Tuesday, November 14, 2017

(សូមទស្សនាវីដេអូ)៖ លោក សុខ ឥសាន បានបញ្ជាក់ថា បក្សប្រឆាំង​យកយុវជនធ្វើជា​ឈ្នាន់សម្រាប់​អនុវត្តផែន​ការក្បត់របស់ខ្លួន

កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២០ បានពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងនយោបាយ

នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលកិច្ចប្រជុំកំពូលអាស៊ាន-បូកបី ដែលធ្វើឡើងនៅ Reception Hall, PICC ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ នៅក្នុងកិច្ចប្រជុំកំពូលនេះមានការយាង និងអញ្ជើញចូលរួមពីបណ្ដាមេដឹកនាំនៃប្រទេសអាស៊ាន និងមេដឹកនាំប្រទេសបូកបី ចិន ជប៉ុន សាធារណរដ្ឋកូរ៉េផងដែរ។ នេះបើយោងតាមការបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
នៅក្នុងកិច្ចប្រជុំកំពូលនេះ មេដឹកនាំអាស៊ាន និងប្រទេសបូកបី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់បំផុតទៅលើការខិតខំប្រឹងប្រែងក្នុងការកសាងតំបន់អាស៊ាន និងប្រទេសជាដៃគូសន្ទនារបស់អាស៊ានទាំងអស់ ប្រកបដោយសុខសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព។ នៅក្នុងឱកាសនេះដែរ មេដឹកនាំអាស៊ាន និងមេដឹកនាំនៃប្រទេសបូកបី បានឯកភាពគ្នាក្នុងការចេញនូវសេចក្តីថ្លែងការណ៍ទីក្រុងម៉ានីលស្តីពីខួប ២០ឆ្នាំ នៃទំនាក់ទំនងអាស៊ានបូកបី ស្តីពីសន្តិសុខស្បៀង។ ថ្នាក់ដឹកនាំឯកភាពពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងនយោបាយ ទាំងសន្តិសុខ ប្រពៃណី ដូចដែលមានចែងក្នុងផែនការការងារនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី (២០១៨-២០២២)។
ថ្នាក់ដឹកនាំអាស៊ានបូក៣ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពបង្កហេតុ និងការគម្រាមកំហែងនាពេលថ្មីៗនេះ ជំរុញឱ្យកូរ៉េខាងជើងគោរពតាមកាតព្វកិច្ចរបស់ខ្លួនជាបន្ទាន់ នូវរាល់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ថ្នាក់ដឹកនាំបានគាំទ្រគំនិតផ្តួចផ្តើម ដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងកូរ៉េទាំងពីរឆ្ពោះទៅការបង្កើតឡើងនូវសន្តិភាពក្នុងឧបទ្វីបកូរ៉េ និងបានកត់សម្គាល់នូវគំនិតផ្តួចផ្តើមចុងក្រោយ ដែលបានស្នើឡើងដោយសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងប៊ែរឡាំង។ ថ្នាក់ដឹកនាំអាស៊ាន បានបញ្ជាក់ឡើងវិញនូវការត្រៀមខ្លួនដើម្បីដើរតួនាទីស្ថាបនា ក្នុងការរួមចំណែកកសាងសន្តិភាព និងស្ថិរភាព នៅឧបទ្វីបកូរ៉េ៕



