Wednesday, July 26, 2017

(សូមទស្សនាវីដេអូ)៖ សាលាខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ​ប្រចាំខែកក្កដា​ និងលើក​ទិសដៅ​ការងារ​ខែសីហា​ ឆ្នាំ២០១៧​

អភិបាលខេត្តសៀមរាប ចុះសួរសុខទុក្ខពលរដ្ឋ និងពិនិត្យការដ្ឋាន​ស្ថាបនាផ្លូវ​ក្រាលគ្រួស​ក្រហម​មួយខ្សែ

នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ លោក ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាល​ខេត្តសៀមរាប បានជួបសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យការដ្ឋានស្ថាបនា​ផ្លូវក្រាល​គ្រួស​ក្រហមមួយខ្សែនេះមានទទឹង ៨ម៉ែត្រ និងមានប្រវែង ១២គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិ​លេខ៦ រហូតដល់ចំនុចរហាលព្រួល ស្ថិតក្នុងភូមិរំជ័យច្រុះ ឃុំល្វែងឬស្សី ស្រុកជីក្រែង។​ការស្ថាបនាផ្លូវ ដើម្បីអោយ​បងប្អូន​ងាយស្រួលក្នុងការធ្វើរដំណើរ​ប្រកបរបរផ្សេងៗ ជាមួយ​គ្នានោះផងដែរ។ លោកអភិបាលខេត្តក៏​បានផ្ដល់​អាគារសិក្សា ១ ខ្នង ក្នុងភូមិនោះសម្រាប់​សាលាបឋម​សិក្សាដើម្បីជួយ​សម្រួល​ដល់ក្មួយៗ​ក្នុងការធ្វើដំណើរទៅរៀននៅសាលា​ឆ្ងាយ​ពីផ្ទះ និងបានផ្តល់ថវិកា ជូនលោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋ ប្រមាណ ១៨០ នាក់ ម្នាក់ ២ ម៉ឺនរៀលផងដែរ ។





ចិន​និយាយថា​ ខ្លួនចង់​រក្សាស្ថិរភាព​នៅក្នុង​ដែនសមុទ្រ​មានជម្លោះ​

រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi  បាននិយាយកាលពីម្សិលមិញថា ប៉េកាំងចង់រក្សាស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូង ខណៈខ្លួនស្វែងរកសម្ព័ន្ធមិត្តនៅក្នុងតំបន់ចំពេលមានភាពតានតឹងកើតមានឡើងនៅក្នុងដែនទឹកមានជម្លោះនេះ។​

អាមេរិកបានរិះគន់ចិនចំពោះការមិនគោរពច្បាប់អន្តរជាតិ ដោយសារតែការរសាងសង់ និងបង្កើតកោះសិប្បនិម្មិតសម្រាប់ដាក់ទ័ពនៅក្នុងសមុទ្រចិនខាងត្បូង ដែលជាការធ្វើឱ្យអន្តរាយដល់ស្ថិរភាពក្នុងតំបន់។​

ចិនទាមទារភាគច្រើននៃតំបន់សមុទ្រដែលមានធនធានថាមពលច្រើននេះ ដែលជាតំបន់ឆ្លងកាត់ពាណិជ្ជកម្មដឹកជញ្ជូនតាមនាវាដែលមានទឹកប្រាក់ ៥ ទ្រីលានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ។ ប្រទេសជិតខាងនោះមាន ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាមក៏បានទាមទារផងដែរ។ ​

ថៃមិនមែនជាប្រទេសដែលទាមទារនៅក្នុងតំបន់ជម្លោះនេះទេ ហើយក៏រក្សាជំហរអព្យាក្រិត្យរបស់ខ្លួនស្តីពីបញ្ហានេះ។​

ការនិយាយដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង លោក Wang បានប្រាប់សារព័ត៌មាននៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការមួយទៅកាន់ទីក្រុងបាងកកថា ចិនចង់ «រក្សាស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូង ជាការគោរពទៅតាមលក្ខខណ្ឌដែលបានយល់ព្រមស្តីពីសេចក្តីប្រកាសក្រមប្រតិបត្តិ និងក្រមប្រតិបត្តិសម្រាប់ការអនុវត្តនាពេលអនាគតដ៏ខ្លីខាងមុខនេះ»។ ​

ចិន និងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍បានយល់ព្រមគ្នាកាលពីខែឧសភា ចំពោះផែនការសម្រាប់ក្រមប្រតិបត្តិ ដែលបានស្នើឡើងអស់រយៈពេលដ៏យូរមកហើយនោះចំពោះតំបន់ដែលមានជម្លោះនេះ។​

ដំណើរទស្សនកិច្ចរបស់លោក Wang បានកើតមានឡើងមុនកិច្ចប្រជុំថ្នាក់តំបន់របស់ប្រទេសនៅក្នុងអាស៊ីអាគ្នេយ៍នៅម៉ានីលខែក្រោយនេះ។​

គាត់និយាយថា «ចិន និងថៃដូចជាបងប្អូនប្រុសហ្នឹងគ្នាអញ្ចឹង»។​

រដ្ឋមន្រ្តីការបរទេសថៃលោក Don Pramudiwinai បានសរសើរអំពីទំនាក់ទំនងចិន និងថៃ ហើយនិយាយថា គ្មានឧបសគ្គចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរនេះឡើយ។​

នៅឆ្នាំនេះ ថៃបានទិញ ឧទ្ធម្ភាគចក្រ រថក្រោះ និងនាវាមុជទឹកចិន ដែលមានតម្លៃជាង ៥០០ លានដុល្លារអាមេរិក។​

កាលពីខែមុន ថៃក៏បានយល់ព្រមទៅលើការសាងសង់ដំណាក់កាលទីមួយចំពោះគម្រោងផ្លូវដែកមានតម្លៃ ៥.៥ ប៊ីលានដុល្លារអាមេរិក ដើម្បីភ្ជាប់តំបន់ឧស្សាហកម្មឆ្នេរសមុទ្រខាងកើតជាមួយប៉ែកខាងត្បូងប្រទេសចិន ដោយឆ្លងកាត់ប្រទេសឡាវ ដែលជាផ្នែកមួយនៃការជំរុញហេដ្ឋារចនាសម្ព័ន្ធតំបន់ផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន។​

គម្រោងនេះបានផ្អាក ហើយក៏ត្រូវបានជំរុញឱ្យធ្វើឡើងវិញក្រោយពីលោក Prayuth Chan-ocha បានកែប្រែដាក់បទបញ្ជាប្រតិបត្តិនូវមាត្រា ៤៤ ។​

លោក Wang បាននិយាយថា គាត់សង្ឃឹមថា គម្រោងផ្លូវដែកនេះនឹងលើកស្ទួយមុខមាត់របស់ថៃនៅក្នុងតំបន់ ហើយនិយាយថា ប្រទេសទាំងពីរនេះនឹងពុះពារដោះស្រាយភាពខុសប្លែករបស់ពួកគេដើម្បីនាំមកនូវគម្រោងផ្លូវដែកឱ្យទទួលបានផ្លែផ្កា៕

ប្រភព: AFP ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧

ឱកាសទទួលបានការងារ និងកម្មសិក្សាការងារ ក្នុងវេទិកាការងារ នៅសាកលវិទ្យាល័យស្វាយរៀង

(សូមទស្សនាវីដេអូ) ក្រសួងការបរទេស ច្រានចោលការចុះផ្សាយព័ត៌មានមិនពិតរបស់កាសែតភ្នំពេញប៉ុស្តិ៍ដែលថាពលករកម្ពុជាពុំដែលទទួលបានការជួយពីស្ថានទូត

