Friday, November 18, 2016

សម្ដេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួបសំណេះសំណាលជាមួយមន្រ្តីរាជការខេត្តស្វាយរៀង

នៅព្រឹកថ្ងៃទី១៨  វិច្ឆិកា ឆ្នាំ២០១៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តស្វាយរៀង។

នៅមុនកិច្ចសំណេះសំណាល សម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកឡើងថាខេត្តស្វាយរៀង គឺជាខេត្តមួយក្នុងចំណោមខេត្តលូតលាស់ផ្នែកសេដ្ឋកិច្ចផ្សេងទៀត ដោយការកើតឡើងនូវតំបន់សេដ្ឋកិច្ចពិសេស ដែលជួយកម្ពុជាក្នុងការនាំចេញផលិតផលទៅកាន់បណ្ដាប្រទេសដ៏ទៃ។

សម្ដេចតេជោ បានមានប្រសាសន៍ថា អាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ ជាពិសេសកងកម្លាំងមានសមត្ថកិច្ចត្រូវរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ការពារនូវបទល្មើសផ្សេងៗ ជាពិសេសបញ្ហាគ្រឿងញៀន ដែលជាបញ្ហាធ្ងន់ធ្ងរដែលត្រូវតែយកចិត្តទុកដាក់សហការណ៍គ្នាដោះស្រាយអោយបានព្រមគ្នា ការពារអំពើរភេរវកម្ម   ត្រូវអនុវត្តនយោបាយភូមិឃុំមានសុវត្ថិភាព អោយបានខ្ជាប់ខ្ជួន។ ត្រូវខិតខំដោះស្រាយសេវាជូនប្រជាពលរដ្ឋដោយអនុវត្តអោយបានត្រឹមត្រូវទៅតាមច្បាប់កំណត់រួមមាន សេវាតម្រូវការ និងសេវាសំណូមពរ ជាពិសេសគឺសេវាតម្រូវការរួមមានការធ្វើអត្រានុកូលដ្ឋាន សៀវភៅគ្រួសារ ប័ណ្ណស្នាក់នៅ ធ្វើអត្តសញ្ញាណប័ណ្ណ ។

មន្ត្រីទាំងអស់ត្រូវខិតខំលុបបំបាត់ភាពអសកម្មដែលធ្វើអោយប្រជាជនថ្នាំងថ្នាក់ លើសពីនេះត្រូវយកចិត្តទុកដាក់កសាងអំពើល្អជាមួយប្រជាពលរដ្ឋអោយបានច្រើន។ សមត្ថកិច្ចទាំងអស់ត្រូវគាំទ្រក្នុងការប្រមូលពន្ធ និងប្រឆាំងការគេចពន្ធដើម្បីបង្កើនប្រាក់ចំណូលជាតិ។ ខេត្តស្វាយរៀងគឺជាខេត្តដែលមានច្រកអន្តរជាតិផង ទ្វេភាគីផង  និងតំបន់រោងចក្រជាច្រើនទៀតដែលបានបោះទីតាំងនៅក្នុងខេត្តស្វាយរៀង ដូច្នេះត្រូវសហការអោយបានល្អដើម្បីបង្កើនប្រាក់ចំណូលពីការប្រមូលពន្ធ។ ត្រូវពិនិត្យមើល និងយកចិត្តទុកដាក់តំបន់ដែលត្រូវការពារ ជាពិសេសយកចិត្តទុកដាក់ការពារបង្គោលព្រំដែនដែលបាននៅសល់ពីអតីតកាល។ ទន្ទឹមនឹងនេះត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លី ដែលមាននៅក្នុងខេត្តរបស់ខ្លួនអោយបានល្អ។ ត្រូវបន្តពន្យល់ និងជំរុញប្រជាពលរដ្ឋអោយបានទៅចុះឈ្មោះបោះឆ្នោតអោយបានឆាប់រហ័ស និងគ្រប់គ្នា ព្រោះនឹងត្រូវបញ្ចប់នៅពេលឆាប់ៗនេះហើយ។

អាជ្ញាធរខេត្ត ត្រូវផ្សព្វផ្សាយសារាចរណ៍ណែនាំអំពីផ្សារលក់ដូរអោយបានល្អ និងទូលំទូលាយទៅដល់បងប្អូនអាជីវករនៅតាមបណ្ដាផ្សារនៅក្នុងខេត្តរបស់ខ្លួន។  ត្រូវយកចិត្តទុកដាក់ធ្វើការងារជាមួយកម្មករអោយបានល្អ ព្រោះខេត្តស្វាយរៀងមានរោងចក្រច្រើន ជាពិសេសគឺនៅតាមតំបន់ឧស្សាហកម្មពិសេស។ ត្រូវខិតខំរក្សាទំនាក់ទំនងអោយបានល្អជាមួយប្រទេសវៀតណាម ដោយខេត្តស្វាយរៀងគឺជាខេត្តដែលមានព្រំប្រទល់ជាប់វៀតណាម ដែលត្រូវពឹងផ្អែកគ្នាទៅវិញទៅមក។  លើសពីនេះត្រូវពិនិត្យមើលលទ្ធភាពដីរបស់ខេត្តជាក់ស្ដែងដើម្បីរៀបចំអោយបងប្អូនប៉ូលីស ឬយោធាការពារព្រំដែនដែលពុំមានដី ដើម្បីទទួលបានដីសម្រាប់រស់នៅ និងប្រកបរបរកសិកម្មនៅតំបន់ព្រំដែនតែម្ដងតែទន្ទឹមនឹងនេះត្រូវទប់ស្កាត់អោយបាន នូវការលក់ ឬជួលដីទៅអោយប្រជាជនវៀតណាម។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តស្វាយរៀងអោយកាន់តែរីកលូតលាស់លឿនទៅមុខ។ កិច្ចការដែលសម្រេចទៅបានដោយជោគជ័យគឺអាស្រ័យដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ប្រកបដោយមនសិការ និងឆន្ទះល្អមុះមុត និងការទទួលខុសត្រូវខ្ពស់ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ៕







