Tuesday, February 28, 2017

បាតុកម្មនៅទីក្រុង New York ការពារប្រព័ន្ធផ្សព្វផ្សាយ ចំពេលមានការវាយប្រហារពីលោក Trump

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ មានមនុស្សប្រមាណជា ២៥០ នាក់ បានធ្វើបាតុកម្មគាំទ្រប្រព័ន្ធផ្សព្វផ្សាយ ចំពេលដែលការវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយពីសំណាក់លោក Trump កំពុងកើនឡើង។
ទោះបីជាទីក្រុង New York ដែលជាមូលដ្ឋានរបស់ក្រុមអ្នកប្រជាធិបតេយ្យត្រូវបានក្លាយជាទីកន្លែងដែលមានការធ្វើបាតុកម្មមួយចំនួនចាប់តាំងពីការជាប់ឆ្នោតរបស់លោក Trump ក៏ដោយ ក៏បាតុកម្មលើកនេះ គឺជាបាតុកម្មលើកដំបូង ដែលធ្វើឡើងបង្ហាញពីការគាំទ្រដល់ប្រព័ន្ធផ្សព្វផ្សាយ។
កាលពីថ្ងៃសុក្រកន្លងទៅ សេតវិមានបានហាមឃាត់អ្នកសារព័ត៌មានមកពីស្ថាប័នមួយចំនួនដូចជា The New York Times និង CNN មិនឱ្យចូលទៅក្នុងការិយាល័យរបស់រដ្ឋមន្រ្តីព័ត៌មាន Sean Spicer ទេនៅពេលរដ្ឋមន្រ្តីរូបនោះកំពុងធ្វើសន្និសីទសារព័ត៌មានដោយសង្ខេបមួយ។
បញ្ហានេះបានកើតឡើងបន្ទាប់ពីលោក Trump បានធ្វើការវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយ​នៅព្រឹកថ្ងៃដដែលនោះ។ នៅក្នុងសេចក្តីថ្លែងការណ៍នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមអភិរក្សនិយម លោក Trump បានរិះគន់លើ “ព័ត៌មានក្លែងក្លាយ” ហើយគាត់ចាត់ទុកប្រព័ន្ធផ្សព្វផ្សាយគឺជា “សត្រូវរបស់ប្រជាជន”។
ទោះបីជាយ៉ាងណាក៏ដោយ សារព័ត៌មាន The New York Times ទទួលបាននូវការចុះឈ្មោះចូលមើល (Subscribers) រាប់ពាន់នាក់បើទោះបីជាជម្លោះរវាងលោក Trump និងប្រព័ន្ធផ្សព្វផ្សាយមានការកើនឡើងក៏ដោយ។
បើទោះបីជាអាកាសធាតុត្រជាក់ក៏ដោយ បាតុករបានប្រមូលផ្តុំគ្នានៅខាងក្រៅផ្លូវចូលទីស្នាក់ការកណ្តាលរបស់សារព័ត៌មាន The New York Times ដោយអ្នកខ្លះរុំមុខមាត់របស់ពួកគេ ហើយកាន់បដា ដែលនិយាយថា រដ្ឋធម្មនុញ្ញអាមេរិកធានានូវសិទ្ធិសេរីភាពសារព័ត៌មាន។
ក្រុមបាតុកម្ម ក្រោយមកបានផ្លាស់ប្តូរទីកន្លែងពីទីស្នាក់ការ The New York Time ទៅកាន់ទីស្នាក់ការសារព័ត៌មាន Fox News និងក្រោយមកទៅកាន់ NBC News។
លោកស្រី Marie Smith គ្រូបង្រៀនចូលនិវត្តន៍ម្នាក់បាននិយាយថា “នៅពេលដែលក្រុមជនផ្តាច់ការចូលកាន់អំណាច ពួកគេនឹងគៀបសង្កត់ប្រព័ន្ធផ្សព្វផ្សាយ។ វាគឺជារឿងទីមួយដែលពួកគេត្រូវធ្វើ។ យើងកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃលទ្ធិហ្វាស៊ីសនិយម។”
លោកស្រ្តីបន្ថែមថា “យើងត្រូវបន្តដើរក្បួនតវ៉ានេះ ហើយសារព័ត៌មានត្រូវយកចិត្តទុកដាក់លើរឿងនេះ។ “ខ្ញុំគិតថា យើងនឹងឈ្នះ បើទោះបីជាខ្ញុំមិនដឹងថា វានឹងមានរយៈពេលយូរប៉ុនណានោះក៏ដោយ។”
មេធាវីការពារសិទ្ធិមនុស្សលោក​ Betsy Apple ដែលជាបាតុករម្នាក់ដែរនោះបាននិយាយថា “លទ្ធិប្រជាធិបតេយ្យមិនអាចដំណើរការទៅបានទេ បើពុំមានសេរីភាពសារព័ត៌មាននោះ”។
លោក Greg Hanlon អ្នកកាសែតម្នាក់របស់ទស្សនាវដ្តី People ដែលបានចូលរួមធ្វើបាតុកម្មជាមួយនឹងប្រពន្ធរបស់គាត់ និងកូនស្រីរបស់គាត់អាយុ ៤ ឆ្នាំ បាននិយាយថា “វាគឺជារឿងសំខាន់ក្នុងការក្រោកឈរឡើង ដើម្បីកុំឱ្យបញ្ហានេះកាន់តែអាក្រក់ឡើង៕
ប្រភព : AFP ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧

អ្នកវិភាគ៖ គោលនយោបាយរបស់លោក Trump មកលើរុស្ស៊ី «គឺជាការគួរឱ្យខកចិត្ត»

អ្នកវិភាគរបស់អាមេរិកម្នាក់បាននិយាយថា ការចោទប្រកាន់ចុងក្រោយបំផុតរបស់រដ្ឋាភិបាល សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសរុស្ស៊ីលើជម្លោះអ៊ុយក្រែន គឺជាទង្វើ «គួរឱ្យខកចិត្ត» និងការចង្អុលបង្ហាញថា ប្រធានាធិបតីលោក Donald Trump មិនមានបំណងដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយរដ្ឋាភិបាលទីក្រុងម៉ូស្គូនោះទេ។
លោក Wayne Madsen អ្នកនិពន្ធ និងជាអ្នកកាសែតស៊ើបអង្កេតនៅក្នុងទីក្រុងវ៉ាស៊ីនតោនដែលបានធ្វើការលើកឡើង បន្ទាប់ពីក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្កោលទោសចំពោះការវាយប្រហារនាពេលថ្មីៗនេះទៅលើក្រុមសង្កេតការណ៍មួយនៅប្រទេសអ៊ុយក្រែន។ អង្គការសម្រាប់​​សន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប បាននិយាយកាលពីថ្ងៃសុក្រថា ការល្បាតរបស់ខ្លួនមួយនៅភាគខាងកើតដ៏ជ្រួលច្របល់របស់អ៊ុយក្រែននោះ ត្រូវបានវាយប្រហារដោយមនុស្សនិយាយភាសារុស្ស៊ី ដែលក៏បានរឹបអូសយកយន្តហោះគ្មានមនុស្សបើកមួយគ្រឿងដែលក្រុមនេះបាននិងកំពុងប្រើប្រាស់ផងដែរ។ ក្រសួងការបរទេសអាមេរិក បានស្តីបន្ទោសការវាយប្រហារលើទីក្រុងម៉ូស្គូ និងបានអំពាវនាវដល់រដ្ឋាភិបាលរុស្ស៊ីភ្លាមៗនោះ ដើម្បីសង្កេតមើលបទឈប់បាញ់គ្នានៅក្នុងតំបន់ដ៏ជ្រួលច្របល់នោះ។ លោក Madsen បាននិយាយថា «យើងត្រូវបានគេប្រាប់ថា លោក Trump នឹងមានគោលនយោបាយខុសគ្នាជាងអ្នកកាន់តំណែងមុនរបស់គាត់ គឺលោក Obama»។ គាត់បាននិយាយថា «វាជាការគួរឱ្យខកចិត្តដែលវោហាសាស្រ្តធ្វើឡើងដោយលោក Trump នោះ មិនត្រូវបានផ្គូរផ្គងដោយសកម្មភាពណាមួយទេ»។ «វាជាការដូចគ្នាច្រើន មិនខុសគ្នាច្រើនជាងលោក Obama នោះទេ»។
ដោយនិយាយសំដៅទៅលើសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសរបស់ អាមេ​រិកលោក Rex Tillerson និងរដ្ឋមន្ត្រីការពារជាតិលោក James Mattis  អំពីការបន្តនៃការដាក់ទណ្ឌកម្មរបស់អាមេរិកប្រឆាំងនឹងរុស្ស៊ី ដែលលោក Madsen បានលើកឡើងថា លោក Trump គឺផ្ទុយពីអ្នកល្អូកល្អឺនរុស្ស៊ីដែលមនុស្សមួយចំនួនអះអាងថា គាត់ជាមនុស្សអញ្ចឹង។ គាត់បានសន្និដ្ឋានថា «វាពិតជាបានបង្ហាញថា អ្នកដែលគិតថា លោក Trump គឺជាប្រភេទនៃអាយ៉ងរបស់រុស្ស៊ី ពិតជាបាននិងកំពុងព្យាយាមដើម្បីបញ្ឆេះទំនាក់ទំនងរុស្ស៊ី-អាមេរិក សម្រាប់គោលបំណងផ្សេងទៀត»។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ខ្លាំងប្រឆាំងនឹងរុស្ស៊ីជុំវិញបញ្ហាគាំទ្រកងកម្លាំងបំបែកខ្លួន ដែលគាំទ្ររុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន។ ទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងភាគខាងលិចបានធ្លាក់ចុះបន្ថែមទៀតនៅក្នុងឆ្នាំ២០១៤ បន្ទាប់ ពីយុទ្ធសាស្ត្រឧបទ្វីបសមុទ្រខ្មៅនៃតំបន់ Crimea បានចូលរួមឡើងវិញជាមួយរុស្ស៊ីក្នុងការធ្វើប្រជាមតិមួយ។
លោក Trump បានស្ថិតនៅក្រោមការវាយប្រហារមួយក្នុងការបង្ហាញពីឆន្ទៈរបស់គាត់ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី ក្នុងការដោះស្រាយបញ្ហាជាសកលដូចជាអំពើភេរវកម្ម។ គាត់បានធ្វើឡើងនៅក្រោមសម្ពាធបន្ថែមទៀត នៅពេលដែលលោក Michael Flynn ទីប្រឹក្សាសន្តិសុខជាតិ​ របស់គាត់បានលាលែងពីតំណែង ជុំវិញការធ្វើកិច្ចពិភាក្សាសម្ងាត់ជាមួយរដ្ឋាភិបាល ទីក្រុងម៉ូស្គូ ដែលទាក់ទងទៅនឹងការដាក់ទណ្ឌកម្មនេះ។
ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនបានភ្ញាក់ផ្អើលកាលពីដើមខែនេះ នៅពេលដែលគាត់បាននិយាយថា រុស្ស៊ីគួរតែប្រគល់តំបន់ Crimea ទៅឱ្យអ៊ុយក្រែន។  នៅក្នុងការសន្ទនាតាមទូរស័ព្ទរបស់ពួកគេនៅចុងខែមករា កន្លងមកនេះ ទាំងលោក Trump និងសមភាគីរុស្ស៊ីរបស់គាត់លោក Vladimir Putin បាននិយាយថា ពួកគេចង់ព្យាយាមជួសជុលទំនាក់ទំនងរវាង អាមេរិក-រុស្ស៊ីដ៏ល្វីងជូរចត់នេះ៕
(ប្រភព : Press TV ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧)

