Thursday, July 27, 2017

ក្រសួងម​ហាផ្ទៃ ដាក់ចេញនូវ​វិធានការចំ​នួន៦ចំណុច ដើម្បីប្រ​យុទ្ធប្រឆាំង​គ្រឿង ញៀន​ឲ្យមាន​ប្រសិទ្ធភា​ពខ្ពស់បន្ថែមទៀត​

បន្ទាប់ពីបានបញ្ចប់យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១រយៈពេល៦ខែ កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានបើកយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី ២ រយៈពេល៦ ខែបន្តទៀត គឺចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៧ ។

ក្នុងយុទ្ធនានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវវិធានការចំនួន៦ចំណុច ដើម្បីអោយផែនការអនុវត្តប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

ការដាក់ចេញនូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ និងលើកទិសដៅសម្រាប់យុទ្ធនាការលើកទី២ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នាក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងមន្ត្រីពាក់ព័ន្ធនានា​នៅទូទាំង​ប្រទេស​ ។

សូមជម្រាបផងដែរថា វិធានការទាំង៦ ដែលប្រមុខរាជរដ្ឋាភិបាលដាក់ចេញ រួមមាន ១-អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវខិតខំជំរុញឲ្យ ពលរដ្ឋទូទៅកាន់តែមានការយល់ដឹងអំពីគ្រោះថ្នាក់ និងផលអវិជ្ជមាននៃគ្រឿង ២-ជំរុញសកម្មភាពរៀបចំវេទិកា ជួបជាមួយវិស័យឯកជន និង សប្បុរសជន ជាពិសេសម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មដែលងាយកើតមានល្មើសគ្រឿងញៀន ៣-ពង្រឹងចំណាត់ការវិធានការរដ្ឋបាល និងការអនុវត្តិវិធានការច្បាប់អោយបាន ម៉ឺងម៉ាត់ ចំពោះ គោលដៅដែលងាយបង្ក ឬកើតមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ៤-ជំរុញការរិះរកនីតិវិធីក្នុងការចាត់ចែងវត្ថុ តាងនិងទ្រព្យសម្បត្តិនានា ដែលត្រូវបានរឹបអូស និងបង្កក ពាក់ព័ន្ធ នឹងបទល្មើសគ្រឿងញៀនបានឆាប់រហ័ស ៥-ជំរុញការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ជាពិសេសបន្តខិតខំទប់ស្កាត់ការនាំចូលពីក្រៅប្រទេស និងស្រាវជ្រាវបង្ក្រាបអោយបាននូវបណ្តាញខ្សែរយៈឧក្រិដ្ឋជនជួញដូរគ្រឿងញៀនធំៗ និង ៦-ជំរុញអោយបានសម្រេច ការកសាងមជ្ឈមណ្ឌលស្តារនីតិសម្បទា និងបណ្តុះបណ្តាល វិជ្ជា ជីវៈ ថ្នាក់ជាតិ និងមណ្ឌលបណ្តោះអាសន្នសម្រាប់ព្យាបាល និងស្តារនីតិសម្បទារជាធានី ខេត្ត។

ក្នុងយុទ្ធនាប្រយុទ្ធប្រឆាំងគ្រឿងញៀនរយៈពេល៦ខែ លើកទី១ សមត្ថកិច្ចបង្ក្រាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន៤.៣៣១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៩.៦៩៤នាក់ និងចាប់យកសារធាតុញៀនគ្រប់ប្រភេទសរុប ១១៩.៦៥៧ ក្រាម ព្រមទាំង​មធ្យោបាយ​សម្ភារៈវត្ថុតាងមួយចំនួន។ ក្នុងនោះបានបង្ក្រាបមេក្លោងជួញដូចគ្រឿង ញៀនធំៗ ចំនួន១៣ករណី៕





ក្រសួង​បរិស្ថាន បើក​វគ្គបណ្តុះ​បណ្តាល​លើការវិ​ភាគគុណ​ភាព​ទឹក ដី និង​ខ្យល់​

មន្ទីរពិសោធន៍នៃក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ បានរៀប​ចំសិក្ខា​សាលា​បណ្តុះ​​បណ្តាល ស្តីពីការវិភាគគុណភាពទឹក ដី និងខ្យល់ ដោយមានការចូលរួមពី លោក ហេង ណារ៉េត អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារ និងនាយកដ្ឋានពាក់ព័ន្ធ រួមទាំងនិស្សិត​នៃ​សាកលវិទ្យាល័យ​​ភូមិន្ទភ្នំពេញសរុបប្រមាណជាង៥០នាក់។

ថ្លែងទៅកាន់អ្នកចូលរួមនៅទីស្តីការក្រសួង លោក ហេង ណារ៉េត បានមានប្រសាសន៍ថា មន្ទីរពិសោធន៍ ក្រសួងបរិស្ថាន មានតួនាទីសំខាន់ក្នុងការវិភាគគុណភាពទឹក ដី ខ្យល់ និងការវិភាគ ចំណីអាហារ ហើយបច្ចុប្បន្ននេះក្រសួងបរិស្ថាន កំពុងពង្រីកនូវចក្ខុវិស័យរបស់ខ្លួនធ្វើយ៉ាងណាពង្រីក មន្ទីរពិសោធន៍នេះ ឱ្យក្លាយទៅជាមន្ទីរពិសោធន៍ថ្នាក់ជាតិដែលមានសមត្ថភាពពេញលេញ។

លោកមានប្រសាសន៍បន្តថា ការបណ្តុះបណ្តាលនៅក្នុងមន្ទីរពិសោធន៍ ក៏ជាផ្នែកមួយជួយ​កសាង​ដល់​សមត្ថភាពមន្រ្តីវ័យក្មេង និងនិស្សិតកំពុងសិក្សាជំនាញបរិស្ថានផងដែរ។

គូបញ្ជាក់ថា មន្ទីរពិសោធន៍នេះ គឺជាអង្គភាពជំនាញមួយចំណុះឱ្យអគ្គនាយកដ្ឋានគាំពារ បរិស្ថាន ដែលមានបេសកកម្មផ្តល់នូវអំណះអំណាងវិទ្យាសាស្រ្តសម្រាប់គាំទ្រដល់កិច្ច ប្រតិបត្តិការគាំពារ បរិស្ថាន តាមរយៈការពិសោធន៍ ការវិភាគ ការសិក្សាស្រាវជ្រាវ និងការផ្តល់សេវា​ពិសោធន៍​ផ្សេង​ៗ​៕









រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច៖ រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកុមារកំព្រា កុមាររងគ្រោះ និងងាយរងគ្រោះ

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានយកចិត្តទុកដាក់លើកកម្ពស់វិស័យសុខុមាលភាពកុមារឱ្យកាន់តែប្រសើរឡើង ជាពិសេស ការពង្រឹងប្រព័ន្ធកិច្ចការពារកុមារឱ្យកាន់តែមានប្រសិ​ទ្ធភាព ជាមួយនឹងការផ្ទេរមុខងារ និងការទទួលខុសត្រូវទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។

ការថ្លែងបែបនេះ គឺត្រូវបានធ្វើឡើង ក្នុងឱកាសដែលរូបលោក បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យស្តីពី​ការប្រគល់មុខងារគ្រប់គ្រងមណ្ឌលថែទាំកុមាររបស់រដ្ឋ មុខងារត្រួតពិនិត្យមណ្ឌលថែទាំកុមាររបស់អង្គការមិនមែនរដ្ឋាភិបាល និងមុខងារគ្រប់គ្រងសេវាថែទាំកុ​មាររងគ្រោះ និងងាយរងគ្រោះនៅក្នុងសហគមន៍ឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅទីស្តីការក្រសួងសង្គមកិច្ច។ ពិធីផ្សព្វផ្សាយអនុក្រឹត្យនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹក​នាំ ក្រសួងស្ថាប័ន អង្គការជាតិ-អន្តរជាតិ ថ្នាក់ដឹកនាំរាជធានី-ខេត្ត និងមន្រ្តីរាជការសរុបប្រ​មាណជិត ៣០០នាក់៕







(សូមទស្សនាវីដេអូ) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តឧត្តរមានជ័យ ជួយដោះស្រាយបញ្ហាទឹកជំនន់ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា

អភិបាលខេត្តព្រះវិហារ ចុះពិនិត្យស្ថានភាពទឹកជំនន់នៅស្រុកជ័យសែន ដែលចាប់ផ្តើមលិចចូលក្រោមផ្ទះអ្នកស្រុក ខណៈទឹកនៅស្រុកជាំក្សាន្ត ចាប់ផ្តើមស្រក

