Monday, February 29, 2016

កម្ពុជាគ្រោងនឹងនាំចេញផលិតផលនានាចូលទៅទីផ្សារប្រទេសចិន


នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ​រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មបានអះអាងថា ក្រសួងពាណិជ្ជកម្មកម្ពុជាកំពុងតែចរចា ស្នើសុំឱ្យភាគី ចិនពិនិត្យ និងពិចារណាបន្ថែមទៀតលើផលិតផលម្រេច ស្វាយចន្ទី ចេក និងកៅស៊ូពីកម្ពុជា សម្រាប់នាំចូលទៅកាន់ទីផ្សារប្រទេសចិន។
ថ្លែងបា្រប់អ្នកសារព័ត៌មានបន្ទាប់ពីចូលរួមបើកក្នុងកម្មវិធីអ៊ិម អូ ស៊ី ១០១ វគ្គផ្ដាច់ព្រ័ត្រស្ដីពីការ ធ្វើបទ បង្ហាញអំពីគំនិតអាជីវកម្មទៅកាន់វិនិយោគិន កាលពីចុងសប្ដាហ៍នេះ នៅទីស្ដីការ ក្រសួង ពាណិជ្ជកម្ម ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួង ពាណិជ្ជកម្ម បានមាន ប្រសាសន៍ ថា រហូតមកដល់ពេលនេះ ក្រសួងកំពុងខិតខំប្រឹងប្រែងចរចាជាមួយភាគីចិន ដើម្បីឱ្យរដ្ឋាភិបាលចិនទទួលយកផលិតផលម្រេច ស្វាយ ចន្ទី ចេក និងកៅស៊ូ ដែលជាផលិត របស់កម្ពុជា សម្រាប់នាំចូលទៅកាន់ប្រទេសចិន។
ឯកឧត្តមបានបញ្ជាក់ថា កន្លងមកភាគីចិន បានកំណត់កូតាឱ្យកម្ពុជាសម្រាប់នាំចេញផលិតផល ទៅកាន់ទីផ្សារប្រទេសចិន ដែលភាគីចិនបានផ្ដល់កូតាឱ្យកម្ពុជាធ្វើការនាំចូល នូវផលិតផលអង្ករ ចំនួន១០ម៉ឹន តោនក្នុងមួយឆ្នាំ។ ប៉ុន្ដែចំពោះផលិតផលម្រេច និងផលិតផលផ្សេងទៀត ភាគី ទាំងពីរ នៅមិនទាន់បានកំណត់ កូតាផ្ដល់ឱ្យកម្ពុជានៅឡើយនោះទេ។
ឯកឧត្តមទេសរដ្ឋមន្រ្ដីបានបន្ដទៀតថា បច្ចុប្បន្ននេះ ចិនបានអនុញ្ញាតឱ្យផលិត ផលរបស់កម្ពុជា ដែល អាចនាំចូលទៅត្រង់ ក្នុងទីផ្សារក្នុងប្រទេសចិនតែម្ដងរួមមានអង្ករ ដំឡូងមី និងពោត ក្រហម។ ជាមួយគ្នានេះ ចំពោះផលិតផលម្រេចកំពត ត្រូវបានប្រទេសជាច្រើន នៅលើសកល លោកទទួលស្គាល់ថាជាប់ចំណាត់ថ្នាក់ លេខ១ ដែលជាផលិតផលរបស់កម្ពុជា ហើយគិតមក ដល់ពេលនេះ ម្រេចកំពតត្រូវបានធ្វើការនាំចេញ ទៅក្រៅប្រទេស ដែលមានចំនួនសរុប ប្រមាណ៥០តោន ក្នុងមួយឆ្នាំៗ។
តែទោះបីជាយ៉ាងក៏ដោយ ឯកឧត្តមទេស រដ្ឋមន្រ្ដីបានអះអាងថា បើទោះជាបណ្ដាប្រទេសមួយ ចំនួនកំពុងតែមានការថយចុះចំពោះការនាំចេញផលិតផលរបស់ខ្លួនទៅក្រៅប្រទេស និងបញ្ហា សេដ្ឋកិច្ចពិភព លោកកំពុងជួបប្រទះនូវវិបត្ដិយ៉ាងណាក្ដី ប៉ុន្ដែការនាំចេញគ្រប់ ផលិតផល របស់កម្ពុជាទៅកាន់ទីផ្សារក្រៅ ប្រទេសនាពេលបច្ចុប្បន្ននេះ ស្ថានភាពនៅមិនមាន ជួបនូវបញ្ហា អ្វីកើតឡើងនោះទេ គឺការនាំចេញកំពុងមាន ការរីកចម្រើន និងមានកំណើនជាធម្មតា។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៦នេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងតែធ្វើការចរចាជាមួយភាគីចិន ស្ដីពី ភោត្ដគ្រាមអនាម័យ ពាក់ព័ន្ធ នឹងការនាំចេញផលិតផលពីកម្ពុជាជា ច្រើនមុខបន្ថែមទៀត ដូចជាម្រេច ស្វាយ ចន្ទី ចេក និងកៅស៊ូ ដើម្បីនាំចូលទៅកាន់ទីផ្សារប្រទេសចិន៕