រដ្ឋាភិបាល​ត្រូវ​តែ​គាំទ្រ​ការចរចា​រឿង​សមុទ្រ​

ការ​គំរាម​នៃ​ការ​ប៉ះទង្គិច​គ្នា​បាន​កើន​ឡើង​នាពេល​ថ្មី​ៗ​នេះ​លើ​ការ​ទាម​ទារ​របស់​ចិន​ថា ខ្លួន​​ជា​ម្ចាស់​កម្មសិទ្ធ​សមុទ្រ​ចិន​ខាង​ត្បូង។ កងកម្លាំង​ដែន​ទឹក​របស់​អាមេរិក​ដែល​ដឹកនាំ​ដោយ​នាវា​ដឹក​យន្ត​ហោះ​ដែល​គួរ​ឲ្យ​ខ្លាចម៉ាក USS Carl Visnon កំពុង​តែ​ធ្វើ “ប្រតិបត្តិការណ៍​តាម​ទម្លាប់” នៅ​ក្នុង​តំបន់​នោះ។ ទាំង​វៀតណាម ​និង​តៃវ៉ាន់​​បាន​ចម្លង​យក​ការ​ស្ថាបនាកោះ​សិប្បនិម្មិត​​របស់​ចិន​ដោយ​មាន​សំណង់​​យោធា។ ប៉េកាំង​បាន​បន្ត​​ពង្រឹង​ការ​ការ​ពារ​កោះ​ថ្មីៗ​របស់ខ្លួន​ ដោយ​សំណង់​ទាំង​នោះ​ត្រូវ​គេ​ជឿថា មាន​សមត្ថភាព​ផ្ទុក​គ្រាប់​មីស៊ីល។ វា​គឺជា​អាវុធ​​ដែល​មាន​មូល​ដ្ឋាន​នៅ​លើ​កោះ​ដំបូង​គេ​នៅ​ប្រជុំ​កោះ Spratly​ ជា​ទី​ដែល​ចំណុច​ប៉ះទង្គិច​​គ្នា​ និង​ភាព​តាន​តឹង​​អន្តរជាតិ​បាន​កើន​ឡើងស្ទើ​​​ជា​រៀង​រាល់​ថ្ងៃ។​
ប៉ុន្តែ ក្នុង​ចំណោម​នេះ ប្រទេស​ជិត​ខាង​​មួយ​កំពុង​ហៀប​នឹង​ចូល​រួម​ជា​មួយ​ប្រទេស​ជា​ច្រើន​ទៀត​ដែលកំពុង​​បង្ហាញ​កម្លាំង​នៅ​ក្នុង​តំបន់​នោះ។ ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក Joko Widodo បាន​និយាយថា គាត់​នឹង​ពិភាគ្សា​​អំពី​លទ្ធភាពនៃ​ការ​ល្បាត​ដែន​ទឹក​រួម​គ្នា​ជា​មួយ​អូស្ត្រាលី​នៅ​​សមុទ្រ​​ចិនខាងត្បូង។ ដូច្នេះ​ការ​ប្រកាស​របស់​ទ័ពជើង​ទឹក​ឥណ្ឌូនេស៊ី​ក្នុងការ​ចូល​ល្បាត​នោះ​កាន់តែ​បង្កើន​កម្រិត​គ្រោះ​ថ្នាក់​នោះថែម​ទៀត។​
លោក Widodo មានការ​​ខឹង​យ៉ា​ងខ្លាំង​​នៅ​ចុង​ឆ្នាំ​មុន​ដោយ​សេចក្តី​ថ្លែងការណ៍​មួយ​របស់​ចិន​ដែល​និយាយ​អំពី​​ “ការ​ទាម​ទារ​ត្រួត​គ្នា” ដោយ​ទីក្រុង​ប៉េកាំង ​និងទីក្រុង​​ចាការតា​​ទៅ​លើ​តំបន់​មួយ​នៅ​ក្បែរ​ប្រជុំ​កោះ Natuna Islands របស់​ឥណ្ឌូនេស៊ី។ កាលពី​សប្តាហ៍​មុន ប្រធានាធិបតី​ឥណ្ឌូនេស៊ី​បាន​ប្រាប់​កាសែត​អូស្ត្រាលី​មួយ​ថា គាត់​នឹង​ពិភាក្សា​​ការ​ល្បាតរួម​គ្នា​ជា​មួយ​នាយក​រដ្ឋ​មន្ត្រី​ Malcolm Turnbull ។ គាត់​បាន​ហៅ​សំណើរ​​លើ​ការ​ល្បាតបែប​នេះ​ថា “សំខាន់​យ៉ាង​ខ្លាំង”។​
បំណង​ប្រាថ្នា​របស់​មេដឹកនាំ​ឥណ្ឌូនេស៊ី​​ក្នុងការ​ភ្ជាប់​ខ្លួន​ជា​មួយ​យោធា​អូស្ត្រាលី​នោះ​គឺជា​សញ្ញា​មួយ​នៃ​ភាព​ម៉ឹងម៉ាត់​ដែល​ទីក្រុង​ចាការតា​មាន​ទៅ​លើ​ការ​ប្រជែង​របស់​ចិន។ កាលពី​ខែ​មុន យោធា​ឥណ្ឌូនេស៊ី​បាន​ផ្អាក​ប្រតិបត្តិការណ៍​យោធា​ទាំង​អស់​ជា​មួយ​អូស្ត្រាលី ​បន្ទាប់​ឯកសារ​ “​ដែល​មាន​លក្ខណៈ​ប្រមាថ” ជា​ច្រើន​ត្រូវ​គេ​រក​ឃើញ​នៅ​​ក្នុង​មូល​ដ្ឋាន​ទ័ព​អូស្ត្រាលី។ មេទ័ព​ជើង​គោក​អូស្ត្រាលី​ត្រូ​វ​បាន​បង្ខំ​ឲ្យ​សុំ​ទោស​ ប៉ុន្តែ​កិច្ច​សហប្រតិបត្តិការណ៍​ថ្នាក់​រៀន​នៅតែ​ព្យួរ​នៅឡើយ។​
ការ​កើន​ឡើង​ភាព​តាន​តឹង​បាន​បង្ហាញ​ថា សូម្បីតែ​ការ​និយាយយោង​និង​សេចក្តី​ថ្លែងការណ៍​ផ្លូវ​ការស្រពិច​ស្រពិល​តូចតាច​​ក៏​អាច​បង្ករ​បញ្ហា​បាន​ដែរ។ ក្នុង​ខណៈ​ដែល​ការ​ចំណាប់​អារម្មណ៍​ភាគ​ច្រើន​របស់​ពិភព​លោក​បាន​ផ្តោត​មក​លើ​ទំនាក់ទំនង​ អាមេរិក​-ចិន ​រាប់​បញ្ចូល​ទាំង​តំបន់​ប្រជុំ​កោះ Spratly ផង​នោះ​ បណ្តាប្រទេស​ជា​ច្រើន​ផ្សេង​ទៀត​ក៏​បាន​ជាប់​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​ដែរ។ ការ​សាង​សង់​កោះ​និង​ការ​ពង្រីក​ដី​ដោយ​ប្រទេស​ចិន​ត្រូវ​បាន​ប្រឆាំង​​ដោយ​ស្ទើ​តែ​គ្រប់ប្រទេស​ទាំង​អស់​ដែល​បាន​លើក​ឡើង​អំពី​បញ្ហានោះ។ ប៉ុន្តែ​ ដោយ​ការ​ពង្រីក​ និង​ការ​ការ​ពារ​កោះ​​ដែល​កាន់​កាប់​ដោយ​ទាហាន​របស់គេ​នោះ វៀតណាម ​និង​តៃវ៉ាន់​ក៏​រួម​ចំណែក​ដោយ​ផ្ទាល់​ទៅ​នឹង​គ្រោះ​ថ្នាក់​ដល់​អំពើ​ហិង្សាកាន់តែខ្លាំង​​នៅ​ក្នុង​តំបន់​មាន​ជម្លោះ​នោះផង​ដែរ។
ជម្លោះ​ដែន​ដី​ទៅ​លើ​ការ​ទាមទារ​ដែល​បង្ករ​បញ្ហា​យ៉ាង​ខ្លាំង​​​​ចំពោះ​ភាព​ជា​ម្ចាស់​កម្ម​សិទ្ធិ​របស់​ចិន​​​នោះ​បាន​ធ្វើ​ឲ្យ​បែក​បាក់​អាស៊ាន។ ប្រទេស​ជា​ច្រើន​ដូចជា ​កម្ពុជា និង​ឡាវ ស្ថិត​ក្នុង​ចំណោម​នោះ បាន​បដិសេធ​កាន់ជើង​ប្រទេស​ជិត​ខាង​របស់​គេ។ ប្រទេសទាំងពីរ​នោះ​បាន​គាំទ្រ​ចិន​នៅ​គ្រប់​ជំហាន​។ ថៃ​ស្ទើ​តែ​​មិន​ស្រប​តាម​ ដោយ​បដិសេធ​កាន់ជើង​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី​នៅ​ក្នុងការ​ទាមទារ​របស់គេ ប៉ុន្តែ​ក៏​បាន​ដក​ខ្លួន​ពី​ការ​គាំទ្រ​ពេញទំហឹង​​​​លើ​ការ​ទាម​ទារ​ដែន​ដី​របស់​ទីក្រុង​ប៉េកាំង។​
តួនាទី​សមរម្យ​របស់​ថៃ​ ក្នុង​នាមជា​ប្រទេស​មួយ​គ្មាន​ការ​ទាម​ទារ​ទឹក​ដី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ គឺ​ការ​ព្យាយាម​នាំ​ឲ្យ​មាន​ដំណោះ​ស្រាយ​សន្តិវិធី​​។ នៅ​អតីតកាល​ ថៃ​បាន​ក្លាយ​ជា​កម្លាំង​ដ៏សំខាន់​មួយ​ក្នុង​ចេតនា​នាំ​យក​ចិន​ និង​អាស៊ាន​រួម​គ្នា​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​​​ដែល​មាន​លក្ខណៈ​សន្តិវិធី​និង​មាន​ចំណង​ផ្លូវ​ច្បាប់​មួយ។ ចិន​ និង​ប្រទេស​ជាប់​ជម្លោះ​នៅ​អាស៊ាន​បាន​មើល​ឃើញ​បញ្ហា​នោះ​ថា ជា​ការ​ការ​ពារ​ទឹក​ដី​ដែល​ពួក​គេ​ទាម​ទារ។​
ថៃ​មាន​ជំនឿថា បញ្ហា​ពិត​ប្រាកដ​នោះ​គឺថា ការ​បង្កើន​ជម្លោះ​នោះ​និង​ការ​ប្រណាំង​ប្រជែង​សព្វាវុធ​កម្រិត​ទាប​នៅពេល​បច្ចុប្បន្ន​នោះ​ ដោយ​ចៀស​មិន​រួច នឹង​ឈាន​ដល់​អំពើ​ហិង្សា​ ដូច​ដែល​ខ្លួន​មាន​នៅ​អតីតកាល​អញ្ចឹង។
ចិន​បាន​ទទូច​ថា ខ្លួន​នឹង​មិន​​​ចរចា​តាម​រយៈ​អាស៊ាន​ទេ ប៉ុន្តែ​មាន​ឆន្ទៈ​ចរចា​ជា​មួយ​ប្រទេស​នីមួយ​ៗ​ដែល​ជាប់​ជម្លោះជាមួយ​ចិន។ នេះគឺជា​​ភាព​មិន​ស្មោះ​ត្រង់​ក្នុងការ​ចរចា ដោយ​សារ​តែ​គោល​បំណង​ដើម​គឺ​ដើម្បីរក្សា​សន្តិភាព​នៅ​ក្នុងតំបន់​នោះ ដែល​បង្កើត​ទីកន្លែង​​សម្រាប់​ការ​ចរចា​ទឹក​ដី​។ ថៃ​ត្រូវ​តែ​បន្ត​កិច្ច​ខិតខំ​ដើម្បី​ទទួល​បាន​ការ​យល់​ព្រម​ពេញ​លេញពី​ចិន​ដើម្បី​ឲ្យ​មាន​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិនមួយ​ប្រកប​ដោយ​អត្ថន័យ​មួយ៕

