Thursday, February 08, 2018

ប្រជាការពារចំនួន ៧៥នាក់ មានសេចក្តីអំណររីករាយបាន​ការយកចិត្ត​ទុកដាក់ពីលោក​ កែវ សាមឿន​ ប្រធានក្រុមការងារខេត្ត​ ចុះជួយឃុំស្វាយយា​

ស្វាយរៀង៖ នៅសាលាឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅថ្ងៃ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានរៀបចំពិធីសំណេះសំណាលជាមួយប្រជាការពារភូមិ និងបំពាក់ឯកសណ្ឋាន ក្រោមអធិបតីភាពលោក កែវ សាមឿន ប្រធានក្រុមការងារខេត្តចុះជួយឃុំ និងលោក ចាន់ ស៊ីណូ អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំ តំណាងលោក ហង្ស វិចិត្រ និងលោក ហែម សារិទ្ធ ប្រធានក្រុមការងារស្រុកចុះជួយឃុំ និងមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារសមាជិកសមាជិការ ក្រុមប្រឹក្សាឃុំ មេភូមិ បងប្អូនប្រជាការពារចំនួន៧៥នាក់ មកពីភូមិចំនួន១៥ នៃឃុំស្វាយយា រួមទាំងនាយនគរបាលប៉ុស្តិ៍សរុបចំនួន១០៥នាក់។

នាឱកាសនោះ លោក កែវ សាមឿន បានមានមតិសំណេះសំណាលនិងផ្សព្វផ្សាយ អំពីគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង០៩ចំណុច ជូនបងប្អូនប្រជាការពារ និងតួនាទី មុខងាររបស់ប្រជាការពារក្នុងការចូលរួមសហការណ៍ជាមួយកម្លាំងមានសមត្ថកិច្ច និងជាសេនាធិការរបស់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និង ភូមិ ឃុំ ដើម្បីជួយទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលកើតមាននៅក្នុងមូលដ្ឋាន នោះជាការភ្ញាក់រលឹករបស់ប្រជាពលរដ្ឋយើង ក្នុងការការពាររក្សាសន្តិសុខ សុវត្ថិភាពនៅក្នុងសហគមន៍យើងអោយមានប្រសិទ្ធភាព។

ក្នុងពិធីនោះដែរ លោកមេឃុំ សុខ សំអន ក៏បានផ្ដាំផ្ញើរដល់បងប្អូនប្រជាការពារ ត្រូវចូលរួម អនុវត្តន៍និងផ្សព្វផ្សាយនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពនិងយាមក្ដាប់នូវសភាពការណ៍ ឫហេតុការណ៍ ដែលមិនប្រក្រតីណាមួយ ដែលបានកើតឡើងនៅក្នុងសហគមន៍របស់ខ្លួន គ្រប់គ្រងអោយបានល្អប្រសើរថែមទៀត មិនតែប៉ុណ្ណោះត្រូវមានការប្រាស្រ័យទាក់ទងល្អជាមួយប្រជាពលរដ្ឋ និងបងប្អូនប្រជាការពារផ្សេងទៀត ដែលនៅជិតភូមិ ឃុំ របស់អស់លោក ក្នុងការសហការណ៍បង្ក្រាបបទល្មើសផ្សេងៗ។

លើសពីនោះផងដែរ គណៈអធិបតី បានចែកជូននូវឯកសណ្ឋាន និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាការពារ ដែលបានខិតខំប្រឹងប្រែងជួយការពារ រក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ ដែលមានការសាទរយ៉ាងខ្លាំង ពីប្រជាពលរដ្ឋ នៅក្នុងឃុំទាំងមូលចំពោះអាជ្ញាធរដែនដីដែលបានខិតខំជំរុញឲ្យមានកម្លាំងប្រជាការពារនេះឡើង ក្នុងការជួយកាត់បន្ថយបទល្មើសផ្សេងៗ។

