Tuesday, January 09, 2018

អង្គភាពប្រឆាំងអំពើពុករលួយ ចេញសេចក្តីជូនដំណឹង ស្តីពីការទទួលឯកសារប្រកាសទ្រព្យ និងបំណុលរបស់បុគ្គលជាប់កាតព្វកិច្ច

អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ បានចេញសេក្តីជូនដំណឹង ស្តីពីការទទួលឯកសារប្រកាសទ្រព្យ និងបំណុលរបស់បុគ្គលជាប់កាតព្វកិច្ច ប្រកាសរៀងរាល់២ឆ្នាំម្តង និងតំណាងរាស្រ្ត សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់បន្ទាប់ពីគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ។

យោងតាមសេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុលនៃអង្គភាពប្រឆាំងអំពើពុករលួយ មានកិត្តិយស សូមជម្រាបជូនថា ការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល សម្រាប់ថ្ងៃច័ន្ទ ទី៨ ខែមករា ឆ្នាំ ២០១៨ គិតត្រឹមវេលាម៉ោង ១៧៖០០នាទី មានចំនួន៧២៥រូប
ការប្រកាសរៀងរាល់២ឆ្នាំ ចំនួនទទួលបាន២០០រូប
ការប្រកាសរបស់សមាសភាពគណបក្សត្រូវបានរំលាយ និងអ្នកចូលកាន់តំណែងថ្មី ចំនួនទទួលបានសរុប៥២៥ រូប ដែលក្នុងនោះរួមមាន៖
ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ចំនួន ៥២៥រូប
បញ្ឈប់ចំនួន៤២២រូប (អតីតសមាជិកគណបក្សសង្រ្គោះជាតិចំនួន ៤២២រូប)
តែងតាំងថ្មីចំនួន ១០៣ រូប (គណបក្សប្រជាជនកម្ពុជា ចំនួន៨៣រូប, គណបក្សហ៊្វុនស៊ិនប៉ិចចំនួន៨រូប និងខ្មែររួបរួមជាតិចំនួន១២រូប)។

គិតត្រឹមថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ ទទួលបានឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល
រៀងរាល់២ឆ្នាំម្តង ចំនួនទទួលបានសរុប១៤៨៩រូប
ការប្រកាសរបស់សមាសភាពគណបក្សត្រូវបានរំលាយ និងការចូលកាន់តំណែងថ្មី ចំនួនទទួលបានសរុប២៤២៦ រូបរួមមាន៖
តំណាងរាស្រ្តចំនួន៦១រូប និងទីប្រឹក្សា ជំនួយការ៣១រូប សរុបចំនួន២៣២៨រូប

សេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងទៀតថា នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល សូមធ្វើការលើកទឹកចិត្ត ដល់បងប្អូនដែលជាប់កាតព្វកិច្ចប្រកាសទាំងអស់ សូមរួសរាន់មកបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងរយៈពេល៣០ថ្ងៃនេះ ដោយនាយកដ្ឋានធ្វើការទទួលឯកសារទាំងពេលថ្ងៃត្រង់ ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យ។ ប្រសិនបើបងប្អូនជួបបញ្ហា នាយកដ្ឋាននឹងជួបពិភាក្សាដោះស្រាយជូន៕


ក្រសួងសេដ្ឋកិច្ច និងនាយកដ្ឋានតំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោងចំនួន០៣

នាថ្ងៃអង្គារ ៨ រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកទេសរដ្ឋមន្រ្តី អូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Samiuela T. Tukuafu នាយកនាយកដ្ឋានតំណាងធនាគារអភិវឌ្ឍន៍ អាស៊ីប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ សម្រាប់ គម្រោងចំនួន០៣ដែលមានទឹកប្រាក់សរុបប្រមាណ១៨០លានដុល្លារអាមេរិក។

សូមជម្រាបផងដែរថា កិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោងចំនួន០៣រួមមាន ៖
១- គម្រោងកែលម្អបណ្តាញផ្លូវជាតិ
២-គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប (ហិរញ្ញប្បទានបន្ថែម)
៣-គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យតាមខេត្ត៕







(សូមទស្សនាវីដេអូ)៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ដោយសារមានសន្តិភាព​ស្ថេរភាពនយោបាយ ទើបកម្ពុជាអាច​ធ្វើជាម្ចាស់ផ្ទះនៃ​កិច្ចប្រជុំកំពូលស​ហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២

រដ្ឋាករទឹក​ស្វយ័តក្រុងភ្នំពេញ​ ទទួលយកការ​ផ្គត់ផ្គង់ទឹកស្អាត​ចូលសង្កាត់ទាំង៤

យោងតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល បានឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលយកការផ្គត់ផ្គង់ទឹកស្អាតចូលសង្កាត់ទាំង៤ គឺសង្កាត់ព្រែកថ្មី សង្កាត់ក្បាលកោះ សង្កាត់ព្រែកឯង និងសង្កាត់វាលស្បូវ ដែលពីមុនស្ថិតក្រោមការផ្គត់ផ្គង់ទឹករបស់ក្រុមហ៊ុនឯកជនឲ្យមកស្ថិតនៅក្រោមការផ្គត់ផ្គង់ដោយផ្ទាល់ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញវិញ។

