Saturday, January 07, 2017

បទយក​ការណ៍ ស្តីពី​ឱកាស​ទទួល​បាន​កម្ម​សិក្សា​ការងារ និង​ការងារ​សមរម្យ​នៅក្នុង​វេទិកា​ការងាររបស់ មជ្ឈ​មណ្ឌល​ការងារ​រាជធានីភ្នំពេញ (វគ្គទី២១៦)

សារមន្ទីរព្រះនរោត្តមសីហនុ​-អង្គរជួសជុលបាន​៦០%ហើយ

គិតត្រឹមដើមខែមករា ឆ្នាំ២០១៧នេះ ការដ្ឋានជួសជុលសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ទទួលបានលទ្ធផលប្រមាណ៦០%ហើយ។ នេះបើតាមការលើកឡើងរបស់ជំនាញ ដែលគ្រប់គ្រងលើការងារនៅទីនោះ។
ការដ្ឋានជួសជុលសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ កំពុងដំណើរការដោយរលូន។ ការជួសជុល គឺធ្វើឡើងដោយយកចិត្តទុកដាក់ និងមានការគ្រប់គ្រងយ៉ាងច្បាស់លាស់ពីអ្នកជំនាញតាមផ្នែកផ្សេងៗ។
លោក យិត ចាន់ដារដ្ឋ ប្រធាននាយកដ្ឋានស្តីទី នៃនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌរបស់អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ការដ្ឋានជួសជុលសារមន្ទីរបានចាប់ផ្តើមដំណើរការនៅដើមខែវិច្ឆិកា ឆ្នាំ២០១៦ ហើយរហូតមកដល់ពេលនេះ គឺបានប្រើពេលជាង២ខែហើយ។
លោក ចាន់ដារដ្ឋ បានបន្តថា ការជួសជុលជាសំខាន់គឺផ្តោតលើដំបូលនៃអាគារទាំងមូល។ ការទ្រុឌទ្រោមនៃដំបូលអាគារ ធ្វើឲ្យសារមន្ទីររងការខូចខាតជាច្រើនកន្លែង ដូចជាការហូរច្រោះទឹកចូលក្នុងអាគារទាំងមូលជាដើម។ ចំពោះការងារនេះ លោក ចាន់ដារដ្ឋ បញ្ជាក់ថា គេបានគាស់ដំបូលចាស់ចេញ ហើយជំនួសដោយប្រើបច្ចេកទេសថ្មីដើម្បីធានាពីគុណភាពនៃអាគារទាំងមូល។
លោក ហូរី សម្បត្តិ វិស្វករគ្រប់គ្រងការងារជួសជុលនៅការដ្ឋានសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នៃក្រុមហ៊ុនសាតូ ដែលទទួលខុសត្រូវលើការងារជួសជុលនេះ បានឲ្យដឹងដែរថា ដំបូលអាគារចាស់គេបានប្រើផ្លាស្ទិកក្រាល ដូច្នេះទើបវាមិនសូវមានគុណភាពយូរ។ បច្ចេកទេសចាស់នេះ យូរឆ្នាំវាធ្វើឲ្យមានការពុកផុយ នឹងធ្វើឲ្យទឹកចូលជ្រាបចូលទៅតាមពិតាន ទើបធ្វើឲ្យមានស្នាមប្រេះនៅក្នុងអាគារ។ លោកបន្ថែមថា បច្ចេកទេសថ្មីដែលក្រុមហ៊ុនរបស់លោកយកមកធ្វើដំណោះស្រាយ គឺប្រក់សន្លឹកស័ង្កសីពីក្រោម មុននឹងប្រក់ក្បឿងពីលើ។ លោកថា បច្ចេកទេសនេះធានាបានយូរអង្វែង មិនងាយខូចឡើយ។