លិខិតមិត្តអ្នកអាន៖ ហោរាដ៏ល្បីល្បាញរបស់ថៃទាយឆុត!

(ភ្នំពេញ)៖ គេនៅចាំបានថា កាលពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០១៥កន្លងទៅ ប្រមាណ១ឆ្នាំជាងហើយ ហោរាដ៏ល្បីល្បាញរបស់ថៃ បានទស្សន៍ទាយតាមរយៈសារព័ត៌មានរបស់ថៃឈ្មោះ ម៉ះតិឈុន ដោយទាយថា គណបក្សសង្គ្រោះជាតិ​ «នឹងជួបគ្រោះធំ ដាំក្បាលចុះ»

តាមរយៈការទស្សន៍ទាយនេះ ត្រូវបានគេដឹងថា ពិតជាត្រូវជាមួយស្ថានភាពនយោបាយ របស់គណបក្សសង្គ្រោះជាតិរយៈពេលចុងក្រោយនេះ ពីព្រោះផ្ទៃក្នុងរបស់គណបក្សសង្រ្គោះជាតិ កំពុងមានបញ្ហាខ្លាំងរហូតដល់លោក សម រង្ស៊ី ប្រកាសលាលែងពីតំណែងប្រធានបក្ស ព្រមទាំងបញ្ហាបេក្ខភាព ឈរឈ្មោះបោះឆ្នោត ឃុំសង្កាត់ របស់គណបក្សសង្គ្រោះជាតិ នៅតាមបណ្តាខេត្តនានា ក៏កំពុងជួបប្រទះបញ្ហាបាត់ម្ចាស់ការរង្គោះរង្គើខ្លាំង ដែលនេះហាក់ដូចទៅនឹងអ្វីដែលហោរាទាយថា គណបក្សសង្គ្រោះជាតិ​ «នឹងជួបគ្រោះធំ ដាំក្បាលចុះ»

កាសែតថៃ ម៉ះតិឈុនដ៏ធំមួយរបស់ប្រទេសថៃ ដកស្រង់យកមកចុះផ្សាយ កាលពីខែកញ្ញា ឆ្នាំ២០១៥កន្លងទៅនេះ ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងចំណោមអ្នកនយោបាយរបស់ប្រទេសថៃ និងកម្ពុជា ព្រោះតែគេស្គាល់ពីភាពល្បីល្បាញ របស់ហោរារូបនោះថា ទាយឆុតរហូតដល់ គេដាក់រហ័សនាមថា «ហោរាមាត់ទិព្វ» ទៀតផង។

កាសែតនេះ បានសរសេរដោយដកស្រង់សំដី គ្រូទាយល្បីរបស់ប្រទេសថៃឈ្មោះ ភិនយ៉ូចារ៉ឺនថា គណបក្សសង្គ្រោះជាតិ ស្ថិតក្នុងសភាពដួលដាំក្បាលចុះ និងដាច់សរសៃជើងមួយចំនួន ព្រោះតែទទួលរងនូវផលកម្មរបស់ខ្លួន ដែលបានប្រព្រឹត្តកន្លងមកហើយ ដូចជាការបំពាន ពាក្យសម្បថ ការបំពានពាក្យសន្យា ការបោកប្រាស់ទឹកចិត្តអ្នកគាំទ្រ (លុយទូរទស្សន៍ព្រះអាទិត្យ)។ល។

គ្រូទាយដ៏ល្បីរូបនោះបាននិយាយបន្តថា ពេលវេលានេះអាក្រក់បំផុតសម្រាប់គណបក្សប្រឆាំងរបស់លោក សម រង្ស៊ី ដូចអ្នកលេងអុកអញ្ចឹងគឺ «អស់ផ្លូវ អស់ក្រឡាដើរ ទាល់ច្រក» ហើយមានតែវិធីម្យ៉ាងគត់គឺបោះទូក បោះសេះ ឱ្យសត្រូវស៊ីដើម្បីការពារខ្លួនតែប៉ុណ្ណោះ។ល៕

ប្រភព៖ (Fresh News)





រដ្ឋម​ន្ត្រីក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​គ្រប់ភា​គីចូល​រួមកាន់​តែសកម្ម​ដើម្បីលើ​កកម្ពស់​វិស័យ​ទេសចរណ៍

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានជំរុញឱ្យគ្រប់ភាគីចូលរួមកាន់តែសកម្មក្នុងការលើកកម្ពស់វិស័យទេសចរណ៍ដែលជាយន្តការ ដ៏ចាំបាច់ក្នុងការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ ដើម្បីទទួលស្វាគមន៍កំណើននៃភ្ញៀវទេសចរអន្តរជាតិជា ។
ថ្លែងក្នុងពិធីបិទវេទិកាជាតិធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍លើកទី១ នៅសណ្ឋាគារភ្នំពេញ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះនេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបានមានប្រសាសន៍ថា ការរៀបចំវេទិកាជាតិធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ជារៀងរាល់ឆ្នាំ ឱ្យមានលក្ខណៈជាអចិន្ត្រៃយ៍ ដើម្បីបានជាយន្តការសម្រាប់ការផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ល្អៗ និងទស្សនទានបៃតងជុំវិញការអភិវឌ្ឍធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍។
លោក ថោង ខុន ក៏បានជំរុញឱ្យការសិក្សាអំពីយន្តការចតុភាគី រវាងក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត សហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ និងអ្នកផ្គត់ផ្គង់បៃតង ដើម្បីពិនិត្យលទ្ធភាពការផ្តល់ហិរញ្ញប្បទានបៃតង សម្រាប់ជម្រុញការប្រើប្រាស់ធនធានថាមពលកកើតឡើងវិញនៅតាមបណ្តាអាជីវកម្មទេសចរណ៍ និងជម្រុញការអនុវត្តសេចក្តីថ្លែង-ការណ៍រួមស្តីពីការគាំទ្រការប្រើប្រាស់ផលិតផលខ្មែរក្នុងឧស្សាហកម្មទេសចរណ៍ដែលបានចុះហត្ថលេខារវាងក្រសួងទេសចរណ៍ រដ្ឋបាលថ្នាក់ក្រោមជាតិ សហភាពសហព័ន្ធយុវជនកម្ពុជា និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដើម្បីធានាឱ្យមានការបែងចែកផ្លែផ្កានៃកំណើននៃវិស័យទេសចរណ៍ប្រកបដោយសមធម៌ ស្របតាមចក្ខុវិស័យ «ទេសចរណ៍ជាការនាំចេញនៅនឹងកន្លែង ពិសេសជម្រុញការប្រើប្រាស់ផលិតផលខ្មែរ ដែលផលិតដោយប្រជាសិប្បករ កសិករ និងផលិតករក្នុងស្រុកនៅក្នុងឧស្សាហកម្មទេសចរណ៍»៕



អគារពាណិជ្ជកម្មខ្ពស់ជាងគេនៅអាស៊ាន និងចាប់ផ្តើមសាងសង់នៅ ខែសីហាខាងមុខនេះ លើទឹកដីកម្ពុជា