ក្រុមការងាររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានតភ្ជាប់បំពង់មេទៅកាន់តំបន់ខាងលើរួចរាល់កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ និងបានសាកល្បងសំពាធនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ ចប់រួចរាល់ជាស្ថាពរ បច្ចុប្បន្ននៅរង់ចាំតែការអនុញ្ញាតពីក្រុមហ៊ុន ដើម្បីបើកបញ្ចូលទឹកទៅផ្គត់ផ្គង់តំបន់នោះតែប៉ុណ្ណោះ៕




សាខាកាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​ ប្រគល់ផ្ទះ​មនុស្សធម៌ទី៤០​ និងទី៤១​ ដល់គ្រួសារ​ទីទ័លក្រ​ ចំនួន២​គ្រួសារ​

សៀមរាប៖ លំនៅដ្ឋានចំនួន២ខ្នង មានទំហំ៥ម៉ែត្រ គុណ៦ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសី ក្រាលក្ដារ ជញ្ជាំងក្ដារ តម្កល់លើជើងតាង កម្ពស់១,៨០ម៉ែត្រ ដែលជាអំណោយសប្បុរសធម៌របស់លោកស្រី អាណា សមាជិកកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់តាមរយៈគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ហើយត្រូវបាន ប្រគល់ជូនគ្រួសារទីទ័លក្រចំនួន២គ្រួសារ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨។

ក្នុងនោះផ្ទះមនុស្សធម៌ទី៤០ ត្រូវបានប្រគល់ជូនគ្រួសារប្អូនប្រុស លៀម ពិសិដ្ឋ អាយុ៤៧ឆ្នាំ និងភរិយាឈ្មោះ មិន ពៅ អាយុ៤៣ឆ្នាំ ជាគ្រួសារទីទ័លក្រ រស់នៅជាមួយមេរោគអេដស៍ បច្ចុប្បន្នធ្វើជាកម្មករទ្រទ្រង់ជីវភាពគ្រួសារ រស់នៅភូមិទួលរវៀង ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។ ផ្ទះមនុស្សធម៌ទី ៤១ ត្រូវបានប្រគល់ជូនគ្រួសារប្អូនស្រី តង នួន អាយុ៣៣ឆ្នាំ ជាស្ត្រីមេម៉ាយទីទ័លក្រ មានកូនតូច៥នាក់ បច្ចុប្បន្នដើរស៊ីឈ្នួលគេដើម្បីទ្រទ្រង់ជីវគ្រួសារ រស់នៅភូមិទឹកវិល សង្កាត់ទឹកវិល ក្រុង ខេត្តសៀមរាប។

ពិធីនេះបានប្រព្រឹត្តទៅ ក្រោមវត្តមានអញ្ជើញចូលរួមពីលោកស្រី គួយ ណាលីន ឃឹមប៊ុន សុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី រួមទាំងអនុសាខាក្រុង ស្រុក អាជ្ញាធរមូលដ្ឋានផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ឃឹម ប៊ុន សុង ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

នាឱកាសនោះ លោកស្រីក៏បានធ្វើការលើកទឹកចិត្តដល់បងប្អូនអ្នករស់នៅជាមួយមេរោគអេដស៍សូមកុំឲ្យអស់ក្តីសង្ឃឹម ព្រោះជម្ងឺអេដស៍នាពេលបច្ចុប្បន្ន យើងមានថ្នាំប្រឆាំង ឱ្យតែបងប្អូនគោរពឲ្យបានទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ និងថែរក្សាសុខភាពខ្លួនឱ្យបានល្អ នោះយើងនឹងអាចរស់រានដូចពលរដ្ឋទូរទៅដែរ។

លោកស្រីក៏បានបញ្ជាក់ថា ដោយមើលឃើញពីទុក្ខលំបាក របស់ក្រុមគ្រួសាររបស់ប្អូនប្រុស លៀម ពិសិដ្ឋ ជាគ្រួសារទីទ័លក្ររស់នៅជាមួយមេរោគអេដស៍ បច្ចុប្បន្នធ្វើជាកម្មករទ្រទ្រង់ជីវភាពគ្រួសារ និងគ្រួសារប្អូនស្រី តង នួន ជាស្ត្រីមេម៉ាយទីទ័លក្រ មានកូនតូច៥នាក់ បច្ចុប្បន្នដើរស៊ីឈ្នួលគេ ដើម្បីទ្រទ្រង់ជីវគ្រួសារនេះហើយ ទើបសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប សម្រេចសាងសង់ផ្ទះជូនគ្រួសារទាំងពីរនាពេលនេះ។

លោកស្រី គួយ ណាលីន បានបញ្ជាក់ទៀតថា នេះជាការបង្ហាញនូវការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋគ្រប់រូបរបស់ប្រមុខរាជរដ្ឋាភិបាល ពីសំណាក់ថ្នាក់ដឹកនាំ សំខាន់កាកបាទក្រហមកម្ពុជា ដូចដែលប្រធានបទបានលើកឡើងថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ហើយទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