កម្ពុជា-គុយបា បង្ហាញនូវជំហរគាំទ្រគ្នាទៅវិញទៅមក

នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះប្រទេសកម្ពុជា និង ប្រទេស គុយបា បាន បង្ហាញនូវជំហរគាំទ្រគ្នាទៅវិញទៅមក ហើយការគាំទ្រគ្នានេះបានលើកឡើងនៅ ក្នុងការជួប សម្តែងការគួរសម និងសវនាការទ្វេភាគី រវាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ដឺ ចេហ្សឺស(Juan be Jesus.Hidalgo –Gato Peres) ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មីនៃសាធារណរដ្ឋគុយបាប្រចាំកម្ពុជានៅវិមានរដ្ឋសភា។
តាមប្រសាសន៍ឯកឧត្តម កែវ ពិសិដ្ឋ មន្ត្រីនាំពាក្យសម្តេចប្រធានរដ្ឋសភាបានឱ្យដឹង ក្រោយជំនួប នោះថា ជាមួយនឹងការពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខពីឯកឧត្តមប្រធាន រដ្ឋសភាគុយបា ជូនសម្តេចប្រធាន ឯកឧត្តម ដឺ ចេហ្សឺស ត្រូវបានរដ្ឋាភិបាលសាធារណរដ្ឋ គុយបាតែងតាំង ថ្មីជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋគុយបាប្រចាំកម្ពុជា។
ឯកឧត្តមបន្ថែមថា វាជាកិត្តិយសសម្រាប់រូបឯកឧត្តម ដែលបានមកបំពេញការងារ ជា ឯកអគ្គរដ្ឋទូតនៅកម្ពុជា។ ឯកឧត្តមបានលើកឡើងថា ប្រទេសទាំងពីរកម្ពុជា-គុយបា ធ្លាប់មានទំនាក់ទំនងស្អិតរមួតជាមួយគ្នាក្នុងរយៈកន្លងមក ហើយកន្លងមក សភាប្រទេស ទាំងពីរក៏មានក្រុមមិត្តភាពសភាកម្ពុជា-គុយបា និងក្រុមមិត្តភាពសភាគូបា-កម្ពុជាផងដែរ។ តាមរយៈក្រុមមិត្តភាពសភាប្រទេសទាំងពីរនេះ បានបន្តកិច្ចសហប្រតិបត្តិការគ្នាយ៉ាងស្អិតរមួត ដែលបង្ហាញឱ្យឃើញថា ទំនាក់ទំនងកម្ពុជា-គុយបា ទាំងក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ និង នីតិប្រតិបត្តិកម្ពុជា-គុយបាកាន់តែប្រសើរឡើង។ ក្នុងនាម ជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ឯក ឧត្តមថានឹងខិតខំធ្វើយ៉ាងណា ដើម្បីឱ្យទំនាក់ទំនងកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែមានភាពស្អិតរមួតថែមទៀត។ ឯកឧត្តមក៏បាន អរគុណចំពោះរាជរដ្ឋាភិបាល ក៏ដូចជា រដ្ឋសភាកម្ពុជា ដែលបានគាំទ្រដល់ប្រទេសគុយបា។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានស្វាគមន៍ និងអបអរសាទរ ចំពោះឯកឧត្តម ដឺ ចេហ្សឺស ដែលត្រូវបានរដ្ឋាភិបាលសាធារណរដ្ឋគុយបាតែងតាំង ថ្មីជា ឯកអគ្គរដ្ឋទូតគូបាប្រចាំកម្ពុជា។
សម្តេចបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតគុយបាមុនៗ ដែលបានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការបន្តថែរក្សាពូនជ្រុំទំនាក់ទំនងកិច្ច សហប្រតិបត្តិការ កម្ពុជា-គុយបា កាន់តែមានភាពល្អប្រសើរ។
សម្តេចប្រធានសង្ឃឹមថា ក្នុងអាណត្តិការទូតថ្មីរបស់ឯកឧត្តមនៅកម្ពុជា នឹងបន្តទំនាក់ទំនង ប្រទេសទាំងពីរកម្ពុជា-គុយបា ត្រូវបានលើកកម្ពស់ និងទទួលបានផ្លែផ្កាថ្មីៗថែមទៀត។ សម្តេចក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនគូបា ដែលបានឧបត្ថម្ភគាំទ្រដល់ កម្ពុជាតាំងពីដំណាក់កាលប្រទេសកម្ពុជា ត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុលពត ឆ្នាំ១៩៧៩ រហូតកម្ពុជាមានការអភិវឌ្ឍដូចបច្ចុប្បន្ន។
សម្តេចក៏បានអរគុណដល់រដ្ឋាភិបាលគុយបាផងដែរ ដែលនៅតែបន្តផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជាបានទៅសិក្សានៅគុយបា សម្រាប់ជាធនធានយ៉ាងសំខាន់ ក្នុងការជួយ អភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា។ ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចសូមគាំទ្រពេញទំហឹង ដើម្បីឱ្យបេសកកម្មការទូតក្នុងអាណត្តិថ្មីរបស់លោកទទួលបានជោគជ័យ៕



