Wednesday, February 02, 2022

បទវិភាគអន្តរជាតិ៖ «ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង នឹងក្លាយជាការប្រកួតកីឡាអូឡាំពិក ប្រកបដោយភាពបៃតងបំផុត»


(ប៉េកាំង)៖ ប៉ុន្មានថ្ងៃខាងមុខទៀត ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង នឹងសម្ពោធបើក។ នៅកីឡាដ្ឋានប្រកួត ក្រៅពីអាចមើលឃើញព្រិលទឹកកកពណ៌ស ពណ៌បៃតងដែលជា និមិត្តរូបតំណាងឱ្យការពារបរិស្ថានអេកូឡូស៊ី ក៏បានក្លាយទៅជាពណ៌គួរឱ្យកត់សម្គាល់ របស់ការប្រកួតកីឡាអូឡាំពិករដូវរងា ដែលធ្វើឱ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង។


«ភាពបៃតង» ជាទស្សនៈសំខាន់នៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ដែលបានស៊ីសង្វាក់គ្នាជាមួយនឹងតម្រូវការរបស់ «របៀបវារៈអូឡាំពិកឆ្នាំ២០២០» ចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ មជ្ឈដ្ឋានខាងក្រៅបានមើលឃើញថា បន្ទាប់ពីទទួលបានជោគជ័យក្នុងការស្នើសុំធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាកាលពីឆ្នាំ ២០១៥ ប្រទេសចិនក៏បានចាប់ផ្តើមអនុវត្តជាក់ស្តែង ដោយប្រកាន់ខ្ជាប់នូវគំនិតស្តីពី «ការរៀបចំការប្រកួតកីឡាអូឡាំពិក ប្រកបដោយភាពបែបបៃតង» ហើយបានគ្រោងវិធានការជាក់លាក់ចំនួន ១១៩ លើ ៣ វិស័យ ពោលគឺការជះឥទ្ធិពលវិជ្ជមានទៅលើបរិស្ថាន ការអភិវឌ្ឍថ្មីក្នុងតំបន់ និងស្វែងរកជីវភាពរស់នៅកាន់តែល្អបវរ។


សូមយកការធានាសន្តិសុខថាមពល ដែលជាបញ្ហាសំខាន់បំផុតធ្វើជាឧទាហរណ៍។ កីឡដ្ឋានចំនួន ២៦ ទាំងអស់នៃការប្រកួតកីឡាអូឡាំពិកក្រុងប៉េកាំង សម្រេចបានជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត នូវការផ្គត់ផ្គង់អគ្គិសនីដើរដោយថាមពល «បៃតង» ក្នុងកម្រិត ១០០ភាគរយ ពោលគឺ ប្រើប្រាស់ថាមពលអគ្គិសនី ដែលផលិតដោយថាមពលកកើតឡើងវិញ។ កម្មវិធីគំរូលើវិស័យថាមពលកកើតឡើងវិញ ដែលស្ថិតនៅក្រុង Zhang jiakou នៃខេត្ត Hebei បានកែប្រែថាមពលព្រះអាទិត្យ និងខ្យល់ក្នុងតំបន់ទៅជាថាមពលអគ្គិសនីបែបស្អាត ហើយបញ្ជូនទៅកាន់សង្កាត់ប្រកួតចំនួន ៣ របស់ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ដែលស្ថិតនៅក្រុងប៉េកាំង ខណ្ឌ Yanqing និងក្រុង Zhang Jiakou។


កីឡដ្ឋានកាបូនទាប ជានិមិត្តរូបមួយទៀតរបស់ «ការរៀបចំការប្រកួតកីឡាអូឡាំពិក ប្រកបដោយភាពបៃតង»។ កីឡដ្ឋានទាំងអស់នៃការប្រកួតកីឡាអូឡាំពិកក្រុងប៉េកាំង សុទ្ធតែបានសមស្របនឹងស្តង់ដារសំណង់បែបបៃតង គឺ កីឡដ្ឋាននៃកីឡាលើព្រិលទឹកកកចំនួន ៤ បានប្រើប្រាស់អង្គធាតុត្រជាក់កាបូនឌីអុកស៊ីតប្រភេទថ្មី ហើយបានសាងសង់គម្រោងគំរូ ស្តីពីការប្រើប្រាស់ថាមពលទាបបំផុត ដែលមានទំហំលើសពី ៥ ម៉ឺនម៉ែត្រការ៉េ។