លើសពីនោះ លោកស្រីក៏បានធ្វើការសំណូមពូរដល់គ្រួសារទាំងពីរឲ្យចេះថែរក្សាលំនៅដ្ឋានថ្មី និងសុខភាពរបស់ខ្លួន ហើយកុំអស់សង្ឃឹមក្នុងជីវិត ត្រូវមានការតស៊ូឡើង ព្រមទាំងធ្វើការដាំដុះដំណាំរួមផំ្ស ក្នុងការទ្រទ្រង់ជីវភាពក្នុងក្រុមគ្រួសារផងដែរ។ បន្ថែមពីនោះ ក្នុងរដូវរំហើយនេះ លោកស្រី គួយណាលីន ឃឹម ប៊ុនសុង ក៏បានធ្វើការក្រើនរំលឹកបងប្អូនឲ្យថែរក្សានូវសុខភាព ជាពិសេសបញ្ហាភ្លើងផ្សែង ដោយរដូវប្រាំងបានចូលមកដល់ ដែលធ្វើឲ្យ ងាយរងនូវគ្រោះមហន្តរាយផ្សេងៗ។

លោកស្រីក៏បានសង្កត់ធ្ងន់ចំពោះ បញ្ហាសុខភាពមាតា ទារក និងស្ត្រីមានផ្ទៃពោះ ក៏ដូចប្រជាពលរដ្ឋទូទៅ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់អំពីសុខភាព ដោយងាយទទួលរងជម្ងឺផ្សេងៗ តែបើមានជម្ងឺត្រូវប្រញាប់នាំកូនចៅ ទៅកាន់មណ្ឌលសុខភាពដែលនៅជិតបងប្អូនក្នុងការសង្រ្គោះអាយុជីវិត និងត្រូវហូបស្អាត ផឹកស្អាត មានអនាម័យល្អ ក្នុងការកាត់បន្ថយការចំណាយថវិកាក្នុងក្រុមគ្រួសារទៀតផង។

ការប្រគល់លំនៅដ្ឋាននាពេលនេះផងដែរ គឺជាការជួយសម្រួលដល់ការរស់នៅរបស់ក្រុមគ្រួសារក្រីក្ររបស់ប្អូនទាំងពីរគ្រួសារ ឲ្យមានជម្រករស់នៅប្រកបដោយភាពកក់ក្តៅ ហើយក៏ជាការលើកកម្ពស់សុវត្ថិភាព សុខមាលភាព របស់ប្រជាពលរដ្ឋ សំខាន់កុមារដែលជាទំពាំងស្នងឫសី្សនៃសង្គមជាតិ និងសូមឲ្យកូនៗរបស់ប្អូនបានចូលសិក្សារៀនសូត្រផងដែរ ។
សម្ភារៈសង្កត់ផ្ទះនាពេលនោះក្នុងមួយផ្ទះទទួលបាន មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា២០ម៉ឺនរៀល។ សម្រាប់លោកតា លោកយាយ ដែលអញ្ជើញចូលរួមម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀល។

ឆ្លៀតក្នុងឱកាសនោះ លោកស្រី និងប្រតិភូ បានអញ្ជើញពិនិត្យការដ្ឋានសាងសង់អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពួក ដែលបានសាងសង់សម្រេចរួចរាល់ជាស្ថាពរ ហើយនៅតែខ្លោងទ្វារទេ ដែលគ្រោងបើកសម្ពាធដាក់ឲ្យដំណើរការនាពេលខាងមុខឆាប់ៗនេះផងដែរ៕




(សូមទស្សនាវីដេអូ)៖ «ទស្សនៈពលរដ្ឋ៖ ស្ថានទូតអាមេរិកក៏បរាមុខពួករមិលគុណ៧ មករាដែរ!»

លោកស្រី ម៉ែន សំអន ដឹកនាំគណៈប្រតិភូសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍អញ្ជើញគោរពវិញ្ញាណក្ខន្ធមហាឧបាសក គង់ ខាត់

នៅរសៀលថ្ងៃច័ន្ទទី៧រោច ខែបុស្ស ឆ្នាំរកា ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និង​អភិ​វឌ្ឍន៍ បានដឹកនាំគណៈប្រតិភូសមាគមនារី អញ្ជើញគោរពវិញ្ញាណក្ខន្ធមហាឧបាសក គង់ ខាត់ ដែលត្រូវជាឪពុកក្មេករបស់លោក សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជណាចក្រកម្ពុជាដែ​ល​បានទទួលមរណភាពកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ៥:៣៦នាទីទៀបភ្លឺ ក្នុងជន្មាយុ១០១ឆ្នាំ ដោយជរាពាធ។

ការទទួលមរណភាពរបស់មហាឧបាសក គង់ ខាត់ គឺជាការបាត់បង់នូវស្វាមី បិតា ជីតា ជីតាទួត ប្រកបដោយព្រហ្មវិហារធម៌មួយដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅ ប្រ​កបដោយគន្លងធម៌ និងណែនាំឱ្យកូនចៅក្លាយជាកុលបុត្រ កុលធីតាដ៏ល្អរបស់ប្រទេសជាតិ ក៏ដូចជាការបាត់បង់នូវពុទ្ធសាសនូបត្ថម្ភមួយរូបដែលបានចូលរួមយ៉ាងច្រើននៅក្នុងការកសាង និងលើកស្ទួយនូវវិស័យព្រះពុទ្ធសាសនា។

