Thursday, July 27, 2017

ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ចុះពិន័យម្ចាស់យានជំនិះ ទាំងឡាយណាដែលឈប់ ឬ ចតយានជំនិះលើទ្រូងថ្នល់

ដោយមានការណែនាំពី នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នឹងសហការជាមួយស្នងការដ្ឋាន នគរបាលរាជធានី ភ្នំពេញ ចុះពិន័យម្ចាស់យានជំនិះ ទាំងឡាយណាដែលឈប់ ឬចតយានជំនិះលើទ្រូវថ្នល់ បំពានច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

លោក រុន រ័ត្នវាសនា បានបញ្ជាក់នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះថា នគរបាលចរាចរណ៍ នឹងចុះ ពិន័យម្ចាស់យានជំនិះ ទាំងឡាយណាដែលឈប់ ឬចតយានជំនិះលើទ្រូងថ្នល់ បំពានច្បាប់ ស្តីពី ចរាចរណ៍ ផ្លូវគោក ត្រង់មាត្រា ២៣មានដូចជា៖ ការឈប់ ឬចតយានជំនិះ បង្កការរំខានដល់ យានជំនិះ ផ្សេងទៀត ដែលកំពុងធ្វើចរាចរណ៍ ការឈប់ឬចតលើទ្រូវផ្លូវ ចិញ្ចើមផ្លូវដែលទុកបម្រុងឱ្យថ្មើជើង ការឈប់ឬចតនៅ ជិតបង្គោលភ្លើង ឬផ្លាកសញ្ញាចរាចរណ៍ ដែលធ្វើឱ្យបាំងភ្នែក ការឈប់ ឬចតដែលធ្វើឱ្យរាំងស្ទះ ដល់ច្រកចេញ ចូល ការចត ឬការឈប់នៃយានដទៃទៀត នៅកន្លែងដែលមានសញ្ញាហាមឈប់ ឬហាមចត នៅលើទ្រូងផ្លូវ​ថ្នល់លើសពី ២៤ម៉ោង នៅជិតផ្លូវប្រសព្វឬផ្លូវបត់ ។ល។

លោកបញ្ជាក់បន្ថែមទៀតថា យានយន្តល្មើសនឹងទទួលរងការពិន័យពី ២៥,០០០រៀល ទៅ៥០០,០០០រៀល តាមប្រភេទយាន ឬឃាត់ទុកមិនឱ្យធ្វើចរាចរណ៍ តាមមាត្រា៦៦ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

លោក រុន រ័ត្នវាសនា សូមអំពាវនាវប្រជាពលរដ្ឋទាំងអស់ សូមចូលរួមគោរពច្បាប់​ស្តីពីចរាចរណ៍ផ្លូវគោក​ពិសេស មិនត្រូវឈប់ ឬចតយានជំនិះរបស់ខ្លួនរំខានដល់យានជំនិះផ្សេងទៀតឡើយ ដើម្បីចូលរួម​កាត់បន្ថយ​ការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ៕








No comments:

Post a Comment