Tuesday, November 14, 2017

Trump សើច ខណៈដែលមេដឹកនាំហ្វីលីពីនហៅអ្នកសារព័ត៌មានថា ជាចារកម្ម

លោកប្រធានាធិបតីអាមេរិក Donald Trump បានសើចកាលពីថ្ងៃចន្ទ ខណៈដែលសមភាគីរបស់លោកនៅហ្វីលីពីនលោក Rodrigo Duterte មិនឆ្លើយសំណួរអ្នកសារព័ត៌មានស្តីអំពីសិទ្ធិមនុស្ស ហើយបានហៅអ្នកសារព័ត៌មានថា ជា «ចារកម្ម»។ អ្នកសារព័ត៌មានរាប់សិបនាក់នៅហ្វីលីពីន ត្រូវបានគេសំលាប់ដោយគ្មានទោសនៅក្នុងទសវត្សរ៍ចុងក្រោយនេះ ហើ​យ​​សង្គ្រាមគ្រឿងញៀនរបស់លោក Duterte បាននាំមកឲ្យមានការសម្លាប់ក្រៅប្រព័ន្ធតុ​លាការយ៉ាងហោចណាស់ ៧០០០ នាក់។
សូម្បីតែលោក Duterte ត្រូវបានគេចោទប្រកាន់ពីបទបញ្ជាឲ្យគេសម្លាប់អ្នកកាសែតម្នាក់។ អតីតប៉ូលិសពីរនាក់បានចោទប្រកាន់លោក Duterte កាលពីដើមឆ្នាំនេះក្នុងឋានៈជាចៅ​ហ្វា​យក្រុង Davao ក្នុងឆ្នាំ ២០០៣ ថា បានចំណាយប្រាក់រាប់ម៉ឺនដុល្លារ ដើម្បីឲ្យគេធ្វើឃាតអ្នកផ្សា​យវិទ្យុ Juan Pala ។ លោក Duterte បានបដិសេធការចោទប្រកាន់នេះ។ លោក Trump និងលោក Duterte បានជួបប្រជុំគ្នានៅថ្ងៃចន្ទនៅខាងក្រៅកិច្ចប្រជុំអាស៊ាន ដែលត្រូវបានរៀបចំឡើងនៅរដ្ឋធានីម៉ានីលរបស់ហ្វីលីពីន។ វាជាជំនួបលើកដំបូងរវាងមេដឹកនាំទាំងពីរ។
លោក Duterte បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា «យើងនឹងពិភាក្សាអំពីបញ្ហាដែលមានផលប្រយោជន៍ចំពោះហ្វីលីពីន និងសហរដ្ឋអាមេរិក… ដោយមានវត្ត​មានអ្នកឯង អ្នកឯងដឹងទេថា អ្នកឯងគឺជាចារកម្ម។»។ លោក Trump សើចក្នុងការឆ្លើយតប។ ទោះបីជាលោក Duterte បានហៅលោក Trump ថា ជា «មនុស្សក្រអើតក្រទម» កាលពីឆ្នាំមុន និងមានគំនុំលក្ខណៈបុគ្គលលើអាមេរិកក៏ដោយ ក៏មេដឹកនាំទាំងពីរមានទំនាក់ទំ​នង​កក់ក្តៅគួរសមចាប់តាំងពី Trump ចូលកាន់តំណែង។ លោក Trump បានប្រាប់លោក Duterte ក្នុងអំឡុងការហៅទូរស័ព្ទកាលពីខែមេសាថា លោកបានឮថា លោក Duterte កំ​ពុ​ងធ្វើ «ការងារមិនគួរឱ្យជឿមួយលើបញ្ហាគ្រឿងញៀន»។
ម្យ៉ាងវិញទៀត អ្នកសារព័ត៌មាននៅហ្វីលីពីន បានរិះគន់ការរំលោភបំពាននៅក្នុង   សង្គ្រា​ម​គ្រឿងញៀនរបស់លោក Duterte និងបង្ហាញយ៉ាងច្បាស់នៃការសម្លាប់ក្រៅប្រព័ន្ធតុលាការ។ ប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនបានជួយនាំយកការយកចិត្តទុកដាក់ជាអន្តរជាតិចំពោះសង្គ្រាមគ្រឿងញៀន