ព្រះវិហារ៖ ស្ថានភាពទឹកជំនន់នៅខេត្តខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ ទឹកស្ទឹងសែនមានកំពស់១៣,០០ម៉ែត្រ លើសកម្រិតប្រកាសអាសន្ន ដែលមានត្រឹម១១,៥០ម៉ែត្រ បើប្រៀបធៀបកាលពីថ្ងៃម្សិលមិញ កើនឡើង០,១៤ម៉ែត្រ។ ដោយឡែកនៅព្រឹកថ្ងៃដដែលនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ បន្តចុះពិនិត្យមើលស្ថានភាពទឹកជំនន់ទឹកស្ទឹងសែន ដែលចាប់ផ្តើមជន់លិចក្រោមផ្ទះប្រជាពលរដ្ឋនៅឃុំទ្រា ស្រុកជ័យសែន។

លោក អ៊ុន ចាន់ដា បានឱ្យដឹងថា « ស្ថានភាពទឹកស្ទឹងសែនថ្ងៃនេះ មានការកើនឡើងខ្ពស់រហូត១៣ម៉ែត្រ ពោលគឺកើនឡើងជាងថ្ងៃម្សិលមិញ០,១៤ម៉ែត្រ ប៉ុន្តែស្ថានភាពទឹកជំនន់នៅស្រុកជាំក្សាន្តថ្ងៃនេះ មានការស្រកចុះបណ្តើរៗហើយ »។

លោកអភិបាលខេត្តព្រះវិហារបានបញ្ជាក់ថា « ប៉ុន្តែទោះជាយ៉ាងណា យើងនៅតែត្រៀមលក្ខណៈជានិច្ច ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ដោយសារកំពស់ទឹកស្ទឹងសែន មានការហក់ឡើងខ្ពស់ ថ្ងៃនេះខ្ញុំបានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ ចុះពិនិត្យមើលស្ថានភាពទឹកស្ទឹងសែន នៅឃុំពុទ្រា ស្រុកជ័យសែន និងបានចុះពិនិត្យតាមខ្នងផ្ទះ ប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងសែន ដើម្បីត្រៀមលក្ខណៈជួយសង្រ្គោះប្រជាពលរដ្ឋ ក្នុងករណីកំពស់ទឹកបន្តហក់ឡើង »។

ស្ថានភាពទឹកស្ទឹងសែននៅពេលនេះ ចាប់ផ្តើមជន់លិចចូលក្រោមផ្ទះប្រជាពលរដ្ឋ នៅក្រុងស្រុកជាប់ដង ស្ទឹងសែន ប៉ុន្តែមិនទាន់មានសភាពធ្ងន់ធ្ងរនៅឡើយ ប៉ុន្តែទោះជាយ៉ាងណា លោក អ៊ុន ចាន់ដា បានជំរុញ ឱ្យអាជ្ញាធរ និងសមត្ថកិច្ចតាមមូលដ្ឋាន ត្រូវធ្វើការតាមដានកំរិតកំពស់ទឹកឱ្យបានជាប់ ជាប្រចាំ ងាយស្រួលក្នុង ការជួយសង្រ្គោះ បានទាន់ពេលវេលា ហើយលោកក៏បានណែនាំឱ្យប្រជាពលរដ្ឋ ដែលរស់នៅតាមដង ស្ទឹងសែន សូមមានការប្រុងប្រយត្ន័ចំពោះកូនចៅតូចៗ កុំឱ្យចុះលេងទឹកផ្តេសផ្តាសប្រយ័ត្ន មានគ្រោះថ្នាក់ ដោយប្រការណាមួយ  ៕






កម្ពុជា-ប្រ៊ុយណេ ចុះកិច្ចព្រមព្រៀង ស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា និងបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធ លើប្រាក់ចំណូល

រាជរដ្ឋាភិបាលកម្ពុជា និងប្រ៊ុយណេ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានចុះហត្ថលេខា លើកិច្ចព្រម ព្រៀងការជៀសវាង ការយកពន្ធត្រួតគ្នា និងការបង្ការ ការកិបកេងបន្លំពន្ធពាក់ព័ន្ធលើប្រាក់ចំណូល។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ លោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរាជរដ្ឋាភិបាលកម្ពុជា និងលោក ប៉ិន ងឺរ៉ាន់ កាសមៀរហាន់ ពិន ប៉ិនងឺរ៉ាន់ ហាជី មូហាំម៉ាត់ តាហៀរ ឯកអគ្គ​រាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសប្រ៊ុយណេ ដារូបសាឡឹម ប្រចាំកម្ពុជា តំណាងរដ្ឋាភិបាលប្រ៊ុយណេ។

កិច្ចព្រមព្រៀងនេះ ជាកិច្ចព្រមព្រៀងទី៣ ដែលកម្ពុជាបានចុះហត្ថលេខាជាមួយប្រទេសដៃគូ បន្ទាប់ពី រដ្ឋាភិបាល នៃសាធារណរដ្ឋសឹង្ហបុរី និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

កិច្ចព្រមព្រៀងនេះ ផ្តល់អត្ថប្រយោជន៍ដល់ប្រទេសជា ហត្ថលេខីលើកិច្ចការពង្រឹង កិច្ចសហប្រតិបត្តិការទ្វេភាគី ធ្វើឱ្យប្រាកដប្រជា ក្នុងការកំណត់សិទ្ធិ នៃការយកពន្ធដែលជាមូលដ្ឋានសំខាន់សម្រាប់ទាក់ទាញវិនិយោគ បរទេសដោយផ្ទាល់ លំហូរមូលធន ការផ្ទេរ បច្ចេកវិទ្យា និងជំនាញពីបរទេស ការការពារនិវាសនជន ពីប្រព្រឹត្តកម្មមិនត្រឹមត្រូវ ពាក់ព័ន្ធនឹងពន្ធ និងការការពារចំណូលពន្ធ ក្នុងស្រុក តាមរយៈកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងនឹងការគេចវេះពន្ធរវាងប្រទេសទាំងពីរ។

កិច្ចព្រមព្រៀងនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធផលសំខាន់ៗជាច្រើន ដែលរាជរដ្ឋា ភិបាលនីតិកាលទី៥នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ លោក នាយករដ្ឋមន្រ្ដី​ ហ៊ុន សែន បាននិងកំពុងធ្វើ ការចរចា លើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធ នឹងពន្ធលើប្រាក់ចំណូលជាមួយបណ្តាប្រទេសដៃគូមួយចំនួនទៀតដូចជា វៀតណាម ថៃ ម៉ាឡេស៊ី កូរ៉េ ជាដើម ៕



រដ្ឋលេខាធិការក្រសួងទេសចរណ៍ អញ្ជើញប្រគល់វិញ្ញាបនបត្រវិជ្ជាជីវៈក្របខ័ណ្ឌគុណវុឌ្ឍិអាស៊ានជំនាន់ទី១៥ នៅសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំ​ណាងខ្ពង់ខ្ពស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រ​គល់វិញ្ញាបនបត្រវិជ្ជាជីវៈក្របខ័ណ្ឌគុណវុឌ្ឍិអាស៊ាន ជំនាន់ទី១៥ ឆ្នាំសិក្សា២០១៦-២០១៧ ដោយ​មានការចូលរួមជាអធិបតីផងដែរពីលោក ពេជ សោភ័ណ រដ្ឋលេខាធិការក្រសួងការងារ ព្រមទាំងតំណាងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ភាគីឯកជន និងសិស្ស និសិ្សតប្រមាណ ៤០​០ នាក់ នៅសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល។

សូមជម្រាបផងដែរថា សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ត្រូវបានទទួលស្គា​ល់​ដោយក្រសួងទេសចរណ៍ និងគណៈកម្មការត្រួតពិនិត្យអ្នកជំនាញទេសចរណ៍អាស៊ាន ជាសាលាដែលបណ្តុះបណ្តាលជំនាញទេសចរណ៍ក្រប ខ័ណ្ឌគុណវុឌ្ឍិអាស៊ាន ស្របតាមស្មា​រតីនៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន ( MRA)។