ព្រមពេលជាមួយគ្នានេះ ដើម្បីសន្សំសំចៃប្រភពធនធាន ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បានប្រើប្រាស់យ៉ាងពេញលេញនូវ «សម្បតិ្តបេតិកភណ្ឌ» ដែលបន្សល់ទុកដោយព្រឹត្តិការណ៍ប្រកួត កីឡាអូឡាំពិកក្រុងប៉េកាំងឆ្នាំ ២០០៨ ហើយបានប្រើប្រាស់បច្ចេកវិទ្យាដ៏ជឿនលឿន ដើម្បីធ្វើឱ្យមជ្ឈមណ្ឌលកីឡាជលជាតិ «គូបទឹក» ក្លាយទៅជា «គូបទឹកកក» ពោលគឺ ប្រែពីកីឡាដ្ឋានហែលទឹក ទៅជាកីឡាដ្ឋាននៃកីឡាលើព្រិលទឹកកក។ បន្ទាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបិទបញ្ចប់ កីឡដ្ឋានទាំងនេះនឹងបើកទាំងស្រុង ឱ្យសាធារណជនចូលលេងកីឡា ក្នុងន័យសម្រេចបាននូវការប្រើប្រាស់ប្រកបដោយនិរន្តរភាព។


លើសពីនេះទៅទៀត ក្នុងចំណោមក្រុមរថយន្តដែលផ្តល់សេវាកម្មដល់ ការប្រកួតកីឡាអូឡាំពិករដូវរងា រថយន្តប្រើថាមពលអ៊ីដ្រូហ្សែន និងរថយន្តអគ្គិសនីសុទ្ធមានចំនួនលើសពី ៨០ ភាគរយ ដែលបានបំបែកកំណត់ត្រាខ្ពស់បំផុត ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងានីមួយៗ។


នាពេលថ្មីៗកន្លងទៅនេះ លោក Thomas Bach ប្រធានគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ បានលើកឡើងថា គណៈកម្មាធិការត្រៀមរៀបចំការប្រកួត កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បានចាត់វិធានការជាច្រើន ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិច និងការពារបរិស្ថាន ហើយបានធ្វើតាមពាក្យសន្យារបស់ ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ស្តីពីនឹងរួមចំណែកដល់ការអភិវឌ្ឍ ប្រកបដោយនិរន្តរភាពរបស់ប្រទេសចិន។ ក្នុងក្រសែភ្នែករបស់លោក Juan Antonio Samaranch Jr ប្រធានគណៈកម្មការសម្របសម្រួល ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង នៃគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង នឹងក្លាយជាការប្រកួតកីឡាអូឡាំពិក ប្រកបដោយភាពបៃតងបំផុត។


ក្នុងពេលដ៏ខ្លីខាងមុខនេះ អត្តពលិកដែលមកពីទូទាំងពិភពលោក នឹងចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង។ ដល់ពេលនោះ ពិភពលោកនឹងមិនត្រឹមតែអាចទស្សនានូវភាពស្រស់ស្អាត នៃកីឡាប្រកួតប្រជែងប៉ុណ្ណោះទេ ថែមទាំងក៏នឹងធ្វើជា សាក្សីនៃការអនុវត្តជាក់ស្តែងរបស់ប្រទេសចិន ក្នុងការស្វែងរកការអភិវឌ្ឍប្រកបដោយនិរន្តរភាព ក៏ដូចជានឹងទទួលអារម្មណ៍យ៉ាងជ្រាលជ្រៅ ពីកាតព្វកិច្ច និងទំនួលខុសត្រូវរបស់ប្រទេសចិន ក្នុងការចូលរួមយ៉ាងសកម្មនូវអភិបាលកិច្ចអាកាសធាតុ ទូទាំងពិភពលោកផងដែរ៕ (#CCFRComment#)

ដោយៈ Fresh News




លិខិតមិត្តអ្នកអាន៖ «នយោបាយនីយកម្មកីឡារបស់លោកខាងលិច និងលក្ខណៈពិតប្រាកដរបស់កីឡាអូឡាំពិករដូវរងារទីក្រុងប៉េកាំង ២០២២»


(ភ្នំពេញ)៖ កីឡាអូឡាំពិករដូវរងារក្នុងឆ្នាំ២០២២ ដែលជាទូទៅត្រូវបានគេស្គាល់ថាជាកីឡាអូឡាំពិកទីក្រុង ប៉េកាំង ឆ្នាំ២០២២ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងប៉េកាំង ដែលជាទីក្រុងដំបូងបំផុតក្នុងប្រវិត្តសាស្ត្រ បានក្លាយជាម្ចាស់ផ្ទះទទួលស្វាគមន៍ការប្រារព្ធកីឡាអូឡាំពិក រដូវរងារផង និងរដូវក្តៅផង។