សូមជម្រាបថា ឯកសណ្ឋានទាំង៧៥កំប្លេ ដែលចែកជូនដល់បងប្អូនប្រជាការពារនៅថ្ងៃនេះជាការឧបត្ថម្ភរបស់លោក ហង្ស វិចិត្រ និងក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំស្វាយយា៕





(សូមទស្សនាវីដេអូ) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា អ្នកចង់ជំនួសតំណែងលោកមិនទាន់មានលទ្ធភាពទៅរួចទេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្តែងមោទនភាពចំពោះការបង្កើតរោងចក្រផលិតស៊ីម៉ងត៍ ដែលជាឧស្សាហកម្មធុនធ្ងន់ឆ្លុះបញ្ចាំងពីការរីកចម្រើននៃសេដ្ឋកិច្ចទីផ្សារ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងនូវសេចក្តីរីករាយ និងមានមោទនភាពបំផុតចំ​ពោះប្រទេសកម្ពុជា ដែលបានបង្កើតរោងចក្រផលិតស៊ីម៉ងត៍ផ្ទាល់ខ្លួននៅខេត្តកំពតនេះ ហើយការបង្កើតរោងចក្រនេះ គឺជាការបង្កើតឧស្សាហកម្មធុនធ្ងន់មួយរបស់ប្រទេសកម្ពុជា ក្នុងការចូលរួម​ចំ​ណែកយ៉ាងសំខាន់ដល់វិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសការសាងសង់សំណង់អាគារផ្សេងៗដែលជាតម្រូវការរបស់ប្រជាពលរដ្ឋនិងគ្រប់វិស័យនានា។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញសម្ពោ​ធដាក់ឱ្យប្រើប្រាស់រោងចក្រផលិតស៊ីម៉ងត៍របស់ក្រុមហ៊ុន ជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee-CMIC) ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៣១ ក្នុងភូមិព្រៃតាព្រិត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទា​យមាស ខេត្តកំពត ចម្ងាយប្រមាណ ១២៥គីឡូ​ម៉ែត្រពីទីក្រុងភ្នំពេញនៅព្រឹកថ្ងៃព្រហ​ស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ស៊ីម៉ងត៍ គឺជាតម្រូវការចាំបាច់នៅលើពិ​ភពលោក ពីព្រោះបច្ចុប្បន្ននេះ គ្រប់សំណង់ទាំងអស់សុទ្ធតែត្រូវការប្រើប្រាស់ស៊ីម៉ងត៍ដូចជាអគារបុរីលំនៅដ្ឋាន សាលារៀន វត្តអារាម និងផ្លូវបេតុងជាដើម។ រោងចក្រផលិតស៊ីម៉ងត៍ដ៏ធំមួយនេះគឺបានវិនិយោគក្នុងទឹកប្រាក់ប្រមាណ ២៦២លានដុល្លារអាមេរិក ដែលជាការវិនិយោគ​​រួមគ្នារវាងក្រុមហ៊ុន ជីបម៉ុងគ្រុប របស់កម្ពុជាចំនួនទឹកប្រាក់៦០% និងក្រុមហ៊ុនស៉្យាមស៊ីធីស៊ីមេនរបស់ប្រទេសថៃចំនួនទឹកប្រាក់៤០% ដែលមានសមត្ថភាពផលិតស៊ីម៉ងត៍បាន៥,០០​០​តោនក្នុងមួយថ្ងៃ ឬ ១.៧លានតោនក្នុងមួយឆ្នាំ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា ខេត្តកំពត គឺជាខេត្តដែលបានបញ្ចប់សង្គ្រា​មក្នុងឆ្នាំ១៩៩៦តាមរយៈនយោបាយឈ្នះឈ្នះដែលរាជរដ្ឋាភិបាលបានដាក់ចេញ ហើយពេលនេះខេត្តកំពតបានប្រែក្លាយទៅជាខេត្តដែលមានការអភិវឌ្ឍន៍រីកចម្រើនស្ទើរគ្រប់វិស័យជាពិ​សេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ព្រោះជាខេត្តជាប់តំបន់សមុទ្រ។ ខេត្តកំពតក៏ជាខេត្តដែលមានផលិតអំបិលផ្ទាល់ខ្លួន និងចែកចាយអំបិលទៅកាន់បណ្តាខេត្តផ្សេងៗទៀតផង។ តាមរយៈការបង្កើតរោងចក្រនេះក៏ជាការផ្តល់ការងារមួយចំនួនដល់ប្រជាពលរដ្ឋកម្ពុជាប្រ​មា​ណជាង៤០០នាក់ផងដែរ ជាពិសេសអ្នកដែលនៅខេត្តកំពតនេះតែម្តង។ កម្ពុជាក៏ត្រូវការផលិតស៊ីម៉ងត៍ដើម្បីធ្វើការនាំចេញផងដែរដូច្នេះកម្ពុជាត្រូវបង្កើនសមត្ថភាពបន្ថែមទៀតក្នុងវិស័យឧស្សាហកម្មមួយនេះ៕




