Wednesday, September 02, 2020

លោក សឿម ប៊ុនរិទ្ធិ ចុះសួរសុខទុក្ខអាជីវករនៅតាមតូបលក់ធម្មតា និងពិនិត្យកន្លែងរងការខូចខាតដោយអគ្គិភ័យ

បាត់ដំបង÷ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានអញ្ជើញចុះសំណេះសំណាលជាមួយអាជីវករ ដែលបានចូលលក់ដូរវិញជាធម្មតា និងពិនិត្យកន្លែងរងការខូចខាតនៃផ្នែកខ្លះ (ផ្សារណាត់) ដើម្បីធ្វើការសំអាតបន្ត ដោយមានការចូលរួមពីលោក អភិបាលក្រុង និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។


លោក សឿម ប៊ុនរិទ្ធិ បានឲ្យដឹងទៀតថា អាជ្ញាធរខេត្ត បានអនុញ្ញាតឲ្យលក់ដូរនៅផ្នែកខ្លះធម្មតាឡើងវិញ ព្រោះមិនមានការប៉ះពាល់ដោយភ្លើងឆេះពីពេលកន្លងទៅ ប៉ុន្តែផ្នែកខាងលិចផ្សារដែលរងការឆេះ មិនទាន់ឲ្យចូលលក់ដូរទេ ដោយសារតែ អាគារផ្សារនៅកន្លែងឆេះនេះ បានរងនូវការខូចខាតសំណង់ដំបូលផ្សារ តម្រូវឲ្យមានការរៀបចំជួសជុល និងធ្វើការកែលម្អឲ្យប្រសើរឡើងវិញចាប់ពីថ្ងៃទី២ ខែកញ្ញានេះតទៅ បន្ទាប់ពីមានការផ្អាករយៈពេលប៉ុន្មានថ្ងៃ ដោយសារបញ្ហាគ្រោះអគ្គិភ័យកាលពីពេលថ្មីៗកន្លងទៅនេះ។


លោកបន្តថា ទំហំការខូចខាតពីការឆេះផ្សារនេះ គិតទឹកប្រាក់អស់ប្រមាណ ៨៣១ ០០០ដុល្លារ តូបខូចខាតទាំងស្រុងចំនួន៣២ ប៉ាន់ប្រមាណជាទឹកប្រាក់ចំនួន ៧៥០ ០០០ដុល្លារ ក្នុងនោះមានតូបលក់គ្រឿងទេសចំនួន១៥, តូបលក់ចានឆ្នាំងចំនួន៤, និងតូបលក់ខោអាវ ចំនួន១៣ ចំណែកតូបរងការខូចខាតប្រមាណ ៥០ភាគរយ មានចំនួន៦តូប ក្នុងនោះតូបគ្រឿងទេសចំនួន៥ និងតូបខោអាវ១ គិតជាទឹកប្រាក់ប្រមាណ៨ម៉ឺនដុល្លារ។


លោក សឿម ប៊ុនរិទ្ធិ បានបន្ថែមថា តាមការចុះពិនិត្យ និងវាយតម្លៃ អគ្គិភ័យនៅផ្សារណាត់នេះ បណ្តាលមកពីការទុស្សេខ្សែភ្លើង ធ្វើឲ្យប៉ះពាល់ដល់ផ្នែកខ្លះនៃដំបូលផ្សារ បង្កឲ្យមានស្នាមប្រេះធ្នឹមលើ បែកកញ្ចក់ បាក់បែកដំបូលបេតុងបន្ទះ តម្រូវឲ្យមានការសិក្សាលម្អិតពីការរៀបកែលម្អ និងជួសជុលឡើងវិញ តាមរយៈប្រគល់ឲ្យខាងមន្ទីររៀបចំដែនដី និងមន្ទីរវប្បធម៌ខេត្ត សហការគ្នាធ្វើការពិនិត្យវាយតម្លៃ ធ្វើការជួសជុលឡើងវិញទៅតាមរចនាបថដើម ដែលជាអគារអភិរក្ស។


គួរបញ្ជាក់ថា ផ្សារធំបាត់ដំបង ត្រូវបានសាងសងឡើងរួចរាល់ នៅឆ្នាំ១៩៣៦ ដោយត្រូវបានអគ្គិភ័យឆាបឆេះកាលពីវេលាម៉ោង៥ និង១០នាទីល្ងាច ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ បង្កឲ្យមានការភ្ញាក់ផ្អើល និងមានកិច្ចអន្តរាគមន៍ផ្ទាល់ពីលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យចំនួន៧គ្រឿង ធ្វើការពន្លត់បាននៅវេលាម៉ោង ៧កន្លះយប់ នៅថ្ងៃដដែល ៕