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ​ ចុះពិនិត្យមើលការ​ជួសជុល​ផ្លូវជនបទ​មួយខ្សែ​ ដែលកំពុង​រងការខូចខាត​នារដូវភ្លៀង​

ស្វាយរៀង៖ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ មន្ត្រីជំនាញរបស់មន្ទីរអភិវឌ្ឍន៍ជនបទ ដឹកនាំដោយលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានចុះពិនិត្យមើលការជួសជុលផ្លូវជនបទមួយខ្សែ ដែលកំពុងរងការខូចខាតនារដូវភ្លៀង។

អនុវត្តតាមអនុសាសន៍របស់លោកអភិបាលខេត្ត និងតាមសំណូមពររបស់លោកស្រី ម៉ែន ភក្តី ហុក ឡង់ឌី នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ មន្រ្តីជំនាញផ្លូវលំជនបទបានចុះកែសំរួលផ្លូវមួយខ្សែប្រវែង៤ គីឡូម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវទៅវត្តសិរីសោភា ក្នុងឃុំប្រាសាក់ ស្រុកស្វាយជ្រំ។

ជាការពិតជាក់ស្តែង មន្ត្រីរាជការ បំរើការនៅក្នុងក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទទាំងអស់ជានិច្ចកាល តែងតែយកចិត្តទុកដាក់ខិតខំបំពេញការងារទៅតាមតួនាទីរៀងៗខ្លួន ដើម្បីសម្រេចបាននូវផែនការរបស់ក្រសួង ហើយក៏ដូចជាដើម្បីសម្រេចបានទៅតាមផែនការ យុទ្ធសាស្ត្រជាតិ កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ក្នុងការបង្រួមគម្លាតរវាងទីក្រុងនិងជនបទ ដែលមានសមទ្ធិផលដ៏ច្រើនលើសលប់ ដូចជាផ្លូវថ្នល់មាន ផ្លូវក្រាលកៅស៊ូ ផ្លូវបេតុង ផ្លូវក្រាលគ្រួសក្រហម ផ្លូវក្រាលដីស រាប់ម៉ឺនគីឡូម៉ែត្រ។ ដោយឡែក អណ្តូង មាន៖ អណ្តូងស្នប់ អណ្តូងលូ ស្រះទឹក អាង ពាង និងបង្គន់អនាម័យរាប់ម៉ឺនសម្រាប់ ជាដើម៕





(សូមទស្សនាវីដេអូ)​ ក្រសួងបរិស្ថានស្នើដល់​ក្រសួងធនធានទឹកឱ្យ​ដោះស្រាយផល​ប៉ះ​ពាល់ចំនួន៥ចំណុច មុនអភិវឌ្ឍន៍​ទំនប់ដូនទ្រី ក្នុងខេត្តបាត់ដំបង

អភិបាលខេត្តកំពង់ធំ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពកម្ពស់ទឹកតាមដងស្ទឹងសែន ខេត្តកំពង់ធំ

នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ បន្ទាប់ពីបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តរួចមក លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ បានចុះត្រួតពិនិត្យស្ថានភាពកម្ពស់ទឹកតាមដងស្ទឹងសែន ខេត្តកំពង់ធំ។

យោងតាមរបាយការណ៍របស់លោក យូ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានប​ញ្ជាក់អំពីស្ថានភាពទឹកនាថ្ងៃ២៦ ខែកក្កដា ឆ្នាំ២០១៧ នៅខេត្តកំពង់ធំ មានដូចជា៖ កម្ពស់ទឹកស្ទឹងសែន 13.07ម និងសីតុណ្ហភាពពី 24°C-34°C។ ដោយឡែកនៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ក៏មានភ្លៀងធ្លាក់នៅស្រុក-ក្រុងទាំង៨​ផងដែរដែលមានកម្ពស់ទឹកភ្លៀងដូចជា៖ ១- ក្រុងស្ទឹងសែន 38.4ម.ម ២- ស្រុកកំពង់ស្វាយ14.8ម.ម ៣- ស្រុកសណ្តាន់ 35.0ម.ម ៤- ស្រុកប្រាសាទបល្ល័ង្ក 59.6ម.ម​៥- ស្រុកប្រាសាទសំបូរ 25.4ម.ម ៦- ស្រុកស្ទោង 10.2ម.ម ៧- ស្រុកសន្ទុក 38.1ម.ម និង៨- ស្រុកបារាយណ៍ 45.8ម.ម។ តាមការសន្និដ្ឋានពេលនេះ ទឹកស្ទឹងសែនសម្រាប់ខេត្តកំពង់ធំ មិនទាន់គួរឱ្យបារម្ភនៅឡើយទេ ដោយយោងថា៖ កម្ពស់ទឹកថ្ងៃនេះ 13.07ម កើនលើសពីម្សិលមិញ 0.08ម កើនយឺតក្នុង 24ម៉ោង ហើយកម្ពស់ប្រកាសការប្រុងប្រយ័ត្ន 13.50ម.ម។

លោកអភិបាលខេត្តកំពង់ធំ បានប្រាប់ទៅអភិបាលស្រុក-ក្រុងទាំង៨ ត្រូវចុះពិនិត្យ និងកំណត់ទីតាំងទួលសុវត្ថិភាពជាបន្ទាន់ ព្រមទាំងមានវិធានការណ៍ជាក់ស្តែងដើម្បីត្រៀមរកទីទួលមានសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋកុំឱ្យមានគ្រោះថ្នាក់ដោយប្រការណាមួយ និងផ្តល់របាយការណ៍មកឱ្យរដ្ឋបាលសាលាខេត្តឱ្យបានជារៀងរាល់ថ្ងៃចាប់ពីថ្ងៃនេះតទៅ។ លោកអភិបាលខេត្តកំពង់ធំ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ សូមមេត្តាមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិមួយនេះ និងរាយការណ៍ជូនអាជ្ញាធរតាំងពីថ្នាក់ឃុំ រហូតដល់ថ្នាក់ខេត្ត ដើម្បីមានវិធានការណ៍ជួយសង្រ្គោះទាន់ពេលវេលា។

គួរបញ្ជាក់ផងដែរថា ក្រសួងធន​ធានទឹក និងឧតុនិយម បានជូនដំណឹងបន្ថែមអំពីស្ថានភាពអា​កាសធាតុ និងស្ថានភាពទឹកជំនន់ដោយសារឥទ្ធិពលព្យុះទី៨ ឈ្មោះ សុនកា ដែលធ្វើឱ្យកម្ពុជា នឹងមានភ្លៀងធ្លាក់ខ្លាំងហើយស្ថានភាពទឹកជំនន់នឹងហក់ឡើងខ្ពស់ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកក្កដា៕





(សូមទស្សានាវីដេអូ) កម្ពុជា​-បារាំង​ ប្តេជ្ញា​ពង្រឹង​កិច្ចស​ហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់​តែ​រឹង​មាំ​បន្ថែម​ទៀត

មានសន្តិភាព​ពេញលេញ​ទើបយើងអាច​អភិវឌ្ឍន៍បាន​នូវសមិទ្ធផល​ថ្មីៗជាបន្តបន្ទាប់​ដូចសព្វថ្ងៃ!​

លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ បានអញ្ជើញក្នុងពិធីបើកការដ្ឋានសាងសង់សួនច្បារថ្មី លើផ្ទៃដី២,៣៩ហិកតា ស្ថិតក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក លោកស្រីប្រធានអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋសរុបចំនួនជាង៦០០នាក់។

អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ការបើកការដ្ឋានសាងសង់សួនច្បារថ្មី នេះបានដោយសារប្រទេសយើងមានសុខសន្តិភាព ស្ថេរភាពពេញលេញ ទើបយើងអាច អភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចំរើនលើគ្រប់វិស័យបាន។

អភិបាលខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់បន្ថែមអំពីតម្លៃពលកម្មរបស់កម្មករក្នុងប្រទេសជាមួយនឹងប្រទេសជិតខាង ដោយកម្រៃក្នុងប្រទេសយើងសព្វថ្ងៃគឺខុសគ្នាតិចបំផុតទៅនឹងប្រទេសជិតខាង។ ទាំងនេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

បន្ថែមពីនោះ លោកក៏បញ្ជាក់ពីអត្ថប្រយោជន៍នៃសួនច្បារថ្មីនេះ សំរាប់អោយប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង ជាពិសេសយុវជនយុវនារីអង្គុយកំសាន្តហាត់ប្រាណដើម្បីសុខភាព និងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្តដើម្បីបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋយើងផងដែរ។

អភិបាលខេត្តកំពង់ឆ្នាំង ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋកុំធ្វើចំណាកស្រុកខុសច្បាប់ កុំជឿការឃោសនា និងការបោកប្រាស់របស់ជនអគតិ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ត្រូវប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិដែលកើតឡើងជាយថាហេតុ កុំប្រព្រឹត្តបទល្មើសខុសច្បាប់ និងត្រូវអប់រំកូនចៅអោយខិតខំរៀនសូត្រ និងត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀននិងអំពើអប្បាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម៕








លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញបំពេញទស្សកិច្ចទៅកាន់ប្រទេសជប៉ុននាពេលខាងមុខ

នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក ហូរីណូអូជិ ហ៊ីដេអ៊ីហ្សា (Horinouchi Hidehisa) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរ លោក Horinouchi Hidehisa ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានជម្រាបជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពីដំណើរទ​ស្សនកិច្ចរបស់លោកទៅកាន់ប្រទេសជប៉ុននាពេលខាងមុខ ដែ​ល​ក្នុងនោះរួមមាន ការពិ​ភាក្សាអំពីកិច្ចសហប្រតិបត្តិការទៅលើវិស័យសេដ្ឋកិច្ច វិស័យពា​ណិជ្ជកម្ម ដែលភាគីទាំងពីរជាដៃគូយុទ្ធសាស្ត្រ ហើយក៏នឹងពិភាក្សាទៅលើការតភ្ជាប់ ការអ​ភិវឌ្ឍវិស័យធនធានមនុស្ស ការស​ម្រួលចរាចរណ៍នៅទីក្រុងភ្នំពេញ កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងការផ្លាស់ប្តូរ​ទំ​នាក់ទំនងរវាងប្រជាជនកម្ពុជា និងប្រជាជនជប៉ុន និងការពិភាក្សាអំ​ពីការរៀបចំឱ្យមានអគ្គកុងស៊ុលជប៉ុន នៅខេត្តសៀមរាប។

ដំណើរទស្សនកិច្ចរបស់លោកនា​យករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសជប៉ុននាពេលខាងមុខនេះគឺចំពេលខួប២៥ឆ្នាំរបស់ជប៉ុនដែលបញ្ជូនក្រុមរក្សា​សន្តិភាពមកកាន់កម្ពុជា ហើយក៏ត្រូវនឹងខួប៦០ឆ្នាំនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុនលើកទី១ មកកាន់ប្រទេសកម្ពុជា​កាលពីក្នុងឆ្នាំ១៩៥៧។ នៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនខាងមុខនេះ លោក ហ៊ុន សែន នឹងចូលរួមសិក្ខាសា​លាដែល​មានការចូលរួមពីអ្នកវិនិយោគទុនជប៉ុនជាច្រើននាក់ផងដែរ។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឯកភាពជាគោលការណ៍ចំពោះកម្មវិធី ដែលបានដាក់ចេញទាំងនេះ ហើយលោក បានស្នើឱ្យភាគីជប៉ុន មានការសម្របសម្រួលប​ន្ថែ​មទៀតនៅក្នុងកម្មវិធីនេះក្នុងករណីមានការផ្លាស់ប្តូរ។ ជាការបញ្ជាក់នូវការស្វាគមន៍ លោកឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីជប៉ុន រួមនិងមន្រ្តីជាន់ខ្ពស់ និងប្រជាជនជប៉ុន នឹងរង់ចាំទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយកក់ក្តៅចំពោះដំ​ណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសជប៉ុនខាងមុខនេះ៕












ពេល​​វេលា (និ​ងធន​ធា​ន​​ប្រេង) កំពុង​តែ​ជិត​អស់​​ហើយ​នៅ​ទី​ម័រ​​ខាង​កើត​​

ការ​បោះ​ឆ្នោត​នៅ​ប្រ​ទេស​ទី​ម័រ​ខាង​កើត​បាន​រំលេច​ឱ្យ​ឃើញ​នូវ​បញ្ហា​មួយ​ចំនួន​ដែល​កំពុងតែ​ប្រ​ឈម​នៅ​ក្នុង​​ប្រ​ទេស​ដ៏​ក្រី​ក្រ​បំផុត​មួយ​ក្នុង​​ចំណោម​ប្រ​ទេស​ក្រី​ក្រ​ជា​ច្រើន​ទៀត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ចំពេល​ដែល​មាន​ការ​ព្យាករណ៍​ថា ធន​ធាន​ឧស្ម័ន និង​ប្រេង​ដ៏​សំខាន់​របស់​ខ្លួន​អាច​នឹង​ហិច​ហោច​នៅត្រឹម​​ចុង​​ទសវត្សរ៍​នេះ។

លទ្ធផល​បឋមកាល​ពី​ថ្ងៃ​អាទិត្យ​ដែល​ចេញ​ពី​ការ​បោះ​ឆ្នោត​សភា​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា រដ្ឋា​ភិបាល​ចម្រុះ​ដែល​កំពុងតែ​​គ្រប់​គ្រង​អំណាច​នៃ​គណ​បក្ស Revolutionary Front for an Independent East Timor (Fretilin) និង​គណ​បក្ស National Congress for Timorese Reconstruction (CNRT) ទទួល​បាន​សម្លេង​ភាគ​ច្រើន​ ទោះ​បី​ជា​គណ​បក្ស​ប្រ​ឆាំង​ទទួល​បាន​ការ​គាំទ្រ​កើន​ឡើង​ក៏​ដោយ។

នៅ​ត្រឹម​ពាក់​កណ្តាល​ថ្ងៃ​អាទិត្យ លោក​ Xanana Gusmao ដែល​ជា​វិ​រ​បុរស​នៃគណ​បក្សឯក​រាជ្យ​ CNRT នោះ ទទួល​បាន​សម្លេង​ឆ្នោត​គាំទ្រ២៧,៦ ភាគ​រយ គឺបាន​ធ្លាក់ចុះ​ពី​ចំនួន ៣៦,៧ ភាគ​រយក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១២ ខណៈ​ដែល​គណ​បក្ស​ ​Fretilin បាន​កើន​ឡើង​បន្តិច​បន្តួច​ត្រឹម​៣១ ភាគ​រយ។ គណ​បក្ស Democratic Party ទទួល​បាន​សម្លេង​ឆ្នោត​គាំទ្រ​១០ ភាគ​រយ ខណៈ​ដែល​គណ​បក្ស People’s Liberation Party ​ជា​គណបក្ស​ថ្មី​មួយ​ដែល​ដឹក​នាំ​ដោយ​អតីត​ប្រ​ធានាធិប​តី Taur Matan Ruak ទទួល​បាន​សម្លេង​ឆ្នោត​គាំទ្រ​ប្រ​ហែល​៩ ភាគ​រយ​នោះ។

