Thursday, July 27, 2017

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ទឹក​ជំនន់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៧​នេះ តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​​ផ្លូវ​ការ​បាន​ធ្វើ​ការ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ និងអាជ្ញាធរប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់។ ការ​អំពាវនាវ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល បន្ទាប់​ពី​ជំនន់​ទឹក​ភ្លៀង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​បាន​ធ្វើ​ឲ្យ​ជន់​លិច​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួនដូច​ជា ខេត្ត​ព្រះ​វិហារ ឧត្តរមានជ័យ កំពត និង​ខេត្ត​ព្រះ​សីហនុ​ជា​ដើម។

យោង​តាម​ទំព័រហ្វេសប៊ុក​ផ្លូវការ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​ឲ្យ​ដឹង​ថា ភ្លៀងដែល​បង្អុរ​ធ្លាក់មកមិ​ន​ដាច់​ស្ទើរាល់​ថ្ងៃ​ ដែល​យើងបានឃើញនៅក្នុងទីក្រុងភ្នំពេញតិចមែន តែ​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន គឺកំពុងប្រឈម​នឹងបញ្ហាទឹកជំនន់ដោយសារកំរិតទឹកទឹកភ្លៀងនៅបន្តធ្លាក់ ហើយ​​​កម្ពស់ទឹកទន្លេក៏មានការកើន​ឡើង​ជា​បន្តបន្ទាប់ ក្នុងនោះមានដូចជា ខេត្តឧត្តរមានជ័យ ព្រះ​វិហារ ក្រចេះ ស្ទឹងត្រែង បន្ទាយមានជ័យ កំពង់ចាម កំពត និងខេត្តមួយចំនួនទៀត។

តាមការប្រកាសរបស់ក្រសួងធនធានទឹក បានអោយដឹងថា ក្នុង​រដូវ​វស្សាឆ្នាំនេះ​កម្ពុជាអាច​នឹង​ទទួល​រង​នូវឥទ្ធិពល ENSO Neutral Condition ដែលបង្កអោយមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅច្រើន ដែលធ្វើ អោយទឹកក្នុងអាងទន្លេមេគង្គ និងទាំងនៅក្នុងប្រទេសកម្ពុជាទាំងមូលមានការកើនឡើង។

ចំពោះបងប្អូន ដែលចុះទូកនៅតាមទន្លេ សមុទ្រ គឺសូមប្រុងប្រយ័ត្ន ពាក់អាវពោងការពារ និង​មាន​សំភារៈការពារអាយុជីវិត ពេលជួបប្រទះបញ្ហាដោយយថាហេតុណាមួយកើតឡើង។ សូមកុំ បណ្តោយ​កូនចៅទៅលេងទឹកនៅខាងក្រៅតាមស្រះ តាមវាលស្រែ ក្រោមស្ពាន ឬតាមប្រឡាយ ទឹកដែលអាចងាយមានគ្រោះថ្នាក់។

លោកនាយករដ្ឋមន្ត្រីក៏​បាន​អំពាវនាវដល់មន្ត្រី អាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ក្រសួង មន្ទីរ ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ ដែនដីត្រូវឃ្លាំតាមដានមើល និងជួយប្រជាពលរដ្ឋអោយ​បាន​ទាន់​ពេល​វេលា ជាពិសេស ប្រជា​ពលរដ្ឋ ដែលរស់នៅតាមបណ្តាខេត្ត ដែលកំពុងប្រឈម នឹងបញ្ហាទឹកជំនន់ និង​​តាម​តំបន់ជាប់នឹង ដងស្ទឹង និង សមុទ្រជាដើម។ សូមបង្កើនការយកចិត្តទុកដាក់ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត៕












No comments:

Post a Comment