Wednesday, October 26, 2016

ហ្វីលីពីនបំបែក​ខ្លួនចេញពីអាមេរិក អាចមានផលចំណេញ​សម្រាប់​ប្រទេសក្នុងតំបន់

ឯករាជ្យភាពនៃគោលនយោបាយការបរទេសដ៏សំខាន់បានផ្តល់នូវក្តីសង្ឃឹមចំពោះដំណោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង។

ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ជាថ្មីម្តងទៀតបានផ្ញើសារដ៏រំជើបរំជួលទូទាំងពិភពលោក។ នៅពេលនេះគាត់បានប្រកាសថា ប្រទេសរបស់គាត់បានផ្តាច់ទំនាក់ទំនងចេញពីសម្ព័ន្ធមិត្តអន្តរជាតិដ៏មានឥទ្ធិពលបំផុតរបស់ខ្លួនហើយ។

លោក Duterte កាលពីសប្តាហ៍មុនបានថ្លែងនៅក្នុងវេទិការពាណិជ្ជករចិន-ហ្វីលីពីនថា «ខ្ញុំសូមប្រកាសពីការផ្តាច់ខ្លួនរបស់ខ្ញុំចេញពីអាមេរិក។ ទាំងផ្នែកយោធា និងសេដ្ឋកិច្ចផងដែរ ប៉ុន្តែប្រហែលជាមិនមែនបញ្ហាសង្គមទេ»។ គាត់បានបន្ថែមថា «អាមេរិកបានខាតបង់ហើយ»។

សេចក្តីប្រកាសនេះបានបង្កឱ្យមានភាពច្របូកច្របល់ និងស្រងាកចិត្តទៅលើគោលនយោបាយការបរទេសរបស់ទីក្រុងវ៉ាស៊ីនតោន ដែលធ្វើឱ្យមានតុល្យភាពឡើងវិញនៅតំបន់អាស៊ី ដែលពឹងផ្អែកយ៉ាងខ្លាំងលើកិច្ចសហប្រតិបត្តិការរបស់ទីក្រុងម៉ានីលដើម្បីទប់ទល់នឹងភាពមហិច្ឆតាចិន។

ទោះបីជាយ៉ាងណាក៏ដោយ ទង្វើរបស់លោក Duterte បានឈានទៅរកគោលនយោបាយការបរទេសកាន់តែមានឯករាជ្យបន្ថែមទៀត ដែលអាចចំណេញទាំងប្រទេសហ្វីលីពីន និងតុល្យភាពអំណាចនៅក្នុងតំបន់ផងដែរ។ គាត់បានធ្វើសេចក្តីប្រកាស ខណៈពេលដែលគាត់ធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន គឺជាប្រទេសមួយដែលមានភាពមិនចុះសម្រុងគ្នាទាល់តែសោះជាមួយនឹងប្រទេសហ្វីលីពីនលើបញ្ហាដែនដីជាយូរមកហើយនៅសមុទ្រចិនខាងត្បូង។

ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនច្របូកច្របល់ដោយសារតែសេចក្តីថ្លែងការណ៍របស់លោក Duterte ប៉ុន្តែបានបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីនៅតែរឹងមាំដដែល។ អ្នកនាំពាក្យសេតវិមានបាននិយាយថា លោក Duterte បានបង្កឱ្យមានសេចក្តីថ្លែងការណ៍ដ៏ចម្រូងចម្រាសនាពេលថ្មីៗនេះ ដែលនាំឱ្យមានភាពមិនច្បាស់លាស់ចំពោះទំនាក់ទំនងជាមួយនឹងអាមេរិក និងមិនចុះសម្រុងគ្នាជាមួយនឹងសម្ព័ន្ធមិត្តរបស់ពួកគេ។

ប្រជាជនហ្វីលីពីនទំនងជាមិនបានត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរគោលនយោបាយដ៏សោកសង្រេងនេះទេ និងមនុស្សជាច្រើនត្រូវតែភ័យខ្លាចពីផលវិបាកនៃការផ្តាច់ទំនាក់ទំនងយោធា និងសេដ្ឋកិច្ចចេញពីសម្ព័ន្ធមិត្តរបស់ខ្លួន។