បច្ចុប្បន្ន សាលាកំពុងធ្វើការបណ្តុះបណ្តាលជំនាញទេសចរណ៍អាស៊ានកម្រិតវិញ្ញាបនបត្រ ២ (ASEAN Certificate  II) ស្របតាមផែនការយុទ្ធសាស្រ្តអាស៊ាន និងផែនការយុទ្ធសាស្រ្តអ​ភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ២០១៧-២០២៥ របស់ក្រសួងទេសចរណ៍។ រហូត​ មកដល់បច្ចុប្បន្នសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយ ប្រ៊ូល បានធ្វើការបណ្តុះបណ្តាលយុវជន យុវនារីកម្ពុជាប្រមាណ ៣០០០នាក់ ដែលសិស្ស និស្សិតប្រមាណ ៩០% កំពុងបម្រីការងារក្នុងវិស័យទេសចរណ៍ប្រកបដោយគុណភាព និងផលិតភាពការងារខ្ពស់ ព្រមទាំងទ​ទួ​លបានមេដាយឆ្នើម (Medallion of Excellence) លើជំនាញចុងភៅក្នុងកម្មវិធីប្រកួតជំនាញអាស៊ានឆ្នាំ ២០១៤។ ជាមួយគ្នានេះដែរ សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយ ប្រ៊ូល ត្រូវបានក្រសួងទេស​ចរណ៍ទួលស្គាល់ជាមជ្ឈមណ្ឌលវាយតម្លៃ (Assessment Center) ដែលនឹងត្រូវរៀបចំការវាយតម្លៃជំនាញអាស៊ានចាប់ពីខែកញ្ញា ឆ្នាំ២០១៧នេះតទៅ។

លោករដ្ឋលេខាធិការក្រសួងទេសចរណ៍ បានផ្តល់កិត្តិយសប្រគល់វិញ្ញាបនបត្រដល់សិ​ស្សា​នុសិស្សជ័យលាភីចំនួន ៣១៤រូប ផ្នែកការីទេសចរណ៍ ការិយាល័យជួរមុខ គេហកិច្ច ចុងភៅ និ​ង​ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ។ ក្រសួងទេសចរណ៍ នឹងបញ្ជូនឈ្មោះសិស្ស និ​ស្សិ​តជ័យលាភីទាំងនេះ ទៅលេខាធិការដ្ឋានអាស៊ាន ដើម្បីចុះបញ្ជីក្នុងប្រព័ន្ធចុះបញ្ជីអ្នកជំ​នាញទេ​សចរណ៍អាស៊ាន (www.atprs.org ) និងបានការទទួលស្គាល់វិញ្ញាបនបត្រដោយសមាជិកអាស៊ានដទៃទៀត ព្រមទាំងអាចមានលទ្ធភាពបម្លាស់ទីការងារស្របតាមយន្តការនៃកិច្ចព្រមព្រៀង MRA។

សូមរម្លឹកថា ត្រឹមឆ្នាំ២០១៦ កម្ពុជាមានអ្នកជំនាញទេសចរណ៍ ជាយុវជនក្មេងៗ ជាង ៨០០រូបរួចហើយ ដែលបានចុះបញ្ជី។ សម្រាប់សិស្សជំនាន់មុនៗ ដែលមិនបានឆ្លងកាត់កម្មវិធីអាស៊ាន ក្រសួងទេសចរណ៍ នឹងរៀបចំធ្វើសមមូលភាព នៅខែកញ្ញាខាងមុខ៕






(សូមទស្សនាវីដេអូ)៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ទឹក​ជំនន់

កូរ៉េខាងជើង និងភូមាភ្ជាប់នៅក្នុងផែនការលេចធ្លោក្រោមរដ្ឋបាល Trump

កាលពីសបា្ដហ៍មុនបេសកជនពិសេសរបស់អាមេរិកសម្រាប់កូរ៉េខាងជើងលោក Joseph Yun បានធ្វើដំណើរទស្សនកិច្ចទៅប្រទេសភូមា ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចទ្រង់ទ្រាយធំទៅកាន់តំបន់នេះចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៨ ខែកក្កដា។ ដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់រដ្ឋនៃអាស៊ីអាគ្នេយ៍នេះ បានលើកឡើងជាថ្មីម្តងទៀតនូវបញ្ហាទំនាក់ទំនងភូមា និងកូរ៉េខាងជើងលេចធ្លោជាថ្មី។

ទំនាក់ទំនងរបស់កូរ៉េខាងជើងជាមួយភូមា និងបណ្តារដ្ឋអាស៊ីអាគ្នេយ៍កាន់តែមានទំហំធំធេងឡើងដែលមិនមែនជារឿងថ្មី។ ដូចដែលខ្ញុំបានកត់សម្គាល់ពីមុនមកថា នៅក្នុងបរិការនេះ អ្នកឃ្លាំមើលនៅក្នុងតំបន់បានដឹងជាយូរមកហើយថា សមាជិកអាស៊ាននៅតែរក្សារបៀបនៃទំនាក់ទំនងបែបសេដ្ឋកិច្ច និងពីប្រជាជនទៅប្រជាជនជាមួយភូមា បើទោះបីជាពួកគេមានបំណងដើម្បីទទួលបានការផ្សព្វផ្សាយនៅពេលដែលវិបត្តិកើតឡើងយូរៗម្តង។​

ទោះបីជាយ៉ាងណាក៏ដោយ ទំនាក់ទំនងរបស់ភូមាជាមួយកូរ៉េខាងជើងទទួលនូវការរិះគន់ក្នុង​រយៈ​ពេលប៉ុន្មាននេះ។ ខណៈដែលទំនាក់ទំនងពេញទំហឹងរវាងភូមា និងកូរ៉េខាងជើងមិនត្រូវបានគេ​ផ្សព្វផ្សាយជាសាធារណៈ យូរៗម្តងព័ត៌មានបានលេចឮស្តីអំពីទំនាក់ទំនងវិស័យការពារជាតិ​របស់​ពួកគេ រួមបញ្ចូលទាំងការនាំអាវុធរបស់កូរ៉េខាងជើងទៅយោធា​មីយ៉ាន់ម៉ា​ផងដែរ ដែលបានគ្រប់គ្រងប្រទេសនេះអស់រយៈពេលជាច្រើនទសវត្សរ៍ ក៏ដូចជាជំនួយ បច្ចេកទេស និងការផ្លាស់ប្តូរផ្នែកបច្ចេកទេសទៅវិញទៅមកនៅចន្លោះឆ្នាំ ២០០០ និងឆ្នាំ ២០១០។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះអាមេរិក បានដាក់សម្ពាធភូមាយ៉ាងធ្ងន់ធ្ងរទៅលើទំនាក់ទំនងរបស់ខ្លួនជា​មួយ​កូរ៉េខាងជើង។ បើទោះបីជារដ្ឋបាល Obama បានដកទណ្ឌកម្មប្រឆាំងភូមាក៏ដោយ ជាផ្នែកមួយ​នៃការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងប្រវត្តិសាស្រ្តនៅក្នុងទំនាក់ទំនងរវាងភាគីទាំងពីរ ទោះ​ជាយ៉ាងណាក៏ដោយមន្រ្តីទាំងនោះនៅតែបន្តការអនុវត្តដាក់សម្ពាធទៅលើចំណុចនេះ ហើយ​​​​​បាននិយាយ​លក្ខណៈជាឯកជន នៅពេលដែលមានព័ត៌មានលេចឡើងជាសាធារណៈថា មន្រ្តី​​យោធាមួយ​ចំនួនបានបន្តទំនាក់ទំនងជាមួយកូរ៉េខាងជើង។

បញ្ហាកូរ៉េខាងជើងកំពុងតែស្ថិត នៅក្នុងបញ្ជីអាទិភាពសម្រាប់អាមេរិកក្រោមរដ្ឋបាល Trump ហើយ​កាន់តែសំខាន់ជាងនេះទៅទៀតនោះគឺការបាញ់មីស៊ីលឆ្លងទ្វីប (ICBM) នៅដើមខែនេះ។ មានការចោទសួរដេញដោលទៅលើភូមា ក៏ដូចជាបណ្តារដ្ឋនៅអាស៊ីអាគ្នេយ៍ដទៃទៀតដើម្បីកាត់ផ្តាច់រាល់ទំនាក់ទំនងទាំងអស់ជាមួយកូរ៉េខាងជើង។ ដើម្បីគ្រាន់តែយកធ្វើជាឧទាហរណ៏មួយ បើទោះបីជាបញ្ហាកូរ៉េខាងជើងហួសពីបញ្ហាដែលបានពិភាក្សាគ្នាអំឡុងពេលកិច្ចប្រជុំពិសេសថ្នាក់រដ្ឋ​មន្រ្តីការបរទេសអាស៊ាន និងអាមេរិក ដែលបានធ្វើឡើងកាលពីខែឧសភានៅវ៉ាស៊ីនតោន។

