Thursday, October 19, 2017

អគ្គិសនីកម្ពុជាជូនដំណឹង ស្តីពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់មួយចំនូនក្នុងរាជធានីភ្នំពេញ

យោងតាមសេចក្តីជូនដំណឹងរបស់ អគ្គិសនីកម្ពុជា គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។ ការផ្អាកផ្គត់ផ្គង់អគ្គិសនីនេះ គឺធ្វើឡើងទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖



ក្រសួងការងារ ជូនដំណឹងពីការចុះបញ្ជីកម្មករនិយោជិតក្រៅប្រពន្ធ័ មកក្នុងបេឡាជាតិរបបសន្តិសុខសង្គម ដើម្បីទទួលបានការថែទាំសុខភាព

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២១០៧ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជម្រាបជូនដល់ និយោជក ម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ដែលបានស្នើឲ្យនិយោជក ម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ដែលកំពុងប្រើប្រាស់កម្មករនិយោជិត ម្នាក់ ឬច្រើននាក់ ត្រូវមានកាតព្វកិច្ចចុះបញ្ជីសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតរបស់ខ្លួន មកក្នុងមេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ ដើម្បីទទួលបានអត្ថប្រយោជន៍ផ្នែកសន្តិសុខសង្គម៕

សូមអានខ្លឹមសារលិខិតទាំងស្រុង៖


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា កម្ពុជាបាននិងកំពុងធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំប្រកបដោយគុណភាព

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ កម្ពុជាបានធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ ដោយបានធ្វើឱ្យគុណភាពគ្រូមានការរីកចម្រើនដែលជំរុញឱ្យគុណភាពនៃវិស័យអប់រំការតែមានភាពល្អប្រសើរ។ លោកបានថ្លែងដូចនេះក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក Herman Van Rompuy អតីតប្រធានគណៈកម្មការសហភាពអឺរ៉ុប និងជាឯកអគ្គរាជទូតសុឆន្ទៈ របស់អង្គការ Fermish Association for Development Cooperation and technical Assistance នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោក Herman Van Rompuy បានជម្រាបជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ក្នុងដំណើរទស្សនៈកិច្ចរបស់លោកនាពេលនេះ គឺលោកមានការចាប់អារម្មណ៍លើការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ដែលនេះគឺជាការវិវឌ្ឍជាវិជ្ជមានមួយចាប់ពីបាតដៃទទេ។ លោក បានជម្រាបជូនថា ដំណើរទស្សនៈកិច្ចមកកាន់កម្ពុជានាពេលនេះ ដើម្បីរួមចំណែកជាមួយកម្ពុជា ដើម្បីជួយលើវិស័យអប់រំកម្ពុជាឱ្យមានការរីកចម្រើនបន្ថែមទៀតទាំងផ្នែកគុណភាព ទាំងបរិមាណ ធ្វើយ៉ាងណាឱ្យកុមារកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ខាងផ្នែកគណិតសាស្ត្រ ទាំងផ្នែកជំនាញ និងផ្នែកគ្រប់គ្រងរួមទាំងការប្រាស្រ័យទាក់ទងធ្វើពាណិជ្ជកម្ម និងអាជីវកម្មផ្សេងៗជាដើម។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា វាមិនមែនជាការងាយស្រួលទេក្នុងការកសាងកម្ពុជាមកដល់ចំណុចនេះ។ ផ្លូវដែលបានធ្វើដំណើរកន្លងមកវាពិបាកណាស់ជាពិសេសនៅពេលដែលកម្ពុជាចាប់ផ្តើមពីបាតដៃទទេតែម្តង។ វិស័យសិក្សាអប់រំនៅកម្ពុជាគឺបានចាប់ផ្តើមឡើងពីការអនុវត្តនយោបាយ អ្នកចេះតិច បង្រៀនអ្នកមិនចេះ និងអ្នកចេះច្រើនបង្រៀនអ្នកចេះតិច បន្ទាប់មកក៏បានជំរុញការសាងសង់សាលារៀនឱ្យខិតកាន់តែជិតដល់លំនៅដ្ឋានរបស់សិស្សានុសិស្ស។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានគូសបញ្ជាក់ផងដែរថា ទោះជាយ៉ាងណាក្តីកម្ពុជាក៏នៅមានការប្រឈមមួយចំនួនដូចជាតម្រូវការអគារសិក្សា, ផ្ទះសម្រាប់គ្រូបង្រៀន ក៏ដូចជាកន្លែងស្នាក់នៅសម្រាប់សិស្សផងដែរ កម្ពុជាកំពុងធ្វើសកម្មភាពបន្តប្រកបដោយចីរភាពផងដែរ ហើយលោក ក៏បានស្វាគមន៍អង្គការរបស់ លោក Herman Van Rompuy ដែលបានយកចិត្តទុកដាក់ចូលរួមចំណែកលើវិស័យអប់រំនៅកម្ពុជាផងដែរ៕





ក្រសួងការបរទេសហ្វីលីពីនមានបំណងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា

ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការបច្ចេកទេសនៃក្រសួងការបរទេសប្រទេសហ្វីលីពីន (Technical Cooperation Council of The Philippines-TCCP) បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរជាតិអប្សរានាពេលអនាគត។

ក្នុងកិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ ឯកអគ្គរដ្ឋទូត ហ្វីលីពីន និងជាប្រធានTCCP លោក Jose Maria Carino បញ្ជាក់ថា TCCP គឺជាស្ថាប័នសហប្រតិបត្តិការ អន្តរជាតិរបស់ហ្វីលីពីន ដែលតែងបានបង្កើនសកម្មភាពសហប្រតិបត្តិអន្តរជាតិជាច្រើនវិស័យផ្សេងៗ ហើយដោយឡែកសម្រាប់អាជ្ញាធរជាតិអប្សរា TCCP ចាប់អារម្មណ៍លើការងារបណ្តុះបណ្តាល ជំនាញដល់ អ្នកពាក់ព័ន្ធការងារអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម ដោយលោកផ្តោតសំខាន់លើការ បណ្តុះបណ្តាលធន ធានមនុស្ស និងការលើកកម្ពស់សេដ្ឋកិច្ចសង្គមតាមរយ:វិស័យទេសចរណ៍និងកសិកម្មក្នុងតំបន់អង្គរ។

លោក Carino បន្ថែមថា ការបណ្តុះបណ្តាលផ្នែកភាសា និងជំនាញច្បាស់លាស់ដល់ក្រុមមគ្គុទ្ទេស ក៍ទេស ចរណ៍ ក៏ជាកត្តាគន្លឹះក្នុងការផ្សាយចេញនូវវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ខ្មែរ  ក៏ដូចជាការ ទាក់ទាញភ្ញៀវ ទេសចរមកកម្ពុជាកាន់តែច្រើន។ រីឯការបង្កើតគំនិតច្នៃប្រឌិតប្លែកផលិតផល ទេសចរណ៍ទាក់ទងដំណាំ និងធម្មជាតិដូចជាសួនមេអំបៅ សួនចឹញ្ចឹមឃ្មុំ សួនដំណាំហូបផ្លែផ្សេងៗ ក៏ជាចំណុចទាក់ទាញ ភ្ញៀវទេសចរឲ្យ ស្នាក់ខេត្តសៀមរាបនៅកាន់តែយូរដែរ។

លោក ហង់ ពៅ អគ្គនាយករង និងជាតំណាងលោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា អាជ្ញាធរជាតិអប្សរារីករាយនិងស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រទេសហ្វីលីពីន ដែលមានគម្រោងសហការជា មួយអាជ្ញាធរជាតិអប្សរា។ លោកបញ្ជាក់ថា ការបណ្តុះបណ្តាលធនធានមនុស្សគឺជាការងារ អាទិភាពមួយដែល អាជ្ញាធរជាតិអប្សរាកំពុងយកចិត្តទុកដាក់ ជាពិសេស គឺការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់មន្ត្រី បុគ្គលិក បច្ចេកទេស ក៏ដូចជាប្រជាពលរដ្ឋក្នុងតំបន់អង្គរ ដែលអាចជួយឱ្យគាត់ទាញយកនូវចំណូល ដោយផ្ទាល់ពី វិស័យទេសចរណ៍។

អាជ្ញាធរជាតិអប្សរារង់ចាំស្វាគមន៍អ្នកជំនាញមកពីប្រទេសហ្វីលីពីនដើម្បីបន្តបណ្តុះបណ្តាលមន្ត្រីបុគ្គលិកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរាលើជំនាញផ្សេងៗ ពាក់ព័ន្ធនឹងការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់រមណីយដ្ឋានអង្គរ៕






(សូមទស្សនាវីដេអូ)៖ សម្តីទណ្ទិត សម រង្ស៊ី ថ្ងៃទី០៤ មិថុនា ២០១១ នៅទីក្រុងឡូវែល រដ្ឋម៉ាស្សាឈូសេត សហរដ្ឋអាមេរិក

(សូមទស្សនាវីដេអូ)៖ អង្គការសហប្រជាជាតិ ប្រគល់ប្រាក់សំណង ២៨ម៉ឺនដុល្លារដល់​គ្រួសារសពទាហាន​មួកខៀវ ៤នាក់ ដែលពលីជីវិត​នៅអាហ្វ្រិកកណ្តាល

ស្ពានឆ្លងកាត់​ទន្លេសាបថ្មី​ នឹងបើក​ការដ្ឋាន​សាងសង់​នៅថ្ងៃទី២៣ ​តុលា ​ខាងមុខនេះ​

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ នឹងមានការបើកការដ្ឋានសាងសង់ស្ពានបេតុងអារមេខ្សែកាប ឆ្លងកាត់ទន្លេសាប ពីខណ្ឌឫស្សីកែវ ទៅកាន់ខណ្ឌជ្រោយចង្វារ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

យោង​តាមព័ត៌មាន​ លើ​ទំព័រហ្វេសប៊ុក​របស់មន្ទីរសាធារណការ​ បានឱ្យដឹងថា ស្ពាននេះមានប្រវែង៩២២ម៉ែត្រ និងទទឹង២០,៥ម៉ែត្រ ភ្ជាប់ពីផ្លូវសាលាដែក ក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ទៅកាន់ខណ្ឌជ្រោយចង្វារ។ ស្ពាននេះ និងមានបួនគន្លងសម្រាប់ធ្វើដំណើរ ពោលគឺទៅពីរគន្លង មកពីរគន្លង ហើយមានចិញ្ចើមសម្រាប់ថ្មើរជើង១,២៥ម៉ែត្រ សងខាងផងដែរ៕




តើមានភាព​ខុសឆ្គងអ្វី​ជាមួយបក្ស​ប្រឆាំង​នៅកម្ពុជា?​

តើ​បក្ស​សង្គ្រោះជាតិ​បាន​ដួល​រលំ​កន្លងមក និង​យ៉ាង​ឆាប់​រហ័ស​បែបនេះ​ដោយ​របៀបណា?

បក្ស​ប្រឆាំង​គឺបក្ស​សង្គ្រោះជាតិ​​បាន​ចំណាយពេល​ច្រើន​ឆ្នាំ​ដើម្បី​បង្កើត​ឡើង​ ប៉ុន្តែ​​ចំណាយ​ពេល​ត្រឹម​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​ក្នុងការ​រលាយទាំង​ស្រុង។​

មេដឹកនាំ​សំខាន់ពីររូប​របស់​បក្ស​នោះ សម រង្ស៊ី និង​កឹម សុខា ​បាន​ទប់ស្កាត់​ចេតនា​កាលពី​មុន​ក្នុង​បង្រួបបង្រួម​គ្នា​ដោយ​មាន​ការ​ប្រមាថ​ និង​សំឡក់​សម្លឹង​​ នៅមុន​ការ​ច្របាច់ចូល​គ្នា​បក្ស​ទាំង​ពីរ​បស់​គេនៅឆ្នាំ ២០១២។ រយៈ​ពេល​មួយ​ឆ្នាំ​ក្រោយ​មក បក្ស​ប្រឆាំង​ថ្មី​នោះ​បាន​ធ្វើ​ឲ្យ​បក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់អំណាច​រន្ធត់​ចិត្ត​ដោយ​ហៀបឈ្នះ​ការ​បោះឆ្នោត​ជាតិ​មួយ​ដែល​ហ៊ុំព័ទ្ធ​ដោយ​ការ​ចោទ​ប្រកាន់ពីការ​លួច​បន្លំ។ អ្នក​គាំទ្រ​រាប់សិប​ពាន់នាក់​បាន​ចុះ​ថ្នល់​អំពាវនាវ​​ឲ្យ​មានការ​ដក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ចេញ​ពី​តំណែង។ ចលនា​នោះ​បាន​ស្ងប់​ស្ងាត់​វិញ បន្ទាប់ពី​​កម្មករ​កាត់​ដេរ​ ៥ នាក់​ត្រូវបាន​បាញ់​សម្លាប់​ដោយ​ប៉ូលិស​នៅពេល​បាតុកម្ម​ខែមករា ឆ្នាំ ២០១៤ ប៉ុន្តែ​ការ​បន្ត​កើន​ឡើង​របស់​បក្ស​សង្គ្រោះជាតិ​នៅតែ​មិន​អាច​រារាំង​បាន​ ដែល​គេ​ឃើញ​ច្បាស់​នៅ​ក្នុងការ​បោះឆ្នោត​ឃុំ​សង្កាត់​កាលពីខែ​មិថុនា​កន្លង​ទៅ​នេះ។​

