Wednesday, July 26, 2017

ពេល​​វេលា (និ​ងធន​ធា​ន​​ប្រេង) កំពុង​តែ​ជិត​អស់​​ហើយ​នៅ​ទី​ម័រ​​ខាង​កើត​​

ការ​បោះ​ឆ្នោត​នៅ​ប្រ​ទេស​ទី​ម័រ​ខាង​កើត​បាន​រំលេច​ឱ្យ​ឃើញ​នូវ​បញ្ហា​មួយ​ចំនួន​ដែល​កំពុងតែ​ប្រ​ឈម​នៅ​ក្នុង​​ប្រ​ទេស​ដ៏​ក្រី​ក្រ​បំផុត​មួយ​ក្នុង​​ចំណោម​ប្រ​ទេស​ក្រី​ក្រ​ជា​ច្រើន​ទៀត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ចំពេល​ដែល​មាន​ការ​ព្យាករណ៍​ថា ធន​ធាន​ឧស្ម័ន និង​ប្រេង​ដ៏​សំខាន់​របស់​ខ្លួន​អាច​នឹង​ហិច​ហោច​នៅត្រឹម​​ចុង​​ទសវត្សរ៍​នេះ។

លទ្ធផល​បឋមកាល​ពី​ថ្ងៃ​អាទិត្យ​ដែល​ចេញ​ពី​ការ​បោះ​ឆ្នោត​សភា​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា រដ្ឋា​ភិបាល​ចម្រុះ​ដែល​កំពុងតែ​​គ្រប់​គ្រង​អំណាច​នៃ​គណ​បក្ស Revolutionary Front for an Independent East Timor (Fretilin) និង​គណ​បក្ស National Congress for Timorese Reconstruction (CNRT) ទទួល​បាន​សម្លេង​ភាគ​ច្រើន​ ទោះ​បី​ជា​គណ​បក្ស​ប្រ​ឆាំង​ទទួល​បាន​ការ​គាំទ្រ​កើន​ឡើង​ក៏​ដោយ។

នៅ​ត្រឹម​ពាក់​កណ្តាល​ថ្ងៃ​អាទិត្យ លោក​ Xanana Gusmao ដែល​ជា​វិ​រ​បុរស​នៃគណ​បក្សឯក​រាជ្យ​ CNRT នោះ ទទួល​បាន​សម្លេង​ឆ្នោត​គាំទ្រ២៧,៦ ភាគ​រយ គឺបាន​ធ្លាក់ចុះ​ពី​ចំនួន ៣៦,៧ ភាគ​រយក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១២ ខណៈ​ដែល​គណ​បក្ស​ ​Fretilin បាន​កើន​ឡើង​បន្តិច​បន្តួច​ត្រឹម​៣១ ភាគ​រយ។ គណ​បក្ស Democratic Party ទទួល​បាន​សម្លេង​ឆ្នោត​គាំទ្រ​១០ ភាគ​រយ ខណៈ​ដែល​គណ​បក្ស People’s Liberation Party ​ជា​គណបក្ស​ថ្មី​មួយ​ដែល​ដឹក​នាំ​ដោយ​អតីត​ប្រ​ធានាធិប​តី Taur Matan Ruak ទទួល​បាន​សម្លេង​ឆ្នោត​គាំទ្រ​ប្រ​ហែល​៩ ភាគ​រយ​នោះ។

ការ​បោះ​ឆ្នោត​​ដោយ​សន្តិ​វិធី​​ គឺ​ជាការ​បោះ​ឆ្នោត​សភា​លើក​ដំបូង​របស់ប្រ​ទេស​ជាតិ​មួយ​នេះ ចាប់​តាំង​ពី​​កង​កម្លាំង​រក្សាសន្តិ​ភាព​អង្គការ​សហ​ប្រ​ជា​ជាតិ​បាន​ចាក​ចេញ​នៅ​ឆ្នាំ២០១២ ម្ល៉េះ។ ​​​ចំនួន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ប្រ​ហែល​ជា​៧០ ភាគ​រយ​ ដែល​មាន​គណ​បក្ស​ចំនួន​២១ បានធ្វើ​ការ​​ប្រ​កួត​ប្រ​ជែងគ្នា​សម្រាប់​អាសនៈ​ចំនួន​៦៥។