ព្រឹកនេះ រដ្ឋសភា បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា

(ភ្នំពេញ)៖ ដូចការគ្រោងទុក នាវេលាម៉ោង ៩៖០០នាទីព្រឹក មុននេះបន្តិច រដ្ឋសភា បានបើកប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងកិច្ចប្រជុំរដ្ឋសភានោះ មានរបៀបវារៈមួយចំនួន ដែលនឹងពិភាក្សារួមមាន ការពិភាក្សាលើច្បាប់ស្តីពីការប្រែប្រួលអាកាសធាតុ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស របស់អង្គការសហប្រជាជាតិ ច្បាប់ទូទាត់ថវិកាឆ្នាំ២០១៥ និងច្បាប់ស្តីពីការ គ្រប់គ្រងថវិកាជាតិ ឆ្នាំ២០១៧ និងរបៀបវារៈផ្សេងៗមួយចំនួនទៀត។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ គណៈកម្មការអចិន្ត្រៃយ៍នៃរដ្ឋសភា បើកកិច្ចប្រជុំរៀបចំរបៀបវារៈខាងលើ សម្រាប់ប្រជុំសភាពេញអង្គ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ៕


លោក សុខ ឥសាន្ត ៖ បាតុកម្មនៅអាមេរិក បង្ហាញឱ្យឃើញពីប្រទេសលទ្ធិប្រជាធិបតេយ្យ មានលក្ខណៈខុសគ្នាយ៉ាងណាខ្លះ

អ្នកនាំពាក្សគណបក្សប្រជាជនកម្ពុជា (CPP) លោក សុខ ឥសាន បានលើកឡើងថា ការធ្វើបាតុកម្ម របស់ក្រុមមួយក្ដាប់តូច មិនពេញចិត្តលោក ដូណាល់ត្រាំ ដែលទើបជាប់ឆ្នោត ជាប្រធានាធិបតីថ្មីរបស់ សហរដ្ឋអាមេរិកនោះ គឺជាការឆ្លុះបង្ហាញឱ្យឃើញថា តើប្រទេសមហាប្រជាធិបតេយ្យ មានលក្ខណៈខុសប្លែកពីកម្ពុជា ឬបណ្ដាប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យយ៉ាងណាខ្លះ ។ លោក សុខ ឥសាន្ត បានថ្លែងថា “ជាការបង្ហាញឱ្យឃើញថា តើនៅប្រទេសមហាប្រជាធិបតេយ្យ មានលក្ខណៈយ៉ាងណា តើវាមានការខុសប្លែកពីកម្ពុជា ឬបណ្ដាប្រទេសនានា លើពិភពលោកដែរ ឬទេ?” ។
លោកបានបន្តថា  គ្រប់គ្នាដឹងហើយថា លោក ដូណាល់ត្រាំ ទោះបីគាត់មិនទាន់ចូលកាន់តំណែងក៏ពិតមែន ប៉ុន្តែគាត់ជាប្រធានាធិបតីស្របច្បាប់ ដែលកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ ភាគច្រើនលើសលប់ ហើយអ្នកភាគតិចមួយចំនួន ដែលជ្រុលនិយម ធ្វើបាតុកម្មប្រឆាំងនឹងឆន្ទៈអ្នកភាគច្រើន គឺមិនអាចទៅរួចទេ ។ កាលណាធ្វើល្មើសច្បាប់ហើយ គឺត្រូវទទួលរងការបង្ក្រាប ពីអាជ្ញាធរ ដែលជាតំណាងឱ្យអំណាចប្រជាពលរដ្ឋ ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបន្ថែមថា ចំពោះការធ្វើបាតុកម្មនៅអាមេរិក មិនមានអ្វីខុសប្លែកពីកម្ពុជានោះទេ ឱ្យតែធ្វើបាតុកម្មគឺខុសហើយ ហើយបើធ្វើបាតុកម្មប៉ះពាល់ដល់ជីវភាពសង្គម សណ្ដាប់ធ្នាប់សាធារណៈ  ដូច្នេះអាជ្ញាធរមានវិធានការបង្ក្រាប ។ លោក បានអះអាងថា  អាមេរិកជាប្រទេសមហាអំណាច ខាងលទ្ធិប្រជាធិបតេយ្យ តើអាមេរិកធ្វើការបង្ក្រាបបាតុករឬអត់? នេះជាគំរូទៅដល់ មេបក្សប្រឆាំង ឱ្យភ្លឺភ្នែក កុំចេះតែស្រែកឈ្នះហើយៗ ទៅមិនរួចទេ ។
លោក សុខ ឥសាន្ត បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ជាពិសេសប្រជាពលរដ្ឋ ដែលគាំទ្រ និងដើរតាមបក្សប្រឆាំង មិនត្រូវងប់ងល់ ទាំងមិនមានការពិចារណា ធ្វើតាមអ្វីដែលជាការញុះញង់ ដើម្បីគ្រាន់តែបម្រើផលប្រយោជន៍ ឯកជនរបស់គេនោះទេ ៕