រយៈពេល ៣ ខែ​ក្រោយ​មក បក្ស​សង្គ្រោះជាតិ​​គ្មាន​មេដឹកនាំ​ ហើយ​ស្ថិត​ក្នុង​មាត់​ជ្រោះ​នៃ​ការ​រំលាយ​។ សម រង្ស៊ី ត្រូវ​បាន​បង្ខំ​ឲ្យ​លាលែងតំណែងប្រធាន​បក្ស​និង​រស់​នៅ​នីរទេស​ខ្លួន ហើយ​​ កឹម សុខា ​បាន​ជាប់​គុក​អស់​ពេល ៥ សប្តាហ៍​លើ​បទ​ចោទ​ក្បត់​ជាតិ​ និង​សមាជិក​សភា​ជាង​ពាក់​កណ្តាល​បាន​ភៀសខ្លួន​ពី​ប្រទេស។ នៅ​ថ្ងៃ​ព្រហស្បត្តិ៍​ លោក ហ៊ុន សែន បាន​និយាយថា តុលាការ​កំពូល​នឹង​រំលាយ​បក្ស​សង្គ្រោះជាតិ​ “ឆាប់ៗនេះ”។ មួរ សុខហួរ អនុប្រធាន​បក្ស​សង្គ្រោះជាតិ​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ថា បក្ស​នោះ​កំពុង​ត្រៀម​ខ្លួន​សម្រាប់​រឿង​អាក្រក់បំផុត។​

អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បាន​និយាយថា បក្ស​ប្រជាជន​កម្ពុជា​​គ្មាន​បំណង​​រំលាយ​បក្ស​ណា​ទេ ប៉ុន្តែ​បាន​ចោទ​ប្រកាន់​បក្ស​សង្គ្រោះជាតិ​ពីការ​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​បែប​នោះ​ ដោយ​ការ​មិន​គោរព​ច្បាប់ បក្ស​កាន់អំណាច ព្រះ​មហាក្សត្រ និង​លទ្ធិប្រជាធិបតេយ្យ​ពហុនិយម។ គាត់​និយាយនៅថ្ងៃសុក្រ​ថា “ពួក​គេ​ព្យាយាម​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ធ្វើ​ឲ្យ​អស្ថិរភាព​ដល់​រដ្ឋាភិបាល​ជាប់​ឆ្នោត”។

អ្នក​អង្កេត​ការ​ណ៍​ភាគ​ច្រើន​បាន​មើលឃើញ​ចេតនាផ្សេង​ទៀត​នៅ​ខាង​ក្រោយ​ឆាក ដែល​បាន​កើតឡើង​នៅ​ពេល ១០ ខែ​មុន​ការ​បោះឆ្នោត​ជាតិ ដែល​បក្សសង្គ្រោះជាតិ​​គឺជា​អ្ន​ក​ប្រជែង​​​ដ៏ខ្លាំង​តែ​មួយ​គត់​ជា​មួយ​បក្ស​កំពុង​កាន់អំណាច។ លោក ហ៊ុន សែន តែងតែ​ច្បាស់ថា មាន​តែ​សន្លឹក​ឆ្នោត​គួរ​ឲ្យ​ទុក​ចិត្ត​តែ​មួយ​គត់​គឺជា​សន្លឹកឆ្នោត​ដែល​គាត់​ឈ្នះ។ គាត់​បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​នៅ​ខែ​មុន​ថា “ខ្ញុំ​អាច​បន្តធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ក្នុង​ពេល ១០ ឆ្នាំ​ទៀត​។ វា​មិន​ពិបាក​សម្រាប់ខ្ញុំទេ”។ ដោយ​សារតែ​ការ​គ្រប់គ្រង​​យ៉ាង​ខ្លាំង​របស់​អតីត​មេបញ្ជាការ​ខ្មែរ​ក្រហម​រូប​នោះ​ទៅ​លើ​ស្ថាប័ន​រដ្ឋ​ និង​កងកម្លាំង​ប្រដាប់អាវុធ​នោះ អ្នក​វិភាគ​តិចតួច​ណាស់​​​និយាយថា បក្ស​សង្គ្រោះ​ជាតិ​មាន​ឱកាស​តិចតួច​ណាស់​ក្នុងការ​ឡើង​កាន់អំណាច​តាម​ការ​បោះឆ្នោត។​

វា​ជា​ទស្សនៈ​ដែល​លើកឡើង​សូម្បីតែ​ដោយ​ សម រង្ស៊ី ដែល​បាន​សរសេរ​នៅ​ថ្ងៃ​ព្រហស្បត្តិ៍​ថា លោក ហ៊ុន សែន នឹង​ជៀស​មិន​រួច​ពីការ​បង្ក្រាប​បក្ស​ប្រឆាំង​ទេ ដោយ​សារតែ​គាត់​ដឹង​ថា គាត់​នឹង​ចាញ់​ឆ្នោត​នៅ​ខែ​កក្កដា ឆ្នាំ ២០១៨។​

ប៉ុន្តែ អ្នក​សង្កេត​ការណ៍​ខ្លះ​បាន​និយាយថា ដោយការ​គោរព​តាម​​បទប្បញ្ញត្តិ​​ដែល​ប្តួរ​លឿន​ខ្លាំង​នោះ បក្ស​ប្រឆាំង​គឺ​គ្មាន​អ្វី​ក្រៅពី​ស្ថិត​នៅ​ក្នុង​កណ្តាប់ដៃ​របស់រដ្ឋាភិបាល​ទេ។

 Lee Morgenbesser សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Griffith University របស់​អូស្ត្រាលី​​ដែល​សិក្សា​លើ​របបផ្តាច់ការ​បាន​និយាយថា “ជាក់ស្តែង​ណាស់ វា​មិន​មែនជា​កំហុស​របស់គេ​ទេ។ លោក ហ៊ុន សែន បាន​ធ្វើ​អ្វីទាំង​អស់ដែល​គាត់​អាចធ្វើបាន​ដើម្បី​លុបបំបាត់​ពួកគេ​ចោល។ ប៉ុន្តែ ខ្ញុំ​គិត​ថា ពួកគេ​បាន​បង្កើត​កំហុស​ជា​ច្រើន​បន្ទាប់ពី​ឆ្នាំ ២០១៣ មក ដែល​បូក​បញ្ចូល​បញ្ហា​របស់គេ​ទ្វេ​ដង”។

 Morgenbesser និង​អ្នក​ផ្សេង​ទៀត​និយាយថា ចំណុច​សំខាន់​ក្នុង​ចំណោម​ភាព​ខុស​ឆ្គង​របស់​បក្ស​សង្គ្រោះជាតិ​គឺ​ការ​សម្រុះ​សម្រួល​នៅ​ខែ​កក្កដា ឆ្នាំ២០១៤ ដែល​បញ្ចប់​ការ​ធ្វើ​ពហិការ​រយៈ​ពេល​ជា​ច្រើន​ខែ​របស់បក្ស​ប្រឆាំង​នៅ​សភា​ជាតិ ដើម្បីជា​ការ​ដោះដូរ​​ដល់​ការ​សន្យា​ជា​ច្រើន​ពី​រដ្ឋាភិបាល​ រួម​មាន​​កំណែទម្រង់​គណៈកម្មការ​បោះឆ្នោត។ កិច្ច​ព្រមព្រៀង ដែល​ប្រឆាំង​ដោយ​ កឹម សុខា ប៉ុន្តែ​គាំទ្រ​ដោយ​ សម រង្ស៊ី ក៏​បាន​បង្កើត​ឡើង​អ្វីដែល​គេ​ហៅ​ថា “វប្បធម៌​សន្ទនា” ដែល​ Morgenbesser និយាយថា បាន​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់ការ​កាន់​អំណាច​របស់​បក្ស​ប្រជាជន​កម្ពុជា និង​ដាក់​ សម រង្ស៊ី នៅ​ក្នុង “ភាព​រើ​ខ្លួន​លែង​រួច”។​

យោងតាម​ Astrid Noren-Nilsson អ្នក​វិទ្យា​សាស្ត្រ​នយោ​បាយ​ដែល​សរសេរ​សៀវភៅ ព្រះ​រាជាណាចក្រទីពីរ​របស់កម្ពុជា៖ ជាតិ ការ​ស្រមើស្រមៃ និង​លទ្ធិ​ប្រជាធិបតេយ្យ បាន​និយាយថា ការ​យល់​ស្រប​តាម​របស់​ សម រង្ស៊ី នោះ​បាន​ធ្លាក់ចូល​ទៅ​ក្នុង​កណ្តាប់ដៃរបស់​លោក ហ៊ុន សែន។​

គាត់​សរសេរ​នៅ​ក្នុង​អ៊ីម៉ែល​ថា “អ្វីដែល​បក្ស​សង្គ្រោះជាតិ​បន្តធ្វើ​នៅឆ្នាំ ២០១៣ គឺ​ជា​ការ​កើន​ឡើង​ភាព​មិន​ភ័យ​ខ្លាច ដែល​បាន​បង្កើត​ជា​សន្ទុះ​ឡើង​ នៅពេល​អ្នក​គាំទ្រ​ដ៏ក្លាហាន​បាន​ចុះ​ថ្នល់​ធ្វើ​បាតុកម្ម។ បន្ទាប់ពី​ការ​បង្ក្រាប​ដ៏ហិង្សា​របស់រដ្ឋាភិបាល​នៅ​ខែ​មករា ឆ្នាំ ២០១៤ មក វប្បធម៌​សន្ទនា​បាន​បំបាត់​កំហឹង​របស់​ប្រជាជន​ និង​ទប់ស្កាត់​កំហឹង​នោះ​មិន​ឲ្យ​មាន​បាតុកម្មទៀត។ ការ​ខ្វះ​ការ​គំរាម​ពីការ​ធ្វើ​បាតុកម្ម​ហិង្សា​គឺជា​ភាព​ខុសគ្នាខ្លាំង​​ដែល​អនុញ្ញាត​ឲ្យ​បក្ស​ប្រជាជន​កម្ពុជា​ធ្វើ​អ្វីដែល​ពួក​គេ​មិន​អាច​ធ្វើ​នៅ​ឆ្នាំ ២០១៤”។

 សុខហួរ បាន​ទទួល​ស្គាល់​ថា ការ​សម្រេចចិត្ត​​ចូល​សភាវិញ​នោះគឺ​មិន​ល្អ​ក្នុង​ចំណោម​អ្នក​​គាំទ្រ​ខ្លះទេ​នាពេល​នោះ។ ប៉ុន្តែ វា​ជា​ជំហរ​ល្អ​។ បើមិន​អញ្ចឹងទេ នឹង​អាច​មាន​ការ​បង្ហូរ​ឈាម”។​

ទិដ្ឋភាព​នៃ​កម្មករ​កាត់ដេរ​ ៥ នាក់ដែល​ត្រូវ​បាន​សម្លាប់​ដោយ​តម្រួត​យោធាក្នុងពេល​ធ្វើ​បាតុកម្ម​នៅ​ខែមករា ឆ្នាំ ២០១៤ នោះ​បាន​ជះឥទ្ធិពល​មក​លើ​បក្ស​នោះ។ នៅពេល​រដ្ឋាភិបាល​គំរាម​ចាប់​ខ្លួន​​ កឹម សុខា កាលពីឆ្នាំមុន និង​ពេល​បក្ស​ប្រជាជន​កម្ពុជា​អនុម័ត​ច្បាប់​​នៅឆ្នាំនេះ​ដែល​អនុ​ញ្ញាត​ឲ្យ​គេ​រំលាយ​បក្ស​នយោ​បាយ​ចោលនោះ អ្នក​គាំទ្រ​បក្ស​សង្គ្រោះជាតិ​ស្ថិត​នៅ​ផ្ទះ។ ជា​ជំនួស​វិញ សមាជិក​សភា​បក្ស​ប្រឆាំង​​បាន​ធ្វើ​ពហិការ​ជា​និមិត្តរូប​ដែល​អ្ន​ក​នាំ​ពាក្យ​បក្ស​ប្រជាជន​សើច​ចំអក​ឲ្យ​ថា ជា​ការ​ខ្ជិល​ច្រអូស។​

 Noren-Nilsson បាន​និយាយថា “ថ្នាក់ដឹកនាំ​បក្ស​សង្គ្រោះជាតិ​​មាន​កម្រិត​ទ្វេ​​ពីរ​គឺ វា​ជា​បក្ស​មួយ​ដែល​គោរព​ច្បាប់ ​រហូត​ដល់​ចុង​បញ្ចប់​ដ៏ជូចត់ និង​ប្តេជ្ញា​ជៀស​វាង​ការ​បង្ហូរ​ឈាម​។ ការ​មិន​បោះ​បង់​មហាបាតុកម្ម​ ទោះ​មាន​អំពើ​ហិង្សា​ណា​កើត​ឡើង​ក៏ដោយ និង​ការ​បាត់បង់​មនុស្ស​​អាច​​មាន​ភាព​អាក្រក់​នោះ​ អាច​​អនុញ្ញាត​ឲ្យ​បក្ស​សង្គ្រោះជាតិ​​នៅ​មាន​សន្លឹក​បៀរ​លែង”។​