ទីក្រុងប៉េកាំងបានចំណាយថវិការសរុបចំនួន ៣.៩ពាន់លានដុល្លាសហរដ្ឋអាមេរិក ដើម្បីត្រៀមរៀបចំប្រារព្ធកីឡាអូឡាំពិករដូវរងារមួយនេះ។ ដើម្បីឆ្លើយតប និងការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងអំឡុងពេលប្រកួតកីឡានេះ ប្រទេសចិនបានចាត់វិធានការការពារការឆ្លងជំងឺកូវីដ-១៩ យ៉ាងម៉ត់ចត់ ហើយមានលក្ខណៈតឹងរ៉ឹងជាងវិធានការនៅព្រឹត្តការណ៍កីឡាអូឡាំពិករដូវក្តៅ នៅទីក្រុងតូក្យូប្រទេសជប៉ុនទៅទៀត។


ជាក់ស្តែងអត្រាឆ្លង និងចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅប្រទេសចិនមានអត្រាទាបជាងប្រទេសដទៃទៀតជាច្រើន ជាពិសេសសហរដ្ឋអាមេរិក។ វិធានការរឹតបន្តឹងថ្មីបន្ថែមពីលើគោលនយោបាយពង្រឹង គ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលជំងឺ កូវដី-១៩ ដែលមានស្រាប់នឹងជួយឱ្យប្រទេសចិន មានលទ្ធភាពខ្ពស់ក្នុងការការពារ និងបង្កើតបរិយាកាសសមរម្យ និងសុវត្ថិភាពជៀសផុតពីជំងឺកូវីដ-១៩ជូនដល់អត្តពលករ និងគណៈប្រតិភូទាំងអស់ ក្នុងអំឡុងពេលស្នាក់នៅ និងពេលចូលរួមប្រកួតកីឡាអូឡាំពិករដូវត្រជាក់ឆ្នាំ២០២២នេះ។


ជាអកុសល សហរដ្ឋអាមេរិកបែរជាដឹកនាំបង្កើតឱ្យមានការធ្វើពហិការការទូតប្រឆាំងនឹងព្រឹត្តការណ៍ កីឡាអូឡាំពិកទីក្រុងប៉េកំាងឆ្នាំ២០២២ទៅវិញ។ សហរដ្ឋអាមេរិក អូស្ត្រាលី អង់គ្លេស និង កាលណា គឺជាប្រទេសធំៗបួន ក្នុងចំណោមបណ្តាជាង២០ប្រទេស ដែលបានធ្វើពហិការមិនចុះហត្ថលេខាទទួលស្គាល់​សេចក្តីសម្រេចកីឡា​អូឡាំពិករដូវរងារក្នុងឆ្នាំ២០២២នៅទីក្រុងប៉េកាំង។ ក្នុងការធ្វើពហិការការទូត បណ្តាប្រទេសដែលដឹកនាំដោយសហរដ្ឋអាមេរិក បានឆ្លៀតឱកាសប្រើប្រាស់ព្រឹត្តការណ៍​កីឡាអូឡាំពិកធ្វើជាឧបាយកលញុះញុងបែបនយោយ។ ទង្វើរបែបនេះគឺផ្ទុយស្រឡះទៅនឹងគោលការណ៍ និងស្មារតីកីឡា ដែលគណៈកម្មការអូឡាំពិក​អន្តរជាតិបានបញ្ជាក់យ៉ាងច្បាស់រួចមកហើយថា គោលបំណងនៃការប្រារព្ធកីឡាអូឡាំពិក គឺដើម្បីរួមចំណែកកសាងសន្តិភាព និងពិភពលោកមួយដ៏ល្អប្រសើរ ដោយអប់រំក្មេងជំនាន់ក្រោយអំពីការលេងកីឡាដោយគ្មានការរើសអើងគ្រប់រូបភាព ជាមួយស្មារតីកីឡាអូឡាំពិក ដែលទាមទារឱ្យមានការយល់គ្នាទៅវិញទៅមក ស្មារតីជាមិត្ត ការរួមសាមគ្គី និងការប្រកួតដោយយុត្តិធម៌។


លោក Thomas Bach ប្រធានគណៈកម្មការអូឡាំពិកអន្តរជាតិ ក៏បានលើកឡើងដោយខ្លួនឯងផ្ទាល់ផងដែរថា កីឡាអូឡាំពិករដូវរងារក្នុងឆ្នាំ២០២២ មិនគួរត្រូវបានយកទៅប្រើប្រាស់ដើម្បីបង្កើនភាព តានតឹងសកលនោះទេ ពីព្រោះថាការចូលរួមរបស់អត្ដពលិកគឺជាការព្រមព្រៀងមតិជាសកលរួចទៅហើយ។ លោកក៏បានបន្ថែមទៀតថា «យើងកំពុងតែរស់នៅក្នុងពិភពលោកដែលកំពុងប្រឈមមុខដាក់គ្នា និងបែក បាក់គ្នា ហើយកម្រិតនៃការប្រឈមមុខដាក់គ្នានោះទៀតសោតក៏កំពុងតែកើនឡើងផងដែរ។ ប្រសិនបើ ការប្រកួតកីឡាអូឡាំពិកនេះ ក្លាយទៅជាចំណែកមួយនៃការប្រឈមមុខដាក់គ្នាបែបនេះ គឺវាផ្ទុយស្រឡះ ជាមួយនឹងបេសកកម្មរបស់គណៈកម្មការអូឡាំពិកអន្តរជាតិ» ។ 