(Video)៖ ហេតុអ្វីបានជាឯកឧត្តម កឹម សុខា ត្រូវចាប់ខ្លួន? Why H E Kem Sokha Was Arrested

 

ក្រសួងធនធានទឹក៖ កម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើនចាប់ពីថ្ងៃនេះដល់ថ្ងៃទី០៨ ខែកញ្ញា សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

 ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០២០។ ក្រសួងបានបញ្ជាក់ថា តាមរយៈតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាព អាកាសធាតុ សង្កេតឃើញថា កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្ទាយឆ្លងកាត់ភាគខាងជើងប្រទេសថៃភាគកណ្ដាល ប្រទេសឡាវ និងវៀតណាម។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖

១៖ បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖
* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៦°C
* សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ក្នុងនោះក៏មានផ្នែកមួយចំនួន នៃបណ្ដាខេត្តនៅតំបន់វាលទំនាប ភាគកណ្ដាល និងភាគពាយ័ព្យ នឹងអាចមានភ្លៀងធ្លាក់ច្រើន។

២៖ បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C
* សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅបង្គួរ។

៣៖ បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៖
* សីតុណ្ហភាពអប្បបរមា មានពី២៦-២៨°C
* សីតុណ្ហភាពអតិបរមា មានពី ១៨-៣០°C ។
នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។ ជាមួយគ្នានេះ ក្រសួង ក៏អំពាវនាវសូមប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាននៅផ្នែកមួយចំនួននៃបណ្ដាខេត្ត ស្ថិតនៅតំបន់វាលំទំនាបភាគកណ្ដាល៕



សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រង និងសារាចរសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ

 ស្វាយរៀង៖ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ លោក ហែម ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តស្វាយ រៀង តំណាងលោកអភិបាលខេត្ត និងលោក កៅ ធារ៉ូ អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត និងវគ្គបណ្តុះបណ្តាល ស្តីពីហានិភ័យស្ថានីយ និងសារាចរសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ។សិក្ខាសាលានេះរៀបចំនៅសាលប្រជុំសណ្ឋាគារវ៉ៃគោ ក្រុងស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីប្រធានមន្ទីរជំនាញពាក់ព័ន្ធរួមមាន៖ អភិបាលរងក្រុង ស្រុក មន្រ្តីរាជការ នៃមន្ទីររ៉ែ និងថាមពលខេត្ត និងអាជីវករស្ថានីយ៍ប្រេង និងឧស្ម័នឥន្ធនៈ នៅក្នុងខេត្ត។

គួរបញ្ជាក់ថា អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងប្រេង កាតនិងផលិតផលប្រេងកាត ខ្លឹមសារនៃមាត្រា៦៦ បានចែងថា៖ “បុគ្គលណាដែលធ្វើសកម្មភាពផ្នែកដោនស្ទ្រីមដោយគ្មានវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសសុវត្ថិភាព ពីក្រសួងរ៉ែនិងថាមពលដូចមានចែងក្នុងមាត្រា៤២ នៃច្បាប់នេះ មុននឹងចាប់ផ្តើមសាងសង់ហេដ្ឋារចនាសម្ព័ន្ធដើម្បីបម្រើសកម្មភាពផ្នែកដោនស្ទ្រីម ត្រូវផាកពិន័យជាប្រាក់ដូចខាងក្រោម៖

ក- ចំពោះហេដ្ឋារចនាសម្ព័ន្ធដែលមានតម្លៃក្រោម ៨០០ ០០០ ០០០(ប្រាំបីរយលាន) រៀល ត្រូវផាកពិន័យជាប្រាក់ដោយក្រសួងរ៉ែនិងថាមពលចំនួន៤ ០០០ ០០០ (បួនលាន) រៀល និងត្រូវផ្អាកសកម្មភាពសាងសង់នានា។

ខ- ចំពោះហេដ្ឋារចនាសម្ព័ន្ធដែលមានតម្លៃចាប់ពី៨០០ ០០០ ០០០(ប្រាំបីរយលាន) រៀល ត្រូវផាកពិន័យជាប្រាក់ដោយក្រសួងរ៉ែនិងថាមពលចំនួន១០ ០០០ ០០០ (ដប់លាន) រៀល និងត្រូវផ្អាកសកម្មភាពសាងសង់នានា។ ក្នុងករណីនៅតែបន្តប្រព្រឹត្តអំពើល្មើសដដែលត្រូវផាកពិន័យជាប្រាក់ដោយក្រសួងរ៉ែ និងថាមពលចំនួនទ្វេដង”៕