Trump សើច ខណៈដែលមេដឹកនាំហ្វីលីពីនហៅអ្នកសារព័ត៌មានថា ជាចារកម្ម

លោកប្រធានាធិបតីអាមេរិក Donald Trump បានសើចកាលពីថ្ងៃចន្ទ ខណៈដែលសមភាគីរបស់លោកនៅហ្វីលីពីនលោក Rodrigo Duterte មិនឆ្លើយសំណួរអ្នកសារព័ត៌មានស្តីអំពីសិទ្ធិមនុស្ស ហើយបានហៅអ្នកសារព័ត៌មានថា ជា «ចារកម្ម»។ អ្នកសារព័ត៌មានរាប់សិបនាក់នៅហ្វីលីពីន ត្រូវបានគេសំលាប់ដោយគ្មានទោសនៅក្នុងទសវត្សរ៍ចុងក្រោយនេះ ហើ​យ​​សង្គ្រាមគ្រឿងញៀនរបស់លោក Duterte បាននាំមកឲ្យមានការសម្លាប់ក្រៅប្រព័ន្ធតុ​លាការយ៉ាងហោចណាស់ ៧០០០ នាក់។
សូម្បីតែលោក Duterte ត្រូវបានគេចោទប្រកាន់ពីបទបញ្ជាឲ្យគេសម្លាប់អ្នកកាសែតម្នាក់។ អតីតប៉ូលិសពីរនាក់បានចោទប្រកាន់លោក Duterte កាលពីដើមឆ្នាំនេះក្នុងឋានៈជាចៅ​ហ្វា​យក្រុង Davao ក្នុងឆ្នាំ ២០០៣ ថា បានចំណាយប្រាក់រាប់ម៉ឺនដុល្លារ ដើម្បីឲ្យគេធ្វើឃាតអ្នកផ្សា​យវិទ្យុ Juan Pala ។ លោក Duterte បានបដិសេធការចោទប្រកាន់នេះ។ លោក Trump និងលោក Duterte បានជួបប្រជុំគ្នានៅថ្ងៃចន្ទនៅខាងក្រៅកិច្ចប្រជុំអាស៊ាន ដែលត្រូវបានរៀបចំឡើងនៅរដ្ឋធានីម៉ានីលរបស់ហ្វីលីពីន។ វាជាជំនួបលើកដំបូងរវាងមេដឹកនាំទាំងពីរ។
លោក Duterte បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា «យើងនឹងពិភាក្សាអំពីបញ្ហាដែលមានផលប្រយោជន៍ចំពោះហ្វីលីពីន និងសហរដ្ឋអាមេរិក… ដោយមានវត្ត​មានអ្នកឯង អ្នកឯងដឹងទេថា អ្នកឯងគឺជាចារកម្ម។»។ លោក Trump សើចក្នុងការឆ្លើយតប។ ទោះបីជាលោក Duterte បានហៅលោក Trump ថា ជា «មនុស្សក្រអើតក្រទម» កាលពីឆ្នាំមុន និងមានគំនុំលក្ខណៈបុគ្គលលើអាមេរិកក៏ដោយ ក៏មេដឹកនាំទាំងពីរមានទំនាក់ទំ​នង​កក់ក្តៅគួរសមចាប់តាំងពី Trump ចូលកាន់តំណែង។ លោក Trump បានប្រាប់លោក Duterte ក្នុងអំឡុងការហៅទូរស័ព្ទកាលពីខែមេសាថា លោកបានឮថា លោក Duterte កំ​ពុ​ងធ្វើ «ការងារមិនគួរឱ្យជឿមួយលើបញ្ហាគ្រឿងញៀន»។
ម្យ៉ាងវិញទៀត អ្នកសារព័ត៌មាននៅហ្វីលីពីន បានរិះគន់ការរំលោភបំពាននៅក្នុង   សង្គ្រា​ម​គ្រឿងញៀនរបស់លោក Duterte និងបង្ហាញយ៉ាងច្បាស់នៃការសម្លាប់ក្រៅប្រព័ន្ធតុលាការ។ ប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនបានជួយនាំយកការយកចិត្តទុកដាក់ជាអន្តរជាតិចំពោះសង្គ្រាមគ្រឿងញៀន ដោយការបោះពុម្ពរូបថតរបស់សាកសពដែលដាក់នៅតាមផ្លូវនៃទីក្រុងម៉ានីល ក្បាលរបស់ពួកគេរុំដោយថង់ប្លាស្ទិក។ ប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនក៏ដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឲ្យរដ្ឋបាលរបស់លោក Duterte មានការទទួលខុសត្រូវ ក្នុងនាមជា​ប្រធានាធិបតីដែលបានវាយប្រហារលើឥស្សរជនបក្សប្រឆាំង និងពួកអ្នកផ្តល់ជំនួយសម្រាប់អង្គការដែលផ្តល់ការត្រួតពិនិត្យលើសកម្មភាពរបស់គាត់។ កាលពីដើមឆ្នាំនេះរដ្ឋាភិបាលបានកាត់បន្ថយថវិកា សម្រាប់គណៈកម្មការសិទ្ធិមនុស្សរបស់ប្រទេសនេះពី ១៥ លានដុល្លារមកត្រឹមតែ ២០ ដុល្លារប៉ុណ្ណោះ។ បន្ទាប់ពីការតវ៉ាជាសាធារណៈមួយ សមាជិកសភាបានសម្រេចកំណត់មូលនិធិរបស់គណៈកម្មាការនេះចំនួន ១២,២ លានដុល្លារ។ លោក Duterte ពិតជាបញ្ជាឲ្យក្រុមការងារថ្មីនៅខែតុលា ឆ្នាំ ២០១៦ ដើម្បីទប់ស្កាត់ការសម្លាប់ដែលយកប្រព័ន្ធផ្សព្វផ្សាយធ្វើគោលដៅ ប៉ុន្តែក្រុមសិទ្ធិមនុស្សនិយាយថា ខ្លួនបានចាត់វិធានការតិចតួចប៉ុណ្ណោះ។ អ្នកកាសែត ៤ នាក់ត្រូវបានគេសម្លាប់នៅក្នុងប្រទេសហ្វីលីពីនចាប់តាំងពីលោក Duterte បានឡើងកាន់តំណែង ហើយប្រទេសនេះជាប់ចំណាត់ថ្នាក់ទី ៥ នៅលើបញ្ជីអ្នកកាសែតរបស់គណៈកម្មាធិការការពារអ្នកកាសែត ដែលអ្នកកាសែតត្រូវបានសំលាប់ដោយគ្មានទោស។
លោក Duterte ប្រើពាក្យថា «ចារកម្ម» ដើម្បីពិពណ៌នាអំពីអ្នកសារព័ត៌មានគឺគួរឱ្យកត់សម្គាល់ផងដែរ ខណៈដែលរដ្ឋាភិបាលឃោរឃៅតែងតែចោទប្រកាន់អ្នកសារព័ត៌មានអំពីចារកម្មថា ជាលេសដើម្បីបង្ក្រាបសេរីភាពសារព័ត៌មាន។ បន្ទាប់ពីលោក Trump សើចចំពោះសំដីរបស់លោក Duterte អ្នកកាសែត Sulome Anderson បានសរសេរនៅលើបណ្តាញ Tweet អំពីរបៀបអ្នកចាប់ជំរិត Hezbollah បានធ្វើទារុណកម្មឪពុកលោកស្រី Terry Anderson ហើយបានចោទប្រកាន់គាត់ពីបទធ្វើជាចារកម្ម ខណៈពេលដែលគាត់ធ្វើការឲ្យសារព័ត៌មាន Associated Press ។
សេតវិមានបាននិយាយថា លោក Trump បានលើកយកបញ្ហាសិទិ្ធមនុស្សដែលទាក់ទងទៅនឹងសង្គ្រាមគ្រឿងញៀននៅហ្វីលីពីនក្នុងអំឡុងពេលជួបជាមួយលោក Duterte ប៉ុន្តែអ្នកនាំពាក្យរបស់ប្រធានាធិបតីហ្វីលីពីនបាននិយាយថា មិនមានការជជែកគ្នាបែបនេះកើតឡើងនោះទេ៕