ប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិចំនួន១៧៣ បានគាំទ្រសេចក្តីសម្រេចស្តីអំពី «ការកសាងសន្តិភាព និងពិភពលោកដ៏ល្អប្រសើរ តាមរយៈកីឡានិងស្មារតីអូឡាំពិក» ដែលអនុម័តនៅ ក្នុងសន្និបាតលើកទី៧៦របស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ដែលប្រទេសចិន និងគណៈកម្មាធិការអូឡាំពិកអន្តរជាតិជាអ្នករៀបចំសេចក្តីព្រាង។


សហរដ្ឋអាមេរិក អូស្ត្រាលី អង់គ្លេស កាណាដា និងប្រទេសមួយចំនួនទៀតបានប្រព្រឹត្តផ្ទុយ ពីស្មារតីកីឡាអូឡាំពិក និងបង្កើតឧបាយកកលញុះញុងបែបនយោយ នៅក្នុងអំឡុងពេលដែលសាមគ្គីភាពសកល កិច្ចសហប្រតិបត្តិការរួម និងមិត្តភាពមានសារៈសំខាន់បំផុតសម្រាប់យើងទាំងអស់គ្នា។ ជា ការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានលើកឡើងថា ចិនមិនបាន ផ្ញើរសំបុត្រអញ្ជើញទៅប្រទេសដែលធ្វើពហិការការទូតនោះទេ។ គាត់បានបន្ថែមថា កីឡាមិនមានអ្វីពាក់ ព័ន្ធជាមួយនឹងនយោបាយនោះទេ ហើយកីឡាអូឡាំពិកគឺជាវេទិការប្រកួតប្រជែងរបស់អត្ដពលិក និងអ្នកគាំទ្រកីឡា មិនមែនជាវេទិការសម្រាប់អ្នកនយោបាយនោះទេ។


អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានទទួលលិខិតអញ្ជើញពីគណៈកម្មការអូឡាំពិកអន្តរជាតិ និងចូលរួមកីឡាអូឡាំពិកទីក្រុងប៉េកាំងឆ្នាំ២០២២។ ផ្ទុយពីសហរដ្ឋ អាមេរិក និងបណ្តាប្រទេសដែលធ្វើពហិការការទូត ប្រទេសបារាំងគ្មានគម្រោងនឹងចូលរួមពហិការការទូត កីឡាអូឡាំពិករដូវរងារឆ្នាំ២០២២នោះទេ។ លោកប្រធានាធិបតីបារាំង Emmanuel Macron បានលើក ឡើងទៀតថា ការធ្វើពហិការការទូតបែបនេះគ្មានសារៈសំខាន់ និងសឹងតែគ្មាននិមិត្តរូបអ្វីនោះទេ។


យ៉ាងហោចណាស់មានប្រមុខដឹកនាំ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល សមាជិកព្រះរាជវង្សានុវង្ស និង ប្រធានស្ថាប័នអន្តរជាតិធំៗ ចំនួន៣២រូប នឹងចូលរួមពិធីបើកកីឡាអូឡាំពិករដូវរងារទីក្រុងប៉េកាំង ឆ្នាំ២០២២។ ដូចដែលលោក Wang Wenbin បានលើកឡើង ជោគជ័យរបស់ទីក្រុងប៉េកាំងក្នុងការធ្វើ ជាម្ចាស់ផ្ទះក្នុងព្រឹត្តការណ៍ប្រវត្តិសាស្ត្រកីឡាអូឡាំពិក២០២២ មិនអាស្រ័យលើសហរដ្ឋអាមេរិក អូស្ត្រាលី អង់គ្លេស និងកាណាដា បញ្ចូនមន្ត្រីមកចូលរួមការប្រកួតនោះទេ។ ប្រទេសចិន នឹងស្វាគមន៍យ៉ាងកក់ ក្តៅដល់អត្ដពលិក និងគណៈប្រតិភូអមដំណើរទាំងអស់ ដែលនឹងចូលរួមការប្រកួតកីឡាអូឡាំពិករដូវ រងារទីក្រុងប៉េកាំងឆ្នាំ២០២២ និងចាត់វិធានការការពារមិនឱ្យមាន ការឆ្លងជំងឺកូវដី-១៩ និងសុវត្ថិភាព ជូនអ្នកចូលរួមគ្រប់ៗគ្នា៕

ប្រភពៈ Fresh News