Saturday, March 05, 2022

វិភាគអន្តរជាតិ៖ តើសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន អាចនឹងបញ្ចប់ដូចម្ដេចទៅ?


(ឡុងដ៍)៖ សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានឈានចូលដល់សប្ដាហ៍ទី២ ដោយមិនទាន់មានសញ្ញាថាវាអាចនឹងបញ្ចប់នៅពេលណា នោះទេ ខណៈទីក្រុងម៉ូស្គូកាន់តែបង្កើនការវាយលុក, លោកខាងលិចបន្ថែមការដាក់ទណ្ឌកម្ម រីឯទីក្រុងកៀវនៅតែមិនចុះញ៉ម ហើយ កិច្ចចរចាទៀតសោតត្រូវបានគេមើលឃើញក៏មិនមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់នោះដែរ។


បើតាមអ្នកជំនាញជាច្រើន អ៊ុយក្រែនមិនមែនជាដៃគូរបស់រុស្ស៊ី ដែលជាមហាអំណាចយោធាលេខ២ នៅលើពិភពលោកនោះទេ។ ប៉ុន្តែ ចុះ បើសង្រ្គាមនៅតែអូសបន្លាយ តើលោក ពូទីនអាចនឹងសម្រេចចិត្តបែបណា? ជាធម្មតាគ្មានប្រទេសណាមួយដែលអាចចំណេញនៅក្នុង សង្រ្គាមដែលមានរយៈពេលយូរនោះទេ។ ដូច្នេះតើសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនអាចនឹងបញ្ចប់ទៅ ដោយរបៀបណា?


* សង្រ្គាមរយៈពេលខ្លី


នៅក្នុងសេណារីយ៉ូទី១ នេះ, រុស្ស៊ីអាចនឹងបង្កើនល្បឿននៃប្រតិបត្តិការយោធារបស់ខ្លួន ឱ្យទៅជា «សង្គ្រាមផ្លេកបន្ទោរ» ប្រសិនបើ ប្រតិបត្តិការយោធាបច្ចុប្បន្ន មិនអាចសម្រេចគោលដៅតាមការចង់បានរបស់លោក ពូទីន។ ដើម្បីអាចធ្វើបែបនេះបាន, រុស្ស៊ីអាចនឹងបាញ់ កាំភ្លើងធំ និងបើកការវាយប្រហារតាមផ្លូវអាកាសទម្លាក់គ្រាប់បែក «មិនរើសមុខ» នៅទូទាំងប្រទេសអ៊ុយក្រែន ព្រមទាំងបើកការវាយប្រហារ ព័ត៌មានវិទ្យាទ្រង់ទ្រាយធំលើហេដ្ឋារចនាសម្ពន្ធសំខាន់ទាំងអស់របស់អ៊ុយក្រែន សំដៅកាត់ផ្ដាច់ការផ្គត់ផ្គត់ថាមពល និងបណ្ដាញ ទំនាក់ទំនងនានា។ មកទល់នឹងម៉ោងនេះ កងទ័ពអាកាសរុស្ស៊ីមិនទាន់ចេញមុខខ្លាំងណាស់ណានោះទេ នៅក្នុងសង្រ្គាមអ៊ុយក្រែន។


បើសេណារីយ៉ូបែបនេះកើតឡើងមែន នោះជនស៊ីវិលក្នុងចំនួនដ៏ច្រើនអាចនឹងបាត់បង់ជីវិត ហើយបើទោះជាខំតស៊ូយ៉ាងណាក៏ដោយទីក្រុងកៀវ អាចនឹងធ្លាក់ចូលក្នុងកណ្ដាប់ដៃកងទ័ពរុស្ស៊ី ត្រឹមក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ។ រុស្ស៊ីអាចនឹងលើកបន្ដុបរដ្ឋាភិបាលថ្មីមួយ គាំទ្រម៉ូស្គូ ឱ្យឡើងកាន់អំណាចនៅអ៊ុយក្រែន ហើយលោកប្រធានាធិបតី ហ្សេលេនស្គី អាចនឹងត្រូវចាប់ឃុំខ្លួន ឬធ្វើឃាត ឬក៏ក៏ភៀសខ្លួន ទៅកាន់បណ្ដាប្រទេសលោកខាងលិច ដើម្បីបង្កើតរដ្ឋាភិបាលនិរទេសខ្លួនមួយ។ ចំណែកឯ លោក ពូទីន នឹងប្រកាសពីជ័យជម្នះ ហើយ ដកកងទ័ពមួយចំនួនចេញពីអ៊ុយក្រែន។