(​ប្រភព: Huff Post ចុះថ្ងៃទី១៤ ខែវិច្ឆិកា​​ ឆ្នាំ២០១៧)

ពង្រាង៖ ប្រជាជាតិនៅអាស៊ីអាគ្នេយ៍មិនត្រូវមើលស្រាលស្ថានភាពស្ងប់ស្ងាត់នៅ សមុទ្រចិនខាងត្បូងនោះទេ

ប្រជាជាតិអាស៊ីអាគ្នេយ៍ នឹងមិនចាត់ទុកស្ថានភាពស្ងប់ស្ងៀមថា ជាការមើលស្រាលទៅក្នុងជ​ម្លោះ​​​​សមុទ្រចិនខាងត្បូងនោះទេ នេះបើយោងតាមពង្រាងសេចក្តីថ្លែងការណ៍ដែលនឹងបញ្ចេញអំ​ឡុងពេលកិច្ចប្រជុំកំពូលនៅក្រុងម៉ានីលថ្ងៃចន្ទនេះ។ នៅក្នុងពង្រាងសេចក្តីដែលទីភ្នាក់ងារ Re​u​t​ers បានឃើញបាននិយាយថា «ខណៈដែលសភាពការណ៍កាន់តែស្ងប់នៅពេលនេះយើងមិនអា​ច​​មើលស្រាលដំណើរវិវត្តន៍នាពេលថ្មីៗនេះបានឡើយ។

សេចក្តីថ្លែងការណ៍នោះនិយាយថា «សារៈសំខាន់នោះគឺយើងសហការគ្នាដើម្បីរក្សាបាននូវសន្តិភាព ស្ថិរភាព សេរីភាពនាវាចរណ៍នៅក្នុងតំបន់ និងការហោះហើរពីលើសមុទ្រចិនខាងត្បូងនេះ ស្រ​​ប​ទៅតាមច្បាប់អន្តរជាតិ»។ ពង្រាងសេចក្តីនេះនិយាយថា «វាគឺជាផលប្រយោជន៍រួមរបស់យើ​ង​ដើម្បីចៀសវាងការគិតគូខុសណាមួយដែលអាចនាំទៅរកភាពតានតឹងកាន់តែធ្ងន់ធ្ងរឡើង»។ មេដឹកនាំមកពីចិន អាមេរិក និងប្រជាជាតិ ៧ ទៀតកំពុងតែចូលរួមកិច្ចប្រជុំកំពូលអាស៊ានប្រ​ចាំ​​ឆ្នាំ។

កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានលើកឡើងថា បើទោះបីជាមានការ​ខ្វែងយោបល់របស់ពួកគេក៏ដោយ មេដឹកនាំទាំងនោះមិនគួរពិភាក្សាអំពីបញ្ហាសមុទ្រចិនខាងត្បូងនោះឡើយ។ លោក Duterte បាននិយាយនៅក្នុងសន្និសីទធុរកិច្ចមួយថា «យើងត្រូវតែធ្វើជាមិត្ត​នឹងគ្នា មនុស្សឆាប់ខឹងឆេវឆាវដទៃទៀត ចង់ឱ្យយើងប្រឈមមុខជាមួយចិន ក៏ដូចជាប្រទេសជាច្រើនទៅលើបញ្ហាជាច្រើន។ យកល្អ បញ្ហាសមុទ្រចិនខាងត្បូងទុកវាចោលទៅកុំប៉ះពាល់វា គ្មា​ននរណាម្នាក់អាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីធ្វើសង្គ្រាមឡើយ។ វាអាចជាការប្រឈមដ៏ហិ​ង្សាមួយដែលត្រូវតែរាំងខ្ទប់មិនឱ្យមានមហន្តរាយ»។

នៅក្នុងការបើកប្រជុំផ្លូវការនៅថ្ងៃចន្ទ លោក Duterte មិនបាននិយាយទៅដល់បញ្ហាសមុទ្រចិនខា​ងត្បូងឡើយ ហើយបែរទៅជាចង្អុលបញ្ហាផ្សេងៗទៀត ជាការគំរាមកំហែងដ៏ហិង្សាទៅលើតំ​បន់នេះទៅវិញ។ គាត់បាននិយាយថា «ភេរវកម្ម និងក្រុមជ្រុលនិយមបែបហិង្សាធ្វើឱ្យគ្រោះថ្នាក់ដល់ស​ន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់របស់យើង ពីព្រោះការគំរាមទាំងនេះគ្មានព្រំដែននោះទេ គាត់បាននិយាយថា ចោរសមុទ្រ និងប្លន់ប្រដាប់អាវុធនៅក្នុងលំហសមុទ្រ ធ្វើឱ្យប៉ះពាល់ដល់ការរីកលូតលាស់ និងរំខានដល់ស្ថិរភាពទាំងពាណិជ្ជកម្មតំបន់ និងពិភពលោក ការគំរាមពីពា​ណិជ្ជកម្មគ្រឿងញៀននៅតែបន្តភាពគ្រោះថ្នាក់ដល់មូលដ្ឋានគ្រឹះសង្គមរបស់យើង។ បញ្ហាទាំ​ង​នេះ និ​ងបញ្ហាផ្សេងទៀតគឺជារបៀបវារៈកំពូលនៃកិច្ចប្រជុំរបស់យើង។

លោក Duterte កាន់តែងាកជិតទៅចិន ចាប់តាំងពីគាត់ឡើងកាន់អំណាចកាលពីឆ្នាំទៅ ហើយវៀតណាមបានលេចមុខឡើងជាអ្នកប្រឈមដ៏ខ្លាំងនៅក្នុងតំបន់នេះ។ ទង្វើរបស់ចិនដើម្បីដាក់ស​ម្ពា​ធ​វៀតណាម ដើម្បីបញ្ឈប់ការខួងរកប្រេងនៅក្នុងតំបន់ជម្លោះនេះកាលពីខែកក្កដា បានធ្វើឱ្យទំ​នា​​ក់​ទំនងប្រទេសកុម្មុយនីស្តជិតខាងពីរនេះធ្លាក់ដល់កម្រិតទាប។ ប៉ុន្តែកាលពីថ្ងៃអាទិត្យ ទូរ​ទស្ស​​​ន៍រដ្ឋវៀតណាមបាននិយាយថា ប្រធានាធិបតីចិន Xi Jinping បានប្រាប់អគ្គលេខាធិការបក្សវៀតណាម Nguyen Phu Trong ថា គាត់ចង់ធ្វើការជាមួយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ស្តីពីក្រុម​​ប្រតិបត្តិនៅក្នុងសមុទ្រនេះ។ ទីភ្នាក់ងារសារព័ត៌មានចិន Xinhua និយាយថា ចិន និងវៀតណាមបានយល់ព្រមព្រៀងគ្នាដើម្បីរ៉ាប់រងបញ្ហាដែនទឹកឱ្យបានសមរម្យ និងខិតខំដើម្បីរក្សាបាននូវស្ថិ​រភាពនិងសន្តិភាព៕

(ប្រភព : Reuters ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧)


លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំ កំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមការស្វាគមន៍យ៉ាងកក់ក្តៅ ពីប្រធានាធិបតីហ្វីលីពីន

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ បានអញ្ជើញចូលរួមពិធីបើក ច្ចប្រជុំកំពូល អាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលធ្វើឡើងនៅមជ្ឍមណ្ឌលវប្បធម៌ហ្វីលីពីន ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
តាម Page Facebook របស់លោក បានបញ្ជាក់ថា ការអញ្ជើញចូលរួមរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំទាំងនេះ ត្រូវបានទទួលស្វាគមន៍រាក់ទាក់យ៉ាងកក់ក្ដៅបំផុតពីសំណាក់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន និងលោកស្រី។
ជាមួយគ្នានេះ នៅក្នុងកិច្ចបើកប្រជុំកំពូលនាពេលនេះ ក៏មានការយាង និងអញ្ជើញចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ប្រមុខរដ្ឋ រដ្ឋាភិបាលកិច្ចប្រជុំកំពូលអាស៊ានបូព៌ា ប្រមុខរដ្ឋ រដ្ឋាភិបាលបាលបណ្ដាប្រទេសធំៗ លើពិភពលោក អគ្គលេខាធិការអង្គការសហប្រជាជាតិ រដ្ឋមន្ត្រីអាស៊ាន ភ្ញៀវប្រធានអាស៊ាន អគ្គលេខាធិការអាស៊ាន ឧត្តមមន្ត្រីអាស៊ាន ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន អគ្គនាយកអាស៊ាន តំណាំងអចិន្ត្រៃយ៍ប្រចាំអាស៊ាន សមាជិកគណៈប្រតិភូ និងបណ្តាញផ្សព្វផ្សាយព័ត៌មានជាច្រើនទៀត។
ទន្ទឹមនឹងនោះ ក៏មានការសម្ដែងសិល្បះចម្រៀងរបស់ប្រទេសនីមួយៗ ជូនគណៈប្រតិភូទស្សនាផងដែរ។
សម្រាប់កម្មវិធីថ្ងៃនេះ លោកនាយករដ្ឋមន្រ្ដី នឹងអញ្ជើញចូលរួមកិច្ចប្រជុំចំនួន០៩ផ្សេងទៀត បន្ទាប់ពី ពិធីបើកកិច្ចប្រជុំអាស៊ានលើកទី៣១។ ហ្វេសប៊ុកលោកនាយករដ្ឋមន្រ្ដី នឹងផ្សាយជូនព័ត៍មាននៃកិច្ចប្រជុំកំពូលនេះជូនបងប្អូន ប្រជាពលរដ្ឋបានជ្រាបជាបន្តបន្ទាប់ទៀត ៕



រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីរវាង​អាស៊ាន-ហុងកុង ​និងកិច្ចព្រមព្រៀង​ស្តីពី វិនិយោគ ​រវាងអាស៊ាន​ និងហុងកុង​