ក្រៅពីការងារជួសជុលដំបូលដែលជាការងារសំខាន់ ក្នុងនោះទៀតសោត ការកែលម្អយ៉នៃអាគារ ក៏ជាការងារសំខាន់ផងដែរ។ ក្រុមការងារបានជួសជុលរៀបចំប្រព័ន្ធហូរច្រោះថ្មី ធ្វើយ៉ាងណាឲ្យការហូរច្រោះទឹកភ្លៀងមានជម្រាលហូរកាត់។ ក្រៅពីនេះ មានការកែលម្អស្នាមប្រេះ នឹងលាបថ្នាំទាំងក្នុងនិងក្រៅនៃអាគារ រួមនឹងដូរបង្អួចមួយចំនួនធំផងដែរ។
រហូតមកដល់ពេលនេះ ការដ្ឋានជួសជុលសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ សម្រេចបាន៦០%ហើយ។ ការដ្ឋាននេះប្រើប្រាស់បុគ្គលិកសរុបទាំងអស់ចំនួន៦៥នាក់។ តាមគម្រោង ការជួសជុលគ្រោងនឹងបញ្ចប់នៅចុងខែមីនាខាងមុខនេះ។
គួររម្លឹកថា ការងារជាក់ស្តែងដែលក្រុមហ៊ុនសាតូ ទទួលពីក្រុមហ៊ុន AEON (អ៊ីអុង) មាន១០ចំណុច រួមមាន ជួសជុលដំបូល  លាបថ្នាំពណ៌ ផ្លាស់ប្តូរបង្អួចអាលុយមីញ៉ូមខាងក្រៅដែលរងការខូចខាត ទៅជាបង្អួចស្លាបព្រិល  ផ្លាស់ប្តូរបង្អួចឈើដែលពុកផុយ  តសំយ៉ាបនៅលំហកណ្តាលនៃអាគារ កែសម្រួលប្រព័ន្ធហូរទឹកនៅខាងក្រៅអាងទឹក  កែសម្រួលទ្វារធំដែលកកិតគ្នា ជួសជុលស្នាមប្រេះនៃជញ្ជាំង និងពិតាន ជួសជុលជណ្តើរឡើងទៅលើដំបូល ធ្វើជម្រាលជនពិការនៅច្រកចូល។
តាមការបញ្ជាក់ពីលោក ចាន់ដារដ្ឋ ក្រៅពីចំណុចខាងលើនេះ ការងារផ្សេងៗទៀតជាបន្ទុករបស់អាជ្ញាធរជាតិអប្សរា។ ការងារទាំងនោះរួមមាន រៀបចំការតាំងពិព័រណ៌ឡើងវិញ រៀបចំផ្សព្វផ្សាយធ្វើឲ្យមានភ្ញៀវទេសចរ អគ្គីសនី ម៉ាស៊ីនត្រជាក់ រួមនឹងការដឹកជញ្ជូនរូបបដិមាក្នុងសារមន្ទីរទៅរក្សានៅកន្លែងមានសុវត្ថិភាព។ល។
សូមបញ្ជាក់ដែរថា គម្រោងជួសជុលសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ គឺជាកិច្ចសហប្រតិបត្តិកររវាងភាគី៤ស្ថាប័ន ដោយរួមមាន អាជ្ញាធរជាតិអប្សរា មូលនិធិក្លឹបអ៊ីអុង១% (AEON 1% Club Foundation) ក្រុមហ៊ុនឧស្សាហកម្មសាតូ (កម្ពុជា) និងមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាល័យសូហ្វ៊ីយ៉ា។ ក្រុមហ៊ុន អ៊ីអុង ជាអ្នករ៉ាប់រងចំណាយក្នុងការងារជួសជុលទាំងនេះ ក្រោយពីស្ថាប័ននេះជាអ្នកផ្តល់មូលនិធិកសាងសារមន្ទីរនេះនៅឆ្នាំ២០០៧។ ចំណែកអាជ្ញាធរជាតិអប្សរា ជាអ្នកផ្តល់បច្ចេកទេស នឹងថែរក្សារូបបដិមានៅក្នុងសារមន្ទីរទាំងមូល៕





