Friday, April 29, 2022

សេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តប្រមាណ ១៤២ច្បាប់ត្រូវបានក្រុមប្រឹក្សាអ្នកច្បាប់ទីស្តីការគណរដ្ឋមន្ត្រីពិនិត្យ និងផ្តល់យោបល់

 

ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណរដ្ឋមន្ត្រីតាមរយៈកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារ សម្រាប់អនុវត្តឆ្នាំ២០២២ របស់ក្រុមប្រឹក្សាអ្នកច្បាប់ក្រោមអធិបតីភាព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់។


យោងតាមប្រកាសព័ត៌មានបានអោយដឹងថា រយៈពេល១ឆ្នាំ ២០២១កន្លងមកនេះ ក្រុមប្រឹក្សាអ្នកច្បាប់បានចូលរួមពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងឯកសារផ្សេងៗ សរុបចំនួន១៤២ នៅក្នុងកិច្ចប្រជុំចំនួន ៣៣៨លើក ដែលក្នុងនោះមានសេចក្ដីព្រាងច្បាប់ចំនួន២១ សេចក្ដីព្រាងព្រះរាជក្រឹត្យចំនួន៤ សេចក្ដីព្រាងអនុក្រឹត្យចំនួន៤៥ សេចក្ដីព្រាងសេចក្ដីសម្រេចចំនួន៥ និងឯកសារផ្សេងៗចំនួន៦៧។

ឯកកសារពាក់ព័ន្ឋនឹងផ្លូវច្បាប់ទំាងអស់នោះត្រូវបានក្រុមប្រឹក្សាអ្នកច្បាប់ ទីស្តីការគណៈរដ្ឋមន្ត្រីអះអាងថា បានរួមចំណែកលើវិស័យយុត្តិធម៌ក្នុងដំណើរការពង្រឹងនីតិរដ្ឋ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។

ជាមួយនេះអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក៍បានរៀបចំសេចក្តីព្រាងព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ចំនួន១៩, រៀបចំបែបបទបញ្ជូនសេចក្តីព្រាងច្បាប់ទៅស្ថាប័ននីតិប្បញ្ញត្តិចំនួន២១, សម្របសម្រួលឱ្យមានតំណាង រាជរដ្ឋាភិបាលទៅការពារសេចក្តីព្រាងច្បាប់នៅ ស្ថាប័ននីតិប្បញ្ញត្តិចំនួន៥៣លើក, ប្រជុំជាមួយតំណាងក្រសួងស្ថាប័ននានាដើម្បីពិនិត្យ និងកែសម្រួលលើសេចក្ដីព្រាងសេចក្ដីថ្លែងហេតុរបស់រាជរដ្ឋាភិបាល គោរពជូនរដ្ឋសភាចំនួន២០លើក និងសម្របសម្រួលការងារសំណួរចម្លើយសភាចំនួន១០ករណីផងដែរ។

តាមរយៈសមិទ្ធផលការងារនេះបង្ហាញថា ក្រុមប្រឹក្សាអ្នកច្បាប់សម្រេចបានលទ្ធផលការងារជាច្រើនជូនរាជរដ្ឋាភិបាលលើទិដ្ឋភាពច្បាប់និងទិដ្ឋភាពពាក់ព័ន្ធផ្សេងៗទៀត។

ក្នុងគោលបំណងពង្រឹង ប្រសិទ្ធភាព កិត្យានុភាព សាមគ្គីភាព និងឯកភាពផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់ ឯ.ឧ កិតិ្តនីតិកោសលបណ្ឌិត បានណែនាំឱ្យក្រុមប្រឹក្សាអ្នកច្បាប់បន្តពង្រឹងសមត្ថភាពផ្ទាល់ខ្លួនបន្ថែមទៀត តាមរយៈការខិតខំស្រាវជ្រាវ និងអភិវឌ្ឍសមត្ថភាព និងចែករំលែកបទពិសោធន៍ដើម្បីបង្កើនការយល់ដឹងផ្នែកច្បាប់ឱ្យកាន់តែប្រសើរ ដើម្បីបន្តពង្រឹងគុណភាពនៃការផ្តល់យោបល់ រួមចំណែកដល់ការធានាការគោរពនិងរក្សាឱ្យបាននូវគោលការណ៍សង្គតិភាពនិងសន្តិសុខគតិយុត្ត សំដៅរក្សាបាននូវតម្លៃគតិយុត្តនិងការអនុវត្តយូរអង្វែង រួមចំណែកលើវិស័យយុត្តិធម៌ក្នុងដំណើរការពង្រឹងនីតិរដ្ឋរបស់កម្ពុជាផងដែរ៕