មាន​ក្បួន​ជាផ្សេង​ទៀត​ដែល​បក្សសង្គ្រោះជាតិ​អាច​យក​មក​ប្រើ​បាន។ អ្នក​ប្រាជ្ញ​នយោ​បាយ​​អាមេរិក​ Valerie Bunce និង Sharon Wolchik បាន​វិភាគ​ចលនាប្រជាធិបតេយ្យ​​នៅ​អ៊ុយក្រែន ស៊ែប៊ី និង​កន្លែង​ផ្សេងទៀត​ដែល​បាន​ផ្តួល​រំលំ​របប​ពាក់កណ្តាល​​ផ្តាច់ការ​ដោយ​ជោគជ័យ​នៅ​ក្នុង​ឯកសារ​ឆ្នាំ ២០១០ របស់គេមាន​ចំណង​ថា “ការ​ឈ្នះ​លើ​ជន​ផ្តាច់ការ៖ ការ​ផ្លាស់ប្តូរ​ និង​ស្ថិរភាព​សន្លឹក​ឆ្នោត​​នៅ​ក្នុង​របប​ផ្តាច់ការ​”។

អ្នក​សិក្សា​ស្រាវជ្រាវ​​យល់ឃើញថា បក្ស​ប្រឆាំង​ដែល​ជោគជ័យ​​បាន​រួម​គ្នាជា​មួយ​សង្គម​ស៊ីវិល ​និង​រដ្ឋាភិបាល​លោក​ខាងលិច​ក្នុង​ការបង្កើត​វិធី​សាស្រ្ត​ជាច្រើន​ដើម្បីធ្វើ​ឲ្យ​រដ្ឋាភិបាល​ចុះ​ខ្សោយ​នៅមុន​បោះឆ្នោត រួមមាន​ការ​លេចធ្លាយ​​ការ​ស្ទង់​មតិ​សាធារណៈ​ និង​ការ​ជំរុញ​ឲ្យ​ចុះ​ឈ្មោះ​បោះឆ្នោត។ ប៉ុន្តែ​ ពួកគេ​ទទួលស្គាល់​ថា បក្ស​នោះ​ត្រូវ​តែ​បញ្ចុះ​បញ្ចូល​ឲ្យ​អ្នក​បោះ​ឆ្នោតដើម្បី​​បោះ​ឆ្នោត​​ឲ្យ​ពួកគេ ហើយ​ការពារ​ជម្រើស​របស់គេ​នៅ​តាម​ផ្លូវ​ថ្នល់​ ពោល​គឺ ​ជាការ​ងារ​លំបាកធ្វើ​ខ្លាំង។​

សារព័ត៌មាន​គាំទ្រ​បក្ស​ប្រជាជន​ ហ្វ្រេសញ៉ូវ បាន​អះអាងថា បក្ស​សង្គ្រោះជាតិ​ធ្វើ​តាម​យុទ្ធ​សាស្ត្រ​បរទេស។ កាសែត​នោះ​បាន​បង្ហាញ​រូប​ភាព​នៃ​សិក្ខាសាលា​ដែល​ធ្វើ​ដោយ​​អង្គការ​បរទេស​ រួម​មាន​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ ដែល​បាន​បង្ខំ​បិទ​ទ្វា​នៅ​ខែ​សីហា ថា​ជា​ភស្តុតាង​នៃ​ការ​ឃុប​ឃិត​​ក្នុងការ​ផ្តល់​រំលំ​លោក ហ៊ុន សែន។ ប៉ុន្តែសម្រាប់ Morgenbesser បក្ស​សង្គ្រោះជាតិ​បរាជ័យ​ធ្វើ​តាម​គំរូ​ដែល​បង្កើត​ឡើង​ដោយ​ក្រុម​បក្ស​ប្រឆាំង​បរទេស​ដ៏ជោគជ័យ​ រួម​មាន​ការ​ធ្វើ​បដិវត្តិពណ៌​នៅ​តំបន់​បាល់កង់ ​និង​បណ្តា​រដ្ឋ​ក្នុង​អតីតសហភាព​សូវៀត។​

គាត់​បាន​និយាយថា “ប្រសិន​បើ​បក្ស​សង្គ្រោះជាតិ​ពិត​មាន​យុទ្ធ​សាស្ត្រ​សម​រម្យ​នោះ​ វា​អាច​​ចាប់​ផ្តើម​ធ្វើបដិវត្តពណ៌​មាន។ ប៉ុន្តែ​គេ​មិន​មាន​យុទ្ធ​សាស្ត្រ​ល្អ ហើយ​ក៏​មិន​បាន​សាកល្បងដែរ”។

បក្សសង្គ្រោះជាតិ​​ក៏​ត្រូវ​បាន​បំបែក​​​ក្នុង​ចំណោម​ក្រុម​មនុស្ស​នៅ​ជុំវិញ​មេដឹកនាំ​ទាំងពីរ​របស់ខ្លួន ដោយ​សមាជិក​រាជ្យ​វង្សតែមួយ​គត់​របស់បក្ស​​ ព្រះអង្គម្ចាស់ ស៊ីសុវត្តិ ធម្មិកោ គំរាម​ចាក​ចេញពី​បក្ស​ “បែក​បាក់” នោះ​ដែល​កំពុងធ្វើការ​ជា​បុគ្គល។​

លោក មាស​ នី បាន​និយាយថា ការ​បែក​បាក់​​មិន​បង្ករ​បញ្ហា​ទេ​នៅ​ទី​បំផុត។ គាត់​និយាយថា “ខ្ញុំគិត​ថា ទោះបីជា​បក្ស​សង្គ្រោះជាតិ​​ព្យាយាម​គេច​ដោយ​របៀប​ណា​ក៏​ដោយ ក៏ពួក​គេ​មិន​អាច​ដែរ។ រដ្ឋាភិបាល​អាច​បង្កើត​ច្បាប់​ថ្មី​មួយ​នៅ​គ្រប់ពេល​ដើម្បីសម្រេចគោល​ដៅ​របស់គេ”៕

ប្រភព៖ The Diplomat ចុះថ្ងៃ១៧ ខែតុលា ឆ្នាំ២០១៧

តើវោហាសាស្រ្ត​របស់លោក​ Donald Trump​ ស្តីពីកូរ៉េខាងជើង​អាចបង្កើត​សង្រ្គាមឬ?​

សិនបើប្រធានាធិបតីមិនទទួលស្គាល់កំហុសរបស់គាត់ក្នុងពេលឆាប់ៗទេ នោះប្រទេសជាតិអាចនឹងត្រូវខាតបង់យ៉ាងធំ។
នៅក្នុងកាសែត Washington Post កាលពីថ្ងៃសុក្រលោក Michael Hirsh បានសរសេរអត្ថបទមួយដោយលើកឡើងថា «អាចមានវិធីសាស្រ្តឆ្កួតៗនៅក្នុងវិធីសាស្រ្តរបស់លោកប្រធានាធិបតី Trump» ចំពោះការផ្ទុះកំហឹង និងការប្រមាថដែលគាត់បានធ្វើទៅលើមេដឹកនាំផ្តាច់ការកូរ៉េខាងជើងលោក Kim Jong-un។ គ្មាន «មនុស្សពូកែឆ្កួត» នៅទីនេះទេ ហើយបើសិនជាប្រធានាធិបតីមិនទទួលស្គាល់កំហុសរបស់គាត់ក្នុងពេលឆាប់ៗ នោះប្រទេសជាតិអាចនឹងខាតបង់យ៉ាងធំជាងការបៀតបៀនជាសាធារណៈទៅទៀត។
វាកាន់តែច្បាស់ថា ការផ្ទុះកំហឹង និងប្រមាថរបស់ប្រធានាធិបតីគឺដោយសារការក្រអឺតក្រទម។ ភស្តុតាងត្រូវបានលើកឡើងថា លោក Trump ជឿជាក់ថា គាត់ជាអាទិទេព ហើយមិនអាចធ្វើខុសបានទេ។ គាត់បានយកឈ្នះលើពួកឥស្សរជនសាធារណរដ្ឋទាំងមូល និងបានឈ្នះបេក្ខជនឈរឈ្មោះបឋមសំខាន់ៗដប់ប្រាំមួយនាក់។ ហើយគាត់បានឈ្នះការបោះឆ្នោតជាតិ ដែលមនុស្សជាច្រើនគិតថា មានតែលោកស្រី Hillary Clinton ប៉ុណ្ណោះដែលអាចឈ្នះ។
ឥឡូវនេះ លោក Trump ជឿថា គ្មានអ្វីដែលអាចធ្វើឱ្យគាត់ធ្លាក់ពីតំណែងបានទេហើយអ្វីដែលជាការរារាំងតិចតួចចំពោះសកម្មភាពរបស់គាត់ ហាក់បីដូចជាបានរសាយ។ គាត់មិនខ្វល់នឹងនរណាដែលគាត់ប្រមាថ រឿងអាស្រូវដែលគាត់គាស់កកាយឡើង ហើយគាត់ទំនងចាប់ក្រុមមួយជល់ជាមួយក្រុមដទៃទៀតតាមរយៈ «បំបែកបំបាក់ដើម្បីគ្រប់គ្រង»។ ជាអកុសលសម្រាប់ប្រទេសជាតិ ទោះជាយ៉ាងណាក៏ដោយការធ្វើបែបនេះបង្កើតបានជាលទ្ធផលមួយ «បែកបាក់ និងធ្វើឲ្យបរាជ័យដល់ខ្លួនឯង» ។
គាត់បានជេរប្រមាថជាសាធារណៈទៅលើមនុស្សល្បីៗនៅតាមកញ្ចក់ទូរទស្សន៍នៅពេលពួកគេនិយាយអ្វីអំពីគាត់ ដែលគាត់បកស្រាយថា អវិជ្ជមាន។ គាត់ចូលរួមក្នុងការប្រមាថជាមួយអភិបាលក្រុង គាត់ចូលរួមក្នុងការឈ្លោះគ្នាបែបកូនក្មេងជាមួយសមាជិកព្រឹទ្ធសភាហើយគាត់ថែមទាំងឈ្លោះជាមួយឥស្សរជនកីឡា និងអ្នកអត្ថាធិប្បាយផងដែរ។ គ្មានជម្លោះណាមួយទាំងអស់នេះជួយដល់ការដឹកនាំប្រទេស ការដោះស្រាយបញ្ហាធ្ងន់ធ្ងរ ឬកសាងកម្លាំងរបស់ប្រទេសជាតិនោះទេ។
រឿងពិតដែលអោយខ្លាចនោះគឺថា លោកប្រធានាធិបតី Trump គឺជាមនុស្សគ្មានវិន័យ មាក់ងាយគេឯង ហើយទង្វើរបស់គាត់ទាំងអស់គឺប្រែប្រួលតាមទំនោរចិត្តរបស់គាត់ និងទៅតាមតម្រូវការផ្ទាល់ខ្លួនរបស់ខ្លួនបែបជាការសរសើរឥតឈប់ឈរ។ ប្រសិនបើគាត់គ្រាន់តែជានាយកប្រតិបត្តិនៃសាជីវកម្មដ៏ធំមួយនោះ ម្ល៉េះសមឥរិយាបថរបស់គាត់គួរជាទីអាម៉ាស់មុខ និងសោកស្តាយបំផុត។ ក៏ប៉ុន្តែនៅពេលដែលគាត់មានអំណាចដើម្បីរុញប្រជាជាតិឲ្យធ្លាក់ទៅក្នុងសង្គ្រាម ឥរិយាបថរបស់គាត់ឈានទៅដល់កម្រិតមួយដែលជាកង្វល់ធ្ងន់ធ្ងរ។
ពាក្យសម្តីឆ្លើយឆ្លងរបស់លោក Trump ទៅកាន់កូរ៉េខាងជើង និងការវាយប្រហារជាលក្ខណៈបុគ្គលរបស់គាត់ប្រឆាំងនឹងមេដឹកនាំកូរ៉េខាងជើងបានបង្កឱ្យមានការលំបាកណាស់ទៅហើយស្ទើរតែមិនអាចដោះស្រាយបាន ដោយគ្មានការប្រឈមបែបយោធា។ អ្វីដែលលោក Trump បរាជ័យក្នុងការទទួលស្គាល់នោះគឺថា ដោយសារតែសេចក្តីសម្រេចចិត្តនយោបាយបរទេសដ៏អន់ដែលធ្វើឡើងដោយប្រធានាធិបតីមុនៗ ដែលធ្វើឲ្យលោក Kim Jong-un ប្រហែលជាបានធ្វើសេចក្តីសន្និដ្ឋានរួចស្រេចទៅហើយថា គាត់មិនអាចទុកចិត្តអាមេរិកបានទេដើម្បីគោរពកិច្ចព្រមព្រៀងណាមួយនោះ។ ក្នុងករណីនោះ មានតែរបៀបការទូតប៉ិនប្រសព្វតែប៉ុណ្ណោះទេ ដែលធ្វើឲ្យអាមេរិកមានឱកាសដើម្បីរំលាយចោលវិបត្តិនេះដោយគ្មានសង្រ្គាម។ ការគំរាមបែបផ្តល់យោបល់មិនសមរម្យគ្រាន់តែបង្កើនឲ្យមានឱកាសសម្រាប់ការប្រយុទ្ធនូវសង្គ្រាមមួយដែលមិនចាំបាច់ និងវិនាសកម្ម។
ប្រភពជាច្រើនដែលខ្ញុំបាននិយាយជាមួយនោះគឺថា មានទីប្រឹក្សា និងមន្រ្តីជាច្រើរូបនៅក្នុងរដ្ឋបាលដែលផ្តល់ដំបូន្មានសុទ្ធតែនិយាយល្អៗទៅលើប្រធានបទជាច្រើន។ ខ្ញុំបន់ស្រន់ឲ្យលោក Trump ឆាប់ដឹងខ្លួនឲ្យបានលឿនថា ទង្វើរបស់គាត់មិនជួយដល់របៀបវារៈរបស់គាត់ ហើយក៏មិនបានជួយគាត់ដើម្បីសម្រេចកិច្ចការដែលគាត់បានសន្យាជាមួយប្រជាជនអាមេរិកដែរ៕
សរសេរដោយ លោកវរសេនីយ៍ទោ គឺជាអតីតកងទ័ពអាមេរិកដែលចូលនិវត្តន៍នៅឆ្នាំ ២០១៥ បន្ទាប់ពីបម្រើការអស់រយៈពេល ២១ រាប់បញ្ចូលទាំងការប្រយុទ្ធបួនដងផង។