ស្ថានតំណាងកម្ពុជា​ចំនួន៣ប្រទេស​ បានអន្តរាគមន៍​ជួយពលរដ្ឋខ្មែរ​ចំនួន១៨នាក់​

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចេញសេចក្តីជូនដំណឹងមួយឲ្យដឹងថា ស្ថានតំណាងកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី, ប្រចាំទីក្រុងហូជីមិញ និងប្រចាំទីក្រុងសៀងហៃ ប្រទេសចិន បានអន្តរាគមន៍ជួយពលរដ្ឋខ្មែរចំនួន១៨នាក់ ដែលឆ្លងដែនទៅធ្វើការដោយខុសច្បាប់នៅក្រៅប្រទេស ដោយក្រសួងបានជួយដោះស្រាយបញ្ហា និងរៀបចំមាតុភូមិនិវត្តន៍ត្រឡប់មកមាតុភូមិវិញ៕

សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសខាងក្រោម៖


(សូមទួស្សនាវីដេអូ)លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា អ្នកចង់ជំនួសតំណែងលោកមិនទាន់មានលទ្ធភាពទៅរួចនោះទេ!

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយកជីវិតធ្វើជាដើមទុន ដើម្បីនាំយកសន្តិភាព ការឯកភាពជាតិពេញលេញ មកជូនកម្ពុជា

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​មុន​នេះ​បន្តិច​បាន​លើកឡើងថា «ពីប្រទេស​មួយ​ដែល​មាន​សង្គ្រាម​ហែក​ហួរ ក្លាយ​ទៅ​ជា​ប្រទេស​មួយ​ដែល​មាន​សន្តិភាព​ មាន​ការ​ឯកភាព​ទឹកដី​ពេញលេញ​ ដែល​មិន​មាន​តំបន់​អប្បគម នោះ​គឺជាការយកជីវិត​ធ្វើ​ដើមទុន​ម្តងហើយ​ម្តងទៀត»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ដូចនេះ​ក្នុង​ឱកាសសម្ពោធរោងចក្រផលិតស៊ីម៉ងត៍ដ៏ធំមួយនៅខេត្តកំពត ដែលបានវិនិយោគជាមួយទឹកប្រាក់រហូតដល់ ២៦២លានដុល្លារសហរដ្ឋអាមេរិក របស់សាជីវកម្ម CMIC​ ​នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។​

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្តថា «លើកទី១ គឺជាការយក​ជីវិត​ធ្វើ​ដើមទុន​ដើម្បី​រំដោះ​ប្រទេស​ចេញពី​របប​ ប៉ុល ពត​ ឯលើកទី២ យកជីវិត​ធ្វើ​ជា​ដើមទុន​ម្តងទៀត​ ចូលទៅ​ក្នុង​តំបន់​ខ្មែរ​ក្រហម​ ដើម្បី​ឱ្យ​មាន​ការជឿជាក់គ្នា ទុកចិត្ត​គ្នា​ បង្កើត​ឡើង​នូវ​ស្ថានភាព​ឈ្នះ-ឈ្នះ​ សម្រាប់​សន្តិភាព​ និង​ការ​បង្រួប​បង្រួមជាតិ នៅ​ក្នុង​ប្រទេស​របស់​យើង»។