អត្ថបទ ហ៊ុន ឌីណូ រូបភាព ក្រុមការងារទីស្តីការគណរដ្ឋមន្ត្រី









វីដេអូ៖ ទស្សនះមិត្តអ្នកអាន៖ «ការបំពានច្បាប់ម្តងហើយម្តងទៀតរបស់សហជីពនៃក្រុមហ៊ុនណាហ្គាវើល!»

 

ទស្សនះមិត្តអ្នកអាន : «ការអំពាវនាវរកជំនួយរបស់សហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៏ គឺជាឆាកល្ខោន បំភាន់ភ្នែក»

កាលពីថ្ងៃទី២៧ មេសា ឆ្នាំ ២០២២ សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏បានចេញសេចក្តីអំពាវនាវមួយដើម្បីស្វែងរកជំនួយពីសប្បុរសជនក្រោមហេតុផលថា បុគ្គលិកកម្មករដែលតវ៉ាឲ្យថៅកែយកចូលធ្វើការវិញនោះ កំពុងជួបការខ្វះខាតផ្នែកជីវភាព ហើយពួកគេភាគច្រើនជាស្ត្រី។ បើអានសេចក្តីអំពាវនាវនេះមួយភ្លែត គេហាក់ដូចជាមានអារម្មណ៍ថា ក្រុមអ្នកតវ៉ាទាំងនោះ ហាក់ដូចជាកំសត់ណាស់។ 

ប៉ុន្តែ ប្រសិនបើពិចារណាអោយជ្រៅបន្តិចទៅលើសកម្មភាពរបស់ពួកគេដែលបាននិងកំពុងធ្វើវិញ គ្រប់គ្នាច្បាស់ជាយល់បានថា សេចក្តីអំពាវនាវនេះគ្រាន់តែជាឆាកល្ខោនបន្លំភ្នែកតែប៉ុណ្ណោះ។ តាមពិតទៅ ក្រុមនេះមិនកំសត់ដូចដែលសហជីពនេះបានលើកឡើងនោះទេ ពីព្រោះពួកគេអាចធ្វើសកម្មភាពបែបនេះបានក្នុងរយៈពេលជាច្រើនខែមកនេះគឺដោយសារតែមានអ្នកឧបឧត្ថម្ភពីក្រោយខ្នងយ៉ាងរឹងមាំក្នុងចេតនាចិញ្ជឹមទំនាស់ដោយចិញ្ចឹមចលនាបាតុកម្មខុសច្បាប់នេះឲ្យនៅរស់រវើក ទោះជាការតវ៉ានេះខុសទំនងនិងខុសច្បាប់ការងារក៏ដោយ ជាពិសេសគឺការទាមទារបង្ខំគំរាមថៅកែឱ្យយកពួកខ្លួនចូលធ្វើការវីញដែលគ្មានច្បាប់នៅក្នុងប្រទេសណាមួយក្នុងពិភពលោក មានចែងនិងធ្លាប់បានអនុវត្តនោះឡើយ។ ចំណុចដែលគួរឲ្យពិចារណាមាន ដូចតទៅ៖

