Tuesday, April 20, 2021

ក្រោយរកឃើញអាជីវករលក់ត្រីម្នាក់វិជ្ជមានកូវីដ១៩ នៅផ្សារកីឡដ្ឋានខេត្តកណ្ដាល, អាជ្ញាធរបន្ថែមការរឹតបន្តឹងការចេញចូលបន្ថែម

 (កណ្ដាល)៖ ក្រោយរកឃើញអាជីវករលក់ត្រីនៅក្នុងផ្សារកីឡដ្ឋានខេត្តកណ្ដាលម្នាក់ឈ្មោះ ជិន សម្ភស្ស វិជ្ជមានកូវីដ១៩ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធរមិនបានបិទផ្សារនោះឡើយ តែបានបន្ថែមការរឹតបន្តឹការធ្វើដំណើរចេញ-ចូលផ្សារកីឡដ្ឋាននេះខ្លាំងជាងមុន ដោយមិនអនុញ្ញាតឱ្យមានការចេញ-ចូលដោយសេរីដូចមុនៗនោះឡើយ។ នេះបើតាមការឱ្យដឹងពីរដ្ឋបាលខេត្តកណ្តាលបានបញ្ជាក់នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ។

ប្រភពបានបញ្ជាក់ថា បន្ទាប់ពីធ្វើការរកឃើញមនុស្ស១១នាក់ មានសីតុណ្ហភាពលើសពី៣៧អង្សាសេ កាលពីម្សិលមិញ មន្ត្រីសុខាភិបាលខេត្តបានចុះមកយកសំណាកមនុស្សទាំងអស់ នៅក្នុងកីឡដ្ឋាននេះ ដែលសរុបចំនួនមាន ៣៥៣នាក់ ក្រោមការចុះពិនិត្យមើលដោយផ្ទាល់ពីសំណាក់លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត។

ប្រតិបត្តិការយកសំណាកនេះ ធ្វើឡើងពីក្បាលព្រលប់រហូតឈានដល់យប់ជ្រៅទើបធ្វើតេស្តអស់គ្នា ដែលការធ្វើតស្តនេះប្រើដោយម៉ាស៊ីនទំនើបម៉ាក Rapid Test។ ជាលទ្ធផលរកឃើញស្ត្រីម្នាក់ឈ្មោះ ជិន សម្ភស្ស ជាអាជីវករលក់ត្រីនៅផ្សារកីឡដ្ឋាននេះវិជ្ជមានកូវីដ១៩ ហើយត្រូវបានគេយកទៅសម្រាកព្យាបាលរួចរាល់ហើយ។

គួរជម្រាបដែរថា ដោយសារតែឃើញពីការខិតខំប្រឹងប្រែងរបស់មន្ត្រីអាជ្ញាធរពាក់ព័ន្ធគ្រប់គ្នា ដែលបានប្រឹងប្រែងណាស់ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ មិនឱ្យរីករាលដាលខ្លាំង អភិបាលកណ្តាលលោក គង់ សោភ័ណ្ឌ បានចុះមកអរគុណដោយផ្ទាល់ ចំពោះអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់បានចូលរួមយ៉ាងសកម្ម ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ នេះ។

លោកអភិបាលកណ្តាល បានបញ្ជាក់ថា «ខ្ញុំសូមលើកសរសើរ ចំពោះអាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ដែលបាន ចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្តកណ្តាល ក្នុងការគ្រប់គ្រងសភាពការណ៍ទប់ស្កាត់ជំងឺកូវីដ-១៩ បានទាន់ពេលវេលាមិនឱ្យឆ្លងរីករាលដាលចូលក្នុងសហគមន៍ទ្រង់ទ្រាយធំ»

មិនតែប៉ុណ្ណោះលោកអភិបាលខេត្ត បានថ្លែងអំណរគុណ ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង រៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយផ្សារបណ្តោះអាសន្ន លក់បន្លែបង្ការ ផ្លែឈើត្រីសាច់ នៅកីឡដ្ឋានបាល់ទាត់ ខេត្តកណ្តាល ពិសេសបានអរគុណដល់លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន ជេតស៍គ្រុប បានជួយឧបត្ថម្ភ ស្តង់ចំនួន ៤០០ស្តង់ រួមទាំងក្រុមការងារចំនួន២០នាក់ ជួយរៀបចំតម្លើងបានទាន់ពេលវេលា បង្កលក្ខណៈឱ្យអាជីវករលក់ដូរបានងាយស្រួល។

