Wednesday, July 26, 2017

ក្រសួងការងារ រៀបចំកិច្ចប្រជុំវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥

នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ នៅសណ្ឋាគារអាំងទែកង់ទីណង់តាល់ រាជធានីភ្នំពេញ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការអន្តរក្រសួង សម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ (គ.អ.ម.ក) ដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មការអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ (គ.អ.ម.ក) ដែលមានការចូលរួមពីតំណាងក្រសួង ស្ថាប័នចំនួន២៤ និងតំណាងរាជធានី ខេត្តទាំង២៥។

នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មការអន្តរក្រសួងបានពិនិត្យពិភាក្សា លើផែនការសកម្មភាពសម្រាប់អនុវត្ត គោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ សម្រាប់រយៈពេល៣ឆ្នាំ (២០១៧-២០១៩) ដែលអនុគណៈកម្មការទាំង៣បានរៀបចំឡើង ដោយសម្រេចបានលទ្ធផលដូចតទៅ៖

អង្គប្រជុំបានអនុម័តផែនការសកម្មភាពសម្រាប់អនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ សម្រាប់រយៈពេល៣ ឆ្នាំ (២០១៧-២០១៩) ដែលផែនការនេះនឹងត្រូវបោះពុម្ពផ្សព្វផ្សាយសម្រាប់ដាក់ឱ្យអនុវត្ត។

គ្រប់រាជធានី ខេត្ត នឹងខិតខំរៀបចំផែនការសកម្មភាពសម្រាប់រយៈពេល ៣ឆ្នាំដូចគ្នា ដើម្បីអនុវត្តគោលនយោបាយនៅថ្នាក់រាជធានី ខេត្ត។

សូមបញ្ជាក់ថា គោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ ត្រូវបានទទួលការឯកភាពពីគណៈរដ្ឋមន្រ្តីក្នុងសម័យប្រជុំពេញអង្គ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥ និងត្រូវបានផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ៕







No comments:

Post a Comment