សម្តេច​តេជោ ហ៊ុន សែន អះអាង​ថាការលើក​ឡើងថា «គ្រូពេទ្យ​១០០ ខូច ៩៩ភាគ​រយ» ជាការ​ប្រមាថធ្ងន់​ធ្ងរដល់ក្រុម​គ្រូពេទ្យ​កម្ពុជា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រតិកម្មយ៉ាងខ្លាំងចំពោះការលើកឡើងថា «គ្រូពេទ្យ ១០០ ខូច ៩៩ភាគរយ» ដោយសម្តេចចាត់ទុកការលើកឡើងនេះ ជាការប្រមាថដ៏ធ្ងន់ធ្ងរមួយទៅលើក្រុមគ្រូពេទ្យកម្ពុជា។
សម្តេចបានមានប្រសាសន៍ដូចនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់អគារថ្មី នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានទទួលស្គាល់ថា នៅកម្ពុជាមានចំណុចខ្វះខាតក្នុងវិស័យសុខាភិបាល មានគ្រូពេទ្យខ្លះខ្វះក្រមសីលធម៌ មានគ្រូពេទ្យគិតលុយជាធំ និងគ្រូពេទ្យប្រើសម្តីអាក្រក់ដាក់អ្នកជំងឺ តែក៏មានគ្រូពេទ្យជាច្រើនមានក្រមសីលធម៌ថ្លៃថ្នូរ និងបានជួយសង្រ្គោះជីវិតអ្នកជំងឺផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា សម្តេចបានស្តាប់ឮ ឃើញមានសំឡេងត្អូញត្អែរ ពីសំណាក់ពលរដ្ឋរបស់យើងមួយចំនួន រហូតមានអ្នកធ្វើអត្ថាធិប្បាយទៅដល់ប្រមាថ មាក់ងាយចំពោះគ្រូពេទ្យរបស់យើង។ ត្រង់ចំណុចនេះយើងត្រូវទទួលស្គាល់ថា នៅមានចំណុចខ្វះខាត ប៉ុន្តែមិនដល់ថ្នាក់ ១០០ ខូចអស់៩៩ នៅសល់តែមួយនោះទេ។ សម្តេចក៏បានបន្តទៀតថា រហូតមានអ្នកខ្លះអំពាវនាវឲ្យធ្វើបដិវត្តន៍នៅក្នុងគ្រូពេទ្យដែលទាំងអស់នេះ ធ្វើឱ្យសម្តេចមិនអាចទទួលបានជាដាច់ខាត។

គេនៅចាំបានថា អ្នកដែលបានលើកឡើងថា គ្រូពេទ្យ ១០០ ខូច ៩៩ភាគរយ នេះ គឺជាលោកវេជ្ជបណ្ឌិត គួច ម៉េងលី ហើយក៏ត្រូវបានគណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា ស្នើឲ្យមានការសូមទោស រហូតមានការឆ្លើយឆ្លងលិខិតគ្នាជាច្រើនលើក ដោយលោក គួច ម៉េងលី មិនព្រមសុំទោសនូវអ្វីដែលខ្លួនបានលើកឡើងនោះឡើយ។ ចុងក្រោយការឆ្លើយឆ្លងលិខិត    រវាងលោក គួច ម៉េងលី និងគណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា ត្រូវបានបញ្ចប់ បន្ទាប់លោក គួច ម៉េងលី ព្រមទទួលស្គាល់ថា នៅកម្ពុជាក៏មានគ្រូពេទ្យជាច្រើនមានក្រុមសីលធម៌វិជ្ជាជីវៈល្អ៕