Tuesday, December 21, 2021

វិភាគអន្តរជាតិ៖ លោក ចូ បៃដិន, ពីប្រធានាធិបតីមានការគាំទ្រ ភ្លូកទឹកភ្លូកដី ក្លាយជាប្រធានាធិបតីបាត់បង់ការគាំទ្រ ភ្លូកទឹកភ្លូកដី


(សិង្ហបុរី)៖ លោក ចូ បៃដិន បានផ្ដួលលោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០២០ ដោយទទួលបានចំនួនអង្គបោះឆ្នោត ភ្លូកទឹកភ្លូកដី ហើយនៅពេលលោកចាប់ផ្ដើមអាណត្តិជាប្រធានាធិបតី កាលពីខែមករា ដើមឆ្នាំ២០២១កន្លងទៅនេះ អត្រាគាំទ្ររបស់លោកមានដល់ទៅ ៥៧ភាគរយ។


ប៉ុន្តែ បច្ចុប្បន្ន អត្រាគាំទ្ររបស់លោក បៃដិន បានដាំក្បាលចុះក្រោមយ៉ាងគំហុក មកនៅត្រឹមតែ៤៣ភាគរយប៉ុណ្ណោះ រីឯប្រជាជនអាមេរិក ៧១ភាគរយ យល់ថា ប្រទេសរបស់ខ្លួនកំពុងដើរនៅលើផ្លូវខុស។ តើមានមូលហេតុអ្វី ទើបធ្វើឱ្យលោក បៃដិន ដែលទទួលបានសំឡេងគាំទ្រភ្លូកទឹកភ្លូកដី បែរជាស្រុតចុះ ប្រជាប្រិយភាពដូចទឹកបាក់ទំនប់ ទៅវិញ?


*ស្ថានភាព COVID-19 កាន់តែអាក្រក់


ការផ្ទុះឡើងនូវវីរុសបំប្លែងថ្មី Delta កាលពីខែកក្កដា ឆ្នាំ២០២១នេះ នៅក្នុងសហរដ្ឋអាមេរិក វាបានធ្វើឱ្យករណីឆ្លង COVID-19 ប្រចាំថ្ងៃហក់ឡើងខ្ពស់ជាថ្មី ទោះបីជារដ្ឋបាលលោក បៃដិន សម្រេចបាននូវអត្រាចាក់វ៉ាក់សាំងខ្ពស់ក៏ដោយ។ ការកើនឡើងករណីឆ្លងនេះឯង បានជំរុញឱ្យប្រជាជនអាមេរិកដែលរំពឹងខ្ពស់ ថាពួកគេអាចនឹងត្រឡប់ទៅរកជីវភាពធម្មតាវិញ បានបាត់បង់ជំនឿចិត្តលើសមត្ថភាពដឹកនាំរបស់លោក បៃដិន។


តួយ៉ាង ការស្ទង់មតិរបស់សារព័ត៌មាន Axios បានបង្ហាញថាកាលពីខែមិថុនាកន្លងទៅថា ប្រជាជនអាមេរិក១ភាគ៣ គិតថាជីវភាពរស់នៅរបស់ពួកគេនឹងត្រឡប់ ទៅរកភាពប្រក្រតី នៅក្នុងរយៈពេល ៦ខែ ប៉ុន្តែនៅត្រឹមខែតុលា ចំនួននេះបានថយមកនៅត្រឹម១៣ភាគរយប៉ុណ្ណោះ។ បន្ថែមពីលើនេះ ការឆ្លើយតបទៅនឹង ការកើនឡើងករណីឆ្លង COVID-19 នៅក្នុងសហរដ្ឋអាមេរិក បែរជាត្រូវបានប្រើប្រាស់ក្នុងចេតនានយោបាយទៅទៀត។ ទាំងខាងបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ បានបែកបាក់គ្នាយ៉ាងខ្លាំងពាក់ព័ន្ធនឹងកាតព្វកិច្ចចាក់វ៉ាក់សាំង, កាតព្វកិច្ចពាក់ម៉ាស រួមទាំងវិធានការរឹតត្បិតជាច្រើនទៀត។


ម្លោះហើយ COVID-19 នៅតែបន្តឆ្លងរាតត្បាត ការបែកបាក់នៅក្នុងសហរដ្ឋអាមេរិកកាន់តែមានសភាពធ្ងន់ធ្ងរ ហើយវាចៀសមិនរួចនោះទេដែលប្រជាជន អាមេរិកយល់ថាលោក បៃដិន ត្រូវតែទទួលខុសចំពោះការបែកបាក់នេះ។