លោក​នាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា «នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នេះ បើទោះជាការ​ខុស​ ការត្រូវ​ គឺវា​មាន​ការ​ទទួល​ខុស​ត្រូវ​របស់ ហ៊ុន សែន នៅ​ក្នុង​នោះ​ ខ្ញុំ​មិន​ទទួល​យក​តែ​អា​ត្រូវ ឬតែអាខុសទេ តែ​ខ្ញុំ​ទទួល​យក​ទាំង​អាត្រូវ ទាំង​អាខុស ប៉ុន្តែ​យើង​ត្រូវ​ថ្លឹងថ្លែងមើលថា ក្នុង​រយៈពេលដែល​ខ្ញុំ​កាន់​តំណែង​ជាង ​៣៣ឆ្នាំ​ តើ​អ្វី​ខ្លះ​ទៅ​ដែល​វាបាន​កើត​ឡើង​ក្នុង​ទឹក​ដី​នេះ​​»។





ស្រុកកំពង់លែងរៀបចំពិធីផ្សព្វផ្សាយសេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា

កំពង់ឆ្នាំង៖ ថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែ កុម្ភៈ ឆ្នាំ២០១៨ នេះនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានរៀបចំប្រារព្ធ ពិធីផ្សព្វផ្សាយសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ក្រោមការចូលរួមពីសំណាក់លោក អ៊ុក រស់ ប្រធានមន្ទី្ទររ៉ែ និងថាមពល និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយឃុំត្រងិល លោក យិន បូរិន្ទ អនុប្រធានសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានក្រុមការងារថ្នាក់ខេត្តតំណាងលោក កែវ ពៅ ប្រធានក្រុមការងារចុះជួយឃុំកំពង់ហៅ លោក សំ ចាន់ថន អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការបក្សប្រជាជនស្រុកកំពង់លែង ព្រមទាំងមន្ត្រីក្រុមការងារខេត្តចុះជួយស្រុក មន្ត្រីបក្សស្រុក ឃុំ សមាជិក សមាជិកា គណបក្សចូលរួមសរុប ៤៣០ នាក់ស្រី ១០០ នាក់ ។

លោក អ៊ុក រស់ ប្រធានមន្ទីររ៉ែ និងថាមពល និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំត្រងិល បានឡើងអានសេចក្តីសម្រេចចិត្តមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ដែលជាព្រឹត្តិការណ៍នយោបាយជាប្រវត្តិសាស្ត្ររបស់គណបក្ស ដែលបានធ្វើការពិនិត្យវាយតម្លៃអំពីសភាពការណ៍ទូទៅ និងដាក់ចេញទិសដៅការងារជាយុទ្ធសាស្ត្រសម្រាប់អនុវត្តបន្តពិសេសទិសដៅភារកិច្ចឆ្ពោះទៅដណ្តើមជោគជ័យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ២០១៨ និងបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភាថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ និងគាំទ្របេក្ខភាពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រាប់នីតិកាលទី ៦ និងនីតិកាលបន្តបន្ទាប់ទៀត៕





លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា អ្នកចង់ជំនួសតំណែងលោកមិនទាន់មានលទ្ធភាពទៅរួចទេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថាសូមអ្នកដទៃដែលចង់ជំនួសតំណែងរបស់លោ​ក កុំថ្នាំង​ថ្នាក់ឱ្យសោះព្រោះមិនទាន់មានលទ្ធភាពដើម្បីគ្រប់គ្រងសភាពការណ៍នៅកម្ពុជាទេ​។ លោកបន្ថែមថា អ្នកនោះគឺគ្រាន់តែចេះបញ្ឆេះនូវសង្រ្គាម អ្នកនោះត្រឹមតែចេះជេរចេះប​ញ្ចោរតែប៉ុណ្ណោះ ប៉ុន្តែអ្នកនោះមិនទាន់ចេះ​គ្រប់គ្រងសូម្បីតែកូនបក្សមួយឬសមាគមមួយនោះទេ​។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញសម្ពោ​ធដាក់ឱ្យប្រើប្រាស់រោងចក្រផលិតស៊ីម៉ងត៍របស់ក្រុមហ៊ុនជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee-CMIC) ដែលមានទីតាំ​ងនៅតាមបណ្តោយផ្លូវជាតិលេខ៣១ ក្នុងភូមិព្រៃតាព្រិត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទា​យ​មាស ខេត្តកំពត ចម្ងាយប្រមាណ ១២៥គីឡូ​ម៉ែត្រពីទីក្រុងភ្នំពេញនៅព្រឹកថ្ងៃព្រ​ហស្បតិ៍ ៨រោ​ច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា យ៉ាងហោចណាស់លោកមា​នបទពិសោ​ធន៍រយៈពេល៣៩ឆ្នាំកន្លងផុតទៅហើយ ក្នុងនោះកាន់តំណែងជានាយករដ្ឋមន្រ្តីមានរយៈពេល៣៣ឆ្នាំធ្វើថែម១០ឆ្នាំទៀត វាឡើង៤៣ឆ្នាំ ក៏មិនទាន់យឺតពេលហើយក៏មិនទាន់ចាស់ជ្រុលនោះដែរ​។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា លោកនឹងបន្តរួមដំណើរជាមួយប្រជាជនកម្ពុជាទាំងអស់មិនតិចជាង១០ឆ្នាំទៀតនោះទេ ហើយលោកបានសម្តែងសេចក្តីសង្ឃឹមយ៉ាងមុ​តមាំថា ប្រជាពលរដ្ឋនៅក្នុងខេត្តកំពតនឹងបន្តបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាដើម្បីឱ្យ​លោ​​កមានលទ្ធភាពដើម្បីបន្តដឹកនាំប្រទេសក្នុងនាមជានាយករដ្ឋមន្រ្តីបន្តទៀតដើម្បីធ្វើការអ​ភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនទៅមុខជាលំដាប់។

គួរបញ្ជាក់ផងដែរថា ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករកម្មការិនីចំនួនជាង១ម៉ឺន ៥ពាន់នាក់ មកពីរោងចក្រចំនួន៧ នៅតំបន់ទំនប់កប់ស្រូវ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីម្សិលមិញនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអះអាងថាលោកមានសុខភាពល្អប្រសើរណាស់ លោកមិនងាយស្លាប់ទេព្រោះនៅមានរឿងច្រើនទៀតដែលត្រូវធ្វើដើម្បីសេចក្តីសុខនិងការរីកចម្រើនរបស់កម្ពុជា ហើយលោកក៏ព្រមទាំងបានព្រមានថាអ្នកណាបន់ឱ្យលោកស្លាប់ប្រយ័ត្នស្លាប់មុនលោ​កទៀតផង៕






អាស៊ាន-ចិន នឹងធ្វើសមយុទ្ធដែនសមុទ្រលើក​ដំបូង

អាស៊ាន-ចិន បានកំណត់ការធ្វើសមយុទ្ធដែនសមុទ្រលើកដំបូងរបស់ខ្លួននៅចុងឆ្នាំនេះ។

ជំហរនេះត្រូវបានស្វាគមន៍ដោយរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែល​បាន​រៀប​ចំកិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​មួយ​ជា​មួយ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ចិន​លោក Chang Wanquan នៅ​ប្រទេស​សិង្ហបុរី​កាល​ពី​ថ្ងៃ​អង្គារ។