លោកអភិបាលខេត្តក៏អំពាវនាវប្រជាពលរដ្ឋ សូមគោរពអនុវត្តឱ្យខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងវិធានការ របស់សម្តេចសម្តេចតេជោ ហ៊ុន សែន «៣ការពារ និង៣កុំ»។

លោកអភិបាលខេត្ត ក៏បានសន្យាថានឹងខិតខំប្រឹងប្រែងដើម្បីអ្នកទាំងអស់គ្នា សូមឱ្យអ្នកទាំងអស់គ្នាចូលរួមសហការជាមួយអាជ្ញាធរក្នុងបរិបទកូវីដ-១៩ ដើម្បីកំចាត់ជំងឺកូវីដ-១៩ ចេញពីសហគមន៍របស់យើង និងឈានទៅបិទបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ ឱ្យបានឆាប់ៗ ដើម្បីស្តារស្ថានការណ៍ នៃប្រទេសរបស់យើងវិលទៅរកសភាពដើមឡើងវិញ៕ ប្រភព Fresh News









ពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី១៩ ខែមេសា កន្លងទៅ

ស្វាយរៀង៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ លោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង រួមដំណើរដោយ លោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា និងសហការីបានចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី១៩ ខែមេសា កន្លងទៅធ្វើឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ៦ស្រុកក្នុងខេត្តស្វាយរៀង គឺស្រុកស្វាយជ្រំ ៩ ខ្នង ចន្ទ្រា ៣ខ្នង រំដួល ២ខ្នង កំពង់រោទិ៍ ១ខ្នង ស្វាយទាប ២ខ្នង សរុប ១៨ ខ្នង (ធ្ងន់ ៤ខ្នង មធ្យម ២ខ្នង ស្រាល ១២ខ្នង )។ ដោយឡែកនៅស្រុករមាសហែក ១ ខ្នងអនុសាខាបានឆ្លើយតប រួចហើយ។ 


មានប្រសាសន៍នាឱកាសនោះ លោកស្រី ដួង វណ្ណា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខ ប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ហើយសូមសំដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។ 


លោកស្រី ក៏បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួនពីជំងឺរលាកសួតប្រភេទថ្មី (COVID-19) ដោយមេត្តាកុំមានការប្រមូលផ្ដុំជួបជុំជាក្រុម និងត្រូវអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខភិបាលព្រោះចាប់តាំងពីព្រឹត្តិការណ៍ ២០ កុម្ភៈ បានផ្ទុះឡើងយើងទាំងអស់គ្នា មានការព្រួយបារម្ភជាខ្លាំង អំពីលទ្ធភាពនៃការរីរាលដាលជាបន្តបន្ទាប់នៅក្នុងសហគមន៍ នេះជាដំណាក់កាល ដែលយើងទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះជំងឺដ៏កាចសាហាវនេះ ហេតុនេះសូមបងប្អូនស៊ូទ្រាំ លំបាក និងអត់ធ្មត់អនុត្តន៍វិធានការសុខាភិបាលក្នុង រយៈពេលខ្លី ដើម្បីភាពសុខសាន្តរបស់សង្គមជាតិយើង។


អំណោយដែលបានចែកជូនសម្រាប់គ្រួសាររងគ្រោះធ្ងន់  និងមធ្យម ៦ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន៖ អង្ករ ៣០ គីឡូក្រាម មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ មុង ១ ភួយ ១ សារុង ១ ក្រម៉ា ១ ថវិកា ៥០,០០០ រៀល ដោយឡែកគ្រួសាររងគ្រោះធ្ងន់ទទួលបានបន្ថែម ធុងទឹក ១ កៅស៊ូតង់ ១ ឆ្នាំបាយ-សម្ល ២ ថវិកា ២០០,០០០ រៀល និងសម្រាប់គ្រួសាររងគ្រោះស្រាល ១២ គ្រួសារ ក្នុង ១ គ្រួសារទទួលបានថវិកា ៦០,០០០ រៀល សម្រាប់ទិញសម្ភារជួសជុលផ្ទះឡើងវិញ ៕