លោកស្រី ម៉ែន សំអន ក៏បានបួងសួងសូមឱ្យវិញ្ញាណក្ខន្ធរបស់មហាឧបាសក គង់ ខាត់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕






លោក ហ៊ុន ម៉ាណែត អំពាវនាវឱ្យពុទ្ធបរិស័ទនិងប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាការពារសមិទ្ធិផលទាំងឡាយដែលកើតចេញពីសុខសន្តិភាព

លោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះកងយោធពលខេមរភូមិន្ទ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម តំណាងដ៏ខ្ពង់ខ្ពស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ឬស​សីមាសម្ពោធសមិទ្ធផលនានាក្នុងវត្តខ្នារក្រៅ រួមទាំងមហាស្រះទឹក ព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្ត វង្សភ័ក្ត្របុរីសិរីរ័ត្ន ហៅវត្តខ្នារក្រៅ រួមនឹងមហាស្រះទឹក ស្ថិតនៅភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨។

ក្នុងកិច្ចស្វាគមន៍របស់លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានគូសបញ្ជាក់ថា វិស័យ​ព្រះ​ពុទ្ធសាសនា ទូទាំងខេត្តសៀមរាបមានវត្តចំនួន ២៤២ និងអាស្រមចំនួន ២៣ មានព្រះសង្ឃ​ចំនួន ៤ពាន់៧៨៨ អង្គ ក្នុងនោះគណមហានិកាយចំនួន ២៣៥ វត្ត និងអាស្រម ២២ ព្រះសង្ឃមានចំនួន ៤ពាន់៧០២ អង្គ វត្តគណៈធម្ម​យុត្តិកនិកាយ មានចំនួន ៧ វត្ត និង អាស្រម ១ ព្រះសង្ឃមានចំនួន ៨៦ អង្គ និង មានអាចារ្យសរុប ៦៥៨ នាក់ គណៈកម្មការវត្ត ១ពាន់៧០៥ នាក់។

លោក ខេង សុមេធ បានបញ្ជាក់ថា វត្តខ្នារក្រៅនេះ បានកសាងឡើងក្នុង ឆ្នាំ១៩២០ ដោយបានឆ្លងកាត់ជាច្រើនជំនាន់  ទីវត្តនេះក៏គ្មានការអភិវឌ្ឍន៍  សំខាន់ក្នុងរបបប្រល័យពូជសាសន៍   ប៉ុល ពត ត្រូវបានបំផ្លាញទីវត្តនេះទាំងស្រុង។ ដើមី្បរំលឹកដល់គុណថ្ងៃជ័យជំនះ៧មករា ១៩៧​៩ ក៏ ដូចជាការឧទិ្ទសដល់ដូងវិញ្ញាណក្ខ័ន្ធរបស់លោកឪពុក និងសាច់ញាតិដែលបានស្លាប់នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត លោក និង ក្រុមគ្រួ​សារបានកសាងកុដ្ឋ និងព្រះវិ​ហា​រនៅក្នុងទីវត្តនេះឡើងវិញ ក្រោយពីប្រទេសជាតិមានសុខសន្តិភាពពេញលេញ។ ម៉្យាងទៀតព្រះ​វិហារនេះ បានកសាងឡើង នៅឆ្នាំ២០១៦ និង រួចរាល់នៅឆ្នាំ២០១៧។

លោក ហ៊ុន ម៉ាណែត ក៏បានធ្វើការអបអរសាទរនូវសមិទ្ធផលទាំងនេះដែលកើតចេញឡើងពីទឹកចិត្តដ៏សប្បុរសធម៌របស់ក្រុមគ្រួសារលោក ខេង សុមេធ រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយក្នុងការកសាងនូវសមិទ្ធផលក្នុងទីវត្តខ្នារក្រៅនេះក្នុងការបម្រើដល់វិស័យព្រះពុទ្ធសាស​នា។ លោកបានគូសបញ្ជាក់ថា ផ្តើមចេញពីការអនុវត្តគោលនយោបាយឈ្នះៗក្រោមការដឹក​នាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត បាននាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យទូទាំងប្រទេស ទាំងពុទ្ធចក្រ និងអាណាចក្រ។  ក្រោយពីរបបកម្ពុជាប្រជាធិបតេយ្យបានផុតរលត់ទៅ វិស័យព្រះពុទ្ធសាសនាត្រូវបានរស់រានមានជីវិត និងត្រូវបានរដ្ឋយកចិត្តទុកដាក់ធ្វើឱ្យមានការអភិវឌ្ឍនរីកចម្រើនឡើងវិញ ទាំងវិស័យធនធានមនុស្ស សម្ភារៈរូបវ័ន្តក្នុងក្របខ័ណ្ឌទូទាំងប្រទេសដូចវិស័យនានាផងដែរ។