លោក ហ៊ុន សែន ប្រកាសប្រឆាំង​​នឹងសកម្មភាពខាងក្រៅ ដែលព្យាយាម​កៀបសង្កត់​លើរដ្ឋាភិបាល​កម្ពុជា ក្រោមលេស​ប្រជាធិបតេយ្យ

(ភ្នំពេញ)៖ នៅក្នុងថ្ងៃរំលឹកខួបលើកទី៣៨ ទិវាជ័យជំនះ ៧មករា ១៩៧៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលគេដឹងថា បានតស៊ូឆ្លងកាត់នូវឧបសគ្គរាប់រយជំពូក ដើម្បីពុះពាររំដោះជាតិមាតុភូមិ ជាមួយអតីតយុទ្ធជន ក្លាហានជាច្រើនរូបទៀតនោះ បានធ្វើការប្រកាសថា ជាចំហរថា កម្ពុជានឹងប្រឆាំងដាច់ខាត ចំពោះសកម្មភាពពីខាងក្រៅណាមួយ ដែលព្យាយាមកៀបសង្កត់មកលើរាជរដ្ឋាភិបាលកម្ពុជាអោយធ្វើតាមខ្លួន ក្រោមហេតុផលប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ លោកបានចាត់ទុកទង្វើបែបនេះ គឺជាការបំពានលើគោលការណ៍ជាសកល និងអធិបតេយ្យរបស់ប្រទេសនីមួយៗ។
នៅក្នុងពិធីរម្លឹកខួបលើកទី៣៨ នៃថ្ងៃជ័យជម្នះ៧មករា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ ដែលធ្វើឡើង នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា «កម្ពុជាមិនអាចទទួលយកការកៀបសង្កត់ ឬការជ្រែតជ្រែកណាមួយបានឡើយ ជាពិសេសការប៉ុនប៉ងពីខាងក្រៅដើម្បីធ្វើអោយមានការផ្លាស់ប្តូរតាមរយៈបដិវត្តន៍ពណ៌ ផ្ទុយពីគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ការប៉ុនប៉ងបែបនេះ បាននិងកំពុងបង្កជម្លោះផ្ទៃក្នុង អស្ថិរភាព អសន្តិសុខ សង្រ្គាម ទុក្ខវេទនា ការរត់ភៀសខ្លួន និងការបាត់បង់ជីវិតប្រជាជនស្លូតត្រង់រាប់សែនលាននាក់ យ៉ាងអយុត្តិធម៌បំផុត នៅក្នុងប្រទេសមួយចំនួនរកទីបញ្ចប់មិនឃើញ»។
សូមជំរាបថា រាជរដ្ឋាភិបាលកម្ពុជា និងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ បានចុះហត្ថលេខាជាថ្មី កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ដោយព្រមព្រៀងឱ្យមានវត្តមានការិយាល័យអង្គការសហប្រជាជាតិនៅក្នុងប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងថ្មីនេះ ក៏បានដាក់បញ្ចូលនូវចំណុចថ្មីមួយ ដែលចែងថា អង្គការសហប្រជាជាតិ មិនលូកដៃជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាផងដែរ។ ការចុះកិច្ចព្រមព្រៀងដោយកំណត់ចំណុចថ្មីនេះ បានធ្វើឡើងបន្ទាប់ពីមានការ ព្រមានដកការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសកម្ពុជា។

រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា លោក ប្រាក់ សុខុន បានធ្វើលិខិតមួយច្បាប់ផ្ញើជូនលោក Zeid Ra’ad Al Hussein ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដោយបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងប្រើប្រាស់សិទ្ធិអធិបតេយ្យរបស់ខ្លួន សម្រេចលើ អនាគតនៃវត្តមានការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បើសិនជាភាគីទាំងពីរមិនមានកិច្ចព្រមព្រៀងបន្តទេនោះ៕





លោក ហ៊ុន សែន ៖ រដ្ឋប្រ​ហាររ​បស់ លន់ ណុល ដែល​គាំទ្រដោយ​អាមេរិក​ ជា​មហន្តរាយ និងសោ​កនាដកម្មដ៏​ធំធេង​ដែលបាន​ធ្លាក់សង្កត់ម​កលើប្រ​ជាជ​ន​កម្ពុជា