ទី១៖ ប្រសិនបើជាវិវាទការងារពិតប្រាកដ បញ្ហាអាចដោះស្រាយបានយ៉ាងងាយដោយឈរលើច្បាប់ការងារពីព្រោះក្នុងការបញ្ចប់កិច្ចសន្យាការងារ និយោជកត្រូវផ្តល់សំណងនិងអត្ថប្រយោជន៍ផ្សេងៗដល់កម្មករ និយោជិតទៅតាមច្បាប់ដែលបានចែង។ ក្នុងន័យនេះ និយោជកក្រុមហ៊ុនណាហ្គាវើលបានយល់ព្រមអនុវត្តតាមច្បាប់ការងារទាំងអស់ ហើយបុគ្គលិកកម្មករភាគច្រើនក៍បានទទួលយកដំណោះស្រាយតាមនីតិវិធីច្បាប់រួចរាល់ហើយដែរ។ ប៉ុន្តែនៅសល់តែបុគ្គលិកនិងកម្មករមួយក្រុមតូចដែលដឹកនាំដោយសកម្មជននយោបាយ ឈឹម ស៊ីថរ និងដោយមានការទំនុកបំរុងជាប្រចាំនិងយ៉ាងសកម្មពីសង្គមស៊ីវីលមួយចំនួនដែលទទួលជំនួយពីពួកបរទេស បែរជាមិនព្រមទទួលយកដំណោះស្រាយ ហើយបែរជាទាមទារឲ្យថៅកែយកចូលធ្វើការវិញ? នេះគឺជាការទាមទារខុសពីនីតិវិធីច្បាប់ពីព្រោះគ្មានច្បាប់ណាបង្ខំឲ្យនិយោជកត្រូវទទួលយកកម្មករ និយោជិតតាមការបង្ខិតបង្ខំនោះឡើយ។

ទី២៖ សំណងដែលនិយោជកផ្តល់ជូន ក៍មានចំនួនច្រើនគួរសម និងសមរម្យដែលអាចអនុញ្ញាត ឲ្យកម្មករនិយោជិតអាចដោះស្រាយជីវភាពបានក្នុងកំឡុងពេលស្វែងរកការងារថ្មី។ ចុះហេតុអ្វីបានជាមិនព្រមទទួលយដំណោះស្រាយតាមច្បាប់ការងារដែលជាប្រយោជន៍សម្រាប់ខ្លួនឯងបែរទៅជាជ្រើសរើសយកមធ្យោបាយតវ៉ាដែលមិនសមទំនងហើយខាតប្រយោជន៍បែបនេះទៅវិញ? តើមានអ្វីនៅពីក្រោយការតវ៉ាបែបនេះ?

ទី៣៖ បន្ទាប់ពីការតវ៉ាខុសច្បាប់និងខុសទំនងអស់រយៈពេលជាច្រើនខែ និងបន្ទាប់ពីរងការរិះគន់ថាមានអ្នកឧបត្ថម្ភពីក្រោយខ្នង និងមានភស្តុតាងជាច្រើនដែលគេចាប់បាន ទើបសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលបានចេញសេចក្តីអំពាវនាវមួយដើម្បីស្វែងរកជំនួយពីសប្បុរសជន។ ចុះរយៈ ពេលជាច្រើនខែមកនេះ ពួកគេបានលុយមកពីណាដើម្បីធ្វើសកម្មភាពបាតុកម្មតវ៉ានិងផ្គត់ផ្គង់ជីវភាពបើគ្មានអ្នកឧត្ថម្ភពីក្រោយខ្នងទេនោះ? 

ទី៤៖ការអំពាវនាវរបស់សហជីព នេះដើម្បីស្វែងរកជំនួយពីសប្បុរសជនធ្វើឡើងក្រោមហេតុផលដើម្បីការពារសិទ្ធិ

ការងារ និងដោយយកស្ត្រីមកធ្វើជាលេសដើម្បីទាក់ទាញចំណាប់អារម្មណ៍ ។ ប៉ុន្តែសំណួរ នៅត្រង់ថា ប្រសិនបើពួកគេតវ៉ាដើម្បីសិទ្ធិការងារនិងយុត្តិធម៌សង្គម ម្តេចក៍មិនទទួលយកការសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលនិងដំណោះស្រាយតាមច្បាប់ការងារដែលនិយោជកដោះស្រាយជូន? 