*ការគ្រប់គ្រងសេដ្ឋកិច្ចរបស់លោក បៃដិន


បញ្ហាធំមួយទៀតដែលធ្វើឱ្យលោក បៃដិន បាត់បង់ប្រជាប្រិយភាព នោះគឺការគ្រប់គ្រង និងដោះស្រាយបញ្ហាសេដ្ឋកិច្ច។ សេដ្ឋកិច្ច ត្រូវបានគេចាត់ទុកថាជាកត្តា ដ៏ចម្បងមួយដែលអាចកំណត់ពីជោគវាសនារបស់ប្រធានាធិបតីអាមេរិកនៅក្នុងបោះឆ្នោត។ កាលពីនៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត, ប្រជាជនអាមេរិក ភាគច្រើនគិតថាលោក ដូណាល់ ត្រាំ មានសមត្ថភាពដោះស្រាយបញ្ហាសេដ្ឋកិច្ចបានល្អប្រសើរជាងលោក បៃដិន។


លោក បៃដិន សព្វថ្ងៃកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច គឺអតិផរណានៅក្នុងស្រុក បូករួមទាំងការខូចខាតយ៉ាងធ្ងន់ធ្ងរនៃខ្សែចង្វាក់ផ្គត់ផ្គង់សកលលោក ដោយសារ COVID-19។ អតិផរណាបាន និងកំពុងវាយប្រហារលើប្រជាប្រិយភាពលោក បៃដិន ដោយសារព័ត៌មាន Wall Street Journal កាលពីពេលថ្មីៗនេះ បានរាយការណ៍ថាប្រជាជនអាមេរិកច្រើនជាង ៥៦ភាគរយ មានអារម្មណ៍ថាពួកគេរងគ្រោះដោយសារអតិផរណា ហើយភាគច្រើនក្នុងចំណោម ពួកគេក៏គិតដែរ ថាស្ថានការណ៍នឹងកាន់តែអាក្រក់ឡើង។


គួរបញ្ជាក់ថា លោក ចូ បៃដិន ធ្លាប់បានបញ្ជាក់ពីបំណងឈរឈ្មោះប្រជែងយកតំណែងជាប្រធានាធិបតីមួយអាណត្តិទៀត នៅឆ្នាំ២០២៤។ ប៉ុន្តែ ក្រុមអ្នកជំនាញខ្លះយល់ថា វាពិបាកណាស់ដែលលោក បៃដិន អាចនឹងទទួលបានជ័យជម្នះម្ដងទៀត ស្របពេលដែលនយោបាយការបរទេសរបស់លោក ជាពិសេស គឺបរាជ័យនៅអាហ្វហ្កានីស្ថាន នៅតែបន្តលងបន្លាចរូបលោក និងរូបភាពជាមេដឹកនាំពិភពលោករបស់អាមេរិក៕


ប្រភព៖ CNA (ថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១)

ដោយៈfresh news



ប្រធានាធិបតីវៀតណាម ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលពីរថ្ងៃនៅប្រទេសកម្ពុជា

 (ភ្នំពេញ)៖ លោក ង្វៀន សួនហ៊្វុក ប្រធានាធិបតីថ្មីរបស់វៀតណាម បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយនៅវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២១។