លោកស្រី ឱ វណ្ណឌីន អំពាវនាវឱ្យប្រជាពលរដ្ឋការពារខ្លួនពីកូវីដ-១៩ និងកុំឲ្យមានការពុលអាហារអំឡុងពេលកាន់បិណ្ឌនិងភ្ជុំបិណ្ឌ

 មុនពេលពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌដែលនឹងចូលមកដល់នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ស្អែកនេះ ក្រសួងសុខាភិបាល បានថ្លែងសារអំពាវនាវដល់ប្រជាពលរដ្ឋត្រូវការពារខ្លួនកុំឲ្យឆ្លងកូវីដ១៩ និងកុំឲ្យមានការពុលអាហារឡើយ អំឡុងពេលប្រារព្ធពិធីបុណ្យ ទំនៀមទម្លាប់ប្រពៃណីជាតិនេះ។ ថ្លែងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមលោកអ្នកមានការប្រុងប្រយ័ត្ននូវសុខភាពផ្ទាល់ខ្លួន ហើយទន្ទឹមនឹងការប្រុងប្រយ័ត្ន និងការអនុវត្តនូវវិធានការការពារខ្លួន កុំឲ្យមានការចម្លងកូវីដ-១៩។

លោកស្រី ក៏បានសំណូមពរដល់ប្រជាពលរដ្ឋយើងទាំងអស់យកចិត្តទុកដាក់រក្សានូវសុវត្ថិភាព អនាម័យ ចំណីអាហាររបស់យើងនេះឲ្យបានល្អត្រឹមត្រូវចៀសវាងបង្ហាសុខភាពដែលបណ្តាលមកពីម្ហូបអាហារ។

ចំណុចសំខាន់៥ ដែលក្រសួងសុខាភិបាល សំណូមពរឲ្យមានសុវត្ថិភាពចំណីអាហាររួមមាន៖
* ១៖ សូមចម្អិនម្ហូបអាហារឲ្យបានឆ្អិនល្អ
* ២៖ សូមមានការរក្សាទុកដាក់ចំណីអាហារឲ្យបានត្រឹមត្រូវ កុំឲ្យច្របូកប្របល់គ្នា កុំទុកម្ហូបអាហារដល់ផ្អូមដែលនាំឲ្យអ្នកទទួលទានពុលអាហារ
* ៣៖ ចៀសវាងប្រើប្រាស់នូវរបស់របរដែលមិនស្អាត ហើយត្រូវតែលាងសម្អាតសម្ភារចម្អិនអាហារឲ្យបានត្រឹមត្រូវ
* ៤៖ ចៀសវាងការប្រើប្រាស់ស្រា «ស» ដែលមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ចៀសវាងយកមេតាណុលមកលាយធ្វើស្រា
* ៥៖ បើប្អូនរក្សាម្ហូបអាហារនេះ ឲ្យនៅសីតុណ្ហភាពត្រឹមត្រូវ បើត្រជាក់ក្រោម ៥អង្សា បើក្តៅលើសពី ៦០អង្សា។

ជាថ្មីម្តងទៀត លោកស្រី ឱ វណ្ណឌីន នៅតែអំពាវនាវឲ្យប្រជាពលរដ្ឋការពារខ្លួនកម្រិតខ្ពស់ពីការចម្លងកូវីដ១៩ តាមទីវត្តអារាមដោយអនុវត្តន៍វិធានការសាមញ្ញៗដូចជាលាងសម្អាតដៃឲ្យបានស្អាតជានិច្ច ពាក់ម៉ាសឲ្យបានជាប់ជានិច្ច។ បន្ថែមលើនេះ ពេលស្តាប់ព្រះសង្ឃសូត្រធម៌ ពេលរាប់បាតព្រះសង្ឃ និងធ្វើសកម្មភាពដទៃតៀត ត្រូវរក្សាគម្លាតសុវត្ថិភាពហើយបែងចែកឲ្យមានក្រុមតូចៗ។ អ្នកនាំពាក្យក្រសួងសុខភិបាល ថែមទាំងបានជំរុញដល់អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងគណៈកម្មការអាចារ្យវត្ត ត្រូវជួយប្រជាពលរដ្ឋ ក្នុងការរៀបចំសុវត្ថិភាពជូនពួកគាត់ឲ្យបានល្អ ធ្វើយ៉ាងណាឲ្យពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះប្រព្រឹត្តទៅដោយរលូន មិនមានបញ្ហាអ្វីកើតឡើងឡើយ៕



