Thursday, February 08, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា អ្នកចង់ជំនួសតំណែងលោកមិនទាន់មានលទ្ធភាពទៅរួចទេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថាសូមអ្នកដទៃដែលចង់ជំនួសតំណែងរបស់លោ​ក កុំថ្នាំង​ថ្នាក់ឱ្យសោះព្រោះមិនទាន់មានលទ្ធភាពដើម្បីគ្រប់គ្រងសភាពការណ៍នៅកម្ពុជាទេ​។ លោកបន្ថែមថា អ្នកនោះគឺគ្រាន់តែចេះបញ្ឆេះនូវសង្រ្គាម អ្នកនោះត្រឹមតែចេះជេរចេះប​ញ្ចោរតែប៉ុណ្ណោះ ប៉ុន្តែអ្នកនោះមិនទាន់ចេះ​គ្រប់គ្រងសូម្បីតែកូនបក្សមួយឬសមាគមមួយនោះទេ​។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញសម្ពោ​ធដាក់ឱ្យប្រើប្រាស់រោងចក្រផលិតស៊ីម៉ងត៍របស់ក្រុមហ៊ុនជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee-CMIC) ដែលមានទីតាំ​ងនៅតាមបណ្តោយផ្លូវជាតិលេខ៣១ ក្នុងភូមិព្រៃតាព្រិត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទា​យ​មាស ខេត្តកំពត ចម្ងាយប្រមាណ ១២៥គីឡូ​ម៉ែត្រពីទីក្រុងភ្នំពេញនៅព្រឹកថ្ងៃព្រ​ហស្បតិ៍ ៨រោ​ច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា យ៉ាងហោចណាស់លោកមា​នបទពិសោ​ធន៍រយៈពេល៣៩ឆ្នាំកន្លងផុតទៅហើយ ក្នុងនោះកាន់តំណែងជានាយករដ្ឋមន្រ្តីមានរយៈពេល៣៣ឆ្នាំធ្វើថែម១០ឆ្នាំទៀត វាឡើង៤៣ឆ្នាំ ក៏មិនទាន់យឺតពេលហើយក៏មិនទាន់ចាស់ជ្រុលនោះដែរ​។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា លោកនឹងបន្តរួមដំណើរជាមួយប្រជាជនកម្ពុជាទាំងអស់មិនតិចជាង១០ឆ្នាំទៀតនោះទេ ហើយលោកបានសម្តែងសេចក្តីសង្ឃឹមយ៉ាងមុ​តមាំថា ប្រជាពលរដ្ឋនៅក្នុងខេត្តកំពតនឹងបន្តបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាដើម្បីឱ្យ​លោ​​កមានលទ្ធភាពដើម្បីបន្តដឹកនាំប្រទេសក្នុងនាមជានាយករដ្ឋមន្រ្តីបន្តទៀតដើម្បីធ្វើការអ​ភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនទៅមុខជាលំដាប់។

គួរបញ្ជាក់ផងដែរថា ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករកម្មការិនីចំនួនជាង១ម៉ឺន ៥ពាន់នាក់ មកពីរោងចក្រចំនួន៧ នៅតំបន់ទំនប់កប់ស្រូវ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីម្សិលមិញនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអះអាងថាលោកមានសុខភាពល្អប្រសើរណាស់ លោកមិនងាយស្លាប់ទេព្រោះនៅមានរឿងច្រើនទៀតដែលត្រូវធ្វើដើម្បីសេចក្តីសុខនិងការរីកចម្រើនរបស់កម្ពុជា ហើយលោកក៏ព្រមទាំងបានព្រមានថាអ្នកណាបន់ឱ្យលោកស្លាប់ប្រយ័ត្នស្លាប់មុនលោ​កទៀតផង៕






No comments:

Post a Comment