ប្រភព: The National Interest ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧

រុស្ស៊ី​លេចឡើង​ជាតួអង្គថ្មី​ក្នុងការធ្វើឱ្យ​មានតុល្យភាព​អំណាច​នៅមជ្ឈឹមបូព៌ា​

​​​​​​​​​​​​​​​​​​​​​​​​​ការ​លើក​ឡើង​បន្តិច​បន្តួច​គួរ​ឱ្យ​កត់​សម្គាល់​បាន​ភ្ជាប់​ទៅ​នឹង​លទ្ធ​ផល​នៃ​ដំណើរ​ទស្ស​ន​កិច្ច​រយៈ​​ពេល​៤ ថ្ងៃ​របស់ព្រះ​អង្គ​ម្ចាស់ Salman ដែល​ជា​​ព្រះ​មហាក្សត្រ​ Saudi ទៅ​កាន់​ទី​ក្រុង​ម៉ូ​ស្គូ​កាល​ពី​ដើម​ខែ​តុ​លា ពោល​គឺ​ការ​លក់​ប្រ​ព័ន្ធ​ការ​ពារ​ដែន​អា​កាស​កម្រិត​ខ្ពស់​របស់​ខ្លួន S-400 ទៅ​ឱ្យ​ប្រ​ទេស​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ប្រ​ទេស​រុស្ស៊ី ​បាន​បង្កឱ្យ​មាន​​​អារិ​ភាព​​រហូត​មក​ដល់​ពេល​បច្ចុ​ប្បន្ន​នេះ។ វា​ជា​រឿង​ចម្លែក​ពី​ព្រោះ​ប្រ​ទេស​អ៊ី​រ៉ង់ ជា​ធម្ម​តា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​សម្ព័ន្ធ​ភាព​របស់​រុស្ស៊ី នៅ​ក្នុង​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​លោក​ខាង​លិច ដែល​ត្រូវ​បាន​គេ​អនុញ្ញាត​ឱ្យ​ទិញ​ប្រ​ព័ន្ធ​ការ​ពារ​របស់រុស្ស៊ី S-300 ដែលមាន​លក្ខណៈ​​ចាស់ជាង និង​អន់​ជាង។
មិន​មែន​តែ​ព្រះ​រាជា​ណាចក្រ Saudi Arabia ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​គូប្រ​ជែង​សង្រ្គាម​ត្រ​ជាក់​របស់​រុស្ស៊ី គឺ​ប្រ​ទេស​តួក​គីផង​ដែរ​​ នឹង​ទិញ​ប្រ​ព័ន្ធ​ការ​ពារ S-400 ដ៏​ទំនើប «ជា​យុទ្ធ​សាស្រ្ត​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ» ខណៈ​ដែល​អតីត​មន្រ្តី​មន្ទីរ Pentagon លោក Stephen Bryen បាន​ពិព៌​ណនា​វា​នៅ​ក្នុង​បទ​វិភាគកាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលាសម្រាប់​សារ​ព័ត៌​មាន Asia Times។ ប្រ​ព័ន្ធ​ការ​ពារ​ S-400 មាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​ណាស់​ប្រ​ឆាំង​នឹង​ប្រ​ភេទ​នា​វា​ចម្បាំង និង​មី​ស៊ីល​បាញ់​​ឆ្លង​ទ្វីប​ដែល​អ៊ី​រ៉ង់​នឹង​អាច​ប្រ​តិ​បត្តិ​ក្នុង​អំឡុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ។
ការ​លក់​សព្វា​វុធ​ដោយ​ប្រុង​ប្រ​យ័ត្ន​របស់​រុស្ស៊ី​ទៅ​ឱ្យ​មហា​អំណាច​ដែលប្រ​ឆាំងនឹង​ខ្លួន​​​នៅ​ឈូង​សមុទ្រ​ពែក្ស បន្ទាប់​ពី​មាន​លំនាំមួយ​​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ប្រ​ទេស​ចិន​ក្នុង​រយៈ​ពេល​មួយ​ទស​វត្សរ៍​កន្លង​មក​នេះ។ ចិន​បាន​លក់​មីស៊ីល​ទៅ​ឱ្យប្រ​ទេស​អ៊ី​រ៉ង់ ព្រ​ម​ជា​មួយ​នឹងព្រះ​រាជា​ណាចក្រ​ Saudi Arabia ផង​ដែរ ប៉ុន្តែ​ប្រ​ទេស​នេះ​បាន​លក់​មី​ស៊ីល​ទំនើបៗ​ទៅ​ឱ្យ​រដ្ឋា​ភិបាល​ Saudi ដោ​យ​សារ​តែ​ រដ្ឋា​ភិបាល​ Saudi ទុន​ខ្សោយ​ជាង​គូប្រ​ជែង​ទាំង​ពីរ​នេះ ហើយ​ចិន​ចង់​រក្សា​តុល្យ​ភាព​អំណាច​។ រុស្ស៊ី​ត្រូវ​បាន​គេ​ហៅ​ថា «​ជា​អ្នក​ធ្វើ​ឱ្យ​គេ​បាន​ចិត្ត» នៅ​មជ្ឈឹម​បូព៌ា ជារឿយ​ៗ​ពាក្យ​ទាំង​នេះត្រូវ​បាន​គេ​ភ្ជាប់​ដូចនឹង​​ពួក Homeric។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ គោល​នយោ​បាយ​របស់​រុស្ស៊ី​បាន​សំដៅ​ទៅ​រក​នយោ​បាយ​ដែល​មាន​តុល្យ​ភាព​អំណាច។
លោក Henry Kissinger ចូល​ចិត្ត​និយាយ​ថា «​សន្តិ​ភាព​អាច​​សម្រេច​បាន​ដោយ​អនុត្ត​រ​ភាព ឬ​ដោយ​តុល្យ​ភាព​អំណាច»។ ប្រ​ទេស​មហា​អំណាច​ដែល​មិន​អាច​អនុ​វត្តន៍​អនុ​ត្ត​រ​ភាព នៅ​ក្នុង​ន័យ​ផ្សេង​ទៀត គឺ​មាន​បំណង​​រក្សា​តុល្យ​ភាព​ដែល​ក្តោប​ភាព​មហិច្ឆតា​របស់​គូប្រ​ជែង​។ ជា​ឧ​ទាហរ​ណ៍​ជាក់​ស្តែង ​នៅ​ក្នុង​ចក្រ​ភព​អង់​គ្លេស​ដែល​បាន​ចង​សម្ព័ន្ធ​ភាព​​ជា​មួយ​រុស្ស៊ី​ប្រ​ឆាំង​នឹងបារាំង​តាម​រយៈ​សង្រ្គាម​ណា​ប៉ូឡេ​អុង ហើយ​បន្ទាប់​មក​បាន​ចង​សម្ព័ន្ធ​ភាព​ជា​មួយ​អា​ល្លឺ​ម៉ង់​ក្នុង​រយៈ​ពេល​មួយ​សត​វត្សរ៍​ចុង​ក្រោយ។ ចក្រ​ភព​អង់​គ្លេស​មិន​អាច​ឈាន​ទៅ​ធ្វើ​ជា​ជន​អនុត្ត​រ​ភាព​នៅ​ទ្វីប​អ៊ឺរ៉ុបបាន​ទេ​ ដូច្នេះ​ប្រ​ទេស​នេះ​បាន​ស្វះ​ស្វែង​ដើម្បី​ទប់​ស្កាត់​ទាំង​បារាំង និង​អា​ល្លឺម៉ង់​ពី​ការ​ត្រួត​ត្រា។ រុស្ស៊ី​មិន​មាន​ឱកាស​ដើម្បី​ជំនួស​អា​មេ​រិក​ធ្វើ​ជា​ជន​អនុត្ត​រ​ភាព​ក្នុង​តំបន់​បាន​ទេ ប៉ុន្តែ​ប្រ​ទេស​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា មាន​ផល​ប៉ះ​ពាល់​ទៅ​លើ​តុល្យ​ភាព​អំណាច។
កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា រដ្ឋ​មន្រ្តី​ការ​បរ​ទេស​រុស្ស៊ី លោក Mikhail Bodanov បានធ្វើ​ការ​​សម្រប​សម្រួល​រវាង​អ៊ី​រ៉ង់ និងព្រះ​រាជា​ណាចក្រ Saudi Arabia ប៉ុន្តែ​ការ​ចរ​ចា​វា​គ្មាន​ន័យ​អ្វី​ទេ។ ​ការ​ដាក់​តម្លើង​ប្រ​ព័ន្ធ​ការ​ពារ​សព្វាវុធ​ខ្ពស់​នោះ ក៏​មិន​កើត​ឡើង​ដែរ។ អា​មេ​រិក​បាន​ផ្តល់​ឱ្យ​រដ្ឋា​ភិបាល Saudi ​នូវ​ប្រ​ព័ន្ធ​ការ​ពារ THAD របស់​ខ្លួន ប្រ​ហែល​ជា​ការ​ឆ្លើយ​តប​ដ៏​ប្រ​ញាប់​ប្រ​ញាល់​ចំពោះ​ការ​ផ្តល់​ឱ្យ​របស់​រុស្ស៊ី។ ក្នុងបទ​វិ​ភាគ​របស់​លោក Bryen S-400 គឺ​ពិត​ជា​ប្រ​ព័ន្ធ​ដ៏​ប្រ​សើរ​ ហើយ​ផ្តល់​ឱ្យ​រដ្ឋា​ភិបាល Saudi​ នូវ​ជំហរ​ដ៏​សំខាន់​ក្នុង​ជម្លោះកើត​ឡើង​ណា​មួយ​​ជា​មួយ​នឹង​អ៊ី​រ៉ង់។
បំណង​មួយ​ទៀត​របស់​រុស្ស៊ី​ គឺ​ដើម្បី​ធ្វើ​ឱ្យ​មាន​តុល្យ​ភាព​អំណាច​ ដែល​ជា​ភស្តុ​តាង​បង្ហាញ​ឱ្យ​ឃើញ​តាម​រយៈ​ដំណើរ​ទស្ស​ន​កិច្ច​របស់​រដ្ឋ​មន្រ្តី​ការ​ពារ​ជាតិ​រុស្ស៊ី លោក Sergei Shoigu ទៅ​កាន់​តំបន់ Jerusalem គឺ​ជា​លើក​ទី​១ ហើយ ចាប់​តាំង​ពីលោក Shoigu បាន​ឡើង​កាន់តំណែង​កាល​ពី​ឆ្នាំ​២០១២។ ផែន​ការ​ឈប់​បាញ់​គ្នានៅ​នឹង​កន្លែង​នា​ពេល​នេះ​ក្នុង​ប្រ​ទេស​ស៊ី​រី ដែល​អនុញ្ញាតឱ្យ​កង​កម្លាំង​អ៊ី​រ៉ង​ស្ថិត​ក្នុង​រយៈ​ចម្ងាយ៥ គី​ឡូម៉ែត្រ​ពីតំបន់​ដី​ខ្ពស់ Golan Heights ដែល​ជា​បន្ទាយ​ដ៏​ធំមើល​ពី​ភាគ​ខាង​ជើង​ប្រ​ទេស​អ៊ី​ស្រ្តាអែល ដែល​រដ្ឋា​ភិបាល​អ៊ី​ស្រ្តាអែល​បាន​គ្រប់​គ្រង​កាល​ពី​សង្រ្គាម​ឆ្នាំ​១៩៦៧៕

