Thursday, October 30, 2014

សរុប​ខ្លឹម​សាររួម​ នៃ​ជំ​នួប​ទ្វេរភាគី​រវាង​សម្តេច​តេជោ ហ៊ុន សែន​ ជា​មួយ​នាយករដ្ឋមន្ត្រី​ថៃ ឯកឧត្តម​ឧត្តមសេនីយ៍​ ប្រាយុទ្ធ ច័ន្ទ​អូចា នៅ​វិមាន​សន្តិភាព​

ក្នុង​ជំនួបពិភាក្សាជាង២ម៉ោង រវាងនាយករដ្ឋមន្រ្តីកម្ពុជាសម្តេចតេជោ ហ៊ុន សែន និង​នាយក​រដ្ឋ​មន្រ្តី​ថៃ ឯកឧត្តម​ឧត្តម​សេនីយ៍​ ប្រាយុទ្ធ ច័ន្ទអូចា នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ នេះ​ ភាគី​​ទាំង​ពីរ​បានពិភាក្សាគ្នាផ្តោតជាសំខាន់ទៅលើការពង្រីក កិច្ចសហប្រតិបត្តិការ វិនិយោគ ពាណិជ្ជ​កម្ម និង​ការកសាងសន្តិភាពតាមបន្ទាត់ព្រំដែន។ ក្នុងនោះ​នាយករដ្ឋមន្រ្តីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បាន​​ស្នើឲ្យ​នាយក​រដ្ឋមន្ត្រីថៃ ចាត់វិធានការបញ្ឈប់ការបាញ់សម្លាប់ពលរដ្ឋខ្មែរ ដែលចូលកាប់ឈើ ខុស​ច្បាប់ក្នុងប្រទេសថៃ ដើម្បីកាត់បន្ថយ និងការចង់គំនុំរបស់ពលរដ្ឋខ្មែរ ។ នេះបើយោងតាម​ការ​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​របស់ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ក្រោយ​ពី​ជំ​នួប​ភ្លាម​ៗ។

ឯកឧត្តម​ អ៊ាង សុផល្លែត​ បាន​ឲ្យ​ដឹង​ទៀត​ថា ជាកិច្ចចាប់ផ្តើមនៃជំនួបពិភាក្សា គឺ​បាន​ប្រព្រឹត្តទៅ​ក្រោម​បរិយាកាស​រីករាយ ដោយ​ឯកឧត្តម​ ប្រាយុទ្ធ ច័ន្ទអូចា បានសម្តែងនូវ​ការអរគុណ​ចំពោះ​នាយក​រដ្ឋមន្រ្តីកម្ពុជា ដែលបានអញ្ជើញរូបលោក និងទទួលស្វាគមន៍ យ៉ាងកក់ក្តៅចំពោះ​ដំណើរ​លើកដំបូងមកកាន់ប្រទេសកម្ពុជា។ 


ឯកឧត្តម​ អ៊ាង សុផល្លែត បាន​បន្ត​ថា ក្នុងជំនួបប្រកបដោយភាតរភាពនោះ ឯកឧត្តម ប្រាយុទ្ធ  ច័ន្ទ​អូចា បាន​ថ្លែង​កោតសរសើរសម្តេចតេជោ ហ៊ុន សែន ថា ជាអ្នកនយោបាយជើងចាស់ និងចាស់​ទុំមួយរូប​នៅក្នុងតំបន់អាស៊ី។ ឯកឧត្តម អ៊ាង សុផល្លែត បាន​បន្ត​ថា ក្នុងជំនួបនេះ ឯកឧត្តម ប្រាយុទ្ធ ច័ន្ទ​អូ​ចា  បានថ្លែងថា ទំនាក់ទំនងកម្ពុជា-ថៃ កំពុងតែវិវឌ្ឍន៍ ទៅរកភាពល្អប្រសើរ និង​ថា ឯកឧត្តម​ប្រាយុទ្ធ បានជំរុញឲ្យជម្រុះ​ជម្លោះនាពេលកន្លងមក គប្បីជំនួសមកវិញដោយកិច្ចសហការអភិវឌ្ឍ។


ឯកឧត្តម​ ប្រាយុទ្ធ ក៏បានបង្ហាញបំណងរបស់ខ្លួនថា ចង់បង្កើនកិច្ចសហកាជាមួយកម្ពុជា កាន់តែ​ខ្លាំង​​ឡើងលើវិស័យ សេដ្ឋកិច្ច តាមរយៈបង្កើតតំបន់សេដ្ឋកិច្ចតាមបន្ទាត់ព្រំដែន ជាពិសេសការ​អភិវឌ្ឍ​ន៍​តាមព្រំដែន។ នាយករដ្ឋមន្រ្តីថៃ ក៏បង្ហាញការចង់ឃើញការបង្កើត​តំបន់សេដ្ឋកិច្ចពិសេស​នៅ​ខេត្តស្រះកែវ ជាប់ព្រំដែនកម្ពុជា ព្រមទាំងច្រកផ្សេងៗ ទៀត។