ដំណើរទស្សនកិច្ចរបស់លោក ង្វៀន សួនហ៊្វុក នៅកម្ពុជា តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ លោក ង្វៀន សួនហ៊្វុក នឹងចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី នៅព្រះទីនាំងទេវាវិនិច្ឆ័យ និងចូលក្រាបបង្គំគាល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះរាជដំណាក់គន្ធបុប្ផា ក្នុងព្រះបរមរាជវាំង។
ប្រមុខរដ្ឋរបស់វៀតណាម លោក ង្វៀន សួនហ៊្វុក ក៏នឹងចូលថ្វាយបង្គំគាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា។ លោក ង្វៀន សួនហ៊្វុក ក៏នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងដាក់កន្ត្រកផ្កានៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្រៅពីនោះ លោក ង្វៀន សួនហ៊្វុក នឹងមានជំនួបដោយឡែកពីគ្នា ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។ នៅក្រោយជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន មានឯកសារសំខាន់ៗមួយចំនួន នឹងត្រូវពិធីចុះហត្ថលេខា។
លោកប្រធានរដ្ឋវៀតណាម នឹងអញ្ជើញធ្វើជាអធិបតីជាមួយសម្តេចពញាចក្រី ហេង សំរិន ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អាគាររដ្ឋបាលថ្មីនៅក្នុងវិមានរដ្ឋសភា។
ក្រសួងការបរទេសបានចាត់ទុកថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ង្វៀន សួនហ៊្វុក មកកាន់កម្ពុជា នឹងបន្តពង្រឹង និងធ្វើឱ្យកាន់តែឱ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងសន្តិភាព-ស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
លោក ង្វៀន សួនហ៊្វុក ត្រូវបានរដ្ឋសភាវៀតណាម បោះឆ្នោតតែងតាំងជាប្រធានាធិបតីជំនួសលោក ង្វៀន ភូជុង កាលពីថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១។ លោក ង្វៀន សួនហ៊្វុក ធ្លាប់បានបម្រើការងារជានាយករដ្ឋមន្ត្រីពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១។
សូមបញ្ជាក់ថា កម្ពុជា និងវៀតណាម បានភ្ជាប់ទំនាក់ទំនងនឹងគ្នានៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ តែទំនាក់ទំនងនេះត្រូវបាត់កាត់ផ្តាច់ទៅវិញនៅខែមីនា ឆ្នាំ១៩៧០។ ខែមករា ឆ្នាំ១៩៧៩ ក្រោយពេលប្រទេសកម្ពុជា រំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ក៏បានតភ្ជាប់ឡើងវិញ។ នៅខែមីនា ឆ្នាំ២០០៥ ទំនាក់ទំនងប្រទេសទាំងពីរ ត្រូវបានដំឡើងកម្រិតទៅជា «ទំនាក់ទំនងមិត្តភាពជិតខាងល្អជាប្រពៃណី និងប្រកបដោយសហប្រតិបត្តិការរឹងមាំ យូរអង្វែង និងគ្រប់វិស័យ»។
កម្ពុជា និងវៀតណាម មានព្រំដែនគោកសរុបប្រវែង ១,២៧០គីឡូម៉ែត្រ បោះបង្គោលព្រំដែនបាន ៨៤ភាគរយ ស្មើនឹងព្រំដែនប្រវែង ១,០៤៥គីឡូម៉ែត្រ។
តាមរយៈទំនាក់ទំនងល្អប្រសើរនឹងគ្នានេះ មេដឹកនាំកម្ពុជា និងមេដឹកនាំរបស់វៀតណាម តែងបានផ្លាស់ប្តូរដំណើររវាងគ្នាជាញឹកញាប់។ លោក ង្វៀន សួនហ៊្វុក ក៏ធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីខែមេសា ឆ្នាំ២០១៧ផងដែរ ពេលលោកមានតួនាទីជានាយករដ្ឋមន្ត្រីវៀតណាម។
ឈរលើកិច្ចសហប្រតិបត្តិការល្អនេះ កម្ពុជា និងវៀតណាម តែងបានជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកលើការលំបាកនានា។ ជាពិសេសនៅក្នុងពេលរាតត្បាតជំងឺកូវីដ១៩ ប្រទេសទាំងពីរបានគាំទ្រគ្នាទៅវិញទៅមកលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។ ក្នុងនោះវៀតណាម បានផ្តល់ថវិកាប្រមាណ ៣២ម៉ឺនដុល្លារ បូករួមនឹងគ្រឿងបរិក្ខារពេទ្យជាបន្តបន្ទាប់មកកាន់កម្ពុជា។ ដោយឡែកកម្ពុជា ក៏បានផ្តល់ថវិកាសរុបប្រមាណ ៣៥ម៉ឺនដុល្លារ ព្រមទាំងបរិក្ខារពេទ្យជាច្រើនទៀត ទៅកាន់ប្រទេសវៀតណាម។
នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ កម្ពុជា បានផ្តល់ជូនរដ្ឋាភិបាលវៀតណាម នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូហ្វាមចំនួន ២០ម៉ឺនដូសទៅកាន់ប្រទេសវៀតណាមផងដែរ។
ការធ្វើពាណិជ្ជកម្ម និងវិនិយោគ ក៏ជាកិច្ចការអាទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម យកចិត្តទុកដាក់ខ្ពស់ ហើយតែងបានប្តេជ្ញាចិត្តក្នុងការជំរុញការធ្វើពាណិជ្ជកម្ម និងបង្កើតការវិនិយោគរវាងប្រទេសទាំងពីរ។ ក្នុងនោះនៅឆ្នាំ២០២០ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង ៥ប៊ីលានដុល្លារ ហើយរយៈពេល៨ខែឆ្នាំ២០២១ សម្រេចបានជិត ៧ប៊ីលានដុល្លារ។
ដោយឡែកការវិនិយោគវិញ គិតចាប់ពីឆ្នាំ១៩៩៤ ដល់ខែកញ្ញា ឆ្នាំ២០២១ ការវិនិយោគរបស់វៀតណាមនៅកម្ពុជា មានចំនួន ៨៨គម្រោង ក្នុងទំហំដើមទុនប្រមាណ ២.៥៦ប៊ីលានដុល្លារ។ សម្រាប់រយៈពេល ១០ខែឆ្នាំ២០២១ ការវិនិយោគរបស់វៀតណាម នៅកម្ពុជា មានទឹកប្រាក់ប្រមាណ ៨៩.៤លានដុល្លារអាមេរិក៕