ការ​បោះ​ឆ្នោត​​ដោយ​សន្តិ​វិធី​​ គឺ​ជាការ​បោះ​ឆ្នោត​សភា​លើក​ដំបូង​របស់ប្រ​ទេស​ជាតិ​មួយ​នេះ ចាប់​តាំង​ពី​​កង​កម្លាំង​រក្សាសន្តិ​ភាព​អង្គការ​សហ​ប្រ​ជា​ជាតិ​បាន​ចាក​ចេញ​នៅ​ឆ្នាំ២០១២ ម្ល៉េះ។ ​​​ចំនួន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ប្រ​ហែល​ជា​៧០ ភាគ​រយ​ ដែល​មាន​គណ​បក្ស​ចំនួន​២១ បានធ្វើ​ការ​​ប្រ​កួត​ប្រ​ជែងគ្នា​សម្រាប់​អាសនៈ​ចំនួន​៦៥។

ការ​គាំទ្របាន​​ថយ​ចុះ​សម្រាប់គណ​បក្ស​​ CNRT គឺ​​ត្រូវបាន​គេ​សន្និដ្ឋាន​ថា ដោយ​សារ​តែ​អ្នក​បោះ​ឆ្នោត​មិន​សប្បាយ​ចិត្ត​ទៅ​នឹង​​ការ​​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ និង​អំពើ​ពុក​រលួយ ចំពេល​ដែល​​​មាន​ក្តី​កង្វល់​ថា ប្រ​​ទេស​​ដែលមាន​ប្រ​ជា​ជន​ចំនួន​១,៣ លាន​នាក់នេះ គឺ​ពឹង​ពាក់​ទាំង​ស្រុង​លើ​ចំណូល​ឧស្ម័ន និង​ប្រេង។

អ្នក​បោះ​ឆ្នោត​មួយ​រូប ដែល​មាន​ឈ្មោះ​​ Jacinta Mau បាន​ប្រាប់​សារ​ព័ត៌​មាន AAP ថា «​ពួក​គេ​ចាំបាច់​ត្រូវតែ​​ផ្តល់​ផ្លូវ​ អគ្គីស​នី ទឹក និង​អនា​ម័យ​ ដោយ​សារ​តែ​បញ្ហា​ទាំង​នេះ​ គឺ​ជា​ភាព​ចាំ​បាច់​ដែល​ប្រ​ជាជន​កំពុង​តែ​ប្រ​ឈម​នៅ​ក្នុង​ជីវិត​ប្រ​ចាំ​ថ្ងៃ​របស់​ពួក​គេ»។

អ្នក​បោះ​ឆ្នោត​មួយ​រូប​ទៀត គឺ​លោក Aleixo da Costa Sarmento បាន​និយាយ​ថា រដ្ឋាភិបាល «​ត្រូវ​តែ​បង្កើត​ការ​ងារ​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត​សម្រាប់​យុវ​ជន ពី​ព្រោះ​មាន​មនុស្ស​ច្រើន​ណាស់​ដែល​គ្មាន​ការ​ងារ​ធ្វើ»។

ប្រ​ហែល​ជា​៧៨ ភាគ​រយ​នៃ​ថវិ​កា​រដ្ឋ​ចំនួន១,៣៨ ប៊ី​លាន​ដុល្លារ​អា​មេ​រិក​សម្រាប់​ឆ្នាំ​២០១៧ បាន​មក​ពី​ចំណូល​ឧស្ម័ន និង​ប្រេង​ ប៉ុន្តែ​វិស័យ​ផលិត​ឧស្ម័ន​តែ​មួយ​មុខ​គត់​របស់​ប្រ​ទេស​នេះ ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​រីង​ស្ងួត​នៅ​ត្រឹម​ឆ្នាំ​២០២០។ អត្រា​​នៃ​ភាព​ក្រី​ក្រ​នៅ​តែមាន​កម្រិត​​ខ្ពស់ ​ គឺ​ប្រ​ហែល​ជា​៣០ ភាគ​រយ​ ចំពេល​ដែល​​ភាព​គ្មាន​ការ​ងារ​ធ្វើ​ឡើងដល់​កម្រិត​ខ្ពស់​ កម្រិត​ការ​អប់​រំ​ទាប និង​ផលិត​ផលក្នុង​ស្រុក​​សរុប (GDP) ក្នុង​មនុស្ស​ម្នាក់​ៗ​ទទួល​បាន​ត្រឹម​តែ១.២៣៩ ដុល្លារ​អា​មេ​រិកប៉ុណ្ណោះ​។

​​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​នាយក​រដ្ឋ​មន្រ្តី Rui Maria de Araujo បាន​ធ្លាក់​​ទៅ​ក្នុង​មូល​និ​ធិ​ទ្រ​ព្យ​សម្បត្តិ​រដ្ឋ​របស់​ប្រ​ទេស​ទីម័រ​ខាង​កើត ដែល​​ជា​មូល​និធិ​ប្រេង​ឥន្ធ​នៈមាន​ទឹក​ប្រាក់​ចំនួន១៦ ប៊ីលាន​ដុល្លារ​អា​មេ​រិក​ដើម្បី​គាំទ្រ​ថវិ​កានេះ​ គឺ​ចំពេល​ដែល​មាន​ការ​ធ្លាក់​ចុះ​ចំណូល​ប្រេង​យ៉ាង​គំហុក ដែល​បាន​ធ្លាក់​ចុះ​ពី​ចំនួន​១ ប៊ីលាន​ដុល្លារ​នៅ​ឆ្នាំ​២០១៥ មក​ត្រឹមចំនួន​​​៤០០ លាន​ដុល្លារ​កាល​ពី​ឆ្នាំមុន។ នៅ​ឆ្នាំ​២០១៦ ឱន​ភាព​ថវិ​ការបស់​រដ្ឋា​ភិបាល​ត្រូវ​បាន​គេ​ព្យាករណ៍​ថា នឹង​ឈាន​ដល់​២៩ ភាគ​រយ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប។

ក្រៅ​ពី​ប្រេង ការ​នាំចេញ​ទំនិញ​សំខាន់​បំផុតនោះ​​ គឺ​កាហ្វេ ជា​មួយ​នឹង​ការ​នាំ​ចេញ​ប្រ​ចាំ​ឆ្នាំ​ដែល​មាន​ទឹក​ប្រាក់​ចំនួន​៣០ លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០១៦។ វិស័យ​ទេស​ចរណ៍​ក៏​មាន​កម្រិត​ផង​ដែរ ដោយ​ត្រូវ​បាន​គេ​​ប៉ាន់​ប្រ​មាណ​ថា មាន​ភ្ញៀវ​អន្តរ​ជាតិ​ប្រ​ហែល​៦០.០០០ នាក់​ក្នុង​មួយ​ឆ្នាំ ទោះ​បី​ជា​ចំនួន​នេះ​បាន​កំពុង​តែ​កើន​ឡើង​បន្តិ​ច​ម្តងៗ​ក៏​ដោយ។