ប្រភព: Asia Times ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧

មេបញ្ជាការ និងកងទ័ពយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង គ្មានថ្ងៃបែរចុងកាណុងទៅរាជរដ្ឋាភិបាលទេ មានតែបែរចុងកាណុងទៅសម រង្ស៊ី និង កឹម សុខា

ស្ទឹងត្រែង៖ ប្រតិកម្មទៅនឹងការលើកឡើងរបស់លោក សម រង្ស៊ី អតីប្រធានគណបក្សសង្រ្គោះជាតិ ដែលថា កងទ័ពប្រុងបះបោរ និងបែរចុងកាណុងទៅកាន់រាជរដ្ឋាភិបាលនោះ លោក ហួត ឈាង មេបញ្ជាការ នៃ ទីបញ្ជាការដ្ឋានយោធភូមិភាគទី១ រួមនិងកងទ័ពនៅយោធភូមិភាគទី១ទាំងអស់ បានចេញមកបញ្ជាក់ជំហរ យ៉ាងដាច់ណាត់ថា កងទ័ពគ្មានថ្ងៃបែរចុងកាណុងដាក់រាជរដ្ឋាភិបាល កម្ពុជារបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នោះឡើយ។ ផ្ទុយទៅវិញមានតែបែរចុងការណុងក្រុមក្បត់ជាតិ និងចង់បង្កអសន្តិសុខសម្រាប់ជាតិ មាតុភូមិដូចជាលោក កឹម សុខា និង លោក សម រង្ស៊ី ។

នៅក្នុងញត្តិគាំទ្ររាជរដ្ឋាភិបាល និងប្រឆាំងសម្តីរបស់លោក សម រង្ស៊ី ដែលទួលបាននៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ មេបញ្ជាការ និងកងទ័ពយោធភូមិភាគទី១ បានគូសបញ្ជាក់ថា កងទ័ពទាំងអស់គ្មានថ្ងៃ បះបោរក្បត់រាជរដ្ឋាភិបាលកម្ពុជា ដែលមានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាប្រមុខដឹកនាំស្របច្បាប់ ដែលបានប្រសូត្រចេញពីឆន្ទៈរាស្រ្តពិតប្រាកដនោះឡើយ។
ក្នុងញត្តិបានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំទាំងអស់គ្នាគ្មានថ្ងៃបែរចុងកាណុងកាំភ្លើងដាក់រាជរដ្ឋាភិបាលកម្ពុជានោះដែរ។ ផ្ទុយទៅវិញយើងខ្ញុំទាំងអស់គ្នាមានតែបែរចុងកាណុងកាំភ្លើងទៅដាក់ជនក្បត់ជាតិ ជនបង្កឲ្យមាន ចលនាបះបោរបដិវត្តន៍ពណ៌ដែលនឹងនាំប្រទេសជាតិឲ្យធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្រ្គាម ដូចលោក សម រង្ស៊ី លោក កឹម សុខា និងបក្ខពួកខ្លួនមួយចំនួនទៀតជាដើម»។
នៅក្នុងញត្តិក៏បានបង្ហាញពីជំហរដ៏ម៉ឹងម៉ាត់ថា «យើងខ្ញុំទាំងអស់គ្នា សូមបញ្ជាក់ជូនទៅលោក សម រង្ស៊ី និងបក្ខពួកខ្លួនឲ្យបានជ្រាបច្បាស់ថា យើងខ្ញុំទាំងអស់ ពិតជាមានចិត្តស្មោះត្រង់ និងមានស្វាមីភក្តិ ស្មោះស្ម័គ្របំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំស្របច្បាប់ ដែលបានប្រសូត្រចេញពីឆន្ទៈរាស្រ្តពិតប្រាកដ ហើយយើងខ្ញុំទាំងអស់គ្នា សូមប្រកាសប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ»។
មេបញ្ជាការ និងកងទ័ពនៃយោធភូមិភាគទី១ ក៏បានប្រកាសបង្ហាញពីការដឹងគុណលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែងយកចិត្តទុកដាក់គិតគូរពីសុខទុក្ខលំបាក និងបានផ្តល់អ្វីៗគ្រប់បែបយ៉ាងដល់កងទ័ព ពិសេសបានដំឡើងប្រាក់បៀវត្សរ៍ជារៀងរាល់ឆ្នាំ ដែលធ្វើឱ្យជីវភាពរបស់កងទ័ពកាន់តែមានជីវភាពប្រសើរឡើងជាលំដាប់។
សូមបញ្ជាក់ថា ការសម្តែងប្រតិកម្មរបស់មេបញ្ជាការ និងកងទ័ពនៃយោធភូមិភាគទី១ បានធ្វើឡើងបន្ទាប់ពីបាន ឃើញវីដេអូរបស់លោក សម រង្ស៊ី ដែលបានថ្លែងជាមួយខ្មែរនៅក្រៅស្រុកថា កងទ័ពកំពុងមានបំណង បះបោរផ្តួលរំលំរាជរដ្ឋាភិបាល។ ក្នុងវីដេអូ ថ្លែងជាមួយប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក កាលពី ឆ្នាំ២០១១នោះ លោក សម រង្ស៊ី បានថ្លែងថា កងទ័ព កម្លាំងប្រដាប់អាវុធ មានតែបង្វែរកាណុងទៅ កាន់រាជរដ្ឋាភិបាល ព្រោះតែការរស់នៅរបស់ពួកគេកាន់តលំបាកទៅៗ។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានហៅការថ្លែងរបស់លោក សម រង្ស៊ី តាមរយៈវីដេអូនេះថា ជាការផ្សារភ្ជាប់ ទៅនឹងវីដេអូរបស់ លោក កឹម សុខា ដែលកំពុងជាប់ចោទពីបទក្បត់ជាតិ ព្រោះតែបង្ហាញគម្រោង ផ្តួលរំលំ រាជរដ្ឋាភិបាល ដោយឃុបឃិតជាមួយសហរដ្ឋអាមេរិក។
ក្នុងជំនួបជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានលើកឡើងថា «មួយទៀតអំពីការអំពាវនាវឱ្យកងទ័ព និងនគរបាល កម្លាំងប្រដាប់អាវុធ ចេញមក ដើម្បីនឹងបង្វែរកាណុងចូល។ នេះគឺនិយាយតាំងពីថ្ងៃ៤ ខែមិថុនា ឆ្នាំ២០១១ ប៉ុន្តែវាផ្សារភ្ជាប់គ្នា ជាមួយនឹង ការនិយាយនៅទីក្រុងណូវែល រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក គេបាននិយាយថា របបហ៊ុនសែន ជិតដួលរលំហើយ ការបះបោរ យើងត្រូវការរៀបចំការណែនាំ ត្រូវការការផ្គត់ផ្គង់ឧបត្ថម្ភ ខ្នងបង្អែក ដើម្បីឱ្យ ការបះបោរផ្ទុះឡើង និងកងកម្លាំងប្រដាប់អាវុធ បែរចុងកាណុង ផ្តួលរំលំរបបផ្តាច់ការហ៊ុនសែន» ៕





ក្រសួងការងារ​ ចេញសេចក្តី​ជូនដំណឹង​ស្តីពីថ្ងៃឈប់​ក្នុងព្រះរាជ​ពិធីបុណ្យអុំទូក​

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ បានចេញសេចក្តីជូនដំណឹងស្តីពីថ្ងៃឈប់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដោយជូនដំណឹងដល់ម្ចាស់ នាយក សហគ្រាស គ្រឹះស្ថាន ទាំងអស់ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារថា យោងតាមច្បាប់ស្តីពីការងារ និងប្រកាសរបស់ក្រសួងលេខ ៤៦៦ ក.ប/ប្រ.ក ចុះថ្ងៃទី០៣ ខែវិឆ្ឆិកា ឆ្នាំ២០១៦ ស្តីពីការឈប់បុណ្យដែលត្រូវមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០១៧ ដោយអនុញ្ញតឲ្យកម្មករ និយោជិតរបស់ខ្លួនទាំងអស់ឈប់សម្រាកដោយមានប្រាក់ឈ្នួល ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ ក្នុងរយៈពេលបីថ្ងៃ គឺថ្ងៃទី០២-០៣ និង០៤ ខែវិឆ្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ។

ក្រសួងការងារបានបញ្ជាក់ទៀតថា ក្នុងករណីចាំបាច់បំផុត ដែលសហគ្រាស គ្រឹះស្ថាន មិនអាចបញ្ឈប់សកម្មភាពរបស់ខ្លួនបានក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ ម្ចាស់នាយកសហគ្រាស គ្រឹះស្ថាន ត្រូវសម្របសម្រួលជាមួយកម្មករនិយោជិត ឲ្យមានការស្ម័គ្រចិត្ត ព្រមទាំងបែងចែកឲ្យមានពេលវេលា និងថ្ងៃឈប់សម្រាកបុណ្យបានសមស្រប។

ក្រសួងការងារបានបន្ថែមថា កម្មករនិយោជិតដែលធ្វើការថ្ងៃឈប់សម្រាកក្នុងព្រះរាជពិធីនេះ មានសិទ្ធិទទួលប្រាក់បំណាច់បន្ថែមដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា៕


គោលបំណងនៃកិច្ចប្រជុំថ្នាក់តំបន់ (អាស៊ី ប៉ាស៊ីហ្វិក និងការ៉ាបៀន) គឺដើម្បីកំណត់អំពីកាលានុវត្តភាព បញ្ហាប្រឈម និងដំណោះស្រាយពាក់ព័ន្ធជាមួយវិស័យពាណិជ្ជកម្ម

ចាប់តាំងពីរសៀលថ្ងៃទី១៧ ដល់ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ កិច្ចប្រជុំថ្នាក់តំបន់ (អាស៊ី ប៉ាស៊ីហ្វិក និងការ៉ាបៀន) នៅសណ្ឋាគារ និងមជ្ឈមណ្ឌលសន្និសីទសុខា ខេត្តសៀមរាប បានគ្របដណ្តប់លើប្រធានបទសំខាន់ៗជាច្រើនដូចជាប្រតិបត្តិការរបស់ Francophonie ឆ្ពោះទៅកាន់សន្និសីទនៅទីក្រុង Buenos Aires, បរិបទបច្ចុប្បន្ននៃពាណិជ្ជកម្មអន្តរជាតិ, ការអនុវត្តកញ្ចប់ NAIROBI, ការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្ម, ផលិតផលកប្បាស និងអន្តរទំនាក់ទំនងក្នុងសង្វាក់តម្លៃ។ គោលបំណងសំខាន់នៃកិច្ចប្រជុំទាំងអស់នេះគឺដើម្បីកំណត់អំពីកាលានុវត្តភាព បញ្ហាប្រឈម និងដំណោះស្រាយចំពោះបញ្ហាប្រឈមនានាពាក់ព័ន្ធជាមួយវិស័យពាណិជ្ជកម្មសំដៅលើកយកមកពិភាក្សាបន្តនៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១១ដែលគ្រោងនឹងរៀបចំនៅក្នុងខែធ្នូខាងមុខ។

នៅក្នុងកិច្ចប្រជុំស្តីពីបរិបទបច្ចុប្បន្ននៃពាណិជ្ជកម្មអន្តរជាតិ-បញ្ហាប្រឈម និងកាលានុវត្តភាព តំណាងប្រទេសចូលរួមបានធ្វើបទបង្ហាញខ្លីៗ ហើយបានផ្តល់នូវទស្សនៈខុសៗគ្នាចំពោះមូលដ្ឋានគ្រឹះនៃបញ្ហាប្រឈមចំពោះពាណិជ្ជ​កម្មអន្ដរជាតិ។ កិច្ចប្រជុំនេះក៏បានផ្តោតលើការយកចិត្តទុកដាក់ជាពិសេស និងបានតាមដានការអនុវត្តសេចក្តីសម្រេចចិត្តថ្នាក់រដ្ឋមន្រ្តីរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) នាពេលកន្លងមកផងដែរ។

ពាក់ព័ន្ធនឹងការអនុវត្តកញ្ចប់ NAIROBI កាលពីឆ្នាំ ២០១៥ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១០ នៅក្នុងប្រទេសណៃរ៉ូប៊ីបានអនុម័តការសម្រេចចិត្តរួមមួយដើម្បីផលប្រយោជន៍របស់ប្រទេស LDCs ដោយរាប់បញ្ចូលទាំងការប្រែប្រួលនៃទីផ្សារអន្ដរជាតិ និងកែលម្អសមត្ថភាពនាំចេញ និងការចូលរួមនៅក្នុងប្រព័ន្ធពាណិជ្ជកម្មសាកល។ ប្រទេសបេណាំងបានស្នើឲ្យមានយន្តការថ្នាក់តំបន់មួយដែលអាចជួយគ្នាទៅវិញទៅមករវាង LDCs មុនពេលដាក់សុំជំនួយពីបណ្តាប្រទេសអភិវឌ្ឍន៍ហើយសំណើនេះត្រូវបានគាំទ្រដោយអ្នកជំនាញមកពីអង្គការ WTO។ លើសពីនេះ ដើម្បីជំរុញការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្ម ប្រទេសកម្ពុជាបានស្នើដល់ប្រទេសអភិវឌ្ឍន៍ដែលមានបំណងជួយគាំទ្របច្ចេកទេសដល់ LDCs ធ្វើសេចក្តីជូនដំណឹងជាមុនដើម្បីប្រទេសក្រីក្រទាំងអស់អាចដាក់ពាក្យស្នើសុំបានទាន់ពេលវេលា។