ការដាក់លក្ខខណ្ឌឲ្យនិយោជកត្រូវយកខ្លួនចូលធ្វើការវិញដោយចាត់ទុកថាជាដំណោះស្រាយតែមួយគត់ គឺមិនមែនជាការការពារសិទ្ធិការងារនិងយុត្តិធម៌សង្គមទេ។ សិទ្ធិការងារគឺជាសិទ្ធិដែលនិយោជកនិងនិយោជិតព្រមព្រៀងគ្នាដោយគោរពតាមច្បាប់ការងារ ចំណែកឯយុត្តិធម៌សង្គមគឺជាយុត្តិធម៌សម្រាប់ភាគីទាំងសងខាង មិនមែនជាការ

បង្ខំឲ្យនិយោជកទទួលយកខ្លួនឲ្យចូលធ្វើការនោះទេពីព្រោះទាល់តែមានការព្រមព្រៀងរវាងបុគ្គលិកនិងថៅកែទើបមានការងារធ្វើ។ គ្មានបុគ្គលណាចង់បានការងារធ្វើហើយមានសិទ្ធិបង្ខំនិយោជកឲ្យទទួលយកខ្លួនធ្វើការនោះទេ។

ដោយឈរលើហេតុផលទាំងអស់នេះ គេអាចយល់បានថា សេចក្តីថ្លែងការណ៍អំពាវនាវរបស់សហជីពនេះដើម្បីស្វែងរកជំនួយពីសប្បុរសជន គ្រាន់តែជាឆាកល្ខោនដើម្បីបិទបាំងម្ចាស់ជំនួយលាក់មុខរបស់ខ្លួន និងដើម្បីជាលេស 

អូសបន្លាយបញ្ហាតែប៉ុណ្ណោះ៕

ដោយ : អ្នកនយោបាយតុកាហ្វេ












វិភាគអន្តរជាតិ៖ តើអឺរ៉ុប អាចរស់នៅដោយគ្មានឧស្ម័នរុស្ស៉ី បានដែរឬទេ?


(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនឧស្ម័នរុស្ស៉ី ហ្កាសព្រំ (Gazprom) នៅក្នុងសប្ដាហ៍នេះបានឱ្យដឹងថាខ្លួនបានសម្រេចចិត្តកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់ ប្រទេសប៉ូឡូញ និងប៊ុលហ្ការី បន្ទាប់ពីប្រទេសទាំង២នេះបដិសេធបង់ថ្លៃទិញឧស្ម័នជា «ប្រាក់រូប្លិ៍» ហើយវិមានក្រឹមឡាំងក៏បានព្រមានដែរថានឹងធ្វើ ដូចគ្នានេះដាក់ប្រទេសអឺរ៉ុបដទៃទៀតដែលមិនព្រមបង់ថ្លៃទិញឧស្ម័នជាប្រាក់រុស្ស៉ី។ ការសម្រេចចិត្តបែបនេះរបស់ទីក្រុងមូស្គូ ត្រូវបានគេមើលឃើញ ថានឹងកាន់តែបង្កភាពតានតឹងរវាងវិមានក្រឹមឡាំង និងអឺរ៉ុបពាក់ព័ន្ធនឹងថាមពល ព្រមទាំងសង្រ្គាមនៅអ៊ុយក្រែន ក៏ដូចជាជំរុញឱ្យបណ្ដាប្រទេសអឺរ៉ុប ត្រូវគិតគូពន្លឿនផែនការកាត់បន្ថយការពឹងផ្អែកលើការទិញឧស្ម័ន និងប្រេងពីរុស្ស៉ី។


ខាងក្រោមជាចំណុចសំខាន់ៗដែលគួរដឹងពីស្ថានភាពឧស្ម័ននៅក្នុងតំបន់អឺរ៉ុប៖


* តើរុស្ស៉ីបានធ្វើអ្វីខ្លះ?