ធ​នា​គារ​អភិ​វឌ្ឍ​ន៍​អាស៊ី (ADB) រំពឹង​ថា កំណើន​ផលិត​ផល​ក្នុង​ស្រុក​សរុបនឹង​ងើប​​ឡើង​នៅ​ឆ្នាំ​ក្រោយ​ ដោយ​កើន​ឡើង​បាន​ចំនួន​៦ ភាគ​រយ បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​ព្យា​ករណ៍ទុក​៤ ភាគ​រយ​នៅ​ឆ្នាំ​នេះ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ រដ្ឋា​ភិបាល​ស្ថិត​នៅ​ក្រោម​សម្ពាធ​ក្នុង​ការ​បង្កើត​ការ​ងារ​ថ្មីៗ​នៅ​ក្នុង​ប្រ​ទេស​មួយ​ដែល​មាន​អាយុ​មធ្យម​១៩ ឆ្នាំ និង​៦០​ ភាគ​រយ​នៃ​ចំនួន​ប្រ​ជាជន​សរុប​របស់​ខ្លួន​ដែល​មាន​អាយុ​២៥ ឆ្នាំ។

ទោះ​ជា​យ៉ាង​ណាក៏​ដោយ ប្រ​ទេស​អូ​ស្រ្តា​លី និង​ទីម័រ​ខាង​កើត​មាន​ជម្លោះ​ពាក់​ព័ន្ធ​គ្នា​នៅ​លើ​កោះ​មួយ​ដែល​មាន​ឈ្មោះ​ថា Greater Sunrise ខណៈ​ដែល​​វិ​និយោគិនវិស័យ​ឧស្ម័ន​មិន​ប្រ​ញាប់​ប្រ​ញាល់​ដើម្បី​អភិ​វឌ្ឍ​ន៍​តំបន់​ឧស្ម័ននេះ​​ ចំពេល​តម្លៃ​ឧ​ស្ម័ន​ធ្លាក់​ទាប​​នា​ពេល​បច្ចុ​ប្បន្ន​នេះ​។ គម្រោង​របស់​លោក Gusmao ក៏​ត្រូវ​បាន​គេ​រិះ​គន់​ផង​ដែរ​ ដោយ​សារ​តែ​ផ្តល់​ផល​ប្រ​យោ​ជន៍​តិច​តួច​ពេក។

ក្នុង​របាយ​ការ​ណ៍​របស់​ខ្លួន​កាល​ពី​ខែ​វិច្ឆិ​កា ឆ្នាំ​២០១៦ មូល​និធិ​រូបិយវត្ថុ​អន្តរ​ជាតិ (IMF) បាន​និយាយ​ថា ការ​ប៉ាន់​ប្រ​មាណ​កម្រិត​មធ្យម​សម្រាប់​ប្រ​ទេស​ទីម័រ​ខាង​កើត​ គឺ​ត្រូវ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​ពិពិដ្ឋ​កម្ម​​សេដ្ឋ​កិច្ច​ ជា​មួយ​នឹង​ហានិ​ភ័យ​មួយ​ចំនួន រាប់​បញ្ចូល​ទាំងការ​វិ​និ​យោ​គទុន​សាធា​រ​ណៈ​ដែល​នាំ​មុខគេ​​ នឹង​បង្កើត​ឱ្យ​ទទួល​បាន​មក​វិញ​នូវ​សេដ្ឋ​កិច្ច​សង្គម​សម​រម្យ៕

​ប្រភព: The Diplomat ចុះថ្ងៃទី២៥ ខែ​​​​​កក្កដា​​​ ឆ្នាំ២០១៧



អាជ្ញាធរខេត្ត និងសមត្ថកិច្ច ចុះជម្លៀសប្រជាពលរដ្ឋ ទៅកាន់ទីទួលមានសុវត្ថិភាព លក្ខណៈជំនន់ទឹកភ្លៀងកាន់តែខ្លាំងនៅខេត្តព្រះវិហារ

ព្រះវិហារ ៖ ស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្តព្រះវិហារ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ បានកើនឡើងកាន់តែខ្លាំង ដោយភ្លៀងនៅបន្តធ្លាក់ ជាពិសេសតាមជួរភ្នំដងរ៉ែក បានធ្វើឱ្យមានទឹកជំនន់នៅ ឃុំចំនួន៤ ក្នុងស្រុកជាំក្សាន្ត គឺឃុំស្រអែម ឃុំកន្ទួត ឃុំយាង និងឃុំមរកត។

ស្ថានភាពបែបនេះ បានធ្វើឱ្យទឹកហូរខ្លាំងលិចផ្លូវលំ និងលិចផ្នែកខ្លះនៃតំបន់អភិរក្សអាជ្ញាធរប្រាសាទព្រះវិហារ ព្រមទាំងហូរកាត់ទំនប់ទឹកអូរស្វាយ ក្នុងភូមិធម្មជាតិលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ។ សម្រាប់បញ្ហាប្រឈម គ្រោះធម្មជាតិមួយនេះ អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា រួមសហការជាមួយបញ្ជាការដ្ឋានអង្គរក្ស អាជ្ញាធរជាតិប្រាសាទព្រះវិហារ និងកងពលធំអន្តរាគមន៍លេខ៣ របស់លោក ស្រី ឌឹក បានចុះប្រមូលប្រជា ពលរដ្ឋដែលនៅខាងក្រោមទំនប់ទឹកអូរស្វាយ ភូមិធម្មជាតិ មកកាន់ទីទូលសុវត្ថិភាព ក្នុងទីបញ្ជាការដ្ឋាន វរៈសេនាតូចលេខ៣៧១។

អភិបាលខេត្តលោក អ៊ុន ចាន់ដា ខណៈចុះអន្តរាគមន៍នៅកន្លែងទឹកលិចនោះ «នៅពេលនេះអាជ្ញាធររបស់យើង សហការជាមួយ កម្លាំងយោធា កងអង្គរក្ស បានកាយទំនប់ដោះទឹកអូរស្វាយ និងទប់ខ្នងទំនប់បារាយ ខាងលិចកុំឱ្យទឹកហូរកាត់ កាន់តែខ្លាំង»។

បើតាមលោក ចាប កុយ ប្រធានមន្ទីរធនធានទឹក បានបញ្ជាក់ថា «មកដល់ពេលនេះ ទឹកស្ទឹងសែនមាន កំពស់១២,៨៤ម៉ែត្រ លើកម្រិតប្រកាសអាសន្ន ដែលមានត្រឹម១១,៥០ម៉ែត្រ»។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានបញ្ជាក់ថា «ប្រឈមនឹងបញ្ហានេះ លោក លឹម គានហោ បាន និងកំពុងបញ្ជូនគ្រឿងចក្រធុនធំ និងមន្រ្តីជំនាញ ចុះទៅត្រៀមជួយអន្តរាគមន៍ថ្នាក់ខេត្ត ទាំង២នេះហើយ ដែលមានមន្រ្តីអាជ្ញាធរ និងមន្រ្តីជំនាញនៅទីនោះស្រាប់»។

លោកបានបន្តថា នៅខេត្តព្រះវិហារវិញ មានទំនប់អូរស្វាយមួយ ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ដែលមិនមាន ទឹកលិច និងហូរកាត់រយៈពេល៨ឆ្នាំមកនោះ ស្រាប់តែនៅពេលនេះ ដោយសារភ្លៀងធ្លាក់៣-៤ថ្ងៃជាប់គ្នា តាមជួរភ្នំដងរែក បានធ្វើឱ្យទឹកជន់លិចតែម្តង ៕









តើ​សហ​ភាព​អឺរ៉ុប​នឹង​​ក្លាយ​​ជាផ្នែក​មួ​យ​នៃ​​កិច្ច​ពិ​ភា​ក្សា​​ ៦ ភាគី​ថ្មី​ស្តី​ពី​កូ​រ៉េ​ខាង​​ជើង​​ឬ?​