ការ​គាំទ្របាន​​ថយ​ចុះ​សម្រាប់គណ​បក្ស​​ CNRT គឺ​​ត្រូវបាន​គេ​សន្និដ្ឋាន​ថា ដោយ​សារ​តែ​អ្នក​បោះ​ឆ្នោត​មិន​សប្បាយ​ចិត្ត​ទៅ​នឹង​​ការ​​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ និង​អំពើ​ពុក​រលួយ ចំពេល​ដែល​​​មាន​ក្តី​កង្វល់​ថា ប្រ​​ទេស​​ដែលមាន​ប្រ​ជា​ជន​ចំនួន​១,៣ លាន​នាក់នេះ គឺ​ពឹង​ពាក់​ទាំង​ស្រុង​លើ​ចំណូល​ឧស្ម័ន និង​ប្រេង។

អ្នក​បោះ​ឆ្នោត​មួយ​រូប ដែល​មាន​ឈ្មោះ​​ Jacinta Mau បាន​ប្រាប់​សារ​ព័ត៌​មាន AAP ថា «​ពួក​គេ​ចាំបាច់​ត្រូវតែ​​ផ្តល់​ផ្លូវ​ អគ្គីស​នី ទឹក និង​អនា​ម័យ​ ដោយ​សារ​តែ​បញ្ហា​ទាំង​នេះ​ គឺ​ជា​ភាព​ចាំ​បាច់​ដែល​ប្រ​ជាជន​កំពុង​តែ​ប្រ​ឈម​នៅ​ក្នុង​ជីវិត​ប្រ​ចាំ​ថ្ងៃ​របស់​ពួក​គេ»។

អ្នក​បោះ​ឆ្នោត​មួយ​រូប​ទៀត គឺ​លោក Aleixo da Costa Sarmento បាន​និយាយ​ថា រដ្ឋាភិបាល «​ត្រូវ​តែ​បង្កើត​ការ​ងារ​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត​សម្រាប់​យុវ​ជន ពី​ព្រោះ​មាន​មនុស្ស​ច្រើន​ណាស់​ដែល​គ្មាន​ការ​ងារ​ធ្វើ»។

ប្រ​ហែល​ជា​៧៨ ភាគ​រយ​នៃ​ថវិ​កា​រដ្ឋ​ចំនួន១,៣៨ ប៊ី​លាន​ដុល្លារ​អា​មេ​រិក​សម្រាប់​ឆ្នាំ​២០១៧ បាន​មក​ពី​ចំណូល​ឧស្ម័ន និង​ប្រេង​ ប៉ុន្តែ​វិស័យ​ផលិត​ឧស្ម័ន​តែ​មួយ​មុខ​គត់​របស់​ប្រ​ទេស​នេះ ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​រីង​ស្ងួត​នៅ​ត្រឹម​ឆ្នាំ​២០២០។ អត្រា​​នៃ​ភាព​ក្រី​ក្រ​នៅ​តែមាន​កម្រិត​​ខ្ពស់ ​ គឺ​ប្រ​ហែល​ជា​៣០ ភាគ​រយ​ ចំពេល​ដែល​​ភាព​គ្មាន​ការ​ងារ​ធ្វើ​ឡើងដល់​កម្រិត​ខ្ពស់​ កម្រិត​ការ​អប់​រំ​ទាប និង​ផលិត​ផលក្នុង​ស្រុក​​សរុប (GDP) ក្នុង​មនុស្ស​ម្នាក់​ៗ​ទទួល​បាន​ត្រឹម​តែ១.២៣៩ ដុល្លារ​អា​មេ​រិកប៉ុណ្ណោះ​។

​​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​នាយក​រដ្ឋ​មន្រ្តី Rui Maria de Araujo បាន​ធ្លាក់​​ទៅ​ក្នុង​មូល​និ​ធិ​ទ្រ​ព្យ​សម្បត្តិ​រដ្ឋ​របស់​ប្រ​ទេស​ទីម័រ​ខាង​កើត ដែល​​ជា​មូល​និធិ​ប្រេង​ឥន្ធ​នៈមាន​ទឹក​ប្រាក់​ចំនួន១៦ ប៊ីលាន​ដុល្លារ​អា​មេ​រិក​ដើម្បី​គាំទ្រ​ថវិ​កានេះ​ គឺ​ចំពេល​ដែល​មាន​ការ​ធ្លាក់​ចុះ​ចំណូល​ប្រេង​យ៉ាង​គំហុក ដែល​បាន​ធ្លាក់​ចុះ​ពី​ចំនួន​១ ប៊ីលាន​ដុល្លារ​នៅ​ឆ្នាំ​២០១៥ មក​ត្រឹមចំនួន​​​៤០០ លាន​ដុល្លារ​កាល​ពី​ឆ្នាំមុន។ នៅ​ឆ្នាំ​២០១៦ ឱន​ភាព​ថវិ​ការបស់​រដ្ឋា​ភិបាល​ត្រូវ​បាន​គេ​ព្យាករណ៍​ថា នឹង​ឈាន​ដល់​២៩ ភាគ​រយ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប។