ក្រុងវ៉ាស៊ីនតោនក៏បានប្រកាន់យកនូវជំហានមួយចំនួន ដែលទាក់ទងនឹងកិច្ចការ ភូមា។ កាល​ពី​ខែ​មីនា ឧស្សាហកម្មការពារជាតិរបស់ភូមាទទួលរងការដាក់ទណ្ឌកម្មក្រោមច្បាប់មិនសាយភាយសព្វា​វុធនុយក្លេអ៊ែរប្រឆាំងស៊ីរី  អ៊ីរ៉ង់ កូរ៉េខាងជើង នេះជាជំហានមួយដែលរដ្ឋបាល Obama បាន​​ប្រកាន់យកផងដែរ ក៏ដូចជាការបង្ហាញឱ្យឃើញកង្វល់កាលពីមុនអំពីតួនាទីរបស់ខ្លួនដែលនៅ​តែបន្តដូច្នេះ។

ដំណើរទស្សនកិច្ចរបស់លោក Yun មកកាន់តំបន់នេះកាលពីសប្តាហ៍មុនមិនមានអ្វីភ្ញាក់ផ្អើលទេ ក៏ប៉ុន្តែបានឃើញបញ្ហាកូរ៉េខាងជើងនៅតែលេចឡើងដដែល។ បណ្តាញសារព័ត៌មានបានផ្តោតទៅ​លើទំនាក់ទំនងរវាងកូរ៉េខាងជើង និងភូមា ក៏ត្រូវបានគេរំពឹងទុកផងដែរ ដោយសារតែមុខងាររបស់លោក Yun ក៏ដូចជាតថៈភាពដែលថា ភូមាគឺជាកន្លែងដែលគាត់ចុះសំចតតែមួយគត់នៅក្នុង​តំបន់ ក្រៅពីការចូលរួមប្រជុំនៅក្នុងកិច្ចពិភាក្សាកិច្ចសហប្រតិបត្តិការអាស៊ីឦសាននៅសិង្ហបុរី។

សេចក្តីថ្លែងការណ៍ជាផ្លូវការបានចេញផ្សាយពីភាគីភូមា បន្ទាប់ពីកិច្ចប្រជុំរបស់លោក Yun ជាមួយមន្រ្តីទាំងនោះ រួមបញ្ចូលទាំងមេដឹកនាំកាន់ការងារជាក់ស្តែងគឺលោកស្រី Aung San Suu Kyi និងមេទ័ពលោក Min Aung Hlaing ជាការគួរឱ្យភ្ញាក់ផ្អើល ដោយសារតែបញ្ហាចំៗនៃទំនាក់ទំនងកូរ៉េខាងជើង និងភូមានមិនត្រូវបានគេពិភាក្សា។ ទោះបីជាយ៉ាងណាក៏ដោយ មេទ័ពនៃប្រទេស​នេះបានចេញសេចក្តីថ្លែងការណ៍ដោយចង្អុលបង្ហាញថា រដ្ឋាភិបាលភូមា មានតែមិត្ត ហើយ​​ក៏គ្មានសត្រូវដែរ បើទោះបីជាខ្លួនមិននិយាយទៅដល់បំណងរបស់គាត់ចំពោះការលុបបំ​បាត់​​សព្វាវុធនៅកូរ៉េខាងជើងក៏ដោយ។

ប៉ុន្តែមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសម្នាក់សុំមិនបញ្ចេញឈ្មោះ បាននិយាយប្រាប់សារព័ត៌មាន Reuters ជាថ្មីកាលពីថ្ងៃសុក្រថា ដំណើរទស្សនកិច្ចនេះបង្ហាញឱ្យឃើញនូវការ ព្រួយបារម្ភរបស់អាមេរិកនៅតែបន្តចំពោះទំនាក់ទំនងរបស់កូរ៉េខាងជើងជាមួយភូមា។

មន្ត្រីរូបនេះបាននិយាយថា «វាគឺជាឱកាសមួយដើម្បីបញ្ជូនសារថា ការចូលរួមដោះស្រាយណា​មួយជាមួយកូរ៉េខាងជើង ជាពិសេសការចូលរួមដោះស្រាយបញ្ហាយោធា គឺជាចរន្តផ្ទុយគ្នាទៅនឹងការខិតខំព្យាយាមបញ្ចប់ការគំរាមកំហែងនេះ ដែលកូរ៉េខាងជើងបង្ករឱ្យសម្រាប់តំបន់ និងពិភព​លោក»។

ទោះបីជាមន្ត្រីរូបនេះបាននិយាយថា ក្រុងវ៉ាស៊ីនតោននៅតែពឹងផ្អែកភាគច្រើនលើផ្នែកការទូតដើម្បីបង្ហាញនូវការព្រួយបារម្ភរបស់ខ្លួន ចំពោះភូមាលើទំនាក់ទំនងទាំងនេះក៏ដោយ ក៏មន្រ្តីរូបនោះមិនបានបដិសេធអំពីលទ្ធភាពនៃការដាក់ទណ្ឌកម្មបន្ថែមស្តីពីវិធានការដែលទាក់ទងទៅនឹងប្រទេសកូរ៉េខាងជើងស្តីពីបញ្ហាភូមាប្រសិនបើចាំបាច់។

មន្ត្រីរូបនេះបាននិយាយថា «ប្រសិនបើស្ថានការណ៍មួយមានផលប៉ះពាល់ធ្ងន់ធ្ងរចំពោះផលប្រយោជន៍សន្តិសុខជាតិរបស់យើង មានវិធានការច្រើនផ្សេងទៀតដែលត្រូវធ្វើរាប់បញ្ចូលទាំងការដាក់ទណ្ឌកម្មផងដែរ៕

ប្រភព៖ The Diplomat ចុះថ្ងៃទី២៦ ខែកក្កដា​​ ឆ្នាំ២០១៧


ចិនជំរុញ​ឱ្យអាស៊ាន​ច្រានចោល​ការជ្រៀត​ជ្រែក​ពីខាងក្រៅ​

រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បាននិយាយថា ទំនាក់ទំនងល្អរវាងចិន និងហ្វីលីពីនបានជួយធ្វើឱ្យប្រាកដថា មានស្ថិរភាពនៅសមុទ្រចិនខាងត្បូង ជាទីកន្លែងដែលមានគូប្រជែងទាមទារថា ជាចំណុចរសើបផ្នែកវិស័យយោធានៅក្នុងតំបន់អាស៊ី។​

កាលពីថ្ងៃអង្គារក្រុងប៉េកាំង បានជំរុញឱ្យបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ឱ្យរួបរួមគ្នា ហើយបដិសេធចំពោះកម្លាំងពីខាងក្រៅ ដែលស្វះស្វែងក្នុងការជ្រៀតជ្រែកនៅក្នុងបញ្ហាជម្លោះសមុទ្រចិនខាងត្បូង នៅក្នុងស្ថានភាពជាការវាយបកទៅលើអាមេរិកមុនពេលកិច្ចប្រជុំកំពូលក្នុងតំបន់កើតមានឡើង។

រដ្ឋមន្ត្រីការបរទេសរូបនេះបានធ្វើសេចក្តីថ្លែងការណ៍នៅទីក្រុងម៉ានីល ដែលលោកបានសាទរនូវ «ជំហានដ៏រឹងមាំ» ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយហ្វីលីពីន ដែលជា  សម្ព័ន្ធមិត្តយូរអង្វែងរបស់អាមេរិក ហើយថ្មីៗនេះបានងាកកាន់តែជិតទៅរកចិនក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក Rodrigo Duterte ។

ដំណើរទស្សនកិច្ចរបស់លោក Wang បានកើតឡើងមួយសប្តាហ៍ មុនពេលគាត់នឹង       ត្រឡប់ទៅទីក្រុងម៉ានីល ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមកពីអាស៊ាន និងភាគីរបស់ខ្លួនដែលរួមមានប្រទេសចិន និងអាមេរិក។

លោក Wang បានប្រាប់អ្នកយកព័ត៌មានថា «ប្រសិនជានៅតែមានកងកម្លាំងមិននៅក្នុងតំបន់ ឬកម្លាំងនៅក្នុងតំបន់ក្តីដែលមិនចង់ឃើញស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូង ហើយពួកគេនៅតែចង់កកូរកកាយបង្ករឿងនៅក្នុងសមុទ្រចិនខាងត្បូងនោះ យើងត្រូវតែរួបរួមគ្នា ហើយបដិសេធទៅកាន់ពួកគេ» ។