រដ្ឋមន្រ្តីក៏បានស្វាគមន៍ផងដែរនូវ​ទំនាក់​ទំនង​ដ៏​រឹង​មាំ​រវាង អាស៊ាន-ចិន និង​បាន​ពិភាក្សា​អំ​ពី​វិ​ធី​សាស្រ្ត​ក្នុង​ការ​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជាក់​ស្តែង។

រដ្ឋមន្ត្រីការពារជាតិសិង្ហបុរីលោក Ng Eng Hen បាន​ថ្លែង​ថា «ចំពោះ​ពួក​យើង​ដែល​មាន​វត្ត​មាន​យូរ​ល្មម យើង​ដឹង​ថា លោក Chang Wanquan គឺ​ជា​មិត្ត​ល្អ និង​រឹង​មាំ​របស់​អាស៊ាន»។

គាត់​បាន​ធ្វើ​អ្វី​ៗ​ជា​ច្រើន ដើម្បី​នាំ​យក​ទំនាក់​ទំនង​ការ​ពារ​ជាតិ​ទ្វេ​ភាគី​រវាង អាស៊ាន-ចិន ឆ្ពោះ​ទៅ​មុខ។

លោក Chang បានកត់សម្គាល់ថា​ ចិន-អាស៊ាន បាន​ក្លាយ​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ ហើយ​ក្នុង​ឆ្នាំ ២០១៣ លោក​ប្រ​ធា​នា​ធិបតី​ចិន Xi Jinping បាន​ស្នើ​ឲ្យ​បង្កើត​សហគមន៍ ចិន-​​អាស៊ាន ដែល​មាន​វាសនា​រួម។

ចាប់តាំងពីពេលនោះមក លោកឧត្តម​សេនីយ៍ Chang បាន​និយាយ​ថា អាស៊ាន-ចិន បាន​បង្កើន​ទំនាក់​ទំនង​ទៅ​វិញ​ទៅ​មក ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ ការ​ផ្លាស់​ប្តូរ​វិស័យ​ការ​ពារ​ជាតិ និង​ការ​ស្ថាប​នា​ចំណង​មិត្ត​ភាព​ដ៏​រឹង​មាំ​មួយ។

ក្រោមការដឹកនាំរបស់លោក Xi Jingping យើង​បាន​ឈាន​ចូល​ដល់​យុគ​សម័យ​សង្គម​និយម​ថ្មី​មួយ​ជា​មួយ​ចរិត​​បែប​​​ចិន។ នេះ​បាន​ផ្តល់​នូវ​ភាព​រឹង​មាំ​កាន់​តែ​ច្រើន​សម្រាប់​ការ​អភិវឌ្ឍ​របស់​ប្រទេស​ចិន និង​ឱកាស​ជា​ច្រើន​ទៀត​សម្រាប់​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​សហគមន៍​អន្តរ​ជាតិ​រួម​ទាំង​បណ្តា​ប្រទេស​អាស៊ាន​ផង​ដែរ។

ឧត្តមសេនីយ៍ Chang ស្ថិត​នៅ​ប្រទេស​សិង្ហបុរី​សម្រាប់​ដំណើរ​ទស្សន​កិច្ច​ចាប់​ពី​ថ្ងៃទី​៤ ដល់​ថ្ងៃ​ទី​៨ ខែកុម្ភៈ៕

​ប្រភព៖ Channel News Asia ចុះថ្ងៃទី០៧ ខែកុម្ភៈ​ ឆ្នាំ២០១៨


សមាជិកបក្សសង្គ្រោះជាតិចំនួន​ ៨៩នាក់​ មកពីសង្កាត់គោចក​ បានមករួមរស់​ជីវភាពថ្មី​ជាមួយគណបក្ស​ប្រជាជនកម្កុជា​