ដោយឡែកនៅក្នុងកិច្ចប្រជុំស្តីពីកប្បាសនិងអន្តរទំនាក់ទំនងក្នុងសង្វាក់តម្លៃកាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ក៏បានពិភាក្សាអំពីកាលានុវត្តភាពថ្មីៗនៃអាជីវកម្មកប្បាសជាមួយនឹងការផ្លាស់ប្តូរផលិតភាពដែលទាក់ទងទៅការអភិវឌ្ឍសមត្ថភាពផ្គត់ផ្គង់ ការបង្កើតសម្ព័ន្ធភាពយុទ្ធសាស្ត្រឈ្នះ-ឈ្នះ រវាងបណ្តាប្រទេសផលិតកប្បាស និងប្រទេសអភិវឌ្ឍន៍ឧស្សាហកម្មកាត់ដេរ និងវាយនភ័ណ្ឌនានាដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរដែលអាចទទួលបានទាំងចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗផងដែរ៕








លោក សុខ ពុទ្ធិវុធ ជម្រុញឱ្យប្រជាពលរដ្ឋក្នុងឃុំព្រៃស្លឹក ស្រុកទ្រាំង​ រួបរួម​គ្នាកសាង​ និងអភិវឌ្ឍ​វិស័យពុទ្ធចក្រ​ និងអាណាចក្រ​ឲ្យរីកចំរើន​បន្ថែមទៀត​

តាកែវ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ លោក សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទ្រាំង នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីស្រោចស្រពសុគន្ធវារី តែងតាំងចងព្រះហស្ថព្រះគ្រូចៅអធិការ គ្រូសូត្រស្តាំ គ្រូសូត្រឆ្វេង និងសម្ភោធសមិទ្ធផលផ្សេងៗក្នុងវត្តព្រៃមៀន ស្ថិតក្នុងឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ បានជម្រុញឲ្យប្រជាពលរដ្ឋ លោកតាជី យាយជី ចូលរួមគ្នាកសាង និងអភិវឌ្ឍវិស័យពុទ្ធចក្រ និងអាណាចក្រឲ្យរីកចំរើនបន្ថែមទៀត។ លោកបន្តថា ផ្ទុយទៅវិញប្រសិនអាណាចក្រមិនរីកចំរើនទេ យើងក៏គ្មានឱកាសកសាងវិស័យពុទ្ធចក្រដែរ ពីព្រោះអាណាចក្រផ្សារភ្ជាប់ជាមួយពុទ្ធចក្រ។

លោក សុខ ពុទ្ធិវុធ បានបន្ថែមថា ជាក់ស្តែងនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ប្រទេសទាំងមូលត្រូវខ្ទេចខ្ទី វត្តអារាមនានាត្រូវបានបំផ្លាញ ពេលនោះយើងគ្មានឱកាសក្នុងការអភិវឌ្ឍប្រទេសនោះទេ ហើយវិស័យពុទ្ធចក្ររបស់យើងក៏លិចលង់ទៅតាមនោះដែរ។ ប៉ុន្តែក្រោយថ្ងៃរំដោះ៧មករា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំស្តារប្រទេសជាតិឡើងវិញ ដោយដៃម្ខាងការពារការត្រឡប់មកវិញនូវរបប ប៉ុល ពត ដៃម្ខាងកសាងអភិវឌ្ឍទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ រហូតមានការរីកចំរើនគួរជាទីមោទនៈដូចសព្វថ្ងៃ៕





ក្រសួងការងារប្រកាសបន្តជួយដោះស្រាយទុក្ខលំបាករបស់កម្មករ ដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅស្រុកបាទី ខេត្តតាកែវ

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ស្ដីពីឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចភូមិត្រាចកុះ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ បានបញ្ជាក់ថា ក្រសួងការងារ សូមចូលរួមរំលែកទុក្ខក្រៀមក្រំ និងការអាណិតស្រឡាញ់ជាទីបំផុត ជាមួយក្រុមគ្រួសារ និងញាតិមិត្តទាំងអស់នៃសព និងជនរងគ្រោះ និងបានជូនពរដល់អ្នករងរបួសទាំងអស់ឆាប់បានជាសះស្បើយ។

ក្រសួងបានបញ្ចាក់ថា ជនរងគ្រោះទាំងអស់ គឺបានទទួលការជួយសង្រ្គោះពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច និង​មន្រ្តីបេឡាជាតិរបបសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយយកចិត្តទុកដាក់បំផុត។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ ក៏បានបញ្ជាក់ថា ក្រសួងការងារ នឹងបន្តជួយដោះស្រាយទុក្ខលំបាករបស់កម្មករ-កម្មការិនី និងក្រុមគ្រួសារ ទៅតាមគោលរបបសន្តិសុខសង្គមរបស់ ប.ស.ស។

គួររំលឹកថា កាលពីព្រឹកព្រលឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ មានគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តដឹកម៉ាស៊ីនបោកស្រូវ ជាមួយរថយន្តដឹកកម្មករ ស្ថិតនៅលើផ្លូវជាតិលេខ៣ បន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៩-៥០ ចំណុចភូមិត្រាចកុះ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ដែលបានបណ្តាលឱ្យកម្មកររងរបួសសរុបចំនួន៣៧នាក់ ក្នុងនោះស្លាប់ចំនួន០១នាក់ និងរបួសធ្ងន់ចំនួន០២នាក់៕


កងទ័ពទូទាំងខេត្តបាត់ដំបង ប្រតិកម្មនឹងសម្តី សម រង្ស៊ី ដែលអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធបែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

បាត់ដំបង៖ ក្រោយពីវីដេអូមួយដែលទទួលបានពីមន្រ្តីរដ្ឋាភិបាល ជាភស្តុតាងថ្មីមួយទៀត ចំពោះលោក សម រង្ស៊ី ដែលប្រកាសអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ បែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ លោក អ៊ុក ឃ្នួច មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបង តំណាងឱ្យកងទ័ពទូទាំងខេត្ត បានប្រកាសតាមរយៈបណ្តាញព័ត៌មានថា សម្តីរបស់លោក សម រង្ស៊ី ខាងលើនេះ ជាអំពើក្បត់ជាតិសុទ្ធសាធ និងធ្ងន់ធ្ងរបំផុត។

ជំនួសមុខឱ្យកងទ័ពទាំងអស់លោក អ៊ុក ឃ្មួច បានប្រកាសយ៉ាងដូច្នេះថា «យើងខ្ញុំទាំងអស់គ្នាជាកងទ័ព នៅក្នុងបញ្ជាការតំបន់ប្រតិបត្តិការសឹករងទាំងអស់ សូមធ្វើការប្រកាសប្រឆាំងដាច់ខាតរាល់ សកម្មភាព ញុះញង់របស់ពួកអគតិ ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទោះជាក្នុងកាលៈទេសៈណាក៏ដោយ យើងខ្ញុំស្មោះត្រង់ដាច់ខាត ចំពោះជាតិ ចំពោះរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ពួកយើងស្រឡាញ់សម្តេចតេជោ ព្រោះសម្តេចជាអ្នកស្វែងរកសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ ខុសពី សម រង្សី និង កឹម សុខា ដែលចេះតែញុះញង់ធ្វើឲ្យខ្មែរបែកបាក់»។

លោកបានបញ្ជាក់ទៀតថា កងទ័ពទាំងអស់ នៅខេត្តបាត់ដំបង ប្តេជ្ញារក្សាសុខសន្តិភាពជូនជាតិមាតុភូមិ ប្រឆាំងរាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត និងដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន។

ការប្រកាសប្រឆាំង និងកំចាត់ជនក្បត់ជាតិខាងលើនេះ ធ្វើឡើងបន្ទាប់ពីវីដេអូមួយទទួលបានពីមន្រ្តីរដ្ឋាភិបាល ជាភស្តុតាងថ្មីមួយទៀត ដែលលោក សម រង្ស៊ី បានប្រកាសអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ បែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន។ វីដេអូនេះលោក សម រង្ស៊ី បាននិយាយកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១១ (មុនបង្កើតគណបក្សសង្រ្គោះជាតិ) នៅទីក្រុងឡូវែល រដ្ឋម៉ាស្សាឈូសែត សហរដ្ឋអាមេរិក ដោយលោក សម រង្ស៊ី បាននិយាយដូច្នេះថា «របប ហ៊ុន សែន ជិតដួលរលំហើយ ការបះបោរយើងត្រូវការរៀបចំ ការណែនាំ ត្រូវការការផ្គត់ផ្គង់ឧបត្ថម្ភ ខ្នងបង្អែក ដើម្បីឲ្យការបះបោរផ្ទុះឡើង និងកងកម្លាំងប្រដាប់អាវុធបែរចុងកាណុងផ្តួលរំលំរបបផ្តាច់ការ ហ៊ុន សែន»។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានហៅការថ្លែងរបស់លោក សម រង្ស៊ី តាមរយៈវីដេអូនេះថា ជាការផ្សារភ្ជាប់ ទៅនឹងវីដេអូរបស់លោក កឹម សុខា ដែលកំពុងជាប់ចោទពីបទក្បត់ជាតិ ព្រោះតែបង្ហាញគម្រោងផ្តួលរំលំ រាជរដ្ឋាភិបាល ដោយឃុបឃិតជាមួយសហរដ្ឋអាមេរិក។

នៅក្នុងជំនួបជាមួយកម្មករ-កម្មការិនី ជាង១ម៉ឺននាក់ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានលើកឡើងថា «មួយទៀតអំពីការអំពាវនាវឱ្យកងទ័ព និងនគរបាល កម្លាំងប្រដាប់អាវុធ ចេញមកដើម្បីនឹងបង្វែរកាណុងចូល។ នេះគឺនិយាយតាំងពីថ្ងៃ០៤ ខែមិថុនា ឆ្នាំ២០១១ ប៉ុន្តែវាផ្សារភ្ជាប់គ្នាជា មួយនឹងការនិយាយ នៅទីក្រុងណូវែល រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក គេបាននិយាយថា របប ហ៊ុន សែន ជិតដួលរលំហើយ ការបះបោរ យើងត្រូវការរៀបចំការណែនាំ ត្រូវការការផ្គត់ផ្គង់ឧបត្ថម្ភ ខ្នងបង្អែក ដើម្បីឱ្យការ បះបោរផ្ទុះឡើង និងកងកម្លាំងប្រដាប់អាវុធបែរចុងកាណុងផ្តួលរំលំរបបហ៊ុនសែន»៕





ប្រជារាស្ត្រខ្មែរជាម៉ែឪកម្ពុជា មិនមែនទូតអាមេរិក ឬអឺរ៉ុបឡើយ

ខណៈស្ថានទូត និងស្ថានបេសកកម្មបរទេសនៅកម្ពុជាភាគច្រើន លើសលប់ប្រកាន់គោលជំហរត្រឹមត្រូវ និងគោរពតាមច្បាប់ការទូតគេសង្កេតឃើញថា រយៈពេលជាងមួយខែក្រោយពីការចាប់ខ្លួន កឹម សុខា ពីបទក្បត់ជាតិ ជនបរទេសពីររូបគឺ វិល្លៀម ហេដ ទូតអាមេរិក និង ចច អេហ្គា ទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជាហាក់ដូចជា បានដើរហួសបន្ទាត់ក្រហមនៅក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងការទូតរវាងរដ្ឋ និងរដ្ឋ ដែលតម្រូវឱ្យមានការគោរពគ្នាទៅវិញទៅមក ដោយស្មើសិទ្ធិ និងស្មើភាពគ្នា គោរពឯករាជភាព អធិបតេយ្យភាព និងអព្យាក្រឹតភាពរបស់កម្ពុជា។ ទូតទាំងពីររូបនេះបានព្យាយាមបង្ហាញពីឥទ្ធិពល របស់ខ្លួនជាតំណាងប្រទេសមហាអំណាចនិងដំឡើងឫក ជាម៉ែឪរបស់កម្ពុជាព្យាយាមដាក់ សម្ពាធមកលើ រាជរដ្ឋាភិបាលកម្ពុជា ដែលតំណាងឱ្យរដ្ឋអធិបតេយ្យមួយដើម្បី ទាមទារឱ្យដោះលែង មេក្លោងក្បត់ជាតិ កឹម សុខា ជាបន្ទាន់និងគ្មានលក្ខខណ្ឌ។