ភ្នំពេញ៖ អគារពាណិជ្ជកម្មភ្លោះថៃ ប៊ុនរ៉ុង កំពស់រហូតដល់៥៦០ម៉ែត្រ និងខ្ពស់ជាងគេនៅតំបន់អាស៊ាន ដែលគ្រោង ចំណាយទឹកប្រាក់សាងសង់ ២១០០ លានដុល្លារ និងចាប់ផ្តើមសាងសង់នៅខែសីហា ខាងមុខនេះ។
លោក ទួស សាភឿន អគ្គលេខាធិការរងគណៈស្ថាបត្យករកម្ពុជា និងជាថ្នាក់ដឹកនាំជាន់ខ្ពស់ មួយរូបនៃ ក្រុមហ៊ុនថៃ ប៊ុនរ៉ុង បានបង្ហោះនៅក្នុងបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន កាលពីសប្តាហ៍មុនថា អគារពាណិជ្ជកម្មនេះ និងសាងសង់នៅខែសីហា ខាងមុខនេះ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ។
លោកបន្តថា អគារនេះ គ្រោងចំណាយពេលសាងសង់រយៈពេល ៣ឆ្នាំ និងចំណាយថវិកាប្រមាណ៥០០០ លានដុល្លារអាមេរិក សម្រាប់សាងសង់ និងដាក់អគារនេះឱ្យដំណើរការដោយរស់រវើក។
អគារពាណិជ្ជកម្មភ្លោះកប់ពពកនេះ គ្រោងដំឡើងកម្ពស់អគារពី៥០០ម៉ែត្រ ដល់៥៦០ម៉ែត្រ ហើយរហូតមកទល់ពេលនេះ ការធ្វើតេស្តដីបានបញ្ចប់ហើយ។ រហូតមកទល់ពេលនេះ ក្រុមហ៊ុនថៃ ប៊ុនរ៉ុង បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់ ដើម្បីសាងសង់អគារនេះហើយ។
អគារពាណិជ្ជកម្មភ្លោះថៃ ប៊ុនរ៉ុង និងជាបណ្តុំការិយាល័យ ផ្សារទំនើប អាផាតមិន ខុនដូ ភោជនីយដ្ឋាន សណ្ឋាគារកម្រិតផ្កាយ៥ និងផ្កាយ៦ ដែលវានឹងជានិម្មិតរូបនៃរាជធានីភ្នំពេញនាពេលអនាគត។
លោក ទួស សាភឿន បានបន្តថា លោកជឿជាក់ថា មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ និងទទួលបានជោគជ័យ ហើយវានឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលនឹងទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗ មកដាក់ការិយាល័យកណ្តាល នៅទីក្រុងភ្នំពេញបន្ថែមទៀត ព្រោះរហូតមកទល់ពេលនេះ កម្ពុជាមិនទាន់មានអគារការិយាល័យលំដាប់ពិភពលោក ដែលអាចទាក់ទាញក្រុមហ៊ុនធំៗ ចូលមកដាក់ការិយាល័យកណ្តាលនៅឡើយ។
តាមគម្រោងអគារពាណិជ្ជកម្មកប់ពពកនេះ នឹងសាងសង់ និងគ្រប់គ្រងដោយក្រុមហ៊ុនសំណង់ Hsin Chong Construction Group Ltd និងសហការវិនិយោគរវាងក្រុមហ៊ុន Thai Boon Rong Group និងក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យនៅទីក្រុងម៉ាកាវ Sun Kian Ip Group។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានថ្លែងក្នុងពិធីសម្ពោធ អគារតាំងពិព័រណ៌ គម្រោងនេះ នៅទល់មុខស្ថានទូតចិន រាជធានីភ្នំពេញថា គម្រោងនេះបានទទួលការគាំទ្រពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ អគារពាណិជ្ជកម្មថៃ ប៊ុនរ៉ុង និងសាងសង់លើផ្ទៃដីទំហំ៦ ហិកតា នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕


វិនិយោ​គិនស្វីស ជំរុញឱ្យ​ផលិតករ​កម្ពុជា​ដាំដំ​ណាំ​បៃតង ដើម្បីកែ​ច្នៃនាំចេ​ញទៅ​សហ​គមន៍អឺរ៉ុប

ភ្នំពេញ ៖ លោកឧកញ៉ា សុង សារ៉ន អគ្គនាយក Amru Rice Cambodia Co.Ltd បានមានប្រសាសន៍បានឱ្យដឹងថា វិនិយោគិនស្វីសនឹងជំរុញឱ្យផលិតករកម្ពុជា ដាំដំណាំបៃតង និងជួយខាងបច្ចេកទេសដើម្បីកែច្នៃនាំចេញទៅសហគមន៍អឺរ៉ុប ហើយក្រុមហ៊ុនប្រមាណ ៥ នឹងមកទស្សនកិច្ចនៅកម្ពុជាផងដែរ។
លោកឧកញ៉ា សុង សារ៉ន បានមានប្រសាសន៍ថា កម្ពុជាមានសក្តានុពលច្រើនដែលមិនទទួលរងការបំផ្លាញនៅឡើយ ហើយដើម្បីឈានដល់ការប្រកួតប្រជែងនោះ ខាងវិនិយោគិនស្វីសគ្រោងវិនិយោគកែច្នៃផលិតផលបៃតង នៅកម្ពុជាមានដូចជា ម្រេច ដំឡូងមី សណ្តែក ល្ង ជាដើម។
លោកឧកញ៉ា បញ្ជាក់ថា អ្នកវិនិយោគទាំងនោះសុទ្ធតែជាក្រុមហ៊ុនជាប់លំដាប់ថ្នាក់លេខ២ និងលេខ៣ នៅប្រទេសស្វីស ហើយជាឱកាសមួយដ៏ល្អប្រសើរ និងជួយដល់កសិករខ្មែរឱ្យមានទីផ្សារ។
ថ្មីៗនេះ ក្រុមហ៊ុនចំនួនពីរមានក្រុមហ៊ុន Amru Rice Cambodia Co.Ltd និងក្រុមហ៊ុនមួយទៀត ឈ្មោះ Sinature of Asia (SOA) បានចូលរួមតាំងពិព័រណ៌ម្ហូបអាហារសរីរាង្គ ពិភពលោកនៅប្រទេសអាឡឺម៉ង់ ក្នុងនោះ រួមមាន គុយទាវ ម្រេច អង្ករ និងម្សៅមី។ សម្រាប់លោក ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម បានលើកឡើងថា អ្វីដែលរដ្ឋាភិបាលចង់បាន គឺការរកដៃគូរពាណិជ្ជកម្ម ហើយបើបានដៃគូប្រទេសមហាអំណាចដូចប្រទេសចិនវិញរឹតតែសំខាន់ ដែលរដ្ឋាភិបាល និងវិស័យឯកជនចង់បានបំផុត។
លោកឧកញ៉ាបន្ថែមថា សព្វថ្ងៃកម្ពុជាកំពុងតែខ្វះទីផ្សារនាំចេញកសិផល ទើបមានបញ្ហាកើតមាននាពេលកន្លងមកដូចជាទីផ្សារអង្ករជាដើម។ ប៉ុន្តែអ្វីដែលសំខាន់ទីផ្សារនាំចេញ បើសិនលើកលែងពន្ធ ៩៧% ផ្នែកវិស័យកសិកម្ម នឹងជំរុញឱ្យមានអ្នកវិនិយោគកាន់តែច្រើនមកកម្ពុជា៕

