Tuesday, February 16, 2021

លោក ប្រាក់ សំអឿន ៖មន្ត្រីអង្គភាពច្រកចេញចូលតែមួយគ្រប់រាជធានី-ខេត្ត ត្រូវខិតខំផ្តល់សេវាប្រកបដោយតម្លាភាព និងប្រសិទ្ធភាព

 កំពង់ធំ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ លោក ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នឹងលោក សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិភាក្សាបិទបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅសកម្មភាពឆ្នាំ២០២១ របស់អង្គភាពច្រកចេញចូលតែមួយ រាជធានី-ខេត្ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានរដ្ឋបាល នាយករដ្ឋបាលសាលារាជធានី ខេត្ត និងប្រធានអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តទូទាំងប្រទេស សរុបប្រមាណជាង ៦០នាក់។

នាឱកាសនោះផងដែរដែរ លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានថ្លែង លើកទឹកចិត្តដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ គ្រប់រាជធានី-ខេត្តទាំងអស់ បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង សូមខិតខំធ្វើការងារ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ បានទាន់ពេលវេលា និងប្រកបដោយតម្លាភាព ប្រសិទ្ធភាព ព្រមទាំងលើកឡើង អំពីលទ្ធផលនៃការពិភាក្សា និងស្វែងរកដំណោះស្រាយនូវបញ្ហាប្រឈម ដើម្បីដាក់ទិសដៅ ធ្វើការសម្រេចលទ្ធផលការងារនៅក្នុងឆ្នាំ២០២១ អោយមានដំណើរការល្អប្រសើរបន្ថែមទៀត ដែលជាការរួមចំណែកសម្រាប់ជួយដល់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិ។

លោក សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា ថ្វីត្បិតតែអង្គភាពច្រកចេញចូលតែមួយរាជធានីខេត្ត ទើបតែដំណើរការរយៈពេលខ្លី បានជួបប្រទះនូវការលំបាកខ្លះៗ ក៏ពិតមែន នៅតែដំណើរការទៅមុខ ដោយប្រជាពលរដ្ឋមានការគាំទ្រពេញចិត្តនូវការផ្ដល់សេវាសាធារណៈបានឆាប់រហ័ស នឹងមានភាពងាយស្រួលជាងមុន៕




No comments:

Post a Comment