សហ​ភាព​​អឺរ៉ុប​ប្រ​ហែល​ជា​កំពុង​តែ​ស្វះ​ស្វែង​រក​តួ​នាទី​មួយ​ក្នុង​ការ​សម្រប​សម្រួល ដើម្បី​បំបែក​​ភាព​ទ័ល​ច្រក​ផ្នែក​ការ​ទូតនៃ​វិ​បត្តិ​នុយ​ក្លេ​អ៊ែរ​របស់​កូរ៉េ​ខាង​ជើង​។ សហ​ភាព​អឺរ៉ុប​បាន​រួម​ចំណែក​​នៅ​ក្នុង​សេចក្តី​សម្រេច​ចុង​ក្រោយ​នៃ​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេ​អ៊ែរ​របស់​អ៊ី​រ៉ង់​កាល​ពី​ឆ្នាំ​២០១៥ និង​ទទួល​បាន​បទ​ពិ​សោធន៍​ដ៏ទូ​លំទូ​លាយ​ក្នុង​ការ​សម្រប​សម្រួល​កិច្ច​ពិ​ភាក្សា​ពហុ​ភាគី​ដែល​មាន​បញ្ហា​ចម្រូង​ចម្រាស។

ស្ថាន​ភាព​នេះ​ត្រូវ​បាន​គេ​និយាយ​ថា សូម្បី​តែ​អ្នក​ការ​ទូត​សហ​ភាព​អឺរ៉ុប​តាម​អាណត្តិនិមួយៗ​​ក៏​យល់​ថា វា​មាន​​ការ​​លំ​​បាក​​ក្នុងការ​​​ដោះ​ស្រាយ​​ភាព​ទ័ល​ច្រក​នា​ពេល​បច្ចុ​ប្បន្ន​នេះ រវាង​កូរ៉េ​ខាង​ជើង និង​សហ​រដ្ឋ​អា​មេ​រិក​ ហើយ​នឹង​បំពេញចិត្ត​កូរ៉េ​ខាង​ត្បូង ចិន ជប៉ុន និង​រុស្ស៊ី នៅ​ក្នុង​ពេលតែ​​មួយ​នោះ​។

ការ​ចូល​រួមពាក់​ព័ន្ធ​​ដ៏​សំខាន់

ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​​ទស្ស​ន​កិច្ច​ទៅ​កាន់​ទីស្នាក់​កណ្តាលផ្នែក​​សេវាកម្ម​​អនុ​វត្ត​ន៍​ផ្ទៃ​ខាង​​ក្រៅ​របស់​សហ​ភាពអឺរ៉ុប​​ (EU External Action Service) ក្នុង​ទី​ក្រុង Brussels កាល​ពី​ថ្ងៃ​អង្គារ អនុ​រដ្ឋ​មន្រ្តី​ការ​បរ​ទេស​​កូរ៉េ​ខាង​ត្បូង​ លោក Lim Sung-nam ​បាន​សរសើរ​​​ពី​​គោល​ជំហរ​របស់​ប្លុក​អឺរ៉ុប​ចំពោះ​ទី​ក្រុង​ព្យុង​យ៉ាង ដែល​គូស​បញ្ជាក់​ថា វា​ហាក់​បី​ដូច​ជា​យុទ្ធ​សាស្រ្ត​ពី​រ​យ៉ាង​របស់​ទី​ក្រុង​សេ​អ៊ូល​សម្រាប់​ដាក់​សម្ពាធ​ ខណៈ​ដែល​មាន​ការ​ជំរុញ​ឱ្យ​មាន​កិច្ច​សន្ទ​នា​ជា​មួយ​នឹង​អ្នក​ជិត​ខាងឯកោ​​របស់​ខ្លួននៅ​ភាគ​ខាង​ជើង។

សហ​ភាព​អឺរ៉ុប​គឺ​ជា​តួ​អង្គ​​​ពាណិជ្ជ​កម្មដែល​មាន​លក្ខណៈ​ប្រ​មូល​ផ្តុំ​​ និង​មាន​ចំណាប់​អារម្ម​ណ៍​ក្នុង​ការ​ការ​ពារ​ស្ថិរ​ភាព​ពិ​ភព​លោក ដែល​ត្រូវ​បាន​គំរាម​កំហែង​ដោយនុយ​ក្លេ​អ៊ែរ និង​សកម្ម​ភាព​កាំជ្រួច​ផ្លោងឆ្លង​ទ្វីប​​របស់​​កូរ៉េ​ខាង​ជើង​​។ គោល​នយោ​បាយរបស់​សហ​ភាព​អឺរ៉ុប​ចំពោះ​ការ​​​​ចូល​រួមពាក់​ព័ន្ធ​​ដ៏​សំខាន់​ជា​មួយ​នឹងរបប​លោក

Kim Jong-un រួម​មាន​ការ​ដាក់​សម្ពាធ​ផ្នែក​ការ​ទូត និង​ការ​ដាក់​ទណ្ឌ​កម្ម​ឱ្យ​​មាន​ការ​ចរ​ចា។ គោល​នយោ​បាយ​នេះ​មាន​គោល​បំណង​ដើម្បី​ជំរុញ​កូរ៉េ​ខាង​ជើង​ឱ្យ​បោះ​បង់​ចោលនូវ​​សព្វាវុធម​ហា​ប្រ​ល័យ​ និង​​កម្ម​វិធី​​ទាក់​ទង​នឹង​កាំជ្រួច​បាញ់​​​ឆ្លង​ទ្វីប​ ដោយ​ចៀស​វាង​នូវ​ការ​អន្តរា​គមន៍​ផ្នែក​យោ​ធា។

កាល​ពី​ថ្ងៃ​ចន្ទ រដ្ឋ​មន្រ្តី​ការ​បរ​ទេស​សហ​ភាព​អឺរ៉ុប​បាន​ថ្កោល​ទោស​​ចំពោះ​ការ​ធ្វើ​តេស្ត​នុយ​ក្លេ​អ៊ែរ និង​មី​ស៊ីល​បាញ់​ឆ្លង​ទ្វីបរបស់​កូរ៉េ​ខាង​ជើង​ ដែល​មិន​មែន​ជា​ការ​បាញ់​ចុង​ក្រោយ​នោះ​ទេ​នូវ​សព្វាវុធ​បែប​បាញ់​ឆ្លង​ទ្វីប​​កាល​ពី​ថ្ងៃ​ទី​៤ ខែ​កក្ក​ដា ហើយ​រដ្ឋ​មន្រ្តី​រូប​នេះ​បាន​និយាយ​ថា សហ​ភាព​អឺរ៉ុប​កំពុង​តែ​ពិ​ចារ​ណា​ក្នុង​ការ​រឹតបន្តឹង​បន្ថែម​ទៀត​លើ​ទី​ក្រុង​ព្យុង​យ៉ាង។ សហ​ភាព​អឺរ៉ុប​បាន​ដាក់​ទណ្ឌ​កម្ម​ទៅ​លើ​របប​កូរ៉េ​ខាង​ជើងដ៏​ខ្លាំង​ក្លា​រួច​ទៅ​ហើយ​ រួម​បញ្ចូល​ទាំង​វិធាន​ការ​ស្វ័យ​ភាព និង​វិ​ធាន​ការ​ដែល​គាំទ្រដោយ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ។ ជា​ពិសេស ប្លុក​មួយ​នេះ​ផ្តោត​លើ​ពាណិជ្ជ​កម្មផ្នែក​​ទំនិញ សេវាកម្ម និង​បច្ចេក​វិទ្យា​ ដែល​អាច​​គាំទ្រ​មហិច្ឆតា​នុយ​ក្លេ​អ៊ែរ និង​កាំជ្រួច​បាញ់​ឆ្លង​ទ្វីប​​របស់​កូរ៉េខាង​ជើង។

