Friday, January 19, 2018

លោក សុខ ឥសាន ថ្លែងថា ឧបាយកលឧទ្ទាមខុសច្បាប់ត្រូវបានបរាជ័យទាំងស្រុង

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នេះ បានបញ្ជាក់ជាថ្មីម្តងទៀតជូនសាធារណជនថា «ឧបាយកលឧទ្ទាមខុសច្បាប់ត្រូវបានបរាជ័យទាំងស្រុង» ដោយសារពុំទទួលបានការជឿជាក់ពីឆាកអន្តរជាតិ និងពីប្រជាជនកម្ពុជា ដែលកំពុងរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍ។

លោក សុខ ឥសាន បានបញ្ជាក់ថា ក្រោយបក្សប្រឆាំងត្រូវបានតុលាការកំពូលសម្រេចរំលាយចោល ស្របតាមបទល្មើសរបស់ខ្លួន និងបន្ទាប់ពី កឹម សុខា ត្រូវបានចាប់ខ្លួនពីបទសន្ទិដ្ឋិភាព (ក្បត់ជាតិ) ឃុបឃិតជាមួយរដ្ឋបរទេសប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់មក ក្រុមមន្ត្រីអតីតបក្សប្រឆាំងបានរត់ភៀសខ្លួនទៅក្រៅប្រទេស ដើម្បីទៅឱបដៃឱបជើងចៅហ្វាយនាយ ឱ្យជួយស្រោចស្រង់ខ្លួន ដោយវិធីផ្សេងៗតាមដែលអាចធ្វើបាន។ ប៉ុន្តែទោះបីខិតខំអង្វរករយ៉ាងណា ក៏មិនឃើញហុចផលអ្វីដែលជាផលប្រយោជន៍ ឬផលចំណេញដល់ប្រទេសជាតិ និងប្រជាជនបន្តិចណាសោះឡើយ។ ដូច្នេះហើយមេឧទ្ទាមខុសច្បាប់ម្តងរត់ទៅខាងនេះ ម្តងរត់ទៅខាងនោះ ឆ្លេឆ្លាដូចមាន់ដង្កោកាច់។

លោក សុខ ឥសាន បានបន្ថែមថា ថ្មីៗនេះស្រាប់តែពួកគេបានបែកគំនិតបង្កើតរបស់ដែលហៅថា ចលនាសាង្គ្រោះជាតិស្អីគេនោះ ដោយនិយាយថា ដើម្បីបានដោះលែង កឹម សុខា ឱ្យបក្សដែលស្លាប់ហើយរស់ទ្បើងវិញ ហើយថាឱ្យលទ្ធិប្រជាធិបតេយ្យដំណើរការជាថ្មី។ អ្នកនាំពាក្យគណបក្សប្រជាជន បានគូសបញ្ជាក់ថា គោលដៅរបស់ដែលហៅថា ចលនាសង្គ្រោះជាតិស្អីគេនោះ ដែលជាចលនាឧទ្ទាមខុសច្បាប់ មិនត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់នោះទេ ចំណែកស្ថានភាពប្រជាជននៅនឹងនរធម្មតា គឺមិនមានការគាំទ្រចំពោះសកម្មភាពក្រុមប្រឆាំងទាំងនោះទេ។

លោក សុខ ឥសាន បានលើកឡើងទៀតថា ដោយសារអស់ក្បួនហក់លោត ឥឡូវស្រាប់តែមកស្នើសុំឱ្យលើកពេលបោះឆ្នោតទៅវិញ។ មេឧទ្ទាមខុសច្បាប់យល់ច្រឡំហើយ មិនអាចយកប្រជាជនកម្ពុជា ធ្វើជាចំណាប់ខ្មាំងបាននោះទេ ទោះបីដោយតម្លៃណាក៏ដោយ កុំយល់ច្រឡំឱ្យសោះ។ លោកបន្ថែមថា ចំណែកកាលបរិច្ឆេទបោះឆ្នោតត្រូវបាននាយករដ្ឋមន្ត្រីកំណត់រួចហើយ។ ដូច្នេះការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នឹងប្រព្រឹត្តទៅ តាមពេលវេលាដែលបានកំណត់ អត់មានផ្លាស់ប្តូរនោះឡើយ។