(ភ្នំពេញ)៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧នេះ បានរម្លឹកឡើងវិញអំពីការ ឈឺ ចាប់ដ៏ធំធេងរបស់កម្ពុជា កាលពីអំឡុង៣០ឆ្នាំមុន។ លោកចាត់ទុកថា មហន្តរាយ និងសោកនាដកម្មដ៏ធំធេង ដែលបានធ្លាក់សង្កត់មកលើប្រជាជនកម្ពុជានេះ គឺផ្តើមឡើងដោយរដ្ឋប្រហាររបស់ លន់ ណុល ដែលគាំទ្រ ដោយសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០។
លោក ហ៊ុន សែន បានប្រកាសយ៉ាងដូច្នេះថា៖ «មហន្តរាយ និងសោកនាដកម្ម ដ៏ធំធេងដែលបានធ្លាក់ សង្កត់ មកលើប្រជាជនកម្ពុជានេះគឺផ្តើមឡើងដោយ រដ្ឋប្រហារថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ តាមរយៈខ្សែញាក់របស់បរទេស ដែលបង្កជាភ្លើងសង្រ្គាមឆាបឆេះយ៉ាងសន្ធោរសន្ធៅ ដុតបំផ្លាញទឹកដីមាតុភូមិយើង និងបានសម្លាប់អាយុ ជីវិត ប្រជាជនកម្ពុជាជាងកន្លះលាននាក់»។
ការរម្លឹកឡើងវិញអំពីសោកនាដកម្មរបស់កម្ពុជានេះ បានធ្វើឡើងនៅក្នុងពិធីរម្លឹកខួបលើកទី៣៨ឆ្នាំ នៃថ្ងៃជ័យ ជម្នះ៧មករា តែម្តង។ លោកនាយករដ្ឋមន្ត្រី បានអះអាងថា មានរដ្ឋប្រហារនោះ ទើបធ្វើឱ្យមានខ្មែរក្រហម កើត ឡើង ហើយបង្កើតសង្រ្គាមនៅកម្ពុជារាប់សិបឆ្នាំ។
លោក ហ៊ុន សែន បានបន្ថែមយ៉ាងដូច្នេះថា «ក្រោយថ្ងៃរំដោះ ១៧ មេសា ឆ្នាំ១៩៧៥ (ថ្ងៃដែលប៉ុលពត ដណ្តើមបានក្រុងភ្នំពេញ) ប្រជាជនកម្ពុជាសង្ឃឹមថា នឹងបានរស់នៅក្នុងសន្តិភាព ប៉ុន្តែផ្ទុយទៅវិញ បនក្បត់ ប៉ុល ពត បានប្លន់យកទាំងស្រុងនូវសមិទ្ធផលនៃជ័យជម្នះនេះ បង្កើតឡើងរបបប្រល័យពូជសាសន៍ សម្លាប់រង្គាល ប្រជាជនខ្លួនឯង បំផ្លាញអ្វីៗគ្រប់យ៉ាងដែលជាតម្លៃស្មារតី និងសម្ភារៈរបស់ជាតិ ធ្វើឱ្យទឹកដីមាតុភូមិ ដែលឆេះ ខ្លោចដោយភ្លើងសង្រ្គាមទៅហើយនោះ ក្លាយទៅជាវាលពិឃាតយ៉ាងសាហាវឃោរឃៅបំផុត»។
លោកបញ្ជាក់ទៀតថា «ក្នុងរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ ពួក ប៉ុលពត បានបំផ្លាញរចនាសម្ព័ន្ធសង្គម ជាតិ ឱ្យរលាយខ្ទេចខ្ទីដល់ឫសគល់ សិទ្ធិសេរីភាព ដែលជាតម្លៃសារវ័ន្តរបស់មនុស្ស ត្រូវបានលុបបំបាត់ទាំងស្រុងប្រជាជនជាង៣លាននាក់ ត្រូវបានសម្លាប់យ៉ាងអាណោចអធម។ ច្បាស់ណាស់ថា បើគ្មានការជួយសង្រ្គោះឱ្យទាន់ពេលវេលានោះ ប្រជាជនកម្ពុជា នឹងត្រូវបន្តកម្ទេចបង់ដោយគ្មានទីបញ្ចប់ឡើយ»។
របបប្រល័យពូជសាសន៍ ប៉ុលពត បានដួលរលំទាំងស្រុងនាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ដែលប្រជាជនជាច្រើនចាត់ទុកថា ជាថ្ងៃកំណើតទី២របស់កម្ពុជា ក្រោមការរំដោះរបស់ រណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា (គណបក្សប្រជាជនកម្ពុជាសព្វថ្ងៃ) ដោយមានការជួយឧបត្ថម្ភពីសំណាក់ កងទ័ពស្ម័គ្រចិត្តរបស់វៀតណាម។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា «ជ័យជម្នះ ៧មករា បានសង្រ្គោះជីវិតប្រជាជនដែលនៅសេសសល់បានទាន់ពេលវេលា បានដណ្តើមវិញនូវ សិទ្ធិសេរីភាពគ្រប់យ៉ាងជូនប្រជាជន បានធ្វើឱ្យតម្លៃទាំងខាងស្មារតី និងសម្ភារៈរបស់ប្រជាជាតិខ្មែរ ដែលត្រូវបានកសាងពូនផ្តុំរាប់ពាន់ឆ្នាំមកហើយនោះ បានរស់ឡើងវិញ និងបានរួមវិភាគទានដ៏សកម្មដល់សន្តិភាព និងសន្តិសុខក្នុងតំបន់។ នេះជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលគ្មានកម្លាំងណាអាចមកបំភ្លៃ បំផ្លើស បំភ្លេច និងបំផ្លាញបានឡើយ»៕