ថ្នាំពេទ្យ និងគ្រឿងបរិក្ខារពេទ្យជាជំនួយរបស់មិត្តចិនបានប្រគល់ជូនអង្គភាពពន្ធនាគារខេត្តសៀមរាប

 សៀមរាប៖ នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ តាមរយៈការិយាល័យកុងស៊ុលសាធារណរដ្ឋប្រជាមានិតចិន ប្រចាំខេត្តសៀមរាបបានប្រគល់ថ្នាំពេទ្យ និងគ្រឿង បរិក្ខារពេទ្យមួយចំនួនជូនដល់អង្គភាពពន្ធនាគារខេត្តសៀមរាប ក្រោមអធិបតីភាពរបស់លោក ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោក LIU ZHI JIE ប្រធានការិយាល័យកុងស៊ុលសាធារណរដ្ឋប្រជាមានិតចិន ប្រចាំខេត្តសៀមរាប និង លោក YANG ZHAO អនុប្រធានក្រុមប្រឹក្សាភិបាលអគ្គនាយក នៃក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ និងប្រតិភូចិន និងមានការអញ្ជើញចូលរួមពី លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ភាន ឆវ័ន្ត ប្រធានអង្គភាពពន្ធនាគរខេត្តសៀមរាប និង លោក អនុប្រធានអង្គភាព លោកប្រធាន-អនុប្រធានការិយាល័យ ពិធីប្រគល់នេះរៀបចំនៅអង្គភាពពន្ធនាគារខេត្តសៀមរាប។

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តក៏បានសម្តែងនូវអំណរគុណចំពោះប្រជាជនចិន ក៏ដូចក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ ដែលបានផ្តល់នូវថ្នាំពេទ្យ និងគ្រឿងបរិក្ខាពេទ្យមួយចំនួន ជូនដល់អង្គភាពពន្ធនាគារខេត្តសៀមរាបសម្រាប់ប្រើប្រាស់ក្នុងការព្យាបាលជាបឋមជូនដល់ជនជាប់ឃុំនៅក្នុងអង្គភាពពន្ធនាគារខេត្ត។ ជាមួយគ្នានេះ លោកអភិបាលរងខេត្តក៏បានថ្លែងអំណរគុណចំពោះលោកប្រធានការិយាល័យកុងស៊ុលសាធារណរដ្ឋប្រជាមានិតចិនប្រចាំខេត្តសៀម រាប ដែលតែងតែជួយធ្វើការសម្របសម្រួលដល់កិច្ចការទាំងនេះផងដែរ។

លោក LIU ZHI JIE ប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាប ក៏បានបញ្ជាក់ផងដែរថា រាល់កិច្ចទំនាក់ទំនងរវាង ខេត្តទាំងពីរ លោកនឹងធ្វើការសម្រប សម្រួលជម្រុញឲ្យកាន់តែខ្លាំងក្លាថែមទៀត នឹងធ្វើឲ្យខេត្តសៀមរាប កាន់តែមានការអភិវឌ្ឍន៍ឡើងថែមទៀត ក្នុងវិស័យទេសចរណ៍ កដូចជាវិស័យផ្សេងៗទៀតដែរ ក្រោយពេលដែលការសាងសង់អាកាសយានដ្ឋានអន្តរ ជាតិអង្គរ បានរួចរាល់នោះ លោកសង្ឃឹមជឿជាក់ថា សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋខេត្តសៀមរាបនិងមានការឈានឡើងទៀតផង៕







ក្រសួងសុខាភិបាល៖ គ្មានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីនោះទេហើយករណីជាសះស្បើយក៏គ្មានដែរ

 ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០២ខែកញ្ញា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មានដោយបញ្ជាក់ថា នៅថ្ងៃនេះក្រសួងមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ហើយក៏គ្មានករណីព្យាបាលជាសះស្បើយថ្មីនោះដែរ អ្នកជំងឺកំពុងសម្រាក នៅមន្ទីរពេទ្យមានចំនួន៨នាក់ដដែល។


សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា រកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប២៧៤នាក់ (ស្រី៥៤នាក់ និងបុរស២២០នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន២៦៦នាក់ (ស្រី ៥៤នាក់ និងបុរស ២១២នាក់) និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន០៨នាក់៕

លិខិតមិត្តអ្នកអាន៖ «បាតុកម្មខុសកាលៈទេសៈដើម្បីទាមទារខុសរឿង គឺជាផែនការទុច្ចរិតដើម្បីបំផ្លាញភាពសុខសាននៃ សង្គមខ្មែរ»