ក្រុមហ៊ុនឧស្ម័នរដ្ឋរុស្ស៉ី ហ្កាសព្រំ (Gazprom) បានប្រកាសពីការកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប៉ូឡូញ និងប៊ុលហ្ការី បន្ទាប់ប្រទេសទាំង២នេះ មិនព្រមបង់ថ្លៃទិញឧស្ម័នជាប្រាក់រូប្លិ៍ តាមការទាមទាររបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ បើតាមមេដឹកនាំអឺរ៉ុប នៅក្នុងកិច្ចសន្យាទិញឧស្ម័នពី រុស្ស៉ី គឺតម្រូវឱ្យបង់ជាប្រាក់អឺរ៉ូប ឬប្រាក់ដុល្លារអាមេរិក ហើយមិនអាចធ្វើការកែប្រែភ្លាមៗដោយភាគីណាមួយនោះទេ។ មែនទែន ប៉ូឡូញ បានត្រៀមខ្លួនជាយូរណាស់មកហើយ ដើម្បីប្រឈមមុខនឹងការកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នពីរុស្ស៉ី ដោយបានសាងសង់ស្ថានីយទទួលឧស្ម័នដឹកតាម កប៉ាល់ ហើយថែមទាំងមានផែនការលុបចោលកិច្ចព្រមព្រៀងនាំចូលឧស្ម័នរបស់ខ្លួនជាមួយក្រុមហ៊ុន Gazprom នៅដំណាច់ឆ្នាំ២០២២នេះទៀត ផង។ រីឯ ប៊ុលហ្ការីវិញក៏បានអះអាងដែរថាបច្ចុប្បន្ន ខ្លួនមានឧស្ម័នគ្រប់គ្រាន់។


តែទោះជាបែបនេះក្ដី, ការសម្រេចចិត្តរបស់រុស្ស៉ី បាន និងកំពុងបង្កភាពច្របូកច្របល់ដល់ទីផ្សារថាមពលពិភពលោក និងភាពមិនច្បាស់លាស់ថាតើ រុស្ស៉ីអាចនឹងកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប្រទេសអឺរ៉ុបដទៃ ឬក៏ថាតើវានឹងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចខ្លាំងប៉ុនណា? វិមានក្រឹមឡាំង បានព្រមានថាខ្លួនអាចនឹងកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នបន្ថែមទៀត ប្រសិនបើប្រទេសក្នុងតំបន់អឺរ៉ុបមិនព្រមបង់ថ្លៃទិញឧស្ម័នជាប្រាក់រូប្លិ៍ទេនោះ។ ប៉ុន្តែ រឿងដែលចម្លែក នោះគឺថាខណៈសេដ្ឋកិច្ចកំពុងរង្គោះរង្គើរដោយសារទណ្ឌកម្មលោកខាងលិច រុស្ស៉ីក៏ពឹងផ្អែកយ៉ាងខ្លាំងផងដែរលើចំណូលដែលបាន មកពីការលក់ប្រេង និងឧស្ម័នឱ្យអឺរ៉ុប ដើម្បីទ្រទ្រង់រដ្ឋាភិបាលរបស់ខ្លួន។


នៅក្រោមប្រព័ន្ធទូទាត់ថ្មី, វិមានក្រឹមឡាំងបាននិយាយថាអ្នកដែលទិញ ឬនាំចូលប្រេងពីរុស្ស៉ី ត្រូវតែបង្កើតកុងធនាគារមួយជាប្រាក់ដុល្លារ ឬអឺរ៉ូ នៅឯ ធនាគារធំលំដាប់ទី៣របស់រុស្ស៉ី Gazprombank និងកុងធនាគារទី២ គឺជាប្រាក់រូប្លិ៍។ បន្ទាប់មកទើប អ្នកទិញអាចបង់វិក្កយបត្រឧស្ម័ន ជាលុយអឺរ៉ូ ឬដុល្លារ ហើយទាក់ទងជាមួយធនាគារឱ្យប្ដូរទៅជាប្រាក់រូប្លិ៍។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុន ឌែរ ឡេយិន (Ursula von der Leyen) កាលពីថ្ងៃពុធ ទី២៧ ខែមេសានេះបានចាត់ទុកថាការទូទាត់តាមប្រាក់រូប្លិ៍ ជាទង្វើបំពានទណ្ឌកម្មរបស់សហភាពអឺរ៉ុប និងជាទង្វើ ជំរិតទារលុយ ហើយថាក្រុមហ៊ុនអឺរ៉ុបនានាមិនគួរទទួលយកសំណើរបស់រុស្ស៉ីនោះទេ។


* តើលោក ពូទីនចង់បានអ្វី?

