Tuesday, February 16, 2021

លោក គួច ចំរើន លើកទឹកចិត្តក្រុមកីឡាករបាល់ទាត់ឱ្យខិតខំហ្វឹកហាត់ ដើម្បីប្រកួតដណ្តើមពានរង្វាន់

 ព្រះសីហនុ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយក្រុមកីឡាករបាល់ទាត់ខេត្តព្រះសីហនុ ដើម្បីចូលរួមប្រកួតដណ្តើមពានរង្វាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកទី១៥ រដូវកាលឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ និងលោកឧកញ៉ាជាសប្បុរសជន។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានរាយការណ៍ថា មន្ទីរបានសហការជាមួយក្លឹបបាល់ទាត់ទាំង៤ក្រុម ធ្វើការប្រកួតជ្រើសរើសកីឡាករឆ្នើម ដើម្បីត្រៀមចូលរួមប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកទី១៥ រដូវកាលឆ្នាំ២០២១ ។

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍សំណេះសំណាលជាមួយក្រុមកីឡាករបាល់ទាត់ខេត្តព្រះសីហនុ ត្រៀមកីឡាករចូលរួមការប្រកួតនៅរាជធានីភ្នំពេញ ហើយអ្វីសំខាន់យើងចង់ឃើញខេត្តព្រះសីហនុរបស់យើងមានកីឡាចូលរួមប្រកួត។ យើងបានជ្រើសរើសកីឡាករចេញពីក្លឹបទាំងបួន មានក្លឹបបាល់ទាត់ស្នងការនគរបាលខេត្ត ក្រុមកីឡាករកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រុមកីឡាករក្តាមថ្ម និងក្រុមកីឡាករខ្យល់ព្យុះហើយយើងបានរៀបចំការប្រកួតជ្រើសរើសយកកីឡាករបានចំនួន ៣០នាក់ ដែលមានកាយសម្បទា សមត្ថភាព ទេពកោសល្យ។ យើងបានធ្វើការហ្វឹកហាត់ច្របាច់បញ្ជូលគ្នា ដូច្នេះយើងត្រូវប្តូរឥរិយាបថស្វែងយល់ចិត្តគ្នា និងបន្តហ្វឹកហាត់ដើម្បីចូលរួមប្រកួតនៅខេត្តកំពតនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ និងត្រៀមបន្តទៅចូលរួមប្រកួតនៅរាជធានីភ្នំពេញ ដូច្នេះកីឡាករត្រូវប្រឹងប្រែងប្រកួតឱ្យទទួលបានជោគជ័យសម្រាប់ប្រជាជន និងខេត្តព្រះសីហនុរបស់យើង ។

ក្នុងឱកាសនោះលោកអភិបាលខេត្ត បានបញ្ជាក់ថា បើកីឡាករយើងប្រកួតឈ្នះ ក្នុងមួយប្រកួតទទួលបានថវិកា ២លានរៀល បើស្មើគ្នាទទួលបានថវិកា ១លានរៀល ចំពោះការទាត់ចូលមួយគ្រាប់ទទួលបានថវិកា ១០០ដុល្លាអាមេរិក ក្នុងនោះក៏បានឧបត្ថម្ភថវិកាដល់កីឡាករ ៣០នាក់ ទៅចូលរួមប្រកួតនៅខេត្តកំពត ក្នុងម្នាក់ៗថវិកា ១០០ដុល្លាអាមេរិក ៕





លោក ប្រាក់ សំអឿន ៖មន្ត្រីអង្គភាពច្រកចេញចូលតែមួយគ្រប់រាជធានី-ខេត្ត ត្រូវខិតខំផ្តល់សេវាប្រកបដោយតម្លាភាព និងប្រសិទ្ធភាព

 កំពង់ធំ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ លោក ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នឹងលោក សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិភាក្សាបិទបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅសកម្មភាពឆ្នាំ២០២១ របស់អង្គភាពច្រកចេញចូលតែមួយ រាជធានី-ខេត្ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានរដ្ឋបាល នាយករដ្ឋបាលសាលារាជធានី ខេត្ត និងប្រធានអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តទូទាំងប្រទេស សរុបប្រមាណជាង ៦០នាក់។