ម៉្យាង​វិញ​ទៀត បណ្តា​មេ​ដឹក​នាំ​​សហ​ភាព​អឺរ៉ុបបាន​ទទូច​សុំ​ឱ្យ​មាន​ការ​រំសាយ​អាវុធ​នុយ​ក្លេ​អ៊ែរ​នៅ​ឧ​ប​ទ្វីប​កូរ៉េ​​ដោយ​​មធ្យោ​បាយ​សន្តិ​វិធី​។ ប្រ​ធាន​គោល​នយោ​បាយ​ការ​បរ​ទេស​របស់​សហ​ភាព​អឺរ៉ុប​ លោក Federica Mogherini បាន​បន្ថែម​ថា ទី​ក្រុង Brussels បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​គាំទ្រនូវ​​គំនិត​ផ្តួច​ផ្តើម​របស់​កូរ៉េ​ខាង​ត្បូង​ក្នុង​ការ​បន្ត​ទំនាក់​ទំនង​ឡើង​វិញ​ជា​មួយ​ថ្នាក់​ដឹក​នាំកូរ៉េ​ខាង​ជើង​ និង​កសាង​ទំនុក​ចិត្ត​ក្នុង​ចំណោម​ភាគី​ទាំង​ពីរ។

កូរ៉េ​ខាង​ជើង​មិន​មែន​ជា​អ៊ីរ៉ង់​ទេ

សហ​ភាព​អឺរ៉ុប​កំពុង​តែ​សម្រ​ប​សម្រួល​គណៈ​កម្ម​ការ​រួម​មួយ ដើម្បី​​ត្រួត​ពិនិត្យ​ការ​អនុ​វត្ត​នៃ​​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អ៊ី​រ៉ង់។ ក្រុម​ប្រ​ទេស​នៅ​អឺរ៉ុប​បាន​​ធ្វើ​​ជា​អ្នក​សម្រប​សម្រួល​​​​ក្នុង​កិច្ច​​ចរ​ចានៃ​​ការ​សម្រេច​ចុងក្រោយ​របស់​ខ្លួន​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លង​មក។ កិច្ច​ព្រ​ម​ព្រៀង​នេះ​ ត្រូវ​បាន​ចុះ​ហត្ថ​លេ​ខាដោយ​​ក្រុម​ប្រ​ទេស​មហា​អំណាចពិ​ភព​លោក​​ P5+1 ​​ដែល​មាន​សហ​រដ្ឋអា​មេ​រិក ចិន រុស្ស៊ី ចក្រភព​អង់​គ្លេស និង​បារាំង​បូក​អាល្លឺម៉ង់ ព្រម​ទាំង​​អ៊ី​រ៉ង់​ ដើម្បី​ទប់​ស្កាត់​ការ​អភិវឌ្ឍយោ​ធា​ដ៏​មាន​សក្តានុ​ពល​នៃ​កម្ម​វិធី​នុយ​ក្លេ​អ៊ែរ​របស់​ទី​ក្រុង Tehran៕

​ប្រភព: Asia Times ចុះថ្ងៃទី២៥ ខែ​​​​​កក្កដា​​​ ឆ្នាំ២០១៧


អាជ្ញាធរជាតិអប្សរា កំពុងជួយផ្នែកបច្ចេកទេស វត្តអារញ្ញសាគរវត្តបុរាណដែលមានសំណង់ស្ថាបត្យកម្មគួរឱ្យទាក់ទាញ

វត្តអារញ្ញសាគរ គឺជាវត្តអារាមដែលមានវ័យចំណាស់មួយកន្លែង ដែលស្ថិតនៅតាមបណ្តោយស្ទឹងសៀមរាប ផ្លូវឆ្ពោះទៅភ្នំក្រោម នៃទន្លេសាប វត្តនេះមានសំណង់វិហារមួយ ដែលមានស្ថាបត្យកម្មគួរឱ្យទាក់ទាញ និងពិសេសជាងគេ ។ ព្រះវិហារសង់នៅលើខឿនខ្ពស់មួយជាន់ ចំណែកជញ្ជាំងសង់ពីឥដ្ឋតាន់ និងសសរជុំវិញ មានទម្រង់រមួល ដែលភាពរមួលនេះ គឺធ្វើពីឥដ្ឋរមួលស្រាប់ ដែលរចនាដោយបុព្វបុរសខ្មែរជំនាន់មុន អ្វីដែលពិសេសនោះ ភាពរមួលនីមួយៗ ក៏មានសភាពខុសៗគ្នាថែមទៀត។

ក្នុងបុព្វហេតុអភិរក្សសំណង់ព្រះវិហារបុរាណ អាជ្ញាធរជាតិអប្សរា បាននិងកំពុងជួយផ្នែកបច្ចេកទេស ដល់ដំណើរការនៃការជួសជុលវិហារវត្តអារញ្ញសាគរ ដែលមានទីតាំងស្ថិតនៅភូមិ អារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប។ តាមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា  សសរខាងក្នុង និងគ្រឿងបង្គំដំបូលនៃវត្តអារញ្ញសាគរ គឺធ្វើពីឈើ ទៅតាមរចនាបថខ្មែរសុទ្ធសាធ។ ហើយក្នុងដំណើរការជួសជុលសំណង់វិហារនេះ គឺអាជ្ញាធរជាតិអប្សរា បានជួយលើផ្នែកបច្ចេកទេស ដោយបានសិក្សាចម្លងប្លង់ចាស់ទុកធ្វើជាឯកសារ ដើម្បីឱ្យប្រាកដថា ការជួសជុលបានគោរពតាមរូបដើមនៃវិហារនេះ ៕





កម្ពុជា-បារាំង ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត

នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលជួបពិភាក្សាការ​ងារជាមួយលោកស្រី អ៊ីវ៉ា ង្វៀនប៊ិញ (Eva Ngauyen Binh) ឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកស្រី Eva Ngauyen Binh ឯកអគ្គរដ្ឋទូតបារាំងថ្មី ប្រចាំកម្ពុជា បានថ្លែងអំណរគុណចំ​ពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានផ្តល់កិត្តិយស និងពេលវេលាដ៏មានតម្លៃដល់លោកស្រីបានជួបពិភាក្សាការងារ។ ទ​ន្ទឹ​មនឹងនេះ លោកស្រី ក៏បានសម្តែងនូវការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានខិតខំចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោក។

លោកស្រីឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះកងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលកំពុងបម្រើការក្រោមឆ័ត្រអង្គការសហប្រជាជាតិ (UN) យ៉ាងសកម្ម និងមានគុណភាព ដែលទទួលបាននូវការគាំទ្រនិងគោរពយ៉ាងខ្លាំង។ លើសពីនោះទៅទៀត លោកស្រី រីករាយចំ​ពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំងលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ លោកស្រី​ឯក​អគ្គរដ្ឋទូត បានមានប្រសាសន៍ថារយៈពេល៣ឆ្នាំកន្លងមកនេះ ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងកម្ពុជា និងបារាំងបានកើនឡើងទ្វេរដង។ ចំពោះបេសកកម្មរបស់លោកស្រីមកកាន់កម្ពុជានៅពេលនេះ គឺដើម្បីខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពធ្វើយ៉ាងណាឱ្យទំនាក់ទំ​នងរវាងប្រទេសទាំងពីរកាន់តែរឹងមាំខ្លាំងឡើងរួមទាំងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភា​គី។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកស្រីឯកអគ្គរដ្ឋទូតដែលបានប្តេជ្ញាចិត្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អរឹងមាំ។ លោក ក៏បានស្នើសុំឱ្យជំរុញកិច្ចសហប្រតិបត្តិការជាពិសេសចំពោះការងារក្រោមឆ័ត្រអង្គកា​រ​​​សហប្រជាជាតិ (UN) ក្នុងការផ្លាស់ប្តូរព័ត៌មានរវាងគ្នាទៅវិញទៅមក ហើយស្នើសុំឱ្យលោកស្រី យកចិត្តទុកដាក់ផងដែរលើការអភិរក្សប្រាង្គប្រាសាទជាពិសេសគឺតំបន់ប្រាសាទសំបូរពៃ្រ​គុក ដែលទើបតែបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក រួមទាំងបន្តជំរុញនូវកិច្ចសហប្រតិ​បត្តិការបន្ថែមទៀតលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។