លោក ហ៊ុន ម៉ាណែត ក៏បានលើកផងដែរថា តាមសេចក្តីរាយការណ៍ ទីតាំងឃុំកន្ទួតនេះ គឺជា​សមរភូមិក្តៅ រវាងកម្លាំងឧទាមខ្មែរក្រហម និងទាហានរដ្ឋាភិបាលកម្ពុជា តែក្រោយប្រទេសជាតិមានសុខសន្តិភាព បានធ្វើឱ្យតំបន់សមរភូមិបានប្រែក្លាយជាតំបន់អភិវឌ្ឍន៍ និងធ្វើឱ្យប្រ​ជាពលរដ្ឋ កាន់តែមានការប្រែមុខមាត់ថ្មីលើវិស័យសេដ្ឋកិច្ចក្នុងក្រុមគ្រួសារ។ លោកបានបន្តទៀតថា ការរៀបចំប្រារព្ធពិធីបុណ្យកាត់ឫសសីមា និងឆ្លងសមិទ្ទផលនានា ក្នុងឱកាសនេះ ក៏ជាការបញ្ជាក់កាន់តែច្បាស់ថា រាជរដ្ឋាភិបាលបានផ្តល់តួនាទីយ៉ាងសំខាន់ដល់ព្រះពុទ្ធសាស​នាក្នុងសង្គមខ្មែរតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន និងទៅអនាគតហើយបានចារិកទុកក្នុងរដ្ឋធម្មនុញ្ញថា «ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិពេញទីខាងជំនឿសាសនា ម៉្យាងទៀ​ត​សេរីភាពខាងជំនឿ និងការប្រតិបត្តិខាងផ្លូវសាសនាត្រូវបានរដ្ឋត្រូវបានរដ្ឋធានាក្នុងលក្ខ​ខ​ណ្ឌ ដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃទៀតដល់សណ្តាប់ធ្នាប់ និង សន្តិសុខសាធា រណៈ  ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ»។ ជាមួយគ្នានោះដែរ រដ្ឋមានបេសកកម្មផ្តល់ការគាំទ្រ និងលើកតម្កើងវិស័យព្រះពុទ្ឋសាសនាឱ្យរីកចម្រើនថ្កុំថ្កើង រុងរឿង ស័ក្តិសមជាសាសនារបស់រដ្ឋ។ ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ រដ្ឋមានតួនាទីផ្សព្វផ្សាយ លើកតម្កើងគ្រឹះស្ថានអប់រំផ្នែកព្រះពុទ្ធសាសនា រួមមាន សាលាបាលី និងពុទ្ធិកសិក្សានៅគ្រប់កម្រិត។

លោក ហ៊ុន ម៉ាណែត ក៏បានលើកឡើងអំពីស្ថានភាពនយោបាយក្នុង និងក្រៅប្រទេសសំខាន់ចំពោះការធ្វើបដិវត្តន៍ពណ៌របស់ក្រុមជនក្បត់ជាតិមួយចំនួនដែលមានការប៉ង់ប៉ងផ្តួលរំលំរាជរដ្ឋា ភិបាលស្របច្បាប់នៅកម្ពុជាដែលកើតចេញពីការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋ។ លោកក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពុទ្ធបរិស័ទចំណុះជើងវត្តខ្នារក្រៅត្រូវចូលរួមថែរក្សាសមិទ្ធផលទាំ​ង​នេះ សំខាន់សមិទ្ធផលមហាស្រះទឹក ដែលជាអំណោយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែ​ន និងភរិយា ដែលផ្តល់ជូនបងប្អូនបានប្រើប្រាស់ក្នុងភូមិនេះទាំងមូល៕








អភិបាលខេត្ត​កែប​ បានថ្លែងថាទិវាជ័យជំនះ៧មករា គឺជាទិវារបស់ជាតិទាំងមូល មិនមែនជារបស់គណបក្សប្រជាជនម្នាក់ឯងនោះទេ

នៅថ្ងៃអាទិត្យ​ ០៦រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧​ ខែមករា ឆ្នាំ២០១៨ នៅសួនច្បារវិមានឯករាជ្យ​ ខេត្តកែប​ លោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស និងលោក កែន សត្ថា អភិបាលនៃគណអភិបាលខេត្តកែប បានចូលរួមជាគណអធិបតីក្នុងពិធីអបអរសាទរ ខួបលើកទី៣៩ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០១៨) នៅខេត្តកែប។

ក្នុងពិធីខួបលើកទី៣៩ នៃទិវាជ័យជម្នះ៧ មករា ២០១៨ នេះ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អភិបាលក្រុងស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្ស និសិ្សត សរុបជាង១៩០០នាក់​ បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។