លោក Duterte បាននិយាយបន្ធូរស្ថានការអំពីជម្លោះរបស់ហ្វីលីពីនជាមួយចិន ហើយបដិសេធការប្រើប្រាស់នៃការវិនិច្ឆ័យរបស់តុលាការអង្គការសហប្រជាជាតិកាលពីឆ្នាំទៅ ដើម្បីធ្វើជាបញ្ហាដាក់សម្ពាធលើក្រុងប៉េកាំង។

លោក Duterte បាននិយាយថា ការធ្វើឱ្យទំនាក់ទំនងកាន់តែល្អជាមួយប្រទេសចិន បន្ទាប់ពីភាពតានតឹងអស់រយៈពេលប្រាំមួយឆ្នាំមកនោះ ក្រោមការដឹកនាំរបស់ប្រធានាធិបតីមុន នឹងទទួលបានផលចំណេញរាប់លានដុល្លារជាការសន្យាជាមួយនឹងការវិនិយោគ និងជំនួយរបស់ចិន។

លោក Duterte បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសហ្វីលីពីន និងចិនកំពុងតែពិភាក្សាគ្នាស្តីពីការរុករករ៉ែរួមគ្នានៅក្នុងសមុទ្រនេះ ដែលត្រូវបានគេជឿថា មានធនធានប្រេង និងឧស្ម័នដ៏ច្រើនក្រាស់ក្រែល។

លោក Wang បាននិយាយកាលពីថ្ងៃអង្គារថា ចិនសន្យាផ្តល់ប្រាក់ចំនួន ៣ លានដុល្លារអាមេរិក ដើម្បីជួយស្តារឡើងវិញនូវប៉ែកខាងត្បូងទីក្រុងម៉ារ៉ាវីរបស់ប្រទេសហ្វីលីពីន ដែលហែកហួរដោយសង្រ្គាម ជាទីក្រុងដែលមានទាហានអាមេរិកជួយគាំទ្រ ដើម្បីកម្ចាត់ចេញពួកឧទ្ទាមដែលគាំទ្រឱ្យមានការបំបែករដ្ឋអ៊ីស្លាម៕

ប្រភព: AFP ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧


(សូមទស្សនាវីដេអូ) កងកម្លំាងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់

សហភាពអឺរ៉ុបបង្កើនកាដាក់សម្ពាធទៅលើបណ្តាញព័ត៌មានសង្គមអាមេរិក ស្តីពីលក្ខខណ្ឌសម្រាប់​​​អ្នកប្រើប្រាស់បណ្តាញព័ត៌មាន

អាជ្ញាធរនៅសហភាពអឺរ៉ុបបានបង្កើនការដាក់សម្ពាធទៅលើក្រុមហ៊ុន Facebook, Google និង Twitter ក្នុងការធ្វើវិសោធនកម្មចំពោះលក្ខខណ្ឌសម្រាប់អ្នកប្រើប្រាស់បណ្តាញរបស់ពួកគេ ដើម្បី​នាំអ្នកទាំងអស់នោះ ឱ្យស្របទៅតាមច្បាប់របស់សហភាពអឺរ៉ុប បន្ទាប់ពីការស្នើឡើងនេះដោយ​ក្រុមបច្ចេកវិទ្យាធំៗទាំងអស់នេះ ដែលត្រូវបានគេពិចារណាថា មិនមានលក្ខណៈគ្រប់គ្រាន់។

គណៈកម្មការសហភាពអឺរ៉ុប និងអាជ្ញាធរសម្រាប់អ្នកការពារអ្នកប្រើប្រាស់នៅក្នុងប្លុកសហភាពអឺរ៉ុប​នេះ បានសរសេរលិខិតទៅកាន់ក្រុមហ៊ុនទាំងបីនេះកាលពីខែមុខ ដោយសុំពួកគេដើម្បីធ្វើឱ្យប្រសើរឡើង ចំពោះការកែប្រែរបស់ពួកគេសម្រាប់អ្នកប្រើប្រាស់នៅដំណាច់ខែកញ្ញានេះ នេះ​បើ​យោង​តាមអត្ថន័យលិខិតដែលមានផ្ញើទៅកាន់ក្រុមហ៊ុនទាំងអស់នេះ។

អាជ្ញាធររបស់សហភាពអឺរ៉ុបមានអំណាច ដើម្បីផាក់ពិន័យក្រុមហ៊ុនទាំងនោះ បើសិនជាខកខានក្នុងការអនុវត្តច្បាប់។

អ្នកតំណាងរបស់ក្រុមហ៊ុន Facebook និង Twitter មិនបានឆ្លើយតបភ្លាមៗទៅនឹងការស្នើសុំឱ្យមានយោបល់នេះទេ ហើយអ្នកនាំពាក្យក្រុមហ៊ុន Google បដិសេធដោយមិនបញ្ចេញយោបល់អ្វីទាំងអស់។ អាជ្ញាធរនៅសហភាពអឺរ៉ុបមានកង្វល់ជាពិសេសទៅលើនីតិវិធីដែលក្រុមហ៊ុនទាំងនេះបានស្នើឡើង ដើម្បីលុបចោលមាតិការខុសច្បាប់ណាមួយនៅតាម Website របស់ពួកគេ ជាលក្ខខណ្ឌមួយដែលកំណត់ការទទួលខុសត្រូវរបស់ពួកគេ​ និងលក្ខខណ្ឌដើម្បីអនុញ្ញាតឱ្យពួកគេលុបចោលជាឯកតោភាគីចំពោះមាតិការដែលបង្ហោះដោយអ្នកប្រើប្រាស់។

ក្រុមហ៊ុនអាមេរិកទាំងបីនេះត្រូវបានគេឱ្យពេលរហូតដល់ថ្ងៃព្រហស្បតិ៍ ដើម្បីដាក់នូវសំណើថ្មីដែលនឹងត្រូវបានអនុវត្តនៅដំណាច់ខែកញ្ញានេះ។

ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនេះ ប្រឈមនឹងការត្រួតពិនិត្យយ៉ាងខ្លាំងនៅសហភាពអឺរ៉ុប ចំពោះការប្រករបរធុរកិច្ចរបស់ពួកគេ រាប់ចាប់តាំងពីបញ្ហាឯកជន រហូតដល់តើមានល្បឿនយ៉ាងណាដែរក្នុង​ការលុបចោលនៅមាតិការរឿងដែលមានលក្ខណៈគំរាមកំហែង ឬខុសច្បាប់នោះ។

អាជ្ញាធរ និងគណៈកម្មការសហភាពអឺរ៉ុបបានសុំក្រុមហ៊ុនទាំងនេះ ដើម្បីផ្តល់ព័ត៌មានលំអិតទៅ​លើពេលវេលាកំណត់ និងថ្ងៃឱសានុវាទដែលពួកគេនឹងដាក់ឱ្យមានការអនុវត្តក្នុងការប្រាប់ឱ្យដឹងអំពីមាតិការណាដែលគេចាត់ទុកថា ខុសច្បាប់នោះ ក៏ដូចជាការបញ្ជូន E-mail ទៅកាន់អ្នកប្រើប្រាស់ផងដែរ។ បន្ថែមទៅលើនោះ ក្រុមហ៊ុនទាំងនេះទទួលរងការដាក់សម្ពាធចំពោះនីតិវិធីក្នុងការ​ដែលប្រាប់អតិថិជនឱ្យបានដឹងមុនពេលដែលមាតិការត្រូវបានគេដកចេញពី Website ឬមួយក៏ផ្តល់​ឱកាសដើម្បីឱ្យមានការប្រឈមមុខចំពោះការបង្ហោះនោះ៕