តាមរយៈបទបញ្ជារបស់លោក ពូទីន ស្ដីពីការតម្រូវឱ្យទូទាត់ជាមួយប្រាក់រូប្លិ៍ ចំពោះបណ្ដាប្រទេសដែលលោកហៅថា «ជាប្រទេសអមិត្ត», វាត្រូវបាន គេមើលឃើញថាហាក់ដូចជាការសងសឹកទៅនឹងទណ្ឌកម្មរបស់លោកខាងលិច ដែលបានកាត់ផ្ដាច់រុស្ស៉ីចេញពីប្រព័ន្ធទូទាត់សកល និងជំរុញក្រុមហ៊ុន លោកខាងលិចជាច្រើនបោះបង់ចោលជំនួញរបស់ពួកគេនៅក្នុងប្រទេសរុស្ស៉ី។ ចេតនាសេដ្ឋកិច្ចនៅពីក្រោយការទាមទារឱ្យអឺរ៉ុបបង់ប្រាក់រូប្លិ៍ មិនមាន ភាពច្បាស់លាស់ទេ ពីព្រោះក្រុមហ៊ុន Gazprom បានលក់ដល់ទៅ ៨០ភាគរយ នៃរូបិយបណ្ណបរទេសដើម្បីដូរយកប្រាក់រូប្លិ៍ រួចទៅហើយ ដែលនេះ អាចនឹងលើកស្ទួយរូបិយបណ្ណរុស្ស៉ីតិចតួចប៉ុណ្ណោះ។


ដូច្នេះវាអាចជាចេតនានយោបាយច្រើនជាង។ ពោលគឺ លោក ពូទីន ចង់ប្រើវាបង្ហាញប្រជាជនរុស្ស៉ីថារូបលោកអាចបញ្ជា ឬគ្រប់គ្រងលក្ខខណ្ឌនៃ ការនាំចេញឧស្ម័ន ហើយតាមរយៈការតម្រូវឱ្យបង់ប្រាក់តាមធនាគារ Gazprombank នោះគឺលោកចង់បង្ហាញថា អាចបង្អាក់ការដាក់ទណ្ឌកម្មបន្ថែម ប្រឆាំងធនាគាររុស្ស៉ី។ ម្យ៉ាងវិញទៀត ប្រសិនបើលោក ពូទីនចង់ប្រើការកាត់ផ្ដាច់ការផ្គង់ផ្គង់ឧស្ម័ន ជាលេសសងសឹកនឹងប្រទេសដែលជួយអ៊ុយក្រែន នោះមើលទៅវាក៏អាចទៅរួចដែរ។ មកទល់នឹងពេលនេះ រុស្ស៉ីនៅតែបញ្ជូនឧស្ម័នទៅកាន់ហុងគ្រី ក្រោយនាយករដ្ឋមន្ត្រីនៃប្រទេសនេះយល់ព្រមបង់ ថ្លៃទិញឧស្ម័នជាប្រាក់រូប្លិ៍តាមការទាមទាររបស់លោក ពូទីន។


* ស្ថានភាពនៃការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុប?

សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានលើកលែងទណ្ឌកម្មចំពោះការទិញឧស្ម័ន និងប្រេងពីរុស្ស៉ី ហើយនេះគឺជាសម្បទានមួយដែលរដ្ឋបាលលោក ចូ បៃដិនផ្ដល់ឱ្យសម្ព័ន្ធមិត្តអឺរ៉ុបដែលពឹងផ្អែកលើការទិញថាមពលពីរុស្ស៉ី។ ឧស្ម័នដែលអឺរ៉ុបទិញ មាន៤០ភាគរយមានប្រភពមកពីរុស្ស៉ី រីឯប្រេងមាន ២៥ភាគរយ ឬគិតទឹកប្រាក់ស្មើនឹង ៨៥០លានដុល្លារក្នុងមួយថ្ងៃ។ បើតាមរដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក, បណ្ដាប្រទេសមួយចំនួនធំ នៅអឺរ៉ុប មិនសប្បាយចិត្តឡើយដែលអឺរ៉ុបនៅតែបន្តទិញថាមពលពីរុស្ស៉ី ដែលអាចរកចំណូលបាន ៤៣ភាគរយ នៃចំណូលសរុបប្រចាំឆ្នាំរបស់ខ្លួនពី ការលក់ឧស្ម័ន និងប្រេង នៅចន្លោះឆ្នាំ២០១១ ដល់ឆ្នាំ២០២០។


ក្រោយសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង, គំនិតចង់ឱ្យអឺរ៉ុបកាត់បន្ថយការពឹងផ្អែកលើឧស្ម័ន និងប្រេងបានកើនឡើងជាលំដាប់ តែចង់ឱ្យអឺរ៉ុបឈប់ប្រើ ឬកាត់បន្ថយការប្រើឧស្ម័ន ឬប្រេងពីរុស្ស៉ី គឺជារឿងស្មុគស្មាញបំផុត ពីព្រោះឧស្ម័នរុស្ស៉ីបានចូលរួមមិនតិចទេក្នុងកំណើនសេដ្ឋកិច្ចអឺរ៉ុប។ ប៉ុន្តែ ព្រមពេលជាមួយគ្នា ការសម្រេចចិត្តកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុប ក៏មិនមែនជាផលចំណេញសម្រាប់រុស្ស៉ីដូចគ្នា។ បើនិយាយពីរឿងប្រេង រុស្ស៉ីអាចលក់វាក្នុងតម្លៃថោក ហើយមើលទៅក៏មិនខ្វះអ្នកចាំទិញនោះដែរតួយ៉ាងដូចជាចិន និងឥណ្ឌាជាដើម។ តែបើនិយាយពីឧស្ម័ន វាជារឿង ដាច់ដោយឡែក។ ពោលគឺប្រព័ន្ធបំពង់ឧស្ម័នចេញពីឧបទ្វីបយ៉ាម៉ាល់ (Yamal) របស់រុស្ស៉ីទៅកាន់អឺរ៉ុប មិនតភ្ជាប់ជាមួយបំពង់ឧស្ម័នទៅកាន់ចិន នោះទេ ហើយការនាំចេញឧស្ម័នតាមកប៉ាល់ទៀតសោត គឺសមត្ថភាពរុស្ស៉ីមានកំណត់នៅឡើយ។


* តើអឺរ៉ុបអាចរស់នៅដោយគ្មានឧស្ម័នរុស្ស៉ីទាំងស្រុង ឬទេ?

សេដ្ឋកិច្ចអឺរ៉ុបនឹងជួបផលវិបាក បើគ្មានឧស្ម័នរុស្ស៉ី ទោះបីជាផលវិបាកនោះមានការប្រែប្រួលអាស្រ័យលើថាតើប្រទេសអឺរ៉ុបនីមួយៗប្រើប្រាស់ឧស្ម័ន រុស្ស៉ីកម្រិតណាក៏ដោយ។ អ្នកជំនាញសេដ្ឋកិច្ចភាគច្រើនយល់ស្របដូចគ្នា ដោយផ្អែកលើការសិក្សាស្រាវជា្រវមួយកាលពីពេលថ្មីៗនេះថាសេដ្ឋកិច្ច អឺរ៉ុបទាំងមូលអាចនឹងធ្លាក់ចូលក្នុងឱនភាព នៅក្នុងករណីរុស្ស៉ីផ្ដាច់ការផ្គត់ផ្គង់ទាំងស្រុង ឬអឺរ៉ុបឈប់ប្រើតែម្ដងក្នុងពេលភ្លាមៗ។