 ខណៈពេលដែល ប្រជាពលរដ្ឋកំពុងត្រៀមប្រារព្ធពិធីកាន់បិណ្ឌតាមប្រពៃណីព្រះពុទ្ធសាសនា ដោយភ្ជាប់ជាមួយវិធានការការពារកូវីដ ១៩ យ៉ាងខ្ជាប់ខ្ជួនដែលដាក់ចេញដោយរដ្ឋាភិបាល ស្រាប់តែមានមនុស្សមួយក្រុមតូច បែរជាចង់យកថ្ងៃកាន់បិណ្ឌដើម្បីធ្វើបាតុកម្មរយៈពេលវែងទៅវិញ។ ប្រសិនបើយើងក្រឡេកមើលកម្មវត្ថុនៃការសុំធ្វើបាតុកម្មរបស់ពួកគេវិញ គឺ ដើម្បីទាមទាររកយុត្តិធម៌ឲ្យដោះលែងលោក រ៉ុង ឈុននិងមនុស្សមួយចំនួនទៀតដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទ ញុះញង់ឲ្យមានបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធនឹងការ បំភ្លើសមួលបង្កាច់រឿងព្រំដែននិងបញ្ហាមួយចំនួនទៀត។

ក្រុមនេះបានហៅការចាប់ខ្លួនទាំងនោះថាជារឿងអយុត្តិធម៌និងជាការបំពានសិទ្ធិមនុស្ស។ ប៉ុន្តែ តាមការពិត គឺក្រុមមនុស្សមួយក្តាប់តូចដែលត្រូវបានអាជ្ញាធរ មានសមត្ថកិច្ចចាប់ខ្លួន នោះទេដែលជាអ្នក រំលោភច្បាប់ ជាអ្នកចង់បំផ្លាញភាពសុខសាន របស់ប្រជាពលរដ្ឋតាមរយៈការញុះញង់ឲ្យមានជម្លោះដែលអាចឈានដល់ភាពវឹកវរក្នុងសង្គម បង្កអរិភាពជាមួយប្រទេសជិត ខាងដែលជាឈ្នួនផ្ទុះអោយមានជម្លោះប្រដាប់អាវុធ។

មានហេតុផលសំខាន់ៗមួយចំនួនដូចខាងក្រោមដែលយើងត្រូវពិនិត្យមើលដើម្បីឆ្លុះបញ្ចាំងពីគោលបំណងទុច្ចរិតរបស់ក្រុមជ្រុលនិយមនេះ៖

ទី១៖ រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ធមន្ត្រី ហ៊ុន សែន បានខិតខំយកចិត្តទុកដាក់ បោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងដើម្បីធ្វើរបងការពារផ្ទៃដីខ្មែរ ១៨១ ០៣៥ កីឡូម៉ែត្រក្រឡាឲ្យបានគង់វង្ស។ ប៉ុន្តែក្រុមជ្រុលនិយមប្រកាន់ពូជ សាន៍ដែលតាំងខ្លួនជាអ្នកស្នេហាជាតិ ស្រឡាញ់ទឹកដី បែរជាចង់បង្កទំនាស់ដើម្បីបង្អាក់កិច្ចការងារបោះបង្គោលព្រំដែនទៅវិញតាមរយៈការដើរញុះញង់ថា ខ្មែរបាត់ដីទាំងដែលខ្លួនមិនយល់អំពីការងារបោះបង្គោលព្រំដែននិងមិនចេះមើលផែនទីផង។

ទី២៖ កន្លងមកថ្មីៗនេះ ការស្ទង់មតិរបស់អង្គការខុមហ្វ្រែលដែល មាននិន្នការប្រឆាំងរដ្ឋាភិបាល បានបង្ហាញថា ប្រជាពលរដ្ឋខ្មែរ ៧៩% ដែលបានចូលរួមស្ទង់មតិបានអះអាងថា ចំណាត់ការរបស់រដ្ឋាភិបាលទៅលើលោក
រ៉ុង ឈុន និងបុគ្គលមួយចំនួននោះ គឺជារឿងត្រឹមត្រូវនិងមិនបំពានសិទ្ធិមនុស្សទេ។ មានតែ ២១% ប៉ុណ្ណោះដែលអះអាងថា ចំណាត់ការនោះបំពានសិទ្ធិមនុស្ស។ លទ្ធផលស្ទង់មតិនេះពិតជាបានបញ្ជាក់ថា ពលរដ្ឋខ្មែរភាគច្រើនលើសលប់គាំទ្រចំណាត់ការរបស់រដ្ឋាភិបាលប្រឆាំងជាមួយជនជ្រុលនិយមមួយចំនួនដែលចូលចិត្តបង្កព្យុះភ្លៀងនិងបំផ្លាញជាតិខ្លួនឯង។

