Thursday, July 27, 2017

កាកបាទក្រហម​ខេត្តព្រះសីហនុ​ នាំយកអំណោយ​ជួយកុមារ​បីនាក់បងប្អូន​ ដែលឪពុកម្តាយ​ចុះចោល​

នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ លោក សំ សំអាត អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងមន្ត្រីសាខា អនុសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់កុមារី ជ័យ វិច្ឆិកា អាយុ១៣ឆ្នាំ រួមជាមួយប្អូនតូចពីរនាក់ ដែលឪពុក ម្តាយ ចុះចោលជាង ១ខែ គ្មានទីពឹង ហើយក្មួយស្រីសុខចិត្តឈប់ពីការសិក្សា ដើរបេះត្រកួន និងស៊ីឈ្នួលចងអំបោស យកថវិកាចញ្ចឹមប្អូនទាំងពីរ ។

ក្នុងឱកាសនោះដែរ លោក សំ សំអាត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់លោកប្រធានកិត្តិយសសាខា ប្រធានគណៈកម្មាធិការសាខា ជាពិសេសលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែល តែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ពិសេសកុមារ ដោយយកចិត្តទុកដាក់ខ្ពស់ មិនឲ្យមានការរំលោភបំពាន ហឹង្សា និងជួញដូរផ្លូវភេទឡើយ។

ដោយមានការអណិតអាសូរ បច្ចុប្បន្ន ក្មេងទាំងនេះ ត្រូវបានលោកមេភូមិយកចិញ្ចឹមជាបណ្តោះអាសន្ន ដើម្បីរង់ចាំពិភាក្សារកដំណោះស្រាយជាមួយឪពុក ម្តាយរបស់ពួកគាត់ ហើយ លោក សំ សំអាត សូមឲ្យក្មួយស្រី និងលោកមេភូមិ ជួយការពារថែរក្សាអនាម័យ សុខភាពក្មួយទាំងអស់ឲ្យបានល្អ និងឲ្យក្មួយៗ បានចូលសិក្សាផង។

អំណោយដែលផ្ដល់ជូនដល់ក្មួយស្រីរួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេស តង់១ កន្ទេល១ ឃីត១ (ក្រម៉ា១ សារ៉ុង១ មុង១ និងភួយ១) និងថវិកាមួយចំនួនទៀតផងដែរ៕







No comments:

Post a Comment