មុននឹងបញ្ចប់កិច្ចពិភាក្សា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រទេសបារាំង ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសន្តិភាព និងការស្តារនិងអភិវឌ្ឍន៍ប្រទេសកម្ពុជា និងបានជូនពរលោកស្រីទទួលបានជោគជ័យនៅក្នុងបេសកកម្មការទូតនៅក្នុងប្រទេសកម្ពុជាផងដែរ៕





សាលាខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ​ប្រចាំខែកក្កដា​ និងលើក​ទិសដៅ​ការងារ​ខែសីហា​ ឆ្នាំ២០១៧​ របស់រដ្ឋបាល​ខេត្ត​

នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពលោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង។

ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត សាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង លោកតំណាងប្រធានសាលាដំបូងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត អភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត ប្រធានច្រកទ្វារព្រំដែន និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការក្នុងខេត្តស្វាយរៀងទាំងអស់ ដែលបានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ព្រមទាំងបានចូលរួមសកម្មភាពនានាជាមួយរដ្ឋបាលខេត្តទាំងការងារសង្គម និងការងារមនុស្សធម៌ ជាពិសេសការចូលរួមអបអរសាទរការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ព្រមទាំងបានចូលរួមចំណែកធ្វើឲ្យខេត្តរក្សាបាននូវស្ថិរភាពនយោបាយ សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងការផ្ដល់សេវាសាធារណៈ ឆ្លើយតបនិងសេចក្ដីត្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ បានយ៉ាងឆាប់រហ័ស និងទាន់ពេលវេលា។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានមានប្រសាសន៍ផ្ដាំផ្ញើដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ នូវការងារសំខាន់ៗមួយចំនួន រួមមាន៖ ១- ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានល្អប្រសើរ ជាពិសេសការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ និងការពារមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៦-២០១៧ នៅថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០១៧ ។ ២- ត្រូវបន្តពង្រឹង និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យកាន់តែមានប្រសិទ្ធភាព។ ៣- អាជ្ញាធរក្រុង ស្រុក ត្រូវអប់រំ ផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយធម្មជាតិ និងគ្រោះថ្នាក់សង្គមផ្សេងៗ ដូចជាខ្យល់កន្ត្រាក់ ជំនន់ទឹកភ្លៀង រន្ទះ អគ្គីភ័យ និងចុះអន្តរាគមន៍ជួយសង្គ្រោះឲ្យបានទាន់ពេលវេលា។ ៤- មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរធនធានទឹក និងឧតុនិយម ត្រូវយកចិត្តទុកដាក់តាមដានស្ថានភាពអាកាសធាតុ ស្ថានភាពជំងឺសត្វជ្រូក គោ ក្របី និងការអនុវត្តការបង្កបង្កើនផលស្រូវរដូវវស្សារបស់ប្រជាពលរដ្ឋ ព្រមទាំងត្រូវរាយការណ៍មករដ្ឋបាលខេត្តឲ្យបានជាប់ជាប្រចាំ។ ៥- មន្ទីរ-អង្គភាព កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរក្រុងស្រុក ត្រូវសហការពង្រឹងការគ្រប់គ្រង និងការប្រមូលពន្ធដារ ពន្ធគយ និងពន្ធផ្សេងៗឲ្យបានត្រឹមត្រូវ និងគ្រប់តាមផែនការ ។ ៦- រដ្ឋបាលក្រុង-ស្រុកទាំងអស់ ត្រូវបន្តខិតខំដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យអស់លទ្ធភាព និងមានប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន៕




ក្រសួងការបរទេស ច្រានចោលការចុះផ្សាយព័ត៌មានមិនពិតរបស់កាសែតភ្នំពេញប៉ុស្តិ៍ដែលថាពលករកម្ពុជាពុំដែលទទួលបានការជួយពីស្ថានទូត

នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេ​ញប្រតិកម្មយ៉ាងខ្លាំងចំពោះការចុះផ្សាយព័ត៌មានមិនពិតនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ដោយបានលើកឡើងថា ជនទេសន្តរប្រវេសន៍មិនដែលទទួលបានការជួយពីស្ថានទូតកម្ពុជា។

អ្នកនាំពាក្យក្រសួងការបរទេស ក៏បានចេញបំភ្លឺភ្លាមៗថា ស្ថានទូត/ស្ថានអគ្គកុងស៊ុលកម្ពុជាទាំងអស់ បានផ្តល់ជំនួយចាំបាច់នានាដល់ពលរដ្ឋ/ពលករកម្ពុជា នៅក្នុងបណ្តាប្រទេសតាំងនៅ ហើយចាត់ទុកការជួយនេះជាកិច្ចការអាទិភាពរបស់ស្ថានតំណាងទោះត្រូវប្រឈមនឹងការលំបាកយ៉ាងណាក៏ដោយ៕

សូមអានសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសខាងក្រោម៖



ក្រសួងការងារ រៀបចំកិច្ចប្រជុំវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥

នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ នៅសណ្ឋាគារអាំងទែកង់ទីណង់តាល់ រាជធានីភ្នំពេញ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការអន្តរក្រសួង សម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ (គ.អ.ម.ក) ដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មការអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ (គ.អ.ម.ក) ដែលមានការចូលរួមពីតំណាងក្រសួង ស្ថាប័នចំនួន២៤ និងតំណាងរាជធានី ខេត្តទាំង២៥។

នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មការអន្តរក្រសួងបានពិនិត្យពិភាក្សា លើផែនការសកម្មភាពសម្រាប់អនុវត្ត គោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ សម្រាប់រយៈពេល៣ឆ្នាំ (២០១៧-២០១៩) ដែលអនុគណៈកម្មការទាំង៣បានរៀបចំឡើង ដោយសម្រេចបានលទ្ធផលដូចតទៅ៖

អង្គប្រជុំបានអនុម័តផែនការសកម្មភាពសម្រាប់អនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ សម្រាប់រយៈពេល៣ ឆ្នាំ (២០១៧-២០១៩) ដែលផែនការនេះនឹងត្រូវបោះពុម្ពផ្សព្វផ្សាយសម្រាប់ដាក់ឱ្យអនុវត្ត។

គ្រប់រាជធានី ខេត្ត នឹងខិតខំរៀបចំផែនការសកម្មភាពសម្រាប់រយៈពេល ៣ឆ្នាំដូចគ្នា ដើម្បីអនុវត្តគោលនយោបាយនៅថ្នាក់រាជធានី ខេត្ត។

សូមបញ្ជាក់ថា គោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ ត្រូវបានទទួលការឯកភាពពីគណៈរដ្ឋមន្រ្តីក្នុងសម័យប្រជុំពេញអង្គ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥ និងត្រូវបានផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ៕