សៀមរាប៖ បងប្អូនអតីតសមាជិកគណបក្សសង្រ្គោះជាតិ ចំនួន៨៩រូប ដែលសុំចូលមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា មកពី១០ភូមិ ក្នុងសង្កាត់គោកចក ក្រុង ខេត្តសៀមរាប ត្រូវបានធ្វើពិធីប្រកាសបញ្ចូលទទួលស្គាល់ជាសមាជិកគណបក្សកាលពីរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក នូ ផល្លា សមាជិកគណៈកម្មាធិការកណ្តាល និង ជាអនុប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាខេត្ត ដោយមានវត្តមានចូលរួមពីសំណាក់អស់លោក លោកស្រីក្រុមការងារថ្នាក់ខេត្តចុះជួយសង្កាត់ គណបក្សសង្គាត់ ព្រមទាំងអស់លោក លោកស្រី នាងកញ្ញា ជាក្រុមបក្សភូមិទាំង១០ចូលរួម នៅស្នាក់ការគណបក្សសង្កាត់គោកចក។

តាមការបញ្ជាក់របស់លោកប្រធានគណបក្សសង្កាត់ បានឲ្យដឹងថា ពិធីប្រកាសបញ្ចូលសមាជិកថី្មទាំង ៨៩រូប នាពេលនេះគឺសុទ្ធតែជាបងប្អូនមកពីគណបក្សសង្រ្គោះជាតិ សុំចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និង បងប្អូនទើបគ្រប់អាយុសុំចូលជាសមាជិកថ្មី ដោយពួកគាត់យល់ថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលអាចផ្ដល់សេចក្ដីសុខ និងសន្តិភាពដ៏រឹងមាំក្នុងការដឹកនាំ ប្រទេសជាតិទៅថ្ងៃអនាគត ។

បន្ទាប់ពីការអាន នូវសេចក្តីសម្រេចរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តរួចមក គណៈអធិបតីបានធ្វើការប្រគល់នូវ សេចក្តីសម្រេចរបស់គណបក្សដល់សមាជិកថ្មីទាំង ៨៩រូប និងការឡើងធ្វើការប្តេជ្ញាចិត្ត របស់តំណាងសមាជិកថ្មីរួចមក លោក នូ ផល្លា ក្នុងនាមលោក ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាខេត្ត បានមានប្រសាសន៍ថា បងប្អូនទាំងអស់ដែលបានស្ម័ត្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជន គឺត្រូវមានភាពស្មោះត្រង់ និងប្រតិបត្ដិតាមគោលនយោបាយរបស់គណបក្ស បន្ដគាំទ្រនូវលក្ខន្ដិកៈរបស់គណបក្សត្រូវសាមគ្គីគ្នា ស្រឡាញ់រាប់អានគ្នាដោយស្មោះត្រង់បំផុត ហើយត្រូវគោរពក្រមសីលធម៌ដែលគណបក្សប្រគល់ជូនជានិច្ច និងបន្តគាំទ្របេក្ខភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ដ្រី អាណត្តិទី៦ និងអាណត្តិក្រោយៗទៀត ព្រមទាំងអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ។

លោក នូ ផល្លា ក៏បានគូសបញ្ជាក់ថា ការសម្រេចចិត្តរបស់បងប្អូន និងក្មួយៗ ដែលចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ព្រោះគណបក្សប្រជាជនកម្ពុជា មានគុណបំណាច់ដ៏ធំធេងចំពោះប្រទេសជាតិ មាតុភូមិ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេស។ ក្នុងនោះដែរលោក ក៏បានធ្វើការផ្សព្វផ្សាយផងដែរ នូវខ្លឹមសារនៃសេចក្តីសម្រេចចិត្តមហាសន្និបាតវិសាមញ្ញតំណាងទូទំាងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបានធ្វើការបកស្រាយពន្យល់ពីខ្លឹមសារ អត្ថន័យ និងលទ្ធផលរបស់មហាសន្និបាតផងដែរ។