អាស៊ានប្រឈមនឹងភាពមិនច្បាស់លាស់នាពេលអនាគត

ខណៈដែលអាស៊ានឈានចូលប្រារព្ធខួបលើកទី ៥០ របស់ខ្លួន អាស៊ានត្រូវជម្នះភាពមិនប្រាកដប្រជាជាបន្ទាន់ ដើម្បីរក្សាលំនឹងរបស់ខ្លួន។
ទីមួយ គឺអំពីតួនាទីរបស់អាមេរិកនៅក្នុងតំបន់ និងពិភពលោក។ អស់រយៈពេល ៧០ ឆ្នាំកន្លងមក អាមេរិកជាមូលដ្ឋានគ្រឹះនៃស្ថិរភាព និងភាពរុងរឿងចាប់តាំងពីបញ្ចប់សង្រ្គាមលោកលើកទី II ។ ឥឡូវនេះ រដ្ឋបាលថ្មីរបស់អាមេរិកនឹងដឹកនាំប្រទេសនេះក្នុងរយៈពេលបួនឆ្នាំខាងមុខ ក្រុងវ៉ាស៊ីនតោនមានសក្តានុពលរក្សាទុកអ្វីៗឱ្យនៅដដែលនៅក្នុងតំបន់នោះ។
ចាប់តាំងពីពិធីសម្ពោធឡើងកាន់តំណែងមក លោកប្រធានាធិបតី Donald Trump មិនបានធ្វើសេចក្តីថ្លែងការណ៍គោលនយោបាយទាក់ទងនឹងតំបន់អាស៊ីអាគ្នេយ៍នោះទេ សូម្បីតែការផ្តោតលើទំនាក់ទំនងអាមេរិក និងអាស៊ាន។ គាត់ និងបុគ្គលិករបស់គាត់បានធ្វើការសន្ទនា តាមទូរស័ព្ទជាមួយមេដឹកនាំអាស៊ាន និងមន្រ្តីសំខាន់ៗមួយចំនួន។ បច្ចុប្បន្ននេះ រដ្ឋមន្ត្រីការបរទេសអាស៊ានមានការស្មុគស្មាញ ដោយកង្វះនូវទិសដៅគោលនយោបាយឆ្ពោះទៅកាន់  អាស៊ានចេញពីសេតវិមាន។
ចាប់តាំងពីការដួលរលំជញ្ជាំងប៊ែកឡាំងមក រដ្ឋបាលអាមេរិកបានខិតខំប្រឹងប្រែងបន្ថែម ដើម្បីជូនដំណឹង និងធានាដល់មេដឹកនាំអាស៊ានថា អាមេរិកបន្តការចូលរួម និងការ     ប្តេជ្ញា បើទោះបីជាមានយុទ្ធសាស្រ្តគោលនយោបាយផ្សេងគ្នាពីរដ្ឋបាលកន្លងមកក៏ដោយ។ ចំពោះការកើនឡើងរបស់ចិន អាស៊ានគឺខ្វល់ខ្វាយខ្លាំងណាស់ ដោយចង់ដឹងអំពីគោលនយោបាយរបស់អាមេរិក ឆ្ពោះទៅកាន់សេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោកមួយនេះ និងទំនាក់ទំនងជារួមរបស់ខ្លួនទៅកាន់អាស៊ាន។
ទោះបីជាយ៉ាងណាក៏ដោយ នេះគឺជាលើកដំបូងក្នុងរយៈពេលបីទសវត្សរ៍ដែលអាស៊ាន បានធ្លាក់ចូលក្នុងភាពងងឹតនៅលើនិន្នាការការទូតរបស់អាមេរិក។
មេដឹកនាំអាស៊ានសង្ស័យថា តើរដ្ឋបាល Trump នឹងបន្តគោលនយោបាយធ្វើឱ្យមានតុល្យភាពឡើងវិញរបស់អតីតប្រធានាធិបតី និងកម្មវិធីផ្សេងទៀតដែរឬទេ បើទោះបីជាមានការរួមចំណែកជាក់ស្ដែងដល់តំបន់នេះក្នុងរយៈពេលប្រាំបីឆ្នាំកន្លងមក។
បណ្តារដ្ឋមន្ដ្រីអាស៊ានបានយល់ព្រមភ្លាមៗ ចំពោះសំណើរបស់ម៉ាឡេស៊ីដែលបានអំពាវនាវឱ្យមានកិច្ចប្រជុំពិសេសមួយជាមួយនឹងរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Rex Tillerson ដើម្បីពិភាក្សាអំពីទំនាក់ទំនងនាពេលអនាគតរបស់ពួកគេនៅកាលបរិច្ឆេទដែលអាចធ្វើបានឆាប់បំផុត។
កិច្ចប្រជុំកំពូលលើកទី ៣០
ស្ថិតក្រោមកិច្ចប្រជុំដែលប្រទេសហ្វីលីពីនជាប្រធាន បណ្តាមេដឹកនាំអាស៊ាននឹងចូលរួមកិច្ចប្រជុំកំពូលលើកទី ៣០ របស់ខ្លួននៅចុងខែមេសា និងចង់ឱ្យមានការប្រកួតប្រជែងក្នុងការបង្កើតការឆ្លើយតបទៅនឹងគោលនយោបាយរបស់អាមេរិក។ ហេតុនេះហើយបានជាមន្ត្រីជាន់ខ្ពស់ជួបប្រជុំនាពេលខាងមុខរវាងអាស៊ាន និងអាមេរិក កិច្ចប្រជុំនេះអាចនឹងយឺតពេលពេកសម្រាប់គោលដៅបែបនេះ។
ទីពីរ តួនាទីដឹកនាំរបស់ហ្វីលីពីនក្នុងនាមជាប្រធានអាស៊ាន ជាពិសេសគឺលោកប្រធានាធិបតី Rodrigo Duterte ត្រូវផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការរីកចម្រើននៃទំនាក់ទំនងរវាងអាស៊ាន និងអាមេរិក។
រដ្ឋាភិបាលទីក្រុងម៉ានីលបានធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាថា Trump មកចូលរួមកិច្ចប្រជុំកំពូលអាស៊ីខាងកើតលើកទី ១២ និងកិច្ចប្រជុំអាស៊ាន និងអាមេរិកលើកទី ៥។
លើសពីនេះទៀត ស្ថិតក្រោមរដ្ឋបាល Duterte ហ្វីលីពីនបានបោះបង់ចោលគោលនយោបាយរឹងបន្ទាត់របស់ខ្លួនឆ្ពោះទៅរកប្រទេសចិន ហើយឥឡូវនេះរដ្ឋាភិបាលក្រុងម៉ានីលចង់ធ្វើការសន្ទនា។ សំណួរដែលសួរញឹកញាប់គឺថា តើប្រទេសហ្វីលីពីនអាចដឹកនាំអាស៊ានយ៉ាងរឹងមាំ ហើយរក្សាភាពជាកណ្តាលរបស់ខ្លួននៅក្នុងការចូលរួមរវាងមហាអំណាចទាំងពីរដែរឬទេ។
ចាប់តាំងពីលោកបានឡើងកាន់អំណាចកាលពីខែមិថុនាមក លោក Duterte បានបញ្ចេញពាក្យសំដីមិនម៉ឺងម៉ាត់ជាច្រើនចំពោះទំនាក់ទំនងទាំងនេះ។ ជាសំណាងល្អមិនមានអ្វីដែលបង្កគ្រោះថ្នាក់ដល់អាស៊ាន។
គាត់ត្រូវតែចងចាំថា អាស៊ានមិនកាន់ជើងភាគីណាមួយនោះទេ។ សំខាន់ជាងនេះទៅទៀត អាស៊ានមិនធ្វើការចរចា បើទោះបីបញ្ហាធំ ឬតូចជាមួយដៃគូសន្ទនាណាមួយឡើយ។
ទីបី អាស៊ានត្រូវតែយកឈ្នះលើប្រតិកម្មប្រឆាំងនឹងសកលភាវូបនីយកម្មនៅក្នុងបណ្តា ប្រទេសលោកខាងលិច។
ប្រសិនបើ «អាមេរិកជាចម្បង» និងការងើបឡើងនៃនយោបាយប្រជាភិថុតិរបស់អឺរ៉ុបមកដល់តំបន់ជិតខាងនេះ ពួកគេនឹងមានផលប៉ះពាល់ដ៏មហន្តរាយលើការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។
រក្សាការធ្វើសមាហរណកម្មសេដ្ឋកិច្ច
អាស៊ានត្រូវតែរក្សាគោលជំហរឱ្យបានរឹងមាំដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងចំណោមសមាជិកទាំង ១០ បន្ទាប់ពីផែនការសកម្មភាពនៃ «ASEAN Community Vision 2025 » ក្នុងការនាំយកសហគមន៍ប្រជាជន ៦៤៥ លាននាក់ឱ្យក្លាយជាតំបន់សេដ្ឋកិច្ចកំពូលទាំងប្រាំរបស់ពិភពលោក។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៅក្នុងតំបន់ដែលដឹកនាំដោយអាស៊ានត្រូវតែបន្ថែមល្បឿនដោយសារភាពជាដៃគូអន្តរប៉ាស៊ីហ្វិកជាប់គាំង។
ជាចុងក្រោយ ដើម្បីយកឈ្នះលើភាពមិនប្រាកដប្រជាទាំងអស់នេះ អាស៊ានត្រូវតែការពារភាពជាកណ្តាលរបស់ខ្លួនគ្រប់វិស័យទាំងអស់។
សមាជិកអាស៊ានកាន់តែមានទំនុកចិត្ដ ហើយទទួលបាននូវឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយកាន់តែច្រើន វានឹងមានការលំបាកកាន់តែខ្លាំងឡើង សម្រាប់អាស៊ាន ដើម្បីបង្កើតជំហរួមមួយដែលស្អិតរមួត និងឆ្ពោះទៅមុខ៕
ប្រភព: The Nation

ហុងកុង ជាប់ចំណាត់ថ្នាក់ទី៣ នៃការវិនិយោគមកកម្ពុជាដែលមានទឹកប្រាក់ប្រមាណ ១.២៥ពាន់លានដុល្លារ

(ភ្នំពេញ) ៖ យោងតាមតួលេខ ដែលកត់ត្រាដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៧ថា ការវិនិយោគរបស់ហុងកុងនៅកម្ពុជា ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៦ មានចំនួន ២៤៤ គម្រោង មានទុនវិនិយោគសរុបប្រមាណ ១.២៥ពាន់លានដុល្លារអាមេរិក ស្មើនឹង ២,១៩% នៃទុនវិនិយោគសរុប។
ដោយឡែក ការវិនិយោគរបស់ហុងកុងក្នុងឆ្នាំ២០១៦ គឺមានចំនួន១៤ គម្រោងក្នុងផលិតកម្មស៊ីម៉ងត៍ កាត់ដេរសំលៀកបំពាក់ ស្បែកជើង កាបូប កសិឧស្សាហកម្ម និងឧស្សាហកម្មដទៃទៀត ក្នុងទឹកប្រាក់វិនិយោគប្រមាណ ៣២០លានដុល្លារអាមេរិក ស្មើនឹង៩.៨៥% នៃទុនវិនិយោគសរុបប្រចាំឆ្នាំ២០១៦ ហើយដែលបានធ្វើឱ្យការវិនិយោគរបស់ហុងកុងស្ថិតក្នុងលំដាប់លេខរៀងទី ៣ បន្ទាប់ពីចិន និងជប៉ុន ក្នុងចំណោមការវិនិយោគផ្ទាល់ពីបរទេសនៅឆ្នាំ២០១៦កន្លងទៅ។
លោក ម៉ា សួយឆឹង (Ma Siu-cheung) លេខាធិការទទួលបន្ទុកកិច្ចអភិវឌ្ឍនៃតំបន់រដ្ឋបាលពិ​សេ​ស​​​ហុងកុង ដែលបានដឹកនាំគណៈប្រតិភូធុរកិច្ចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ ពាណិជ្ជកម្មហុងកុង មក​កម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈនេះ បានថ្លែងថា ហុងកុង នឹងខិតខំធ្វើការផ្សព្វផ្សាយ និងជំរុញ​ឱ្យអ្នកវិនិយោគហុងកុង ឱ្យមកបណ្ដាក់ទុននៅកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីបន្តរឹតចំណងមិត្តភាព និងទំនាក់ទំនងសេដ្ឋកិច្ចនៃប្រជាជាតិទាំងពីរ។
សម្រាប់ លោក សុខ ចិន្តាសោភា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ត្រីថ្លែងថា ភាពអំណោយផល នៃបរិយាកាសវិនិយោគ, ស្ថិរភាពនយោបាយ, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសន្តិសុខពេញលេញ ដែល​​កត្តាទាំងនេះ បានធ្វើឱ្យកម្ពុជាស្ថិតនៅលើគន្លងនៃការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងរយៈពេលជាង ២ទសវត្ស ដោយសម្រេចបាននូវអត្រាកំណើនសេដ្ឋកិច្ចជាមធ្យម ៧.៧%ក្នុងមួយឆ្នាំ។
លោក បានបន្តថា ការវិវឌ្ឍនេះបានធ្វើឱ្យកម្ពុជាធ្វើដំណើរយ៉ាងក្លៀវក្លាប្រកបដោយភាពជឿជាក់ក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយឈរលើភាពច្បាស់លាស់នេះ អ្នកវិនិយោគបរទេស បានបណ្តាក់​ទុន លើគ្រប់វិស័យរួមទាំងវិស័យសំណង់៕

ក្រុមចារកម្មកូរ៉េខាងត្បូងអះអាងថា លោក គីម ជុងអ៊ុន ជាអ្នកបញ្ជាឱ្យសម្លាប់បងប្រុសម្ដាយទីទៃរបស់ខ្លួន

កូរ៉េខាងត្បូង៖ ក្រុមចារកម្មកូរ៉េខាងត្បូងបានឱ្យដឹងថា ក្រសួងកូរ៉េខាងជើងចំនួន២ បានរៀបចំគម្រោងសម្លាប់លោក គីម ជុងណាម ដោយមានការបញ្ជាពីប្អូនប្រុសម្ដាយទីទៃ និងជាមេដឹកនាំកូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន។
ក្រុមតំណាងរាស្ត្រនៅទីក្រុងសេអ៊ូលដែលនាំសម្ដីរបស់ក្រុមចារកម្មកូរ៉េខាងត្បូង បានអះអាងថា ក្រសួងការបរទេស និងក្រសួងសន្តិសុខជាតិកូរ៉េខាងជើងបានជ្រើសរើសស្ត្រីសង្ស័យ ២នាក់ ឱ្យធ្វើឃាតលោក គីម ជុងណាម។ លោក គីម ប្យ៊ុងគី តំណាងរាស្ត្រកូរ៉េខាងត្បូង បាននិយាយនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ថា ការសម្លាប់លោក គីម ជុងណាម គឺជាទង្វើភេរវកម្មបញ្ជាដោយលោក គីម ជុងអ៊ុន ហើយប្រតិបត្តិការនេះត្រូវបានធ្វើឡើងដោយក្រុម២ និងក្រុមមួយទៀតចាំជួយពីក្រោយ។ ទោះបីជាយ៉ាងណាក៏ដោយកូរ៉េខាងជើងបានធ្វើការច្រានចោលទាំងស្រុង រាល់ការជាប់ពាក់ព័ន្ធណាមួយនឹងការស្លាប់របស់លោក គីម ជុងណាម ហើយថែមបានចោទប្រកាន់សារព័ត៌មានកូរ៉េខាងត្បូងថា បានរាយការណ៍ព័ត៌មានមិនពិត។
សូមបញ្ជាក់ថា លោក គីម ជុងណាម ត្រូវបានស្ត្រី ២នាក់ សម្លាប់ដោយប្រើថ្នាំពុលនៅឯអាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួរ កាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងទៅ ខណៈពេលដែលលោកកំពុងរង់ចាំឡើងយន្តហោះឆ្ពោះទៅកាន់ទីក្រុងម៉ាកាវ។ សូមបញ្ជាក់ថា លោកបានស្លាប់តាមផ្លូវទៅកាន់មន្ទីរពេទ្យនៅរយៈពេលប្រហែល ២០នាទីក្រោយ៕