ម៉ានីឡា, ហ្វីលីពីន៖ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ពីរ ក្នុងអំឡុងពេលអមដំណើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន។
ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធនេះ លោក ប៉ាន សូរស័ក្តិ រួមជាមួយរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងរដ្ឋលេខាធិការពាណិជ្ជកម្ម និងឧស្សាហកម្ម ចិនហុងកុង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ចំនួនពីរ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន-ហុងកុង និងកិច្ចព្រមព្រៀងស្តីពីវិនិយោគ រវាងអាស៊ាន និងហុងកុង។
នេះគឺជាជោគជ័យថ្មីមួយទៀតដែលក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ទទួលបានក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក បន្ទាប់ពីរដ្ឋសភា និងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម និងអនុម័តយល់ព្រមលើពិធីសារនៃការអនុវត្តកិច្ចព្រមព្រៀងអាស៊ាន សាធារណរដ្ឋប្រជាមានិតចិនកាលពីខែតុលា ឆ្នាំ២០១៧ កន្លងទៅ។
គោលបំណងសំខាន់ៗ នៃកិច្ចព្រមព្រៀងទាំងពីរគឺ៖ (១) កាត់បន្ថយរបាំងចំពោះលំហូរពាណិជ្ជកម្មទំនិញ សេវា និងវិនិយោគ ធើ្វឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយនូវការផ្សារភ្ជាប់សេដ្ឋកិច្ច កាត់បន្ថយចំណាយសម្រាប់ធុរជន បង្កើនពាណិជ្ជកម្ម ពង្រឹងប្រសិទ្ធភាពសេដ្ឋកិច្ច និងបង្កើតទីផ្សារកាន់តែធំទូលាយជាមួយកាលានុវត្តភាពច្រើនជាងមុន និងសេដ្ឋកិច្ចមាត្រដ្ឋានកាន់តែធំសម្រាប់ធុរកិច្ច (២) ធ្វើពិពិធកម្ម និងជំរុញពាណិជ្ជកម្ម វិនិយោគ និងទំនាក់ទំនងសេដ្ឋកិច្ចរវាងភាគី (៣) ផ្តល់ការអនុគ្រោះពិសេស និងដោយឡែក ចំពោះរដ្ឋជាសមាជិកអាស៊ានថ្មី ដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដើម្បីបង្កើនការចូលរួមក្នុងសមាហរណកម្មសេដ្ឋកិច្ចកាន់តែខ្លាំងជាងមុន និងពង្រីកការនាំចេញ តាមរយៈការបង្កើនសមត្ថភាព ប្រសិទ្ធភាព និងភាពប្រកួតប្រជែងក្នុងស្រុក (៤) ជួយទ្រទ្រង់ដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងពិភពលោក និងទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។
នៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន នឹងធ្វើឲ្យមានភាពល្អប្រសើរឡើងនូវលំហូរវិនិយោគ និងពាណិជ្ជកម្មរវាងភាគីទាំងពីរ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនអាស៊ាន រួមមានកម្ពុជា ក៏ដូចជា ហុងកុង។ លើសពីនេះទៀត នឹងបង្កើនការតភ្ជាប់សេដ្ឋកិច្ចរវាងអាស៊ានហុងកុង តាមរយៈការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទំនិញ សេវាកម្ម និងវិនិយោគ។ កម្ពុជានឹងទទួលបានផលប្រយោជន៍ច្រើនពីកិច្ចព្រមព្រៀងនេះ ដោយសារហុងកុង ជាទីផ្សារមូលធនដ៏ធំ។
គួររំលឹកថា កិច្ចព្រមព្រៀងសំខាន់ទាំងពីរ ត្រូវបានចាប់ផ្តើមចរចាដំបូងនៅឆ្នាំ២០១៤ និងបានបញ្ចប់នាកិច្ចប្រជុំគណៈកម្មាធិការចរចាពាណិជ្ជកម្មអាស៊ាន-ហុងកុង លើកទី១០ នៅទីក្រុងបាងកក ថៃឡង់ដ៏ កាលពីខែកក្កដា ឆ្នាំ២០១៧។ បន្ថែមពីនោះ មានការងារបច្ចេកទេសលម្អិតជាច្រើន ត្រូវបានបន្តធ្វើ ដូចជាការងាររៀបចំឲ្យមានការឯកភាពគ្នាក្នុងការប្រើប្រាស់ពាក្យពេចន៍គន្លឹះមួយចំនួន តារាងបញ្ចុះពន្ធគយចុងក្រោយ ទម្រង់រួមនៃតារាងពន្ធគយ។ល។ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ប្រធានក្រុមចរចាបានឈានដល់ការឯកភាពគ្នាទាំងស្រុងលើអត្ថបទចុងក្រោយនៃកិច្ចព្រមព្រៀង ដែលរួចរាល់សម្រាប់ការចុះហត្ថលេខាដោយរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ជាមួយរដ្ឋលេខាធិការ នៃចិនហុងកុង៕



បញ្ជីឈ្មោះថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចំនួន១១៧នាក់ ត្រូវបានមេធាវីក្រសួងមហាផ្ទៃ ដាក់ជូនតុលាការកំពូលហាមឃាត់មិនឱ្យធ្វើនយោបាយ៥ឆ្នាំ

ក្រុមមេធាវីរបស់ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ បានដាក់ភ័ស្ដុតាងសំខាន់ៗចំនួន៣បន្ថែមទៀត ទៅកាន់តុលាការកំពូល ពាក់ព័ន្ធពាក្យបណ្ដឹងសុំរំលាយ គណបក្សសង្គ្រោះជាតិ ហើយបន្ថែមលើនេះភ័ស្ដុតាងសំខាន់ៗទាំងនោះ ក៏មានបញ្ជីឈ្មោះថ្នាក់ដឹកនាំសំខាន់ៗ របស់គណបក្សសង្គ្រោះជាតិ ចំនួន១១៧នាក់ ដែលត្រូវស្នើសុំឱ្យតុលា​ការកំពូល ហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ។
សូមអានបញ្ជីឈ្មោះថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចំនួន១១៧រូប ដែលបានដាក់ជូនតុលាការកំពូល៖






























ថ្នាក់ដឹកនាំខេត្តប៉ៃលិន ជួបសំណេះសំណាល និងផ្តល់រង្វន់ដល់បេក្ខជន ប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទេ្ទស A-B ឆ្នាំ២០១៧

