Wednesday, September 02, 2020

សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រង និងសារាចរសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ

 ស្វាយរៀង៖ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ លោក ហែម ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តស្វាយ រៀង តំណាងលោកអភិបាលខេត្ត និងលោក កៅ ធារ៉ូ អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត និងវគ្គបណ្តុះបណ្តាល ស្តីពីហានិភ័យស្ថានីយ និងសារាចរសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ។សិក្ខាសាលានេះរៀបចំនៅសាលប្រជុំសណ្ឋាគារវ៉ៃគោ ក្រុងស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីប្រធានមន្ទីរជំនាញពាក់ព័ន្ធរួមមាន៖ អភិបាលរងក្រុង ស្រុក មន្រ្តីរាជការ នៃមន្ទីររ៉ែ និងថាមពលខេត្ត និងអាជីវករស្ថានីយ៍ប្រេង និងឧស្ម័នឥន្ធនៈ នៅក្នុងខេត្ត។

គួរបញ្ជាក់ថា អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងប្រេង កាតនិងផលិតផលប្រេងកាត ខ្លឹមសារនៃមាត្រា៦៦ បានចែងថា៖ “បុគ្គលណាដែលធ្វើសកម្មភាពផ្នែកដោនស្ទ្រីមដោយគ្មានវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសសុវត្ថិភាព ពីក្រសួងរ៉ែនិងថាមពលដូចមានចែងក្នុងមាត្រា៤២ នៃច្បាប់នេះ មុននឹងចាប់ផ្តើមសាងសង់ហេដ្ឋារចនាសម្ព័ន្ធដើម្បីបម្រើសកម្មភាពផ្នែកដោនស្ទ្រីម ត្រូវផាកពិន័យជាប្រាក់ដូចខាងក្រោម៖

ក- ចំពោះហេដ្ឋារចនាសម្ព័ន្ធដែលមានតម្លៃក្រោម ៨០០ ០០០ ០០០(ប្រាំបីរយលាន) រៀល ត្រូវផាកពិន័យជាប្រាក់ដោយក្រសួងរ៉ែនិងថាមពលចំនួន៤ ០០០ ០០០ (បួនលាន) រៀល និងត្រូវផ្អាកសកម្មភាពសាងសង់នានា។

ខ- ចំពោះហេដ្ឋារចនាសម្ព័ន្ធដែលមានតម្លៃចាប់ពី៨០០ ០០០ ០០០(ប្រាំបីរយលាន) រៀល ត្រូវផាកពិន័យជាប្រាក់ដោយក្រសួងរ៉ែនិងថាមពលចំនួន១០ ០០០ ០០០ (ដប់លាន) រៀល និងត្រូវផ្អាកសកម្មភាពសាងសង់នានា។ ក្នុងករណីនៅតែបន្តប្រព្រឹត្តអំពើល្មើសដដែលត្រូវផាកពិន័យជាប្រាក់ដោយក្រសួងរ៉ែ និងថាមពលចំនួនទ្វេដង”៕





No comments:

Post a Comment