ក្រសួងអភិវឌ្ឍន៍ជនបទ ជ្រើសរើសក្របខណ្ឌមន្រ្តីរាជការចំនួន៥១រូបសម្រាប់ឆ្នាំ២០១៧

(ភ្នំពេញ)៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា សិស្ស និស្សតិទាំងពីរភេទ ដែលបាន​បញ្ចប់​ការ​សិក្សា ពីសាកលវិទ្យាល័យ និងវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនានា អាចដាក់​ពាក្យ​ប្រឡង​ចូល​ក្រប​ខណ្ឌមន្រ្តីរាជការ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧។ នេះ​បើយោង តាមសេចក្តីជូនដំណឹងរបស់ក្រសួងអភិវឌ្ឍន៍ជនបទចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ​២០១៧នេះ។

សេចក្តីជូនដំណឹង បានបញ្ជាក់ថា លក្ខខណ្ឌជ្រើសរើសបេក្ខជនទាំងពីរភេទត្រូវបំពេញល​ក្ខខណ្ឌ​ដូចជា៖ មានសញ្ជាតិខ្មែរ មានអាយុចន្លោះពី១៨ ដល់៣៥ឆ្នាំ (សម្រាប់បរិញ្ញាបត្រ) និង ៤០ឆ្នាំ (សម្រាប់បរិញ្ញាបត្រជាន់ខ្ពស់) និងត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រសម​មូល​ឡើងទៅ។

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងជ្រើសរើសមន្រ្តីរាជការខាងក្រោម៖





អាជ្ញាធរជាតិអប្សរា ផ្សព្វផ្សាយពីបេតិកភណ្ឌដល់អ្នកភូមិថ្នល់បណ្តោយ

នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រុមការងារសហគមន៍ទី៥ ប្រចាំស្រុកបន្ទាយស្រីដឹក នាំដោយដោយ ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមរួមនឹងមន្ត្រីបុគ្គលិកជាច្រើនរូបទៀតបានចុះ ផ្សព្វផ្សាយពីបេតិកភណ្ឌដល់ប្រជាពលរដ្ឋដែលរស់នៅភូមិថ្នល់បណ្តោយ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
គោលបំណងនៃការចុះផ្សព្វផ្សាយនេះ គឺដើម្បីរួមគ្នាថែរក្សា ការពារ និងអភិរក្សបេតិកភណ្ឌ។
ក្នុងឱកាសនោះដែរ លោក ម៉ី ម៉ារ៉ាឌី បានលើកឡើងអំពីការដាក់តំបន់អង្គរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ការបង្កើតស្ថាប័នអាជ្ញាធរជាតិអប្សរាសម្រាប់គ្រប់គ្រងតំបន់អង្គរ តួនាទីភារកិច្ច និងកិច្ចការងាររបស់អាជ្ញាធរជាតិអប្សរាក្នុងការគ្រប់គ្រង ថែរក្សាការពារ និងអភិរក្សបេតិកភណ្ឌ និងសមិទ្ធផលដែលអាជ្ញាធរជាតិអប្សរាសម្រេចបាន។ បន្ថែមពីនោះទៀត លោក ក៏បានពន្យល់អំពីសិទ្ធិ និងរបៀបដាក់ពាក្យស្នើសុំសាងសង់សំណង់ផ្សេងៗរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់បេតិកភណ្ឌផងដែរ។
លោកក្រុមប្រឹក្សាស្រុក លោកមេឃុំ និងមេភូមិ អនុភូមិ បានថ្លែងចំណាប់អារម្មណ៍ថា លោកពិតជាសប្បាយចិត្តណាស់ និងអរគុណចំពោះអាជ្ញាធរជាតិអប្សរាដែលរយៈកាលកន្លងមកបានគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ហើយលោករីករាយនឹងសហការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីអប់រំផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានយល់ពីបេតិកភណ្ឌកាន់ទូលំទូលាយឡើងថែមទៀត។
លោក មួន មិត្ត ប្រជាពលរដ្ឋភូមិថ្នល់បណ្តោយបានគាំទ្រចំពោះសកម្មភាពរបស់អាជ្ញាធរជាតិអប្សរា ដោយលោកយល់ឃើញថា កម្មវិធីនេះល្អ ព្រោះវាបានផ្តល់នូវចំណេះដឹងច្រើនដល់ប្រជាពលរដ្ឋ ធ្វើឲ្យពួកគាត់បានយល់ច្បាស់ពីតម្លៃ និងអត្ថប្រយោជន៍បេតិកភណ្ឌ ព្រមទាំងដឹងពីតួនាទីភារកិច្ចរបស់ពួកគាត់ ត្រូវចូលរួមគ្នាជាមួយអាជ្ញាធរជាតិអប្សរាដើម្បីថែរក្សាបេតិកភណ្ឌ ដែលជាសម្បត្តិដូនតាយើងទាំងអស់គ្នា៕


អាជ្ញាធរជាតិអប្សរា បន្តសហការជាមួយបណ្ឌិតសភាវិទ្យាសាស្ត្រចិនដើម្បីជួយដល់ការងារគ្រប់គ្រងតំបន់សៀមរាបអង្គរ

អាជ្ញាធរជាតិអប្សរា គ្រោងនឹងចុះកិច្ចព្រមព្រៀង ជាមួយមជ្ឈមណ្ឌល HIST (International Center on Space Technologies for Natural and Cultural Heritage under the auspices of UNESCO) និងវិទ្យាស្ថានRADI (Institute of Remote Sensing and Digital Earth) និង​បណ្ឌិតសភា​វិទ្យាសាស្ត្រ​ចិន​(Chinese Academy of Sciences)  ដើម្បីបន្តគម្រោងសហប្រតិបត្តិការស្តីពីការប្រើប្រាស់បច្ចេកវិទ្យាអវកាសសម្រាប់ការងារអភិរក្ស និងគ្រប់គ្រងរមណីយដ្ឋានបេតិ​កភណ្ឌពិភពលោកអង្គរ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់សៀមរាប នៅចុងខែមីនា ឆ្នាំ២០១៧ខាងមុខនេះ។
កិច្ចពិភាក្សាស្តីពីគម្រោងបន្តចុះអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ រវាងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងប្រតិភូនៃបណ្ឌិតសភាវិទ្យាសាស្ត្រចិន ដឹកនាំដោយលោកសាស្ត្រាចារ្យ Wang Enge អនុប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រចិន។
គោលបំណងចម្បង នៃគម្រោងសហប្រតិបត្តិការនេះគឺ បណ្តុះបណ្តាលដល់មន្រ្តីបុគ្គលិករបស់អាជ្ញាធរជាតិអប្សរា ក្នុងការប្រើប្រាស់បច្ចេកវិទ្យាអវកាស (Remote Sensing) សម្រាប់ការងារអភិរក្ស និងគ្រប់គ្រងរមណីយដ្ឋានអង្គរ និងការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់អាងផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងសៀមរាប ស្ទឹងពួក ស្ទឹងរលួស និងភ្នំគូលែន។ ចាប់តាំងពីឆ្នាំ២០១៣មក គម្រោងនេះបានចូលរួមបណ្តុះបណ្តាលមន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរាបានចំនួន៦លើក ដោយក្នុងនោះ៥លើកនៅសាធារណរដ្ឋប្រជាមានិតចិន បណ្តុះបណ្តាលបានចំនួន១៣រូប និង១លើកទៀត រៀបចំនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរាផ្ទាល់ ដោយសាស្ត្រាចារ្យ​មកពីវិទ្យាស្ថានRADI និងមជ្ឈមណ្ឌលHIST។
សូមបញ្ជាក់ថា តាមរយៈកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងបណ្ឌិតសភាវិទ្យាសាស្ត្រចិន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៣ កន្លងមក អាជ្ញាធរជាតិអប្សរា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយមជ្ឈមណ្ឌល HIST នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបង្កើតឱ្យមានគម្រោងសហប្រតិបត្តិការស្តីពីការប្រើប្រាស់បច្ចេកវិទ្យាអវកាសសម្រាប់ការងារអភិរក្ស និងគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់សៀមរាប ដែលហៅថា គម្រោងបច្ចេកវិទ្យាអវកាសសម្រាប់បរិស្ថាននៃឧទ្យានអង្គរ(REAS : Remote Sensing for Environmental of Angkor Site Project)។
គម្រោងដដែលនេះ ក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នាមួយទៀត នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ រវាងអាជ្ញាធរជាតិអប្សរា និងវិទ្យាស្ថានRADI នៃបណ្ឌិតសភាវិទ្យាសាស្រ្តចិន និងមជ្ឈមណ្ឌលHIST សម្រាប់កិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ទិន្នន័យពីផ្កាយរណបរបស់ប្រទេសចិន(China’s Satellite Quicklook Data Service)។ យោងតាមអនុស្សរណៈនៃការយោគយល់គ្នាមួយទៀតនេះ វិទ្យាស្ថានRADI បានផ្តល់មកឱ្យអាជ្ញាធរជាតិអប្សរា នូវការបង្កើតស្ថានីយ៍ផ្កាយរណបសិប្បនិមិ្មតមួយ (Virtual Ground Station) ក្នុងទីស្នាក់ការអាជ្ញាធរជាតិអប្សរា និងផ្តល់ឱ្យទិន្នន័យពីផ្កាយរណបចំនួនពីររបស់ប្រទេសចិន និងបានបណ្តុះបណ្តាល​ដល់មន្រ្តីបុគ្គលិកអាជ្ញាធរជាតិអប្សរា អំពីការប្រើប្រាស់ឧបករណ៍ និងកម្មវិធីទាំងនោះ ដែលស្ថានីយ៍មួយនេះកំពុងដំណើរការមកដល់សព្វថ្ងៃ៕