នាឱកាសនោះផងដែរដែរ លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានថ្លែង លើកទឹកចិត្តដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ គ្រប់រាជធានី-ខេត្តទាំងអស់ បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង សូមខិតខំធ្វើការងារ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ បានទាន់ពេលវេលា និងប្រកបដោយតម្លាភាព ប្រសិទ្ធភាព ព្រមទាំងលើកឡើង អំពីលទ្ធផលនៃការពិភាក្សា និងស្វែងរកដំណោះស្រាយនូវបញ្ហាប្រឈម ដើម្បីដាក់ទិសដៅ ធ្វើការសម្រេចលទ្ធផលការងារនៅក្នុងឆ្នាំ២០២១ អោយមានដំណើរការល្អប្រសើរបន្ថែមទៀត ដែលជាការរួមចំណែកសម្រាប់ជួយដល់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិ។

លោក សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា ថ្វីត្បិតតែអង្គភាពច្រកចេញចូលតែមួយរាជធានីខេត្ត ទើបតែដំណើរការរយៈពេលខ្លី បានជួបប្រទះនូវការលំបាកខ្លះៗ ក៏ពិតមែន នៅតែដំណើរការទៅមុខ ដោយប្រជាពលរដ្ឋមានការគាំទ្រពេញចិត្តនូវការផ្ដល់សេវាសាធារណៈបានឆាប់រហ័ស នឹងមានភាពងាយស្រួលជាងមុន៕




អភិបាលខេត្តកោះកុង ដាក់ចេញវិធានការណ៍ដ៏តឹងរ៉ឹងលើការត្រួតពិនិត្យអ្នកឆ្លងកាត់ព្រំដែន និងការធ្វើចត្តាឡីស័ក

 កោះកុង៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីត្រួតពិនិត្យការអនុវត្តការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងរៀបចំការពង្រឹងការត្រួតពិនិត្យអ្នកឆ្លងកាត់តាមព្រំដែន និងការធ្វើចត្តាឡីស័ក។

នៅក្នុងកិច្ចប្រជុំ លោកស្រីអភិបាលខេត្ត បានផ្តល់ការណែនាំ ដូចខាងក្រោម៖
១-សមត្ថកិច្ចពាក់ព័ន្ធ ត្រូវរៀបចំផែនការពង្រឹងការងារឆ្លងដែនដោយខុសច្បាប់របស់ប្រជាពលរដ្ឋនៅតាមព្រំដែនប្រទេសជិតខាង ពិសេសតាមបណ្តោយព្រំដែនខេត្ត ទាំងព្រំដែនគោក និងព្រំដែនទឹក។
២-ត្រូវអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ការងារគ្រប់គ្រងប្រជាពលរដ្ឋក្នុងមណ្ឌលធ្វើចត្តាឡីស័ក ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។
៣-អាជ្ញាធរមូលដ្ឋានត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវគោលការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធនានា អំពីវិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕






ពិធីស្រោចស្រពសុគន្ធវារី និងពិធីបញ្ចុះបឋមសិលាកសាងប្រាសាទដំកល់ព្រះសពព្រះមហាថេរៈបុញ្ញនន្ទោ សម បុណ្យសាន្ត

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យយាងក្នុងពិធីស្រោចស្រពសុគន្ធវារី ប្រគេនដល់ព្រះគ្រូវិចិត្រសីលញាណ ខុន ឆុន ឱ្យឡើងទីជា ព្រះមុនីសីលវង្សា ព្រះរាជាគណៈថ្នាក់កិត្តិយស និងពិធីបញ្ចុះបឋមសិលាកសាងប្រាសាទដំកល់ព្រះសពព្រះមហាថេរៈបុញ្ញនន្ទោ សម បុណ្យសាន្ត នៅវត្តវារីផាសុខារាម ហៅវត្តទឹកជុំ ឬអង្គជុំ ស្ថិតនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។