លោក សុខ ឥសាន បានធ្វើការសន្និដ្ឋានថា ដោយសារមិនអាចរកវិធីដាក់គំនាបមកលើរាជរដ្ឋាភិបាលកម្ពុជា និងមិនអាចធ្វើបាបមកលើប្រជាជនកម្ពុជាដែលកំពុងរស់នៅក្នុងសន្តិភាព ហើយដោយសារការស្នើនេះស្នើនោះទៅចៅហ្វាយនាយមិនបាន ពួកឧទ្ទាមខុសច្បាប់បានបរាជ័យយ៉ាងធ្ងន់ធ្ងរ និងជាក់ស្តែង ដោយសារគ្មានការគាំទ្រពីមេក្លោងបរទេស និងពីប្រជាជនកម្ពុជា នាំឱ្យពួកឧទ្ទាមខុសច្បាប់ទាំងនេះ នឹងឈានទៅរកការវិនាសសាបសូន្យនាពេលឆាប់ៗខាងមុខនេះជាមិនខានឡើយ៕


អ្នកវិភាគ៖ ចលនាសង្រ្គោះជាតិរបស់ សម រង្ស៊ី ជាចលនាឧទ្ទាមក្បត់ជាតិ!

នៅទីបំផុតអ្វីៗបានច្បាស់លាស់គ្រប់គ្នា ជាពិសេសនៅពេលដែលអតីតមេបក្សព្រះអាទិត្យ សម រង្ស៊ី ដែលកំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់ បានប្រកាសបង្កើតនូវចលនាសង្រ្គោះជាតិមួយ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ។ សម រង្ស៊ី បានសារភាពថា អ្វីដែលគណបក្សសង្រ្គោះជាតិ មិនអាចធ្វើបានដោយចំហកន្លងមក ឥឡូវអាចធ្វើបានដោយចំហ និងដោយចេញមុខក្រោមចលនាសង្រ្គោះជាតិ នេះហើយ។ នេះគឺការញុះញង់ និងការបញ្ចុះបញ្ចូល តាមគ្រប់ទម្រង់ និងប្រកបដោយឧបាយកលបោកបញ្ឆោត ដើម្បីឱ្យប្រជាជនបះបោរប្រឆាំងនឹងរដ្ឋអំណាច និងឱ្យកងកម្លាំងប្រដាប់អាវុធមិនស្តាប់បង្គាប់បញ្ជារបស់រដ្ឋអំណាច ដើម្បីសម្រេចគោលដៅធ្វើ បដិវត្តន៍ពណ៌នៅកម្ពុជា។

តាមការពិត សម្តី និងសកម្មភាពរបស់ សម រង្ស៊ី បែបនេះ មិនមែនជារឿងថ្មីនោះទេ។ សម រង្ស៊ី ធ្លាប់បាននិយាយញុះញង់រឿងនេះជាច្រើនលើកច្រើនសារ ជាពិសេសក្រោយពេលកើតមានបដិវត្តន៍ពណ៌ជាបន្តបន្ទាប់នៅក្នុងពិភពអារ៉ាប់ ហើយគណបក្សសង្រ្គោះជាតិក៏ធ្លាប់បានដឹកនាំ និងចាត់តាំងអនុវត្តសកម្មភាព និងឧបាយកលទាំងនេះ ក្រោមលេស ប្រជាធិបតេយ្យ និងជំនួយឧបត្ថម្ភពីបរទេស ពិសេសក្រោយការបោះឆ្នោតឆ្នាំ ២០១៣ រហូតមកដល់ថ្ងៃដែល កឹម សុខាធ្លោះធ្លោយបញ្ចេញអាថ៌កំបាំងទាំងនេះ ហើយត្រូវបានចាប់ខ្លួន និងមានដំណើរការនីតិវិធីច្បាប់រហូតឈានដល់ការរំលាយគណបក្សសង្រ្គោះជាតិផងដែរ។