ក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ រាជរដ្ឋាភិបាល នឹងចំណាយថវិកាជាង៧លានដុល្លារសម្រាប់ឧបត្ថម្ភដល់មន្រ្តីរាជការ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល នឹងត្រូវចំណាយថវិកាជាង៧លានដុល្លារ សម្រាប់ឧបត្ថម្ភដល់មន្រ្តីរាជការនៅទូទាំងប្រទេស នាថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅថ្ងៃទី ១៤-១៦ខែមេសា ឆ្នាំ២០១៧ខាងមុខនេះ។ លោក ហ៊ុន សែន បានថ្លែងដូចនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការអគារសិក្សា០១ខ្នង ១៨​បន្ទប់ និងអគារទីចាត់ការ០១ខ្នង ស្មើ០៣បន្ទប់ នៅវិទ្យាល័យ​តេជោ ហ៊ុន សែន បឹង ស្ថិតនៅភូមិទី១៤ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា ការគិតមួយថ្ងៃៗ គឺមិនងាយស្រួលទេ ត្រូវដំណើរការទៅមុខជាជំហានៗទៅតាមស្ថានភាពជាក់ស្តែង ហើយ ក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ គឺរាជរដ្ឋាភិបាល នឹងចំណាយថវិកាជាង ៧លានដុល្លារ ដើម្បីឧបត្ថម្ភដល់មន្រ្តីរាជការ ដែលនឹងទទួលបានម្នាក់ៗចំនួន៥ម៉ឺនរៀលផងដែរ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានបញ្ជាក់ អំពីការផ្លាស់ប្តូររៀបចំប្រាក់ខែគ្រូបង្រៀន និងមន្រ្តីរាជការឱ្យបានសមរម្យដោយបានតម្លើងទៅមុខជាដំណាក់កាលៗ។ ប្រាក់ខែគ្រូបង្រៀន និងគ្រូពេទ្យទាបបំផុតគឺជាង ៩៥ម៉ឺនរៀល ហើយបើអ្នកដែលមានប្រាក់តំបន់ រួមបញ្ចូលបន្ថែមទៀត គឺនឹងទទួលបានជាង១លានរៀល។
ទន្ទឹមនឹង ការឧបត្ថម្ភ និងតម្លើងប្រាក់ខែមន្រ្តីរាជការនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានលើកឡើង ថា តម្លៃនៃការផ្គត់ផ្គង់អគ្គិសនី ក៏នឹងធ្លាក់ចុះផងដែរ ដូចជា៖ ការប្រើប្រាស់​ភ្លើង​ចំនួន ១០គីឡូវ៉ាត់ចុះ មានតម្លៃ ៤៨០រៀល ៥០គីឡូវ៉ាត់ចុះ តម្លៃ៦១០រៀល និង៥០​គីឡូ​វ៉ាត់​​ឡើង តម្លៃ៧៧០រៀល ក្នុងមួយគីឡូវ៉ាត់៕







លោក សុខ ឥសាន៖ រួមគ្នាថែរក្សា និងការពារសន្តិភាពឱ្យបានគង់វង្ស

(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រ​ជា​ជនកម្ពុជា បញ្ជាក់ពីតម្លៃមហាសាលរបស់សុខសន្តិភាពដែលកំពុងកើតមាននៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ ដែលយើងត្រូវមានតួនាទីរួមគ្នាថែរក្សាការពារឱ្យបានគង់វង្ស។ លោក សុខ ឥសាន បានថ្លែងបញ្ជាក់ដូចខាងក្រោម៖
ប្រជាជនកម្ពុជា បានឆ្លងកាត់សោកនាដកម្ម និងទុក្ខវេទនារាប់មិនអស់ និងធ្ងន់ធ្ងរបំផុត រកអ្វីប្រៀបគ្មាន ហើយក៏គ្មានប្រទេសណាលើពិភពលោកបានឆ្លងកាត់ដូចកម្ពុជាទេ ដែលរងគ្រោះដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍។ ដូច្នេះ  សន្តិភាព មានអត្ថន័យ  និងសំណូមពរជ្រាលជ្រៅណាស់សម្រាប់ប្រជាជនកម្ពុជា ក៏ ដូច​ជាប្រជាជនបណ្តាប្រទេសលើពិភពលោក​។ ផ្អែកលើសំណូមពរនេះ ទើបអ្នកស្នេហាជាតិផុសចេញពីគណបក្សប្រជាជនកម្ពុជា បានងើប​ឡើង ដឹកនាំការតស៊ូដើម្បីបុព្វហេតុស្វែងរកសន្តិភាពមកជូនប្រជាជាតិឡើងវិញដោយហ៊ានបូ​ជា​សាច់ស្រស់ ឈាមស្រស់ អាយុជីវិតដោយគ្មានស្តាយស្រណោះ។
ដូច្នេះ សន្តិភាពដែលដណ្តើមបានមកវិញ ចាប់ពីឆ្នាំ ១៩៩៨ មក មានតម្លៃធំធេងលើសលប់ មានអត្ថន័យដ៏មហាសាលដែលចាំបាច់ ត្រូវរួមគ្នា ថែរក្សាការពារ ឱ្យបានដាច់ខាត មិនអាចឱ្យជនណា ឬក្រុមជនណា មកបំផ្លាញបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។ រាល់សកម្ម​ភាពល្មើសច្បាប់ និងវិទ្ធង្សនាទាំងទ្បាយដែលប៉ុនប៉ងឱ្យមានអំពើអនាធិបតេយ្យ សុទ្ធតែក្នុងចេតនាបំផ្លាញសន្តិភាពរបស់ប្រទេសជាតិប៉ុណ្ណោះ។
ដូចនេះ ជារួម មានតែប្រជាជនកម្ពុជា ត្រូវរួបរួមគ្នាសាមគ្គីជាធ្លុងមួយ ដើម្បីថែរក្សា និងការពារឱ្យបានសន្តិភាពយូរអង្វែងសម្រាប់ប្រទេសជាតិយើងដែលជាកត្តាកំណត់មិនអាចខ្វះបាន៕

ព្រឹទ្ធសភា បោះឆ្នោត​គាំទ្រទាំង​ស្រុងនូវ​សេចក្តី​ស្នើច្បាប់ស្តី​ពី គណប​ក្សនយោ​បាយ​

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ព្រឹទ្ធសភាបានបើកកិច្ចប្រជុំវិសាមញ្ញ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ។ ក្រោយបើកកិច្ចប្រជុំ ព្រឹទ្ធសភាបានបោះឆ្នោតគាំទ្រទាំងស្រុងនូវសេចក្តីស្នើច្បាប់នេះ ក្រោមសំឡេងសមាជិក៤៤រូប។
សូមអានលទ្ធផលផ្លូវការនៃកិច្ចប្រជុំព្រឹទ្ធសភាវិសាមញ្ញនៅខាងក្រោមនេះ៖



លោក ហ៊ុន សែន៖ កម្ពុជា នឹងបន្តការខិតខំដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន

នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាកម្ពុជា នឹងបន្តការខិតខំដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន ពោលគឺ​បាន​ផ្លាស់ប្តូរកម្ពុជាពីប្រទេសផេះផង់ដោយសារសង្រ្គាម ក្លាយទៅជាប្រទេសមានសន្តិភាព និងការអភិវឌ្ឍ ពីប្រទេសដែលមានប្រជាជន តែ៥លាននាក់ រហូតដល់ជាង១៥លាននាក់។
លោក ហ៊ុន សែន បានថ្លែងដូចនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា០១ខ្នង ១៨​បន្ទប់ និងអគារទីចាត់ការ០១ខ្នង ស្មើ០៣បន្ទប់ នៅវិទ្យាល័យតេជោ ហ៊ុន សែន បឹង ស្ថិតនៅភូមិទី១៤ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា យើងត្រូវបន្តការអភិវឌ្ឍបន្ថែមទៀត ដែលតម្រូវការកាន់តែច្រើនឡើងៗ។ យើង បានដឹកនាំបានការផ្លាស់ប្តូរមួយ គឺការផ្លាស់ប្តូរប្រកប​ដោយវិជ្ជមាន តួយ៉ាងដូចដែលមាននៅទីនេះស្រាប់ ពីមុនមានអគារស្ទើរតែបាក់បែក ជំនួសមកវិញនូវការផ្លាស់ប្តូរអគារដ៏ថ្មីស្រឡាងដែលយើងឃើញស្រាប់នាពេលនេះ៕



លោក ហ៊ុន សែន បានរំលឹកដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋ ត្រូវទទួលយកអ្វីដែលកំពុងមាន កុំជ្រើសយកការសន្យា

នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរំលឹកដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋ ត្រូវទទួលយកអ្វី ដែលកំពុងមាន កុំជ្រើសយកការសន្យា។ លោក ហ៊ុន សែន បានថ្លែងដូចនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើ​ប្រាស់​ជាផ្លូវការអគារសិក្សា០១ខ្នង ១៨​បន្ទប់ និងអគារទីចាត់ការ០១ខ្នង ស្មើ០៣បន្ទប់ នៅវិទ្យាល័យ​តេជោ ហ៊ុន សែន បឹង ស្ថិតនៅភូមិទី១៤ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
នៅក្នុងឱកាសនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ជាថ្មីថា ទោះក្នុងតម្លៃណាក៏ដោយ ត្រូវការពារសន្តិភាពដែលកំពុងមាននៅកម្ពុជាឱ្យខានតែបានពីព្រោះសន្តិភាព​មាន​តម្លៃមហាសាលមិនអាចកាត់ថ្លៃបានឡើយ ដើម្បីបន្តអភិវឌ្ឍន៍ប្រទេស​ជាតិយើងទៅមុខ​ទៀត​។​ លោក ក៏បានរំលឹកផងដែរថា ព្រោះតែការផ្លាស់ប្តូររបបពីសម័យសង្គមរាស្រ្តនិយម​របស់សម្តេច នរោត្តម សីហនុ មករបបសាធារណរដ្ឋ របស់លោក លន់ នល់ បានធ្វើឱ្យប្រជាពលពល​រដ្ឋខ្មែរកន្លះលានអ្នកស្លាប់ និងរបបប៉ុលពត ប្រមាណ៣លាននាក់ស្លាប់។
លោក ហ៊ុន សែន ក៏បានថ្លែងគូសបញ្ជាក់ដែរថា ព្រោះតែការចង់ផ្តួលរំលំរបប សាដាម ហូសេន និង លោក អាសាដ បានធ្វើឱ្យមនុស្សជាច្រើននាក់ស្លាប់ ប្រជាជនរងទុក្ខ​វេទនាខ្លោច​ផ្សារ ប្រទេសខ្ទេចខ្ទីស្ទើរទាំងស្រុង ដែលមិនទទួលបានអ្វីតាមការសន្យានោះឡើយ ដូច្នេះការប៉ុនប៉ងផ្តួលរំលំរូបលោក មិនដឹងថា នឹងត្រូវធ្វើឱ្យមនុស្សនិងប្រទេសខ្ទេចខ្ទីប៉ុន្មាននោះទេ៕








សភា​ពាណិជ្ជកម្មខេ​ត្ត ចិនចា​ប់អារ​ម្មណ៍បង្កើតវិ​ទ្យាស្ថានបណ្តុះ​បណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ នៅ​កម្ពុជា