អាមេរិកទទួលស្គាល់ថា ៧ មករា ១៩៧៩ ជាថ្ងៃដែលកម្ពុជារំដោះប្រទេស ចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម

នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧នេះ ដែលជាថ្ងៃរំលឹកខួប លើកទី៣៨ នៃការរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ស្របពេលដែលគណបក្សប្រជាជនកម្ពុជាប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ៧ មករានេះ ស្រាប់តែស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍អបអរសាទរថ្ងៃជ័យជម្នះនេះផងដែរ។
ស្ថានទូតអាមេរិក បានប្រកាសគាំទ្រដល់ចលនាតស៊ូរំដោះប្រទេស ហើយហៅថ្ងៃជ័យជម្នះ ៧ មករា ជាថ្ងៃរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងជាថ្ងៃផ្លាស់ប្តូរទំព័រប្រវត្តិសាស្រ្តឆ្ពោះទៅរកអនាគត ដ៏ភ្លឺស្វាងមួយសម្រាប់ប្រជាជនកម្ពុជា។
ស្ថានទូតអាមេរិកបានប្រកាសនៅលើទំព័រ Facebook របស់ខ្លួនយ៉ាងដូច្នេះថា «នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទីក្រុងភ្នំពេញត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលជាការផ្លាស់ប្តូរនូវទំព័រប្រវត្តិសាស្ត្រ និងជាការចាប់ផ្តើមនូវផ្លូវឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាងមួយ សម្រាប់ប្រជាជនកម្ពុជាទាំងអស់»។
ក្នុងឱកាសប្រារព្ធខួបជ័យជម្នះ ៧ មករា ក្រោមកម្លាំងតស៊ូរបស់វីរយុទ្ធជនខ្មែរក្រោម ការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានេះ ស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏សូមចូលរួមសម្តែងការចងចាំជានិច្ច ចំពោះជនរងគ្រោះទាំងអស់នៃរបបខ្មែរក្រហម និងគាំទ្រជានិច្ចចំពោះការរក្សា និងលើកកម្ពស់សន្តិភាព ភាពរីកចម្រើន និងការគោរពលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
គួរបញ្ជាក់ថា ការលើកឡើងរបស់ស្ថានទូតអាមេរិក គឺបានផ្ទុយពីមេបក្សប្រឆាំងនៅកម្ពុជាកំពុងសម្ងំគេចខ្លួន ពីសំណាញ់ច្បាប់នៅក្រៅប្រទេស។ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ នៅតែបន្តមិនទទួលស្គាល់ថ្ងៃ៧មករា ថាជាថ្ងៃរំដោះប្រជាពលរដ្ឋខ្មែរ ចេញពីរបបប្រល័យពូជសាសន៍។ មេដឹកនាំបក្សប្រឆាំង ដែលមិនបានហែលឆ្លងរបបដ៏ឃោរឃៅមួយនេះ នៅតែបន្តលើកឡើងថា ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃវៀតណាម ចូលឈ្លានពានប្រទេសកម្ពុជា៕


រដ្ឋាភិបាលសម្រេចផ្តល់​សិទ្ធិលក់ដូរជូនអាជីវករ​ផ្សារអ្នកលឿង ដូចអ្នកលក់ដូរនៅផ្សារ​ដទៃទៀត នៅពេលចប់អាណត្តិ

យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៧ គោរពជូន លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ជុំវិញសំណើសុំអន្តរាគមន៍របស់ អាជីវករផ្សារអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង រាជរដ្ឋាភិបាល បានសម្រេច តាមសារាចរលេខ០៨ សរ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ដោយបានដោះស្រាយជូនបងប្អូនអាជីវករ ផ្សារអ្នកលឿង ស្រុកពាមរក៏ ដោយត្រូវទទួលបានសិទ្ធិដូចផ្សារដទៃទៀតនៅពេលចប់អាណត្តិ។
សេចក្តីជូនដំណឹងនេះបានបន្ថែមឱ្យដឹងទៀតថា ចំពោះតូបនៅសល់សាលាខេត្តព្រៃវែង ត្រូវបង្កើតគណៈកម្មការគ្រប់គ្រង និងជួល ចំណែកចំណូលពីការជួលត្រូវបង់ចូលថវិកាខេត្ត៕
សូមអានសេចក្តីជូនដំណឹងដូចខាងក្រោមនេះ ៖


​ប្រសាសន៍​សំខាន់ៗ​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជាក្នុង​ឱកាស​ប្រារព្ធពិធី​អបអរសាទរ​ថ្ងៃជ័យជម្នះ ៧ មករា លើកទី៣៨

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧នេះគណបក្សប្រជាជនកម្ពុជា បានប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា លើកទី៣៨ (៧ មករា ១៩៧៩-៧ មករា ២០១៧) នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។
នាឱកាសនោះផងដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបួងសួងឱ្យវិញ្ញាណក្ខន្ធជនរងគ្រោះស្លាប់នៅក្នុងរបបប៉ុលពតខ្មែរក្រហមទាំងអស់ជាង៣លាននាក់ បានទៅកាន់សុគតិភព និងសូមលំឱនកាយ សង្រួមចិត្តគោរពវិញ្ញាណក្ខ័ន្ធជនរួមជាតិជាង៣លាន ដែលបាត់បង់ជីវិតទៅយ៉ាងអាណោចអាធម្ម និងអយុត្តិធម៌បំផុត នៅក្រោមរបបប្រល័យពូជសាសន៍។
លោក ហ៊ុន សែន បានប្រសាសន៍ថា សោកនាដកម្មដ៏ធំធេងដែលធ្លាក់សង្កត់មកលើប្រជាជនកម្ពុជានេះ គឺផ្តើមចេញដោយរដ្ឋប្រហារថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ តាមខ្សែញាក់របស់បរទេស ដែលបង្កជាភ្លើងសង្គ្រាមឆាបឆេះយ៉ាងសន្ធោរសន្ធៅ ដុតបំផ្លាញទឹកដីមាតុភូមិកម្ពុជា។
លោកបានមានប្រសាសន៍បន្តថា បើគ្មានការជួយសង្គ្រោះឱ្យទាន់ពេលវេលា ប្រជាជនកម្ពុជានឹងត្រូវបន្តកម្ទេចដោយ គ្មានទីបញ្ចប់ក្រោមស្នាដៃរបស់របបបនប៉ុលពត។ លោក ហ៊ុន សែន បានលើកឡើងថា ក្រោយថ្ងៃរំដោះ៧មករា យើងត្រូវស្តារសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅឡើងវិញពីលេខសូន្យ និងបាតដៃទទេ ក្នុងស្ថានភាពប្រទេសមានសន្តិភាពផង និងមានសង្គ្រាមផង។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាពីមុន ជាវាលពិឃាត ជាតំបន់អសន្តិសុខ ជាចំការមីន ឥឡូវបានក្លាយទៅជាទឹកដីសន្តិភាព និងជាតំបន់ទេសចរណ៍មួយប្រកបដោយប្រជាប្រិយភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលទទួលបានភ្ញៀវទេសចរណ៍រាប់លាននាក់ក្នុងមួយឆ្នាំៗ។លោក ហ៊ុន សែន បញ្ជាក់យ៉ាងច្បាស់ថា យើងប្រឆាំងនឹងសកម្មភាពណាមួយពីខាងក្រៅ ដែលព្យាយាមដាក់ការកៀបសង្កត់មកលើរាជរដ្ឋាភិបាលកម្ពុជា ឱ្យធ្វើតាមឆន្ទៈរបស់ខ្លួន ក្រោមហេតុផលប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដែលជាការជ្រៀតចូលមកដែនអធិបតេយ្យរបស់កម្ពុជា។
លោកបានលើកឡើងថា តទៅមុខទៀត គ្មានឧបសគ្គណាអាចមករារាំង មិនឱ្យសម្រេចបំណងប្រាថ្នារបស់យើងបានឡើយ ឱ្យតែប្រជាជាតិយើងមានការរួបរួម ហើយបន្តធ្វើដំណើរលើផ្លូវដ៏ត្រឹមត្រូវដូចបច្ចុប្បន្ន។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាបន្តអនុវត្តយ៉ាងស្មោះសរនូវវប្បធម៌សន្ទនា ជាមួយគណបក្ស ដែលមានអសនៈនៅក្នុងរដ្ឋសភា និងព្រឹទ្ធសភា។
លោក ហ៊ុន សែន ក៏បានជំរុញការអនុវត្តនូវយុទ្ធនាការ ដើម្បីប្រយុទ្ធ និងបង្ក្រាបការកាប់ឈើខុសច្បាប់, ការរំលោភដីធ្លីខុសច្បាប់, បទល្មើសនេសាទខុសច្បាប់, អាជីវកម្ររ៉ែខុសច្បាប់ និង អាជីវកម្មខ្សាច់ខុសច្បាប់, ជនដែលប្រព្រឹត្តល្មើសត្រូវទទួលទោសតាមច្បាប់៕











លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំលឹកដល់ស្ពានអាកាស៧មករា ចំថ្ងៃខួបលើកទី៣៨ទិវាជ័យជំនះ៧មករា

(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧នេះ ដែលជាថ្ងៃខួបលើកទី៣៨ ៧មករា ១៩៧៩ – ៧មករា ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារនៅលើទំព័រ Facebook ផ្លូវការរបស់លោកថា “ទន្ទឹមនឹងយើងកំពុង អបអរសាទរខួបទី៣៨ នៃទិវាជ័យជំនះ ៧មករាថ្ងៃនេះ ក៏យើងបាននឹកឃើញ ដល់ស្ពានអាកាស៧មករា (ស្ពានស្តុបពេទ្យលោកសង្ឃ) ដែលមានអាយុកាល៦ឆ្នាំហើយ។ ស្ពានអាកាសនេះ ត្រូវបានសម្ពោធ ដាក់អោយប្រើប្រាស់ ជាផ្លូវការកាលពីថ្ងៃទី៦ មករា ២០១២ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី និងភរិយា”។
លោកនាយករដ្ឋមន្ត្រី បានសរសេរបន្ថែមថា “យើងទាំងអស់គ្នា បានបើកបរ និងធ្វើដំណើរលើស្ពាននេះ ជារៀងរាល់ថ្ងៃ។ ស្ពាន៧មករានេះ បានជួយសម្រួល ដល់បញ្ហាកកស្ទះចរាចរណ៍ និងសម្រួលដល់ការ ដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ដែលបានជួយលើកកម្ពស់ ជីវភាពរស់ប្រចាំថ្ងៃ នៅរបស់ប្រជាពលរដ្ឋគ្រប់ទិសទី។ ពិតណាស់ មានស្ពានគឺមានសង្ឃឹម”។ សូមប្រជាពលរដ្ឋ បើកបរគោរពច្បាប់ចរាចរណ៍ ប្រុងប្រយ័ត្ន និងយោគយល់អធ្យាស្រ័យ ដល់គ្នាទៅវិញទៅមក ដើម្បីសុវត្ថិភាពទាំងអស់គ្នា។ សូមជួយថែរក្សាស្ពាន ដើម្បីយើងប្រើប្រាស់ បានយូរអង្វែង។ ជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងសំណាងល្អ នៅក្នុងថ្ងៃខួបប្រវត្តិសាស្រ្ត ៧ មករា និងក្នុងឆ្នាំថ្មី ២០១៧ គ្រប់ៗគ្នា!៕