នៅទីបំផុត សម រង្ស៊ី ខ្លួនឯងក៏បានសារភាពខ្ជាក់ចេញជាភស្តុតាងយ៉ាងច្បាស់ថា គោលដៅចុងក្រោយរបស់គណបក្សសង្រ្គោះជាតិ និងបន្តក្រោម ឈ្មោះថ្មីជាចលនាសង្រ្គោះជាតិ គឺការប្រមូលកម្លាំងធ្វើបដិវត្តន៍ពណ៌នៅឆ្នាំ ២០១៨។ ដូច្នេះ ជាមួយនឹងការបង្កើតចលនាសង្រ្គោះជាតិ និងការបង្ហាញអំពីផែនការ និងសកម្មភាពដែលចលនានេះត្រូវធ្វើ សម រង្ស៊ី បានផ្តល់ភស្តុតាងជាទឡ្ហីករណ៍បន្ថែមយ៉ាងរឹងមាំថា ការរំលាយគណបក្សសង្រ្គោះជាតិ គឺជារឿងត្រឹមត្រូវ និងបានទាន់ពេលវេលា ហើយបានបំផ្លាញចោលនូវអង្គការចាត់តាំងនយោបាយ ធ្វើបដិវត្តន៍ពណ៌ក្នុងស្រុក ធានាបាននូវស្ថិរភាព និងសន្តិភាព ជាប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា។

តើចលនាសង្រ្គោះជាតិគឺជាអ្វី? ចលនាសង្រ្គោះជាតិនេះ គឺជាចលនាឧទ្ទាមមួយយ៉ាងពិតប្រាកដ ហើយស្ថិតក្នុងវង្សត្រកូលតែមួយនៃគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ ចលនាឧទ្ទាមដែលនៅក្រៅ ប្រព័ន្ធប្រជាធិបតេយ្យ និងក្រៅក្របខណ្ឌច្បាប់ គឺជាចលនាខុសរដ្ឋធម្មនុញ្ញខ្មែរ និងខុសច្បាប់នៃព្រះរាជាណាចក្រកម្ពុជា យ៉ាងពិតប្រាកដ។ រចនាសម្ព័ន្ធ និងអង្គការចាត់តាំងនៃឧទ្ទាមទ័ពព្រៃត្រូវបានបំផ្លាញចោលទាំងស្រុងនៅឆ្នាំ ១៩៩៨ ដោយនយោបាយ ឈ្នះ-ឈ្នះ ដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន ដែលបាននាំសុខសន្តិភាព និងឯកភាពទឹកដីពេញលេញជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ប៉ុន្តែ ឥឡូវ ចលនាឧទ្ទាមស៊ីវិលក្នុងទីក្រុង ដែលបានលាក់មុខជ្រកក្រោមស្លាកនៃបក្សសង្រ្គោះជាតិនាពេលកន្លងមក បានចាប់កំណើតប្រែធាតុក្រោម ឈ្មោះថ្មីហៅថា ចលនាសង្រ្គោះជាតិវិញម្តង។ ជាការពិត ដូចអ្វីដែល សម រង្ស៊ី បានលើកឡើង ទាំងឧទ្ទាមស៊ីវិល ទាំងឧទ្ទាមទ័ពព្រៃ គឺមិនមានរូបរាងផ្លូវច្បាប់នោះទេ។ បើគ្មានរូបរាងផ្លូវច្បាប់ និងគ្មានការទទួលស្គាល់តាមផ្លូវច្បាប់ គឺមានន័យថា មេដឹកនាំចលនានេះ ព្រមទាំងអ្នកចូលរួមក្នុងចលនានេះ គឺជាសត្រូវនៃសន្តិភាពរបស់ប្រជាជនខ្មែរ ជាសត្រូវនៃរដ្ឋធម្មនុញ្ញខ្មែរ និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ចលនាឧទ្ទាម ដែលបង្កើតឡើងដោយ សម រង្ស៊ី នាពេលនេះ ដោយប្រកាសជាចំហ ប្រឆាំងនឹងរដ្ឋអំណាចស្របច្បាប់របស់កម្ពុជា តាមរយៈការញុះញង់បោកបញ្ឆោតប្រជាជន និងកងកម្លាំងប្រដាប់ឱ្យងើបឡើងបះបោរ គឺជាការបន្តអនុវត្ត «គោលដៅចាស់ ឧបាយកលថ្មី» ក្នុងការប្រមូលកម្លាំងជាលើកចុងក្រោយ ធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា។ ហេតុដូច្នេះហើយបានជា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ទណ្ធិត សម រង្ស៊ី ព្យាយាមក្នុង ការញុះញង់បំបែកបំបាក់ជាតិសាជាថ្មី រួមនឹងប្រើមធ្យោបាយគំរាមកំហែងប្រើហិង្សា និងយកជាតិ និងប្រជាជនកម្ពុជាទាំងមូល មកធ្វើចំណាប់ខ្មាំងនយោបាយរបស់ខ្លួន។ ប៉ុន្តេទោះបីជា សម រង្ស៊ី ខំប្រឹងសម្តែងលួងលោមចិត្តខ្លួនយ៉ាងណាក៏ដោយ ក៏អ្វីដែល សម រង្ស៊ី ព្យាយាមកកូរកកាយបំផ្លាញជាតិនេះគឺជាក្តីស្រម៉ៃក្នុងក្តីអស់សង្ឃឹមប៉ុណ្ណោះ។