ក្រៅ​ពី​ប្រេង ការ​នាំចេញ​ទំនិញ​សំខាន់​បំផុតនោះ​​ គឺ​កាហ្វេ ជា​មួយ​នឹង​ការ​នាំ​ចេញ​ប្រ​ចាំ​ឆ្នាំ​ដែល​មាន​ទឹក​ប្រាក់​ចំនួន​៣០ លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០១៦។ វិស័យ​ទេស​ចរណ៍​ក៏​មាន​កម្រិត​ផង​ដែរ ដោយ​ត្រូវ​បាន​គេ​​ប៉ាន់​ប្រ​មាណ​ថា មាន​ភ្ញៀវ​អន្តរ​ជាតិ​ប្រ​ហែល​៦០.០០០ នាក់​ក្នុង​មួយ​ឆ្នាំ ទោះ​បី​ជា​ចំនួន​នេះ​បាន​កំពុង​តែ​កើន​ឡើង​បន្តិ​ច​ម្តងៗ​ក៏​ដោយ។

ធ​នា​គារ​អភិ​វឌ្ឍ​ន៍​អាស៊ី (ADB) រំពឹង​ថា កំណើន​ផលិត​ផល​ក្នុង​ស្រុក​សរុបនឹង​ងើប​​ឡើង​នៅ​ឆ្នាំ​ក្រោយ​ ដោយ​កើន​ឡើង​បាន​ចំនួន​៦ ភាគ​រយ បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​ព្យា​ករណ៍ទុក​៤ ភាគ​រយ​នៅ​ឆ្នាំ​នេះ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ រដ្ឋា​ភិបាល​ស្ថិត​នៅ​ក្រោម​សម្ពាធ​ក្នុង​ការ​បង្កើត​ការ​ងារ​ថ្មីៗ​នៅ​ក្នុង​ប្រ​ទេស​មួយ​ដែល​មាន​អាយុ​មធ្យម​១៩ ឆ្នាំ និង​៦០​ ភាគ​រយ​នៃ​ចំនួន​ប្រ​ជាជន​សរុប​របស់​ខ្លួន​ដែល​មាន​អាយុ​២៥ ឆ្នាំ។

ទោះ​ជា​យ៉ាង​ណាក៏​ដោយ ប្រ​ទេស​អូ​ស្រ្តា​លី និង​ទីម័រ​ខាង​កើត​មាន​ជម្លោះ​ពាក់​ព័ន្ធ​គ្នា​នៅ​លើ​កោះ​មួយ​ដែល​មាន​ឈ្មោះ​ថា Greater Sunrise ខណៈ​ដែល​​វិ​និយោគិនវិស័យ​ឧស្ម័ន​មិន​ប្រ​ញាប់​ប្រ​ញាល់​ដើម្បី​អភិ​វឌ្ឍ​ន៍​តំបន់​ឧស្ម័ននេះ​​ ចំពេល​តម្លៃ​ឧ​ស្ម័ន​ធ្លាក់​ទាប​​នា​ពេល​បច្ចុ​ប្បន្ន​នេះ​។ គម្រោង​របស់​លោក Gusmao ក៏​ត្រូវ​បាន​គេ​រិះ​គន់​ផង​ដែរ​ ដោយ​សារ​តែ​ផ្តល់​ផល​ប្រ​យោ​ជន៍​តិច​តួច​ពេក។

ក្នុង​របាយ​ការ​ណ៍​របស់​ខ្លួន​កាល​ពី​ខែ​វិច្ឆិ​កា ឆ្នាំ​២០១៦ មូល​និធិ​រូបិយវត្ថុ​អន្តរ​ជាតិ (IMF) បាន​និយាយ​ថា ការ​ប៉ាន់​ប្រ​មាណ​កម្រិត​មធ្យម​សម្រាប់​ប្រ​ទេស​ទីម័រ​ខាង​កើត​ គឺ​ត្រូវ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​ពិពិដ្ឋ​កម្ម​​សេដ្ឋ​កិច្ច​ ជា​មួយ​នឹង​ហានិ​ភ័យ​មួយ​ចំនួន រាប់​បញ្ចូល​ទាំងការ​វិ​និ​យោ​គទុន​សាធា​រ​ណៈ​ដែល​នាំ​មុខគេ​​ នឹង​បង្កើត​ឱ្យ​ទទួល​បាន​មក​វិញ​នូវ​សេដ្ឋ​កិច្ច​សង្គម​សម​រម្យ៕

​ប្រភព: The Diplomat ចុះថ្ងៃទី២៥ ខែ​​​​​កក្កដា​​​ ឆ្នាំ២០១៧



No comments:

Post a Comment