ទី៣៖ សហគមន៍អន្តរជាតិដែលកំពុងប្រឆាំងកាន់តែខ្លាំងឡើងទៅនឹងការស្អប់ខ្ពើមពូជសាន៍មិនគាំទ្រទង្វើទាំងឡាយណាដែលជាការញុះញង់ឲ្យមានការ រើសអើងពូជសាន៍ឡើយទោះជាក្នុងទម្រង់ណាមួយក៏ដោយ។ ដូច្នេះហើយបានជាសហគមន៍អន្តរជាតិនិងបណ្តាប្រទេសជា មិត្តកម្ពុជាទាំងអស់នៅតែ
កៀកស្មាជាមួយរដ្ឋាភិបាល ភ្នំពេញដើម្បីប្រយុទ្ធប្រឆាំង
កូវីដ ១៩ ក៏ដូចជាដើម្បីរក្សាស្ថិរភាពសង្គមនិងដើម្បីស្តារ សេដ្ឋកិច្ចឡើងវិញក្រោយពេលកូវីដរលត់រលាយទៅនៅពេលខាងមុខ។

ទី៤៖ រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែនបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបង្កា ទប់ស្កាត់ការឆ្លងរាលដាលជំងឺ
កូវីដ ១៩ ចូលក្នុងសហគមន៍។ វិធានការនានាត្រូវបានដាក់ចេញជាពិសេសក្នុងពេលមានពិធីបុណ្យធំៗដូចជាបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះជាដើមពីព្រោះវាជាពេលវេលាដែលមនុស្សជួបជុំ គ្នាដែលងាយនឹងឆ្លងកូវីដ ១៩។

ទី៥៖ រដូវកាន់បិណ្ឌនេះគឺជា ពេលវេលាដែលប្រជាពលរដ្ឋខ្មែរអ្នកកាន់ព្រះពុទ្ធសាសនាត្រូវការភាពស្ងប់ស្ងាត់ និងសប្បាយរីករាយដើម្បីភាពជ្រះថ្លាក្នុងការធ្វើបុណ្យទាន។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌគឺជា ពិធីបុណ្យដ៏ធំមួយសម្រាប់ការជួបជុំគ្រួសារខ្មែរ។ មានតែពួក ទមិឡឥតសាសនាទេដែលយកឱកាសនេះទៅបង្កបញ្ហាអុកឡុក បង្កអនាធិបតេយ្យដើម្បីតែ មហិច្ឆតានយោបាយរបស់ខ្លួន។

ដូច្នេះ ការសុំធ្វើបាតុកម្មក្នុងកាលៈទេសៈបែបនេះគឺបាន បង្ហាញពីចេតនាទុច្ចរិតយ៉ាងច្បាស់ក្រឡែតក្នុងការបំផ្លាញភាពសុខសានរបស់ប្រជាពលរដ្ឋក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌផង និងប្រឆាំងជាមួយវិធានការ ទប់ស្កាត់ការឆ្លងរាលដាលកូវីដ ១៩ផង។ អំពើបែបនេះមិនគួរត្រូវ បានអត់ឱនអោយឡើយ។

ក្នុងកាលៈទេសៈបច្ចុប្បន្ន ការរក្សាជីវិតឲ្យបានរស់រួចផុតពីកូវីដ ១៩ និងការរក្សាស្ថិរភាពសង្គម សេដ្ឋកិច្ចនិងជីវភាពប្រជាពលរដ្ឋឲ្យរួចផុតពីការបំផ្លាញដោយសារកូវីដ ១៩ ត្រូវបានគេចាត់ទុកជាអាទិភាពខ្ពស់បំផុតសម្រាប់ប្រទេសនីមួយៗក៏ដូចជាសម្រាប់ពលរដ្ឋម្នាក់ៗ។
ក្នុងន័យនេះ ចំណាត់ការទៅលើជនណាដែលប៉ុនប៉ងបំផ្លាញភាព សុខសានរបស់ពលរដ្ឋ និងបំពានទៅលើវិធានការប្រឆាំងកូវីដ ១៩ ក៏ជាចំណាត់ការជាអាទិភាពមួយ ដោយចៀសមិនផុតដែរ។

ចំណាត់ការនេះពិតជាទទួល បានការគាំទ្រពីពលរដ្ឋភាគច្រើនលើសលប់ដែលប្រាថ្នាចង់ឃើញ ប្រទេសជាតិមានសន្តិភាព, ភាព ស្ងប់សុខ និងចៀសផុតពីកូវីដ ១៩។ ការធ្វើបាតុកម្មណាមួយ សំដៅទាមទារឲ្យដោះលែងជនជ្រុលនិយមទាំងនោះគឺជា ទង្វើប្រឆាំងនឹងឆន្ទៈរបស់ពលរដ្ឋខ្មែរ។