លើសពីនោះ លោក នូ ផល្លា ក៏បានបញ្ជាក់ជូនសមាជិកទាំងអស់ថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមិនដែលរត់ចោលប្រជាពលរដ្ឋ គឺតែងតែនៅរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋ រីឯគណបក្សផ្សេងវិញ មិនដែលធ្វើអ្វីសោះបានតែថា គឺតែងតែបង្កអសន្តិសុខ បំពុលបរិយាកាសសង្គម ហើយគណបក្សសង្គ្រោះជាតិ ដែលតុលាការកំពូលបានធ្វើការរំលាយដោយសារមេបក្សរូបនេះ រងការចោទប្រកាន់ជាជនក្បត់ជាតិផងដែរ។

ក្នុងនោះដែរ លោកក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានសង្កាត់គោកចក ត្រូវបន្តធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ឲ្យបានកាន់តែបានល្អប្រសើរថែមទៀត ព្រមទាំងត្រូវផ្តល់សេវាសាធារណៈផ្សេងៗឲ្យបានឆាប់រហ័ស និងផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវសេវាមិនបង់ប្រាក់ដូចជា សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារជាដើម ដើម្បីឲ្យប្រជាពលរដ្ឋបានដឹងយល់ជ្រួតជ្រាបជៀសវាងមានការថ្នាំងថ្នាក់ណាមួយ៕




លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា អ្នកវិនិយោគកម្ពុជាពេលនេះមានលុយរាប់រយ-រាប់ពាន់លានដុល្លារ និងមួយចំនួនបានចេញទៅវិនិយោគនៅក្រៅប្រទេស

ថ្លែងក្នុងពិធីសម្ពោធរោងចក្រផលិតស៊ីម៉ងត៍ CMIC ក្នុងខេត្តកំពត ដែលមានទំហំទឹកប្រាក់រហូតដល់ ២៦២លានដុល្លារសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា «ឥឡូវនេះ កម្ពុជា មានអ្នកវិនិយោគដែលមានទឹកប្រាក់រាប់រយ-រាប់ពាន់លានដុល្លារដែរ ដែលមានសមត្ថភាពអាចនឹងចាប់ដៃគូជាមួយបរទេស មករកស៊ីនៅកម្ពុជា និងអាចវិនិយោគរកស៊ីដោយខ្លួនឯងនៅក្នុងប្រទេសរបស់ខ្លួន»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា «កម្ពុជាពេលនេះ មានអ្នកវិនិយោគមួយចំនួនបានទៅធ្វើការវិនិយោគនៅប្រទេសឡាវ មីយ៉ាន់មារ ហើយក៏មានអ្នកវិនិយោគមួយចំនួនកំពុងតម្រង់ឆ្ពោះទៅប្រទេស ទីម័រលេស និងប្រទេសផ្សេងៗទៀត»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានរំលឹកផងដែរថា «នៅកម្ពុជាសម័យឆ្នាំ១៩៧៩ អ្នកដែលអាចលួចលាក់មាសទុកពីពួក ប៉ុល ពត យ៉ាងច្រើនបានមាសមួយគីឡូ ដែលលាក់ពីរបប ប៉ុល ពត ប៉ុន្តែភាគច្រើនគឺបាតដៃទទេ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងទៀតថា «នៅត្រង់ចំណុចនេះ យើងគួរចាប់ផ្តើមគិតថា តើវាចេញមកពីចំណុចអ្វី បាននាំយើងមកដល់កន្លែងនេះ មិនមែនជាការងាយស្រួលទេ ដែលខ្ញុំសូមយកកន្លែងនេះថ្លែងជូននូវការអរគុណដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពតដោយឡែក និងនិយាយរួមចំពោះប្រជាជនទូទាំងប្រទេស ដែលជានិច្ចកាលបានគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយក្នុងនោះបានគាំទ្ររូបខ្ញុំឱ្យទទួលដឹកនាំបន្តក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា»៕