ក្នុងពិធីក៏មានការអមព្រះរាជដំណើរដោយសម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា ព្រះសាកលវិទ្យាធិរងទទួលបន្ទុកសាកលវិទ្យាល័យព្រះសីហនុរាជ ព្រះសិរីសម្មតិវង្ស ទេព ផាន ព្រះរាជាគណៈថ្នាក់ត្រី ជាព្រះបាឡាត់គណរាជធានីភ្នំពេញ ព្រះឥន្ទសិរីវង្ស តាត វិបុល ព្រះរាជាគណៈថ្នាក់កិតិ្តយស និងមានការអញ្ជើញចូលរួមពីឧត្តមសេនីយ៍ឯក ហ៊ុន ជា, លោកស្រី ដោក សុទ្ធា ទីប្រឹក្សារាជរដ្ឋាភិបាល លោក ឡុច វណ្ណារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីជាថ្នាក់ដឹកនាំខេត្ត អាជ្ញាធរស្រុក សមាគមន៍នារី ស.ស.យ.ក.ស្រុក អាចារ្យ គណៈកម្មការ ប្រជាពលរដ្ឋ។


ក្នុងឱកាសនោះ សម្តេចរួមនឹងថ្នាក់ដឹកនាំបាននិមន្ត និង ចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះ ក្នុងឱកាសនោះចំនួន ២៦គ្រួសារដោយមួយគ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១ យួរ, សារុង២ និងថវិកាក្នុងមួយគ្រួសារចំនួន ៥ ម៉ឺនរៀល ៕






ក្រសួងសុខាភិបាលបន្តប្រកាសថា មិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ

 នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបន្តប្រកាសថា មិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ។

រយៈពេល៤ថ្ងៃជាប់គ្នាហើយ ដែលក្រសួងសុខាភិបាល ប្រកាសមិនមានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី នៅកម្ពុជា។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៧៩នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៤៦៩នាក់ និងអ្នកជំងឺចំនួន ១០នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕




ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ ២៣ ខែកុម្ភៈ, សូមប្រុងប្រយ័ត្ន ចំពោះបាតុភូតខ្យល់កន្ត្រាក់

 ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ ២៣ ខែធ្នូ ឆ្នាំ២០២១។

ក្រសួងបានបញ្ជាក់ថា ទ្រនុងសម្ពាធខ្ពស់ បាននិងកំពុងមានឥទ្ធិពលមកលើប្រទេសកម្ពុជា ពេញក្នុងមួយសប្តាហ៍នេះ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
* សីតុណ្ហភាពអប្បបរមា មានពី១៨-២១ អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី៣០ -៣៣ អង្សាសេ
* ថ្ងៃទី១៨-១៩ ខែកុម្ភៈ មានខ្យល់កន្ត្រាក់ល្បឿនបង្គួរ នៅទំនាបកណ្តាល។

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន
* សីតុណ្ហភាពអប្បបរមា មានពី១៧-២០អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី៣០-៣៣អង្សាសេ
* នៅថ្ងៃទី១៧-២០ ខែកុម្ភៈ មានខ្យល់កន្ត្រាក់ល្បឿនខ្លាំង នៅខ្ពង់រាបខាងកើត។

៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C
* សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C
* នៅថ្ងៃទី១៨-១៩ ខែកុម្ភៈ មានខ្យល់កន្ត្រាក់ល្បឿនបង្គួរ ជាមួយនិងរលកមានកម្ពស់មធ្យមនៅ
ខេត្តកោះកុង និងតំបន់ឆ្នេរ។

ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋ និងពិសេសវីរៈកងទ័ពរស់នៅតំបន់ជួរភ្នំដងរែក ខ្ពង់រាបខាងកើត និងតំបន់មាត់សមុទ្រ សូមបង្កើនការយកចិត្តទុកដាក់ថែរក្សា សុខភាពចំពោះអាកាសធាតុត្រជាក់បន្តិចបន្តួច នាពេលព្រឹក ជាមួយនឹងខ្យល់កន្ត្រាក់ និងរលកសមុទ្រ មានកម្ពស់ជាមធ្យម ៕