ដូច្នេះ អាជ្ញាធរមិនគួរបណ្តែត បណ្តោយឲ្យជនជ្រុលនិយមមួយក្តាប់តូចក្រឡុកសភាពការណ៍ក្នុងប្រទេសក្នុងស្ថានភាពដ៏លំបាក នេះឡើយ។

យើងជាប្រជាពលរដ្ឋខ្មែរ សូមគាំទ្រចំណាត់ការនានារបស់អាជ្ញាធរដើម្បីការពារសុខ សន្តិភាពនិងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសូមថ្កោលទោសចំពោះជនទាំងឡាយណាដែលប៉ុនប៉ងឆ្លៀតឱកាសជាន់ពន្លិចជាតិខ្លួនឯងក្នុងពេលដែលពិភពលោកកំពុងប្រឈមមុខដោះស្រាយវិបត្តិយ៉ាងធ្ងន់ធ្ងរដែលបង្កឡើងដោយកូវីដ ១៩។ ការធ្វើបាតុកម្មខុសកាលៈទេសៈ ដើម្បីទាមទារខុសរឿងបែបនេះ គឺជារបៀបវារៈ នយោបាយដ៏ខ្មៅងងឹតដែលមិនត្រូវអត់ឱនអោយបានឡើយ៕

ដោយ: អ្នកនយោបាយតុកាហ្វេ



ស្វែងយល់ពី៖ «ពិធីសែនក្បាលទឹក» ដែលបងប្អូនខ្មែរកាត់ចិនរៀបចំសែននៅថ្ងៃនេះ

សែន​ក្បាលទឹក ឬ​ភាសា​ចិន​ហើយ​ថា 中元节 (Zhong Yuan Jie) ដែល​មាន​សេចក្តី​ជា​ខ្មែរ ស្រ​ដៀង​ទៅ​នឹង​បុណ្យ​ភ្ជុំដែរ​នោះ និង​មានឈ្មោះ​មួយទៀត​ថា 鬼节 (gui jie) មាន​សេចក្តី​ថា ​បុណ្យ​ខ្មោច ត្រូវ​បាន​ប្រជាជន​ចិន និង​ខ្មែរ​កាត់​ចិន ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​មិន​ដែល​រំលង​នោះ​ទេ វា​ជា​ពិធីបុណ្យ​ធំ​មួយ​ផង​ដែរ ​បន្ទាប់​ពី​បុណ្យចូលឆ្នាំ​ចិន ឬ​បុណ្យ​និទាឃ​រដូវ។



បុណ្យ​នេះ​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ក្នុង​ខែ​៧ ​របស់​ចិន សម្រាប់​បងប្អូន​ចិន កា​តាំង ហុកគៀន​..(សែនមុនមួយថ្ងៃ) តែ​សម្រាប់​បងប្អូន​ចិន​ទាជីវ​វិញ គឺ​គេ​ធ្វើ​នៅ​ថ្ងៃ១៥ ​កើត គឺ​នៅ​ថ្ងៃ​នេះ (ថ្ងៃទី១៥ ខែសីហា)​។ តែ​ដោយ​បងប្អូន​ខ្មែរ​យើង​កាត់​ទៅ​ខាង​ទៀ​ជាវ​ច្រើន ទើប​គេ​នាំ​គ្នា​ធ្វើ​ទាំង​ព្រម​គ្នា​ដោយ​កំណត់​ក្នុង​ប្រតិទិន​យក​ថ្ងៃ​១៥ ​កើត ​ខែ​៧ ​ចិន​នេះ​ដូច​គ្នា​។

បុណ្យ​នេះ​គេ​មិន​បាន​រៀបចំផ្ទះ ទិញ​គ្រឿង​លំអរ​តាំង​ស្កេ​ក​ស្កះ​ដូច​ចូល​ឆ្នាំ​នោះ​ទេ គេ​គ្រាន់តែ​រៀបចំ​សែន​ជា​ធម្មតា ដែល​ចែក​ជា​ពីរ​ដង លើក​ទី​មួយ​នៅ​ពេល​ថ្ងៃ សែន​ដល់​កុងម៉ា ជីដូន​ជីតា ហើយ​លើក​ទី​ពីរ​នៅ​ពេល​ល្ងាច គឺ​សែន​ដល់​ខ្មោច​បិសាច​អនាថា ដែល​គ្មាន​ញាតិ គ្មាន​ផ្ទះសម្បែង ឬ​រក​ផ្ទះ​ញាតិ​មិនឃើញ​។