ប្រជាជនកម្ពុជាគ្រប់រូប គួរយល់ច្បាស់ដែរហើយថា ការផ្លាស់ប្តូររដ្ឋអំណាចស្របច្បាប់ តាមបដិវត្តន៍ពណ៌ ពុំមែនជាកិច្ចដំណើរការប្រជាធិបតេយ្យ នោះទេ ហើយបទពិសោធនៅពិភពអារ៉ាប់ បានបង្ហាញយ៉ាងច្បាស់ណាស់ហើយថា បដិវត្តន៍ពណ៌បានបង្កើតឱ្យមានការបែកបាក់ជាតិ និងវិនាសកម្ម ហើយបានជាន់ពន្លិចប្រទេសជាតិទៅក្នុងភ្នក់ភ្លើងនៃសង្រ្គាមដ៏ប្រល័យ ដែលគួរឱ្យខ្លោចបំផុត។ កម្ពុជាដែលធ្លាប់ឆ្លងកាត់មហាវិនាសកម្មដ៏សែនរន្ធត់ និងខ្លោចផ្សារក្នុងប្រវត្តិសាស្រ្តថ្មីៗរបស់ខ្លួន ពិតជាចេះស្រឡាញ់ និងថែរក្សាការពារសន្តិភាពដើម្បីឧត្តមប្រយោជន៍នៃប្រជាជាតិខ្មែរ ទាំងសម្រាប់បច្ចុប្បន្ន ទាំងសម្រាប់អនាគត។ កូនខ្មែរ ក៏គួរចងចាំដែរថា បក្សប្រឆាំង ឬបក្សជំទាស់ គឺកើតមានតែក្នុងក្របខណ្ឌនៃដំណើរការប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត និងក្រោមដំបូលនៃច្បាប់រដ្ឋតែប៉ុណ្ណោះ។ កូនខ្មែរសូមកុំច្រឡំ និងកុំបណ្តោយឱ្យបរទេសពង្វក់ឱ្យវង្វេងជាតិ ហើយស្រឡាញ់ និងគោរពបរទេសជាងខ្មែរ និងជាងខ្លួនឯង! ការប្រឆាំង ត្រូវធ្វើដើម្បីឧត្តមប្រយោជន៍របស់កម្ពុជា និងប្រជាជនកម្ពុជា បើប្រឆាំងនឹងផលប្រយោជន៍របស់កម្ពុជា និងប្រជាជនកម្ពុជា នោះប្រាកដណាស់ វាជាអំពើក្បត់នឹងកម្ពុជា ក្បត់នឹងជាតិឯង និងមិនខុសទៅនឹងអំពើក្បត់នឹងម្តាយបង្កើតខ្លួនឯងនោះទេ៕