រដ្ឋបាលខេត្តព្រះវិហារ ជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ នៅរាជធានីភ្នំពេញ ឬតាមបណ្តាខេត្តផ្សេងៗ អាចមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី២ នៅតាមមន្ទីរបង្អែក និងមណ្ឌលសុខភាពនានា

 រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងដល់សាធារជន ប្រជាពលរដ្ឋ ព្រះសង្ឃ ដែលបានទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី១ នៅរាជធានីភ្នំពេញ ឬតាមបណ្តាខេត្តផ្សេងៗស្របពេលមានការបិទរាំងខ្ទបមិនឲ្យធ្វើដំណើរ អាចអញ្ជើញមកទទួលការចាក់វ៉ាក់សាំងកូវីដ១៩ដូសទី២ (Sinovac) នៅតាមមន្ទីរបង្អែកខេត្ត ស្រុក និងមណ្ឌលសុខភាពនានាតាមបណ្តាស្រុក ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដោយត្រូវកាន់មកជាមួយប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ អត្តសញ្ញាណបណ្ណ ឬឆាយាសម្រាប់ព្រះសង្ឃ សម្រាប់បង្ហាញដល់មន្រ្តីចាក់វ៉ាក់សាំងកូវីដ១៩ ។

សូអានសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះវិហារ នៅខាងក្រោមដូចតទៅ៖



អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យស្ថានភាពភូមិសាស្ត្រ នៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងទឹកដីក្រុងប៉ោយប៉ែត

 បន្ទាយមានជ័យ៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តនិង លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យស្ថានភាពភូមិសាស្ត្រ នៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងទឹកដីក្រុងប៉ោយប៉ែត ដោយមានការចូលរួមពីមេបញ្ជាការ-មេបញ្ជាការរងអាវុធហត្ថខេត្ត កងពលថ្មើជើងលេខ៥១ យោធាខេត្ត ស្នងការរងនគរបាលខេត្ត អាជ្ញាធរក្រុងប៉ោយប៉ែត និងកម្លាំងវរព្រំដែនឈរជើងនៅទីតាំងនោះ វរការពារព្រំដែនគោក ៨៩១ និង៩១១។

ក្នុងឱកាសនោះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត បានដាក់បទបញ្ជាបន្ថែមដល់កម្លាំងចម្រុះមាននគរបាលការពារព្រំដែន អាវុធហត្ថ យោធា ទាំងអស់ត្រូវពង្រឹងការទប់ស្កាត់ការឆ្លងដែនខុសច្បាប់ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ ឲ្យបានតឹងរ៉ឹង ធានាការពារការរីករាលដាលនៃជំងឺកូវីដ១៩។

លោកអភិបាលខេត្ត ក៏បានណែនាំដល់កងកម្លាំងទាំងអស់ត្រូវ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតក្នុងការការពារ និងទប់ស្កាត់ឲ្យខានតែបាននូវមេរោគរាតត្បាត នៃជំងឺកូវីដ-១៩នេះ ហើយចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ក៏ដូចជាក្រសួងសុខាភិបាលបានដាក់ចេញ ក្នុងនោះមាន ៖ ៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោមច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល និងមិនត្រូវប្រើម៉ាស៊ីនត្រជាក់ច្រើនពេក។

បន្ទាប់ពីការអញ្ជើញពិនិត្យមើលភូមិសាស្ត្រព្រំដែន លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ុ រាត្រី អភិបាលខេត្ត បានអញ្ជើញផ្តល់អំណោយឧបត្ថម្ភរបស់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជូនដល់កងកម្លាំងទាំង៣ប្រភេទ ដែលបានកំពុងឈរជើងក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត មានចំនួន៦ អង្គភាព ទទួលបានរួមមាន៖
១.ទិសទី១ខេត្តបន្ទាយមានជ័យ មី ១០កេស ទឹកបរិសុទ្ធអង្គរ ៣០កេស និងទឹកក្រូច ៣៣យួរ
២.ស្នងការនគរបាលខេត្ត មី៣០ កេស ទឹកបរិសុទ្ធ៧០ កេស និងទឹកក្រូច ៦០យួរ
៣.កងពលថ្មើរជើងលេខ៥១ មី៣០កេស ទឹកបរិសុទ្ធ៧០កេស ទឹកក្រូច ៦០យួរ
៤.យោធាខេត្ត មី២០កេស ទឹកបរិសុទ្ធ៥០ កេស ទឹកក្រូច៤០ យួរ
៥.កងរាជអាវុធហត្ថខេត្ត មី២០កេស ទឹកបរិសុទ្ធ៥០កេស ទឹកក្រូច ៤០យួរ
៦.អន្តោប្រវេសច្រកអន្តរជាតិប៉ោយប៉ែត មី១០កេស ទឹកបរិសុទ្ធ ៣០កេស និង ទឹកក្រូច ៣៣យួរ ៕





រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីប្រកាសពត៌័មាន ស្តីពី ករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន០៤នាក់

 នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសពត៌័មាន ស្តីពី ករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន០៤នាក់ លើបុរសជនជាតិខ្មែរ អាយុ ២៥ឆ្នាំ រស់នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ និង ស្ត្រីជនជាតិខ្មែរ អាយុ ២៦ ឆ្នាំ , អាយុ ២៧ឆ្នាំ និងកុមារី អាយុ ៨ឆ្នាំ រស់នៅភូមិ ទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ៕





លោក អម សុភា នាំយកអំណោយរបស់លោក អ៊ុក រ៉ាប៊ុន ផ្តល់ជូនដល់ក្រុមការងារតាមមណ្ឌលចត្តាឡីស័ក និងមណ្ឌលចាក់វ៉ាក់សាំងក្នុងខេត្តកំពង់ឆ្នាំង

 កំពង់ឆ្នាំង៖ សម្ភារប្រើប្រាស់ ជាគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយរបស់ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង មាន អង្ករ មីកំប៉ុង អាល់កុល ម៉ាស់ សាប៊ូ ដបអាល់កុល និងម៉ាស៊ីនវាស់កំដៅ ត្រូវបានលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង នាំយកទៅផ្តល់ជូនដល់ក្រុមការងារ នៅមណ្ឌលចត្តាឡីស័ក និងមណ្ឌលចាក់វ៉ាក់ ព្រមទាំងក្រុមការងារទទួលពលករ និងក្រុមការងារឆ្លើយតបបន្ទាប់របស់មន្ទីរសុខាភិបាលខេត្ត នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នៅមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង។

លោក អម សុភា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក អ៊ុក រ៉ាប៊ុន ដែលជានិច្ចកាលតែងតែគិតគូជានិច្ចចំពោះសុខទុក្ខរបស់ កងកម្លាំង ក្រុមគ្រូពេទ្យដែលកំពុងមមាញឹកក្នុងបេសកកម្មបម្រើជាតិ និង ប្រជាជនធ្វើយ៉ាងណាទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ចូលដល់ក្នុងមូលដ្ឋាន និង សហគមន៍របស់ខ្លួន។ លោកបានផ្តាំផ្ញើដល់ ក្រុមការងារនៅតាមស្រុកប្រតិបត្តិទាំងអស់ ត្រូវតែរក្សានូវទំនាក់ទំនង តាមដានឲ្យបានជាប់ជាប្រចាំក្នុងមូលដ្ឋាន ពីប្រជាពលរដ្ឋចូលក្នុងមូលដ្ឋានរបស់ខ្លួន បើមានត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរខេត្ត ស្រុក ក្នុងការដាក់វិធានការណ៍ឲ្យបានទាន់ពេលវេលា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ៕



ពិធីប្រគល់-ទទួល ឧបករណ៍វិភាគមេរោគកូវីដ-១៩ តាមប្រព័ន្ធកម្មវិធី Zoom ក្រោមអធិបតីភាព លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក វ៉ាង វិធាន (Wang Wentian)

 នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ពិធីប្រគល់-ទទួល ឧបករណ៍វិភាគមេរោគកូវីដ-១៩ តាមប្រព័ន្ធកម្មវិធី Zoom ក្រោមអធិបតីភាព លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក វ៉ាង វិធាន (Wang Wentian) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពី លោក លោកស្រី រដ្ឋលេខាធិការ អគ្គនាយក ទីប្រឹក្សា នៃក្រសួងសុខាភិបាល លោក ជាង វៃ (Jiang Wei) ប្រធានក្រុមការងារបណ្តោះអាសន្ន នៃការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្រីប្រធានមន្ទីរសុខាភិបាលខេត្ត លោកប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងក្រុមការងារបច្ចេកទេសនៃខេត្តយូណាន ព្រមទាំងតំណាងក្រសួងបរិស្ថានផងដែរ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា រដ្ឋបាលខេត្តព្រះសីហនុទទួលឧបករណ៍សម្ភារៈវេជ្ជសាស្ត្របំពាក់ឱ្យមន្ទីរពិសោធន៍ខេត្តព្រះសីហនុដែលជាជំនួយឥតសំណងដល់ថ្លៃថ្លារបស់ខេត្តយូណាននៃសាធារណរដ្ឋប្រជាមានិតចិនដោយមានការសម្របសម្រួលរបស់ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាតាមរយៈក្រសួងសុខាភិបាលដល់ជូនរដ្ឋបាលខេត្តព្រះសីហនុនូវជំនួយឧបករណ៍សម្រាប់វិភាគរកមេរោគកូវីដ-១៩ ដែលទទួលបានពេលនេះសមស្របទៅនឹងស្ថានភាពដែលកម្ពុជាស្ថិតក្នុងស្ថានភាពមាត់ជ្រោះនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ។

លោក គួច ចំរើន បានបន្តថាជំនួសមុខឱ្យក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ សូមសំដែងការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ពិសេសថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក និងប្រជាជនខេត្តយូនណាន ដែលបានផ្ដល់នូវជំនួយមនុស្សធម៌ ជាឧបករណ៍សម្ភារៈ និងបរិក្ខាវេជ្ជសាស្រ្តជូនដល់មន្ទីរពិសោធន៍ខេត្តព្រះសីហនុ ដែលមានសមត្ថភាពវិភាគរកមេរោគកូវីត-១៩ នឹងមេរោគដ៏កាចសាហាវផ្សេងៗទៀតដែលរដ្ឋបាលខេត្តព្រះសីហនុ កំពុងត្រូវការចាំបាច់នាពេលនេះ និងទៅអនាគត និងផ្តល់ភាពងាយស្រួលកាត់បន្ថយការដឹកជញ្ជូនសំណាក់យកទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័ររាជធានីភ្នំពេញ ។ មន្ទីរពិសោធន៍ខេត្តព្រះសីហនុត្រូវបានដំណើរការសាងសង់កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីលោក ម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុបានចុះពិនិត្យទីតាំងក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនាពេលកន្លងមក ។
លោកបានបន្ថែមទៀតថា មន្ទីរពិសោធន៍វេជ្ជសាស្ត្រនេះ មានទំហំ ១៥.៨ម៉ែត្រ x ២៩ម៉ែត្រ មានផ្ទៃក្រឡាសរុប ៤៥៨.២ម៉ែត្រក្រឡា មន្ទីរពិសោធន៍វេជ្ជសាស្ត្រនេះសាងសង់គោរពតាមស្តង់ដារក្រសួងសុខាភិបាល ដោយមានការត្រួតពិនិត្យបច្ចេកទេសពីមន្ត្រីជំនាញក្រសួងសុខាភិបាល នឹងសាងសង់រួចរាល់ជាស្ថាពរកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ដែលចំណាយថវិកាចំនួន ២៧ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជាអំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជូនដល់រដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ បម្រើឱ្យវិស័យសុខាភិបាលក្នុងខេត្តព្រះសីហនុ ៕







រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដីណែនាំស្ដីពីវិធានការរដ្ឋបាលជាបណ្ដោះអាសន្នរហូតដល់ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១

 នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដីណែនាំស្ដីពីវិធានការរដ្ឋបាលជាបណ្ដោះអាសន្នរហូតដល់ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្រ្តបាត់ដំបង ។ សូមអានខ្លឹមសារលិខិតទាំងស្រុង ៖





ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន៤៣១នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន៣១នាក់ជាសះស្បើយ

 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន៤៣១នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន៣១នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ៕
សូមអានសេចក្តីជូនព័ត៌មានទាំងស្រុងដូចខាងក្រោម៖