ជំនឿ​នៃ​ការ​សែន និង​សំណែន​ត្រូវ​បាន​ធ្វើ​តាម​ការ​ជឿ​ដោយ​រៀង​ៗ​ខ្លួន គ្រួសារ​ខ្លះ​គេ​សែន​ផ្លែ​ឈើ នំនែក​ពី​ព្រឹក ហើយ​ពេល​ថ្ងៃត្រង់​សែន​បាយ​សម្លរ​ម្តងទៀត​ក៏​សន្មត់​ថា​ចប់ ដោយ​មិន​សែន​ពេល​ល្ងាច​នោះ​ទេ តែ​គ្រួសារ​ខ្លះ​ក៏​សែន​ល្ងាច​ម្តងទៀត​តាម​ជំនឿ និង​ធនធាន​ដែល​ខ្លួន​មាន​។ បន្ទាប់​ពី​ការ​សែន​ព្រែ​ន​រួច​ហើយ គេ​នៅ​មាន​ដុត​បូជា​ក្រដាសសែន​ផ្សេង​ៗ មាន​លុយ មាសប្រាក់ សំលៀក​បំពាក់ និង​គ្រឿង​សែនក្រ​ដាស​ផ្សេង​ៗ​ទៀត មាន​តាំងពី​ប៉ា​ស្ព័​រ វី​សារ សំបុត្រ​យន្តហោះ រថយន្ត ផ្ទះ ។​ល​។ ហើយ​សុំ​ផ្សង​មក​វិញនូវ​ពរ​ជ័យ សុខ​សប្បាយ និង​រកស៊ី​មានបាន​។

ក្នុង​ជំនឿ​ជនជាតិ​ចិន ខែ​៧​នេះ​គឺជា​ខែ​ខ្មោច (鬼月 gui yue) ដូច្នេះ​គេ​ហាម​ដាច់ខាត​អំឡុង​ខែ​នេះ មិន​ត្រូវធ្វើ​ដំណើរ​ទៅ​ឆ្ងាយ ជួសជុលផ្ទះ​សម្បែង ទិញ​ផ្ទះ បើកហាង​លក់ដូរ និង​អាជីវកម្ម​ជា​ដាច់ខាត ព្រោះ​វា​អាច​នាំ​រឿង​មិនល្អ​សម្រាប់​អាជីវកម្ម​និង​គ្រួសារ​គេ​។

ទាំងនេះ​សុទ្ធតែ​ជា​ជំនឿ​មួយ​ក្នុង​ចំណោម​ជំនឿ​ចិន​ ដែល​មិន​មាន​ចែង​ក្នុង​ច្បាប់ក្រម​ទំនៀមទម្លាប់​ខ្មែរ​នោះ​ទេ តែ​ដោយហេតុ​ថា​ស្រុក​ខ្មែរ​យើង មាន​ចំរុះ​ជនជាតិ ​ជំនឿ​សាសនា និង​អបិយ​ជំនឿ រដ្ឋាភិបាល​មិន​បាន​ហាមឃាត់​នោះ​ឡើយ​។ វា​ក៏​ជា​រឿង​ល្អ​មួយ​ដែរ ក្នុង​ការ​រៀបចំ​ឲ្យ​មាន​ស្ថេ​រ​ភាព​សង្គម និង​សន្តិសុខ​។ ម្យ៉ាងវិញទៀត វា​ក៏​ជា​ថ្ងៃ​ដែល​បងប្អូន ញាតិ​មិត្ត​បាន​ជួបជុំ​សែនព្រេន និង​សប្បាយ​រីករាយ​ផង​ដែរ បន្ទាប់​ពី​បែក​គ្នា​មួយ​រយៈ​ធំ​ឬ​តូច ទៅ​ប្រកប​របរ​រកស៊ី​ដោយ​រៀង​ៗ​ខ្លួន​នោះ ព្រោះថា​បន្ទាប់​ពី​សែនព្រេន​រួច ធូបរលត់អស់សំណែន​ម៉ែឪ កុងម៉ា នឹង​ក្លាយជា​គ្រឿងក្លែម​សម្រាប់បងប្អូន។

« សូមការពារខ្លួនចៀសផុតពីជំងឺឆ្លង Covid-19 សូមស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាល »

តែទោះបីយ៉ាងណាពេលសប្បាយជួបជុំបងប្អូនភាគច្រើន តែងតែមានពិសារគ្រឿងស្រវឹង មិនថាតិច ឬច្រើន សូមពិសារដោយទទួលខុសត្រូវ បើស្រវឺងសូមកុំបើកបរ៕