តើឯកអគ្គរដ្ឋទូតទាំងពីររូបនេះ ពិតជាបានបំពេញតួនាទីស្របតាមនយោបាយរបស់រដ្ឋាភិបាលអាមេរិក និងសហភាពអឺរ៉ុប ឬយកអារម្មណ៍ផ្ទាល់ខ្លួនដែល លម្អៀងទៅរកបក្សប្រឆាំងមកលាយឡំ ក្នុងកិច្ចការស្ថាន ទូតតំណាងឱ្យរដ្ឋបាល ដូណាល់ ត្រាំ និងស្ថាប័នធំរបស់អឺរ៉ុប? បើសិនដូច្នេះ វានឹងជាការបំពាន និងជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់កម្ពុជាយ៉ាងជាក់ច្បាស់ និងរំលោភលើច្បាប់ការទូតទៀតផង។

គេចាំបានថាលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស នៅក្នុងជំនួបជាមួយឯកអគ្គរាជទូត និង ឯកអគ្គរដ្ឋទូត បរទេសនានាប្រចាំកម្ពុជា កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពោលគឺប៉ុន្មានម៉ោងក្រោយ ការចាប់ខ្លួន កឹម សុខា ប្រធានគណបក្សប្រឆាំងដោយកម្លាំង សមត្ថកិច្ចដោយចោទ ពីបទសន្ទិដ្ឋិភាព បានលើកឡើងថា៖ «ក្នុងទំនាក់ទំនងការទូតរវាងរដ្ឋ និងរដ្ឋ អ្វីដែលកម្ពុជាចង់បានបំផុត គឺការគោរពគ្នាទៅវិញ ទៅមកដោយគ្មានការជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុង»។ ប៉ុន្តែរហូតមកទល់ពេលនេះ ស្ថានទូតមួយចំនួន បានបង្ហាញពីការព្រួយបារម្ភជ្រុលហួសហេតុជុំវិញស្ថានការណ៍នេះ ក្នុងនោះមានទូតអាមេរិក វិល្លៀម ហេដ និងទូតសហភាពអឺរ៉ុប ចច អេហ្គា ខណៈកម្ពុជាបានអនុវត្តច្បាប់ដើម្បីប្រឆាំង នឹងជនក្បត់ជាតិដែលបាន ឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់តាមរយៈការអនុវត្តផែន ការបដិវត្តន៍ ពណ៌តាមប្រទេសយូហ្គោស្លាវីនិងស៊ែបប៊ី។

លោក ប្រាក់ សុខុន បានលើកឡើងទៅកាន់ប្រធានបេសកកម្មការទូតបរទេសបែបនេះថា៖ «តើយើងខ្ញុំ ចង់បានអ្វីពីប្រទេសទាំងអស់នោះ? ពីឯកឧត្តម លោកជំទាវ? គឺការគោរពគ្នាទៅវិញទៅមក ការគោរព ឯករាជភាព អធិបតេយ្យភាព និងអព្យាក្រឹត្យភាពរបស់យើងខ្ញុំ។ សូមទុកឲ្យប្រជាជនយើងខ្ញុំ សម្រេចចិត្ត ដោយសេរីថា តើអ្នកណាជាអ្នកដឹកនាំរបស់ពួកគាត់។ សូមកុំជ្រៀតជ្រែក និងសូមគោរពច្បាប់របស់យើងខ្ញុំ»។

ប៉ុន្តែអគ្គរដ្ឋទូតទាំងពីររូបនេះបានព្យាយាមក្នុងការមិនគោរពតាមការស្នើសុំនេះឡើយ។ ក្រោមមូលហេតុលទ្ធិ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ពួកគេព្យាយាមបំពាន គំរាម និងដាក់សម្ពាធជំរុញឱ្យកម្ពុជារំលោភច្បាប់ ដោយដោះលែងជនសង្ស័យដោយមិនឆ្លងកាត់ ការជំនុំជម្រះក្តីឱ្យបានជ្រះស្រឡះ។ ពួកគេដើរតួនាទី និងតាំង ខ្លួនជាម៉ែឪក្នុងការបង្រៀនលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដល់ប្រទេសដទៃ ប៉ុន្តែបែរជាបង្ខំឱ្យកម្ពុជា ដែលជារដ្ឋអធិបតេយ្យមួយរំលោភច្បាប់ ដើម្បីគ្រាន់តែជួយកូនជឹងអនុវត្តផែនការបដិវត្តន៍ពណ៌របស់ខ្លួនម្នាក់។ គេនៅចាំបានថា នៅអំឡុងពេលនៃបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ មេបក្សប្រឆាំងទាំងពីររូបគឺ សម រង្ស៊ី និងកឹម សុខា បានចូលទៅស្ថានទូតអាមេរិកជាច្រើនដង។ តើចូលទៅក្នុងបំណងអ្វី?

គេប្រាកដជាអាចស្មានដឹងថា ស្ថានទូតអាមេរិកអាចជាទីបញ្ជាការនៃបដិវត្តន៍ពណ៌ផងក៏មិនដឹង ព្រោះបើតាម សម្តីរបស់ កឹម សុខា ថ្លែងជាមួយសកម្មជន របស់ខ្លួននៅអូស្ត្រាលី អាមេរិកបានជួយលោកក្នុងការរៀបចំផែន ការផ្លាស់ប្តូររបបនិងមេដឹកនាំតាំងពីឆ្នាំ ១៩៩៣ មកម៉្លេះ ហើយអាមេរិកថែមទាំងបានជួយ កឹម សុខា យ៉ាងច្រើនរហូតមកទល់សព្វថ្ងៃនេះ។ តំណាងទូតអឺរ៉ុបមួយចំនួនក៏បាន ជួបជាមួយមន្ត្រីគណបក្សប្រឆាំង ផងដែរ។ ចំណែកអង្គការសង្គមស៊ីវិលអាមេរិក មួយចំនួនបានជួយបណ្តុះបណ្តាល និងរៀបចំផែនការក្បត់ជាតិ ជាមួយបក្សប្រឆាំងដូចជាអង្គការ NDI អង្គការ IRI និង CANVAS ជាដើម។

តើនេះជាគោលនយោបាយរបស់អាមេរិក និងអឺរ៉ុបដែលគាំទ្រនិងលើកតម្កើងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស? ទាល់តែប្រទេសកម្ពុជាធ្វើតាមអ្វីដែល ខ្លួនចង់បាន ឬគូសបន្ទាត់ឱ្យដើរ ទើបថាជាប្រទេសសេរី និងគោរពលទ្ធិប្រជាធិបតេយ្យ? នៅពេលដែលអាមេរិកទម្លាក់គ្រាប់បែកលើពលរដ្ឋខ្មែរជិត ៣លានតោន អាមេរិកមិនដែលនិយាយពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើយ ។ ពេលដែលជនរងគ្រោះខ្មែរ បានរំដោះខ្លួនចេញពីរបបខ្មែរក្រហម ខំប្រឹងត្រដររស់ បែរជាក្រុមបស្ទឹមប្រទេសបានដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងនយោបាយប្រឆាំងនឹងការរស់រានរបស់ជាតិ និងប្រជាជនកម្ពុជាដែលត្រូវបានបំផ្លិចបំផ្លាញស្ទើរទាំងស្រុង ពួកគេមិនដែលនិយាយ ពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យសូម្បីតែមួយមាត់។ ចុះហេតុអ្វីនៅពេលនេះ ពួកគេទន្ទេញជាប់មាត់នូវពាក្យថាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ?

នៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០១៧ រដ្ឋមន្ត្រីក្រសួងការបរទេស កម្ពុជា លោក ប្រាក់ សុខុន បានថ្លែងថា៖
«ប្រទេសកម្ពុជាបានក្លាយជាផ្ទាំងស៊ីបរបស់ប្រទេសមួយចំនួន ស្ថាប័នមួយចំនួននៃអង្គការសហប្រជាជាតិ ព្រមទាំងអង្គការក្រៅរដ្ឋាបាលអន្តរជាតិមួយចំនួន ដែលសកម្មក្នុងវិស័យសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ គេលើកឡើងពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ តែនៅពេលណាដែលតម្លៃនេះបម្រើឱ្យ ផលប្រយោជន៍ ជាក់ស្តែង របស់មហាអំណាចធំៗមួយចំនួនដោយយោងតាមកាលានុវត្តភាពនៃពេលវេលា។ បើគ្មានផល ប្រយោជន៍ទេ គឺគេរក្សាភាពស្ងប់ស្ងៀម។ ជាញឹកញាប់ ភាពស្ងប់ស្ងាត់គឺស្មើនឹងការឃុបឃិតគ្នា»។ លោកបញ្ជាក់បន្ថែមថា ប្រទេសកម្ពុជាធ្លាប់រងគ្រោះដោយ សារការប្រើបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិប តេយ្យជាឧបករណ៍នយោបាយ អស់ រយៈពេលជាង ១២ ឆ្នាំដែលអំឡុងពេលនោះ អត្ថិភាពនៃ ឧក្រិដ្ឋកម្មដ៏ អាក្រក់ បំផុតនៃ ការសម្លាប់រង្គាលក្នុងរបបខ្មែរក្រហម មិនត្រូវបានទទួលស្គាល់ ដោយសហគមន៍អន្តរ ជាតិឡើយ។

រាជរដ្ឋាភិបាលកម្ពុជាជាគោលដៅនៃការរិះគន់ឥតឈប់ឈរដែលត្រូវបានធ្វើ ឡើងដោយយោងតាមតែ របាយការណ៍តែមួយជ្រុង និងលម្អៀង។ របាយការណ៍ទាំង នោះតែងតែបន្ទោសរាជរដ្ឋាភិបាល និងលើកតម្កើង បក្សប្រឆាំងថា ជាអ្នកបូជាក្នុងបុព្វហេតុលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ របាយការណ៍ទាំងនោះ ជានិច្ចកាល និងជាទូទៅត្រូវបានធ្វើឡើងដើម្បីដាក់បន្ទុកលើរាជរដ្ឋាភិបាល។ រីឯឥរិយាបថខុសឆ្គង និងខុស ច្បាប់របស់ក្រុមបក្សប្រឆាំង មិនដែលត្រូវបានលើកឡើងទាល់តែសោះ ឬក៏បានលើកឡើងដោយកម្រ។ នេះគឺជាការបញ្ជា្កក់បន្ថែមរបស់រដ្ឋមន្ត្រីក្រសួងការបរ ទេសកម្ពុជា ដោយបានចោទសំណួរថា៖ «តើប្រទេសណាមួយដែលមានវត្តមាននៅក្នុងមហាសន្និបាតនេះ នឹងមិនចាត់ការអ្វីសោះចំពោះតំណាង នៃគណបក្សប្រឆាំង ដែលញុះញង់ឱ្យប្រជាជនដកបង្គោលព្រំដែន បញ្ឆេះកំហឹងដោយការញុះញង់ រើសអើង ពូជសាសន៍ ការបោះពុម្ពនូវសទ្ធិសញ្ញាក្លែងក្លាយ និងផែនទីក្លែងក្លាយ ដើម្បីឱ្យ ប្រជារាស្ត្រទូទៅយល់ ច្រឡំថា ទឹកដីកម្ពុជាមួយផ្នែកត្រូវបានទន្ទ្រានកាន់កាប់ដោយ ប្រទេសជិតខាងនោះ?»។

លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា ការរិះគន់ថ្មីៗបំផុតប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា គឺពាក់ព័ន្ធនឹងការបណ្តេញវិទ្យាស្ថានមួយមកពីគណបក្ស នយោបាយបរទេស ដែលជ្រកក្រោមស្លាកនៃ ការបណ្តុះបណ្តាលលទ្ធិប្រជាធិបតេយ្យ តែការពិតបានគាំទ្រ គណបក្សប្រឆាំងដោយពេញទំហឹង និងបានរំលោភបំពានច្បាប់ ការបិទសហគ្រាសសារព័ត៌មានបរទេសមួយដែលបដិសេធមិនគោរពច្បាប់ពន្ធដារ រួមទាំងការចាប់ខ្លួន ប្រធានគណបក្សប្រឆាំងដែលបានសារភាពដោយខ្លួននៅក្នុងខ្សែវិដេអូថា «ខ្លួនគឺជា ឧបករណ៍របស់មហាអំណាចមួយដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល»។ «តើប្រទេសណា ដែលអាចអត់ឱន ឱ្យអាកប្បកិរិយារដ្ឋាភិបាលបរទេសបែបនេះបាននោះ?» នេះគឺជា ការចោទសួររបស់រដ្ឋមន្ត្រីក្រសួងការ បរទេសកម្ពុជា ហើយលោកបានគូសបញ្ជាក់ថា «យើងបានចាត់ការដោយយោងតាមច្បាប់របស់ប្រទេសយើងយ៉ាងត្រឹមត្រូវ និងច្បាស់លាស់ ហើយមិនមែនជាការអនុវត្តតាម ទំនើងចិត្តដូចអ្វីដែលគេបានចោទប្រកាន់នោះឡើយ»។