ដោយការបោះពុម្ពរូបថតរបស់សាកសពដែលដាក់នៅតាមផ្លូវនៃទីក្រុងម៉ានីល ក្បាលរបស់ពួកគេរុំដោយថង់ប្លាស្ទិក។ ប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនក៏ដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឲ្យរដ្ឋបាលរបស់លោក Duterte មានការទទួលខុសត្រូវ ក្នុងនាមជា​ប្រធានាធិបតីដែលបានវាយប្រហារលើឥស្សរជនបក្សប្រឆាំង និងពួកអ្នកផ្តល់ជំនួយសម្រាប់អង្គការដែលផ្តល់ការត្រួតពិនិត្យលើសកម្មភាពរបស់គាត់។ កាលពីដើមឆ្នាំនេះរដ្ឋាភិបាលបានកាត់បន្ថយថវិកា សម្រាប់គណៈកម្មការសិទ្ធិមនុស្សរបស់ប្រទេសនេះពី ១៥ លានដុល្លារមកត្រឹមតែ ២០ ដុល្លារប៉ុណ្ណោះ។ បន្ទាប់ពីការតវ៉ាជាសាធារណៈមួយ សមាជិកសភាបានសម្រេចកំណត់មូលនិធិរបស់គណៈកម្មាការនេះចំនួន ១២,២ លានដុល្លារ។ លោក Duterte ពិតជាបញ្ជាឲ្យក្រុមការងារថ្មីនៅខែតុលា ឆ្នាំ ២០១៦ ដើម្បីទប់ស្កាត់ការសម្លាប់ដែលយកប្រព័ន្ធផ្សព្វផ្សាយធ្វើគោលដៅ ប៉ុន្តែក្រុមសិទ្ធិមនុស្សនិយាយថា ខ្លួនបានចាត់វិធានការតិចតួចប៉ុណ្ណោះ។ អ្នកកាសែត ៤ នាក់ត្រូវបានគេសម្លាប់នៅក្នុងប្រទេសហ្វីលីពីនចាប់តាំងពីលោក Duterte បានឡើងកាន់តំណែង ហើយប្រទេសនេះជាប់ចំណាត់ថ្នាក់ទី ៥ នៅលើបញ្ជីអ្នកកាសែតរបស់គណៈកម្មាធិការការពារអ្នកកាសែត ដែលអ្នកកាសែតត្រូវបានសំលាប់ដោយគ្មានទោស។
លោក Duterte ប្រើពាក្យថា «ចារកម្ម» ដើម្បីពិពណ៌នាអំពីអ្នកសារព័ត៌មានគឺគួរឱ្យកត់សម្គាល់ផងដែរ ខណៈដែលរដ្ឋាភិបាលឃោរឃៅតែងតែចោទប្រកាន់អ្នកសារព័ត៌មានអំពីចារកម្មថា ជាលេសដើម្បីបង្ក្រាបសេរីភាពសារព័ត៌មាន។ បន្ទាប់ពីលោក Trump សើចចំពោះសំដីរបស់លោក Duterte អ្នកកាសែត Sulome Anderson បានសរសេរនៅលើបណ្តាញ Tweet អំពីរបៀបអ្នកចាប់ជំរិត Hezbollah បានធ្វើទារុណកម្មឪពុកលោកស្រី Terry Anderson ហើយបានចោទប្រកាន់គាត់ពីបទធ្វើជាចារកម្ម ខណៈពេលដែលគាត់ធ្វើការឲ្យសារព័ត៌មាន Associated Press ។
សេតវិមានបាននិយាយថា លោក Trump បានលើកយកបញ្ហាសិទិ្ធមនុស្សដែលទាក់ទងទៅនឹងសង្គ្រាមគ្រឿងញៀននៅហ្វីលីពីនក្នុងអំឡុងពេលជួបជាមួយលោក Duterte ប៉ុន្តែអ្នកនាំពាក្យរបស់ប្រធានាធិបតីហ្វីលីពីនបាននិយាយថា មិនមានការជជែកគ្នាបែបនេះកើតឡើងនោះទេ៕

(​ប្រភព: Huff Post ចុះថ្ងៃទី១៤ ខែវិច្ឆិកា​​ ឆ្នាំ២០១៧)

No comments:

Post a Comment