ការប្រារព្ធខួបនៃទិវាជ័យជម្នះ៧មករា ដែលជាទិវាប្រវត្តិសាស្រ្តដ៏រុងរឿង ដែលបង្ហាញពីស្មារតីចងចាំជានិច្ចមិនអាចបំភ្លេចបាននូវគុណូបការៈដ៏ថ្លៃថ្លា និងជាគំរូវីរភាពរបស់ថ្នាក់ដឹកនាំកំពូល យុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋយើងគ្រប់ទិសទី ដែលបាន​ពុះពារប្រយុទ្ធតស៊ូពលិកម្មអាយុជីវិត យ៉ាងអង់អាចក្លាហានបំផុត ក្នុងបុព្វហេតុ សង្គ្រោះជាតិមាតុភូមិយ៉ាងពិតប្រាកដពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ពីភ្នក់ភ្លើងសង្គ្រាមដ៏រាំរៃអស់ជាច្រើនទសវត្សរ៍ និងគ្រោះភ័យខ្លាយផ្សេងៗ។

លោកអភិបាលខេត្ត​កែប​ បានថ្លែងថា «ទិវាជ័យជំនះ៧មករា លើកទី៣៩នេះ គឺជាទិវារបស់ជាតិទាំងមូល មិនមែនជារបស់គណបក្សប្រជាជនកម្ពុជាម្នាក់ឯងនោះទេ ទោះជាពេលនោះ គណបក្សប្រជាជនកម្ពុជា ជាអ្នករំដោះប្រទេសជាតិ ប្រជាជនកម្ពុជា ឲ្យបានរួចផុតពីការកាប់សម្លាប់ជនជាតិខ្មែរក៏ដោយ។ លោកបានបន្តថា យើងទាំងអស់គ្នាត្រូវចងចាំជានិច្ច និងរក្សាទិវា៧មករានេះ ឲ្យនៅជាអមត:តទៅ តែមានជនអគតិមួយចំនួន បានបំភ្លេចមិនទទួលស្គាល់ និងចង់បំផ្លាញចោលភស្តុតាងថែមទៀតផង»។

លោកអភិបាលខេត្តបាន បានរម្លឹកថា ក្នុងរបបប្រល័យពូជសាសន៍នេះ បានបិទសិទ្ធិគ្រប់បែបយ៉ាងចំពោះប្រជាជនកម្ពុជា ផ្ទុយពីសម័យបច្ចុប្បន្ន ដែលប្រជាជនមានសិទ្ធិគ្រប់បែបយ៉ាង ទាំងសិទ្ធិរស់រានមានជីវិត និង មានគ្រប់សាសនា ពិសេសយើងបានចាត់ទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋផងដែរ។ បន្ទាប់ពីពិធីសំណេះសំណាលរួច គណៈអធិបតីបានចែកមួកសុវត្តិភាពដល់សិស្សនិស្សិតជានិមិត្តរូប ការបង្ហោះប៉េងប៉ោងអបអរសាទរ និងអញ្ជើញដើរទស្សនាពិព័រណ៌រូបភាព ពីសកម្មភាពការងាររបស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាព ជុំវិញខេត្តផងដែរ៕





លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ដោយសារមានសន្តិភាពស្ថេរភាពនយោបាយ ទើបកម្ពុជាអាចធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២

នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា ដោយសារសន្តិភាព ស្ថេរភាពនយោបាយ និងសង្គម ទើបយើងអាចរៀបចំកិច្ចប្រជុំកំពូលអន្តរជាតិបែបនេះបាន។ នេះជាមោទនភាពរបស់ជាតិយើងទាំងមូលដែលបានមកពីការរួមចំណែករបស់បងប្អូនជនរួមជាតិទាំងអស់គ្នា។ លោកបានលើកឡើងដូចនេះស្របពេលដែលប្រទេសកម្ពុជានឹងធ្វើជាធ្វើជាសហប្រធាន និងជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (Lancang-Mekong) លើកទី២ ក្រោមមូលបទ «ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព» នៅថ្ងៃស្អែក ទី១០-១១ ខែមករា ឆ្នាំ២០១៨។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងហ្វេសប៊ុកថា ក្នុងកិច្ចប្រជុំកំពូលនេះ នឹងមានថ្នាក់ដឹកនាំរដ្ឋាភិបាល ឬប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសនៅតាមដងទន្លេមេគង្គចំនួន ៦ចូលរួម ដែលមានដូចជា ប្រទេសចិន វៀតណាម ឡាវ ភូមា ថៃ និងកម្ពុជា។ ថ្នាក់ដឹកនាំប្រទេសទាំង៦ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងធ្វើការពិភាក្សាលើបញ្ហាសំខាន់ៗដើម្បីជំរុញការអភិវឌ្ឍន៍អនុតំបន់ទន្លេមេគង្គ ផ្ដោតជាសំខាន់ទៅលើការតាំងចិត្តក្នុងការរក្សាសន្តិភាព ស្ថេរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជាតិទាំងអស់។

កិច្ចប្រជុំកំពូលនេះ ក៏នឹងផ្តល់សារៈសំខាន់ដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-សង្គម របស់ប្រទេសអនុតំបន់ ការធ្វើឱ្យប្រសើរឡើងសុខមាលភាពប្រជាជន ការបង្រួញគម្លាតអភិវឌ្ឍន៍នៅក្នុងចំណោមប្រទេស ដើម្បីគាំទ្រដល់ការកសាងសហគមន៍អាស៊ាន និងការជំរុញកិច្ចសហប្រតិបត្តិការ ត្បូង-ត្បូង ដើម្បីរួមចំណែកបន្ថែមទៀតដល់ការអនុវត្តរបៀបវារៈឆ្នាំ២០៣០ របស់ អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ បន្ទាប់ពីកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងនេះ លោកនាយករដ្ឋមន្រ្តីចិន លី គឺឈាំង នឹងអញ្ជើញបំពេញទស្សនកិច្ចបន្តនៅកម្ពុជាផងដែរ៕