ភ្នំពេញ៖ លោក Zhang Hailong ប្រធានសភាពាណិជ្ជកម្មខេត្តតៃស៊ូថ (Taizhour) របស់ចិនប្រចាំនៅកម្ពុជាបានជំរាបប្រាប់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងជំនួបនៅទីស្តីការក្រសួង នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ថា លោកពិតជាចង់បង្កើតវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ នៅក្នុងប្រទេសកម្ពុជា។
លោក Zhang Hailong បានសំដែងនូវចំណាប់អារម្មណ៍ជាខ្លាំងក្នុងការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ស្របទៅតាមគោលនយោបាយនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ជាពិសេសភាគីចិនផ្អែកលើគោលនយោបាយវិថីមួយ ខ្សែក្រវ៉ាត់មួយរបស់រដ្ឋាភិបាលចិន។
នៅឱកាសនោះលោករដ្ឋមន្រ្តី អ៊ិត សំហេង បានសំដែងនូវការសារទចំពោះគម្រោងនេះ ព្រមទាំងបានសំដែងនូវការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះភាគីចិន ដោយបានចាត់ទុកដាក់ថា គម្រោងនេះមានសារៈសំខាន់ណាស់សម្រាប់ជួយបង្កើនធនធានមនុស្សនៅកម្ពុជា ឱ្យកាន់តែមានចំណេះជំនាញខ្ពស់ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគោលនយោបានអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ និងគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ២០១៥-២០២៥៕



លោក ហ៊ុន សែន បានរិះគន់ជាថ្មីម្តងទៀតចំពោះអ្នកដែលបានលើកឡើងសញ្ញាបត្រស្រុកខ្មែរ គ្មានតម្លៃ

នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរិះគន់ជាថ្មីម្តងទៀតចំពោះអ្នកដែលបានលើកឡើងសញ្ញាបត្រស្រុកខ្មែរ គ្មាន​តម្លៃនោះ។ លោក ហ៊ុន សែន បានលើកឡើងដូចនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការអគារសិក្សា០១ខ្នង ១៨​បន្ទប់ និងអគារទីចាត់ការ០១ខ្នង ស្មើ០៣បន្ទប់ នៅវិទ្យាល័យ​តេជោ ហ៊ុន សែន បឹង ស្ថិតនៅភូមិទី១៤ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
នៅក្នុងឱកាសនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ថ្លែងរំលឹកដល់លោកគ្រូ អ្នកគ្រូ សា​ស្រ្តា​ចារ្យថា មិនត្រូវភ្លេចទេ គេធ្លាប់លើកឡើងថា សញ្ញាបត្រស្រុកខ្មែរគ្មានតម្លៃ។ ប៉ុន្តែ​ទោះ​បីជាគេបង្អាប់យ៉ាងណាក៏ដោយ យើងមានកូនសិស្សរៀននៅសាលារបស់យើងត្រឹម​ត្រូវ ហើយ​​ឥឡូវនេះ យើងមានស្តង់ដារនៃសិស្សតទៅទៀត ខាងមុខប្រហែលជានៅ​ខេ​ត្តកំ​ពង់​ចាម​នេះ គរុសិស្សមិនមែន ១២ + ២ ទៀតទេ អាចឈានដល់ ១២ + ៤ ដើម្បីឱ្យ​គុណភាព​របស់​គ្រូ​កាន់តែខ្ពស់ទៅៗ នេះជាចំណុចសំខាន់។
លោក ហ៊ុន សែន ក៏បានថ្លែងកោតសរសើរផងដែរពីការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដែលកម្ពុជា យើង បានដើរឆ្លងនូវចំងាយមួយដ៏វែង ពីស្ថានភាពលំបាកលំបិនមកកាន់ស្ថានភាពល្អប្រសើរ ជាងមុន៕

កម្ពុជា​ទទួល​ចំណូល​ពីវិស័យ​ទេសចរណ៍ ៣៤០០លាន​ដុល្លា នៅឆ្នាំ​២០១៦​

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា នៅឆ្នាំ២០១៦ កម្ពុជាសម្រេចបានកំណើនក្នុងអត្រា ៥ភាគរយ ជាមួយនឹងការមកដល់នៃទេសចរអន្តរជាតិជាង៥លាននាក់និងបានស្រូបយកចំណូលចំនួន៣៤០០លានដុល្លាសហរដ្ឋអាមេរិកចាក់ចូលក្នុងសេដ្ឋកិច្ចជាតិ ។
ក្នុងពិធីបើកវេទិកាជាតិធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍លើកទី១ សណ្ឋាគារភ្នំពេញ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបានមានប្រសាសន៍ថា ការកើនឡើងនៃចំនួនភ្ញៀវទេសចរណ៍នេះ ដោយសារតែកម្ពុជាមានគោលនយោបាយច្បាស់លាស់សម្រាប់ទាក់ទាញភ្ញៀវទេសចរឱ្យមកកម្ពុជាម្តងហើយម្តងទៀត។
ជាមួយគ្នានេះ កក្តាសន្តិភាពគឺជាផ្នែកមួយសំខាន់ក្នុងការផ្តល់ភាពកក់ក្តៅ ដល់អ្នកវិនិយោគនិងភ្ញៀវទេសចរណ៍មិនអាចខ្វះបានឡើយ។
លោកបន្តថា តាមការព្យាករណ៍នៅឆ្នាំ២០១៧នេះ ការមកដល់នៃភ្ញៀវទេសចរអន្តរជាតិនឹងមានប្រមាណ ៥លាន ៤សែននាក់ ហើយរំពឹងថា នៅឆ្នាំ២០២០ ការមកដល់នៃទេសចរអន្តរជាតិអាចកើនឡើងដល់ ៧លាននាក់ ដោយនាំមកនូវចំណូលសរុបប្រមាណ ៥០០០លានដុល្លារ និងបង្កើតនូវឱកាសការងារបានប្រមាណ ១លាននាក់ ដោយផ្ទាល់៕

ទំព័រហេ្វសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា ត្រូវបានបើកឱ្យដំណើរការឡើងវិញ

នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ទំព័រហេ្វសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា ត្រូវបានបើកឱ្យដំណើរការឡើងវិញចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ នេះតទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរាចុះថ្ងៃទី២៨ ខែកុម្ភ ឆ្នាំ២០១៧។
សេចក្តីជូនដំណឹងនោះ បានបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅ ក្រុមអនាមិកបានលួចចូលគ្រប់គ្រងទំព័រហ្វេសប៊ុកផ្លូវការ និងគណនីហេ្វសប៊ុកពាក់ព័ន្ធមួយចំនួនរបស់អាជ្ញាធរជាតិអប្សរា បណ្ដាលឱ្យការផ្សព្វផ្សាយពីសកម្មភាពនានារបស់អាជ្ញាធរជាតិអប្សរាតាមរយៈទំព័រហ្វេសប៊ុកផ្លូវការនេះត្រូវបានខកខានមួយរយៈ។
សូមអានសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរាដូចខាងក្រោម៖

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លើកឡើងថា គណបក្សប្រឆាំងបង្ករឿងទៀតហើយ!

នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់អំពីទង្វើអសីលធម៌ វាយប្រហារមកលើគណបក្សប្រជាជន​កម្ពុជាពីសំណាក់​គណ​បក្សប្រឆាំងនៅទីក្រុងលីយ៉ុង ប្រទេសបារាំង។ លោក សុខ ឥសាន បានបញ្ជាក់ដោយមាន​ខ្លឹម​សារដូចខាងក្រោម៖
ប៉ុន្មានថ្ងៃកន្លងទៅនេះ គណបក្សប្រឆាំងនៅទីក្រុង លីយ៉ុង ប្រទេសបារាំង បានបើកការវាយប្រហារយ៉ាងធ្ងន់ធ្ងរមកលើគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមាន លោក ទួត ឃឿត តំណាងរាស្ត្រក្នុងតំណែង ជាប្រធានគណៈអធិបតី នៅក្នុងអង្គមីទ្ទិញ ដែលមានឈ្មោះលី ពឿង ជាអ្នកអានសុន្ទរកថា។ ការជេរប្រមាថបែបអសុរស និងធ្ងន់ធ្ងរមកលើគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាបែបនេះ គឺជាភស្តុតាងយ៉ាងប្រត្យក្សថា តំណាងរាស្ត្រ ទួត ឃឿត កំពុងធ្វើសកម្មភាពឱ្យបែកបាក់ជាតិ  ប្រព្រឹត្តល្មើសច្បាប់និងសីលធម៌នយោបាយ ដែលត្រូវទទួលខុសត្រូវចំពោះទង្វើខុសឆ្គងនេះ។
គណបក្សប្រជាជនកម្ពុជា នឹងពិនិត្យលទ្ធភាពផ្លូវច្បាប់ ដើម្បីចាប់បង្ខំឱ្យអ្នកប្រព្រឹត្តល្មើសទទួល​ខុសត្រូវ និងស្នើបញ្ឈប់ធ្វើសកម្មភាពបង្ករឿង ហើយដល់មានរឿងកុំបន្ទោសអ្នកដទៃឱ្យសោះ៕

ព្រឹទ្ធសភា បើកកិច្ចប្រជុំវិសាមញ្ញ​ពិនិត្យលើ សេច​ក្តី​ស្នើវិសោធនកម្មច្បាប់ ស្តីពី​គណបក្ស​នយោបាយ

ភ្នំពេញ៖ នៅវេលាម៉ោង៨៖០០ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ព្រឹទ្ធសភាបានចាប់ ផ្តើមបើកកិច្ច ប្រជុំវិសាមញ ដើម្បីពិនិត្យ និងឱ្យយោបល់ លើសេចក្តីស្នើច្បាប់ វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ។
សូមបញ្ជាក់ថា សេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលស្នើដោយតំណាងរាស្រ្ត៦០រូប ត្រូវបានរដ្ឋសភា អនុម័ត​ទាំងស្រុង ដោយសំឡេងសមាជិករដ្ឋសភា៦៦រូប នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីបើកកិច្ចប្រជុំ​វិសាមញ្ញ​អស់រយៈពេលជិត ២ម៉ោង។
ការរៀបចំសំណើសុំធ្វើវិសោធនកម្មច្បាប់នេះ បានធ្វើបន្ទាប់ពីមានការលើកឡើង ដោយលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំសភាវិសាមញ្ញ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។
មាត្រា១៨ថ្មី នៃសេចក្តីស្នើវិសោធនកម្មច្បាប់នេះ បានកំណត់ដោយសង្កត់ធ្ងន់ថា៖ ប្រធាននិងអនុប្រធាន និងសមាសភាព​នៃគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្រ្តៃយ៍ ឬអង្គការសមមូលនិងគណៈកម្មការទាំងពីរនេះ មិនត្រូវជា​បុគ្គល​ដែលជាទណ្ឌិតជាប់ទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬបទមជ្ឈឹម ដោយគ្មានការព្យួរទោសឡើយ៕