* សង្រ្គាមរយៈពេលវែង


ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន អាចនឹងក្លាយជាសង្រ្គាមរយៈពេលវែង? នៅអំឡុងទសវត្សរឆ្នាំ១៩៩០ រុស្ស៊ីក៏ធ្លាប់បានចំណាយពេលដ៏យូរ នៅក្នុងសង្រ្គាមដណ្ដើមទីក្រុង ហ្គ្រុនហ្ស៊ី (Grozny) ដែលជារដ្ឋធានីរបស់សាធារណរដ្ឋឆេកឈ្នីយ៉ា (Chechnya) និងដែលសព្វថ្ងៃជា សាធារណរដ្ឋស្វយ័តមួយក្នុងទឹកដីរុស្ស៊ី។


ក្នុងសេណារីយ៉ូទូ២នេះ, ដោយមានការគំាទ្រ និងផ្ដល់ជំនួយអាវុធពីសហរដ្ឋអាមេរិក និងសម្ពន្ធមិត្តលោកខាងលិច កងទ័ពអ៊ុយក្រែនអាច មានសមត្ថភាពតស៊ូប្រយុទ្ធ ដោយគ្រាន់តែរារាំងមិនឱ្យកងទ័ពរុស្ស៊ីគ្រប់គ្រងទីក្រុងកៀវ និងទឹកដីរបស់ខ្លួនបានទាំងស្រុងតែប៉ុណ្ណោះ។ ពោលគឺកងទ័ពអ៊ុយក្រែន រួមទាំងប្រជាជនរបស់ខ្លួនអាចនឹងចូលរួមក្នុងសង្រ្គាមឈ្លប ឬសង្រ្គាមឧទ្ទាមប្រឆាំងនឹងរុស្ស៊ី។


* សង្រ្គាមអឺរ៉ុប


សហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត NATO បានអះអាងថាពួកគេនឹងមិនបញ្ជូនកងទ័ពឱ្យទៅជួយអ៊ុយក្រែន ប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី ដោយផ្ទាល់នោះទេ។ តែក្នុងកិច្ចប្រជុំកំពូល NATO នៅថ្ងៃសុក្រ ទី៤ ខែកុម្ភៈនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានបញ្ជាក់ឡើងវិញថា NATO មិនចង់ធ្វើសង្រ្គាមជាមួយរុស្ស៊ីនោះឡើយ តែក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ។


លោក Blinken ធ្វើការកត់សម្គាល់បែបនេះដោយទំនងជាចង់សំដៅព្រមានរុស្ស៊ីកុំឱ្យគំរាមកំហែង ឬវាយប្រហារលើប្រទេសជាសមាជិក NATO។ នៅក្នុងសេណារីយ៉ូទី៣នេះ, អ្វីដែលគេបារម្ភ នោះគឺថាសង្រ្គាមនេះរាលដាលឆ្លងព្រំដែនចូលទៅក្នុងទឹកដីនៃបណ្ដាប្រទេសអឺរ៉ុប ដទៃដូចជា ប៉ូឡូញ, និងបណ្ដាប្រទេសក្នុងតំបន់បាល់ទិចដូចជា ឡេតូនី, លីតទុយអានី និងអេស្ដូនីជាដើម ដែលសុទ្ធសឹងតែជាសមាជិក NATO។ ម្លោះហើយប្រសិនបើសង្រ្គាមផ្ទុះឡើងនៅលើទឹកដីប្រទេសទាំងនេះមែន នោះវាអាចនឹងផ្ទុះទៅជាសង្រ្គាមអឺរ៉ុប ឬសង្រ្គាមលោកលើកទី៣។