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានបន្តថា ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា បានផ្តល់មេរៀនសំខាន់មួយ ដល់យើងគឺ «នៅពេលមហាអំណាច លោកខាងលិចមួយចំនួនបានបង្ខំឱ្យកម្ពុជាដើរតាមផ្លូវដែលពួកគេកំណត់ នោះ ប្រទេសកម្ពុជាតែជួបនឹង គ្រោះមហន្តរាយដែលនាំដល់សោកនាដកម្ម ដ៏អាក្រក់បំផុត មួយនៅសតវត្ស រ៍កន្លងមក។ សន្តិភាពនៅកម្ពុជាត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ជាអ្នកដណ្តើមយកបានជាស្ថាពរនៅក្នុងឆ្នាំ ១៩៩៨ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងការអនុវត្តនូវវិធីសាស្ត្រ របស់យើងផ្ទាល់។ នេះគឺជាការបង្ហាញ ឱ្យឃើញយ៉ាងច្បាស់ថាផ្លូវខ្លះដែលត្រូវ បានដាក់បង្ខំពី មជ្ឈដ្ឋានខាងក្រៅច្រើនតែបង្កជា បញ្ហាច្រើនជាងដំណោះស្រាយ»។

លោកបន្តថា៖ «សព្វថ្ងៃ គេចោទប្រកាន់យើងថាបាន ធ្វើឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ ដោយសារតែ យើងអនុវត្តតាមច្បាប់របស់យើងដែលមានស្រាប់ ដោយប្តឹង និងផ្តន្ទាទោសអ្នកដែលបំពានច្បាប់ទាំងនោះ។ អ្នក ដែលរិះគន់យើង ដែលគំរាមកំហែងយើង មិនគិតគូរពីបទឧក្រិដ្ឋនានា ដែលត្រូវបានប្រព្រឹត្តដោយអ្នក ដែលពួកគេកំពុងការពារនោះឡើយ»។

ទោះក្នុងតម្លៃណាក៏ដោយ កម្ពុជានឹងការពារឱ្យបាននូវសន្តិភាព និងការអភិវឌ្ឍដែលខ្លួនមាន មិនឱ្យ ក្រុមជន ក្បត់ជាតិបំផ្លាញបានឡើយ។ កម្ពុជារងគ្រោះ គ្មានបរទេសណារងគ្រោះជាមួយឡើយ! អតីតកាលនៃប្រទេស កម្ពុជាបានបង្ហាញនូវសោកនាដកម្មយ៉ាងជូរចត់ដោយសារតែការលូក ដៃរបស់បរទេសក្នុងកិច្ចការផ្ទៃក្នុងខ្មែរ ក្នុងនោះ សម័យសាធារណរដ្ឋខ្មែររបស់សេនាប្រមុខ លន់ នល់ ជាឧទាហរណ៍ស្រាប់ដែលធ្វើឱ្យ ខ្មែររងការ បំផ្លាញខ្ទេចខ្ទីដោយសារតែគ្រាប់បែកចង្កោម និងគ្រាប់បែកគីមីរបស់អាមេរិក។ ពេលនេះ ការលុបបំបាត់បក្ស ប្រឆាំងឧទ្ទាមក្នុងប្រជាធិបតេយ្យនៅកម្ពុជាគឺជាភាពចាំបាច់ដើម្បីការពាររដ្ឋធម្មនុញ្ញ សន្តិភាពនិងការ អភិវឌ្ឍរបស់កម្ពុជា។ កម្ពុជារឹងមាំជានិច្ចនៅចំពោះមុខ នៃការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន ពីសំណាក់ បរទេសមួយចំនួន និងប្រឆាំងដាច់ខាតការទាញកម្ពុជាទៅធ្វើអាយ៉ងបរទេសដូចដែលបក្សសង្គ្រោះជាតិអនុវត្ត។

កម្ពុជាប្រឆាំងដាច់ខាតការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់តាមរូបភាពបដិវត្តន៍ពណ៌។ អរគុណបរទេសទាំង ឡាយ ដែលបារម្ភពីខ្មែរ ប៉ុន្តែក្រោយរំលាយបក្ស សង្គ្រោះជាតិ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាព នៅកម្ពុជានឹងបោះជំហានទៅមុខលឿនជាងនេះ ព្រោះបក្សក្បត់ជាតិត្រូវបានដួលរលំ គ្មានអ្នកបំផ្លាញជាតិ ដើម្បីបរទេសទៀតឡើយ។ អ្វីដែលខ្មែរជ្រើសរើសគឺសន្តិភាព និងប្តេជ្ញាចិត្តបន្តលើផ្លូវប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមិនបំផ្លាញសន្តិភាពដើម្បីជាតិមានជីវិត និងដើរទៅ មុខជានិច្ច។ ប្រជាធិបតេយ្យគ្មាននីតិរដ្ឋ គឺអនាធិបតេយ្យ។ នីតិរដ្ឋក៏ជាមធ្យោបាយតែមួយគត់ ដើម្បីបញ្ចប់បដិវត្តន៍ពណ៌ មុនពេលកម្ពុជាត្រូវបាន បំផ្លាញដោយដៃបក្សសង្គ្រោះជាតិ ធ្លាក់ចូលទៅក្នុងវិនាសកម្ម ដូចនៅស៊ីរី ឬលីប៊ី។ ដូច្នេះវិល្លៀម ហេដ និងចច អេហ្គា គួរយល់ថាខ្មែរ បានយល់យ៉ាងច្បាស់នួវគោលជំហរលម្អៀងរបស់ពួកអ្នកទៅរកគណបក្ស និងសង្គម ស៊ីវិលដែលមាននិន្នាការប្រឆាំង នឹងរាជរដ្ឋាភិបាលក្នុងអ្វីដែលមនុស្សភាគច្រើនដាក់ ការសង្ស័យថាលោក ទាំងពីរមានទំនាក់ទំនងលម្អៀងមួយក្នុងវិជ្ជាជីវៈជាអ្នកការទូត៕


ទេសភាព​ស្រះស្រង់​អង្គរ​នារដូវវស្សា​

ស្រះស្រង់មានបណ្តោយ៧៨០ម៉ែត្រ និងទទឹង៣៨០ម៉ែត្រ ត្រូវបានព្រះមហាក្សត្រខ្មែរនាសម័យអង្គរ ស្ថាបនាឡើង នាចុងសតវត្សទី១២ ដើមសតវត្សទី១៣។ ស្រះស្រង់នេះមានទឹកជាប្រចាំទាំងរដូវប្រាំង និងរដូវវស្សា ដោយទទួលទឹកពីទឹកភ្លៀង និងទឹកក្រោមដី ដែលជ្រាបចូលពីបារាយណ៍ខាងកើត។

ចាប់ពីបារាយណ៍ខាងកើតរីងទឹក ធ្វើឱ្យទឹកក្នុងស្រះស្រង់បានប្រែប្រួលផងដែរ ព្រោះរំពឹងតែលើទឹកភ្លៀងប៉ុណ្ណោះ។ ក្នុងគោលបំណងរក្សាលំនឹងទឹកក្នុងស្រះស្រង់ឱ្យបានពេញ និងមានទេសភាពស្រស់ស្អាត ជាទីគយគន់នៃភ្លៀវទេសចរជាតិ និងអន្តរជាតិនោះ មន្រ្តីជំនាញនៃអាជ្ញាធរជាតិអប្សរា បានរៀបចំប្រឡាយបង្ហូរទឹកពីទំនប់តានៀវ ចូលមកស្រះស្រង់ ដែលមានប្រវែង ៧គីឡូម៉ែត្រ។

រដូវវស្សានាឆ្នាំនេះ ស្រះស្រង់កំពុងមានទេសភាពស្រស់ស្អាត ដោយសារមានទឹកថ្លាឈ្វេងពេញមាត់ស្រះ ដែលធ្វើឱ្យភ្ញៀវទេសចរគយគន់ហើយ លាន់មាត់សរសើរមិនដាច់។ ជារៀងរាល់ព្រឹក ភ្ញៀវទេសចរបរទេសជាច្រើន តែងមកទស្សនាថ្ងៃរះឆ្លុះចាំងនឹងស្រះស្រង់មានពណ៌មាសយ៉ាងស្រះស្អាត។

យោងតាមឯកសារប្រវត្តិសាស្ត្រ ស្រះស្រង់ពុំមានតួនាទីជាអាងស្តុកទឹកសម្រាប់ការងារកសិកម្មទេ តែជាស្រះកម្សាន្តរបស់ព្រះរាជាសម័យបុរាណ និងមានកូនប្រាសាទតូចមួយនៅចំកណ្តាល ដែលគេអាចឃើញកូនប្រាសាទនេះតែក្នុងរដូវប្រាំងដែលមានទឹករាក់ខ្លាំងប៉ុណ្ណោះ៕






អង្គកឋិនទានព្រះរាជទ្រព្យ របស់ព្រះមហាក្សត្រ ដង្ហែចូលវត្តកុលម្ពវន្ត័ (ហៅវត្តតាកុល)

កំពង់ឆ្នាំង៖ អង្គកឋិនទានព្រះរាជទ្រព្យ របស់ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានដង្ហែចូលវត្តកុលម្ពវន្ត័ (ហៅវត្តតាកុល)  ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព តំណាងដ៏ខ្ពង់ខ្ពស់ ម្ចាស់ (ស៊ីសុវត្តិពង្សនារី មុនីពង្ស) និង លោក គង់ សំអុល អមដំណើដោយលោក គុយ សុផល និងមានការចូលរួមពីលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ព្រះសង្ឃអស់លោក លោកស្រី ប្រធានអនុប្រធានមន្ទីរ កងកំលាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនចូលរួមផងដែរ៕








កម្ពុជា-អូស្ត្រាលីចុះអនុស្សរណៈស្ដីពីការពិគ្រោះយោបល់ថ្នាក់ឧត្តមមន្រ្តីរវាងក្រសួងការបរទេសទាំងពីរ

កម្ពុជា-អូស្ត្រាលី ចុះអនុស្សរណៈស្ដីពីការពិគ្រោះយោបល់ថ្នាក់ឧត្តមមន្រ្តីរវាងក្រសួងការបរទេសទាំងពីរ នឹងជួយ សម្រួលដល់ការពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ នៅក្នុងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌ និងការផ្លាស់ប្តូរទស្សនៈលើបញ្ហានានា ដែលជាការព្រួយបារម្ភ និងការយកចិត្តទុកដាក់រួម ដែលអនុស្សរណៈនេះ ត្រូវបានចុះហត្ថលេខា ដោយលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកស្រី អេនជេឡា ខូខូរ៉េន ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំកម្ពុជានៅទីស្តីការក្រសួង នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧។

លោកទេសរដ្ឋមន្ត្រី ប្រាក់សុខុន មានប្រសាសន៍ថា ការចុះហត្ថលេខាលើអនុស្សរណៈនេះ នឹងកំណត់នូវជំហានថ្មីមួយទៀត ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការទេ្វភាគី ដែលមានស្រាប់រវាងប្រទេសទាំងពីរ កម្ពុជា អូស្រ្ដាលី ដោយឈរលើគោលការណ៍សមភាព មានផលប្រយោជន៍ និងការគោរពគ្នាទៅវិញទៅមក។ ការបង្កើតឲ្យមានកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្រ្តី រវាងក្រសួងការបរទេសទាំងពីរ នឹងជួយសម្រួលដល់ការពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរនៅក្នុងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌។ ដោយឡែកការពិគ្រោះយោបល់នយោបាយរវាងកម្ពុជា នឹងធ្វើឡើងរៀងរាល់១ឆ្នាំម្តងបើក្នុងករណីចាំបាច់ និងមានជំនួបពិគ្រោះយោបល់គ្នាញឹកញាប់។

គួរបញ្ជាក់ថា ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី មានកិច្ចសហការជាមួយគ្នា លើវិស័យជាច្រើនដូចជា វិស័យទូរគមននាគមន៍, ច្បាប់ ,អប់រំ ,សេដ្ឋកិច្ចទេសចរណ៍ ,កសិកម្ម, សុខាភិបាល និងការបណ្តុះបណ្តាលធនធានមនុស្សជាដើម ពិសេសកម្ពុជា និងអូស្ត្រាលី មានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ យ៉ាងរឹងមាំជាមួយគ្នា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត នៅឆ្នាំ១៩៥២ មក។ ជាមួយគ្នានេះដែរ ក្នុងស្មារតីមិត្តភាព និងការគោរពគ្នាទៅវិញទៅមក ប្រទេសយើងទាំងពីរ បានសម្រេចកិច្ចការសំខាន់ៗជាច្រើនរួមគ្នា តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យប្រកបដោយផ្លែផ្កា តាមរយៈកិច្ចសហប្រតិបត្តិការតំបន់ និងពហុភាគី ហើយជាមួយនឹងយន្តការថ្មីនេះ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងអូស្រ្តាលី នឹងរីកចម្រើនកាន់តែខ្លាំងទៅមុខទៀត ដើម្បីជាប្រយោជន៍ដ៏ប្រសើរបំផុត របស់ប្រជាជន និងប្រទេសយើងទាំងពីរ៕

អត្ថបទ៖ សាវឿន