ដោយ៖ ចៅ ចាក់ស្មុក
ឧដ្តុង្គ ខេត្តកំពង់ស្ពឺ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨


ព្រឹកនេះ គណបក្សប្រជាជនកម្ពុជាចាប់ផ្តើមបើកមហាសន្និបាតរៀបចំគោលនយោបាយសម្រាប់ឆ្នាំ២០១៨-២០២៣

គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចនៅកម្ពុជា បានចាប់ផ្តើមបើកមហាសន្និបាតគណៈកម្មា ធិការកណ្តាលបក្សរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវថ្ងៃ១៩ ខែមករា រហូតដល់ថ្ងៃអាទិត្យ ៥កើត ខែមាឃ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ថា មហាសន្និបាត ដែលធ្វើឡើងក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកាជាង ២ពាន់នាក់។

គួរំលឹកថា នៅក្នុងកិច្ចសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា មហាសន្និបាត នឹងពិភាក្សាផ្តោតជាសំខាន់លើការរៀបចំក្របខ័ណ្ឌគោលនយោបាយរបស់គណបក្សពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ សម្រាប់នីតិកាលថ្មីនៃរដ្ឋសភា ដែលនឹងត្រូវបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខដ៏ខ្លីនេះ។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយដែលមានរចនាសម្ព័ន្ធដឹកនាំរឹងមាំនៅកម្ពុជា ហើយបានដឹកនាំនាវាកម្ពុជាចាប់តាំងពីកម្ពុជាត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមចលនាខ្មែរអ្នកស្នេហាជាតិ ដែលដឹកនាំដោយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានោះ។

គណបក្សប្រជាជនកម្ពុជា មានឈ្មោះដើមថា បក្សប្រជាជនបដិវត្ដន៍ខ្មែរ បានបដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានប្រភពពីចលនាតស៊ូរបស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។ គណបក្សប្រជាជនកម្ពុជា ធ្លាប់បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជនផ្សារភ្ជាប់ រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។

ក្នុងកាលៈទេសៈដែលប្រទេសជាតិត្រូវធ្លាក់ក្នុងគ្រោះមហន្ដរាយប្រល័យពូជសាសន៍ ដែលរបបកម្ពុជាប្រជាធិបតេយ្យបានបង្កឡើង ចាប់ពីខែមេសា ឆ្នាំ១៩៧៥ គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតឡើងជារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេស វាយផ្ដូលរំលំរបបដ៏យង់ឃ្នងនេះ។

លើសមរភូមិប្រជាធិបតេយ្យនៃការបោះឆ្នោតចាប់តាំងពីឆ្នាំ១៩៩៣មក គណបក្សដ៏ធំនៅកម្ពុជាមួយនេះ បានចាញ់ការបោះឆ្នោតតែម្តងគត់ នៅក្នុងឆ្នាំ១៩៩៣ ដែលជាដំណើរការបោះឆ្នោតលើកដំបូងក្រោយកម្ពុជាបញ្ចប់ភ្លើងសង្គ្រាម។ ប៉ុន្តែចាប់តាំងពីឆ្នាំ១៩៩៨ ដែលជាអាណត្តិទី២ នៃការបោះឆ្នោត គឺគណបក្សមួយនេះទទួលបាន ការគាំទ្រច្រើនលើសលុបឈានទៅដឹកនាំរាជរដ្ឋាភិបាលជាបន្តបន្ទាប់មក៕