ឯកឧត្តម អ៊ាង សុផល្លែត  ក៏បាន​បញ្ជាក់​អំពី​ជំ​នួប​ជាលើកទី២ នៅ​ពេល​នេះ រវាងសម្តេចតេជោ ហ៊ុន សែន និងលោក ប្រាយុទ្ធ ដែលលើកទី១ធ្វើឡើងនៅប្រទេសអ៊ី​តាលី កាលពីដើមខែតុលានោះ នាយក​​រដ្ឋមន្រ្តីថៃ ឯកឧត្តម ប្រាយុទ្ធ ច័ន្ទ​អូ​ចា  ក៏បានស្នើនាយករដ្ឋមន្រ្តីកម្ពុជា ជំរុញឲ្យ​មានកិច្ច​សហកា​រ​ទប់ស្កាត់ការជួញដូរមនុស្ស ពង្រឹងវិស័យសុខាភិបាល និង ពង្រីក ការតភ្ជាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ ហើយ​ថា នៅ​ពេលនេះ​ ក៏​ឯកឧត្តម​ប្រាយុទ្ធ​ មាន​ប្រសាសន៍​អំពី​បញ្ហា​នេះ​ជា​ថ្មី​ផង​ដែរ។

ដោយ​ឡែក​ ពាក់ព័ន្ធនឹងការដឹកជញ្ជូនវិញ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងថា  ឯកឧត្តម ប្រាយុទ្ធ បានស្នើសុំសម្តេចតេជោ អនុញ្ញាតឲ្យថៃបន្ថែមរថយន្តចូលមកដឹកទំនិញនៅកម្ពុជា ចន្លោះពី ៤០-៥០០គ្រឿង។ បើតាមឯកឧត្តម ប្រាយុទ្ធ រថយន្តចូលទឹកទំនិញនៅកម្ពុជាពេលបច្ចុប្ប ន្នមិនគ្រប់​គ្រាន់​​នោះទេ។ ឯកឧត្តម ប្រាយុទ្ធ ក៏បានបង្ហាញពីបំណងក្នុងការពង្រីកខ្លួនទីផ្សារភាគហ៊ុន ចូលមក​ក្នុង ប្រទេសកម្ពុជា។ ឯកឧត្តម ប្រាយុទ្ធ ក៏បានស្នើឲ្យមានការបង្កើត​កញ្ចប់ទេស​ចរណ៍រវាងកម្ពុជា និង ថៃផងដែរ។

សម្តេចតេជោ ហ៊ុន សែន ជាកិច្ចស្វាគមន៍ នៃជំនួបពិភាក្សានេះ សម្តេចតេជោ បានសម្តែងការសាទរ ចំពោះការវិលត្រឡប់មករកស្ថេរភាពនៅក្នុងប្រទេសថៃ។ សម្តេចតេជោ បានបញ្ជាក់ថា ស្ថេរភាព​ក្នុងប្រទេសថៃ មានសារសំខាន់ណាស់សម្រាប់អាស៊ាន។

សម្តេចតេជោ បានថ្លែងជំរុញឲ្យមានការដោះស្រាយបញ្ហាដោយសន្តិភាពក្នុងនាមជាអ្នកជិតខាងល្អ ខិត​ខំដោះស្រាយខ្សែបន្ទាត់ព្រំដែនឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិ​វឌ្ឍន៍​ និង​មិន​ត្រូវទុកបញ្ហាមិនទាន់ដោះស្រាយ ឬបញ្ហាមួយកើតឡើងក្លាយជាឧបសគ្គ នៃទំនាក់ទំនង​គ្រប់​វិស័យ​ ហើយ​ក៏មិនត្រូវទុកឲ្យបញ្ហាមួយរីករាលដាលទៅបញ្ហាផ្សេងទៀត ត្រូវបំព្រួញ​ការមិនចុះ​សម្រុង ទំនាស់ ពង្រីកការដោះស្រាយ។

សម្តេចបានជំរុញឲ្យពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និង​វិស័យ​ផ្សេងៗទៀតឲ្យអស់សក្តានុពល រួមមាន ដូចជា៖ ការតភ្ជាប់ផ្លូវថ្នល់ ផ្លូវគោក ផ្លូវទឹក អាកាស និងបណ្តាញអគ្គិសនី ការបើកច្រកព្រំដែន និងការបង្កើតផ្សារតាមព្រំដែន។


សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឲ្យដោះស្រាយបញ្ហាឧក្រិដ្ឋកម្ម ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ការជួញ​ដូរមនុស្ស គ្រឿងញៀន និងការកាប់ឈើ។ល។ បន្ថែម​ពី​លើ​នេះ សម្តេចតេជោ ក៏បាន​ជំរុញភាគិថៃ ឲ្យរួមសហការគ្នាដោះស្រាយគ្រោះមហន្តរាយធម្មជាតិ មានដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ភ្លើងឆេះព្រៃ។ ជា​មួយ​គ្នា​នេះ សម្តេចតេជោ បានស្នើឲ្យថៃរួមគ្នាការពារប្រយោជន៍​គ្នា​ជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម ឲ្យមានភាពល្អប្រសើរដូចឆ្នាំ ២០១៣ ដែលមានទំហំពាណិជ្ជកម្ម​ប្រទេស​ទាំងពីរមានរហូតដល់ ៤,៥៥ពាន់លានដុល្លារអាម៉េរិក។ សម្តេចតេជោ ក៏បានជំរុញឲ្យនាយករដ្ឋមន្រ្តី ថៃគិតគូរទៅលើការនាំយកទំនិញរបស់កម្ពុជាចូលទៅកាន់ទីផ្សាររបស់ថៃ ដែលមិនទាន់មាន។

សម្តេចតេជោ ក៏បានលើកឡើងពីការព្រមព្រៀងគ្នារវាងក្រសួងការបរទេសកម្ពុជា-ថៃ ក្នុងការបើក​ច្រក​អន្តរជាតិស្ទឹងបត់ ការសាងសង់ស្ពាន រួមនិងការបើកច្រក៤ផ្សេងទៀត រួមមាន៖ ច្រកអានសេះ ក្នុងខេត្តព្រះវិហារ ទល់នឹងច្រក អានម៉ា ខេត្តអ៊ូប៊ុនរដ្ឋានី ប្រទេសថៃ, ច្រកភ្នំដី ខេត្តបាត់ដំបង ទល់នឹង​ច្រកបានខៅឌីន ខេត្តស្រះកែវ, ច្រកថ្មដា ខេត្តពោធិ៍សាត់ ទល់ច្រក បានថាសេន ខេត្តត្រាត ប្រទេសថៃ និង ច្រកជុំគិរី-សាយតាគូ។


សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យនាយករដ្ឋមន្រ្តីថៃ ចាត់វិធានការកុំឲ្យមានការ​បាញ់សម្លាប់​ពល​រដ្ឋខ្មែរ ដែលចូលទៅកាប់ឈើខុសច្បាប់ក្នុងទឹកដីថៃ ដែលនាំឲ្យមានថ្នាំងថ្នាក់ពីពលរដ្ឋខ្មែរ។ សម្តេច​​តេជោ បានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងការបរទេសកម្ពុជា បានបង្កើត​លេខាធិ​ការ​ដ្ឋានអចិន្ត្រៃយ៍ថ្នាក់ជាតិមួយ ដើម្បីត្រួតពិនិត្យ និងល្បាតលើបញ្ហានេះ ហើយ​ថា ភាគី​ថៃនៅ​មិនទាន់​បង្កើតនៅឡើយទេ ។ ដូច្នេះ​ហើយ សម្តេចតេជោ ស្នើឲ្យភាគីថៃបង្កើតលេខាធិការដ្ឋាននេះ ដើម្បី​ធ្វើការល្បាត និងត្រួតពិនិត្យរួមគ្នា ពេលកើតមាន បញ្ហាកើតឡើង។

ជារួម​ ចំ​ណុចគន្លឹះនៃ​នយោបាយ ​សំ​ណើរ និង​ការ​ឯកភាព​គ្នា​រវាង​នាយករដ្ឋមន្ត្រី​ទាំង​ពីរ​៖
-  សម្តេចតេជោ ហ៊ុន សែន ស្នើនាយករដ្ឋមន្រ្តីថៃ ទប់​ស្កាត់​ កុំឲ្យមានការ​បាញ់ប្រហារ ពល​រដ្ឋ​​ខ្មែរចូលកាប់ឈើខុសច្បាប់
-   សម្តេចតេជោ ​ជំរុញឲ្យដោះស្រាយបញ្ហា តាមព្រំដែន ឲ្យទៅជាព្រំដែនសន្តិភាព
-   នាយករដ្ឋមន្រ្តីកម្ពុជា-ថៃ ព្រមព្រៀងបើក ច្រកអន្តរជាតិចំនួន៥

-   នាយករដ្ឋមន្រ្តីថៃ ស្នើឲ្យមានកិច្ចសហប្រតិបត្តិការល្អ ជម្រុះរាល់ជម្លោះ នាពេលកន្លងមក៕




សេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំគណកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពញាចក្រី ហេង សំរិន