថែមទាំងបានក្លាយជាប្រភពទឹកយ៉ាងសំខាន់ដល់បងប្អូនប្រជាពលរដ្ឋសម្រាប់ការងារកសិកម្មទៀតផង។
ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរា
សូមគាំទ្រនិងលើកទឹកចិត្តប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ ក៏ដូចជាប្រជាពលរដ្ឋទូទៅ
ឲ្យចូលរួមក្នុងកិច្ចការអភិរក្ស ក៏ដូចជាកិច្ចការសង្គមផ្សេងៗទៀត។
សូមបញ្ជាក់ថា
កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤ រាជរដ្ឋាភិបាលបានប្រគល់ការងារគ្រប់គ្រងទឹក
និងទ្វារទឹកនៅបារាយណ៍ខាងលិច ជូនអាជ្ញាធរជាតិអប្សរា
ដោយត្រូវទទួលខុសត្រូវទាំងស្រុងលើតម្រូវការទឹកសម្រាប់ស្រូវចំនួន១២០០០ហិកតា
(ស្រូវវស្សា៨០០០ហិកតា ស្រូវប្រាំង៤០០០ហិកតា)
និងដំណាំរួមផ្សំផ្សេងទៀតចំនួន១០០០ហិកតា និងធានាដោះស្រាយរាល់បញ្ហាគ្រោះទឹកជំនន់
និងភាពរាំងស្ងួត ដែលអាចកើតមានឡើងជាយថាហេតុ។ បន្ទាប់ពីបានទទួលគោលការណ៍នេះហើយ
អាជ្ញាធរជាតិអប្សរាបានជួសជុល ស្តារឡើងវិញជាបន្ទាន់នូវទ្វារទឹក
និងប្រព័ន្ធប្រឡាយនៃបារាយណ៍ខាងលិច ដែលការងារនេះ
ធ្វើឲ្យប្រជាពលរដ្ឋមានទឹកគ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផលបានគ្រប់រដូវ៕