ខេត្តប៉ៃលិន៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត លោក កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានជួបសំណេះសំណាល និងផ្តល់រង្វាន់ដល់បេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទេ្ទស A-B សម័យប្រឡង ២១ សីហា ២០១៧។
លោក កើត សុធា អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍កោតសរសើរដល់ ថ្នាក់ដឹកនាំ មន្រ្តីមន្ទីរអប់រំ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងអប់រំ បណ្តុះបណ្តាលដល់ក្មួយៗ ធ្វើឱ្យលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២១ សីហា ឆ្នាំ២០១៧នេះ ទទួលបានលទ្ធផលល្អ។
លោកបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ចេញគោលនយោបាយកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ក្នុងនោះវិស័យអប់រំ គឺលោកបានយកចិត្តទុកដាក់វិនិយោគ និងកែទម្រង់លើការសិក្សាគ្រប់កម្រិត សំដៅជំរុញបណ្តុះបណ្តាលធនធានមនុស្សដល់កូនចៅជំនាន់ក្រោយ ប្រកបដោយគុណភាពសម្រាប់បន្តវេនដឹកនាំកសាងអភិវឌ្ឍប្រទេសជាតិយើង ឱ្យមានការរីកចម្រើនឡើងផងដែរ។ ទន្ទឹមនេះភាពរីកចម្រើនលើវិស័យអប់រំនៅខេត្តប៉ៃលិន គឺដោយសារតែប្រទេសជាតិយើងមានសុខសន្តិភាពបានពេញលេញបរិបូណ៍ យើងមានសាលារៀនគ្រប់គ្រាន់ បានផ្តល់ឱកាសឱ្យក្មួយៗបានចូលរៀនសូត្រគ្រប់កម្រិត តែផ្ទុយទៅវិញបើប្រទេសជាតិបានសង្រ្គាមដូចពីអតីតកាលនោះ យើងទាំងអស់គ្នាមិនអាចជួបជុំគ្នាបានឡើយ មិនបាច់និយាយដល់ការរៀនសូត្រទេ ដូច្នេះយើងទាំងអស់គ្នាប្រឆាំងដាច់ខាតនូវអំពើក្បត់ជាតិរបស់ក្រុមបក្ខពួក និងជនអគតិមានបំណងបំផ្លាញសន្តិភាព ឯករាជ្យជាតិ និងការអភិវឌ្ឍ ជាពិសេសឧបាយកលបដិវត្តន៍ពណ៌ដើម្បីដណ្តើមអំណាចដែលផ្ទុយពីរដ្ឋធម្មនុញ្ញ។ លោកបានផ្តាំផ្ញើដល់ក្មួយៗដែលប្រឡងជាប់ត្រូវបន្តខិតខំសិក្សារៀនសូត្រ ចាប់យកជំនាញទៅបន្តការសិក្សានៅថ្នាក់បរិញ្ញបត្រឱ្យទទួលបាន ជ័យលាភីបន្តទៀត។
បើតាមរបាយការណ៍របស់ លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាបានឱ្យដឹងថា សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៧ ខេត្តប៉ៃលិនមានបេក្ខជន ៣១៦នាក់ ស្រី១៦៩នាក់ បេក្ខជនប្រឡងជាប់និទ្ទេស A ចំនួន១នាក់ ស្រី ១នាក់ និទេ្ទសB ចំនួន ៨នាក់ ស្រី៥នាក់ ទិទ្ទេសC ចំនួន ១២នាក់ ស្រី៥នាក់ និទេ្ទស D ចំនួន១៨នាក់ ស្រី១១នាក់ និទ្ទេស E ចំនួន១៥៩នាក់ ស្រី៨៥នាក់ និងសិស្សដែលប្រលងធ្លាក់មានចំនួន ១១៨នាក់ ហើយនៅក្នុងឱកាសនោះ លោក កើត សុធា អភិបាលខេត្តប៉ៃលិន ក៏បានប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A ចំនួនម្នាក់ ម៉ូតូ copy ១គ្រឿង កុំព្យូទ័រយួដៃ១គ្រឿង សិស្សនិទ្ទេស B ចំនួន៨នាក់ ដោយម្នាក់ៗថវិកា ៥០ម៉ឺនរៀល និងសិស្សនុសិស្សចូលរួមចំនួន ១១០នាក់ម្នាក់ៗថវិកា ១ម៉ឺនរៀន និងសំភារៈសិក្សាមួយចំនួនផងដែរ៕