មាត្រា៥ ដែលជាមូលដ្ឋានស្នូលនៃអង្គការ NATO ស្ដីពី «សន្តិសុខសមូហភាព» បានចែងថាការវាយប្រហារលើប្រទេសជាសមាជិកណាមួយ គឺជាការវាយប្រហារលើ NATO ទាំងមូល ដែលតម្រូវឱ្យប្រទេសជាសមាជិកទាំងអស់ត្រូវតែចាត់វិធានការឆ្លើយតប។ ចូរកុំភ្លេចថា កាលពីសប្ដាហ៍មុន, លោក ពូទីនបានបញ្ជាឱ្យកងកម្លាំងនុយក្លេអ៊ែររុស្ស៊ីស្ថិតនៅក្នុងលក្ខណៈប្រុងជើងការខ្ពស់ត្រៀមប្រយុទ្ធ គ្រប់ពេលវេលា។


* ដំណោះស្រាយការទូត


ខណៈសង្រ្គាមមិនទាន់មានសញ្ញាថានឹងបញ្ចប់នៅពេលណា តើដំណោះស្រាយការទូតពិតជាមិនអាចធ្វើទៅរួចមែនទេ? អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក António Guterres បាននិយាយថា «សព្វថ្ងៃ គេកំពុងយកកាំភ្លើងនិយាយគ្នា ប៉ុន្តែដំណោះស្រាយការទូត ត្រូវតែបើកចំហទ្វារជានិច្ច»។


កិច្ចចាររវាងអ្នកតំណាងមកពីរុស្ស៊ី និងអ៊ុយក្រែន បានប្រព្រឹត្តទៅចំនួន ២លើករួចមកហើយ នៅលើទឹកដីបេឡារុស ហើយកិច្ចចរចាជុំទី៣ រវាងភាគីទាំង២ អាចនឹងធ្វើឡើងឆាប់ៗនេះ។ កិច្ចចរចាកាលពីជុំទី២ មិនមានលទ្ធផលជាដុំកំភួនអ្វីទេ ពាក់ព័ន្ធនឹងការវាយប្រហារប្រយុទ្ធគ្នា តែយ៉ាងហោចណាស់ វាហាក់ដូចជាមានការរីកចម្រើនជាងកិច្ចចរចាជុំទី១ ដោយរុស្ស៊ី និងអ៊ុយក្រែនឯកភាពគ្នាលើការបង្កើតច្រករបៀង មនុស្សធម៌មួយសម្រាប់ជនស៊ីវិល។


ជាការពិត នៅក្នុងសេណារីយ៉ូទី៤នេះ គេពិបាកក្នុងការសន្និដ្ឋានណាស់ ព្រោះថាលោក ពូទីន ធ្លាប់បញ្ជាក់ហើយថារុស្ស៊ីនឹងមិនបញ្ចប់ការធ្វើ ប្រតិបត្តិការយោធានៅអ៊ុយក្រែនទេ រហូតទាល់តែសម្រេចគោលដៅដែលមានពាក់ព័ន្ធនឹងសន្តិសុខជាតិរបស់រុស្ស៊ី។ ប៉ុន្តែ វាមិនមែនអាចទៅ រួចទាំងស្រុងនោះទេ។ បើអ៊ុយក្រែននៅតែបន្តប្រយុទ្ធតែម្នាក់ឯងបែបនេះជាមួយរុស្ស៊ី ហើយប្រឈមមុខនឹងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ខណៈ ទណ្ឌកម្មលោកខាងលិចនៅតែមិនអាចរារាំងលោក ពូទីន នោះអ៊ុយក្រែនអាចនឹងត្រូវបង្ខំចិត្តទទួលស្គាល់អធិបតេយ្យភាពរបស់រុស្ស៊ីលើ តំបន់ដុនបាស់ (Donbas) និងតំបន់គ្រីមេ ជាថ្នូរឱ្យរុស្ស៊ីបញ្ចប់សង្រ្គាម?


ប្រភព៖ BBC (ថ្ងៃសៅរ៍ ទី៥ ខែមីនា ឆ្នាំ២០២២)

ដោយៈ Fresh News