ប្រភព៖ Reuters ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧

ចិន ​និង​វិបត្តិនៅ​ Venezuela​

នៅថ្ងៃទី១៦ ខែកក្កដា ប្រជាជន Venezuela ៧​ លាននាក់ បានបោះឆ្នោតច្រានចោលផែនការកោះប្រជុំសភាធម្មនុញ្ញរបស់ប្រធានាធិបតី Nicolaz Maduro។ ការច្រោនចោលនេះ​ មិនបានរារាំងដល់ចេតនារបស់លោក Maduro ក្នុងការកែប្រែរដ្ឋធម្មនុញ្ញរបស់ Venezuela ទេ ហើយបានហូសបន្លាយវិបត្តិនយោបាយ សេដ្ឋកិច្ច និងមនុស្សធម៌ ក្រោមក្រសែភ្នែករបស់គេរាល់គ្នា។ ដោយសារវិបត្តិនេះបានឈានដល់ចំណុចគ្រោះថ្នាក់ ប្រទេស Venezuela ក្នុងពេលបច្ចុប្បន្ន  គឺជាការសាកល្បងមួយសម្រាប់ប្រទេសផ្សេងទៀតនៅអាមេរិកឡាទីន សហរដ្ឋអាមេរិក និងចិន។

រយៈពេលជាច្រើនឆ្នាំរបស់ Maduro

រដ្ឋបាលរបស់ Maduro​ ជាយូមកហើយបានធ្លាក់ក្នុងសភាពលំបាកជាខ្លាំង។ លោក Maduro បានព្យាយាមក្នុងការកំចាត់ចោលអតីតប្រធានាធិបតីលោក Hugo Chavez។ ច្បាស់ណាស់ មុនពេលការបោះឆ្នោតខែមេសា ឆ្នាំ​២០១៣ លោក Maduro បាននិយាយថា ចំពោះរូបគាត់ លោក Chavez គឺជា “បក្សីដ៏តូចមួយ”។ ក្រោយមក នៅឆ្នាំ ២០១៤ លោក Maduro បានអះអាងថា “បក្សីតូចមួយ” បានប្រាប់គាត់ថា លោក Chavez “មានភាពសប្បាយរីករាយ ហើយស្រឡាញ់ភាពស្មោះត្រង់នៃប្រជាជនរបស់គាត់”។

ក៏ប៉ុន្តែ ប្រសិនបើ បក្សីតូចនោះ គឺជាការប្រៀបធៀបរបស់លោក Maduro ទៅនឹងប្រជាជន Venezuela វិញ អញ្ចឹង គាត់បានបង្ហាញពីឆន្ទៈក្នុងការមើលថែប្រជាជនទាំងនោះ ដោយភាពឃោឃៅ និងភាពគ្មានសមត្ថភាព។ តាមរយៈរដ្ឋបាល គោលនយោបាយ និងចេតនាកាន់អំណាចរបស់គាត់ លោក Maduro បានធ្វើឱ្យប្រទេស Venezuela ធ្លាក់ក្នុងវិបត្តិមនុស្សធម៌ជាប្រវត្តិសាស្រ្តក្នុងតំបន់។

ជាអ្នកនយោបាយ លោក Maduro មិនមានប្រជាប្រិយភាពទេ។ ផែនការរក្សាអំណាចរបស់គាត់ត្រូវបានគេមើលឃើញច្បាស់ និងគួរឱ្យខ្មាស់អៀន។ បន្ទាប់ពីគណបក្សប្រឆាំងទទួលបានសម្លេងភាគច្រើននៅក្នុងការបោះឆ្នោតសភា ឆ្នាំ ២០១៥ លោក Maduro បានសម្រេចចិត្តធ្វើដំណើរឆ្ពោះទៅកាន់របបផ្តាច់ការ ដោយបង្កើតរដ្ឋប្រហារមួយ។ ជាមួយនឹងកិច្ចសហប្រតិបត្តិការពីតុលាការកំពូល Venezuela

នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ លោក Maduro បានប្រកាសពីការបង្កើតរដ្ឋធម្មនុញ្ញថ្មីមួយ ដែលសមាជិកត្រូវបានជ្រើសរើសនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧។ សកម្មភាពនេះ បង្ហាញពីគោលបំណងពិតប្រាកដ ក្នុងការក្តោបក្តាប់អំណាចផ្តាច់ការតទៅទៀតរបស់លោក Maduro។

នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០១៧ អគ្គព្រះរាជអាជ្ញា Venezuela លោកស្រី Luisa Ortega បានចាត់ទុកសកម្មភាពគាំទ្ររបស់តុលាការកំពូង Venezuela ថា គ្មានភាពស្របច្បាប់ និងផ្ទុយពីរដ្ឋធម្មនុញ្ញ ខណៈពេលដែលលោកស្រី បង្ហាញពីការប្រឆាំងទៅនឹងផែនការរបស់លោក Maduro ក្នុងការសរសររដ្ឋធម្មនុញ្ញឡើងវិញ។ មួយថ្ងៃក្រោយមក ក្រុមសកម្មប្រយុទ្ធគាំទ្រដោយរដ្ឋាភិបាល បានវាយប្រហារលើការទទូចរបស់អនុប្រធានរដ្ឋសភា ដែលថា សភាត្រូវបានចាប់ជំរិតដោយក្រុមមួយក្តាប់តូច។

ជាលទ្ធផល ការក្តាប់អំណាចរបស់ Maduro បានបង្កឱ្យមានមនុស្សប្រមាណជា ១០០នាក់ត្រូវបានសម្លាប់ ១០០០នាក់រងរបួស និងជិត ៣០០០នាក់ត្រូវបានចាប់ខ្លួននៅក្នុងអំពើហិង្សា និងការធ្វើបាតុកម្ម។ ការសិក្សាថ្មីៗនេះបានឱ្យដឹងថា ៧៥ភាគរយ នៃប្រជាជន Venezuela បានស្រង់ទម្ងន់ ១៩ ផោន ដោយសារកង្វះចំណីអាហារ។ ជាការឆ្លើយតប រដ្ឋាភិបាលោក Maduro បានចេញនូវការបដិសេធយ៉ាងខឹងសម្បារមួយ ជាជាងស្វែងរកជំនួយលើបញ្ហនេះ។ ជាឧទាហរណ៍ លោក Maduro បានឆ្លើយតបទៅនឹងប្រធានាធិបតីអាមេរិក លោក Donald Trump ថា កុំជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសយើង។

ប្រទេសអាមេរិកឡាទីនក្នុងពេលបច្ចុប្បន្ន ស្ថិតក្នុងសភាមិនឆ្លើយតបអ្វីសោះ។ លោក Jared Genser អ្នកច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្ស បានកត់សម្គាល់ថា “អង្គការនៃបណ្តារដ្ឋនៅទ្វីបអាមេរិក…បានបរាជ័យក្នុងការចាត់វិធានការប្រឆាំងនៅក្នុងប្រទេស Venezuela ពាក់ព័ន្ធទៅនឹងនិន្នាការផ្លាស់ប្តូរពីលទ្ធិប្រជាធិបតេយ្យទៅរករបបផ្តាច់ការរបស់លោក Maduro។

ប្រសិនបើលោក Maduro ទទួលបានជោគជ័យក្នុងការសរសេររដ្ឋធម្មនុញ្ញឡើងវិញ ក្រោយសន្និបាតថ្ងៃទី៣០ ខែកក្កដានោះ គាត់នឹងលុបចោលកម្មវិធីបោះឆ្នោតជាតិ ហើយនឹងគ្រប់គ្រងស្ថាប័នទាំងអស់របស់ប្រទេស ជាពិសេស សភាជាតិ។

តើបញ្ហានេះមានន័យយ៉ាងដូចម្តេចសម្រាប់អាមេរិក និងចិន?