លោក Albert del Rosario ដែលធ្លាប់កាន់តំណែងជារដ្ឋមន្រ្តីការបរទេសស្ថិតក្រោមរដ្ឋបាលមុនរបស់លោក Benigno Aquino បាននិយាយថា ការផ្តាច់ខ្លួនបែបនេះនឹងធ្វើឱ្យមានសោកនាដកម្មជាតិ។

ប្រធានាធិបតី Duterte មានឈ្មោះល្បីខាងនិយាយមុន គិតក្រោយ។ ហើយជាថ្មីម្តងទៀត គាត់ត្រូវបានគេបង្ខំឱ្យកែតម្រូវឡើងវិញនូវសេចក្តីថ្លែងការណ៍របស់គាត់ បន្ទាប់ពីវាបានបង្កឱ្យមានព្យុះភ្លៀង ដែលបាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសរបស់គាត់នឹងមិនផ្តាច់ចំណងជាមួយនឹងអាមេរិកទេ។

រដ្ឋមន្រ្តីការបរទេសរបស់គាត់ លោក Perfecto Yasay បានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោននៅតែជាមិត្តដ៏ជិតស្និទ្ធរបស់ហ្វីលីពីន ប៉ុន្តែទីក្រុងម៉ានីលចង់ផ្តាច់ខ្លួនចេញពី «ផ្នត់គំនិតក្នុងការពឹងអាស្រ័យគេ និងការទទួលយកដោយគ្មានតវ៉ា» និងបង្កើតទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតជាមួយនឹងប្រទេសដទៃ។

លោក Yasay បាននិយាយនៅក្នុងទំព័រ Facebook ថា លោក Duterte បានថ្លែងយ៉ាងច្បាស់ថា ការផ្តាច់ទំនាក់ទំនងជាមួយនឹងទីក្រុងវ៉ាស៊ីនតោន គឺមិនស្ថិតនៅក្នុងផលប្រយោជន៍ជាតិទេ។

សេចក្តីប្រកាសរបស់លោក Duterte ប្រហែលជាខ្វះខាតខាងផ្នែកការទូត ប៉ុន្តែប្រសិនបើខ្លឹមសារនៅពីក្រោយពាក្យសម្តីទាំងអស់នោះ គឺត្រូវធ្វើឡើងដើម្បីឱ្យគោលនយោបាយការបរទេសមានភាពឯករាជ្យបន្ថែមទៀត នោះប្រទេសរបស់គាត់ និងតំបន់នេះនឹងទទួលបានផលចំណេញ៕


ប្រភពពី GNN

រដ្ឋសភា ចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល​នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះរដ្ឋសភាបាន​ចេញ​សេចក្តីប្រកាស​ព័ត៌មានជាផ្លូវការស្តីពី លទ្ធផលនៃកិច្ច​ប្រជុំគណៈកម្មាធិការ​អចិន្រ្តៃយ៍រដ្ឋសភា។

យោងតាមសេចក្តីប្រកាស​ព័ត៌មានផ្លូវការ នៃកិច្ចប្រជុំគណៈកម្មាធិការ​អចិន្រ្តៃយ៍រដ្ឋសភា បានបញ្ជាក់ឱ្យដឹងថា អង្គប្រជុំបាន​សម្រេចពិភាក្សា និងអនុម័តតាមរបៀប​វារៈមួយចំនួន រួមមាន៖ លើសេចក្តីព្រាងច្បាប់​សេចក្តីសម្រេច ស្តីពីការអនុវត្តវិន័យ​ចំពោះតំណាងរាស្រ្ត, សេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត​យល់ព្រម លើកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស ស្តីពីការប្រែប្រួល​អាកាសធាតុ និងបានសម្រេចប្រគល់សេចក្តី​ព្រាងច្បាប់ស្តីពីការ ទូទាត់ថវិការបស់​រដ្ឋសម្រាប់ការ​គ្រប់គ្រងឆ្នាំ២០១៥ ជាដើម។

សូមអានសេចក្តីប្រកាសព័ត៌មានផ្លូវការស្តីពី «លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា» ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