តួយ៉ាង អាល្លឺម៉ង់ដែលជាប្រទេសអឺរ៉ុបពឹងផ្អែកខ្លាំងជាងគេលើថាមពលទិញពីរុស្ស៉ីអាចនឹងរងគ្រោះធ្ងន់ធ្ងរជាងគេដែរ ដោយធនាគារកណ្ដាលអាល្លឺម៉ង់ បានព្យាករថាការកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៉ីទាំងស្រុង មានន័យថាទិន្នផលសេដ្ឋកិច្ចអាល្លឺម៉ង់អាចខាតបង់ ៥ភាគរយ ហើយអាចនឹង ប្រឈមមុខនឹងអតិផរណាខ្ពស់បំផុតមិនធ្លាប់មាន។


* តើអឺរ៉ុបកំពុងធ្វើអ្វី ដើម្បីកាត់បន្ថយការពឹងផ្អែកលើឧស្ម័នរុស្ស៉ី?

មេដឹកនាំអឺរ៉ុបបាននិយាយថាពួកគេមិនអាចរ៉ាប់រង ឬដោះស្រាយផលវិបាកដែលបង្កឡើងដោយការធ្វើពហិការប្រើឧស្ម័នរុស្ស៉ីភ្លាមៗនោះទេ តែអាច ឈប់ប្រើជាដំណាក់កាល ហើយអាចនឹងប្រឹងប្រែងកាត់បន្ថយការប្រើប្រាស់ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ ពួកគេកំពុងបញ្ជាទិញឧស្ម័ន ដែលដឹកតាមកប៉ាល់ និងឧស្ម័នដែលដឹកតាមបំពង់ឧស្ម័នពីប្រទេសផ្សេងដូចជា ន័រវែស និងអាហ្សែបៃហ្សង់ ព្រមទាំងបង្កើនល្បឿនអភិវឌ្ឍការទាញ ថាមពលពីខ្យល់ ឬព្រះអាទិត្យផងដែរ។


បន្ថែមពីលើនេះ មេដឹកនាំអឺរ៉ុបបានដាក់គោលដៅកាត់បន្ថយការប្រើឧស្ម័នរុស្ស៉ីឱ្យបានយ៉ាងហោច ២ភាគ៣ នៅត្រឹមដំណាច់ឆ្នាំ២០២២នេះ ហើយ ឈប់ប្រើទាំងស្រុងនៅឆ្នាំ២០២៧។ តែគេមានតែរង់ចាំមើលថាតើអឺរ៉ុបអាចសម្រេចគោលដៅនេះបានដែរឬក៏យ៉ាងណា ព្រោះថាពួកគេនៅត្រូវ ដោះស្រាយបញ្ហាស្ថានីយទទួលឧស្ម័នដឹកតាមកប៉ាល់ជាមុនសិន។ អាលឺ្លម៉ង់មិនមានស្ថានីយនាំចូលឧស្ម័នតាមកប៉ាល់នោះទេ តែកំពុងព្យាយាម សាងសង់ស្ថានីយបែបនេះចំនួន២ ដែលអាចនឹងត្រូវប្រើពេលជាច្រើនឆ្នាំ។ ចំណែកឯ អ៉ីតាលីវិញដែលទិញឧស្ម័នពីរុស្ស៉ី ៤០ភាគរយដែរនោះ បានឈានដល់កិច្ចព្រមព្រៀងរកអ្នកផ្គត់ផ្គង់បន្ថែម ជាមួយប្រទេសអាល់ហ្សេរី, អាហ្សែរបៃហ្សង់, អង់ហ្គូឡា និងកុងហ្គូ និងកំពុងសម្លឹងមើលការបង្កើន ការទិញឧស្ម័នពីប្រទេសកាតា ស្របពេលអឺរ៉ុបត្រូវត្រៀមស្ដុកឧស្ម័នបម្រុងសម្រាប់ប្រើនៅរដូវងារខាងមុខនេះ៕


ប្រភព៖ AP (ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២)

ដោយៈ Fresh News