ទីមួយ វិបត្តិនៅ Venezuela គឺជាការសាកល្បងមួយដ៏មានសារៈសំខាន់នៃដំណោះស្រាយរបស់អាមេរិកនៅក្នុងតំបន់។ បើទោះបីជាមានការសាយភាយនៃការកត់សម្គាល់ថា ស្ថានភាពកំពុងតែដុនដាបក៏ដោយ ក៏សហរដ្ឋអាមេរិក បានធ្វើសកម្មភាពតិចតួចបំផុត។ យោងតាម លោក Michael Shifter ប្រធាន Inter-American Dialogue បាននិយាយថា “Venezuela គឺជាវិបត្តិដ៏ធ្ងន់ធ្ងរបំផុតដែលកំពុងប្រឈមនៅក្នុងតំបន់ ហើយចាំបាច់ត្រូវមានការដាក់សម្ពាធផ្នែកការទូតរបស់អាមេរិកក្នុងកម្រិតខ្ពស់មួយ។ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson បានខកខានក្នុងការចូលប្រជុំ OAS នៅថ្ងៃទី ៣១ ខែឧសភា និងបានលុបចោលការចូលរួមកិច្ចប្រជុំ OAS ថ្នាក់រដ្ឋមន្រ្តីការបរទេសស្តីពីស្ថានភាពនៅប្រទេស Venezuela នៅទីក្រុង Cancun ផងដែរ។

ខណៈដែលអាមេរិកហាក់ដូចជាមិនសូវមានសកម្មភាពនៅតំបន់អាមេរិកឡាទីននោះ ចិនបានចាប់ផ្តើមឈានជើងចូល។ ប្រទេស​ Chile Peru Bolivia និង Venezuela នាពេលថ្មីៗនេះ បានក្លាយជាសមាជិកនៃធនាគារ​ AIIB អង្គការមួយដឹកនាំដោយចិន។ ជំហរឆ្ពោះទៅកាន់ការធ្វើសមាហរណកម្មរវាងចិន និងប្រទេសតំបន់អាមេរិកឡាទីន គឺជាការដាស់តឿនមួយសម្រាប់រដ្ឋបាលលោក Trump ដែលត្រូវយកចិត្តទុកដាក់បំពេញចន្លោះប្រហោងឱ្យបានឆាប់រហ័សជាទីបំផុត។

ទីពីរ វិបត្តិនេះ នឹងជាការសាកល្បងមួយនៃគោលនយោបាយ “ចេញក្រៅ Go Out” របស់ចិន។ ជាច្រើនឆ្នាំមកហើយ រដ្ឋាភិបាលចិនបានគាំទ្រដ្ឋាភិបាល Maduro តាមរយៈការទិញប្រេងយ៉ាងច្រើនពីប្រទេស Venezuela។​ ក៏ប៉ុន្តែ ទីក្រុងប៉េកំាង គួរឈប់បោះលុយចោល បន្ទាប់មានស្ថានភាពអាក្រក់ ពីព្រោះ វាមិនទំនងជាឃើញមានផលប្រយោជន៍វិលត្រឡប់មកវិញ ពីការវិនិយោគរបស់ខ្លួនទេ ខណៈដែលលោក Maduro ស្ថិតក្នុងអំណាច។

ទីបី វិបត្តិនេះ នឹងជាការសាកល្បងនៃស្វែងរកដំណោះស្រាយថ្មីដើម្បីកាត់ទោសអតីតមេដឹកនាំពីបទឧក្រិដ្ឋ ដែលធ្វើឡើងក្នុងពេលកាន់អំណាច របស់ប្រទេសតំបន់អាមេរិកឡាទីន។ ថាតើ លោក Maduro នឹងត្រូវបានកាត់ទោសសម្រាប់ការក្តាប់អំណាចរបស់គាត់ ឬយ៉ាងណានោះ នឹងក្លាយជាការសាកល្បងមួយនៃដំណោះស្រាយលើបញ្ហានេះ។ តើ Venezuela នឹងដើរតាមប្រទេសមួយចំនួនស្តីពីបញ្ហានេះដែរ ឬទេ? នៅប្រទេស Guatemala អតីតប្រធានាធីបតីលោក Otto Perez បានដាក់ខ្លួនឯងក្នុងសុវត្ថិភាព បន្ទាប់ពីតុលាការចេញដីការចាប់ខ្លួននៅឆ្នាំ ២០១៥។ នៅប្រទេស Peru  ព្រះរាជអាជ្ញាអាឡឺម៉ង់ លោក Juarez បានចោទប្រកាន់អតីតប្រធានាធិបតីលោក Ollanta Humala ថា ជា “ប្រធានាធិបតីម្នាក់ ដែលឡើងកាន់អំណាច ក្រោមការឃោសនាបោះឆ្នោត ដោយប្រើប្រាស់លុយខុសច្បាប់។ ជាងនេះទៅទៀត ចៅក្រម Sergio Moro បានកាត់ទោសអតីតប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva ឱ្យជាប់ពន្ធនាគារជិត ១០ ឆ្នាំ។

ឥរិយាបថផ្តាច់ការរបស់ Maduro អាចត្រូវបានគេថ្កោលទោសរួចជាស្រេចរួចហើយ។ សូម្បី

តែអគ្គព្រះរាជអាជ្ញារបស់គាត់ផ្ទាល់គឺលោកស្រី Lusia Ortega បានក្លាយជាអ្នករិះគន់ឥតសម្ចៃមាត់ម្នាក់ទៅហើយ។ យោងតាមលោកស្រី Ortega សភាធម្មនុញ្ញ នឹងរៀបចំបំបែកលទ្ធិប្រជាធិបតេយ្យ។ ខណៈដែលលោក Maduro នៅតែមានការគាំទ្រនៅ Venezuela បរិយាកាសនយោបាយនឹងកាន់តែខ្លាំងឡើងៗ ទាំងក្នុងស្រុក និងក្រៅស្រុក។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Donald Trump បានចាត់ទុកលោក Maduro ថា ជា “មេដឹកនាំអាក្រក់ម្នាក់” ដែលស្រមើលស្រមៃក្លាយជាជនផ្តាច់ការ។ គាត់សន្យាថា សហរដ្ឋអាមេរិក នឹង “មិនគាំទ្រជំហរដូច្នោះនៅ Venezuela ទេ។ សេចក្តីថ្លែងការណ៍របស់លោក Trump បានអំពាវនាវឱ្យមានការដាក់សម្ពាធពីខាងក្រៅប្រឆាំងនឹងអណត្តិកាន់អំណាចរបស់ Maduro៕

ប្រភព : The Diplomat ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧

រដ្ឋបាលខេត្តស្ទឹងត្រែង ជូនដំណឹងឱ្យពលរដ្ឋប្រុងប្រយ័ត្នពីគ្រោះទឹកជំនន់

ស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានប្រកាសជូនដំណឹងឱ្យបងប្អូន ប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្ត បង្កើនការយកចិត្ត ទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាហេតុ ដោយសារគ្រោះទឹកជំនន់ បន្ទាប់ពីភ្លៀងបាន បន្តធ្លាក់ក្នុងរយៈ ពេលប៉ុន្មានថ្ងៃនេះជាប់ៗគ្នា។

រដ្ឋបាលខេត្តស្ទឹងត្រែង បានស្នើឱ្យប្រជាពលរដ្ឋ និងអាណាព្យាបាលប្រយ័ត្នចំពោះ ក្មេងតូចៗ កុំលេងទឹក ត្រៀមរៀបចំសម្ភារចាំបាច់មួយចំនួន ដូចជាមធ្យោបាយធ្វើដំណើរ ដូចជាស្បៀងអាហារ នឹងសត្វពាហនៈជាដើម។

ជាមួយគ្នានេះរដ្ឋបាលខេត្ត ក៏បានប្រកាសជូនពលរដ្ឋឱ្យបានជ្រាបអំពីស្ថានភាពទឹកភ្លៀង នៅតែបន្តធ្លាក់ រយៈពេលប៉ុន្មានថ្ងៃ នៅទូទាំងភូមិ ឃុំ ស្រុក ក្រុង ក្នុងខេត្តស្ទឹងត្រែង ដែលបានបង្កឱ្យភូមិមួយចំនួនស្ថិត នៅតាមដងទន្លេដូចជាទន្លេមេគង្គ ទន្លេសេគង្គ ទន្លេសេសាន ទន្លេស្រែពក នឹងនៅតាមដៃរអូធំៗ ប្រឈមការជន់លិច ហើយប្រជាពលរដ្ឋអាចនឹងទៅរកទីទួលដែលខ្ពស់ៗ ។

តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការ ប្រុងប្រយ័ត្នឱ្យបានខ្ពស់ នៅតំបន់ទំនាបកណ្ដាល មានរាជធានីភ្នំពេញ ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ ដែលខ្យល់កន្ដ្រាក់មានល្បឿនពី ១២-១៤ម៉ែត្រ ក្នុងមួយវិនាទី។ តំបន់ខ្ពង់រាប ខេត្តរតនគិរី ស្ទឹងត្រែង ព្រះវិហារ និងឧត្តរមានជ័យ ខ្យល់កន្ដ្រាក់មានល្បឿនពី ៨-១០ម៉ែត្រ ក្នុងមួយវិនាទី ។ តំបន់មាត់សមុទ្រ ពិសេសនៅខេត្តកោះកុង ខ្យល់កន្ដ្រាក់មានល្បឿនពី១៣-១៥ម៉ែត្រ ក្នុងមួយវិនាទី និងរលកសមុទ្រកំពស់១.៥០-២.៥០ម៉ែត្រ។ តំបន់ទាំងអស់នេះ នឹងមានភ្លៀងធ្លាក់ខ្លាំងផងដែរ។