លោក ហ៊ុន ម៉ាណែត ចុះពិនិត្យទីតាំងសម្រាប់ផ្តល់ជូនសមិទ្ធិផលថ្មីៗ នៅវិទ្យាល័យអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ ២០១៨ លោក ហ៊ុន ម៉ាណែត តំណាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អមដំណើរដោយលោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងចុះពិនិត្យទីតាំងសម្រាប់ផ្តល់ជូនសមិទ្ធិផលថ្មីៗជាច្រើន ជូនដល់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចំនួន ១០៣៨ នាក់ នៅវិទ្យាល័យ អំពិល ដែលស្ថិត នៅភូមិគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

សមិទ្ធិផលដែលនឹងចាប់បដិសន្ធិនៅក្នុងវិទ្យាល័យអំពិលនោះរួមមាន៖
– អាគារសិក្សាមួយខ្នងកម្ពស់ ៣ ជាន់មាន ១៨បន្ទប់
– ទីចាត់ការ ១ខ្នង មាន ៣ បន្ទប់
– ខ្លោងទ្វារ របងព័ន្ធជុំវិញសាលាដែលទំហំ៤ ហិចតា
– ទីលានបាល់ទាត់ថ្មីមួយ តារាងបាល់ទះ និងតារាងបាល់បោះ
– សម្ភារៈប្រើប្រាស់ក្នុងថ្នាក់រៀន
– កុំព្យូទ័រ២៥ គ្រឿង រួមនិងម៉ាស៊ីព្រីនធើរមួយចំនួនផងដែរ៕








ស្វែងយល់ពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

កិច្ចប្រជុំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងចាប់ផ្តើមដំណើរការហើយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨នេះ។ កិច្ចប្រជុំនេះ ជាកិច្ចប្រជុំកម្រិតក្រុមការងាររួមនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងកិច្ចប្រជុំឧត្តមមន្ត្រីនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ សម្រាប់កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ នឹងចាប់ផ្តើមឡើងនៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិនធ្វើជាសហប្រធាន។ កិច្ចប្រជុំនេះក៏នឹងមានការអញ្ជើញចូលរួមពី លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ លោក មិន ស្វេ អនុប្រធានាធិបតីមីយ៉ាន់ម៉ា លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ និង លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម។

កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ នឹងធ្វើឡើងនៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ ក្រោមមូលបទ «ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»។ ថ្នាក់ដឹកនាំប្រទេសទាំង៦ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងពិភាក្សាលើបញ្ហាសំខាន់ៗ ដើម្បីអភិវឌ្ឍន៍អនុតំបន់ទន្លេមេគង្គ ផ្តោតជាសំខាន់ទៅលើការតាំងចិត្តក្នុងការរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៃអនុតំបន់ទន្លេមេគង្គ។ កិច្ចប្រជុំកំពូ​លនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២នេះ ក៏នឹងពិភាក្សាផ្តោតសំខាន់ដល់កិច្ចស​ហ​ប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រទេសអនុតំបន់ ការធ្វើឲ្យប្រសើរឡើងសុខុ​មាលភាពប្រជាជន ការបំព្រួញគំលាតអភិវឌ្ឍន៍ក្នុងចំណោមប្រទេសដើម្បីគាំទ្រដល់ការកសា​ងសហគមន៍អាស៊ាន និងការជំរុញកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ដើម្បីរួមចំណែកបន្ថែមទៀ​តដល់ការអនុវត្តរបៀបវារៈឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រក​បដោយចីរភាព។

 ឯកសារសំខាន់ៗចំនួន៤ ត្រូវបានគេរំពឹងថា នឹងសម្រេចបាននៅក្នុងកិច្ចប្រជុំនេះ រួមមាន៖
១៖ សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញនៃកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២
២៖ ផែនការសកម្មភាពប្រាំឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២)
៣៖ បញ្ជីគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងដំណាក់កាលទី២
៤៖ របាយការណ៍ស្តីពីវឌ្ឍនភាពរបស់ក្រុមការងាររួមតាមវិស័យអាទិភាពទាំង៦

សូមបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនេះ កាលពីខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ ចិនបានផ្តល់ជំនួយជាង ៧.៣លានដុល្លារសហរដ្ឋអាមេរិកសម្រាប់អនុវត្តគ​ម្រោងសំខាន់ចំនួន១៦ នៅកម្ពុជាក្នុងដំណាក់កាលទី១។

 តើអ្វីទៅជាកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង?