ខេត្តកំពង់ឆ្នាំង​ រៀបចំពិធី​ផ្សព្វផ្សាយ​នយោបាយថ្មីៗ​នៅកម្ពុជាបច្ចុប្បន្ន​

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅវត្តតារារង្សី ហៅវត្តដារ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានរៀបចំពិធីផ្សព្វផ្សាយនយោបាយថ្មីៗនៅកម្ពុជា បច្ចុប្បន្ន ក្រោមអធិបតីភាពលោក ចេង ញ៉ាន់ អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារខេត្ត ចុះជួយស្រុកកំពង់លែង ដោយមានការចូលរួមពីសមាជិក សមាជិកា ក្រុមការងារថ្នាក់ខេត្ត ស្រុក និងប្រជាពលរដ្ឋមកពីឃុំសំរោងសែន ចំនួន៤២នាក់ និងឃុំដារចំនួន១៧០នាក់ សរុបចំនួន២១២ នាក់៕




មេដឹកនាំអាស៊ាន អាមេរិក ប្តេជ្ញាចិត្តខ្ពស់លើការអនុវត្តផែនការសកម្មភាពទាំងពេលបច្ចុប្បន្នទៅអនាគត

នៅសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៥ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទំនាក់ទំនងសន្ទនា អាស៊ាន សហរដ្ឋអាមេរិក នៅមជ្ឈមណ្ឌលសន្និសីទវប្បធម៌ម៉ានីល ទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។ នេះបើយោងតាមការបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែននៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

មេដឹកនាំនៃប្រទេសអាស៊ានទាំង១០ រួមទាំងលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានយាងនិងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ។ មេដឹកនាំនៃប្រទេសអាស៊ាន និងសហរដ្ឋអាមេរិក បានចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុត ចំពោះខួបអនុស្សាវរីយ៍៤០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន សហរដ្ឋ អាមេរិក ពិសេសបានគាំទ្រការអនុម័តសេចក្តីប្រកាសរួម នៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន សហរដ្ឋ អាមេរិក។ នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ានបានលើកទឹកចិត្តដល់សហរដ្ឋអាមេរិក បន្តពង្រឹងភាពជាអ្នកដឹកនាំវ័យក្មេង និងការកសាងសមត្ថភាពយុវជន និងស្រ្តី តាមរយៈការផ្តល់នូវអាហារូបករណ៍បន្ថែមដល់សិស្ស និងនិស្សិតបណ្តាប្រទេសអាស៊ាន និងស្វាគមន៍ ចំពោះការបញ្ជាក់ពីការប្ដេជ្ញាចិត្ត របស់សហរដ្ឋ អាមេរិក ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន សហរដ្ឋអាមេរិក និងការគាំទ្ររបស់សហរដ្ឋអាមេរិក ដល់ការកសាងសហគមន៍អាស៊ាន ជាពិសេសការគាំទ្រចំពោះតួនាទីស្នូលរបស់អាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់។

នៅក្នុងកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាន បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមស្តីពីការតភ្ជាប់អាស៊ាន សហរដ្ឋអាមេរិក ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តាមរយៈការជំរុញពាណិជ្ជកម្ម ការវិនិយោគ និងសហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើនទំហំសេដ្ឋកិច្ច និងបង្កើនឱកាសការងារសម្រាប់ប្រជាជននៃតំបន់ទាំងពីរ ជាពិសេសគឺការបង្កើតមជ្ឈមណ្ឌល តភ្ជាប់អាមេរិក អាស៊ាន នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី និងការដាក់ឱ្យដំណើរការនូវក្របខណ្ឌតភ្ជាប់ អាមេរិក អាស៊ាន តាំងពីខែកញ្ញា ឆ្នាំ២០១៦។

ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក ស្នើឱ្យអាស៊ានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពោលគឺកាលពីឆ្នាំ២០១៦កន្លងទៅទំហំសេដ្ឋកិច្ចអាស៊ាន អាមេរិកជាង ២១១ពាន់លានដុល្លាអាមេរិក ហើយលោកប្រកាសថានៅតែគាំទ្រនូវតួនាទីស្នូលរបស់អាស៊ាន។ មេដឹកនាំអាស៊ាន អាមេរិក បានប្តេជ្ញាខ្ពស់លើការអនុវត្តផែនការសកម្មភាព ទាំងពេលបច្ចុប្បន្នទៅអនាគត លើយន្តការដែលមានស្រាប់និងលើគ្រប់វេទិកាទាំងអស់ ព្រមទាំងបានឈានទៅដល់ការអនុម័តលើសេចក្តីថ្លែងការណ៍ នៃការប្រារព្ធខួបលើក ទី៤០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន អាមេរិក និងទិសដៅទៅអនាគត៕