ហេតុដូច្នេះហើយ ចាប់ពីថ្ងៃទី២៥-២៧ ខែកក្កដា ឆ្នាំ២០១៧ សូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរ តាមសមុទ្រទាំងអស់ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។ ដោយឡែក ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គលើ ទន្លេសេសាន សេកុង ស្រែពក ព្រមទាំងផ្លូវទឹកនានាក្នុងតំបន់ខ្ពង់រាប សូមបង្កើនការយកចិត្តទុកដាក់ចំពោះ ស្ថានភាពទឹកជំនន់ ដែលនឹងហក់ឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ ៕









កាកបាទក្រហម​ខេត្តព្រះសីហនុ​ នាំយកអំណោយ​ជួយកុមារ​បីនាក់បងប្អូន​ ដែលឪពុកម្តាយ​ចុះចោល​

នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ លោក សំ សំអាត អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងមន្ត្រីសាខា អនុសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់កុមារី ជ័យ វិច្ឆិកា អាយុ១៣ឆ្នាំ រួមជាមួយប្អូនតូចពីរនាក់ ដែលឪពុក ម្តាយ ចុះចោលជាង ១ខែ គ្មានទីពឹង ហើយក្មួយស្រីសុខចិត្តឈប់ពីការសិក្សា ដើរបេះត្រកួន និងស៊ីឈ្នួលចងអំបោស យកថវិកាចញ្ចឹមប្អូនទាំងពីរ ។

ក្នុងឱកាសនោះដែរ លោក សំ សំអាត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់លោកប្រធានកិត្តិយសសាខា ប្រធានគណៈកម្មាធិការសាខា ជាពិសេសលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែល តែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ពិសេសកុមារ ដោយយកចិត្តទុកដាក់ខ្ពស់ មិនឲ្យមានការរំលោភបំពាន ហឹង្សា និងជួញដូរផ្លូវភេទឡើយ។

ដោយមានការអណិតអាសូរ បច្ចុប្បន្ន ក្មេងទាំងនេះ ត្រូវបានលោកមេភូមិយកចិញ្ចឹមជាបណ្តោះអាសន្ន ដើម្បីរង់ចាំពិភាក្សារកដំណោះស្រាយជាមួយឪពុក ម្តាយរបស់ពួកគាត់ ហើយ លោក សំ សំអាត សូមឲ្យក្មួយស្រី និងលោកមេភូមិ ជួយការពារថែរក្សាអនាម័យ សុខភាពក្មួយទាំងអស់ឲ្យបានល្អ និងឲ្យក្មួយៗ បានចូលសិក្សាផង។

អំណោយដែលផ្ដល់ជូនដល់ក្មួយស្រីរួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេស តង់១ កន្ទេល១ ឃីត១ (ក្រម៉ា១ សារ៉ុង១ មុង១ និងភួយ១) និងថវិកាមួយចំនួនទៀតផងដែរ៕







អភិបាលខណ្ឌដង្កោ បន្តចុះថ្លែងអំណរគុណពលរដ្ឋនៅសង្កាត់ព្រៃវែង និងពិនិត្យមើលការស្ថាបនាផ្លូវបេតុងថ្មី

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ អភិបាលខណ្ឌដង្កោ និងជាជំនួយការ លោក​នាយករដ្ឋមន្រ្ដី ហ៊ុន សែន គឺលោក នុត ពុធដារ៉ា បានបន្តដឹកនាំមន្រ្តីក្រោមឱវាទចុះទៅសួរសុខទុក្ខ និងថ្លែងអំណរគុណប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន​សង្កាត់ព្រៃវែង ព្រមទាំងការចុះពិនិត្យមើលផ្លូវបេតុថ្មី និងចាក់បេតុងសាលាបុណ្យភូមិនៅ សង្កាត់ព្រៃវែងផងដែរ។
ក្រៅពីការថ្លែងអំណរគុណនោះអភិបាលខណ្ឌ បានសំណេះសំណាលសាកសួរសុខទុក្ខ ស្វែងយល់អំពីតម្រូវ ការកង្វល់ និងបញ្ហានានារបស់ប្រជាពលរដ្ឋ បន្ថែមទៀតដើម្បីត្រៀមដោះស្រាយនាពេលខាង មុខកាន់តែ ប្រសើរឡើង។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានឧបត្ថម្ភការជួសជុលសាលាបុណ្យភូមិត្រពាំងស្វាយ និងចាប់បេតុង ទីធ្លាសាលាបុណ្យ ដើម្បីទុកជូនបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិបានប្រើប្រាស់សម្រាប់ប្រារព្ធពិធីបុណ្យផ្សេងៗ និងប្រើប្រាស់នៅពេលមានតម្រូវការនានា។ ក្នុងឱកាសលោកអភិបាល ក៏បានចុះពិនិត្យផ្លូវបេតុងក្នុងភូមិទាំងពីរ ដែលទើបស្ថាបនារួចផងដែរ។
នៅចំពោះមុខប្រជាពលរដ្ឋទាំងនោះលោក នុត ពុធដារ៉ា បានផ្តាំផ្ញើការសួរសុខទុក្ខពីលោកនាយករដ្ឋមន្រ្ដី​ ហ៊ុន សែន និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា និងលោកស្រី ដែលតែងតែគិតគូពីការរស់នៅរបស់បងប្អូន ៕





(សូមទស្សនាវីដេអូ) ប្រធាន​នាយ​កដ្ឋាន ​នគរ​បាល​ចរា​ចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ​ ចុះ​ពិន័យ​ម្ចាស់​យាន​ជំនិះ ទាំង​ឡាយ​ណា​ដែល​ឈប់ ​ឬ ចត​យាន​ជំនិះ​លើ​ទ្រូង​ថ្នល់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តឧត្តរមានជ័យ ជួយដោះស្រាយបញ្ហាទឹកជំនន់ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយបញ្ហាទឹកជំន​ន់​ជូនប្រជាពលរដ្ឋយើងឱ្យបានទាន់ពេលវេលានៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះផ្សាយនៅក្នុងហ្វេសប៊ុកថា៖ សូមអរគុណអាជ្ញាធរ កងកម្លាំងសមត្ថកិច្ច ព្រមទាំងស្ថាប័ន មន្ទីរពាក់ព័ន្ធ រួមទាំងសមាគម អង្គការ ដៃគូនានា និងកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហាទឹកជំនន់ជូន ប្រជាពលរដ្ឋយើងឱ្យបានទាន់ពេលវេលានៅស្រុកអន្លង់វែង​ ខេត្តឧត្តរមានជ័យ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសំណូមពរឱ្យអាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ ដែនដីត្រូវបន្តឃ្លាំតាមដានមើល និងជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ សូមបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច៕







អភិបាលខេត្តសៀមរាប ផ្ដល់ផ្លូវក្រាលគ្រួសក្រហមមួយខ្សែក្នុងឱកាសចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ចុងឃ្នៀស

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ លោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀម​រាប បានចុះជួបសំណេះសំណាលជាមួយចៅសង្កាត់ចុងឃ្នៀស ដែលជាចៅសង្កាត់របស់គ​ណ​​បក្សប្រជាជនកម្ពុជា និងក្រុមប្រឹក្សាសង្កាត់ ព្រមទាំងមេភូមិទាំងអស់ក្នុងសង្កាត់ ហើយបន្តជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ចុងឃ្នៀស ដើម្បីស្តាប់ពីតម្រូវការចំបាច់របស់បងប្អូនប្រជាពលរដ្ឋយើងនៅក្នុងមូលដ្ឋាននោះ។
ក្នុងពេលកន្លងទៅ បងប្អូនប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរមូលដ្ឋានឱ្យជួយកសាងផ្លូវ ព្រោះក្នុងរដូវវស្សានេះពួកគាត់មានការលំបាកខ្លាំងក្នុងការធ្វើដំណើរ។ ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានសម្រេចផ្ដល់ផ្លូវក្រាលគ្រួសក្រហមមួយខ្សែដែលជាតម្រូវការចំបាច់សម្រាប់ពួកគាត់ ។ ជាមួយគ្នានោះដែរ លោក ក៏បានជួបបងប្អូនប្រជាពលរដ្ឋក្រីក្រ ប្រមាណជាង ១០០ គ្រួសារ ព្រមទាំងបានផ្តល់ថវិកាមួយចំនួន ដល់ពួកគាត់ផងដែរ៕