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយលោក លី ខឺឈាង ក្នុងកិច្ចប្រជុំកំពូលចិន-អាស៊ានលើកទី១៧ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅប្រទេសមីយ៉ាន់ម៉ា ដែលយោងតាមគំនិតផ្ដួចផ្ដើមរបស់ថៃស្ដីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអនុតំ​បន់មេគង្គ-ឡានឆាង កាលពីឆ្នាំ២០១២។ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានកំណត់នូវកិច្ចប្រជុំជាច្រើន បែងចែកជា ៤កម្រិត។ ក្នុងនោះកិច្ចប្រជុំក្រុមការងារធ្វើឡើង១ ឬ ២ដងក្នុងមួយឆ្នាំ និងទៅតាមការចាំបាច់, កិច្ចប្រជុំឧត្តមមន្ត្រីធ្វើឡើង១ដងក្នុងមួយឆ្នាំ និងទៅតាមការចាំបាច់, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសធ្វើឡើង ១ដងក្នុងមួយឆ្នាំ ដោយឡែកកិច្ចប្រជុំកំពូលវិញ ត្រូវធ្វើឡើង២ឆ្នាំម្តង។

កិច្ចប្រជុំមេគង្គ-ឡានឆាង ត្រូវធ្វើឡើងដោយមានប្រទេសចិនជាសហប្រធានអចិន្ត្រៃយ៍ ហើយប្រទេសតំបន់ទន្លេមេគង្គត្រូវផ្លាស់ប្តូរវេនធ្វើជាសហប្រធានទៅតាមលំដាប់តួអក្សរ។ កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី១ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២២-២៣ ខែមីនា ឆ្នាំ២០១៦ នៅទីក្រុងសានយ៉ា ខេត្តហៃណាន ប្រទេសចិន ដោយប្រទេសចិន និងថៃ ធ្វើជាសហប្រធាន​។ ស​ម្រាប់កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២នេះ កម្ពុជា និងចិន ធ្វើជាសហប្រធាន ហើ​យ​ឡាវ នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំជាមួយប្រទេសចិនក្នុងកិច្ចប្រជុំកំពូលលើកទី៣។

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ត្រូវបានបង្កើតឡើងដោយគោរពតាមគោលការណ៍កូសង់ស៊ីស ការបើកចំហរ ការបញ្ចូលគ្នា សមភាព ការពិគ្រោះយោបល់ និងការសម្របសម្រួលទៅវិញទៅមក ការស្ម័គ្រចិត្ត ការរួមចំណែក និងផលប្រយោជន៍រួម និងការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិនានា។ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ បង្កើតសហគមន៍មួយដែលរួមអនាគតគ្នាប្រកបដោយសនិ្តភាពនិងវិបុលភាព ថែរក្សាសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍន៍ក្នុងតំបន់ពន្លឿន «ក្រវ៉ាត់សេដ្ឋកិច្ច និងវិថីសូត្រ» «វិថីសូត្រសមុទ្រសតវត្សរ៍ទី២១» ដែលហៅកាត់ថា «ផ្លូវមួយ-ខ្សែក្រវ៉ាត់មួយ»។

សូមបញ្ជាក់ថាមេគង្គ-ឡានឆាង មានផ្ទៃទន្លេសរុបប្រវែងប្រមាណ ៤,៨៨០គីឡូម៉ែត្រ ហូរកាត់ប្រទេសចំនួន៦ គឺ៖ ចិន មីយ៉ាន់ម៉ា ថៃ ឡាវ  កម្ពុជា និងវៀតណាម។ មានផ្ទៃស្ដុកទឹក ៧៩៥​,០០០គីឡូម៉ែត្រការ៉េ ផ្គត់ផ្គង់ប្រជាជនប្រមាណ ៣២៦លាននាក់នៅក្នុងអនុតំបន់មេគង្គ-ឡានឆាង៕





រដ្ឋបាលខេត្តសៀមរាប ចេញសេចក្តីជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លី

សៀមរាប៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ដែល Grand News ព័ត៌មាន គ្មានព្រំដែន ទទួលបាននៅល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨នេះបានឱ្យដឹងថា រដ្ឋបាលខេត្តសៀមរាប បាន ចេញសេចក្តីជូនដំណឹង ស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លី ដែលស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុមសៀមរាប។

រាល់ព័ត៌មានលម្អិត សូមអានខ្លឹមសារដូចខាងក្រោម៖


(សូមទស្សនាវីដេអូ)៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា កម្ពុជាបានផ្លាស់​​ប្តូរមុខមាត់​យ៉ាងធំធេង​​តាមទិសដៅត្រឹមត្រូវ​​ស្របតាមបំណង​ប្រាថ្នា​របស់​ប្រជាជនគ្រប់រូប

(សូមទស្សនាវីដេអូ) លោក ហ៊ុន សែន ថ្លែងថា មានតែអ្នក ចង់បំផ្លាញសង្គមជាតិ និងអ្នកដែលភ្លេចកំណើត ភ្លេចជាតិ និងភ្លេចប្រជាជនរបស់ខ្លួនទេដែលប្រឆាំងនឹងជ័យជម្នះ ៧ មករា

(សូមទស្សនាវីដេអូ)៖ ៧ មករាប្រស់កម្ពុជាឱ្យរស់ឡើងវិញក្នុងសុខសន្តិភាព និងការអភិវឌ្ឍន៍